ដើម្បី​កម្លាំង​នៃ​យុវជន
ទទួល​បាន​ជោគជ័យ​ជាមួយ​ព្រះអង្គសង្គ្រោះ
ខែ មីនា ឆ្នាំ ២០២៤


« ទទួល​បាន​ជោគជ័យ​ជាមួយ​ព្រះអង្គសង្គ្រោះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៤ ។

កម្លាំង​ដើម្បី​រៀបចំ​ខ្លួន និង​ប្រែក្លាយ

ទទួល​បាន​ជោគជ័យ​ជាមួយ​ព្រះអង្គសង្គ្រោះ

ព្រះអង្គសង្គ្រោះ​កំពុង​ជួយ​អ្នក​បំពេញ​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​អ្នក​សម្រាប់​អនាគត​របស់​អ្នក ។

រូបភាព
ព្រះ​យេស៊ូវ​គ្រីស្ទ​ឱប​ក្មេងស្រី​ម្នាក់

« រៀបចំ​សម្រាប់​អនាគត​របស់​អ្នក » ។ វា​ហាក់​ដូចជា​សារលិខិត​នោះ​គឺ​នៅពី​ក្រោយ​ជីវិត​របស់​យុវវ័យ​ជាច្រើន—ទាំង​នៅ​សាលារៀន នៅ​ព្រះវិហារ កន្លែង​ធ្វើការ នៅ​ផ្ទះ ។ អ្នក​អាច​ចាប់ផ្ដើម​គិត « បាទ/ចាស បាទ/ចាស ។ ខ្ញុំ​យល់​ហើយ » ។ ជា​ការពិត​ណាស់ អ្នក​ដឹង​ថា​អនាគត​នឹង​មក​ដល់ ហើយ​អ្នក​គួរតែ​រៀបចំខ្លួន​សម្រាប់​អនាគត ។ ហើយ​នៅក្នុង​ចិត្ត អ្នក​ចង់​មាន អនាគត​ភ្លឺថ្លា ។

អ្នក​ចាប់ផ្ដើម​ស្គាល់​បេះដូង​របស់​អ្នក ។ អ្នក​រៀន​ពី​អ្វី​ដែល​អ្នក​ពិតជា​ចង់​បាន ។ អ្នក​ចង់​ធ្វើ​កិច្ចការ​ល្អ និង​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​អ្នក—ដើម្បី​សម្រេច​ជោគជ័យ​របស់​អ្នក​នៅក្នុង​ពិភពលោក និង​ក្នុង​ជីវិត​របស់​អ្នក​ដទៃ ដើម្បី​បម្រើ​ព្រះ និង​មនុស្ស​ទូទៅ ។ អ្នក​កំពុងតែ​ចាប់ផ្ដើម​ដឹងថា នេះ​គឺជា​រឿង​ត្រឹមត្រូវ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​យ៉ាងពិត​ប្រាកដ ។

ដូច្នេះ នេះ​ជា​ចំណុច​សំខាន់​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ដឹង​ពេល​អ្នក​ធំ​ឡើង និង​ត្រៀម​ខ្លួន​សម្រាប់​អនាគត ៖

  • ព្រះអម្ចាស់​ក៏​ស្គាល់​ចិត្ត​របស់​អ្នក​ផងដែរ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:១៦ ) ។ ដោយសារ​បំណង​ប្រាថ្នា​ដ៏​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​របស់​អ្នក​សម្រាប់​ជីវិត​របស់​អ្នក​គឺ​ល្អ និង​សុចរិត ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​នៅ​ជាមួយ​អ្នក ដើម្បី​ពង្រឹង​អ្នក នៅពេល​អ្នក​រៀបចំ​ខ្លួន ។

  • អ្នក​មិន​គ្រាន់តែ​រៀបចំ​ខ្លួន​ដើម្បី ធ្វើ អ្វីៗ​ដែល​អ្នក កំពុង​ប្រែក្លាយ ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​ជ្រាបដឹង​ថា​អ្នក​អាច​ប្រែក្លាយ​នោះ​ទេ ។

  • អ្នក​អាច​រីករាយ​នឹង​ពេល​បច្ចុប្បន្ន ខណៈ​ពេល​ដែល​ក៏​កំពុងរៀបចំ​ខ្លួន​សម្រាប់​ពេល​អនាគត​ដែរ​នោះ ។ ពេលវេលា​នេះ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ពិសេស ហើយ​ជម្រើស​ដ៏​ល្អ​ដែល​អ្នក​ធ្វើ​កំពុង​រៀបចំ​អ្នក​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​មួយ ។

នៅពេល​ដែល​អ្នក​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​រៀបចំ​ខ្លួន​នោះ សូម​គិត​ផងដែរ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​កំពុង​ពង្រឹង​អ្នក​នៅ​តាម​ផ្លូវ​នេះ ។ ហើយ​គិត​អំពី​អ្វី​ដែល​ទ្រង់​កំពុង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ ។

តើ​អ្នក​កំពុង​រៀបចំ​ខ្លួន​សម្រាប់​ធ្វើ​អ្វី ?

នេះ​គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ចំនួន ៖

  • ទទួល​ការអប់រំ​បន្ថែម

  • សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ

  • បេសកកម្ម

  • អាពាហ៍ពិពាហ៍

  • ធ្វើការ និង​អាជីព

  • គ្រួសារ និង​ធ្វើ​ជា​ឪពុកម្តាយ

  • ភាព​ជា​សិស្ស​ពេញ​មួយ​ជីវិត

តើ​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ពង្រឹង​អ្នក​ដោយ​របៀប​ណា ?

នេះ​គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ចំនួន ៖

  1. ទ្រង់​ទាំងទ្វេ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក ដែល​អ្នក​អាច ៖

    1. លួងលោម​អ្នក ។

    2. ដឹកនាំ​អ្នក ។

    3. បំផុសគំនិត​អ្នក ។

    4. រំឭក​អ្នក​ពី​អ្វីៗ​ដែល​អ្នក​បានរៀន ។

    5. ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក ។

    6. ផ្ដល់​សេចក្តី​សុខសាន្ត​ដល់​អ្នក ។

    7. ធ្វើ​ឲ្យ​សេចក្តីភ័យខ្លាច​របស់​អ្នក​ស្ងប់​ទៅ ។

  2. ទ្រង់ ទាំងទ្វេ​បំផុសគំនិត​ដល់​ព្យាការី​ដើម្បី​បង្រៀន​អ្នក តាមរយៈ ៖

    1. សន្និសីទ​ទូទៅ ។

    2. ទស្សនាវដ្ដី​សាសនាចក្រ ។

    3. ការចាក់ផ្សាយ​ពិសេស ។

    4. គេហទំព័រ​សាសនាចក្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

    5. ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើការ​ជ្រើសរើស ។

  3. ទ្រង់​ទាំងទ្វេ​បំផុសគំនិត​អ្នក​ដទៃ​ឲ្យ​ជួយ និង​គាំទ្រ​អ្នក រួមទាំង ៖

    1. ឪពុកម្ដាយ ។

    2. មិត្តភក្ដិ ។

    3. អ្នកដឹកនាំ ។

    4. គ្រូបង្រៀន ។

តើ​ព្រះយេស៊ូវ គ្រីស្ទ​កំពុង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​ជា​នរណា ?

ព្រះ​យេស៊ូវ​គ្រីស្ទ​កំពុង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​អង្គទ្រង់—ឲ្យ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​របស់​អ្នក ។

ទ្រង់​ទាំងទ្វេ​រីករាយ​ដែល​អ្នក​បោះ​ជំហាន​តូចៗ​នីមួយៗ​ដែល​អ្នក​ធ្វើ—រាល់​បទគម្ពីរ​ដែល​អ្នក​អាន រាល់​កិច្ចការ​សាសនាចក្រ​ដែល​អ្នក​បំពេញ រាល់​កិច្ចការ​សាលា​ដែល​អ្នក​ខំ​ប្រឹងប្រែង រាល់​ការប្រឡង​ដែល​អ្នក​ខំ​សិក្សា រាល់​ការអនុវត្ត​ដែល​អ្នក​ចូលរួម រាល់​ពាក្យ​សម្ដី​ល្អៗ​ដែល​អ្នក​និយាយ រាល់​សកម្មភាព​នៃ​ការបម្រើ​ដែល​អ្នក ផ្តល់​ឲ្យ និង​ជា​ច្រើន​ទៀត ។

ដោយ​មាន​កម្លាំង​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​នឹង​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ​សម្រាប់​អនាគត​របស់​អ្នក ជាង​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​គ្មាន​ទ្រង់ ។ អ្នក​នឹង​ប្រែក្លាយ​ជា​បុគ្គល​ដ៏​មហិមា ។