ឆ្នាំ ២០១០-២០១៩
សូម​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


សូម​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ

ប្រសិនបើ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង ហើយ​តម្កើង​ការ​ហៅ​របស់​យើង​ជា​ពួក​អែលឌើរ​ក្នុង​អ៊ីស្រាអែល ។

កាល​ព្រះយេស៊ូវ​យាង​ដើរ​លើ​ផ្លូវ​មួយ​ជិតស្រុក​កាពើណិម ដោយ​មាន​មនុស្ស​កុះករ​ព័ទ្ធ​ជុំវិញ​ទ្រង់ នោះ​មាន​ស្ត្រី​ម្នាក់​ដែល​បាន​រង​ទុក្ខ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​អស់​រយៈពេល ១២ ឆ្នាំ​បាន​ឈោង​​ទៅ​ប៉ះ​នឹង​ជាយ​ព្រះពស្ត្រ​របស់​ទ្រង់ ។ រំពេច​នោះ គាត់​បាន​ជា​សះស្បើយ ។

បទគម្ពីរ​កត់ត្រា​ថា ព្រះយេស៊ូវ​ដោយដឹង​ថា « ថា [ ព្រះចេស្ដា ] ចេញ​ផ្សាយ​ពី [ ទ្រង់ ] »​ « ងាក​បែរ​ព្រះអង្គ​ក្នុង​ហ្វូង​មនុស្ស​ » ហើយ « ​ទត​ …​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ » ។ « កាល​ស្ត្រី​នោះ​បាន​ឃើញ​ថា លាក់​ខ្លួន​មិន​កំបាំង​ទេ » នោះ​គាត់ « ទម្លាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាមត្រង់​ទាំង​អស់ » ។

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ទៅគាត់ថា « កូន​ស្រី​អើយ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ » ។

ព្រះ​យេស៊ូវគ្រីស្ទ​​បាន​សង្គ្រោះ​ស្ត្រី​នោះ ។ គាត់​ត្រូវ​បាន​ព្យាបាល​ខាង​សាច់ឈាម ប៉ុន្តែ​នៅពេល​ព្រះយេស៊ូវ​បាន​ងាក​មក​រក​គាត់ គាត់​បាន​ប្រកាស​សេចក្ដីជំនឿ​របស់​គាត់​លើ​ទ្រង់ ហើយ​ទ្រង់បាន​ព្យាបាល​ដួង​ចិត្ត​របស់​គាត់ ។​ ទ្រង់​បាន​មាន​បន្ទូល​ទៅ​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​អះអាង​ចំពោះ​គាត់​នូវ​ការ​អនុមតិ​របស់​ទ្រង់ ហើយ​បាន​ប្រទាន​ពរ​គាត់​ជាមួយ​នឹង​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ ។​១០

បងប្អូន​ប្រុស ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ យើង​បាន​ចូល​ប្រឡូក​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​ស​ង្គ្រោះ ។ នៅ​ឆ្នាំ​មុន ព្រះអម្ចាស់​បានប្រទាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ចម្បង​សម្រាប់​កិច្ចការ​នេះ​ដល់​ពួក​អែលឌើរ​ក្នុង​អ៊ីស្រាអែល ។១១ យើង​មាន​ការ​បង្គាប់​ដ៏​បំផុស​គំនិត​មួយ​មក​ពី​ព្រះអម្ចាស់—ដោយ​ធ្វើ​ការ​ជាមួយ​នឹង​ពួក​បងប្អូន​ស្រី​រ​បស់​យើង នោះ​យើង​ត្រូវ​ធ្វើ​ការ​ងារ​បម្រើ​តាម​របៀប​ដ៏​បរិសុទ្ធ​ជាងមុន ពន្លឿន​ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល​នៅ​សង​ខាង​នៃ​វាំង​នន ស្ថាបនា​គេហដ្ឋាន​របស់​យើង​ជា​ជម្រក​​នៃ​សេចក្ដីជំនឿ និង​ការ​រៀន​សូត្រ​ដំណឹងល្អ ហើយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។១២

ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​យើង​ពី​របៀប​នោះ​គ្រប់​រឿង​ទាំងអស់​ថា យើង​ចាំបាច់​ត្រូវ​មើល​ទៅ ហើយ​បម្រើ​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​ទ្រង់​បាន​មើល​ទៅ ហើយ​បម្រើ​ព្រះវរបិតា​របស់​ទ្រង់​ដែរ ។១៣ ព្រះអង្គ​សង្គ្រោះ​​បាន​មាន​បន្ទូល​ពី​ការ​ណ៌នោះ​តាម​របៀប​នេះ​ទៅ​កាន់​ព្យាការី​យ៉ូសែប​ថា ៖

« ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ ។

« ចូរ​មើល​ស្នាម​ទាំងឡាយ​ដែល​នៅ​ចំហៀង​យើង ហើយ​ព្រមទាំង​ស្នាម​ដែកគោល​នៅ​ដៃ និងជើង​របស់​យើង​ចុះ ចូរ​មាន​ចិត្ត​ស្មោះត្រង់ កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​អ្នក​រាល់គ្នា​នឹង​គ្រង​នគរ​ស្ថានសួគ៌​ទុក​ជា​មរតក » ។១៤

នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ព្រះយេស៊ូវ​បាន​សន្យា​នឹង​ព្រះវរបិតា​របស់​ទ្រង់​ថា ទ្រង់​នឹង​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​នៃ​ទ្រង់ ព្រមទាំង​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ នៅពេល​ព្រះវរបិតា​របស់​ទ្រង់​ទូល​សួរ​ថា « តើ​យើងនឹង​ចាត់​អ្នកណា ? » ១៥ ព្រះយេស៊ូវ​មាន​បន្ទូល​តប​ដូចនេះ ៖

« ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ១៦

« ព្រះវរបិតា​អើយ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គរហូត » ។១៧

នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​រស់​នៅ​តាម​ការ​សន្យា​នោះ ។ ទ្រង់​បាន​បង្រៀន​គោលលទ្ធិ​របស់​ព្រះវរបិតា​ទ្រង់ ហើយ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់​ដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​ដែល​ព្រះវរបិតា​ទ្រង់​បាន​ប្រទាន​ចំពោះ​ទ្រង់ នៅ​ក្នុង​ភាព​រាបសា ភាព​ស្លូត​បូត និង​សេចក្ដី​ស្រឡាញ់ ។១៨

ព្រះយេស៊ូវ​បាន​ប្រទាន​ដួង​ចិត្ត​របស់​ទ្រង់​ថ្វាយ​ព្រះវរបិតា​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ៖

« ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ។១៩

ខ្ញុំ​ចេះ​តែ​ធ្វើ​ការ​ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប ។២០

ខ្ញុំ​បាន​…មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ [ ព្រះវរបិតា ​] វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ។២១

ក្នុង​ការរងទុក្ខ​នៅ​សួនច្បារ​គែតសេម៉ានី ទ្រង់​បាន​អធិស្ឋាន​ថា « កុំ​តាម​ទូលបង្គំឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ » ។២២

នៅពេល​ព្រះអម្ចាស់​អំពាវ​នាវឲ្យ​ពួក​អែលឌើរ​ក្នុង​អ៊ីស្រាអែល​ឲ្យ « មើល​មក​ឯ​យើង​ដោយ​​នូវ​គ្រប់​ទាំង​គំនិត » និង « មើល​ស្នាម​ទាំងឡាយ » នៅ​ក្នុង​ព្រះកាយ​របស់​ទ្រង់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ វា​គឺជាការ​អំពាវ​នាវ​មួយ​ឲ្យ​ងាក​ចេញ​ឆ្ងាយ​ពី​អំពើបាប និង​ពិភពលោក​នេះ ហើយ​ត្រឡប់​មករ​ក​ទ្រង់ ព្រមទាំង​ស្រឡាញ់ ហើ​យ​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។ វាគឺជា​ការ​អំពាវ​នាវ​មួយ​ដើម្បី​បង្រៀន​ពី​គោលលទ្ធិ​របស់ទ្រង់ ហើយ​ធ្វើ​កិច្ចការ​របស់​ទ្រង់​តាម​របៀប​របស់​ទ្រង់ ។ ដូច្នេះហើយ វាគឺជា​ការ​អំពាវ​នាវ​មួយ​ដើម្បី​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​​ទ្រង់ ថ្វាយ​ឆន្ទៈ​របស់​យើង ហើយ​បង្វែរ​ដួង​ចិត្ត​របស់​យើង​ទៅ​រក​ទ្រង់ ហើយ​តាម​រយៈ​ព្រះចេស្ដា​ដ៏​ប្រោសលោះ​របស់​ទ្រង់​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។២៣

បងប្អូន​ប្រុស ប្រសិន​បើ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​​ប្រទាន​ពរ​យើង​ឲ្យ​ក្លាយ​ជាពួក​អែលឌើរ របស់​ទ្រង់ ក្នុង​អ៊ីស្រាអែល—រាបសា ស្លូត​បូត ងាយ​ប្រដៅ ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។២៤ ហើយ​យើង​នឹង​នាំ​យក​សេចក្ដី​អំណរ និង​ពរជ័យ​នៃ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​ដល់​ក្រុម​គ្រួសារ​របស់​យើង ព្រមទាំង​​បងប្អូ​ន​ប្រុស​ស្រី​របស់យើង​នៅ​សងខាង​នៃ​វាំង​នន ។

ប្រធាន រ័សុល អិម ណិលសុន​ បាន​អំពាវ​នាវ​ឲ្យ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​តាម​រ​បៀប​ដូចគ្នា​នេះ​ថា ៖ « គ្មាន​អ្វី​ដែល​ងាយស្រួល ឬ​ដោយ​ស្វ័យប្រវត្តិ​អំពី​ការប្រែក្លាយ​ជា​ពួកសិស្ស​ដ៏​មាន​ឥទ្ធិពល​បែប​នោះទេ ។ ការ​ផ្ដោត​របស់​យើង​ត្រូវ​តែ​ផ្អែក​យ៉ាង​រឹងមាំ​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ខាង​សតិអារម្មណ៍​យ៉ាង​ខ្លាំង​ដើម្បី​មើល​ទៅ​ទ្រង់ គ្រប់ គំនិត ។ ប៉ុន្តែ​នៅពេល​ដែល​យើង​ធ្វើ​វា​បាន នោះភាព​សង្ស័យ និង​ការភ័យ​ខ្លាច​របស់​យើង​នឹង​រលត់​បាត់អស់ » ។២៥

ពាក្យភ្ជាប់ គឺជា​ពាក្យ​ដ៏​អស្ចារ្យ​មួយ ។ វា​មាន​ន័យ​ថា ការធ្វើ​ឲ្យមាន​សុវត្ថិភាព​យ៉ាង​រឹង​មាំ ការ​ទាញ ហើយ​សង្កត់​ឲ្យ​ជាប់​ទាំង​ស្រុង ។២៦ យើង​ភ្ជាប់​ការ​ផ្ដោត​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​តាមរយៈ​ការ​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង ។

នៅពេល​យើង​រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង វា​ជះឥទ្ធិពល​ដល់​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​និយាយ និង​ធ្វើ ។ យើង​រស់នៅ​ក្នុង​ជីវិតនៃ​សេចក្ដី​សញ្ញា​មួយ២៧ ពោរពេញ​ដោយ​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​ដ៏​សាមញ្ញ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យយើង​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ ៖ ការអធិស្ឋាន​ចេញ​ពី​ចិត្ត​នៅ​ក្នុងព្រះនាម របស់​ទ្រង់ ​ ការ​ទទួល​ទាន​បន្ទូល របស់​ទ្រង់ ការ​ងាក​ទៅ​រក ទ្រង់ ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ការ​រក្សា​បទបញ្ញត្តិ ​របស់​ទ្រង់ ការ​ទទួល​ទាន​សាក្រាម៉ង់ និង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក របស់​ទ្រង់ ឲ្យ​បរិសុទ្ធ ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ របស់ទ្រង់ ឲ្យបាន​ញឹក​ញាប់​តាម​ដែល​យើង​អាច​ធ្វើ​បាន និង​ការ​អនុវត្ត​បព្វជិតភាព​ដ៏​បរិសុទ្ធ របស់​ទ្រង់ ដើម្បី​បម្រើ​បុត្រា​បុត្រី​របស់​ព្រះ ។

ទង្វើ​នៃ​ការ​លះបង់​ខាង​សេចក្ដី​សញ្ញា​ទាំង​នេះ​បើក​ដួង​ចិត្ត​ និងគំនិត​របស់​យើង​ទៅ​រក​ព្រះចេស្ដា​ដ៏​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្ដា​បន្សុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មួយ​បន្ទាត់​ម្តងៗ ព្រះអង្គ​សង្គ្រោះ​ផ្លាស់​ប្ដូរ​និស្ស័យ​របស់​យើង យើង​កាន់​តែ​មាន​ការ​ប្រែចិត្ត​ជឿ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទ្រង់ ហើយ​សេចក្ដី​សញ្ញា​របស់​យើង​មាន​ភាព​រស់​រវើក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ។២៨

ការ​សន្យា​ដែល​យើង​ធ្វើ​ចំពោះ​ព្រះវរបិតា​សួគ៌​នៃ​យើង​ក្លាយ​ជា​ការ​តាំង​ចិត្ត​ដ៏​រឹង​មាំ ជា​បំណង​ប្រាថ្នា​ដ៏​ស៊ី​ជម្រៅ​បំផុត​របស់​យើង ។ ការ​សន្យា​រ​បស់​ព្រះវរបិតា​សួគ៌​ចំពោះ​យើង​ធ្វើ​ឲ្យយើង​ពោរពេញ​ដោយ​អំណរ​គុណ និង​អំណរ ។២០ សេចក្ដី​សញ្ញា​របស់​យើងឈប់​ក្លាយ​ជា​ច្បាប់​ដែល​យើង​ធ្វើ​តាម ហើយ​ក្លាយ​ជា​គោលការណ៍​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដែល​បំផុស ហើយ​ដឹកនាំ​យើង ព្រមទាំង​ភ្ជាប់​ការ​ផ្ដោត​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។​៣០

ទង្វើ​នៃ​ការ​លះបង់​ទាំង​នេះ​មាន​ចំពោះ​មនុស្ស​ទាំងអស់ ទាំង​ចាស់​ទាំង​ក្មេង ។ ក្មួយៗ​ដែលជា​យុវជន​កាន់​បព្វជិតភាព​អើរ៉ុន អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​និយាយ​នៅ​រាត្រី​នេះ​អនុវត្ត​ចំពោះ​ក្មួយៗ​ដែរ ។ ខ្ញុំ​សូម​អរគុណ​ព្រះ​ចំពោះ​ក្មួយៗ ។ ក្មួយៗ​ធ្វើ​​ឲ្យ​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ៗ​កើត​មាន​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រាប់​លាន​នាក់​រៀងរាល់​សប្ដាហ៍ ។ នៅពេល​ក្មួយ​រៀបចំ ប្រសិទ្ធពរ ឬ​ចែក​សាក្រាម៉ង់ ធ្វើ​ការងារ​បម្រើ ជ្រមុជ​ទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ អញ្ជើញ​មិត្ត​ម្នាក់​មក​សកម្មភាព​មួយ ឬ​សង្គ្រោះ​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​របស់​ក្មួយ នោះ​ក្មួយ​កំពុង​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ ក្មួយ​ក៏​អាច​​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​ក្មួយ​រៀង​រាល់​ថ្ងៃ​បាន​ដែរ ។ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយៗ​ថា ប្រសិន​បើ​ក្មួយ​ធ្វើ​ការណ៍​នោះ ក្មួយ​នឹង​ក្លាយ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដែល​បាន​ទុក​ចិត្ត​នៅ​ពេល​នេះ និង​ជា​ពួក​អែលឌើរ​ដ៏​ខ្លាំង​ក្លា​ក្នុង​អ៊ីស្រាអែល​នៅ​ថ្ងៃ​ខាង​មុខ ។

បងប្អូន​ប្រុស ខ្ញុំ​ដឹង​ថា រឿង​ទាំង​នេះប្រហែល​ជា​ស្ដាប់​ទៅ​គួរ​ឲ្យ​ខ្លាច ។ ប៉ុន្តែ​សូម​ចងចាំ​បន្ទូល​ទាំង​នេះរ​បស់​ព្រះអង្គ​សង្គ្រោះ​ថា « ​ខ្ញុំ​មិន​នៅ​តែ​ឯកឯង​ទេ គឺ​មាន​ព្រះវរបិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ​ » ។៣១ វា​ក៏​អនុវត្ត​ដូច​គ្នា​ចំពោះ​យើង​ដែរ ។ យើង​ពុំ​បាន​នៅ​តែឯង​ទេ ។ ព្រះអម្ចាស់​​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតា​សួគ៌​របស់​យើង​ស្រឡាញ់​យើង ហើយ​ពួក​ទ្រង់​គង់​នៅ​ជាមួយ​យើង ។៣២ ដោយសារ​ព្រះយេស៊ូវ​បាន​មើល​ទៅ​ព្រះវរបិតា​របស់​ទ្រង់ ហើយ​បាន​បំពេញ​ពលិកម្ម​ធួន​ដ៏​ធំ​នោះ យើង​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មាន​ការ​ធានា​អះអាង​ថា ទ្រង់​នឹង​ជួយ​យើង ។

យើង​គ្រប់​គ្នា​ពុំ​ល្អ​ឥត​ខ្ចោះ​នោះទេ ។ ពេល​ខ្លះ​យើងជាប់គាំង។ យើង​មាន​ការ​អូសទាញ ឬ​ការ​បាក់​ទឹក​ចិត្ត ។ យើង​មាន​កំហុស ។ ប៉ុន្តែ​ប្រសិ​នបើ​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ដួងចិត្ត​កែប្រែ​មួយ នោះ​ទ្រង់​នឹង​លើក​យើង​ឡើង សម្អាត​យើង​ពី​អំពើបាប អភ័យទោស​យើង ហើយ​ព្យាបាល​ដួង​ចិត្ត​របស់​យើង ។ ទ្រង់​មាន​ព្រះទ័យ​ល្អ ហើយ​អត់ធ្មត់ សេចក្ដី​ស្រឡាញ់​ដ៏​ប្រោស​លោះ​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​ពុំ​ដែល​បាត់​បង់​ឡើយ ។៣៣ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង ហើយ​តម្កើង​ការ​ហៅ​របស់​យើង​ជា​ពួក​អែលឌើរ​ក្នុង​អ៊ីស្រាអែល ។

ហើយ​ព្រះវរបិតា​នឹង​ប្រទាន​ពរ​យើង​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ចាំបាច់​ដើម្បី​សម្រេច​ព្រះ​រាជ​បំណង​របស់​ទ្រង់ ៖ « ​គ្រប់…ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី​ផង ឯ​ជីវិត និង​ពន្លឺ ព្រះ​វិញ្ញាណ និង​ព្រះ​ចេស្ដា ត្រូវ​បាន​ចាត់​ឲ្យ​មក​ដោយ​សារ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ » ។៣៤

នៅពេល​ពន្លឺ និង​ព្រះចេស្ដា​នៃ​ព្រះ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក នោះ​រឿង​ដ៏​អស្ចារ្យ​បី​យ៉ាង​កើត​ឡើង ៖

ទីមួយ យើង​អាច​មើល​ឃើញ ! តាមរយៈ​វិវរណៈ​យើង​ចាប់ផ្ដើម​មើល​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​ទត​ឃើញ​ស្ត្រី​ម្នាក់​នោះ ៖ ហួស​ពី​រូបរាង​ខាង​ក្រៅ ហើយ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត ។៣៥ នៅពេល​យើង​មើល​ឃើញ​ដូចជា​ព្រះយេស៊ូវ​បាន​ទត​មើល​ឃើញ នោះ​ទ្រង់​ប្រទាន​ពរ​យើង​ឲ្យ​ចេះ​ស្រឡាញ់​មនុស្ស​ដែល​យើង​បម្រើ​ជាមួយ​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ មនុស្ស​ដែល​យើង​បម្រើ​នឹង​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួលអារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។៣៦

ទីពីរ យើង​មានអំណាច​បព្វជិតភាព ! យើង​មាន​សិទ្ធិ​អំណាច និង​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ផ្ដល់​ពរជ័យ« ដឹកនាំ ការពារ ពង្រឹង ហើយ​ព្យាបាល​អ្នក​ដទៃ ព្រមទាំង​នាំ​អព្ភូតហេតុ​ដល់​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​រក្សា​អាពាហ៍ពិពាហ៍ និង គ្រួសារ​របស់​យើង​ឲ្យ​មាន​សុវត្ថិភាព » ។៣៧

ទីបី ព្រះយេស៊ូវគ្រីស្ទ​យាង​ទៅ​ជាមួយ​នឹង​យើង ! ទោះ​យើង​ទៅ​ទី​ណា នោះ​ទ្រង់​​នឹង​យាង​ទៅ​ជាមួយ​យើង ។ នៅពេលបង្រៀន នោះ​ទ្រង់​បង្រៀន ។ នៅពេល​យើង​លួង​លោម​ចិត្ត នោះ​ទ្រង់​លួង​លោម​ចិត្ត ។ នៅពេល​យើង​ប្រសិទ្ធពរ នោះ​ទ្រង់​ប្រទាន​ពរ ។៣៨

បងប្អូន​ប្រុស តើ​យើង​គ្មាន​បុព្វហេតុ​ដែល​ត្រូវ​រីករាយ​ទេ​ឬអី ? យើង​ពិត​ជា​មាន ! យើង​កាន់​បព្វជិតភាព​បរិសុទ្ធ​របស់​ព្រះ ។ នៅពេល​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ រស់​នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ភ្ជាប់​ការ​ផ្ដោត​អារម្មណ៍​យើង​ទៅ​លើ​ទ្រង់ នោះ​យើង​នឹង​ចូល​រួម​ជាមួយ​នឹង​បងប្អូន​ស្រី​របស់​យើង ហើយ​ធ្វើ​ការងារ​បម្រើ​តាម​របៀប​មួយ​ដ៏​បរិសុទ្ធ​ជាង ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់​នៅ​សងខាង​នៃ​វាំង​នន ពង្រឹង ហើយ​ផ្សារភ្ជាប់​ក្រុម​គ្រួសារ​របស់​យើង ហើយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​នឹង​កើត​ឡើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពី​ការណ៍​នេះ ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ការ​អធិស្ឋាន​ចេញ​ពី​ដួង​ចិត្ត​របស់​ខ្ញុំ​ថា យើង​ទាំងអស់​គ្នា យើង​គ្រប់​គ្នា​នឹង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​នៅ​គ្រប់​គំនិត ។ ចូរ​កុំ​សង្ស័យ​ឡើយ ។ ចូរ​កុំ​ខ្លាច​ឡើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ជេម អ៊ិ ថាល់មេហ្គ ដាក់​ព្រះយេស៊ូវ​« ទីតាំង​នៃស្រុក​កាពើណិម » កាល​ដែល​ការ​ព្យាបាល​នេះ​បាន​កើត​ឡើង ( សូមមើល Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៣១៣ ) ។

  2. សូមមើល លូកា ៨:៤៣–៤៤ សូម​មើល​ផង​ដែរ ម៉ាថាយ ៩:២០–២១, ម៉ាកុស ៥:២៥–២៩ ។

  3. លូកា ៨:៤៦ ។

  4. ម៉ាកុស ៥:៣០ ។

  5. ម៉ាកុស ៥:៣២ ។

  6. លូកា ៨:៤៧ ។

  7. ម៉ាកុស ៥:៣៣ ។

  8. លូកា ៨:៤៨ ។

  9. ជេម អ៊ិ ថាល់មេហ្គ បានសរសេរ​ថា តម្លៃ​ដ៏​ធំ​ចំពោះ​ស្ត្រី​ម្នាក់​លើស​ពី​ការ​ព្យាបាល​ខាង​រូបកាយ​គឺជា​ការ​អះអាង​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​បំណង​ប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​គាត់ ហើយ​ថា​សេចក្ដីជំនឿ​របស់​គាត់​ត្រូវ​បាន​ទ្រង់​ទទួល​យក ( សូមមើល Jesus the Christ ទំព័រ ៣១៨ ) ។ ព្រះយេស៊ូវ​បាន​ព្យាបាល​គាត់​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ព្រមទាំង​បាន​បើក​ផ្លូវ​ឲ្យ​គាត់​ទៅ​រក​សេចក្ដី​សង្គ្រោះ ។

  10. វា​គឺជា​រឿង​ដ៏​ល្អ​ដែល​គួរ​យល់​ដឹង​ថា ​យ៉ៃរ៉ុស​ជា​អ្នក​ដឹកនាំ​ម្នាក់​នៃ​សាលា​ប្រជុំ បាន​នៅ​ជាមួយ​នឹង​ព្រះយេស៊ូវ នៅពេល​ការ​ព្យាបាល​នេះ​បាន​កើត​ឡើង ។ ព្រះយេស៊ូវ​បាន​យាង​ដើរ​នៅ​លើ​ផ្លូវ​ទៅ​កាន់​ផ្ទះ​របស់​យ៉ៃរ៉ុស ជា​កន្លែង​ដែលទ្រង់​នឹង​ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស​ឲ្យ​រស់​ឡើង​វិញ ។ ស្ត្រី​ដែល​ព្រះយេស៊ូវ​បាន​ព្យាបាល​ទំនង​ជា​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ ដោយសារ​តែ​ជំងឺ​របស់​គាត់ ។ នៅពេល​ព្រះយេស៊ូវ​បាន​ព្យាបាល​គាត់ ទ្រង់​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​មនុស្ស​ទាំងអស់​ដែល​នៅ​ទីនោះ​ រួម​ទាំង​យ៉ៃរ៉ុសផង​ដែរ ថា គាត់​គឺជា​កូនស្រី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់ ជា​ស្ត្រី​នៃ​សេចក្ដីជំនឿ និង​បរិសុទ្ធ​​ទាំង​ក្នុង​រូបកាយ និង​វិញ្ញាណ ។

  11. សូម​មើល ឌី ថត គ្រីស្តូហ្វឺសិន « The Elders Quorum » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៥៥–៥៨ ) សម្រាប់​ការ​ពិភាក្សា​មួយ​អំពី​ការ​កែ​សម្រួល​ដើម្បី​បង្កើត​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​នៅ​ក្នុង​វួដ​មួយ ។ គោលបំណង​នៃ​ការ​ផ្លាស់​ប្ដូរ​នោះ​ត្រូវ​បាន​ពិពណ៌នា​តាមរ​បៀប​នេះ​នៅ​ក្នុង​ផ្នែក​សំណួរ​ដែល​គេ​ចោទសួរជា​ញឹកញាប់​នៃ​គេហទំព័រ​ការងារ​បម្រើ ៖ « ការមាន​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​តែមួយ​នៅ​ក្នុង​វួដ ជួយបង្រួបបង្រួម​អ្នក​កាន់​បព្វជិតភាព​ឲ្យ​សម្រេច​បាន​រាល់​ទិដ្ឋភាព​នៃ​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ រួម​មាន កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ ដែល​កាល​ពី​មុន​ត្រូវបាន​សម្របសម្រួល​ដោយ​អ្នកដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ » ( « This Is Ministering: Frequently Asked Questions » សំណួរ​ទី ៨ គេហទំព័រ ministering.ChurchofJesusChrist.org ) ។

    ការ​កែ​សម្រួលជា​បន្ត​បន្ទាប់​បាន​ដាក់​ថ្នាក់​ដឹកនាំ​បេសកកម្ម​វួដ និង​ថ្នាក់​ដឹកនាំ​ថ្មី​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​នៅ​ក្នុង​វួដ នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​កូរ៉ុម​អែលឌើរ ។ ដោយ​មា​នការ​ងារ​បម្រើ​ក្រុមគ្រួសារ​ទាំងឡាយដែលស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​រួចទៅ​ហើយ នោះ​ការ​កែសម្រួល​ទាំង​នេះ​បាន​ដាក់​ភាព​ជា​អ្នក​ដឹកនាំ​នៃ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ក្នុង​កូរ៉ុម​អែលឌើរ ដែល​បាន​ជួយ​ដោយ​សមាគម​សង្គ្រោះ ។ ពិតណាស់ ប៊ីស្សព​កាន់​កូនសោ​ចំពោះ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​វួដ ប៉ុន្តែ​គាត់​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​កិច្ចការ​នោះ​ដល់​ប្រធាន​កូរ៉ុម​អែលឌើរ ដើម្បី​ប៊ីស្សព​អាចចំណាយ​ពេល​ច្រើន​ផ្តល់​ការងារ​បម្រើ​ដល់​គ្រួសារ​របស់​គាត់ ការ​ពង្រឹង​ដល់​យុវវ័យ និង​ការ​បម្រើ​ជា​ចៅ​ក្រម​នៃ​អ៊ីស្រាអែល ។

  12. សូមមើល រ័សុល អិម ណិលសុន « Let Us All Press On » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៨–១១៩; រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣–១១៤; ឃ្វីនថិន អិល ឃុក « Deep and Lasting Conversion to Heavenly Father and the Lord Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨–១២ ។

  13. ព្រះវរបិតា​បាន​ចាត់​ព្រះយេស៊ូវ​មក​ក្នុង​ពិភពលោក​នេះ ( សូមមើល យ៉ូហាន ១៧:១៨ ) ។

  14. គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦–៣៧ ។

  15. អ័ប្រាហាំ ៣:២៧ ។

  16. អ័ប្រាហាំ ៣:២៧ ។

  17. ម៉ូសេ ៤:២ ។

  18. មាន​សេចក្ដី​យោង​ជាច្រើន​នៅ​ក្នុង​បទគម្ពី​រ​ដែល​កត់ត្រា​សេចក្ដីថ្លែងការណ៍​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ឡើង​អំពី​ការ​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់ និង​ការ​បង្រៀន​ពី​គោលលទ្ធិ​របស់​ព្រះវរបិតា​ទ្រង់ ។ ឧទាហរណ៍​សូមមើល យ៉ូហាន ៥:១៩ ( ព្រះយេស៊ូវ​ធ្វើ​អ្វី​ដែល​ទ្រង់​ទតឃើញ​ព្រះវរបិតា​ធ្វើ ) យ៉ូហាន ៥:៣៦ ( ព្រះវរបិតា​បាន​ប្រទាន​កិច្ចការ​ឲ្យ​ព្រះរាជ​បុត្រា​របស់​ទ្រង់​ធ្វើ ) យ៉ូហាន ៨:២៦ ( ព្រះយេស៊ូវ​បាន​បង្រៀន​ពី​អ្វី​ដែល​ទ្រង់​បាន​ទទួល​មក​ពី​ព្រះវរបិតា​របស់​ទ្រង់ ), យ៉ូហាន ១៤:២៨ ( ព្រះយេស៊ូវ​បាន​ប្រកាស​ថា « ព្រះវរបិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ » ), នីហ្វៃទី​៣ ១១:៣២ ( គោលលទ្ធិ​របស់​ទ្រង់​គឺជា​គោលលទ្ធិ​ដែល​ព្រះវរបិតា​របស់​ទ្រង់​បាន​ប្រទាន​ដល់​ទ្រង់ ) ។

  19. យ៉ូហាន ១៤:៣១ ។

  20. យ៉ូហាន ៨:២៩ ។

  21. យ៉ូហាន ៦:៣៨ សូម​មើល​ផងដែរ យ៉ូហាន ៥:៣០ ។

  22. លូកា ២២:៤២ ។

  23. ពាក្យ មើល នៅក្នុង​វ​គ្គបទគម្ពីរ​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦–៣៧ ) មាន​ន័យ​ដែល​ទាក់ទង​ទៅ​នឹង​ការ​អំពាវនាវ​របស់​ព្រះអម្ចាស់​ថា ឲ្យបែរ​មុខ ( ឬងាក​មក ) នាំ​ការ​ចាប់អារម្មណ៍​របស់​មនុស្ស​ម្នាក់ ពឹង​ផ្អែក​លើការ​ស្រាវ​ជ្រាវ​រក រង់ចាំ​សេចក្ដី​សង្ឃឹម គិត​ពី​ចុង​បញ្ចប់​នៅ​ក្នុង​គំនិត រំពឹង​ទុក ឬព្រាង​ទុក ( សូមមើល​ពាក្យ « Look » ក្នុង​គេហទំព័រ merriam-webster.com ) ។

  24. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៤១–៤២ ។ លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​បទគម្ពីរ​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដែល​កើត​ឡើង​តាមរយៈ​សេចក្ដីមេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​គឺជា​លក្ខណៈ​ដែល​បង្កើត​ពួក​អែលឌើរ​ក្នុងអ៊ីស្រាអែលជាពួក​អែលឌើរ របស់​ទ្រង់

  25. រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១ ។

  26. សូមមើល​ពាក្យ « rivet » ក្នុង​គេហទំព័រ merriam-webster.com ។

  27. សម្រាប់​ការ​ពិភាក្សា​មួយ​អំពី​គំនិត​នៃ​ជីវិត​សេចក្ដីសញ្ញា​មួយ សូ​មមើល ដូណល អិល ហលស្ត្រម « Living a Covenant Life » Ensign ខែ​មិថុនា ឆ្នាំ ២០១៣ ទំព័រ ៤៦–៤៩ ។ អត្ថបទ​នេះ​ត្រូវ​បាន​សម្រប​សម្រួល​ចេញ​ពី​សុន្ទរកថា​​​វែង​ជាង​​មួយ​ដែល​ថ្លែង​ឡើង​នៅ​សាកលវិទ្យាល័យ ប៊ី.​វ៉ាយ.​យូ–អៃដាហូ ក្នុងខែ​ឧសភា ឆ្នាំ​២០១១ ។ សម្រាប់​កំណែ​វែង​ជាង សូម​មើល ដូណល អិល ហលស្ត្រម « A Covenant Life » ( BYU–Idaho devotional ខែ​ឧសភា ឆ្នាំ​២០១១ ) គេហទំព័រ byui.edu ។

  28. សូម​មើល យេរេមា ៣១:៣១–៣៣ ត្រង់​កន្លែង​ដែលព្រះអម្ចាស់​បាន​ប្រកាស​ថា ទ្រង់​នឹង​ធ្វើ​សេចក្ដី​សញ្ញា​ថ្មី​មួយ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល​ដោយ​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។ រូបភាព​នៃ​សេចក្ដី​សញ្ញា​នេះ​ដែល​បាន​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ឬ​សេចក្ដី​សញ្ញា​ដែល​មាន​ភាព​រស់​រវើក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ក៏​បាន​រក​ឃើញ​នៅ​ក្នុង​ការ​សរសេរ​របស់​ប៉ុល​ផង​ដែរ ( សូមមើល កូរិនថូស​ទី ២ ៣:៣, ហេព្រើរ ៨:១០ ) ។ សម្រាប់​ការ​ពិភាក្សា​មួយ​អំពី​ការ​ប្រែ​ចិត្ត​ជឿ និង​ដួង​ចិត្ត សូមមើល ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–១០៩ ។

  29. ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​សម្រាប់​នំប៉័ង​បង្ហាញ​យ៉ាង​ក្បោះក្បាយ​អំពី​លក្ខណៈ​នៃ​ទំនាក់ទំនង​ខាង​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ព្រះវរបិតា​សួគ៌​នៃ​យើង ។ នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​នៃ​យើង ប៉ុន្តែ​គោលបំណង​នៃ​សេចក្ដី​សញ្ញា​ទាំង​នោះ​ត្រូវ​បាន​យល់ ហើយ​យើង​មាន​គុណសម្បត្តិ​សម្រាប់​ពរជ័យ​ដែល​បាន​សន្យា​តាមរយៈ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ទ្រង់​គឺជា​អ្នក​សង្រួប​សង្រួម ។ នៅ​ក្នុង​ពិធី​បរិសុទ្ធ​សាក្រាម៉ង់ យើង​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះវរបិតា ( ដោយ​ចុះ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​ទ្រង់​ជា​ថ្មី ) ថា​យើង​នឹង​យល់​ព្រម​លើក​មក​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ដើម្បី​យើង​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់ ( ព្រះវិញ្ញាណ​បរិសុទ្ធ ) គង់​នៅ​ជាមួយ​យើង​ជានិច្ច ។

    អំណោយទាន​នៅ​ក្នុង​ការ​សន្យា​រ​បស់​ព្រះវរបិតា​កើត​ឡើង​តាមរយៈ​ព្រះចេស្ដា​ដ៏​ប្រោស​លោះ និង​គាំទ្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន​ បានបង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ប្រភព​នៃ​រាល់​អំណរ ( សូ​មមើល « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។ ដូច្នេះ ការ​ភ្ជាប់​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​នាំ​យក​អំណរ​ចូល​ក្នុង​ជីវិត​របស់​យើង មិន​ថា​យើង​មាន​ស្ថានភាព​បែប​ណា​ឡើយ ។

  30. ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​រៀបរាប់​ពី​​ឥទ្ធិពល​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​នៅ​ក្នុងឥរិយាបថ និង ការ​ផ្ដោត​អារម្មណ៍ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « នៅ​ពេល​ការ​គោរពប្រតិបត្តិលែង​ជា​រឿង​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់ ហើយ​ក្លាយ​ជាការ​ចង់​បាន​របស់​យើង នៅ​គ្រា​នោះ​ហើយដែល​ព្រះ​នឹង​ប្រទាន​អំណាច​ដល់​យើង » ( នៅ​ក្នុង Donald L. Staheli « Obedience—Life’s Great Challenge » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៨២ ) ។

  31. យ៉ូហាន ១៦:៣២ ។

  32. សម្រាប់​ការ​ពិភាក្សា​បន្ថែម​អំពី​ធាតុពិត​នៃ​កង្វល់​ ចំណាប់​អារម្មណ៍ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ព្រម​ទាំងការ​ពាក់ព័ន្ធ​នៅ​ក្នុង​ជីវិត​របស់​យើង សូមមើល​ ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣, ហិនរី ប៊ី អាវរិង « Walk with Me » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨២–៨៥ ។ សូមមើល​ផងដែរ ម៉ាថាយ ១៨:២០; ២៨:២០; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣២; ២៩:៥; ៣៨:៧; ៦១:៣៦; ៨៤:៨៨ ។

  33. សូមមើល រ៉ូម ៨:៣៥–៣៩, កូរិនថូស​ទី​១ ១៣:១–៨, មរ៉ូណៃ ៧:៤៦–៤៧ ។

  34. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៧ ។ សូម​​ចំណាំ​ថា ព្រះអម្ចាស់​ប្រទាន​ការ​សន្យា​នេះ​ដល់​បុគ្គល​ម្នាក់ៗ​ដែល​ត្រូវ​បាន​តែង​តាំង ហើយ​បាន​ចាត់​ឲ្យ​ចេញ​ទៅ ដែល​មាន​ទាក់ទងនឹង ហើយ​កំណត់​ដោយ ការ​ចាត់​តាំង​ជាក់​លាក់​ដែល​បាន​ផ្ដល់​ឲ្យ​គាត់ ៖

    « ឈ្មោះ​ថា​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ធំ​បំផុត ទោះ​បី​អ្នក​នោះ តូច​ជាងគេ​បំផុត ហើយ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង​អស់​ក្ដី ។

    ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ជា​អ្នក​គ្រង​គ្រប់​ទាំង​អស់ ដ្បិត​គ្រប់​ទាំង​អស់​នៅ​ក្រោម​អំណាច​អ្នក​នោះ ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែនដី​ផង ឯ​ជីវិត និង​ពន្លឺ ព្រះ​វិញ្ញាណ និង​ព្រះ​ចេស្ដា ត្រូវ​បាន​ចាត់​ឲ្យ​មក​ដោយ​សារ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ។

    ប៉ុន្តែ​គ្មាន​មនុស្ស​ណាគ្រប់គ្រង​ទាំង​អស់​បាន​ឡើយ លើក​លែងតែ​អ្នក​នោះ​បាន​ធ្វើ​ឲ្យ​សុទ្ធសាធ ហើយ​ស្អាតបាត​ពី​អស់​ទាំង​អំពើ​បាប​សិន ។

    ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ធ្វើ​ឲ្យបរិសុទ្ធ ហើយ​ស្អាតបាត​ពី​អស់​ទាំង​អំពើបាប នោះ​អ្នករាល់​គ្នា​ត្រូវ​សុំ​អ្វីៗ​ដែល​អ្នក​ប៉ង​ប្រាថ្នា ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ ហើយ​អ្វីៗ​ទាំងនោះ​នឹង​ត្រូវ​បាន​សម្រេច » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:២៦–២៩ ) ។

  35. សូមមើល សាំយ៉ូអែល​ទី​១ ១៦:៧, កូរិនថូសទី​១ ២:១៤ ។ សម្រាប់​ឧទាហរណ៍​មួយ​អំពី​ពរជ័យ​នៃ​ការ​មើល​ឃើញដូចជា​ព្រះយេស៊ូវ សូម​មើល ដំណើរ​រឿង​របស់​​ប្រធាន ហិនរី ប៊ី អាវរិង ស្ដីពី​បទពិសោធន៍​របស់​លោក​ក្នុងនាម​ជា​ប៊ីស្សព​របស់​​យុវជន​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​មួយ ។ ​នៅពេល​នោះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ប៊ីស្សព​អាវរិង​ថា « យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​គាត់ ដូចជា​យើង​ទត​ឃើញ​គាត់ »​ ( « Walk with Me » ទំព័រ ៨៤ ) ។

  36. នេះ​គឺជា​ការ​សន្យា និង​ការ​ទទួល​ខុស​ត្រូវ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​ប្រជាជន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​បរិបូរណ៌ ។ ទ្រង់​បាន​បង្គាប់​ពួកគេ​ឲ្យ​រស់នៅ​តាម​របៀប​ដែល​ពន្លឺ​របស់​ទ្រង់ និង​គំរូ​របស់​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​ពួកគេ ដើម្បី​ពួកគេ​អាច​លើក​ទ្រង់​ឡើង​ជា​ពន្លឺ​ដល់​ពិភពលោក​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ និង​នៅ​ក្នុង​ការ​អញ្ជើញ​របស់​ពួកគេ​ដល់​មនុស្ស​ដទៃ​ឲ្យ​​មក​រក​ទ្រង់ ។ ក្នុង​នាម​ជា​អ្នក​ដើរតាម​ទ្រង់ សូម​រស់​នៅ និង​​អញ្ជើញ​តាម​របៀបនេះ នោះ​មនុស្ស​ដទៃនឹង​ទទួល​អារម្មណ៍​ពី​ទ្រង់ ហើយ​មើល​ឃើញ​ទ្រង់​នៅ​ក្នុង​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ ( សូមមើល នីហ្វៃ​ទី​៣ ១៨:២៤–២៥ ) ។

  37. រ័សុល អិម ណិលសុន « The Price of Priesthood Power » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៨ ។

  38. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៨ ។