២០២២
សំឡេង​របស់ លីណាហេ
ខែ មីនា ឆ្នាំ ២០២២


« សំឡេង​របស់ លីណាហេ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២២ ។

សំឡេង​របស់ លីណាហេ

តាំងពី​តន្ដ្រី​ដល់​ពង្សប្រវត្តិ លីណាហេ កំពុង​ប្រើ​សំឡេង​របស់​នាង​សម្រាប់​សេចក្ដី​ល្អ ។

រូបភាព
យុវនារី​នៅឯ​ឆ្នេរ​សមុទ្រ

រូបថត​ដោយ ស្ទេផាន សាយ៉េប; រចនា​រូបភាព​ដោយ ក្ល៊ែរ ឡក់

លីណាហេ ឌី ដែល​មកពី​កោះ​តាហ៊ីទី ដឹងពី​របៀប​ប្រើ​សំឡេង​របស់​នាង​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត—តាម​របៀប​ជាច្រើន ។ ឧទាហរណ៍ នាង​កំពុង​សិក្សា​ដើម្បី​ក្លាយជា​អ្នកព្យាបាល​ខាង​ការនិយាយ​នៅ​ថ្ងៃ​ណាមួយ ។ នាង​ថ្លែង​ថា « ខ្ញុំ​ចង់​ជួយ​កុមារ​ជាមួយ​នឹង​ការរៀន​ប្រកប​អក្សររបស់​ពួកគេ ឬ​របៀប​ដែល​ពួកគេ​និយាយ » ។

ប៉ុន្ដែ វា​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ ដោយ​បាន​កើត​មក​នៅក្នុង​គ្រួសារ​អ្នកតន្ដ្រី​ដ៏មាន​ទេពកោសល្យ នោះ​លីណាហេ ដែល​មាន​អាយុ ១៤ ឆ្នាំ មាន​ឱកាស​ជាច្រើន​ដើម្បី​ប្រើប្រាស់​សំឡេង​របស់​នាង​ក្នុង​ការច្រៀង ។ « ប្អូនប្រុស​ខ្ញុំ និង​ខ្ញុំ​ចូលចិត្ត​ច្រៀង​រួមគ្នា ។ ជាធម្មតា គាត់​ច្រៀង​សំឡេង​ខ្ពស់ ហើយ​ខ្ញុំ​ច្រៀង​សំឡេង​ទាប ! »

ហើយ​ថែមទាំង​មាន​វង់​ភ្លេង​គ្រួសារ​ទាំងមូល​ផងដែរ ។ « ម៉ាក់​របស់​ខ្ញុំ​លេង​ព្យាណូ ដើម្បី​ជួយ​បង្រៀន​បទចម្រៀង​ជាច្រើន​ដល់​យើង ហើយ​ប៉ា​របស់​ខ្ញុំ​លេង​ហ្គីតា និង ukulele » ។ ហើយ​តើ​វង់ភ្លេង​គ្រួសារ​មួយ​មិនមាន​ការគោះ​ស្គរ​បន្ដិច​ម៉េច​កើត ? « ប៉ា​ខ្ញុំ និង​ខ្ញុំ​ចូលចិត្ត​លេង​ស្គរ to‘ere ដែល​ជា​ស្គរ​ប្រពៃណី​របស់​ប៉ូលីនេស៊ី​មួយ » ។

រូបភាព
យុវនារី​កំពុង​លេង ukulele

ដោយ​មាន​ក្រុមភ្លេង​ទាំងមូល​ចាំ​ជួយ​គាំទ្រ​ដល់​នាង នោះ​គ្រួសារ​របស់​នាង​ជួយ​នាង​លើសពី​តន្ដ្រី​ទៅទៀត ។ « ឪពុក​ម្ដាយ​ខ្ញុំ​តែងតែ​លើក​ទឹកចិត្ត​ខ្ញុំ​នៅក្នុង​ការសិក្សា​របស់​ខ្ញុំ ហើយ​ឪពុក​របស់​ខ្ញុំ​ផ្ដល់​ពរជ័យ​បព្វជិតភាព​ដល់​ខ្ញុំ » ។ នៅពេល​គ្រា​លំបាក​មកដល់ នោះ​នាង​ដឹង​ថា នាង​ក៏អាច​ងាក​ទៅរក​ព្រះវរបិតា​សួគ៌​របស់​នាង​បាន​ដែរ ។ « ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា ហើយ​ថា​ទ្រង់​តែងតែ​គង់នៅ​ទីនោះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ជានិច្ច » ។

រូបភាព
គ្រួសារ​កំពុង​ច្រៀង និង​លេង​តន្ដ្រី

លីណាហេ មិន​ត្រឹមតែ​ប្រើ​សំឡេង​របស់​នាង​សម្រាប់​តន្ដ្រី និង​ការអធិស្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នាង​ថែមទាំង​រៀបរាប់​អំពី​ការជួយ​ដល់​សមាជិក​គ្រួសារ​ទាំងឡាយ ដែល​នៅ​ម្ខាងទៀត​នៃ​វាំងនន​ផងដែរ ។

សំឡេង​នៃ​សេចក្ដី​ស្រឡាញ់​សម្រាប់​គ្រួសារ​ហួសពី​ម្ខាងទៀត​នៃ​វាំងនន​ទៅទៀត

នាង​ពោល​ថា « នៅយប់់​មួយ ខ្ញុំ​បាន​យល់សប្ដិ​ថា ខ្ញុំ​បាន​ឃើញ​មនុស្ស​រាប់រយ​នាក់ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ទេ ។ ខ្ញុំ​គិត​ថា ខ្ញុំ​ស្គាល់​ពួកគេ ប៉ុន្ដែ​ខ្ញុំ​មិន​ប្រាកដ​នោះទេ » ។

ដំបូង​ឡើយ លីណាហេ មិន​បាន​ដឹង​ថា សុបិន​នោះ​មាន​អត្ថន័យ​យ៉ាងណា​នោះ​ទេ ។ ក្រោយមក នាង​បាន​មាន​គំនិត​ដ៏​គួរឲ្យ​រំភើប​ចិត្ត​មួយ ៖ « មុនពេល​ការបិទ​ខ្ទប់​ជំងឺ​កូវីដ-១៩ ខ្ញុំ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ជូន​បុព្វការីជន​របស់​ខ្ញុំ​ជាង ១០០ នាក់—បុគ្គល​ទាំងនេះ​នៅក្នុង​សុបិន​របស់​ខ្ញុំ អាច​តំណាង​ឲ្យ​សមាជិក​គ្រួសារ​ទាំងនោះ ! »

រូបភាព
យុវនារី​ឱប​រូបថត​បុព្វការីជន

ដោយ​មាន​អារម្មណ៍​កាន់តែ​រំភើប​អំពី​ពង្សប្រវត្តិ​ជាងពេល​ណាៗ​ទាំងអស់ នោះ​លីណាហេ បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​នាង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ជំរុញ​ឈ្មោះ​ទាំងនោះ​ឲ្យ​ទៅមុខ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ពួកគាត់​ទទួល​បាន​ពិធីបរិសុទ្ធ​បន្ថែម​ទៀត ។ ក្រោយមក​មិនយូរ​ប៉ុន្មាន លីណាហេ និង​ម៉ាក់​របស់​នាង​ត្រូវបាន​ហៅ​ឲ្យធ្វើជា​អ្នកប្រឹក្សា​យោបល់​ផ្នែក​ពង្សប្រវត្តិ​នៅក្នុង​វួដ​របស់​ពួកគេ ។

« យើង​បាន​ជួយ​ស្ដ្រី​ម្នាក់​នៅក្នុង​វួដ​របស់​យើង ឲ្យ​ចូល​ប្រើ​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​គាត់ ។ នៅពេល​គាត់​បាន​ឃើញ​មែកធាង​គ្រួសារ​របស់​គាត់ នោះ​គាត់​មាន​ចិត្ត​រីករាយ​យ៉ាងខ្លាំង—វា​គឺជា​លើក​ទីមួយ ដែល​គាត់​បាន​ឃើញ​បុព្វការីជន​ទាំងអស់​របស់​គាត់ ! »

រូបភាព
យុវនារី និង​ម្ដាយ​កំពុង​ធ្វើ​ពង្សប្រវត្តិ

លីណាហេ សារភាព​ថា « ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ភ័យ​ខ្លាច នៅពេល​ទៅជួប​នឹង​សមាជិក​នៅក្នុង​វួដ​របស់​ខ្ញុំ ។ ប៉ុន្ដែ​ឥឡូវ​នេះ ដោយសារ​ខ្ញុំ​មាន​ម៉ាក់​របស់​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ នោះ​ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​លើ​ការបង្រៀន​សមាជិក​អំពី​ពង្សប្រវត្តិ » ។

បន្លឺ​សំឡេង​របស់​បងប្អូន​ឡើង

រូបភាព
យុវនារី

ឥឡូវ​នេះ លីណាហេ ទន្ទឹង​ចង់​ជួយ​សមាជិក​ឲ្យស្គាល់​បុព្វការីជន​របស់​ពួកគេ ។ « ខ្ញុំ​ចូលចិត្ត​ឃើញ​សមាជិក​មាន​ក្ដី​រីករាយ នៅពេល​ពួកគាត់​ធ្វើ​ពង្សប្រវត្តិ​របស់​ពួកគាត់ ។ ហើយ​ខ្ញុំ​គិត​ថា បុព្វការីជន​របស់​យើង​ក៏​រីករាយ​ដែរ ដែល​យើង​យកចិត្ត​ទុកដាក់​លើ​ពួកគាត់ និង​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ជូន​ពួកគាត់​នោះ » ។

នៅក្នុង​ការហៅ​បម្រើ​របស់​នាង​ជា​អ្នកប្រឹក្សា​យោបល់​ផ្នែក​ពង្សប្រវត្តិ​ម្នាក់ នាង​បាន​រៀបចំ​សកម្មភាព​មួយ​សម្រាប់​យុវនារី​ក្នុង​វួដ​របស់​នាង​នាពេល​ថ្មីៗ​នេះ ។ នាង​មិន​ត្រឹមតែ​បាន​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ឈ្មោះ​គ្រួសារ ដើម្បី​យកទៅ​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នាង​ក៏បាន​ជួយ​កុមារ​អង្គការ​បឋម​សិក្សា​ឲ្យ​បង្កើត​គណនី ដើម្បី​ពួកគេ​អាច​ចូលរួម​ផងដែរ ។

នាង​និយាយ​ថា « យើង​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុងពេល​ឆាប់ៗ​នេះ » ។

រូបភាព
យុវនារី និង​ម្ដាយ​នៅឯ​ព្រះវិហារ​បរិសុទ្ធ

ចង់​ឡូយ​ដូច លីណាហេ ដែរ​ឬទេ ? កុំ​បារម្ភ​អី វា​ពិតជា​អាច​កើតឡើង​បាន ។ លីណាហេ បាន​ពោល​ថា « យុវវ័យ​អាច​ពន្លឿន​កិច្ចការ​របស់​ព្រះ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ។ អ្វី​ក៏ដោយ​ដែល​ជួយ​យើង​ឲ្យ​គិត​ដល់​បុព្វការីជន​របស់​យើង​គឺ​អស្ចារ្យ​ណាស់ ។ ខ្ញុំ​ដឹង​ថា ការធ្វើ​ពង្សប្រវត្តិ​នឹង​នាំ​សេចក្ដី​អំណរ​កាន់តែ​ខ្លាំង​ឡើង ដល់​មនុស្ស​គ្រប់គ្នា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពង្សប្រវត្តិ​បាន​នាំខ្ញុំ​ឲ្យខិត​ទៅកាន់តែ​ជិត​បុព្វការីជន​របស់​ខ្ញុំ និង​ទៅជិត​ព្រះគ្រីស្ទ​ក្នុង​ពេល​តែមួយ » ។

ជាមួយ​នឹង​កិច្ចការ​ទាំងអស់​ដែល​នាង​កំពុង​តែ​ធ្វើ​សម្រាប់​បុព្វការីជន​របស់​នាង នោះ​មាន​រឿង​មួយ​ដែល​ប្រាកដ​ជាក់ ៖ គ្រួសារ​របស់ លីណាហេ គឺ​មិនមែន​គ្រាន់តែ​ជា​ប្រវត្តិសាស្ដ្រ​ទេ !