ដើម្បី​កម្លាំង​នៃ​យុវជន
ហេតុអ្វី​ខ្ញុំ​ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ
ខែ មីនា ឆ្នាំ ២០២៤


« ហេតុអ្វី ខ្ញុំ ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

កម្លាំង​នៅក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់

ហេតុអ្វី ខ្ញុំ ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ

ការយល់ដឹង​ពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះអង្គសង្រ្គោះ​គឺជា​ការចាំបាច់ ។

រូបភាព
ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​ព្យាបាល​បុរស​ម្នាក់

The Master’s Touch [ ការប៉ះ​របស់​លោក​ចៅហ្វាយ ]​ខេលស៊ី និង​ចេស៊ី ឡៃវៀវ

« ហេតុអ្វី ខ្ញុំ ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ ? » វា​ជា​សំណួរ​សំខាន់​មួយ​ដែល​ត្រូវ​សួរ​ខ្លួន​ឯង—មិនមែន​ជា​សមូហភាព​ដែល​ថា « ទាំងអស់ » ឬ គ្រួសារ​របស់​អ្នក​ដែល​ថា « យើង » នោះ​ទេ ។ ប៉ុន្តែ​ការពិត​គឺ « ខ្ញុំ » ។ តើ​អ្វី​ជា​ចម្លើយ របស់​ខ្ញុំ ចំពោះ​សំណួរ​នោះ ?

ចម្លើយ​ដែល​ខ្ញុំ​បាន​រកឃើញ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​មក​តាមរយៈ​សកម្មភាព​នៃ​សេចក្តីជំនឿ​ផ្ទាល់ខ្លួន ការខិតខំ​ប្រចាំ​ថ្ងៃ​ដើម្បី​ធ្វើ​តាម​សេចក្ដីសញ្ញា​របស់ខ្ញុំ រួមទាំង​កិច្ច​ព្រមព្រៀង​បុណ្យជ្រមុជទឹក​របស់ខ្ញុំ ហើយ​រៀន​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណ​របស់ទ្រង់ ។ ហើយ​ដែល​សំខាន់​បំផុត វា​ផ្ដោតលើ ទំនាក់ទំនង របស់​ខ្ញុំ​ជាមួយ​ព្រះអង្គសង្រ្គោះ ។

ទំនាក់ទំនង​ជាមួយ​ព្រះអង្គ​សង្គ្រោះ

ខ្ញុំ​អាច​រាយ​បញ្ជី​ហេតុផល​ដែល​ខ្ញុំ​ត្រូវការ​ឪពុក​ម្តាយ ឬ​មិត្តភក្តិ​ជិត​ស្និទ្ធ​បំផុត​របស់​ខ្ញុំ​ដោយ​ទំនុកចិត្ត ។ ខ្ញុំ​បីបាច់​ទំនាក់ទំនង​ទាំងនោះ​ជា​ប្រចាំ ។ តម្លៃ​របស់​ទ្រង់​ទាំងទ្វេ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​អាច​មើលឃើញ និង​រឹងមាំ​ដូច​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​ដែល​ខ្ញុំ​បាន​នៅ​ជិត​ទ្រង់​ទាំងទ្វេ​តាមរយៈ​កិច្ចការ​សាមញ្ញៗ​ដូចជា​ការសន្ទនា​ជា​ទៀងទាត់ ការស្គាល់​ទ្រង់​ទាំងទ្វេ និង​អនុញ្ញាត​ឲ្យ​ព្រះ​ប្រាជ្ញាញាណ​ដ៏​សុចរិត​របស់​ទ្រង់​ទាំងទ្វេ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់ខ្ញុំ ។

ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​តាម​គំរូ​ស្រដៀង​គ្នា​នេះ ។ ការអធិស្ឋាន​ប្រចាំថ្ងៃ​ទៅកាន់​ព្រះវរបិតាសួគ៌​ក្នុង​ព្រះនាម​នៃ​យេស៊ូវ​គ្រីស្ទ​គឺ​ចាំបាច់ ។ ដូច្នេះ គឺ​ការស្គាល់​ព្រះអង្គ​សង្គ្រោះ​ដោយ​ការស្វែងយល់​ក្នុង​ព្រះគម្ពីរ អាន​ប្រសាសន៍​របស់​ព្យាការី និង​សាវក និង​ស្តាប់​ព្រះវិញ្ញាណ ។ ខ្ញុំ​ធ្វើ​ឲ្យ​ទំនាក់ទំនង​នោះ​កាន់តែ​ស៊ីជម្រៅ នៅពេល​ខ្ញុំ​អនុញ្ញាត​ឲ្យ​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​កំពុង​រៀន​មាន​ឥទ្ធិពល​លើ​ជីវិត និង​បុគ្គលិកលក្ខណៈ​របស់ខ្ញុំ ។

ផងដែរ សូម​ពិចារណា​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ ចំណងជើង​នោះ « ផែនការ​នៃ​សេចក្ដីសង្គ្រោះ » បង្កប់​ន័យ​ថា​អ្នក និង​ខ្ញុំ—មនុស្ស​ទាំងអស់—ត្រូវការ​ការសង្គ្រោះ ហើយ​សេចក្ដីសង្គ្រោះ​នោះ​គឺជា​ផ្នែក​នៃ​ការរចនា​សម្រាប់​ជីវិត​នេះ ។ យើង​ត្រូវការ​ជំនួយ ហើយ​មិន​អាច​សង្គ្រោះ​ខ្លួន​យើង​បាន​ទេ ។

ប៉ុន្តែ ព្រះ​បានបញ្ជូន​យើង​ឲ្យ​មក​ផែនដី​ដោយ​ការសន្យា​ដ៏​អស់កល្ប​ជានិច្ច​ថា ទ្រង់​នឹង​ប្រទាន​ឲ្យ​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​នឹង​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​បំបែក​យើង​ពី​វត្តមាន​របស់​ព្រះ ។ ហើយ​នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ទ្រង់​សន្យា​នឹង​ធ្វើ​គ្រប់យ៉ាង​ដែល​ទ្រង់​អាច​ធ្វើ​បាន ដោយ​មិន​ដកយក​នូវ​សមត្ថភាព​ជ្រើសរើស​របស់យើង​ឡើយ ដើម្បី​ជួយ​យើង​រក្សា​ការសន្យា​ដ៏​ពិសិដ្ឋ​របស់​យើង​ចំពោះ​ទ្រង់ ។

រូបភាព
ត្រេស៊ី វ៉ាយ ប្រោននីង នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​គាត់

ទទួល​សិទ្ធិអនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបថត​របស់ ត្រេស៊ី វ៉ាយ ប្រោនីង

ខ្ញុំ​ត្រូវ​ដឹង​ថា​ទ្រង់​បាន​យល់

ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជ​ទឹក​ពេល​ខ្ញុំ​មាន​អាយុ ១៦ ឆ្នាំ ហើយ​រស់នៅ​ក្នុង​ទីក្រុង​ញូវ​យ៉ក ។ ដំបូង​ឡើយ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​ក្នុងការ​រុករក​រវាង​សេចក្ដីជំនឿ​ដែល​បាន​រកឃើញ​ថ្មី​របស់​ខ្ញុំ ជាមួយ​នឹង​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​មិត្តភក្ដិ ។

ខ្ញុំ​ព្រួយ​បារម្ភ​អំពី​ការ​មិន​មាន​មិត្តភក្តិ​នៅ​សាលា​ដែល​ខ្ញុំ​អាច​ទាក់ទង​ជាមួយ ។ ប៉ុន្តែ​មិត្តភក្តិ​របស់​ខ្ញុំ​ធ្លាប់​ធ្វើ​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​គិត​ថា​វា​មាន​គ្រោះថ្នាក់​ដល់​វិញ្ញាណ​របស់​ខ្ញុំ ហើយ​មិន​ស្រប​នឹង​ការទទួល​យក​ព្រះនាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​លើ​ខ្លួន​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ដឹង​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​ខ្ញុំ​ធ្វើការ​ជ្រើសរើស​ល្អ​ជាង​មុន ។

អ្វី​ដែល​ខ្ញុំ មិន​បាន ដឹង​​នោះគឺ ថា​តើ​ព្រះអង្គ​សង្គ្រោះ​ជ្រាបយល់​ថា​ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​ឬអត់ ។ កាន់តែ​លំបាក​ជា​រៀងរាល់​ថ្ងៃ ដោយសារ​គេ​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ដឹងថា​មិន​ល្អ ។ ពេលខ្លះ​ខ្ញុំ​បាន​កែតម្រូវ​ថា​វា​គ្មាន​គ្រោះថ្នាក់ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​សម្រប​សម្រួល​រឿង​ដែល​ខ្ញុំ​មិន​គួរ ។

ខ្ញុំ​ត្រូវការ​ដឹងថា ព្រះអង្គ​សង្រ្គោះ​បាន​យល់​ថាតើ​ខ្ញុំ​ឯកោ និង​ដឹង​ខុស​ប៉ុនណា នៅ​ពេល​ខ្ញុំ​សូម្បី​តែ គិត​ចង់ បន្ទាប​បទដ្ឋាន​នៃ​ដំណឹងល្អ​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​ការ​មាន​ចំណែក​នៅក្នុង​ក្រុម​មិត្តភក្តិ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​កំពុង​លិចលង់ ។ ខ្ញុំ​ត្រូវការ​ការសង្រ្គោះ ។ ខ្ញុំ​ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

នៅពេល​ដែល​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​ទ្រង់​កាន់តែ​ស៊ីជម្រៅ

ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះ​យេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ី​ជម្រៅ នៅពេល​ខ្ញុំ​ស្វែងរក​សម្រាប់​ខ្លួន​ខ្ញុំ​ថា​ហេតុអ្វី ខ្ញុំ ត្រូវការ​ទ្រង់ ។ គឺ​នៅពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​ប្តូរ​ពី​ការ​គ្រាន់តែ​ដឹង​ថា​ខ្ញុំ គួរតែ រស់នៅ​តាម​ដំណឹងល្អ​ដើម្បី​យល់​ពី​មូលហេតុ​ដែល​ខ្ញុំ ចង់ រស់នៅ​តាម​ដំណឹងល្អ និង ទូលសុំ​ជំនួយ ដើម្បី​ធ្វើ​តាម​ដំណឹងល្អ ។ ខ្ញុំ​គ្រាន់តែ​លុតជង្គង់​ខ្ញុំ​ចុះ ហើយ​បញ្ចេញ​ចេញពី​បេះដូង​របស់​ខ្ញុំ​ទៅកាន់​ព្រះ ដោយ​មាន​ក្ដី​សង្ឃឹម​ថា ទ្រង់​យក​ព្រះទ័យ​ទុកដាក់​អំពី ខ្ញុំ និង​បញ្ហា​របស់​ខ្ញុំ ថា​ផែនការ​នៃ​សេចក្តីសង្រ្គោះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ ខ្ញុំ ថា​សូម្បីតែ​សុភមង្គល របស់​ខ្ញុំ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែកាន់តែ​ជិតស្និទ្ធ​ជាង​ពីមុនសេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។… ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​ប្រើអស់​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ដែរ » ។

ខ្ញុំ​បាន​ទូល​ព្រះវរបិតាសួគ៌​អំពី​អារម្មណ៍​ដែល​ខ្ញុំ​ដឹង​កំហុស អំពី​របៀប​ដែល​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ទាំង​បទដ្ឋាន​របស់​ខ្ញុំ និង​មិត្តភក្តិ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទូល​ទ្រង់​ថា ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ហើយ​ពិត​ជា​អាច​ប្រើ​ជំនួយ​របស់​ទ្រង់​បាន ។

គឺ​នៅលើ​ជង្គង់​របស់​ខ្ញុំ​នេះ​ហើយ ដែល​ខ្ញុំ​បាន​ចាប់ផ្តើ​ម​ទទួល​បាន​នូវ​សេចក្តី​សុខសាន្ត ។ តាមពិត​ទៅ អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ព្រះអង្គសង្រ្កោះ ពិតជា ជ្រាបដឹង​ពី​អារម្មណ៍​របស់​ខ្ញុំ ហើយ​ថា​ទ្រង់ ពិត​ជា យក​ព្រះទ័យ​ទុកដាក់—ជា​ច្រើន​ដង ។

នៅពេល​ខ្ញុំ​កាន់តែ​ចាស់ ហើយ​មាន​បទពិសោធន៍​កាន់តែ​ច្រើន ខ្ញុំ​ដឹង​ថា រាល់​ពេល​ដែល​ខ្ញុំ​មក​រក​ព្រះ​ដោយ​អង្វរ​ទូលសុំ​ជំនួយ ឬ​ការអភ័យទោស នោះ​ខ្ញុំ​ហាក់​ដូចជា​​ត្រូវ​បាន​បញ្ជូន​ទៅ​សួនច្បារ​គែតសេម៉ានី ជា​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​រងការឈឺចាប់ ហើយ​ចាប់ផ្តើម​រងទុក្ខ​ទាំង​ខាងរូបកាយ និង​ខាងវិញ្ញាណ​ដោយសារ​កំហុស និង​អំពើបាប​ដែល​បំបែក​យើង​ចេញ​ពី​ព្រះ ។ វា​ជា​ការរំឭក​ថា​ទ្រង់​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លងកាត់—ជាង​នរណាៗ​អាច​យល់​បាន ។

រូបភាព
ព្រះ​យេស៊ូវ​គ្រីស្ទ

In Humility, Our Savior [ ព្រះអង្គ​សង្រ្គោះ​ដ៏​រាបសារ​របស់​យើង ] ដោយ ចេយ ប្រាយអិន វួដ

មិន​នៅ​ឯកោ

នៅពេល​ខ្ញុំ​បាន​លុតជង្គង់​ចុះ នោះ​ព្រះវិញ្ញាណ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់ដឹង​ពី​កិច្ចការ​មួយ​ចំនួន ហើយ​បំផុសគំនិត​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត ។ ទីមួយ ខ្ញុំ​ចាំ​ថា មិត្តភក្តិ​របស់ខ្ញុំ​ម្នាក់​កាន់​សាសនា​ឥស្លាម ហើយ​យើង​មិន​ដែល​សុំ​ឲ្យ​គាត់​សម្រប​បទដ្ឋាន​របស់​គាត់​នោះ​ទេ ពីព្រោះ​យើង​គោរព​ជំនឿ​របស់​គាត់ ហើយ​យល់​ថា​មាន​រឿង​មួយចំនួន​ដែល​គាត់​នឹង​មិន​ធ្វើ ។ ខ្ញុំ​ទទួល​បាន​ការបំផុសគំនិត​ឲ្យ ចែកចាយ​ជំនឿ​ថ្មី​របស់​ខ្ញុំ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ពួកគេ​ក៏​អាច ដឹង​អំពី​ខ្ញុំ​បន្ថែម​ទៀត ហើយ​ហេតុអ្វី​បទដ្ឋាន​ថ្មី​របស់​ខ្ញុំ សំខាន់​ចំពោះ​ខ្ញុំ ។

ខ្ញុំ​ចាប់ផ្តើម​តូចៗ ។ ខ្ញុំ​បាន​ប្រាប់​មិត្តភក្តិខ្ញុំ​ម្នាក់​ពី​របៀប​ដែល​ខ្ញុំ​កំពុង​ពុះពារ ។ គាត់​មាន​ចិត្ត​សប្បុរស និង​គួរ​ឲ្យ​គោរព ។ គាត់​បាន​ជួយ​ខ្ញុំ ពេល​ខ្ញុំ​និយាយ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ​ផ្សេងទៀត ។ មិន​មែន​មនុស្ស​គ្រប់​គ្នា​យល់​នោះ​ទេ ប៉ុន្តែ​យូរៗ​ទៅ ខ្ញុំ​បាន​ឃើញ​ថា ពួកគេ​បាន​រៀបចំ​ផែនការ​ដែល​ខ្ញុំ​អាច​ចូលរួម​ក្នុង​នោះ ដោយ​មិន​បំពាន​លើ​ការសន្យា​របស់ខ្ញុំ​ចំពោះ​ព្រះ​ឡើយ ។

ខ្ញុំ​ដឹង​ថា​យើង​ទាំង​អស់គ្នា​អាច​ប្រើ​កម្លាំង​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ឥត​ឈប់​ឈរ​នៃ​ពិភពលោក​នេះ ។ ការរក្សា​សេចក្តីសញ្ញា​ជួយ​ក្នុង​កិច្ចការ​នោះ ហើយ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​នៅ​កណ្តាល​នៃ​សេចក្តីសញ្ញា​របស់​យើង ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ​សម្រាប់​ខ្លួន​ខ្ញុំ—ហេតុអ្វី ខ្ញុំ ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ការត្រឡប់​ទៅ​រក​ព្រះ​មិន​មែន​ជា​អ្វីមួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ ។ ហើយ​មាន​ជំហាន​ប្រចាំថ្ងៃ​តូចៗ​ជា​ច្រើន និង​បទពិសោធន៍​ជា​រៀងរាល់ថ្ងៃ​ដែល​ខ្ញុំ—និង​យើង​ទាំង​អស់​គ្នា—នឹង​ធ្វើ​ក្នុង​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នេះ ។ ប៉ុន្តែ​តើ​យើង​មាន​ពរជ័យ​ប៉ុនណា​ទៅ​ក្នុង​នាម​ជា​អ្នកចុះ​សេចក្ដីសញ្ញា និង​អ្នក​រក្សា​សេចក្ដីសញ្ញា​ដែល​ព្រះ « ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ » រហូត​ដល់​យើង​ទៅ​ដល់​ទីនោះ ។