ដើម្បី​កម្លាំង​នៃ​យុវជន
ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក
ខែ មីនា ឆ្នាំ ២០២៤


« ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

សេចក្តីណែនាំ​ដើម្បី​ទទួល​បាន​កម្លាំង​របស់​ទ្រង់

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ផ្ញើ​មក​កាន់​អ្នក

សេចក្តីណែនាំ​នេះ​ជួយ​អ្នក​ភ្ជាប់​ជម្រើស​របស់​អ្នក​ទៅ​កាន់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

I Stand at the Door and Knock [ ខ្ញុំ​ឈរ​នៅ​ឯ​មាត់ទ្វារ ហើយ​គោះ ] ដោយ ជេ ខើក រីឆាត

សូម​ស្រមៃ​ថា​អ្នក​កំពុង​រស់នៅ​ក្នុង​កាលីឡេ​នា​សម័យ​បុរាណ​កាល​ពី ២,០០០ ឆ្នាំ​មុន ។ អ្នក​និង​មិត្តភក្តិ​របស់​អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ​នៅ​សាលា​ប្រជុំ​ក្នុង​តំបន់ ដោយ​មាន​វាគ្មិន​ពិសេស​ម្នាក់ ៖ គឺ​ព្រះយេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ។ ហើយ​នៅ​ចំណុច​ជាក់លាក់​មួយ​ក្នុង​សារលិខិត​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​អញ្ជើញ​យុវវ័យ​ជា​អ្នក​ស្តាប់​ឲ្យ​សួរ​សំណួរ​ទ្រង់ ។

តើ​សំណួរ​ប្រភេទ​ណាខ្លះ​ដែល​អ្នក​គិត​ថា​អ្នក​អាច​ឮ ?

ខ្ញុំ​គិត​ថា​សំណួរ​មួយចំនួន​នឹង​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​កាលៈទេសៈ​នៃ​សម័យ​នោះ ។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​យ៉ាងប្រាកដ​ថា សំណួរ​ជា​ច្រើន​នឹង​ស្តាប់​ទៅ​ដូច​ជា​សំណួរ​ដែល​យើង​មាន​នៅ​ថ្ងៃនេះ​ដែរ ។

ឧទាហរណ៍ នៅក្នុង​គម្ពីរ​សញ្ញាថ្មី មនុស្ស​បាន​សួរ​ព្រះអង្គ​សង្គ្រោះ​នូវ​សំណួរ​ដូច​នេះ ៖

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

  • តើ​ទ្រង់​នឹង​ទទួល​យក​ខ្ញុំ​ទេ ? តើ​ខ្ញុំ​មាន​ចំណែក​ទេ ?

  • បើ​បងប្អូន​ប្រុស​ខ្ញុំ​ប្រព្រឹត្តិ​អំពើ​បាប​ប្រឆាំង​នឹង​ខ្ញុំ តើ​ខ្ញុំ​គួរ​អត់​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពិភពលោក​នេះ​នា​ពេល​អនាគត ? តើ​ខ្ញុំ​នឹង​មាន​សុវត្ថិភាព​ទេ ?

  • តើ​ទ្រង់​អាច​ព្យាបាល​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ទេ ?

  • តើ​អ្វី​ជា​សេចក្តីពិត ?

  • តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​ខ្ញុំ​ដើរ​ផ្លួវ​ត្រូវ ?

តើ​យើង​ទាំង​អស់គ្នា​មិន​ឆ្ងល់រឿង​ដដែលៗ​ទេ​ឬ​អី ? ជាច្រើន​សតវត្ស​មក​ហើយ សំណួរ​ទាំងឡាយ​មិន​ផ្លាស់ប្តូរ​ច្រើន​ទេ ។ ហើយ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គសង្រ្គោះ​ក៏​មិន​មាន​ចំពោះ​អស់​អ្នក​ដែល​បាន​សួរ​សំណួរ​ទាំងនោះ​ដែរ ។ ទ្រង់​ជ្រាប​ដឹង​ពី​បញ្ហា និង​ការច្របូកច្របល់​ក្នុង​ជីវិត​​ប៉ុណ្ណា ។ ទ្រង់​ជ្រាប​ដឹង​ថា​យើង​ងាយ​នឹង​វង្វេង​ផ្លូវ​ណាស់ ។ ទ្រង់ជ្រាប​ដឹង​ថា​ពេលខ្លះ​យើង​ព្រួយបារម្ភ​អំពី​អនាគត ។ ហើយ​ទ្រង់​មាន​បន្ទូល​ទៅកាន់​អ្នក​និង​ខ្ញុំ ដូច​ទ្រង់​មាន​បន្ទូល​ទៅកាន់​ពួក​អ្នក​ដើរតាម​ទ្រង់​តាំង​ពី​យូរយារ​មក​ហើយ​ថា ៖

  • « កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ » ។

  • « ខ្ញុំ​ជា​ផ្លូវ [ និង ] ជា​សេចក្តីពិត » ។

  • « ចូរ​មក​តាម​ខ្ញុំ » ។១០

នៅពេល​អ្នក​មាន​ជម្រើស​សំខាន់ៗ​ដើម្បី​ជ្រើសរើស នោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ។ នៅ​ពេល​អ្នក​មាន​សំណួរ នោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ គឺ​ជា​ចម្លើយ​ដ៏​ល្អ​បំផុត ។

នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​ស្រឡាញ់ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ។ វា​ចង្អុល​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យើង​អាច​ទទួល​បាន​កម្លាំង​របស់​ទ្រង់ ។ ខ្ញុំ​ទុក​កូនសៀវភៅ​នេះ​នៅក្នុង​ហោប៉ៅ​របស់​ខ្ញុំ​គ្រប់​ពេល ។ នៅពេល​ខ្ញុំ​ជួប​មនុស្ស​ទូទាំង​ពិភពលោកដែល​ចង់​ដឹង​ពី​មូលហេតុ ដែល​យើង​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​អ្វី​ដែល​យើង​ធ្វើ ខ្ញុំ​ចែកចាយ​សេចក្តីណែនាំ​នេះ​ជាមួយ​ពួកគេ ។

ដើម្បី​កម្លាំង​នៃ​យុវជន បង្រៀន សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច អំពី​ព្រះអង្គសង្រ្គោះ និង​មាគ៌ា​របស់​ទ្រង់ ។ វា អញ្ជើញ អ្នក​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ផ្អែក​លើ​សេចក្តីពិត​ទាំងនោះ ។ ហើយ​វា​ចែកចាយនូវ ពរជ័យនៃ​ការសន្យា​ទាំងឡាយ ដែល​ទ្រង់​ប្រទាន​ឲ្យ​ដល់​ជន ទាំងឡាយ​ណា​ដែល​ធ្វើតាម​ទ្រង់ ។ សូម​អាន ពិចារណា និង​ចែកចាយ​ការណែនាំ​នេះ !

សូម​យាង​ទ្រង់​ចូល​មក

ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក—ជា​វត្តមាន​ប្រចាំ​ថ្ងៃ​ជា​និរន្តរ៍ ក្នុងពេល​ល្អ និង​អាក្រក់ ។ ទ្រង់​មិន​គ្រាន់តែ​គង់នៅ​ចុង​ផ្លូវ​ រង់ចាំ​អ្នក​ឲ្យ​មក​ទាន់​ទ្រង់​នោះ​ទេ ។ ទ្រង់​ក៏​នឹង​យាងដើរ​ជាមួយ​អ្នក​នៅ​គ្រប់​ជំហាន​នៅលើ​ផ្លូវ​នេះ ។ ទ្រង់ គឺជា ផ្លូវ !

ប៉ុន្តែ​ទ្រង់​នឹង​មិន​បង្ខំ​ផ្លូវ​ទ្រង់​ចូលក្នុង​ជីវិត​របស់​អ្នក​ឡើយ ។ អ្នក​អញ្ជើញ​យាង​ទ្រង់​ចូល​មក តាមរយៈ​ការជ្រើសរើស​របស់​អ្នក ។ នេះ​ជា​មូលហេតុ​សេចក្តី​ណែនាំ​សម្រាប់​ការធ្វើ​ការជ្រើសរើស​ដូចជា ដើម្បី​កម្លាំង​នៃ​យុវជន គឺ​មាន​តម្លៃ​ខ្លាំង ។ រាល់​ពេល​ដែល​អ្នក​ធ្វើ​ការជ្រើសរើស​សុចរិត​ដោយ​ផ្អែក​លើ​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​បង្ហាញ​ថា អ្នក​ចង់​បាន​ទ្រង់​គង់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ការជ្រើសរើស​ទាំង​នោះ​បាន​បើក​ទ្វារ​ស្ថានសួគ៌ ហើយ​កម្លាំង​របស់​ទ្រង់​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ។១១

បង្កើត​ទំនាក់ទំនង​ដ៏​រឹងមាំ

អ្នក​ប្រហែល​ជា​ចងចាំ​ថា ព្រះអង្គសង្រ្គោះ​បាន​ប្រៀបធៀប​អស់​អ្នក​ដែល ស្ដាប់ និង ធ្វើ តាម​អ្វី​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​មនុស្ស​ប៉ិនប្រយ័ត្ន​ថា « សង់​ផ្ទះ​ខ្លួន​នៅលើ​ថ្ម » ។ ទ្រង់​បាន​ពន្យល់​ថា ៖

« រួចភ្លៀង​ធ្លាក់​មក​ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ​ពីព្រោះ​បាន​សង់​នៅ​លើ​ថ្ម » ។១២

ផ្ទះ​មួយ​មិន​អាច​ឈរ​រឹងមាំ​នៅ​កណ្ដាល​ខ្យល់​ព្យុះ​បាន ដោយសារ​ផ្ទះ​នោះ​រឹងមាំ​នោះ​ទេ ។ វា​ក៏​មិន​អាច​ឈរ​រឹងមាំ​ដោយសារ​តែ​ថ្ម​រឹងមាំ​ដែរ ។ ផ្ទះ​មួយ​ឈរ​រឹងមាំ​នៅ​កណ្ដាល​ខ្យល់​ព្យុះ​បាន​គឺ​ដោយសារ​វា​ចាក់គ្រឹះ​លើ​ថ្ម​ដ៏​រឹងមាំ ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ជា​កម្លាំង​នៃ ការតភ្ជាប់ ទៅ​នឹង​ថ្ម​ទៅ​វិញ​ទេ ។

ស្រដៀង​គ្នា​នេះ​ដែរ ពេល​យើង​ស្ថាបនា​ជីវិត​របស់​យើង វា​សំខាន់​ក្នុង​ការធ្វើ​ការជ្រើសរើស​ឲ្យ​បាន​ល្អ ។ ហើយ​វា​សំខាន់​ដើម្បី​យល់​ពី​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្តែ​កម្លាំង​ដែល​យើង​នឹង​ត្រូវការ​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ជីវិត​កើតឡើង នៅពេល​យើង ភ្ជាប់ ជម្រើស​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ នោះ​ជា​អ្វី​ដែល ដើម្បី​កម្លាំង​នៃ​យុវជន ជួយ​យើង​ធ្វើ ។

ឧទាហរណ៍ មិត្តភក្តិ​របស់​អ្នក​អាច​ដឹង​ថា អ្នក​ព្យាយាម​មិន​ប្រើ​ភាសា​ដែល​ប្រមាថ ឬ​ធ្វើ​ឲ្យ​ឈឺចាប់ ។ ពួកគេ​ប្រហែលជា​ឃើញ​អ្នក​ទាក់ទង​ក្មេង​រូបនោះ​នៅ​សាលា​រៀន ដែល​មនុស្ស​ភាគច្រើន​មិន​ខ្ចី​យកចិត្ត​ទុកដាក់ ឬ​ថែម​ទាំង​ធ្វើ​បាប​ផង ។ ប៉ុន្តែ តើ​ពួកគេ​ដឹង​ទេ​ថា អ្នក​ធ្វើ​ការ​ជ្រើសរើស​ទាំងនេះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា « មនុស្ស​ទាំងអស់​គឺជា​បងប្អូន​ប្រុសស្រី​របស់​អ្នក—ជាការ​ពិត​ណាស់ រួមទាំង​មនុស្ស​ដែល​ខុស​ពី​អ្នក​…​ផងដែរ » ?១៣

មិត្តភក្តិ​របស់​អ្នក​ប្រហែល​ជា​ដឹង​ថា​អ្នក​ទៅ​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃអាទិត្យ ។ ពួកគេ​អាច​សម្គាល់ឃើញ​នៅពេល​អ្នក​បិទ​បទចម្រៀង​មួយ​ចំនួន ឬ​បធិសេធ​ការបបួល​ឲ្យ​មើល​ភាពយន្ត​ជាក់​លាក់​មួយ​ចំនួន ។ ប៉ុន្តែ​តើ​ពួកគេ​ដឹង​ទេ​ថា អ្នក​ធ្វើការ​ជ្រើសរើស​ទាំងនេះ​ដោយសារ​អ្នក​មាន « ទំនាក់ទំនង​សេចក្តី​សញ្ញា​ដ៏​រីករាយ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ » ហើយ​នោះ​គឺជា​ផ្នែក​នៃ​ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើតាម​ព្រះអង្គសង្រ្គោះ ដែល​អ្នក​មាន​អំណរគុណ « ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​អ្នក » ?១៤

មនុស្ស​ប្រហែល​ជា​ដឹង​ថា​អ្នក​មិន​ផឹកស្រា ឬ​មិនជក់បារី ឬ​មិន​ប្រើ​ថ្នាំ​ដែល​បង្ក​គ្រោះថ្នាក់​ផ្សេង​ទៀត ។ ប៉ុន្តែ តើ​ពួកគេ​ដឹង​ទេ​ថា អ្នក​ធ្វើ​ការជ្រើសរើស​ទាំងនេះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ថា « រូបកាយ​អ្នក​គឺពិសិដ្ឋ » « រូបកាយ​របស់​អ្នក​គឺជា​អំណោយទាន​ដ៏​អស្ចារ្យ​មកពី​ព្រះវរបិតា​សួគ៌​របស់​អ្នក » បង្កើត​តាម​រូបរាង​របស់​ទ្រង់​ដែរ​ឬ​ទេ ?១៥

មិត្តភក្តិ​របស់​អ្នក​អាច​នឹង​ដឹង​ថា​អ្នក​នឹង​មិន​បោកប្រាស់ ឬ​កុហក​ឡើយ ហើយ​ថា​អ្នក​យក​ចិត្ត​ទុកដាក់​លើ​ការអប់រំ ។ ប៉ុន្តែ តើ​ពួកគេ​ដឹង​ទេ​ថា នេះ​គឺ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា « សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច » ដែរ​ឬ​ទេ ?១៦

ភាគ​ច្រើន មិត្តភក្តិ​របស់​អ្នក​ដឹង​ទេ​ថា អ្នក​ធ្វើ​ការជ្រើសរើស​ទាំងនេះ ដែល​មិន​ពេញនិយម​នៅ​ពេល​ខ្លះ ដើម្បី​​បន្ត​ស្មោះត្រង់​តាម​បទដ្ឋាន​របស់​ព្រះគ្រីស្ទ ដោយសារ​អ្នក​ដឹង​ថា « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​របស់​អ្នក » ដែរ​ឬ​ទេ ?១៧

ទ្រង់​គឺជា​កម្លាំង​របស់​អ្នក

ខ្ញុំ​សូម​ផ្តល់​សាក្សី​ដ៏​ពិតប្រាកដ​មួយ​ដល់​អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ផ្លូវ​ទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង និង​រុងរឿង—គឺជា​អនាគត​របស់​អ្នក ។ ហើយ​ទ្រង់​ក៏​ជា​ផ្លូវ​ទៅកាន់​បច្ចុប្បន្នកាល​ដ៏​ភ្លឺស្វាង និង​រុងរឿង​ផងដែរ ។ ចូរ​ដើរ​តាម​ផ្លូវ​ទ្រង់ នោះ​ទ្រង់​នឹង​យាងដើរ​ជាមួយ​អ្នក ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន !

មិត្តភក្តិ​វ័យ​ក្មេង​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រះយេស៊ូវ​គ្រីស្ទ​ជា​កម្លាំង​របស់​អ្នក ។ សូម​បន្ត​ដើរ​ជា​មួយ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ហោះឡើង « ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី »១៨ ដើម្បី​ឆ្ពោះ​ទៅ​រក​អំណរ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​អ្នក ។