២០១៨
« ចូរលោត​ទៅក្នុង​ទន្លេ​ទៅ ! »
April 2018


« ចូរលោត​ទៅក្នុង​ទន្លេ​ទៅ ! »

អ៊ីលវីន ជើរ៉ុម ឡាសេដា ប៉ាមប៉ាង៉ា ប្រទេស​ហ្វីលីពីន

រូបភាព
mother and baby in a hammock

រចនា​រូបភាព​ដោយ ហ្គារី អាល់ហ្វុនសូ

ថ្ងៃ​មួយ​ជីដូន​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​យក​អាហារ​ខ្លះដែល​គាត់​បាន​រៀបចំ​ទៅ​ឲ្យ​ម្តាយ​មីង​ខ្ញុំ ។ វា​ជា​រសៀល​ថ្ងៃ​សៅរ៍ ហើយមាន​អាកាស​ធាតុ​ក៏​ក្តៅ និង​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​ចង់​ធ្វើ ជាជាង​ការ​ទៅ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​ជីដូន​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​គាត់ ឲ្យ​សុំ​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ឲ្យ​ទៅ​ជំនួស ប៉ុន្តែ​គាត់​បាន​ទទូច​ថា ខ្ញុំ​គួរតែ​ទៅ ។

មួយ​ម៉ោង​បា​នកន្លង​ផុត​ទៅ ហើយ​ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​ធ្វើ​អ្វី​ដែល​ជីដូន​ខ្ញុំ​បាន​ប្រើ ។ ខ្ញុំ​បាន​យក​អាហារ​នោះ ហើយ​ធ្វើដំណើរ​ទៅ​ផ្ទះ​របស់​ម្តាយ​មីង​ខ្ញុំ ។ ខ្ញុំ​បាន​ចេញមក​ឆ្ងាយ ហើយ​ពេល​ខ្ញុំ​ទៅដល់ ខ្ញុំ​ពុំ​បាន​គ្រោង​ថា​នឹង​បន្ត​នៅ​យូរ​ឡើយ ។

ខ្ញុំ​បាន​ឃើញ​ម្តាយ​មីង និងកូន​អាយុប្រាំខែ​របស់​គាត់​នៅក្នុង​អង្រឹង​ចង​ជាប់ទៅ​នឹង​ដើម​ស្វាយ​តូច​ពីរ​ដើម ។ ដើម​ស្វាយ​នោះ​នៅ​ជិត​ទន្លេ​ដែល​ហូរ​នៅ​ពី​ក្រោយ​ផ្ទះ ។ ខ្ញុំ​បាន​ដើរ​ទៅ​រក​ពួកគេ​ដើម្បី​ឲ្យ​អាហារ​នោះ ។ រំភេច​នោះ​ខ្សែ​អង្រឹង​បាន​ដាច់ ។ ម្តាយ​មីង និង​កូន​តូច​របស់​គាត់​បាន​រមាល​ចូល​ទៅក្នុង​ទន្លេ ។ ខ្ញុំ​ភ័យខ្លាំង​ណាស់ ។ ខ្ញុំ​មិន​ចេះ​ហែល​ទឹក​ទេ ហើយ​គ្មាននរណា​ម្នាក់​នៅ​ជិត​នោះ​ដើម្បី​ជួយឡើយ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ឡើយ ។

រំពេច​នោះ​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ព្រះវិញ្ញាណ ៖ « ចូរ​លោត​ទៅ ! »

ដោយ​មិន​រង់ចាំ​អ្វី​ឡើយ ខ្ញុំ​បាន​លោត​ទៅក្នុង​ទន្លេ ។ សំណាង​ណាស់ ខ្ញុំ​បាន​រកឃើញ​កូនតូច​នោះតែ​ក្នុង​រយៈពេល​ពីរបី​វិនាទី​ប៉ុណ្ណោះ ហើយ​ម្តាយ​មីង​ខ្ញុំ​អាច​ងើប​ចេញ​ពី​ទឹក​មក​បាន ។ ពេល​ខ្ញុំ​ងើប​ចេញ​ពី​ទឹក​មក​ជាមួ​យ​កូន​តូច នោះ​ខ្ញុំ​ស្ទើរតែ​មិន​ជឿលើ​អ្វីដែល​ទើប​តែ​បាន​កើត​ឡើង​ឡើយ ។ ខ្ញុំ​បាន​លោត​ចូល​ក្នុងទន្លេ​នោះទោះបីខ្ញុំ​មិន​ចេះហែល​ទឹក​ក្តី ប៉ុន្តែ​ដោយសារ​ខ្ញុំ​ស្តាប់​តាម​ព្រះវិញ្ញាណ នោះ​កូនតូច​ដែល​ជាប្អូន​ជីដូន​មួយ​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវបាន​សង្គ្រោះ​ពី​ការលង់​ទឹក ។

ខ្ញុំ​បាន​ដឹង​ថា ​វា​មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា ដើម្បី​ទទួលស្គាល់ និង​ស្តាប់​តាម​ការណែនាំ និង​ការបំផុស​គំនិត​ដែល​ព្រះ​ប្រទាន​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ទីបំផុត​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ជីដូន​ខ្ញុំ​បាន​ប្រើ​ឲ្យ​ខ្ញុំ​ធ្វើ ហើយយក​អាហារ​ទៅ​ផ្ទះ​របស់​ម្តាយ​មីង​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា យើង​ត្រូវ​ខិតខំ​ស្តាប់​តាម​ការបំផុសគំនិត​ខាង​វិញ្ញាណ ទើប​យើង​អាច​ក្លាយ​ជា​ព្រះហស្ត​របស់​ព្រះ​ក្នុង​ការ​ជួយ​កូនចៅ​របស់​ទ្រង់ ។