ឆ្នាំ ២០២៣
«អធិស្ឋាន​ទៅ ហេលេមិន»
ខែ មករា ឆ្នាំ ២០២២


« អធិស្ឋាន​ទៅ ហេលេមិន »

រូបភាព
Miguel and his friends blessing their food at school.

វា​ជា​ថ្ងៃ​ដំបូង​របស់ ហេលេមិន នៅ​ឯ​សាលារៀន ។ គាត់​បាន​ពាក់​អាវ​ដែល​គាត់​ចូលចិត្ត​ជាងគេ ហើយ​គាត់​មាន​ខ្មៅដៃ​ថ្មី​មួយ ។ គ្រូ​ថ្មី​របស់​របស់​គាត់​អនុញ្ញាត​ឲ្យ​គាត់​អង្គុយ​នៅ​តុ​ជាមួយ​មិត្ត​របស់​គាត់​ឈ្មោះ ស៊ីលវ៉េស្ទើរ ហ៊ោហ៊េ និង មីហ្គែល ។ វា​ជា​ថ្ងៃ​ដ៏​ល្អ​មួយ ។

អ្នកគ្រូ ម៉ាទីណេស បាន​និយាយ​ថា « រៀបចំ​កាតាប​របស់​កូនៗ​ទៅ ។ ដល់​ពេល​ហូប​បាយថ្ងៃ​ហើយ » ។

គ្រួសារ​របស់ ហេលេមិន តែងតែ​អធិស្ឋាន​រួមគ្នា​ជានិច្ច មុនពេល​បរិភោគ​អាហារ ។ គាត់​បាន​លើកដៃ​ឡើង ។ « អ្នកគ្រូ ម៉ាទីណេស តើ​យើង​នឹង​អធិស្ឋាន​មុនពេល​យើង​ហូប​បាយ​ទេ ? »

អ្នកគ្រូ ម៉ាទីណេស បាន​ញញឹម​ដាក់ ហេលេមិន ។ « កូន​អាច​អធិស្ឋាន​សម្រាប់​អាហារ​របស់​កូន​បាន ប្រសិនបើ​កូន​ចង់​អធិស្ឋាន » ។

ហេលេមិន និង​មិត្តភក្ដិ​របស់​គាត់​បាន​បើក​ប្រអប់​បាយ​ថ្ងៃត្រង់​របស់​ពួកគេ ។

ស៊ីលវ៉េស្ទើរ បាន​សួរ​ថា « តើ​ការអធិស្ឋាន​ជា​អ្វី​ទៅ ? »

ហេលេមិន បាន​តប​ថា « វា​គឺជា​ការទូល​ទៅកាន់​ព្រះវរបិតា​សួគ៌ ។ វា​គឺជា​របៀប​ដែល​យើង​អរព្រះគុណ​ទ្រង់​សម្រាប់​អាហារ​របស់​យើង » ។

មីហ្គែល បាន​សួរ​ថា « តើ​ឯង​អាច​អធិស្ឋាន​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​បាន​ទេ ? »

ហេលេមិន បាន​ឱប​ដៃ​គាត់ ។ មិត្ត​ទាំងបី​របស់​គាត់​បាន​ឱប​ដៃ​របស់​ពួកគេ​ដែរ ។ ហេលេមិន បាន​បិទ​ភ្នែក​របស់​គាត់ ហើយ​បាន​ឱន​ក្បាល​ចុះ ។ មិត្ត​របស់​គាត់​ក៏បាន​ធ្វើ​ដូច្នោះ​ដែរ ។

បន្ទាប់​មក ហេលេមិន​បាន​អធិស្ឋាន ដូច​កាល​គ្រួសារ​របស់​គាត់​បាន​អធិស្ឋាន​ដែរ ។ គាត់​បាន​អរព្រះគុណ​ព្រះវរបិតា​សួគ៌​សម្រាប់​ថ្ងៃ​ដ៏ល្អ ដែល​ពួកគេ​បាន​មាន និង​សម្រាប់​អាហារ​ថ្ងៃត្រង់​របស់​ពួកគេ ។ គាត់​បាន​សូម​ព្រះ​ឲ្យ​ប្រទានពរ​ដល់​អាហារ​របស់​ពួកគេ ។ គាត់​បាន​បញ្ចប់​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​និយាយ​ថា « អាម៉ែន » ។

ស៊ីលវ៉េស្ទើរ ហ៊ោហ៊េ និង មីហ្គែល បាន​ងើប​មុខ​ឡើង ។

ហេលេមិន បាន​និយាយ​ថា « ពួកឯង​ក៏អាច​និយាយ​ថា អាម៉ែន ផងដែរ » ។

មិត្ត​របស់​គាត់​បាន​ញញឹម​ស្ញេញ ហើយ​និយាយ​ថា « អាម៉ែន » ។

ស្អែក​ឡើង​នៅ​ម៉ោង​បាយ​ថ្ងៃត្រង់ ស៊ីលវ៉េស្ទើរ បាន​និយាយ​ថា « អធិស្ឋាន​ទៅ ហេលេមិន » ។

មីហ្គែល បាន​បន្ដ​ថា « មែនហើយ អធិស្ឋាន​ទៅ ហេលេមិន » ។ ហ៊ោហ៊េ បាន​ងក់​ក្បាល ។

ដូច្នេះ ហេលេមិន​បាន​អធិស្ឋាន​ម្ដងទៀត ។ លើក​នេះ គាត់​បាន​និយាយ​ថា គាត់​មាន​អំណរគុណ​ជាពិសេស​ដែល​ម៉ាក់​របស់​គាត់​បាន​ធ្វើ​សាំងវិច​ហេម និង​ឈីស​ដែល​គាត់​ចូលចិត្ត​ឲ្យ​គាត់ ។ គាត់​បាន​ទូលសូម​ឲ្យ​ព្រះវរបិតា​សួគ៌​ជួយ​ពួកគេ​ឲ្យ​រៀន​ក្នុង​ថ្នាក់​នៅ​ថ្ងៃនោះ ។

រាល់ថ្ងៃ​នៅពេល​បាយ​ថ្ងៃត្រង់ មិត្ត​របស់​ហេលេមិន​បាន​និយាយ​ថា « អធិស្ឋាន​ទៅ ហេលេមិន » ។ ហើយ​ជារៀង​រាល់ថ្ងៃ ហេលេមិន​បាន​អធិស្ឋាន ។ គាត់​បាន​អធិស្ឋាន​ជាមួយ​មិត្តភក្ដិ​របស់​គាត់​រាល់ថ្ងៃ​ពេញ​មួយ​សប្ដាហ៍ ។

នៅ​ថ្ងៃចន្ទ​ក្រោយ​នៅ​ម៉ោង​បាយ​ថ្ងៃត្រង់ មីហ្គែល បាន​និយាយ​ថា « ថ្ងៃនេះ​ខ្ញុំ​នឹង​អធិស្ឋាន » ។

រូបភាព
Close up of two boys, Miguel and Helaman saying a prayer.

ហេលេមិន មាន​ការភ្ញាក់​ផ្អើល ។ គាត់​ឱប​ដៃ​របស់​គាត់ បិទ​ភ្នែក ឱន​ក្បាល​ចុះ ហើយ​ស្ដាប់ កាល​មីហ្គែល អធិស្ឋាន ។

មីហ្គែល បាន​ចាប់ផ្ដើម​ដោយ​ពោល​ថា « ឱ ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ » ។ គាត់​បាន​អរព្រះគុណ​ទ្រង់​សម្រាប់​អាហារ​របស់​ពួកគេ ហើយ​បាន​ទូលសូម​ឲ្យ​ទ្រង់​ប្រទានពរ​ដល់​អាហារ​នោះ ។ គាត់​បាន​បញ្ចប់​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​និយាយ​ថា « អាម៉ែន » ។

ហេលេមិន និង ហ៊ោហ៊េ បាន​និយាយ​ថា « អាម៉ែន ! »

ស៊ីលវ៉េស្ទើរ បាន​និយាយ​ថា « អាម៉ែន » ។ « ខ្ញុំ​អត់ដឹង​សោះ​ថា ឯង​ចេះ​អធិស្ឋាន » ។

មីហ្គែល បាន​និយាយ​ថា « ខ្ញុំ​រៀន​ពេល​ស្ដាប់​ហេលេមិន​អធិស្ឋាន ។ ខ្ញុំ​សូម​ប៉ាម៉ាក់​ខ្ញុំ​ថា តើ​ខ្ញុំ​អាច​អធិស្ឋាន​បាន​ទេ ពេល​យើង​ហូបបាយ​នៅ​ផ្ទះ ។ ពួកគាត់​ឆ្លើយ​ថា បាន ដូច្នេះ​ខ្ញុំ​អធិស្ឋាន​ដូចជា​ហេលេមិន​បាន​អធិស្ឋាន​ដែរ » ។

ស៊ីលវ៉េស្ទើរ បាន​និយាយ​ថា « អស្ចារ្យ​មែន ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​សូម​ប៉ាម៉ាក់​ខ្ញុំ​ដែរ​ថា តើ​ខ្ញុំ​អាច​អធិស្ឋាន​ពេល​យើង​ហូបបាយ​បាន​ឬអត់ » ។

ហ៊ោហ៊េ បាន​និយាយ​ថា « ខ្ញុំ​ក៏​អ៊ីចឹង​ដែរ ! »

រូបភាព
Miguel smiling as he thinks about sitting with his family at dinner. Miguel is saying a prayer for their dinner.

ហេលេមិន​ញញឹម ។ គាត់​រីករាយ​ណាស់ ដែល​គាត់​អាច​ជួយ​មិត្តភក្ដិ​របស់​គាត់​ឲ្យ​រៀន​ទូល​ជាមួយ​ព្រះវរបិតា​សួគ៌ ។ គាត់​ដឹង​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​គាត់ ហើយ​ព្រះវរបិតា​សួគ៌​ស្រឡាញ់​មិត្តភក្ដិ​របស់​គាត់​ដែរ ។

រូបភាព
Page from the January 2023 Friend Magazine. Say a Prayer, Helaman

រចនា​រូបភាព​ដោយ ចស ថាលបូត