២០១៨
ការ​រៀន​ស្គាល់​ព្រះអង្គសង្គ្រោះ
April 2018


ការ​រៀន ស្គាល់ ព្រះអង្គសង្គ្រោះ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ពេល​អ្នក​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ អ្នក​អញ្ជើញ​ភាពសុខសាន្ត វត្តមាន​របស់​ទ្រង់​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ។

រូបភាព
Christ praying

រូបភាព​លម្អិត​មកពី តើ​ប្រាំបួន​នាក់​ទៀតនៅ​ឯណា ដោយលី លេមុន ស្វីនដល

សូម​ស្រមៃ​ថា អាន អ្វីៗ​គ្រប់យ៉ាង អំពី​ព្រះអង្គសង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ — ព្រះគម្ពីរ​បរិសុទ្ធ, ព្រះគម្ពីរ​មរមន, ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា និង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ ចូរ​និយាយ​អំពីពេលវេលា និង​ការខិតខំ​ដ៏​ច្រើន​នោះ ! ប៉ុន្តែនៅ​ខែ​ មករា ឆ្នាំ ២០១៧ ​ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ការអញ្ជើញ​មួយ​ឲ្យ​គ្រាន់តែ​ធ្វើ​ដូច្នេះ — គឺ​សិក្សា​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​បន្ទូល និង​បានធ្វើ​នៅក្នុង​បទដ្ឋាន​ព្រះគម្ពីរ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ការបំពេញ​គម្រោង​នោះ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា « មនុស្ស​ផ្សេង​ម្នាក់ » ។ លោក​ពុំ​គ្រាន់តែ​រៀន​កាន់តែ​ច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​មាន​អារម្មណ៍​ថា​ មាន​ភក្តីភាព​ជាថ្មី​ចំពោះ​ទ្រង់ ។

អ្នក​ក៏​អាច​ខិតកាន់តែ​ជិត​ព្រះគ្រីស្ទ​ពេល​អ្នក​រៀន​អំពី​ទ្រង់ ។ ការសិក្សា​អំពី​ជីវិត និង​គោលបំណង​របស់​ទ្រង់ នាំ​ឲ្យ​ភាពសុខសាន្ត​របស់​ទ្រង់​មានក្នុង​ជីវិត​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ស្គាល់​ទ្រង់ និង​ព្រះវរបិតាសួគ៌​ ។ សូមអាន​អំពីរបៀប​ដែល​យុវវ័យ​ទាំង​នេះ​បាន​ឆ្លើយ​សំណួរ​ទាំង​ពី​រ​នេះ ៖ ( ១ ) តើ​មាន​រឿង​អ្វីខ្លះអំពី​ព្រះអង្គ​សង្គ្រោះ​ក្នុង​ព្រះគម្ពីរ​ដែល​អ្នក​ពេញចិត្ត ហើយ​ដោយ​មូលហេតុអ្វី ? ( ២ ) ហើយ​តើ​ការសិក្សា​ដំណឹងល្អ​របស់​អ្នក​បាន​នាំ​ឲ្យ​អ្នក​មាន​ភាពសុខសាន្ត​យ៉ាង​ដូចម្តេច ?

ខ្ញុំ​ចូលចិត្ត​រឿង​របស់​ពួក​មនុស្ស​ឃ្លង់ ១០ នាក់​ដោយសារ​ព្រះគ្រីស្ទ​បាន​បង្ហាញ​សេចក្តីស្រឡាញ់​ដ៏ខ្លាំងដល់​មនុស្ស​ឃ្លង់​ដែលបាន​ថ្លែង​អំណរគុណ​ដល់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា « សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ » ( លូកា ១៧:១៩ សូមមើល ខ​ទី ១១–១៩ ) ។ ខ្ញុំ​ស្រឡាញ់​សេចក្តីសប្បុរស​ដ៏​ស្មោះត្រង់​ដែល​ទ្រង់​បង្ហាញ​ដល់​មនុស្ស​គ្រប់​គ្នា ។

ដោយសារ​តែ​សោកនាដកម្ម​មួយ​ចំនួន​នា​ពេល​ថ្មីៗ​នេះ​នៅ​សាលា​រៀន​ខ្ញុំ មនុស្ស​គ្រប់​គ្នា​នៅទី​នោះ​ត្រូវការ​ភាពសុខសាន្ត និង​ការលួងលោម​ជា​ខ្លាំង ។ ខ្ញុំ​បាន​រកឃើញ​ភាពរឹងមាំ និង​ភាពសុខសាន្ត​តាមរយៈ​ការសិក្សា​នៅ​ថ្នាក់​សិក្ខា​សាលា​របស់​ខ្ញុំ ។ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ធ្វើ​ឲ្យ​ព្រះគម្ពីរ និង​ដំណឹង​ល្អ​ក្លាយ​ជា​រឿង​ផ្ទាល់​ខ្លួន​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដើម្បី​ឃើញ​ពី​ភាព​ផ្ទុយ​គ្នា​នៅក្នុង​ថ្នាក់​សិក្ខាសាលា បើ​ប្រៀបធៀប​ទៅនឹង​ថ្នាក់​រៀន​ធម្មតា ។ នៅទីនោះ​មាន​នូវ​អារម្មណ៍​ប្លែក​មួយ​កើត​ឡើង​ដែល​នាំ​ឲ្យមាន​ភាពសុខសាន្ត ។

កាព្រីយ៉ែល អេស អាយុ ១៦ ឆ្នាំ ខាឡូរ៉ាដូ ស.រ.អា.

រឿង​របស់​អាលម៉ា​អំពី​សេចក្តីជំនឿ​ និង​ព្រះបន្ទូល​ព្រះ ( សូមមើល អាលម៉ា ៣២:១៨–៤៣ ) បាន​បង្រៀន​ខ្ញុំ​ថា ពេល​យើង​សាបព្រួស​សេចក្តីស្រឡាញ់ នោះ​យើង​ទទួល​បាន​សេចក្តីស្រឡាញ់ ។ ដូច​អាលម៉ា​ពន្យល់​ដល់​សាសន៍​សូរាំ សេចក្តីជំនឿ​គឺ​ដូច​ជា​គ្រាប់ពូជ ។ វា​គឺ​ជា​ការជឿ​ថា មាន​អ្វី​មួយ​ពិត​ប្រាកដ​ដែល​មើល​ពុំ​ឃើញ ។ សេចក្តីជំនឿ​រីកចម្រើន​ពេល​បុគ្គល​ម្នាក់​មាន​បំណង​ប្រាថ្នា​ជឿ ហើយ​ស្តាប់​បន្ទូល​ព្រះ ។ អ្វីៗ​ទាំង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ងប់​ចិត្ត ពង្រឹង​ដួងចិត្ត​ខ្ញុំ ហើយ​ទទួល​ទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌​ទត​មក​ខ្ញុំ​ដោយ​ព្រះនេត្រ​នៃ​សេចក្តីស្រឡាញ់ និង​ក្តីមេត្តាករុណា ។

ពេល​ខ្ញុំ​សិក្សព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ខ្ញុំ​យល់​បាន​កាន់តែ​ច្បាស់​អំពី​សេចក្តីស្រឡាញ់​ដែល​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​យើង​ម្នាក់ៗ ។ ចំណេះ​ដឹង​នេះ​ជួយ​ខ្ញុំ​ពន្យល់​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​សាលា​រៀន​ថា ពួកគេ​ពុំ​នៅ​ឯកោ​ឡើយ ពេល​ពួកគេ​មាន​បញ្ហា ដោយសារ​មាន​ព្រះ​ស្រឡាញ់​ពួកគេ ។

ម៉ារៀ ឌី អាយុ ១៧ ឆ្នាំ ទីក្រុង ហ្គោលដាឡាចារ៉ា ប្រទេសអេស្ប៉ាញ

រូបភាព
Christ with children

រូបភាព​លម្អិត​មកពី ព្រះគ្រីស្ទ និង​កូនក្មេង​ក្នុង​ព្រះគម្ពីរ​មរមន ដោយ ឌេល ផាសិន

ខ្ញុំ​ចូលចិត្ត​នីហ្វៃ​ទី ៣ ជំពូក ១៧ ពេល​ព្រះអង្គសង្គ្រោះ​យាង​ទៅ​ទ្វីបអាមេរិក ហើយ​អញ្ជើញ​ក្មេងៗ​ឲ្យ​ទៅ​រក​ទ្រង់ ។ ទ្រង់​គង់​នៅ​ជាមួយ​ពួកគេ ហើយចំណាយ​ពេល​ជាមួយ​ពួកគេ​ម្តង​ម្នាក់ៗ ។ នោះ​គឺ​ជា​រឿង​ដ៏អស្ចារ្យ​មួយ​ចំពោះ​ខ្ញុំ​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ជានរណា និង​ក្តីស្រឡាញ់​ដ៏ធំធេង​ដែល​ទ្រង់​មាន​ចំពោះ​ពួកយើង​ម្នាក់ៗ ។ ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​ពួកយើង​ម្នាក់ៗ​ផងដែរ ពេល​យើង​ត្រូវការ​ជំនួយ​ទ្រង់ ។

ឆ្នាំ​នេះ​ខ្ញុំ​បាន​អញ្ជើញ​ខ្លួន​ឯង​ឲ្យ​អាន​ព្រះគម្ពីរ​មួយ​ទំព័រ​រៀងរាល់​ថ្ងៃ ។ ពេល​ខ្ញុំ​បាន​ធ្វើ​បែប​នោះ ខ្ញុំ​បាន​បង្កើន​ការទន្ទឹង​ចង់​អាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ ។ ខ្ញុំ​បាន​រៀន​ច្រើន​មក​ពី​ព្រះបន្ទូល និង​រឿងនានា​នៅ​ក្នុង​ព្រះគម្ពីរ ពេល​ខ្ញុំ​បាន​ព្យាយាម​ចំណាយពេល​យល់​ពី​បទគម្ពីរ​នោះ ហើយ​ខ្ញុំ​បាន​ខិតកាន់តែ​ជិត​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ និង​ព្រះអង្គសង្គ្រោះ ពេល​ខ្ញុំ​បាន​រៀន​អំពី​ពួកទ្រង់​ផងដែរ ។ ការធ្វើ​បែប​នោះ​បាន​នាំ​ឲ្យ​មាន​ភាព​សុខសាន្ត​ក្នុង​ជីវិត​ខ្ញុំ​យ៉ាង​ខ្លាំង ។

អាណា ស៊ី អាយុ ១៧ ឆ្នាំ រដ្ឋ ម៉នថាណា ស.រ.អា.

ខ្ញុំ​ចូលចិត្ត​ពេល​ព្រះគ្រីស្ទ​យាង​ទៅ​ទ្វីបអាមេរិក ដោយសួរបើសិន​មាន​អ្នក​ណា​ឈឺ និង​រងទុក្ខ​ក្នុង​ចំណោម​ពួកគេ បន្ទាប់​មក​ទ្រង់បាន​ព្យាបាល​ពួកគេ ។ ក្រោយមក​ទ្រង់​ប្រសិទ្ធពរ​ដល់​កុមារ​តូចៗ ។ ( សូមមើល នីហ្វៃ​ទី ៣ ១៧ ) ។ ខ្ញុំ​គិត​ថា វា​គឺ​ជារឿង​ដ៏អស្ចារ្យ និង​មាន​អនុភាព ។ ខ្ញុំ​ចូលចិត្ត​ក្មេង​តូចៗ ហើយ​ខ្ញុំ​ចូលចិត្ត​ពេល​មាន​មនុស្ស​ផ្តល់​ក្តីស្រឡាញ់​បន្ថែម​ទៀត​ដល់​ពួកគេ ដោយសារ​ក្មេង​មានភាព​បរិសុទ្ធ​ណាស់ ។ រឿង​នោះ​បង្ហាញ​ខ្ញុំ​នូវ​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​ពួកយើង ។ ដោយសារ​កាល​នោះ​ទ្រង់​ស្រឡាញ់​មនុស្ស​រហូត​ដល់ ទ្រង់​បានធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ទ្រង់​បានធ្វើ នោះ​ទ្រង់​អាច​ស្រឡាញ់​យើង​ផងដែរ​នា​ពេល​បច្ចុប្បន្ន​នេះ ។

អេសាយ ៥៣:៣ ចែង​ថា ព្រះអង្គសង្គ្រោះ​គឺ​ជា « មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺ​ចាប់ » ។ ពេល​ខ្ញុំ​គិត​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ អ្វី​ដែល​ទ្រង់​បាន​ឆ្លង​កាត់​សម្រាប់​ពួកយើង និង​របៀប​ដែល​ខ្ញុំ​អាច​ត្រូវបាន​អភ័យទោស ​ពេល​ខ្ញុំ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្ញុំ នោះ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សុខសាន្ត​យ៉ាង​ខ្លាំង ។ មនុស្ស​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​មរមន — បុត្រា​របស់​ម៉ូសាយ, អាំម៉ូន, និង​អាលម៉ាកូន — មាន​កំហុស​កាលពី​អតីតកាល​ ប៉ុន្តែ​ពួកគេ​អាច​បាន​ការអត់ទោស ។ ពួកគេ​បាន​ត្រឡប់​ទៅ​រក​ព្រះគ្រីស្ទ​វិញ បាន​ប្រែចិត្ត ហើយ​ក្លាយ​ជា​គំរូ​ដ៏​អាស្ចារ្យ​ដែល​យើង​អាច​រៀន​ពី​ពួកគេ​សព្វថ្ងៃ​នេះ ។ វា​លួងលោម​ខ្ញុំ​ដោយ​ដឹង​ថា ខ្ញុំ​អាច​ត្រូវបាន​អភ័យទោស​ឲ្យ ។

អាលីណា ធី អាយុ ១៨ ឆ្នាំ អូរីហ្គិន ស.រ.អា.

រឿង​ក្នុង​គម្ពីរ​ដែល​ខ្ញុំ​ពេញចិត្ត​អំពី​ព្រះយេស៊ូវ​គឺ ពេល​ទ្រង់​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ស្រា​អំឡុងពេល​មង្គលការ​មួយ​ បន្ទាប់​ពី​ម្តាយ​ទ្រង់​បាន​ប្រាប់​ទ្រង់ ( សូមមើល យ៉ូហាន ២:១–១១ ) ។ នេះគឺជារឿង​ដែល​ខ្ញុំ​ពេញចិត្ត ដោយសារ​វា​បង្ហាញ​អំពី​ការគោរព​របស់​ព្រះយេស៊ូវ​ដល់​ស្ត្រី និង​ម្តាយ​របស់​ទ្រង់​នៅក្នុង​ពេល​ពិសេស​មួយ ។ រឿង​នេះ​ជំរុញ​ចិត្ត​កុមារ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​ខ្លួន ពុំមែន​ដោយ​ការភ័យខ្លាច​ឡើយ ប៉ុន្តែ​ដោយ​ក្តីស្រឡាញ់​ដ៏ធំមហិមា​វិញ ។ គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​គំរូ​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​ព្យាយាម​ធ្វើ​តាម ។ សេចក្តីស្រឡាញ់​របស់ទ្រង់​ចំពោះ​ម្តាយ​ទ្រង់​គឺពុំដែល​ឈប់​សោះឡើយ ហើយ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ឪពុកម្តាយ​យើង​ក៏​ដូច្នោះ​ផង​ដែរ ។ វា​គឺ​ជា​បទគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត​ដោយសារ​អព្ភូត​ហេតុ​របស់​ទ្រង់​គឺ​ជា​ទង្វើ​នៃ​ការបម្រើ ហើយ​យើង​ក៏​អាច​បង្កើត​អព្ភូតហេតុ​បាន​ផងដែរ តាមរយៈ​ការជួយ​អ្នកដទៃ ។

រឿង​នេះ និង​រឿង​ផ្សេង​ទៀត​នៅក្នុ​ង​ព្រះគម្ពីរ​បាននាំ​ភាពសុខសាន្ត​ដល់​ខ្ញុំ ។ វា​ពិត​ជា​ការលួងលោម​ណាស់​ដែល​ដឹង​ថា ប្រសិនបើ​ខ្ញុំព្យាយាម​ជានិច្ច​ក្នុងការ​រៀនអំពី​ព្រះគ្រីស្ទ ហើយ​ធ្វើតាម​ការបង្រៀន​របស់​ទ្រង់ នោះ​ខ្ញុំ​អាច​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​របស់​យើង​នៅ​ថ្ងៃ​ខាង​មុខ ។

អានី អ័រ អាយុ ១៧ ឆ្នាំ រស់​នៅ​ទីក្រុង វីតូរីយ៉ា អូស្ត្រាលី

ខ្ញុំ​ចូលចិត្ត​រឿង​មួយ ពេល​ព្រះគ្រីស្ទ​កំពុង​យាង​ដើរលើ​ទឹក ។ ទ្រង់​យាង​ដើរ​ទៅ​រក​ទូក​ដែល​ពួកសាវក​ទាំងអស់​កំពុង​ជិះ ហើយ​ទ្រង់​បាន​អញ្ជើញ​ឲ្យ​ពេត្រុស​ដើរ​លើ​ទឹក ។ ដំបូង​ពេត្រុស​មាន​ជំនឿ ហើយ​អាច​ដើរ​លើ​ទឹក​បាន ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​បាត់បង់​សេចក្តីជំនឿ​ ហើយ​គាត់​បាន​ចាប់ផ្តើម​លិច​ទៅក្នុង​ទឹក ។ ក្រោយ​មក​ព្រះគ្រីស្ទ​ឈោង​ព្រះហស្ត​ទ្រង់​ទៅ ហើយ​ចាប់​គាត់​ឡើង​ពី​ទឹក​វិញ ( សូមមើល ម៉ាថាយ ១៤:២៥–៣៣) ។ ខ្ញុំ​ចាប់អារម្មណ៍​នឹង​រឿង​នេះ​ដោយសារ​ព្រះគ្រីស្ទ​លូក​ព្រះហស្ត​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង​ជានិច្ច​—​គឺ​ទ្រង់​ការពារ​យើង ។

ការសិក្សា​របស់​ខ្ញុំ​ជួយ​ខ្ញុំ ដោយសារ​ខ្ញុំ​សិក្សា​ព្រះគម្ពីរ​នៅពេល​ព្រឹក ហើយ​វា​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ប្រសើរ​ឡើង ។ ពេល​ខ្ញុំ​ពុំ​សិក្សា ខ្ញុំ​ពុំ​សប្បាយចិត្ត និង​រីករាយ​ឡើយ​នៅ​ថ្ងៃ​នោះ—គឺ​ខ្ញុំ​គ្មាន​អារម្មណ៍​ល្អ​តែ​ម្ដង ។ នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​ទៀងទាត់​នៅពេល​ព្រឹក ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ច្រើន​នៅ​ថ្ងៃ​នោះ ដោយសារ​ខ្ញុំ​កំពុង​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ជាមួយ​ខ្ញុំ​អំឡុងពេល​នៃ​ថ្ងៃ​នោះ ។

ជេមស៍ ខេ អាយុ ១៧ ឆ្នាំ រដ្ឋ អាឡាស្កា ស.រ.អា.

រូបភាព
Christ and the rich young man

រូបភាព​លម្អិត​មកពី ព្រះគ្រីស្ទ និងកម្លោះអ្នកមាន ដោយ ហៀនរីច ហូហ្វម៉ាន់

ខ្ញុំ​ចូលចិត្ត​រឿង​អំពី​ព្រះគ្រីស្ទ និង​កម្លោះ​អ្នក​មាន ( សូមមើល ម៉ាកុស ១០:១៧–២២ ) ។ រឿង​នោះ​ផ្តល់​ការយល់ដឹង និង​ទស្សនវិស័យ​ច្រើន​ដល់​ខ្ញុំ​អំពី​ការដាក់​ព្រះ​ជា​អាទិភាព​លើ​អ្វីៗ​ទាំង​អស់ ។ ការ​ត្រូវបាន​សុំ​ឲ្យ​លក់​គ្រប់​ទ្រព្យ​សម្បត្តិ​ទាំងអស់​ដែល​មាន​គឺ​ជា​សំណើសុំ​ដ៏​សែន​ពិបាក​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការមាន​ចិត្ត​ដាក់​ព្រះ​នៅ​មុន​ទ្រព្យ​សម្បត្តិ​គឺ​ជា​រឿង​មួយ​ដែល​យើង​ម្នាក់ៗ​ត្រូវ​រៀន​នៅក្នុង​ជីវិត​នេះ ។ សេចក្តីស្រឡាញ់​ឥត​ដែន​កំណត់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​យើង​គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ។ ប្រាកដ​ណាស់ វា​ប្រសើរ​ជាង​ចំនួន​ទឹកប្រាក់​ ឬ​ទ្រព្យសម្បត្តិ​ដែល​យើង​រកបាន​នៅក្នុង​ជីវិត​នេះ​ទៅ​ទៀត ។

ការអាន​ព្រះគម្ពីរ​នាំ​ខ្ញុំ​ឲ្យ​មានភាពសុខសាន្ត និង​ការលួងលោម ព្រមទាំង​មាន​ប្រាជ្ញា និង​ការយល់​ដឹង​កាន់តែ​អស្ចារ្យ ។ ទោះបី​ខ្ញុំ​ពុំ​អាច​ទទួល​អារម្មណ៍​នៃ​អនុភាព​អំពី​ការសិក្សា​ព្រះគម្ពីរ​ភ្លាមៗ​ក្តី ខ្ញុំ​ដឹង​ថា​ការអាន​ព្រះគម្ពីរ​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​ខ្ញុំ ហើយ​ជួយ​ខ្ញុំឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និងស្គាល់​ការបំផុសគំនិត​របស់​ទ្រង់ ។

យ៉ូស្សិន ស៊ី អាយុ ១៩ ឆ្នាំ ទីក្រុង តាយឈុង តៃវ៉ាន់

រូបភាព
woman touching the hem

រូបភាព​លម្អិត​មកពី ស្ត្រីប៉ះជាយ​ព្រះពស្ត​របស់​ព្រះគ្រីស្ទ ដោយ ហៃឌី ឌេនេស ដាលី

ពេល​ព្រះគ្រីស្ទ​ធ្វើដំណើរ​ទៅ​មើល​ក្មេង​ស្រី​ម្នាក់​ដែល​ស្លាប់ ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម គ្រាន់តែ​ប៉ះ​ព្រះពស្ត​ទ្រង់ ហើយ​បាន​ជា ។ ព្រះគ្រីស្ទ​បាន​ងាក​មក ហើយ​និយាយ​ជាមួយ​គាត់​បន្ទាប់​ពី​ដឹង​ថា គាត់​បាន​ប៉ះទ្រង់ ( សូមមើល លូកា ៨:៤៣–៤៨ ) ។ ទោះបី​ជា​កំពុង​ទៅ​ជួយ​មនុស្ស​ម្នាក់ទៀត​ក្តី ព្រះគ្រីស្ទ​បាន​ចំណាយ​ពេល​ជាមួយ​គាត់​ផងដែរ ។ ព្រះគ្រីស្ទ​ក៏ចំណាយ​ពេល​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​ផងដែរ ។

ខ្ញុំ​មាន​ភាពមមាញឹក​ក្នុង​ជីវិត ដោយ​ប្រញាប់​ប្រញាល់​រត់​ទៅ​សាលា ឬ​ថ្នាក់​រៀនរាំ​របាំ​បារឡេ ឬ​កិច្ចការ​ដទៃ​ទៀត ។ អំឡុងពេល​ទាំង​អស់​នោះ ខ្ញុំ​គ្មាន​ពេល​ស្ងាត់តែឯង ឬ​មានអារម្មណ៍​សុខសាន្ត​ឡើយ ។ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ ឬ​អធិស្ឋាន ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​សុខសាន្ត ។ វា​ពិត​ជា​ល្អ​ណាស់​ដែល​ទទួល​អារម្មណ៍​បែប​នេះ ហើយ​សម្រាក​ពី​ភាព​រញ៉េរញ៉ៃ​ទាំងអស់ ។ នៅ​គ្រា​នៃ​ភាពសុខសាន្ត​ទាំង​នោះ ខ្ញុំ​ខិតកាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ហើយ​រីកចម្រើន​ក្នុង​ដំណឹងល្អ ។

ស៊ូ ប៊ី អាយុ ១៧ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន « Prophets, Leadership, and Divine Law » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ ) broadcasts.lds.org « ការ​ទាញ​យក​ព្រះចេស្ដានៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង » សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៧, « សិក្សាព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ » Liahona ខែ មករា ឆ្នាំ ២០១៨ ទំព័រ ៥៦–៥៩ ។