ឆ្នាំ ២០១០-២០១៩
តើ​ការណ៍នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


តើ​ការណ៍នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ?

យើង​ធ្វើ​ការ​ជ្រើស​រើស ឬ​ការ​សម្រេច​ចិត្ត​កាន់​តែ​ប្រសើរ ប្រសិន​បើ​យើង​ក្រឡេក​មើល​ទៅ​ជម្រើស​ជំនួស ហើយ​ពិចារណា​ថា តើ​វា​នឹង​ដឹកនាំ​ទៅ​ណា ។

ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ លើក​ទឹកចិត្ត​យើង​ឲ្យ​គិត​អំពី​អនាគត ។ វា​ពន្យល់​អំពី​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​ភាព​ពិត​នៃ​ជីវិត​ដើម្បី​ធ្វើ​តាម ។ វា​បង្រៀននូវ​គំនិត​ដ៏​អស្ចារ្យ​អំពី​អនាគត​ដើម្បី​ដឹកនាំ​សកម្មភាព​របស់​យើង​សព្វថ្ងៃ​នេះ ។

ផ្ទុយ​ទៅវិញ យើង​ទាំងអស់​គ្នា​ស្គាល់​មនុស្ស​ដែល​បារម្ភតែ​ពី​បច្ចុប្បន្នកាល ៖ ចំណាយ​នៅថ្ងៃនេះ រីករាយនៅ​ថ្ងៃនេះ​ ហើយ​ពុំ​គិត​អំពី​អនាគត​ ។

បច្ចុប្បន្នកាល និង​អនាគត​កាល​របស់​យើង​នឹង​កាន់តែ​សប្បាយរីករាយ បើ​យើង​គិត​ពី​អនាគតជានិច្ច ។ នៅពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​បច្ចុប្បន្ន យើង​គួរ​តែ​សួរ​ជានិច្ច​ថា « តើ​ការណ៍​នេះ​នឹង​នាំ​ទៅ​ឯណា ? »

I.

ការសម្រេច​ចិត្ត​ខ្លះ គឺ​ជា​ជម្រើស​រវាង​ការ​ធ្វើ​អ្វីមួយ ឬ​ការមិន​ធ្វើ​អ្វីសោះ ។ ខ្ញុំ​បាន​ស្ដាប់​ឮ​ឧទាហរណ៍​នៃ​ជម្រើស​ប្រភេទ​នេះ​នៅ​សន្និសីទ​ស្តេកមួយ​នៅរដ្ឋ​យូថាហ៍​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។

ទីតាំង​គឺ​ស្ថិត​នៅ​បរិវេណ​សាកលវិទ្យាល័យ​ដ៏​ស្រស់ស្អាត​មួយ ។ និស្សិត​វ័យ​ក្មេង​មួយ​ក្រុម​អង្គុយ​នៅ​លើ​ស្មៅ ។ អ្នក​និយាយ​ដែល​ពិពណ៌នា​អំពី​ស្ថានភាព​នេះ​បាន​និយាយ​ថា ពួកគេ​មើល​សត្វកំប្រុក​ដ៏​ស្អាត​មួយ​ដែល​មាន​កន្ទុយ​សំព្រោង​ធំ កំពុងលេង​នៅ​គល់​ឈើ​ខ្លឹម​ដ៏​ស្រស់ស្អាត​មួយ ។ ពេល​ខ្លះ​វា​លោត​លើ​ដី ពេល​ខ្លះ​លោត​ចុះ​ឡើង​លើ​មែក​ឈើ ។ ប៉ុន្តែ​ហេតុអ្វី​ក៏​ទិដ្ឋភាព​សាមញ្ញ​នោះ​ទាក់ទាញ​ដល់​ក្រុម​និស្សិត ?

មាន​សត្វ​ឆ្កែ​មួយ​ក្បាល​ក្រាប​នៅលើ​ស្មៅ​ក្បែរ​នោះ ។ វា​ជា​ចំណុច​ចាប់អារម្មណ៍​របស់​និស្សិត ហើយ​សត្វ​កំប្រុក គឺ​ជា​ចំណាប់អារម្មណ៍​របស់​ឆ្កែ​នោះ ។ រាល់ពេល​ដែល​សត្វកំប្រុក​រត់​ឡើង​ទៅលើ​ដើមឈើ​ផុត​កន្ទុយ​ភ្នែក​វា ឆ្កែ​នោះ​នឹង​លូន​ទៅ​មុខ​ពីរបី​តឹក​ដោយ​ស្ងាត់ៗ ហើយ​ក្រាប​ចុះ​ដូច​ដើម​វិញ ។ នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​និស្សិត​ចាប់អារម្មណ៍ ។ ដោយ​ស្ងាត់ៗ និង​មិន​កម្រើក ភ្នែក​របស់​វា​បាន​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​ចេញ​លទ្ធផល​ជាក់ស្ដែង​យ៉ាង​លឿន ។

ទីបំផុត ឆ្កែ​នោះ​បាន​ទៅ​ជិត​ដើម្បី​សង្គ្រប់​ខាំ​សត្វ​កំប្រុក​នោះ​បាន ។ និស្សិត​ទាំងអស់​រន្ធត់​ចិត្ត ហើយ​បាន​ស្ទុះ​ទៅ​ប្រតាយ​ប្រតប់​យក​សត្វ​កំប្រុក​តូច​នោះ​ចេញ​ពី​ឆ្កែ ប៉ុន្តែ​វា​ហួស​ពេល​ទៅ​ហើយ ។ កំប្រុក​នោះ​ងាប់​បាត់​ហើយ ។

មនុស្ស​គ្រប់រូប​ដែល​នៅ​ក្នុង​ហ្វូង​នោះ អាច​ព្រមាន​ដល់​សត្វ​កំប្រុក​គ្រប់ពេល ដោយ​គ្រាន់តែ​ក្រវីដៃ​របស់ពួកគេ ឬ​ស្រែក​បង្អើល ប៉ុន្ដែ​គ្មាន​នរណា​បាន​ធ្វើឡើយ ។ ពួកគេ​គ្រាន់តែ​មើល ខណៈ​ដែល​លទ្ធផល​ចៀស​មិន​រួច​បាន​ខិត​មក​កាន់តែ​ជិត ។ គ្មាន​នរណា​ម្នាក់​បាន​សួរ​ថា « តើ​ការណ៍​នេះ​នឹង​នាំ​ទៅ​ឯណា ? » ទេ ។ នៅពេល​រឿងដែល​ប្រមើល​ទុក​នោះ​បាន​កើត​ឡើង មនុស្ស​គ្រប់​គ្នា​បាន​ប្រញាប់​ទៅ​រារាំង​លទ្ធផល ប៉ុន្តែ​វា​ហួស​ពេល​ហើយ ។ ទឹកភ្នែក​សោកស្ដាយ គឺជា​អ្វី​ដែល​ពួកគេ​អាច​ផ្ដល់​ឲ្យ ។

រឿង​ពិត​នោះ​គឺ​ជា​រឿង​ប្រៀបប្រដូច​មួយ ។ វា​អនុវត្ត​ទៅនឹង​អ្វី​ដែលយើង​មើល​ឃើញ​ក្នុង​ជីវិត​​របស់​យើងផ្ទាល់ ព្រមទាំង​ជីវិត និង​ស្ថានភាព​នានា​នៅ​ជុំ​វិញ​យើង ។ នៅពេល​យើង​មើល​ឃើញ​ការគំរាម​កំហែង​សង្គ្រប់​លើ​បុគ្គល ឬ​អ្វី​ដែល​យើង​ស្រឡាញ់ នោះ​យើង​មាន​ជម្រើស​ដើម្បី​និយាយ ឬ​ធ្វើ​សកម្មភាព ឬ​បន្ដ​នៅ​ស្ងៀម ។ វា​ល្អ​ដើម្បី​សួរ​ខ្លួន​យើង​ថា « តើ​ការណ៍នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ? » ទីណាដែល​លទ្ធផល​កើតមានភ្លាមៗ ហើយ​ធ្ងន់ធ្ងរ យើង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ។ យើង​ត្រូវ​ស្រែក​ព្រមាន​ដោយ​ត្រឹមត្រូវ ឬ​គាំទ្រ​ដល់​ការ​ខិតខំ​ការពារ​ត្រឹមត្រូវ ​ខណៈ​នៅ​មាន​ពេល​នៅ​ឡើយ​នោះ ។

ការ​សម្រេច​ចិត្ត​ដែល​ខ្ញុំ​ទើបតែ​បាន​ពិពណ៌នា​នេះ​ទាក់ទង​នឹង​ជម្រើស​រវាង​ការ​ធ្វើ​សកម្មភាព​ខ្លះៗ ឬ​ការ​មិន​ធ្វើ​សកម្មភាព​សោះ​តែ​ម្ដង ។ ជាទូទៅ​នោះ​គឺ​ជម្រើស​រវាង​ការ​ធ្វើ​សកម្មភាព​មួយ ឬ​សកម្មភាព​ផ្សេងទៀត ។ ទាំងនេះ​រួមមាន​ជម្រើស​រវាង​ការល្អ ឬ​ការ​អាក្រក់ ប៉ុន្តែ​កាន់តែ​ញឹកញាប់​នោះ វា​មាន​ជម្រើស​រវាង​ការល្អ​ទាំង​ពីរ ។ ត្រង់នេះ​ក៏​ត្រូវ​សួរ​សំណួរ​ថា តើ​ការណ៍នេះ​នឹង​ដឹកនាំ​ទៅ​ឯណា​ផងដែរ ។ យើង​ធ្វើ​ការ​ជ្រើសរើស​ជាច្រើន​រវាង​វត្ថុ​ពីរ ជាញឹកញាប់​ទាក់ទង​នឹង​របៀប​ដែល​យើង​នឹង​ចំណាយ​ពេល​របស់​យើង ។ វា​មិន​អាក្រក់​ទេ​ដែល​លេង​​វីដេអូហ្គេម ឬ​ផ្ញើសារ ឬ​មើល​ទូរទស្សន៍ ឬ​និយាយ​ទូរសព្ទ​នោះ ។ ប៉ុន្តែ​អ្វីៗ​ទាំងនេះ​ទាក់ទង​ទៅនឹង​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា « ឱកាស​ដែល​ត្រូវ​បោះបង់ » មានន័យ​ថា បើ​យើង​ចំណាយពេល​ធ្វើ​អ្វី​មួយ នោះយើង​បាត់បង់​ឱកាស​ទៅ​ធ្វើ​អ្វី​មួយ​ទៀត ។ ខ្ញុំ​ជឿ​ថា បងប្អូន​អាច​មើល​ឃើញ​ថា ​យើង​ចាំបាច់​ត្រូវ​វាស់វែង​ឲ្យ​ល្អិត​ល្អន់​អំពី​អ្វី​ដែល​យើង​កំពុង​បាត់បង់ ​ដោយសារ​ពេល​វេលា​ដែល​យើង​ចំណាយ​ទៅលើ​សកម្មភាព​មួយ ទោះជា​វា​ល្អ​ក្ដី ។

មួយរយៈ​កន្លង​ទៅ ខ្ញុំ​បាន​ថ្លែង​សុន្ទរកថា​អំពី « ល្អ ល្អ​ប្រសើរ ល្អ​បំផុត » ។ នៅ​ក្នុង​សុន្ទរកថា​នោះ ខ្ញុំ​បាន​ថ្លែង​ថា « គ្រាន់តែ​ជា​អ្វី​មួយ​ដែល ល្អ វា​ពុំ​មែនជា​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​ទេ ។ ចំនួន​នៃ​រឿង​ល្អៗ​ដែល​យើង​អាច​ធ្វើ​មាន​ច្រើនជាង​ពេលវេ​លា​ដែលយើងមានដើម្បី​សម្រេច​​រឿង​ល្អៗ​ទាំងនោះទៅ​ទៀត ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​ប្រសើរ​ជាង​ការ​គ្រាន់​តែ​ល្អ ហើយ​រឿង​ទាំង​នេះ​គួរតែ​ជា​រឿង​ដែល​បញ្ជា​ឲ្យ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​នៅ​ក្នុង​ជីវិត​របស់​យើង ។… យើង​ត្រូវ​លះបង់​រឿង​ល្អៗ​ខ្លះ​ដើម្បី​ជ្រើសរើស​អ្វី​ផ្សេងទៀត​ដែល​ល្អ​ប្រសើរ ឬ​ល្អ​បំផុត » ។

សូមមើល​ឲ្យ​វែង​ឆ្ងាយ ។ តើ​មាន​ឥទ្ធិពល​អ្វីខ្លះកើត​មាន​ចំពោះ​អនាគត​របស់​យើង​ ដោយសារ​តែ​ការ​សម្រេច​ចិត្ត​ដែល​យើង​ធ្វើ​នៅ​ក្នុង​បច្ចុប្បន្ន​នេះ ? សូម​ចាំ​អំពី​សារៈសំខាន់​នៃ​ការ​ទទួល​ការ​អប់រំ ការសិក្សា​ដំណឹងល្អ ការ​រំឭក​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ការ​ទទួល​ទាន​សាក្រាម៉ង់ និង​ការ​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ ។

II.

« តើ​ការណ៍នេះ​នឹង​ដឹកនាំ​ទៅ​ឯណា ? » ក៏​សំខាន់​ផងដែរ​នៅ​ក្នុង​ការ​ជ្រើសរើស​របៀប​ដែល​យើង​កំណត់ ឬ​គិត​អំពី​ខ្លួន​ឯង ។ ​សំខាន់​បំផុត​នោះ គឺយើង​ម្នាក់ៗ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​ជោគវាសនាដ៏​មានសក្ដានុពល​មួយ​សម្រាប់​​ជីវិត​អស់កល្បជានិច្ច ។ ការ​កំណត់​ផ្សេងៗ​ទៀត រួមទាំង​មុខ​របរ ជាតិសាសន៍ ចរិតលក្ខណៈ​រាងកាយ ឬ​កិត្តិយស គឺ​ជា​រឿង​បណ្ដោះ​អាសន្ន ឬ​មិន​សំខាន់​នៅ​ក្នុង​ភាព​អស់កល្បជានិច្ច​ឡើយ ។ សូម​កុំ​ជ្រើសរើស​កំណត់​ខ្លួនឯង ឬ​គិត​អំពីខ្លួន​ឯង​ក្នុង​លក្ខខណ្ឌ​ដែល​កម្រិត​ព្រំដែនលើ​គោលដៅ​មួយ​ដែល​បងប្អូនអាច​ព្យាយាម​នោះឡើយ ។

បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​មើល ឬ​អាន​អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ទីនេះ ខ្ញុំ​សង្ឃឹម​ថា​ បងប្អូន​ដឹង​ពី​ហេតុផល​ដែល​ថ្នាក់​ដឹកនាំ​របស់​បងប្អូន​ផ្ដល់​ការ​បង្រៀន និង​ការ​ទូន្មាន​ដែលយើង​ផ្ដល់​ឲ្យ​នោះ ។ យើង​ស្រឡាញ់​បងប្អូន ហើយ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​​ស្រឡាញ់បងប្អូន ។ ផែនការ​របស់​ពួក​ទ្រង់​សម្រាប់​យើង​គឺជា « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ( អាលម៉ា ៤២:៨ ) ។ ផែនការ​នោះ ព្រមទាំងបទបញ្ញត្តិ ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​របស់​ពួក​ទ្រង់​ដឹកនាំ​យើង​ឲ្យ​មាន​សុភមង្គល ​និង​អំណរ​ដ៏​មហិមា​បំផុត​នៅ​ក្នុង​ជីវិត​នេះ និងនៅ​ក្នុង​ជីវិត​បរលោក​នាយ ។ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា យើង​បង្រៀន និង​ទូន្មាន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ តាមរយៈការ​​ដឹកនាំ​របស់​ពួក​ទ្រង់ ។ យើង​គ្មាន​បំណង​ណា​ក្រៅ​ពី​និយាយ​អំពី​អ្វីដែល​ជា​ការ​ពិត ហើយ​លើក​ទឹកចិត្ត​ដល់បងប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​ទ្រង់​បាន​ចែង​ជា​ផ្លូវ​ទៅ​កាន់​ជីវិត​អស់កល្បជានិច្ច ជា « អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧ ) ។

III.

នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​អំពី​ឥទ្ធិពលដែល​កើត​មាន​ចំពោះពេល​អនាគត​ ដោយសារ​តែការសម្រេច​ចិត្ត​ដែល​បាន​ធ្វើ​នៅពេល​បច្ចុប្បន្ន ។ ឧទាហរណ៍​នេះ​ទាក់​ទង​ទៅ​នឹង​​ជម្រើស​ដែល​ត្រូវ​ធ្វើ​ការ​លះបង់​នា​ពេល​បច្ចុប្បន្ន​​នេះ ដើម្បី​សម្រេច​បាន​​គោលដៅ​​ដ៏​សំខាន់​មួយនា​ពេល​អនាគត ។

នៅ​ក្នុង​សន្និសីទ​ស្ដេក​មួយ​នៅ ខាលី កូឡុំបៀ មានប្អូន​ស្រីម្នាក់បាន​ប្រាប់​អំពី​របៀប​ដែល​នាង និង​គូដណ្ដឹង​របស់​នាង​មាន​បំណង​ប្រាថ្នា​ចង់​រៀបការ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ​ប៉ុន្តែ​កាល​នោះ​ព្រះវិហារបរិសុទ្ធ​​នៅ​ជិត​បំផុត​គឺ​នៅ​ប្រទេស​ពេរ៉ូ ។ ពួកគេ​បាន​សន្សំ​ប្រាក់​សម្រាប់​ថ្លៃ​ឈ្នួល​ឡាន​ក្រុង​អស់រយៈពេល​ជា​យូរ ។ ទីបំផុត ពួកគេ​បាន​ឡើង​ឡាន​ក្រុង​ទៅកាន់​ទីក្រុង បូហ្គូតា ប៉ុន្តែ​នៅពេល​ពួកគេ​ទៅ​ដល់​ទីនោះ ពួកគេ​បាន​ដឹង​ថា កៅអី​ឡាន​ទៅកាន់​ទីក្រុង​លីម៉ា ប្រទេស ពេរ៉ូ ពុំ​មាន​សល់​ទេ ។ ពួកគេ​អាច​ទៅផ្ទះវិញ​ដោយ​ពុំ​រៀបការ ឬ​រៀបការ​នៅ​ក្រៅ​ព្រះវិហារបរិសុទ្ធ ។ ជា​សំណាងល្អ មាន​ជម្រើស​មួយ​ទៀត ។ ពួកគេ​អាច​ជិះឡាន​ទៅ​ទីក្រុង​លីម៉ា​បាន បើ​ពួកគេ​យល់​ព្រម​អង្គុយ​ផ្ទាល់​តាម​ច្រក​ដើររយៈពេល​ប្រាំ​ថ្ងៃ​ប្រាំ​យប់ ។ ពួកគេ​ជ្រើសរើស​ធ្វើ​ដូច​នោះ ។ នាង​បាន​និយាយ​ថា​ វា​លំបាក តែ​ពេល​ខ្លះ​អ្នក​ជិះលើឡាន​មួយចំនួន​អនុញ្ញាត​ឲ្យ​យើង​អង្គុយ​លើ​កៅអី​របស់ពួកគេ ដើម្បី​ពួកគេ​អាច​ទម្រេត​ខ្លួន​តាម​ច្រក​ដើរ​នោះ ។

អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ទៅលើ​ការ​និយាយ​របស់​នាង​គឺ​នៅពេល​នាង​ថ្លែង​ថា នាង​មានអំណរគុណ​ដែល​នាង និង​ស្វាមី​អាច​ទៅ​ព្រះវិហារបរិសុទ្ធ​តាម​របៀប​នេះ ដោយសារ​តែ​វា​ផ្លាស់ប្ដូរ​អារម្មណ៍​ដែល​ពួកគេ​មាន​​អំពី​ដំណឹងល្អ និង​អំពី​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ព្រះអម្ចាស់​បាន​ប្រទាន​រង្វាន់​ដល់​ពួកគេ​នូវ​ការ​រីកចម្រើន​ដែល​កើត​មាន​មក​ពី​ការលះបង់ ។ នាង​ក៏​បាន​សង្កេត​ឃើញ​ថា ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេរយៈពេល​ប្រាំ​ថ្ងៃ​​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ​បាន​ជួយ​ស្ថាបនា​ជីវភាព​ខាង​វិញ្ញាណ​របស់​ពួកគេយ៉ា​ង​ច្រើន​លើស​ពីការ​ទៅ​ព្រះវិហារបរិសុទ្ធ​ជាច្រើន​ដង​ដែល​ពុំ​មាន​ការ​លះបង់ទៅ​ទៀត ។

អស់​ជា​ច្រើន​ឆ្នាំ ចាប់​តាំង​ពី​ខ្ញុំ​បាន​ស្ដាប់​ឮ​ទីបន្ទាល់​នោះ ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថា តើ​គូស្វាមីភរិយា​វ័យ​ក្មេង​នោះ​នឹង​មាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ណា បើ​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង —ដោយពុំ​បានធ្វើ​ការ​លះបង់​ចាំបាច់​ ដើម្បី​បាន​រៀបការ​នៅ​ព្រះវិហារបរិសុទ្ធ​នោះ ។

យើង​ធ្វើ​ការ​ជ្រើសរើស​ច្រើន​រាប់​មិន​អស់​ក្នុង​ជីវិត ខ្លះ​ធំ ខ្លះ​តូច ។ បើ​សញ្ជឹង​គិត​ឡើងវិញ យើងអាច​មើល​ឃើញ​ភាព​ខុសគ្នា​យ៉ាង​ខ្លាំងដែល​​ជម្រើស​មួយចំនួន​របស់​យើង​បាន​ធ្វើ​ឲ្យ​កើតឡើង​នៅក្នុង​ជីវិត ។ យើង​ធ្វើ​ការ​ជ្រើស​រើស ឬ​ការ​សម្រេច​ចិត្ត​កាន់​តែ​ប្រសើរ ប្រសិន​បើ​យើង​ក្រឡេក​មើល​ទៅ​ជម្រើស​ជំនួស ហើយ​ពិចារណា​ថា តើ​វា​នឹង​ដឹកនាំ​ទៅ​ណា ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ប្រធាន រ័សុល អិម ណិលសុន ឲ្យ​ចាប់ផ្ដើម​ដោយ​គិត​ពី​ទីបញ្ចប់ ។ ចំពោះ​យើង ចុង​បញ្ចប់​គឺ​តែង​តែ​ជា​ការ​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ​ឆ្ពោះ​ទៅ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ជា​អំណោយ​ទាន​ដ៏​ធំ​បំផុត​របស់​ព្រះ​ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ពី​ព្រះយេស៊ូវគ្រីស្ទ​ និង​ពី​ឥទ្ធិពល​នៃដង្វាយធួន​របស់​ទ្រង់ ព្រមទាំង​សេចក្ដី​ពិត​ផ្សេង​ទៀត​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់​ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « Good, Better, Best » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤, ១០៧ ។

  2. សូមមើល រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។