ជំពូកទី ៨
អាំម៉ូនបង្រៀនប្រជាជនរបស់លិមហៃ — លោកដឹងអំពីផ្ទាំងចំនួនម្ភៃបួនសន្លឹកនៃសាសន៍យ៉ារេឌ — បញ្ជីបុរាណអាចបកប្រែបានដោយពួកអ្នកមើលឆុត — គ្មានអំណោយទានណា ប្រសើរជាងអំណោយទានជាអ្នកមើលឆុតឡើយ។ ប្រមាណជាឆ្នាំ ១២១ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីស្ដេចលិមហៃបានបញ្ចប់នូវការនិយាយទៅកាន់ប្រជាជនរបស់ទ្រង់ហើយ ត្បិតទ្រង់បានមានបន្ទូលអំពីការណ៍ជាច្រើនទៅកាន់ពួកគេ ប៉ុន្តែខ្ញុំបានកត់តែរឿងបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងសៀវភៅនេះ នោះទ្រង់បានប្រាប់ប្រជាជនរបស់ទ្រង់អំពីការណ៍ទាំងអស់ដែលទាក់ទងទៅនឹងបងប្អូនគេ ដែលនៅលើដែនដីសារ៉ាហិមឡា។
២ហើយទ្រង់បានបញ្ជាឲ្យអាំម៉ូនក្រោកឈរឡើងនៅចំពោះហ្វូងមនុស្ស ហើយរៀបរាប់ឲ្យគេស្ដាប់ អំពីការណ៍ទាំងអស់ដែលបានកើតឡើងដល់បងប្អូនរបស់គេ ចាប់តាំងពីពេលដែលស៊ីនិព្វបានឡើងចេញពីដែនដីទៅរហូតមកដល់ពេលដែលអាំម៉ូនបានឡើងមកពីដែនដីដែរ។
៣ហើយអាំម៉ូនក៏បានរៀបរាប់ឲ្យគេស្ដាប់នូវប្រសាសន៍ចុងក្រោយបង្អស់ ដែលស្ដេចបេនយ៉ាមីនបានបង្រៀនគេ ហើយពន្យល់ពាក្យទាំងនោះ ប្រាប់ដល់ប្រជាជនរបស់ស្ដេចលិមហៃ ដើម្បីឲ្យគេអាចបានយល់នូវពាក្យទាំងអស់ដែលលោកបាននិយាយ។
៤ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីលោកបានធ្វើការណ៍ទាំងនេះចប់សព្វគ្រប់ហើយ ស្ដេចលិមហៃបានឲ្យហ្វូងមនុស្សចេញទៅ ហើយបានអនុញ្ញាតឲ្យប្រជាជនត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ។
៥ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានឲ្យគេយកផ្ទាំងទាំងឡាយដែលមានបញ្ជីអំពីប្រជាជនរបស់ទ្រង់ ចាប់តាំងពីគេបានចាកចេញពីដែនដីសារ៉ាហិមឡាមក យកមកឲ្យអាំម៉ូនអាន។
៦ឥឡូវនេះ នៅពេលអាំម៉ូនបានអានបញ្ជីនោះភ្លាម ស្ដេចក៏សួរលោកចង់ដឹងថា តើលោកអាចបកប្រែភាសាបានឬទេ ហើយអាំម៉ូនបានទូលប្រាប់ទ្រង់ថា លោកមិនអាចបកប្រែភាសាបានទេ។
៧ហើយស្ដេចមានបន្ទូលទៅលោកថា ៖ ដោយបារម្ភដល់សេចក្ដីវេទនានៃប្រជាជនរបស់យើង យើងបានចាត់ឲ្យប្រជាជនយើងចំនួនសែសិបបីនាក់ ធ្វើដំណើរចូលក្នុងទីរហោស្ថាន ដើម្បីឲ្យគេអាចរកឃើញដែនដីសារ៉ាហិមឡា ដើម្បីពួកយើងអាចធ្វើសំណូមពរដល់បងប្អូនយើង សូមឲ្យគេដោះលែងពួកយើងឲ្យរួចផុតពីសេវកភាព។
៨ហើយពួកគេវង្វេងនៅក្នុងទីរហោស្ថាន អស់រយៈពេលជាច្រើនថ្ងៃ ក៏ប៉ុន្តែពួកគេមានការព្យាយាម ហើយនៅតែរកដែនដីសារ៉ាហិមឡាពុំឃើញដែរ តែបានត្រឡប់មកដែនដីនេះវិញ ក្រោយពីបានធ្វើដំណើរនៅលើដែនដីមួយ ដែលនៅកណ្ដាលទឹកជាច្រើន ហើយបានរកឃើញដែនដីមួយ ដែលពោរពេញទៅដោយឆ្អឹងមនុស្ស និងឆ្អឹងសត្វ ហើយពោរពេញទៅដោយអគារបាក់បែកគ្រប់យ៉ាង ព្រមទាំងបានរកឃើញដែនដីមួយ ដែលធ្លាប់មានមនុស្សនៅជាច្រើនស្មើទៅនឹងពួកពលអ៊ីស្រាអែលដែរ។
៩ហើយដើម្បីជាសាក្សីថាអ្វីៗ ដែលគេបាននិយាយនោះជាការពិត ពួកគេបានយកមកតាម នូវផ្ទាំងចំនួនម្ភៃបួនផ្ទាំងដែលពេញដោយឆ្លាក់ត្រា ហើយផ្ទាំងទាំងនោះធ្វើពីមាសសុទ្ធ។
១០ហើយមើលចុះ ពួកគេក៏បានយកប្រដាប់បាំងទ្រូងដែលធំមកផង ដែលធ្វើពីលង្ហិន និងស្ពាន់ ហើយនៅល្អឥតខ្ចោះ។
១១ហើយមួយទៀត ពួកគេថែមទាំងយកដាវទាំងឡាយ តែដងខូចអស់ទៅហើយ ហើយផ្លែក៏ដុះស្នឹម ហើយនៅលើដែនដីគ្មានមនុស្សណាម្នាក់អាចបកប្រែភាសា ឬឆ្លាក់ត្រានៅលើផ្ទាំងទាំងនោះបានឡើយ។ ហេតុដូច្នេះហើយ យើងសួរអ្នកថា តើអ្នកអាចបកប្រែបានទេ?
១២ហើយយើងសួរអ្នកទៀតថា ៖ តើអ្នកស្គាល់អ្នកណា ដែលអាចបកប្រែបានទេ? ព្រោះយើងចង់បកប្រែបញ្ជីទាំងនេះមកជាភាសារបស់យើងរាល់គ្នា ព្រោះក្រែងវានឹងប្រាប់ពួកយើងឲ្យដឹងអំពីសំណល់នៃប្រជាជនដែលត្រូវបំផ្លាញចោល ដែលជាប្រភពទឹកនៃបញ្ជីទាំងនេះ ឬក្រែងវាឲ្យពួកយើងដឹងអំពីប្រជាជន ដែលត្រូវបំផ្លាញចោល ហើយយើងចង់ដឹងអំពីបុព្វហេតុនៃការបំផ្លិចបំផ្លាញពួកគេ។
១៣ឥឡូវនេះ អាំម៉ូនបានទូលទៅស្ដេចថា ៖ ឱព្រះរាជាអើយ ទូលបង្គំសូមទូលជាប្រាកដថា មានមនុស្សម្នាក់ ដែលអាចបកប្រែបញ្ជីទាំងនេះបាន ព្រោះលោកនោះមានគ្រឿងប្រដាប់ម្យ៉ាង ដែលលោកយកមកឆ្លុះមើល ហើយបកប្រែបញ្ជីទាំងអស់បាន ដែលជាបញ្ជីបុរាណ ហើយនេះគឺជាអំណោយទានដែលបានមកពីព្រះ។ ហើយគ្រឿងប្រដាប់ទាំងនោះ ត្រូវបានហៅថា ប្រដាប់បកប្រែ ហើយគ្មានអ្នកណាអាចមើលទៅលើប្រដាប់ទាំងនោះបានឡើយ លើកលែងតែត្រូវបានបញ្ជា ព្រោះខ្លាចក្រែងអ្នកនោះ មើលឃើញនូវអ្វីដែលលោកមិនត្រូវឃើញ នោះលោកនឹងត្រូវវិនាស។ ហើយអ្នកណាដែលត្រូវបានបញ្ជាឲ្យមើលទៅលើប្រដាប់នោះ អ្នកនោះហៅថា អ្នកមើលឆុត។
១៤ហើយមើលចុះ ស្ដេចរបស់ប្រជាជនដែលនៅលើដែនដីសារ៉ាហិមឡា ជាមនុស្សដែលបានបញ្ជាឲ្យធ្វើការទាំងនេះ ហើយជាមនុស្សដែលបានទទួលអំណោយទានដ៏ខ្ពស់នេះអំពីព្រះ។
១៥ហើយស្ដេចបានមានបន្ទូលថា អ្នកមើលឆុត គឺធំជាងព្យាការីទៅទៀត។
១៦ហើយអាំម៉ូននិយាយថា អ្នកមើលឆុត គឺជាអ្នកទទួលវិវរណៈ ហើយជាព្យាការីផងដែរ ហើយគ្មានអ្នកណាអាចមានអំណោយទានប្រសើរជាងនេះឡើយ លើកលែងតែអ្នកនោះ មានព្រះចេស្ដានៃព្រះប៉ុណ្ណោះ គឺគ្មានមនុស្សណាអាចមានឡើយ ក៏ប៉ុន្តែមនុស្សម្នាក់អាចមានអំណាចដ៏ធំ ដែលត្រូវបានប្រទានមកពីព្រះ។
១៧ប៉ុន្តែអ្នកមើលឆុតអាចដឹងអំពីការណ៍ទាំងឡាយដែលកន្លងមកហើយ និងការណ៍ទាំងឡាយដែលនឹងកើតឡើងនៅពេលខាងមុខផង ហើយដោយសារប្រដាប់បកប្រែទាំងនេះ ទើបគ្រប់ការណ៍ទាំងអស់ត្រូវបានបើកឲ្យឃើញ ឬនិយាយម្យ៉ាងទៀតថា ការណ៍សម្ងាត់ទាំងឡាយនឹងត្រូវបានសម្ដែងឲ្យដឹង ហើយការណ៍លាក់កំបាំងទាំងឡាយនឹងត្រូវបានចេញមកឯពន្លឺ ហើយការណ៍ទាំងឡាយដែលគ្មានគេដឹង នោះក៏នឹងត្រូវបានធ្វើឲ្យដឹងដោយសារវត្ថុទាំងនេះ ហើយការណ៍ទាំងឡាយក៏នឹងត្រូវបានធ្វើដឹង ដោយសារវត្ថុទាំងនេះដែរ បើពុំនោះសោតទេ នឹងពុំមានអ្នកណាអាចដឹងបានឡើយ។
១៨ម្ល៉ោះហើយ ព្រះទ្រង់បានប្រទានមធ្យោបាយមួយថា តាមរយៈសេចក្ដីជំនឿ នោះមនុស្សអាចសម្ដែងអព្ភូតហេតុដ៏អស្ចារ្យផ្សេង ហេតុដូច្នេះហើយ គេក្លាយទៅជាអ្នកមានប្រយោជន៍ដ៏ធំដល់មនុស្សទូទៅ។
១៩ហើយឥឡូវនេះ កាលអាំម៉ូនបានបញ្ចប់នូវការនិយាយពាក្យទាំងនេះហើយ នោះស្ដេចមានសេចក្ដីរីករាយជាខ្លាំង ហើយបានថ្លែងអំណរគុណដល់ព្រះថា ៖ ពិតជាមានការអាថ៌កំបាំងដ៏ធំមួយនៅលើផ្ទាំងទាំងនេះ ឯប្រដាប់បកប្រែទាំងនេះ ពិតជាត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលាតត្រដាងនូវសេចក្ដីអាថ៌កំបាំងទាំងនេះដល់កូនចៅមនុស្ស។
២០ឱអស្ចារ្យណាស់ហ្ន៎កិច្ចការទាំងឡាយនៃព្រះអម្ចាស់ ហើយទ្រង់នឹងស៊ូទ្រាំជាមួយនឹងរាស្ត្ររបស់ទ្រង់ដល់កាលណាទៅ មែនហើយ ឯយោបល់របស់កូនចៅមនុស្សពិតជាងងឹតងងល់ ហើយរាក់កំផែលមែន ព្រោះពួកគេពុំស្វែងរកប្រាជ្ញា ហើយពួកគេក៏មិនចង់ឲ្យប្រាជ្ញាដឹកនាំគេដែរ!
២១មែនហើយ ពួកគេដូចជាចៀមព្រៃមួយហ្វូង ហើយរត់គេចពីអ្នកគង្វាល ហើយរត់រសាត់ព្រាត់ ហើយត្រូវសត្វសាហាវនៅក្នុងព្រៃដេញហែកស៊ីសាច់៕