ដើម្បី​កម្លាំង​នៃ​យុវជន
នៅពេល​ដែលមានភាព​សោកសៅ
ខែ មីនា ឆ្នាំ ២០២៤


« កម្លាំង​ក្នុង​គ្រា​ដែល​មាន​ភាពសោកសៅ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

កម្លាំង​ក្នុង​គ្រា​ដែល​មាន​ភាពសោកសៅ

នៅពេល​ដែលមានភាព​សោកសៅ

នៅពេល​ជីវិត​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​លើក​អ្នក​ឡើងដោយ​ក្តីសង្ឃឹម​ ។

រូបភាព
ក្មេង​ប្រុស​ម្នាក់​មាន​ទឹកមុខ​មិន​រីករាយ ដោយ​មាន​ពពក​ពណ៌​ខ្មៅ​ហ៊ុំព័ទ្ធ​គាត់

រចនា​រូបភាព​ដោយ ឌីន ម៉ាក់អាដាម

អ្នក​អាច​សម្រេច​បាន​ច្រើន​ក្នុង​ជីវិត​តាមរយៈ​ការខិតខំ​និង​ការតាំងចិត្ត ។ អ្នក​អាច​ចូល​ដំណេក​ពី​ព្រលប់ ក្រោក​ពី​ព្រលឹម ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១២៤ ) ហើយ​បំពេញ​ទម្លាប់​សុចរិត និង​ការមាន​វិន័យ​ជា​រៀងរាល់​ថ្ងៃ ។

ប៉ុន្តែ​នៅតែ​មាន​ថ្ងៃ​ខ្លះ​ពិបាក​ជាង​ថ្ងៃ​ខ្លះ​ទៀត​ដដែល ។

ហើយ​បន្ទាប់មក​នៅថ្ងៃ​ខ្លះ​ទៀត​… មែនហើយ វា​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ណាស់ អ្នក​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​ថា ថ្ងៃ​ល្អ​នឹង​បាត់​ទៅ​ជា​រៀង​រហូត​ហើយ ។

តើ​អ្នក​ធ្វើ​អ្វី​ទៅ​នៅ​ថ្ងៃ​បែប​នោះ ? តើ​អ្នក​ធ្វើ​ដូចម្តេច នៅពេល​ការខិតខំ​អស់ពី​សមត្ថភាព​របស់អ្នក រួមទាំង​ការខិតខំ​អស់ពី​សមត្ថភាព​របស់អ្នក​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដ៏​សុចរិត ( ការអធិស្ឋាន ការតមអាហារ ការសិក្សា​ព្រះគម្ពីរ ព្រះវិហារ និង​ការ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ ។ល។ ) ហាក់ដូចជា​មិន​គ្រប់គ្រាន់​នោះ ? តើ​នៅពេល​ណា​ដែល​អ្នក​ខិតខំ​ប្រឆាំង​នឹង​ភាព​អស់សង្ឃឹម ប៉ុន្តែ​ភាព​អស់សង្ឃឹម​ហាក់​ដូចជា​មាន​កម្លាំង​ខ្លាំង​ជាង ?

ជាការពិត​ណាស់ អ្នក​បែរ​ទៅរក​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ក្តី​សង្ឃឹម​គឺជា​អំណោយទាន​ខាង​វិញ្ញាណ ( សូមមើល មរ៉ូណៃ ៨:២៦ ) ។ ហើយ​អំណោយទាន​ខាង​វិញ្ញាណ​ទាំងអស់​គឺ​មកពី​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:១៧ ) ។

នៅពេល​ការលំបាក​ក្នុង​ជីវិត​សង្កត់​លើ​អ្នក ដូចជា​ភ្នំ​ដែល​ធ្លាក់​ពីលើ​មេឃ អំណោយទាន​ខាងវិញ្ញាណ​នៃ​ក្តីសង្ឃឹម​អាច​ជា​របស់​អ្នក នៅពេល​អ្នក​ផ្តោតលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង ។

« ព្រះអម្ចាស់​បាន​សម្រាល​បន្ទុក​របស់​ខ្ញុំ »

ជីវិត​បាន​ជួប​បញ្ហា​ប្រឈម​រួចហើយ​សម្រាប់​ប្រជាជន​វេណេស៊ុយ​អេឡា ជាច្រើន​នាក់ មុន​ពេល​ជំងឺ​រាតត្បាត កូវីដ-១៩ វាយ​ប្រហារ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​បន្ទាប់មក​សូម្បីតែ​ការរស់រាន​មាន​ជីវិត​ជា​ធម្មតា​ក៏​ពិបាក​ដែរ ។ សម្រាប់ សេបាស្ទៀន ដែល​មាន​អាយុ ១១ ឆ្នាំ និង​ក្រុម​គ្រួសារ​របស់​គាត់ កម្លាំង​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​តម្រូវការ​ដើម្បី​រក្សា​ភាពស្វាហាប់ និង​ភាពសប្បាយ​រីករាយ​ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ។ « ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ទេ​ពេល​យើង​មិន​អាច​ទិញ​របស់របរ​សំខាន់ៗ​ដូចជា​អាហារ សម្លៀក​បំពាក់ និង​ថ្នាំ » សេបាស្ទៀន បាន​និយាយ ។ « ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តីជំនឿ​ថា​ព្រះអម្ចាស់​នឹង​បន្ត​ប្រទានពរ​ដល់​យើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ពរជ័យ​ដែល​ខ្ញុំ​អាច​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ។ ពរជ័យ​នេះ​បាន​ប្រាប់​ខ្ញុំ​ពី​អ្វីៗ​ដែល​ខ្ញុំ​បាន​សន្យា​ពីមុន​ខ្ញុំ​មក​កាន់​ផែនដី » ។

ការផ្ដោត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ផ្នែក​មួយ​នៃ​បាវចនា​របស់​យុវវ័យ​កាល​ពី​ឆ្នាំ​មុន ( « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន​ដោយសារ​ព្រះគ្រីស្ទ​ » [ ភីលីព ៤:១៣ ] ) បញ្ជាក់​នូវ​ជំនួយ​ដ៏​ធំ ។ សេបាស្ទៀន និយាយ​ថា ៖ « ដោយសារ​ការលំបាក​ដែល​ប្រទេស​របស់​ខ្ញុំ​កំពុង​ប្រឈមមុខ ប្រធានបទ​យុវវ័យ​កាលពី​ឆ្នាំ​មុន​បាន​រំឭក​ខ្ញុំ​ថា ព្រះគ្រីស្ទ​នឹង​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ និង​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់​តាមរយៈ​ទ្រង់ » ។

វា​ជា​ដំណើរ​ដ៏​វែងឆ្ងាយ ប៉ុន្តែ សេបាស្ទៀន និង​ក្រុម​គ្រួសារ​របស់គាត់​បាន​ឃើញ​ពរជ័យ និង​ក្តីសង្ឃឹម​នៅ​តាម​ផ្លូវ ។ គាត់​និយាយ​ថា ៖ « ព្រះអម្ចាស់​បាន​សម្រាល​បន្ទុករបស់​ខ្ញុំ » ។ « នៅពេល​ខ្ញុំ​កើតទុក្ខ ខ្ញុំ​អធិស្ឋាន សិក្សា​ព្រះគម្ពីរ ហើយ​អាន​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ។ មាន​អំណរគុណ​ដល់​ទ្រង់ ដែល​អាជីវកម្ម​សម្ភារ​ការិយាល័យ​របស់យើង​ដែល​យើង​បាន​ចាប់ផ្តើម​កាល​ពី​បី​ឆ្នាំ​មុន​បាន​ទទួល​ជោគជ័យ​កាន់តែ​ច្រើន​នៅឆ្នាំ​នេះ ។ ខ្ញុំ​ចង់​ប្រាប់​ក្មេងៗ​ដទៃ​ទៀត​ថា ពួកគេ​គួរតែ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ពឹងផ្អែក​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពេល​ខ្ញុំ​ធ្វើ​បែប​នេះ ខ្ញុំ​អាច​ជំនះ​ឧបសគ្គ​របស់​ខ្ញុំ​បាន » ។

កម្លាំង​តាមរយៈ​ការផ្តោត​អារម្មណ៍​កាន់តែ​ខ្លាំង

ព្យាការី​នីហ្វៃ ដែល​ស៊ូទ្រាំ​នឹង​ការលំបាក​យ៉ាង​ខ្លាំង​ពេញ​មួយ​ជីវិត​របស់​លោក បាន​បង្រៀន​សេចក្ដី​ពិត​ដ៏​ស្រស់​ស្អាត​នេះ ៖

« ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើសិន​ជា​អ្នក​រាល់​គ្នា​ខិតខំ​ជឿន​ទៅ​មុខ ដោយ​ទទួល​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ​នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ។

ក្តី​សង្ឃឹម​ដែល​ជា​ប្រភព​នៃ​កម្លាំង​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ភាពសោកសៅ កើតឡើង​នៅពេល​យើង​ផ្តោត​អារម្មណ៍​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តើ​ដល់​ពេល​ត្រូវ​បង្វែរ​ការផ្តោត​អារម្មណ៍​របស់​អ្នក​ទៅ​កាន់​ទ្រង់​បន្តិច​ទៀត​ហើយ​ឬ​នៅ ?