២០១៨
ការអធិស្ឋាន ៖ គន្លឹះ​ឆ្ពោះ​ទៅ​រក​ទីបន្ទាល់ និង​ការស្តារឡើងវិញ
April 2018


ការអធិស្ឋាន ៖គន្លឹះ​ឆ្ពោះ​ទៅ​រក​ទីបន្ទាល់ និង​ការស្តារឡើងវិញ

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០០៣ ។

តាម​រយៈ​គំរូ​របស់​យ៉ូសែប ស្ម៊ីធ និង​លំនាំ​នៃ​ការស្តារ​ឡើង​វិញ ។ សូមបើក​ព្រះគម្ពីរ ។ សូម​លុត​ជង្គង់​អធិស្ឋាន ។ សូម​ដោយ​ចិត្ត​ជឿ ។ សូម​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

រូបភាព
clasped hands

រូបថត​មក​ពី Getty Images

ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ ជារឿយៗ​យើង​សួរ​ថា « តើ​ខ្ញុំ​ទទួល​ទីបន្ទាល់​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្តេច ? »

ការទទួលបាន​ទីបន្ទាល់ និង​ការ​ប្រែចិត្ត​ជឿ​ចាប់​ផ្តើម​ជាមួយ​នឹង​ការសិក្សា និង​ការអធិស្ឋាន បន្ទាប់​មក​រស់នៅ​តាម​ដំណឹង​ល្អ​ដោយ​អត់ធ្មត់ និង​ខ្ជាប់ខ្ជួន ហើយ​អញ្ជើញ និង​ទុក​ចិត្ត​លើ​ព្រះវិញ្ញាណ ។ ជីវៈប្រវត្តិ​របស់ យ៉ូសែប ស្ម៊ីធ និង​លំនាំ​នៃ​ការស្តារ​ឡើង​វិញ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​អំពី​ដំណើរការ​នេះ ។ ដូច [ ខ្ញុំ​ចែកចាយ ] ជាមួយ​អ្នក​អំពី … ព្រឹត្តិការណ៍​នៃ​ការស្តារ​ឡើង​វិញ​ សូម​រកមើល​ជំហាន​នានា​ដែល​នាំ​ទៅរក​ទីបន្ទាល់ ។ …

ការរំជួល​ជា​ខ្លាំង

យ៉ូសែប ស្ម៊ីធ បាន​កើត​នៅ​ថ្ងៃ​ទី ២៣ ខែ ធ្នូ ឆ្នាំ ១៨០៥ នៅ​ភូមិ សារ៉ុន រដ្ឋ វ័រម៉ន្ត ស.រ.អា. ។ លោក​កើត​ក្នុង​គ្រួសារ​មួយ​ដែល​បាន​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ​ប៊ីប ។ នៅក្នុង​យុវវ័យ​របស់​លោក លោក​បាន​ចាប់​អារម្មណ៍​លើ​សាសនា ហើយ​ជួបប្រទះនឹង « ការរំជួល​ជា​ខ្លាំង » ទៅលើ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទជាមួយ « អាចារ្យ​ម្នាក់​ទាស់​នឹង​អាចារ្យ​ម្នាក់​ទៀត ហើយ​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​ទាស់​នឹង​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​ទៀត » ( យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៦ ) ។

ការរំជួល​ជា​ខ្លាំង​នេះ … បាន​ចាប់ផ្តើម​ជា​ច្រើន​សតវត្សរ៍​មុន​នៅ​អ្វី​ដែល​ហៅ​ថា ការក្បត់សាសនា​ដ៏​ធំ ។ សាវក​ប៉ុល​បាន​ថ្លែង​ថាជា ថ្ងៃ​នៃ​ព្រះគ្រីស្ទ « ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន » ( ថែស្សាឡូនិច​ទី ២ ២:៣ ) ។

ពីរបី​ទសវត្សរ៍​បន្ទាប់​ពី​ការមាន​ព្រះជន្ម​របស់​ព្រះគ្រីស្ទ សាវក​របស់​ទ្រង់​ត្រូវបាន​សម្លាប់ ការបង្រៀន​របស់​ទ្រង់​បាន​ពុករលួយ ហើយ​បព្វជិតភាព​ត្រូវបាន​ដក​ចេញពី​ផែនដី ។ ប៉ុន្តែ ប៉ុល ដោយ​បាន​ឃើញ​អំពី​ជំនាន់​យើង​បាន​ទស្សទាយ « ថា ការ​កាន់​កាប់​ត្រួតត្រាក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ [ ព្រះ​នឹង ] បំព្រួញ​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ( អេភេសូរ ១:១០ ) ។ ទ្រង់​នឹង​ស្តារ​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ​មក​កាន់​ផែនដី​ម្តង​ទៀត ។ …

យ៉ូសែប​ទទួល​បាន​ចម្លើយ

យ៉ូសែប … នៅ​អាយុ ១៤ ឆ្នាំ​បាន​ឃើញ​ថា​គាត់​ជាប់​ចិត្ត​នៅក្នុង « ការ​ជ្រួលច្របល់​ខាង​គំនិត​ជឿ​លើ [ សាសនា ] នេះ » ។ ជារឿយៗ​លោក​បាន​សួរ​ខ្លួន​ឯង​ថា « បើ​សិន​ជា​មាន​ព្រះវិហារ​ណា​មួយ​ក្នុង​ចំណោម [ ព្រះវិហារ​ទាំង​នេះ ] ​ដែល​ត្រូវ នោះ​តើ​មួយ​ណា​ទៅ ហើយ​តើ​ខ្ញុំ​នឹង​ស្គាល់​តាម​របៀប​ណា​បាន ? » ( យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:១០ ) ។

យ៉ូសែប បាន​បើក​ព្រះគម្ពីរ​ប៊ីប​ដើម្បី​បាន​ចម្លើយ ។ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ( យ៉ាកុប ១:៥ ) ។

រូបភាព
joseph praying

រូបភាព​លម្អិត​ដកស្រង់​ពី បំណង​ប្រាថ្នា​នៃ​ចិត្ត​របស់​ខ្ញុំ​ទី II ដោយ វលធើរ រេន

ការធ្វើតាម​ការណែនាំ​របស់​យ៉ាកុប យ៉ូសែប​ទៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​របស់​លោក ហើយ​អធិស្ឋាន ។ នៅពេល​លោក​អំពាវ​ដល់​ព្រះ « បង្គោល​ពន្លឺ​មួយ … ចុះ​មក » ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​ពន្លឺ​ព្រះអាទិត្យ​នា​ពេល​កណ្តាល​ថ្ងៃត្រង់ទៅទៀត ហើយ « តួអង្គពីរ » បាន​បង្ហាញ​ព្រះកាយ​មក ។ « តួអង្គ​មួយ​មាន​ព្រះបន្ទូល … ដោយ​ហៅ​ឈ្មោះ [ យ៉ូសែប ] ហើយ​ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត ដោយ​មាន​ព្រះបន្ទូល​ថា — នេះ​ជា​ព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:១៦–១៧ ) ។

ព្រះ​ជាព្រះបិតា និង​ព្រះរាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​បាន​សន្ទនា​ជាមួយ​យ៉ូសែប ។ ពួក​ទ្រង់​ឆ្លើយ​សំណួរ​របស់​លោក ។ ពួកទ្រង់​បាន​បង្រៀន​លោក​ថា សាសនាចក្រ​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​បាត់បង់​ពី​លើ​ផែនដី​នេះ​ហើយ ។ យ៉ូសែប បាន​រៀន​ថា សមាជិក​ក្រុម​ព្រះ​គឺ​មាន​រូបកាយ​ដាច់​ដោយឡែក និង​ផ្សេងពីគ្នា ពួកទ្រង់​ស្គាល់​ឈ្មោះ​លោក ហើយ​ពួកទ្រង់​មាន​ព្រះទ័យ​ឆ្លើយ​តប​ការអធិស្ឋាន​លោក ។ ស្ថានសួគ៌​បាន​បើក​ឡើង យប់​នៃ​ការក្បត់​សាសនា​បាន​បញ្ចប់ ហើយ​ពន្លឺ​នៃ​ដំណឹងល្អ​បាន​ចាប់ផ្តើម​រះឡើង ។

ដូច​យ៉ូសែប​ដែរ ពួកយើង​ជា​ច្រើន​ឃើញ​ថា ខ្លួន​យើង​ស្វែងរក​ពន្លឺ​នៃ​សេចក្តីពិត ។ … ដូច​យ៉ូសែបដែរ យើង​ត្រូវ​ស្រាវជ្រាវ​ព្រះគម្ពីរ អធិស្ឋាន …[ មាន ] ការបន្ទាប​ខ្លួន និង [ រៀន ] អនុវត្ត​សេចក្តីជំនឿ ។

មរ៉ូណៃ និង​ផ្ទាំង​មាស

អំឡុង​ពេល​បី​ឆ្នាំ​ក្រោយ​ពី​ការនិមិត្ត​ដំបូង​របស់​លោក យ៉ូសែប [ បាន​និយាយ​ថា ជា​រឿយៗ​លោក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ដោយសារ​តែ​ភាព​ទន់ខ្សោយ និង​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​លោក ] ។ ប៉ុន្តែ​លោក​ពុំ​បាត់បង់​សេចក្តីជំនឿ ឬ​បំភ្លេច​អំណាច​នៃ​ការអធិស្ឋាន​ឡើយ ។

នៅ​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ នៅ​អាយុ ១៧ ឆ្នាំ [ យ៉ូសែប ] បាន​លុត​ជង្គង់​ទូល​សូម « សូម​ក្ដី​អភ័យទោស​ចំពោះ​អស់​ទាំង​អំពើ​បាប [ របស់​លោក ] … និង [ ដើម្បី​ដឹង​អំពី ] ជំហរ​របស់​លោក​ចំពោះ [ ព្រះ ] ( សូមមើល យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:២៩ ) ។ ពេល​លោក​បាន​អធិស្ឋាន ពន្លឺ​មួយ … បាន​រះ​ខ្លាំង​ឡើង « រហូត​ធ្វើ​ឲ្យ​វា​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ត្រង់​ទៅ​ទៀត » ( ខទី ៣០ ) ។ នៅក្នុង​ពន្លឺ​នោះ​មាន​តួអង្គ​មួយ​បាន​ឈរ​ដោយ​ស្លៀក​ពាក់​រ៉ូប « ស​ក្រៃលែង » ( ខទី ៣១ ) ។ ទ្រង់​បាន​ហៅ​ឈ្មោះ​យ៉ូសែប ហើយ​ណែនាំ​ឈ្មោះ​ទ្រង់​ថា​ជា​មរ៉ូណៃ ។ ទ្រង់​បាន​ថ្លែង​ថា ព្រះ​មាន​កិច្ចការ​មួយ​ដើម្បី​ឲ្យ [ យ៉ូសែប ស្ម៊ីធ ] ធ្វើ » ហើយ​បាន​ប្រាប់​លោក​អំពី​កំណត់ត្រា​បុរាណ « សរសេរ​នៅលើ​ផ្ទាំង​មាស » ដែល​ក្លាយ​ជា​ព្រះគម្ពីរ​មរមន​ពេល​បកប្រែ ។ ព្រះគម្ពីរ​នោះ​មាន​កំណត់ត្រា​នៃ​ភាពពេញលេញ​នៃ​ដំណឹង​ល្អ ។ ( សូមមើល​ខ​ទី ៣៣–៣៤ ) ។ … យ៉ូសែប​ត្រូវ​បានដឹកនាំ​ទៅ​រក … កំណត់ត្រា​នោះ ដែល​កប់​ទុក … [ នៅក្នុង​ដី ] ក្បែរ​កូនភ្នំ … គូម៉ូរ៉ា ។

នៅ​ថ្ងៃ​បន្ទាប់​មក យ៉ូសែប បាន​រកឃើញ​ផ្ទាំងចំណារ ប៉ុន្តែ​ពេល​ដែល​ត្រូវ​យក​ផ្ទាំងចំណារ​នោះ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ ។ មរ៉ូណៃ​បាន​បង្គាប់​យ៉ូសែប​ឲ្យ​ជួប​ទ្រង់​នៅ​ទីនោះ​នៅ​ថ្ងៃ​ដដែល​រៀងរាល់​ឆ្នាំ​រយៈពេល​បួន​ឆ្នាំ ( សូមមើល​ខទី ៥២–៥៣ ) ។ យ៉ូសែប​បាន​គោរពតាម ។ រៀងរាល់​ឆ្នាំ​លោក​បាន​ទៅ​លើ​កូន​ភ្នំ​នោះ ជា​កន្លែង​ដែល​មរ៉ូណៃ​ផ្តល់ « ការបង្គាប់ » ( ខទី ៥៤ ) ទាក់ទង​នឹង​ការស្តារ​ឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ …

យ៉ូសែប​បាន​ទទួល​ផ្ទាំង​ចំណារ​នៅ​ថ្ងៃ​ទី ២២ ខែ កញ្ញា ឆ្នាំ ១៨២៧ នៅ​អាយុ ២១ ឆ្នាំ ។ លោក​ក៏​បាន​ទទួល​ឧបករណ៍​បុរាណ​សម្រាប់​បកប្រែ​គម្ពីរ​នោះ​ដែលហៅថា យូរីម និង ធូមីម ។ យ៉ូសែប ស្ម៊ីធ​ បាន​ចាប់​ផ្តើម​ការងារ​បកប្រែ​ដោយ​ប្រើប្រាស់​ឧបករណ៍​បកប្រែ​ពិសិដ្ឋនេះ រួមជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

ការស្តារ​ឡើង​វិញ​បានលាត​ត្រដាង​ឡើង

នៅ​អាយុ ២៣ ឆ្នាំ យ៉ូសែប កំពុង​បកប្រែ​ផ្ទាំងចំណារ​ ពេល​លោក និង [ អ្នក​កត់​ត្រា​ឲ្យ​លោក ] អូលីវើរ [ ខៅឌើរី ] បាន​បក​ប្រែ​មក​ដល់​វគ្គ​បទគម្ពីរ​មួយ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​ការ​ផ្ដាច់​បាប ។ … ពួក​លោក​ចង់​ដឹង​បន្ថែម​ទៀត ។ យ៉ូសែប​បាន​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ​អ្វី​ហើយ ។

នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ [ យ៉ូសែប និង អូលីវើរ ] បាន​ទៅ​ក្នុង​ព្រៃ​ដើម្បី​ទូល​សួរ​ព្រះអម្ចាស់ ។ ខណៈដែល​កំពុង​តែ​អធិស្ឋាន នោះ​យ៉ូហាន បាទីស្ទ បាន​លេច​មក « ​នៅ​លើ​ពពក​នៃ​ពន្លឺ » ( យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៦៨ ) ។ លោក … បាន​ជ្រមុជ​ទឹក​ព្រះអង្គសង្គ្រោះ​ដោយ​ផ្ទាល់ [ ហើយ ] លោក​កាន់​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នោះ​តាមរយៈ​សិទ្ធិ​អំណាច​ពី​ព្រះ ។

… យ៉ូហាន … បាន​ដាក់​ដៃ​លើ [ ក្បាល​របស់​យ៉ូសែប និង​អូលីវើរ ] ហើយ​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​ពួកលោក [ ម្នាក់ៗ ] ( សូមមើល គ. និង ស. ១៣; យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៦៨–៦៩ ) ។ … នៅ​ចុង​ខែ ​ឧសភា ឬ​ដើម​ខែ ​មិថុនា ឆ្នាំ ១៨២៩ បព្វជិតភាពមិលគីស្សាដែក ឬ​បព្វជិតភាព​ខ្ពស់​ជាង​ត្រូវបាន​ប្រគល់​ឲ្យ​ដល់​យ៉ូសែប និង​អូលីវើរ ដោយ​សាវក ពេត្រុស យ៉ាកុប និង យ៉ូហាន ។

រូបភាព
conferring the Aaronic Priesthood

ការស្តារឡើង​វិញ​នៃ​បព្វជិតភាព​មិលគីស្សាដែក ដោយ វលធើរ រេន

ការបកប្រែ​ព្រះគម្ពីរ​មរមន​ក៏​បាន​បញ្ចប់​នៅ​ខែ​មិថុនា​នោះ ហើយ​ព្រះគម្ពីរ​នេះ​បាន​បោះពុម្ព​នៅ​ថ្ងៃ​ទី ២៦ ខែ មិនា ឆ្នាំ ១៨៣០ ។ … ជា​ច្រើន​ថ្ងៃ​ក្រោយ​មក​គឺ​នៅ​ថ្ងៃ​ទី ៦ ខែ មេសា សាសនាចក្រ​ត្រូវបាន​បើក​ជា​ផ្លូវ​ការ ។ … ដូច​បាន​ព្យាករ​ដោយ​ប៉ុល សាសនាចក្រ​បុរាណ​របស់​ព្រះគ្រីស្ទ​បាន​បង្កើត​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ​សារ​ជា​ថ្មី​ម្តង​ទៀត ។

ប៉ុន្តែ​កិច្ចការ​នៃ​ការស្តារ​ឡើង​វិញ​ពុំ​ទាន់​ចប់​នៅឡើយ​ទេ ។ [ ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ គឺ​ជា​ព្រះវិហារបរិសុទ្ធ​ដំបូង​គេ ដែល​បាន​សាងសង់​នៅក្នុង​គ្រា​កាន់​កាប់ត្រួត​ត្រា​នេះ ] ត្រូវបាន​ឧទ្ទិស​ឆ្លង … នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ មួយ​សប្តាហ៍​ក្រោយ​មក​គឺ​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ការប្រជុំ​មួយ​បាន​ធ្វើ​ឡើង​នៅទីនោះ ។ បន្ទាប់​ពី​ការអិស្ឋាន​ដ៏​ឱឡារិក និង​ស្ងប់ស្ងាត់​មក … ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ [ បាន​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​យ៉ូសែប និង​អូលីវើរ ] ។ … ម៉ូសេ, អេលីយ៉ា និង​អេលីសេ បាន​បង្ហាញ​ខ្លួន [ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ] ហើយ [ ប្រទាន​កូនសោ​បព្វជិតភាព ] ដល់​យ៉ូសែប ( សូមមើល គ. និង ស. ១១០ ) ។

រូបភាព
in the Kirtland Temple

រូបភាព​លម្អិត​ដកស្រង់​ពី ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង​អូលីវើរ​ ខៅឌើរី ដោយ វលធើរ រេន

លំនាំ​សម្រាប់​យើង​ឲ្យ​ធ្វើ​តាម

បងប្អូន​ប្រុសស្រី​ តើ​យើង​អាច​ឃើញ​ពី​លំនាំ​នោះ​ដែរ​ឬ​ទេ ? គ្រប់​ព្រឹត្តិការណ៍​ធំៗ​នៃ​ការស្តារ​ឡើង​វិញ — ការនិមិត្ត​ដំបូង, ការបង្ហាញ​ខ្លួន​របស់​មរ៉ូណៃ និង​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន, ការស្តារ​ឡើង​វិញ​នៃ​បព្វជិតភាព និង​ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ [ នៅក្នុង ] ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ — បាន​កើត​ឡើង​តាមរយៈ​ការអធិស្ឋាន ។ …

[ ជាច្រើន​លើក​ច្រើន​គ្រា ] ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​សាក្សី​អំពី​ព្រះវិញ្ញាណ​នៃ​ព្រះ​ដែល​មិន​អាច​បដិសេធ​បាន ដូចជា​ភ្លើង​ឆេះ​ក្នុង​ចិត្ត​ខ្ញុំ​ថា ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​គឺ​ពិត ។ … [ ប្រសិនបើ​អ្នក​ពុំ​ដឹង​រឿង​ទាំង​នេះ​ដោយ​ខ្លួន​ឯង​ទេ ] នោះ​ខ្ញុំ​សូម​ផ្តល់​យោបល់​ដោយ​ទទួល​យក​ការអញ្ជើញ​ឲ្យ​ដែល​មរ៉ូណៃ​បាន​ប្រាប់​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា ៖ « ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។ ហើយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៤–៥ ) ។ …

…សូម​ធ្វើតាម​គំរូ​របស់​យ៉ូសែប ស្ម៊ីធ និង​លំនាំ​នៃ​ការស្តារ​ឡើង​វិញ ។ សូមបើក​ព្រះគម្ពីរ ។ សូម​លុត​ជង្គង់​អធិស្ឋាន ។ សូម​ដោយ​ចិត្ត​ជឿ ។ សូម​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ … ហើយ​នៅក្នុង​ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​សូម​សន្យា​ថា « ប្រសិនបើ​អ្នក​នឹង … សូម​ដល់ [ ព្រះវរបិតា​សួគ៌ ] ដោយ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ដោយ​មាន​ចិត្ត​ឧស្សាហ៍​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ [ របស់​ព្រះអម្ចាស់ ] នោះ​រឿង​ទាំង​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​អ្នក​ដឹង​ជា​ប្រាកដ ។ ( នីហ្វៃ​ទី ១ ១៥:១១ ) ។