២០២២
អំណាច​បព្វជិតភាព​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​សាកល
ខែ មីនា ឆ្នាំ ២០២២


« អំណាច​បព្វជិតភាព​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​សាកល » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

បាវចនា និង ខ្ញុំ

យុវវ័យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​រស់នៅ​តាម​ពាក្យ​ពេចន៍​នៃ​បាវចនា​របស់​ក្រុម​យុវនារី និង​កូរ៉ុម​បព្វជិតភាព

អំណាច បព្វជិតភាព​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​សាកល

« ខ្ញុំ​នឹង​ស្រឡាញ់​ព្រះ … ហើយ​ប្រើ​បព្វជិតភាព​របស់​ទ្រង់​ដើម្បី​បម្រើ​អ្នកដទៃ ដោយ​ចាប់ផ្តើម​ពី​ក្នុង​គេហដ្ឋាន​របស់​ខ្ញុំ » ។

រូបភាព
នំប៉័ង និង​ទឹក

រូបថត​មកពី Getty Images

នៅពេល​យើង​ចាប់ផ្ដើម​ធ្វើ​ពិធី​សាក្រាម៉ង់​នៅ​ផ្ទះ ដោយសារ​តែ​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩ នោះ​ខ្ញុំ​បាន​ជួយ​ចែក​សាក្រាម៉ង់​ដល់​គ្រួសារ​របស់​ខ្ញុំ ។ វា​ល្អ​ណាស់​ដែល​ខ្ញុំ​អាច​ធ្វើ​ការណ៍​នេះ​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​វា​ធ្វើឲ្យ​ខ្ញុំ​ដឹង​ថា តើ​ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ពិធី​សាក្រាម៉ង់ ។ ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​អាច​រស់នៅ​ឆ្លង​កាត់​គ្រា​នៃ​ការមាន​ពិធី​សាក្រាម៉ង់​នៅ​គេហដ្ឋាន​នេះ ។

អ្នកជិតខាង​របស់​យើង​ម្នាក់​ត្រូវការ​នរណា​ម្នាក់ ដែល​អាច​យក​សាក្រាម៉ង់​ជូន​ដល់​គាត់ ។ ពុំមាន​នរណាម្នាក់​នៅក្នុង​គេហដ្ឋាន​របស់​គាត់ ដែល​អាច​រៀបចំ ឬ​ប្រសិទ្ធពរ​ដល់​សាក្រាម៉ង់​បាន​នោះទេ ដោយសារ​ស្វាមី​របស់​គាត់​បាន​លា​ចាកលោក​ទៅ​កាលពី​ពីរបី​ឆ្នាំ​មុន​ម៉្លេះ ។ គាត់​ក៏​ប្រយ័ត្ន​ប្រយែង​នឹង​អ្នក​ដែល​មក​លេង​ដែរ ដោយសារ​តែ​ជំងឺ​រាតត្បាត​នេះ ។ ប៉ា​របស់​ខ្ញុំ និង​ខ្ញុំ​គឺជា​បងប្អូនប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​គាត់ ដូច្នេះ​យើង​បាន​ផ្ដល់​ការប្រសិទ្ធពរ​សាក្រាម៉ង់​ជូន​គាត់ ទាំង​ពាក់​ម៉ាស់ និង​ធ្វើតាម​វិធានការ​ទប់ស្កាត់​ផ្សេងៗ​ទៀត​ដើម្បី​សុវត្ថិភាព​របស់​គាត់ ។

គាត់​មាន​អំណរគុណ​យ៉ាងខ្លាំង ដែល​យើង​អាច​ធ្វើ​ដូច្នេះ​បាន ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​បន្ដិច ដែល​គាត់​នៅ​ឯកោ ដោយសារ​គាត់​រស់នៅ​តែម្នាក់​ឯង​នៅក្នុង​គេហដ្ឋាន​របស់​គាត់​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​នេះ ។ ប៉ុន្ដែ ខ្ញុំ​ក៏​មាន​អំណរគុណ​ផងដែរ ដែល​ខ្ញុំ​អាច​ធ្វើ​អ្វីមួយ​ដែល​សំខាន់​ជាខ្លាំង​ជូន​គាត់​បាន ដើម្បី​ធ្វើឲ្យ​គាត់​សប្បាយ​ចិត្ត ។ វា​គឺជា​ការណ៍​ល្អ​ដែល​អាច​បម្រើ​ដល់​គាត់​បាន ។ វា​ធ្វើឲ្យ​ខ្ញុំ​រីករាយ ដែល​ប៉ា​របស់​ខ្ញុំ និង​ខ្ញុំ​អាច​ទៅ​បម្រើ​អ្នកជិតខាង​របស់​យើង​បាន ។

ខ្ញុំ​មាន​អំណរគុណ​ដែល​មាន​បព្វជិតភាព ដោយសារ​វា​មិន​ត្រឹមតែ​ផ្ដល់​ផលប្រយោជន៍​ដល់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏ដល់​មនុស្ស​ផ្សេងទៀត​ផងដែរ ។ វា​ជួយ​ខ្ញុំ​ឲ្យ​ក្លាយជា​បុគ្គល​ដ៏ប្រសើរ និង​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​ខ្ញុំ​អាច​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត​បាន ។ ការចែក​សាក្រាម៉ង់​នៅក្នុង​គេហដ្ឋាន​របស់​ខ្ញុំ និង​ដល់​អ្នកជិតខាង​របស់​ខ្ញុំ​បាន​បើក​ភ្នែក​ខ្ញុំ ។ ខ្ញុំ​ត្រូវ​ទាញយក​ប្រយោជន៍​ពី​ឱកាស​ចែកចាយ​សាក្រាម៉ង់​នេះ និង​បម្រើ​ដល់​សមាជិក​ដែល​មិន​អាច​ធ្វើវា​ដោយ​ខ្លួនគេ​បាន ។ ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​អាច​ប្រើប្រាស់​បព្វជិតភាព​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ និង​ដល់​គ្រួសារ​របស់​ខ្ញុំ ។

អ្នកនិពន្ធ​រស់នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។