២០២២
របៀប​ដើម្បី​ប្រឈម​មុខ​នឹង​ការសាកល្បង​បី​ប្រភេទ
ខែ មីនា ឆ្នាំ ២០២២


« របៀប​ដើម្បី​ប្រឈម​មុខ​នឹង​ការសាកល្បង​បី​ប្រភេទ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

ចូរ​មក​តាម​ខ្ញុំ

លោកុប្បត្តិ ៣៧–៥០

របៀប​ដើម្បី​ប្រឈម​មុខ​នឹង ការសាកល្បង​បី​ប្រភេទ

ជីវិត​នេះ​មាន​ឧបសគ្គ​ខុសៗ​គ្នា​ជាច្រើន ប៉ុន្ដែ​ការងាក​ទៅរក​ព្រះ​គឺជា​ចម្លើយ​ជានិច្ច ។

រូបភាព
យ៉ូសែប​ត្រូវបាន​លក់​ជា​ទាសករ​ដោយ​ពួក​បងប្រុស​របស់​លោក

រចនា​រូបភាព​ដោយ ស៊ីមីនី ប្លកឃើរ

ដោយសារ​ចិត្ត​ច្រណែន នោះ​ពួក​បងប្រុស​របស់​យ៉ូសែប​បាន​លក់​លោក​ជា​ទាសករ រួចហើយ​បាន​ប្រាប់​ឪពុក​របស់​ពួកគេ​ថា លោក​ត្រូវបាន​សត្វព្រៃ​សាហាវ​សម្លាប់ ។

យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​អាច​សួរ​សំណួរ ជាច្រើន អំពី​របៀប​ដែល​ជីវិត​របស់​លោក​បាន​លាត​ត្រដាង​ឡើង ។ អ្នក​នឹង​សិក្សា​អំពី​ជីវិត​របស់​លោក​នៅ​ខែ​នេះ ប៉ុន្ដែ​នេះ​ជា​សេចក្ដី​សង្ខេប​ខ្លី​មួយ អំពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​លោក ៖

  • ពួក​បងប្រុស​របស់​លោក​បាន​លក់​លោក​ជា​ទាសករ ។

  • ក្នុងនាម​ជា​ទាសករ​ម្នាក់ លោក​ត្រូវបាន​គេ​ចោទ​ប្រកាន់​ទាំង​ខុសឆ្គង​ថា បាន​ព្យាយាម​លួងលោម​បញ្ចុះបញ្ចូល​ភរិយា​របស់​ចៅហ្វាយ​លោក ។

  • បន្ទាប់មក លោក​ក្លាយជា​អ្នកទោស​អស់​រយៈពេល​ពីរឆ្នាំ ។

សូម​ស្រមៃ​ថា តើអ្នក​អាច​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នកជា​យ៉ូសែប​វិញនោះ ។ យ៉ាង​ហោច​ណាស់ ប្អូនៗ​អាច​ត្រូវបាន​ល្បួង​ឲ្យ​សួរ ៖ « ហេតុអ្វី​ជា​ខ្ញុំ ? » « តើ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ ទើប​សម​នឹង​ការណ៍​ដូច្នេះ ? »

រូបភាព
យ៉ូសែប​នៅក្នុង​គុក​នៅស្រុក​អេស៊ីព្ទ

ទោះជា​លោក​មិនបាន​ប្រព្រឹត្ត​បទល្មើស​នោះ​ក្ដី ក៏​យ៉ូសែប​ត្រូវបាន​គេ​ដាក់​គុក​អស់​រយៈពេល​ពីរឆ្នាំ​ដែរ ។

ការសាកល្បង​បី​ប្រភេទ

អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ធ្លាប់​បាន​បង្រៀន​អំពី​ការសាកល្បង​បី​ប្រភេទ​ខុសៗ​គ្នា ដែល​យើង​អាច​នឹង​ជួប​ប្រទះ​នៅក្នុង​ជីវិត​នេះ ៖

  • ប្រភេទ​ទី ១ ៖ ការសាកល្បង​ដែល​កើតពី​អំពើបាប ឬ​កំហុស​របស់​យើង​ផ្ទាល់ ។

  • ប្រភេទ​ទី ២ ៖ ការសាកល្បង​ដែល​កើតឡើង ដោយសារ​នេះ​គឺជា​ពិភពលោក​ដែល​ធ្លាក់ ពោរពេញ​ដោយ​ជំងឺ រោគ និង​មនុស្ស​ដែល​ធ្លាក់ ។

  • ប្រភេទ​ទី ៣ ៖ ការសាកល្បង​ដែល​ព្រះ​ស្ម័គ្រ​ព្រះទ័យ​ឲ្យ​យើង​ដក​ពិសោធន៍ ដោយសារ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​រីក​ចម្រើន​ឡើង ។

នៅ​កណ្ដាល​នៃ​ការសាកល្បង​មួយ យើង​អាច​ត្រូវបាន​ល្បួង​ឲ្យ​សួរ​ថា « ហេតុអ្វី​ជា​ខ្ញុំ ? » ប៉ុន្ដែ​សំណួរ​នោះ​អាច​គ្មាន​ប្រយោជន៍ ដូច​ដែល​យើង​សង្ឃឹម​នោះឡើយ ។ អែលឌើរ ម៉ាកស្វែល បាន​សរសេរ​ថា មិន​ថា​មូលហេតុ​ដែល​យើង​មាន​ការសាកល្បង​នេះ​ជា​អ្វី​នោះទេ « លទ្ធផល​នោះ​គឺ​ច្បាស់ជា​ដូចគ្នា ព្រះ​ស្ម័គ្រ​ព្រះទ័យ​ឲ្យ​យើង​ឆ្លងកាត់​ឧបសគ្គ​នោះ ។ ប៉ុន្ដែ ទ្រង់​សន្យា​នឹង​យើង​ថា ព្រះគុណ​របស់​ទ្រង់​គឺ​មានល្មម​គ្រប់គ្រាន់ ។ និយាយ​ម្យ៉ាង​ទៀត​ថា ព្រះវរបិតា​សួគ៌​មិន​អនុញ្ញាត​ឲ្យ​យើង​ឆ្លងកាត់​ការសាកល្បង​ទាំងឡាយ ដោយ​មិន​ផ្ដល់​ឲ្យ​យើង​នូវ​ជំនួយ ដែល​យើង​ត្រូវការ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឡើយ ។

គំរូ​របស់​យ៉ូសែប

សូម​ក្រឡេក​មើល​ទៅ​ការសាកល្បង​ដ៏ធំ​ទីមួយ​របស់​យ៉ូសែប​ម្ដងទៀត ៖ ពួក​បងប្រុស​របស់​លោក​បាន​លក់​លោក​ជា​ទាសករ ។

តើ​នេះ​ជា​ការសាកល្បង « ប្រភេទ​ទី ១ » ឬ ? តើ​យ៉ូសែប​បាន​នាំ​ការណ៍​នេះ​មក​ដាក់​លើ​ខ្លួន​លោក​ឬ ? ច្បាស់ណាស់ គឺ​មិនមែន​ទេ ។ លោក ពិតជា បាន​ចែកចាយ​សុបិន​ប្រកប​ដោយ​ការព្យាករ​របស់​លោក​ពីរបី​នោះ​ដោយ​សុទ្ធ​ចិត្ត​មែន ទាក់ទង​ទៅនឹង​ពួក​បងប្រុស​របស់​លោក ។ សុបិន​ទាំងនោះ​បាន​បង្ហាញ​ថា លោក​នឹង​ក្លាយជា​អ្នកដឹកនាំ​របស់​ពួកគេ​នៅថ្ងៃ​ណាមួយ ។ ពិតណាស់ ពួក​បងប្រុស​របស់​លោក​មិន​ចូលចិត្ត​ស្ដាប់​រឿង​ដូច្នោះ​ទេ ។ តាម​ពិត​ទៅ « គេ​ក៏​ស្អប់​គាត់​រឹតតែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ » របស់​គាត់ ( លោកុប្បត្តិ ៣៧:៨ ) ។

ប្រសិនបើ​អ្នកជា​យ៉ូសែប​វិញ អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួនឯង​កំពុង​គិត​ថា « ដឹង​ចឹង ខ្ញុំ​មិន​ប្រាប់​ពួកគាត់​អំពី​សុបិន​របស់​ខ្ញុំ​ឡើយ ! »

ឬ​វា​ជា​ការសាកល្បង « ប្រភេទ​ទី ២ » ឬ ? តើ​ការសាកល្បង​របស់​យ៉ូសែប​បាន​កើត​មានឡើង ដោយសារ​ការរស់នៅ​ក្នុង​ពិភពលោក​ដែល​ធ្លាក់ ដែល​រួមមាន​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​មិន​ត្រឹមត្រូវ​របស់​មនុស្ស​ដទៃទៀត​មែន​ទេ ? ប្រហែល​ជា​អញ្ចឹង​ហើយ ។ ជាថ្មី​ម្ដងទៀត វា​នឹង​ងាយស្រួល​សម្រាប់​យ៉ូសែប ដើម្បី​គ្រវី​ក្បាល​របស់​លោក ហើយ​គិត​ថា បញ្ហា​ទាំងអស់​នេះ​គឺជា​កំហុស​របស់​ពួក​បងប្រុស​របស់​លោក ។ ឬ​ដោយសារ​ប្រពន្ធ​របស់​ប៉ូទីផារ​បាន​កុហក ។ ឬ​ក៏​ដោយសារ​អ្នកថ្វាយ​ពែង ដែល​បាន​ភ្លេច​ប្រាប់​ស្ដេច​ផារ៉ោន​អំពី​យ៉ូសែប​រយៈពេល ពីរ​ឆ្នាំ ទោះជា​បាន​សន្យា​ថា គាត់​នឹង​ប្រាប់​ក្ដី ( សូមមើល លោកុប្បត្តិ ៤០:២៣ ) ។

ឬ​នៅ​ទីបំផុត អ្វីៗ​ទាំងអស់​នេះ​ជា​ការសាកល្បង « ប្រភេទ​ទី ៣ » មែនទេ ? និយាយ​ម្យ៉ាង​ទៀត​ថា តើ​រឿង​ទាំងនេះ ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​យ៉ូសែប​ដក​ពិសោធន៍ បាន​ជួយ​លោក​ឲ្យ​រីក​ចម្រើន​មែន​ឬ ? ទាក់ទង​ទៅនឹង​សំណួរ​នេះ យ៉ូសែប​ខ្លួនលោក​ផ្ទាល់​មាន​អារម្មណ៍​ថា ចម្លើយ​នេះ​ប្រហែល​ជា​ត្រូវ​មែន​តាម​ផ្នែក​ខ្លះ ។ នៅពេល​ទីបំផុត លោក​បាន​ជួប​នឹង​ពួក​បងប្រុស​របស់​លោក​ម្ដងទៀត លោក​បាន​ពោល​ថា « ឥឡូវ​នេះ កុំ​ឲ្យ​អ្នករាល់គ្នា​ព្រួយ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទីនេះ​ឡើយ ពីព្រោះ​គឺ ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក ជាមុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នករាល់គ្នា​ទុក » ( លោកុប្បត្តិ ៤៥:៥ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

ឥឡូវ​នេះ សូម​ចងចាំ​ថា យ៉ូសែប​ត្រូវបាន​លក់​ជា​ទាសករ​នៅ​អាយុ ១៧ ឆ្នាំ ។ លោក​មាន​អាយុ ៣០ ឆ្នាំ នៅពេល​លោក​បាន​ឈរ​នៅ​ចំពោះ​ស្ដេច​ផារ៉ោន ដើម្បី​បកស្រាយ​សុបិន​ដែល​ទីបញ្ចប់​បាន​ដោះលែង​លោក​ឲ្យមាន​សេរីភាព​នោះ ។ សរុប​ទៅ​វា ១៣ ឆ្នាំ ឬ​សឹងតែ​ពាក់​កណ្ដាល​ជីវិត​របស់​លោក​មកដល់​ត្រឹម​ចំណុច​នោះ ដែល​យ៉ូសែប​បាន​បាត់បង់​សេរីភាព​របស់​លោក ដោយសារ​កំហុស​របស់​អ្នកដទៃ ។ ប៉ុន្ដែ លោក​បាន​មាន​សេចក្ដី​ជំនឿ​ថា​គឺ « ព្រះ​ទេ​តើ​ដែល​ទ្រង់​ចាត់ [ លោក ] មក » ដើម្បី​រក្សា​ជីវិត ។ មិន​ថា​ការសាកល្បង​កើត​មកពី​កន្លែង​ណា​នោះទេ យ៉ូសែប​បាន​ដឹង​យ៉ាង​ប្រាកដ​ថា ព្រះ​មាន​ព្រះរាជបំណង​មួយ ។

ការណ៍​នោះ​ល្មម​គ្រប់គ្រាន់​សម្រាប់​លោក ។ ការណ៍​នោះ​អាច​ល្មម​គ្រប់គ្រាន់​សម្រាប់​យើង​ផងដែរ ។

រូបភាព
យ៉ូសែប​ជាមួយ​នឹង​ពួក​បងប្រុស​របស់​លោក​នៅ​ស្រុក​អេស៊ីព្ទ

យ៉ូសែប​បាន​អភ័យទោស​ឲ្យ​ពួក​បងប្រុស​របស់​លោក ហើយ​ថែមទាំង​បាន​សង្គ្រោះ​ជីវិត​របស់​ពួកគេ​នៅក្នុង​គ្រោះ​ទុរភិក្ស​ទៀតផង ។ យ៉ូសែប​បាន​ដឹង​ថា ព្រះ​បាន​ណែនាំ និង​ការពារ​ជីវិត​របស់​លោក ។

ការសាកល្បង​របស់​អ្នក

យើង​អាច​ចំណាយ​ថាមពល​ជាច្រើន​អនេក​ដើម្បី​រស់នៅ​ក្នុង​អតីតកាល ។ យើង​អាច​គិត​ថា « ហេតុអ្វី​បានជា​ខ្ញុំ​បាន​ធ្វើ​ការណ៍​នោះ ? » ឬ​ថា « បើ​អ្នក​នេះ​អ្នក​នោះ​មិន​បោក​បញ្ឆោត​ខ្ញុំ​ទេ​នោះ » ។

ប៉ុន្ដែ​ការរស់នៅ​ក្នុង​ឃ្លា​ប្រសិនបើ និង​ឃ្លា​ប្រហែល​ជា​អាច​ទៅជា​ចេះ​ទៅជា​ចុះ មិន​មាន​អ្វី​ល្អ​នោះ​ឡើយ វា​នាំឲ្យ​មានតែ​ការឈឺចាប់​នឹង​មូលហេតុ ឬ​របៀប​ដែល​ការសាកល្បង​មួយ​កើតឡើង​ក្នុង​ជីវិត​របស់​អ្នកប៉ុណ្ណោះ ។ នៅ​ទីបញ្ចប់ សេចក្ដី​សុខសាន្ដ និង​កម្លាំង​កើត​មាន​តាមរយៈ​ការមករក​ព្រះគ្រីស្ទ និង​ការទុកចិត្ត​ទៅលើ​ទ្រង់ ដូចដែល​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​បាន​ធ្វើ​ដែរ ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ នោះ​ការសាកល្បង​របស់​យើង​ទាំងអស់​អាច​ក្លាយជា​ការសាកល្បង ដែល​ជួយ​យើង​ឲ្យ​ខិត​ទៅកាន់តែ​ជិត​ព្រះ ហើយ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « បងប្អូន​អាច​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​មាន​គ្រប់​ព្រះចេស្ដា​អនុញ្ញាត​ឲ្យ​ការសាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​ពិបាក​ខ្លាំង​យ៉ាង​នេះ ។ ដោយសារ​ទ្រង់​ជ្រាប​ថា យើង​ត្រូវតែ​រីកចម្រើន​នៅ​ក្នុង​ភាព​ស្អាតបាត និង​ភាព​រឹងមាំ​ខាង​វិញ្ញាណ ដើម្បី​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជា​ក្រុមគ្រួសារ​ជារៀង​រហូត » ។

រង្វាន់​ដ៏នៅ​អស់កល្ប​ជានិច្ច

ប្រសិនបើ​យើង​បាន​ធ្វើ​អំពើបាប នោះ​យើង​ត្រូវតែ​ប្រែចិត្ត ។ ប្រសិនបើ​ការសាកល្បង​មួយ​ធ្វើឲ្យ​សមត្ថភាព​របស់​យើង​កើនឡើង នោះ​យើង​អាច និង​គួរតែ​ធ្វើ​ដូច្នោះ ។ ប៉ុន្ដែ ការលំបាក​ជាច្រើន​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ទំនង​ជា​នៅជាប់​នឹង​យើង​យូរជាង​ដែល​យើង​ចង់​ឲ្យវា​នៅ—ពេលខ្លះ​អស់​មួយ​ជីវិត​របស់​យើង​ក៏មាន ។ ត្រង់​នេះ​ផងដែរ ចម្លើយ​នោះ​គឺ​ការងាក​ទៅរក​ព្រះ ។

ជីវិត​នេះ​មាន​បំណង​ដើម្បី​ពត់​លុតដំ​យើង និង​បញ្ជាក់​ថា​យើង​ល្អ ។ ហើយ​ព្រះ​នឹង​យាង​ជាមួយ​យើង ប្រសិនបើ​យើង​ស្វែងរក​ទ្រង់​នោះ ! អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ទទួល​បាន​រង្វាន់​ច្រើន​ជាង​បងប្អូន​គិត​ដល់​ទៅទៀត ។ ភាព​អយុត្តិធម៌​ទាំងអស់—ជាពិសេស កំហឹង​ចំពោះ​ភាព​អយុត្តិធម៌—នឹង​ត្រូវបាន​ឧទ្ទិស​ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន » ។

តើ​វា « យុត្តិធម៌ » ទេ ដែល​យ៉ូសែប​ត្រូវ​ឆ្លងកាត់​អ្វី​ដែល​លោក​បាន​ឆ្លងកាត់​នោះ ? អត់ទេ ។ ប៉ុន្ដែ ដោយសារ​លោក​បាន​ឆ្លងកាត់​អ្វី​ដែល​លោក​បាន​ឆ្លងកាត់​នោះ លោក​អាច​សង្គ្រោះ​ជីវិត​របស់​ប្រជាជាតិ​ជាច្រើន​បាន រួមទាំង​គ្រួសារ​របស់​លោក​ផ្ទាល់​ផងដែរ ។

អ្នក​ផ្ទាល់​អាច​ស្ថិត​នៅ​កណ្ដាល​នៃ​ការសាកល្បង​ដូចជា​យ៉ូសែប​ដែរ ។ អ្នកអាច​មើល​មិនឃើញ​ពី​គោលបំណង​វា ។ ឬ​ទីបញ្ចប់​នោះទេ ។

សូម​គ្រាន់តែ​ចងចាំ​ថា ព្រះគុណ​របស់​ព្រះ​គឺ​ល្មម​គ្រប់គ្រាន់ ។ សូម​បែរ​ទៅរក​ទ្រង់ ហើយ​ទ្រង់​នឹង​ធ្វើការ​ដ៏​អស្ចារ្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់អ្នក ។

កំណត់​ចំណាំ

  1. នែល អេ ម៉ាកស្វែល All These Things Shall Give Thee Experience ( ឆ្នាំ ១៩៧៩ ) ទំព័រ ៣១ ។

  2. ហិនរី ប៊ី អាវរិង « Tested, Proved, and Polished » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២០ ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៧ ) ។

  3. ឌេល ជី រេនឡាន់ សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤៤ ) ។