២០១៨
ដំណើរ​ចុងក្រោយ និង​ដ៏​ឯកោ​របស់​ព្រះអង្គ​សង្គ្រោះ
April 2018


ដំណើរ​ចុងក្រោយ និង​ដ៏​ឯកោ​របស់​ព្រះអង្គ​សង្គ្រោះ

រូបភាព
the saviors final lonely journey PDF 1
រូបភាព
the saviors final lonely journey PDF 2
រូបភាព
the saviors final lonely journey PDF 3

ពេញ​មួយ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដំណើរ​ជា​ច្រើនដង — ដំណើរ​របស់​ទ្រង់​ចេញ​ពី​បេថ្លេហិម និង​ចូល​ទៅ​ស្រុក​អេស៊ីព្ទ​កាល​ទ្រង់​ជា​ព្រះឱរស ការធ្វើ​ដំណើរ​រយៈពេល ៤០ ថ្ងៃ​របស់​ទ្រង់​នៅក្នុង​ទីរហោស្ថាន ការធ្វើ​ដំណើរ​ជា​ច្រើន​ដង​របស់​ទ្រង់​ចូល​ទៅ​ក្នុង​ទីក្រុង ភូមិ និង​ផ្ទះសម្បែង​នានា​ដើម្បី​បង្រៀន ព្យាបាល និង​ប្រទាន​ពរ​ដល់​គេ​អំឡុងពេល​ការបម្រើ​របស់​ទ្រង់ និង​ការធ្វើ​ដំណើរ​ជា​ច្រើន​ផ្សេង​ទៀត ។​ ប៉ុន្តែ​មាន​ការធ្វើ​ដំណើរ​មួយ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រឈម​មុខ​តែ​អង្គឯង ហើយ​វា​ជា​ដំណើរ​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ស៊ូទ្រាំ​នឹង​វា​បាន ។

« នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ យើង​ប្រារព្ធ​ពិធី​ដ៏​រុងរឿង ដែល​បាន​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​អង្វែង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។

វាជាថ្ងៃដែលបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។

ជីវិតរបស់ខ្ញុំ​បានផ្លាស់ប្ដូរនៅថ្ងៃ​នោះ ។

ជីវិតរបស់បងប្អូនបានផ្លាស់ប្ដូរ ។

ជោគវាសនារបស់កូនចៅនៃព្រះ​បានផ្លាស់ប្ដូរ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទី​ប្រឹក្សា​ទី​ពីរ​ក្នុង​គណៈ​ប្រធាន​ទី​មួយ « អំណោយ​នៃ​ព្រះគុណ » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ។

ការរងទុក្ខ​ហួស​ពី​ការប្រៀប​ផ្ទឹម​បាន

រូបភាព
Jesus in Gethsemane

ឱ ព្រះវរបិតា​អើយ ដោយ ស៊ីម៉ុន ដេវី

« គ្មាន​ចិត្ត​នៃ​ជីវិត​រមែង​ស្លាប់​ណា​អាច​នឹក​គិត​ដល់​ទាំងស្រុង​អំពី​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​នៅ​ក្នុង​សួនគែតសេម៉ានី​ឡើយ ។

យើង​ដឹង​ថា ទ្រង់​បាន​បង្ហូរ​ព្រះ​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស នៅពេល​ដែល​ទ្រង់​បាន​សោយ​នូវ​កាក​នៃ​ពែង​ល្វីងជូរចត់​របស់ព្រះ​វរបិតា​ទ្រង់​ដែល​បាន​ប្រទាន​ដល់​ទ្រង់ ។

យើង​ដឹង​ថា​ទ្រង់​បាន​រងទុក្ខ​ទាំង​កាយ និងវិញ្ញាណ ហួស​ពី​លទ្ធភាព​ដែល​មនុស្ស​អាច​ទទួល លើកលែង​តែ​ជា​ការស្លាប់​ប៉ុណ្ណោះ ។

យើង​ដឹង​ថា​ក្នុង​ពេល​ណា​មួយ ដោយ​មិន​ប្រៀបធៀប​នឹង​យើង​នោះ​ឡើយ​ថា ការឈឺចាប់​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យឆ្អែត​ដល់​ការទាម​ទារ​នៃ​សេចក្តី​យុត្តិធម៌ សង្រ្គោះ​ដល់​ដួង​ព្រលឹង​ដែល​ប្រែចិត្ត ពី​ការឈឺ​ចាប់ និង ទារុណកម្ម​ពី​អំពើ​បាប ហើយ​ធ្វើ​ឲ្យ​សេចក្តីមេត្តា​ករុណា​មាន​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​ជឿ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

យើង​បាន​ដឹង​ថា​ទ្រង់​បាន​ក្រាប​នៅលើដី នៅពេល​ដែល​ការឈឺចាប់ និងការឈឺពន់​ពេក​នៃ​បន្ទុកដ៏​ខ្លាំងក្លា​បាន​ធ្វើ​ឲ្យ​ទ្រង់​ញាប់ញ័រ ហើយ​ធ្វើ​ឲ្យ​ទ្រង់​មិន​ចង់​សោយ​នូវ​ពែងល្វីង​ឡើយ » ។

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី ( ១៩១៥–៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៩ ។

ការអនុវត្ត​ផ្ទាល់​ខ្លួន ៖ ទោះបីជា​យើង​ពុំ​អាច​ដឹងពី​វា​ជានិច្ច​ក្តី ព្រះ​អង្គសង្គ្រោះ​រងការឈឺ​ចាប់​គ្រប់​រូបភាព​ទាំងអស់​អំឡុងពេល​នៃ​ដង្វាយធួន ។ ទ្រង់​យល់​អំពី​ការឈឺចាប់ខាង​រូបកាយ​គ្រប់​បែប​យ៉ាង ចាប់តាំង​ពី​ការបាក់​ឆ្អឹង​រហូត​ដល់​ជំងឺ​រាំរ៉ៃ​ដែលធ្ងន់ធ្ងរ​បំផុត ។ ទ្រង់​ទទួល​អារម្មណ៍​នៃ​ភាពអន្ធកាល និង​ក្តីអស់​សង្ឃឹម​ពី​ការឈឺចាប់​ផ្លូវ​ចិត្ត​ដូចជា ការបាក់​ទឹកចិត្ត ការថប់​បារម្ភ ការញៀន ភាពឯកោ និង​ភាពសោកសៅ ។ ហើយ​ទ្រង់​ស្គាល់​រសជាតិ​​ពី​របួស​ខាង​វិញ្ញាណ​គ្រប់​យ៉ាង ដោយសារ​ទ្រង់​បាន​លើក​ដាក់មក​លើ​អង្គទ្រង់​នូវ​អំពើ​បាប​ទាំងអស់​នៃ​មនុស្ស​លោក ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ក្នុងគ្រា​នៃ​ភាពទន់ខ្សោយ យើង​ប្រហែល​ជា​ស្រែក​ទួញ​ថា ‹ គ្មាន​នរណា​យល់​ឡើយ ។ គ្មាន​នរណា​ម្នាក់​យល់​ទេ › ។ ប៉ុន្តែ​ព្រះ​រាជបុត្រានៃ​ព្រះ​ជ្រាប​ដឹង និង​យល់​ដ៏​ឥតខ្ចោះ ដ្បិត​ទ្រង់​បានដឹង និងបានទទួលបន្ទុករបស់យើង​ម្នាក់ៗ » ( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ២០១៤ ទំព័រ ៩០ ) ។

ទ្រង់​គឺ​ជាព្រះ​មួយ​អង្គ​ដែល​មាន​សមត្ថភាព

រូបភាព
carrying the cross

ក្បួន​ដង្ហែរ​ទៅ​ភ្នំកាល់វ៉ារី ដោយ បែណាដូ ខាវ៉ាលីណូ នៅ​សារៈមន្ទីរ​សិល្បៈ ច្រីល​ស្លើរ

« អ្វី​ដែល​ទ្រង់​បាន​ធ្វើ​គឺ​មាន​តែ​ព្រះ​អាទិទេព​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។ ក្នុង​នាម​ជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ព្រះវរបិតា​នៅក្នុង​សាច់ឈាម នោះ​ព្រះយេស៊ូវ​បាន​គ្រង​នូវ​លក្ខណៈ​របស់​ព្រះ ។ ទ្រង់​គឺ​ជា​ព្រះ​តែ​មួយ​អង្គ​គត់​ដែល​បាន​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ដែល​អាច​ធ្វើ​នូវ​កិច្ចការ​ដ៏​សំខាន់ និង​ខ្ពង់ខ្ពស់​បំផុត​នោះ​បាន ។ ដោយសារ​ទ្រង់​ជាមនុស្សគ្មាន​បាប​ដែ​ល​បា​នរស់នៅ​លើ​ផែនដី​នេះ នោះ​ទ្រង់​ពុំ​ចុះចូល​នឹង​ការស្លាប់​ខាង​វិញ្ញាណ​ឡើយ ។ ដោយសារ​តែ​ភាព​ជា​ព្រះរបស់​ទ្រង់ នោះ​ទ្រង់​ក៏​មាន​ព្រះចេស្តា​ឈ្នះលើ​ការស្លាប់​ខាង​រូបកាយ​ផងដែរ ។ ដូច្នោះ​ហើយ ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​នូវ​អ្វី​ដែល​យើង​ពុំ​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង​បាន ។ ទ្រង់​បាន​ផ្តាច់​ក្រញ៉ាំដ៏​ត្រជាក់​នៃ​សេចក្តីស្លាប់ ។ ទ្រង់​ក៏​អាច​ធ្វើ​ឲ្យ​វា​អាចកើតឡើងសម្រាប់​ពួកយើង ដើម្បីឲ្យ​យើ​ង​មាន​ការលួងលោមដ៏​ខ្ពង់ខ្ពស់ និង​ស្ងប់ស្ងាត់​មកពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ « The Atonement: Our Greatest Hope » Liahona ខែ មករា ឆ្នាំ ២០០២ ទំព័រ ២០ ។

ការអនុវត្ត​ផ្ទាល់​ខ្លួន ៖ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​ស្រាយ​ចំណង​នៃ​សេចក្តីស្លាប់ ហើយ​បាន​ប្រោសលោះ​ពួកយើង​ទាំងអស់​គ្នា​ពី​អំពើបាប ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ ទ្រង់​គឺ​ជា​ព្រះ​មួយ​អង្គ​ដែលមាន​សមត្ថភាព​ក្នុងការ​សម្រេច​បាន​នូវ​កិច្ចការ​ដ៏គួរ​ឲ្យខ្លាចញញើត និង​ពុំ​អាច​ធ្វើ​ទៅរួច​នេះ ។ នៅពេល​យើង​ជួប​នឹង​ឧបសគ្គ​ធ្ងន់ធ្ងរ​នានា នោះ​យើង​អាច​មាន​ការលួងលោម​ចិត្ត​ក្នុង​ការដឹង​ថា ព្រះអង្គសង្គ្រោះ​ពិត​ជា​អាច​ធ្វើ​កិច្ចការ​ដែល​មិន​អាច​ធ្វើ​បាន​ឲ្យ​កើត​ឡើង​មែន ។

ទ្រង់​ពុំ​ងាក​ក្រោយ​ឡើយ

រូបភាព
the burial

ការបញ្ចុះ​ព្រះ​សព ដោយ ខាល ហ៊ែនរិច ប្លច

« នៅលើ​ភ្នំ​កាល់វ៉ារី កាល​អ្នក​ដើរ​តាម​ទ្រង់​សម្លឹង​មើល​ទ្រង់​ដោយ​ពុំ​អាច​ជួយ​អ្វី​បាន​នោះ ព្រះកាយ​ដែល​មាន​របួស​របស់​ទ្រង់​ត្រូវបាន​ដំ​នឹង​ដែកគោល​ភ្ជាប់​ទៅនឹង​ឈើ​ឆ្កាង ។ ទ្រង់​ត្រូវគេ​ចំអកឡកឡឺយ និង​ដាក់​បណ្ដាសា ព្រម​ទាំង​មើល​ងាយ​ដោយគ្មាន​ក្តីអាណិត ។ …

ពេលវេលានៃ​ការឈឺចាប់​ដ៏ខ្លាំងក្លា​នោះ​បាន​កន្លង​ផុត​ទៅ ពេល​ព្រះជន្ម​របស់​ទ្រង់​បាន​ថមថយ​ទៅ ។ ទ្រង់​ស្រែក​ទាំង​បបូរ​មាត់​ស្ងួត​ថា ‹ ឱ ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ កាល​មាន​ព្រះបន្ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ › ។ …

នៅ​វិនាទី​ចុងក្រោយ ព្រះអម្ចាស់​អាច​ត្រឡប់​ក្រោយ​បាន ។ ប៉ុន្តែ​ទ្រង់​ពុំ​ត្រឡប់​ក្រោយឡើយ ។ ទ្រង់​បាន​ឆ្លងកាត់​អ្វីៗ​ទាំងអស់ ដើម្បី​ឲ្យ​ទ្រង់​អាច​សង្គ្រោះ​អ្វីៗ​ទាំងអស់​បាន ។ ព្រះកាយ​ដែល​គ្មាន​ជីវិត​របស់​ទ្រង់​ត្រូវបាន​យក​ចេញ​ទៅ ហើយបញ្ចុះក្នុង​ផ្នូរ​ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( 1927–2018 ) « He Is Risen! » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៨៩ ។

ការអនុវត្ត​ផ្ទាល់​ខ្លួន ៖ ទ្រង់​បាន​រងទុក្ខពី​ការឈឺចាប់ដ៏ខ្លាំង​ក្លា ភាពឯកោ និង​ក្តីអស់សង្ឃឹម ប៉ុន្តែព្រះអង្គសង្គ្រោះ​នៅតែ​ស៊ូទ្រាំ ហើយ​បញ្ចប់​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​ដោយ​ព្រះគុណ — ថែម​ទាំង​សូម​ឲ្យ​ព្រះវរបិតា​ទ្រង់​អត់ទោស​ឲ្យ​អស់អ្នក​ដែល​ឆ្កាង​ទ្រង់​ផងដែរ ។ ដោយសារ​គំរូ​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់ នោះ​យើង​អាច​ប្រឈមមុខ​នឹង​ការសាកល្បង និង​ការលំបាក​ផ្ទាល់​ខ្លួន​របស់​យើង​ជាមួយ​នឹង​ព្រះគុណ ហើយ​ដោយ​មាន​ជំនួយ​ពី​ទ្រង់​នោះ​យើង​អាច​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​បាន​ផងដែរ ។

មនុស្ស​ជាច្រើនធ្វើ​ជាសាក្សីអំពី​ការ​រស់ឡើងវិញ​របស់​ទ្រង់

រូបភាព
Mary at the tomb

នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? ដោយ ម៉ាក អរ ផាហ្វ

ខ្ញុំ​ជឿ​ថា សាក្សី​ជាច្រើន​ដែល​បាន​មាន​បទពិសោធន៍ និង ទីបន្ទាល់អំពីដំណើរ​រស់​ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ មាន​វត្តមាន​នៅក្នុង​គម្ពីរសញ្ញា​ថ្មី — ដូច​ជា​ពេត្រុស និង ដៃគូ​សាវក​ទាំងឡាយ និង ម៉ារា ម៉ាក់ដាឡា​ដ៏​បរិសុទ្ធ​ជា​ទីស្រឡាញ់ ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត ។ ខ្ញុំ​ជឿ​លើ​ទីបន្ទាល់​នានា ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​មរមន — ពី​នីហ្វៃ​ដែល​ជា​សាវក នៅ​ជាមួយ​ហ្វូង​មនុស្ស​ដែល​ពុំ​ស្គាល់​ក្នុង​ដែនដី​បរិបូរ ក្នុង​ចំណោម​មនុស្ស​ជាច្រើនទៀត ។ ហើយខ្ញុំជឿថាទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដែលបានប្រកាសពីសាក្សីអស្ចារ្យ បន្ទាប់ពីសាក្សីជាច្រើនទៀតនៅសម័យកាន់​កាប់ត្រួតត្រាចុងក្រោយនេះ ‹ ថាទ្រង់​មាន​ព្រះជន្ម​រស់ ! ដ្បិត​យើង​បាន​ឃើញ​ទ្រង់ › ។ នៅក្រោម​ព្រះនេត្រ​ដ៏​មុត​របស់​ទ្រង់ ខ្ញុំ​សូម​ឈរ​ជា​សាក្សី​ដោយ​ខ្លួន​ខ្ញុំ​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត គឺ​ជា​ព្រះប្រោសលោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​អ្វី​គ្រប់​យ៉ាង​ដែល​ជា លទ្ធផល នៃ​ដំណើររស់​ឡើង​វិញ​របស់​ទ្រង់ ។ សូម​ឲ្យ​អ្នក​មាន​ជំនឿ​ស៊ប់ និង ការលួងលោម​ចិត្ត​ពី​សាក្សី​ដដែល​នោះ » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៤ ។

ការអនុវត្ត​ផ្ទាល់​ខ្លួន ៖ ទោះបីជា​យើង​ពុំ​នៅក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះកាយ​ដ៏​ល្អ​ឥតខ្ចោះ និង​ការមានព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះប្រោសលោះ​ក្តី ក៏​យើង​នៅតែ​អាច​ឈរ​ជា​សាក្សី​អំពី​ទ្រង់​នា​សព្វថ្ងៃ​នេះ​បាន​ដែរ ។ ទ្រង់​អាច​ជា​អង្គ​ដែល​យើង​ផ្តោត​ចិត្ត​ទុកដាក់​ក្នុង​ជីវិត​យើង​ជានិច្ច ទោះបី​ជា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា ឬ​កន្លែង​ណាក៏ដោយ ។ គ្រប់​ពេល​ដែល​យើង​ផ្តល់​ដួងចិត្ត និង​ដៃ​យើង​បម្រើ​ដល់​អ្នកដទៃ សូម​បង្ហាញ​ភាពរម្យទម សេចក្តីសប្បុរស និង​ការគោរព​ដល់​មនុស្ស​ទាំងអស់ ការពារ​សេចក្តីពិត ហើយ​ចែក​ចាយ​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ នោះ​យើង​នឹង​ឈរ​ជា​សាក្សី​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​ពុំ​ចាំបាច់​ដើរ​តែ​ឯង​ឡើយ

រូបភាព
Christ walking along the shores

រូបភាព​ដកស្រង់​ពី ដើរ​ជាមួយ​ខ្ញុំ ដោយ ហ្គេក អូលសិន ហាម​ថតចម្លង

« ការលួងលោមចិត្ត​ដ៏​មហិមា​មួយ​នៃ​រដូវ​កាល​បុណ្យអ៊ីស្ទើរ​នេះ គឺ​ថា ដោយសារ​ព្រះយេស៊ូវ​បាន​យាង​នៅលើ​ផ្លូវ​ដ៏វែង និង​ឯកោ​ដោយ​អង្គ​ឯង នោះ យើង ពុំចាំបាច់​ត្រូវ​ធ្វើ​ដូច្នោះ​ទេ ។ ការធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​របស់​ទ្រង់​បាន​នាំ​អ្វីៗ​ជាច្រើន​ចូល​មក​ក្នុង​ផ្លូវ​ដ៏​តូច​របស់​យើង​ — ​ការខ្វល់ខ្វាយ​ដ៏​មាន​ក្តី​មេត្តាករុណា​ពី​ព្រះវរបិតា​ដែល​គង់​នៅស្ថានសួគ៌ ដៃគូ​ពិតប្រាកដ​នៃ​ព្រះរាជបុត្រា​ជា​ទីស្រឡាញ់​នេះ ភាពពោរពេញនៃ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ទេវតា​នៅលើ​ស្ថានសួគ៌ សមាជិក​គ្រួសារ​នៅ​ផ្នែក​សងខាង​នៃ​វាំងនន ពួក​ព្យាការី និង​ពួក​សាវក គ្រូបង្រៀន ថ្នាក់ដឹកនាំ មិត្តភក្តិ ។ ទាំងអស់​នេះ និង​អ្វីៗ​ជាច្រើន​ទៀត​ត្រូវ​បាន​ប្រទាន​ដល់​យើង​ជា​ដៃគូ​សម្រាប់​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ សំឡេង​ត្រែ​មក​ពី​កំពូល​ភ្នំ​កាល់វ៉ារី​គឺ​ជា​សេចក្តី​ពិត​ដែល​យើង​នឹង​ពុំ​ត្រូវបាន​ទុក​ចោល ឬ​ពុំ​ទទួល​បាន​ជំនួយ​ឡើយ ទោះបីពេល​ខ្លះ​យើង​មាន​អារម្មណ៍​បែប​នោះ​ក្តី ។…

… ចូរ​យើង​ឈរ​នៅ​ក្បែរ​ព្រះយេស៊ូវគ្រីស្ទ ‹ គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង​ដែល [ យើង ] នៅ រហូត​ដល់​ពេល​ស្លាប់ › ដ្បិត​នោះ​ជា​របៀប​ដែល​ទ្រង់​បាន​គង់​នៅក្បែរ​យើង ពេលវា ឈាន ដល់​សេចក្តីស្លាប់ និង​ពេល​ទ្រង់​គង់​នៅតែ​អង្គឯង » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « None Were with Him » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ។

ការអនុវត្ត​ផ្ទាល់​ខ្លួន ៖ ក្នុង​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ សូម​ចាំ​អំពី​ដំណើរ​ចុងក្រោយ និង​ដ៏​ឯកោ​របស់​ព្រះអង្គ​សង្គ្រោះ ។ ទ្រង់​បាន​លះបង់​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទ្រង់មាន ដើម្បី​ឲ្យ​អ្នក និង​មនុស្ស​គ្រប់​គ្នា​នៅលើ​ផែនដី​នេះ​អាច​បាន​ជ្រះស្អាត និង​មាន​ជីវិត​អស់កល្ប​ជានិច្ច ។ សូម​រៀន​ពី​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ សូម​​គិតអំពី​ទ្រង់​ក្នុង​គំនិត និង​ក្នុង​ចិត្ត​របស់​អ្នក ។ ហើយ​សូមចងចាំ​ជានិច្ច​ថា អ្នក​មិននៅ​ឯកោ​ឡើយ ។ ដោយសារ​ទ្រង់​បាន​ស៊ូទ្រាំ​ក្នុង​ដំណើរ​ចុងក្រោយ​របស់​ទ្រង់​តែ​អង្គឯង​ពេញលេញ​ទាំងស្រុង នោះ​ទ្រង់​នឹង​ពុំ​បោះបង់​អ្នក​ចោល​ឡើយ ។ សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​អ្នក​គឺ​គ្មាន​ដែន​កំណត់ និង​ពុំ​ប្រែប្រួល​ឡើយ ហើយ​ទ្រង់ត្រៀម​ព្រះ​កាយ​ជាស្រេច​ដើម្បី​ប្រទាន​ភាពសុខសាន្ត ការលួង​លោម និង​ក្តីសង្ឃឹម ពេល​អ្នក​បន្ត​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ អំណោយទាន​នៃ​ដង្វាយធួន​របស់​ទ្រង់​គឺ​អស់កល្ប​ជានិច្ច ហើយ​វា​ត្រូវបាន​ប្រទាន​ដល់​អ្នក ។