ជំពូកទី ៧
អាំម៉ូនរកឃើញដែនដីលីហៃ-នីហ្វៃ ដែលមានលិមហៃ ជាស្ដេច — ប្រជាជនរបស់លិមហៃរស់នៅក្រោមសេវកភាពបម្រើពួកសាសន៍លេមិន — លិមហៃរៀបរាប់ពីប្រវត្តិរបស់ពួកគេ — ព្យាការីម្នាក់ (អ័ប៊ីណាដៃ) បានធ្វើបន្ទាល់ថា ព្រះគ្រីស្ទ គឺជាព្រះ ហើយជាព្រះវរបិតាលើអ្វីៗទាំងអស់ — អស់អ្នកណាដែលសាបព្រោះការស្មោកគ្រោក នឹងច្រូតកាត់ខ្យល់ព្យុះ ឯអស់អ្នកណាដែលដាក់ទីទុកចិត្តលើព្រះអម្ចាស់ នឹងត្រូវបានប្រោសលោះឲ្យរួច។ ប្រមាណជាឆ្នាំ ១២១ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ក្រោយពីស្ដេចម៉ូសាយបានទទួលសេចក្ដីសុខសាន្តតរៀងមក អស់រយៈពេលបីឆ្នាំ ទ្រង់ក៏មានព្រះហឫទ័យចង់ដឹងអំពីប្រជាជន ដែលបានឡើងទៅអាស្រ័យនៅឯដែនដីលីហៃ-នីហ្វៃ ឬនៅទីក្រុងលីហៃ-នីហ្វៃ ត្បិតប្រជាជនរបស់ទ្រង់មិនដែលបានឮដំណឹងអ្វីអំពីពួកគេសោះ ចាប់តាំងពីពេលដែលពួកគេចាកចេញពីដែនដីសារ៉ាហិមឡាម្ល៉េះ ហេតុដូច្នេះហើយ ប្រជាជនទ្រង់បានមករំខានទ្រង់ជាខ្លាំងអំពីរឿងនេះ។
២ហើយហេតុការណ៍បានកើតឡើងថា ស្ដេចម៉ូសាយបានអនុញ្ញាតឲ្យបុរសដ៏ខ្លាំងពូកែចំនួនដប់ប្រាំមួយនាក់ឡើងទៅឯដែនដី លីហៃ-នីហ្វៃ ដើម្បីស៊ើបសួរអំពីបងប្អូនរបស់គេ។
៣ហើយហេតុការណ៍បានកើតឡើងថា លុះដល់ស្អែកឡើង ពួកគេក៏ចាប់ផ្ដើមចេញដំណើរឡើងទៅ ដោយមានបុរសម្នាក់ទៅជាមួយពួកគេ ដែលមានឈ្មោះថា អាំម៉ូន ជាអ្នកមានកម្លាំងខ្លាំងពូកែម្នាក់ ហើយជាពូជពង្សរបស់សារ៉ាហិមឡា ហើយលោកជាមេដឹកនាំរបស់ពួកគេផង។
៤ហើយឥឡូវនេះ ពួកគេពុំស្គាល់ផ្លូវ ដែលត្រូវធ្វើដំណើរនៅក្នុងទីរហោស្ថាន ដើម្បីឡើងទៅកាន់ដែនដីលីហៃ-នីហ្វៃឡើយ ហេតុដូច្នេះហើយ ទើបពួកគេដើររសាត់ព្រាត់អស់ជាច្រើនថ្ងៃ នៅក្នុងទីរហោស្ថាន គឺពួកគេដើររសាត់ព្រាត់អស់រយៈពេលសែសិបថ្ងៃ។
៥ហើយកាលដែលពួកគេបានដើររសាត់ព្រាត់អស់រយៈពេលសែសិបថ្ងៃ ពួកគេបានទៅដល់ទួលមួយនៅខាងជើងដែនដី សៃឡោម ហើយពួកគេបានបោះត្រសាលគេនៅទីនោះ។
៦ហើយអាំម៉ូនបាននាំបងប្អូនបីនាក់ទៅហើយពួកគេមានឈ្មោះថា អាម៉ាលេកៃ ហេលេម និងហេម ហើយពួកគេបានចុះទៅដែនដីនីហ្វៃ។
៧ហើយមើលចុះ ពួកគេបានជួបនឹងស្ដេចនៃប្រជាជនដែលនៅលើដែនដីនីហ្វៃ និងនៅលើដែនដីសៃឡោម ហើយពួកគេត្រូវអ្នកយាមរបស់ស្ដេចឡោមព័ទ្ធជុំវិញ ហើយចាប់យកទៅ ហើយចង ហើយយកទៅឃុំក្នុងគុក។
៨ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានជាប់គុកអស់រយៈពេលពីរថ្ងៃមក នោះពួកគេត្រូវបាននាំមកគាល់មុខស្ដេច ហើយត្រូវបានស្រាយចំណងដៃចេញ ហើយពួកគេឈរនៅខាងមុខស្ដេច ហើយត្រូវបានអនុញ្ញាត ឬត្រូវគេបញ្ជាឲ្យឆ្លើយនូវសំនួរទាំងឡាយដែលស្ដេចសួរ។
៩ហើយស្ដេចមានបន្ទូលទៅកាន់ពួកគេថា ៖ មើលចុះ យើងឈ្មោះលិមហៃ ជាបុត្ររបស់ណូអេ ដែលជាបុត្ររបស់ស៊ីនិព្វ ដែលបានឡើងមកពីដែនដីសារ៉ាហិមឡា ដើម្បីមកគ្រងដែនដីនេះទុកជាមរតក ដែលជាដែនដីនៃពួកអយ្យកោរបស់គេ ដែលបានលើកឲ្យធ្វើជាស្ដេច ដោយសំឡេងរបស់ប្រជាជន។
១០ហើយឥឡូវនេះ យើងចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានមកជិតកំផែងទីក្រុង នៅពេលដែលយើង និងអ្នកយាមរបស់យើងនៅខាងក្រៅរបងយ៉ាងនេះ?
១១ហើយឥឡូវនេះ ដោយហេតុនេះ យើងសុខចិត្តទុកឲ្យអ្នករាល់គ្នានៅរស់ ដើម្បីឲ្យយើងសួរអ្នក បើពុំនោះសោតទេ យើងបានប្រើឲ្យពួកអ្នកយាមរបស់យើងសម្លាប់អ្នកទៅហើយ។ យើងអនុញ្ញាតឲ្យអ្នកនិយាយមកចុះ។
១២ហើយឥឡូវ នៅពេលអាំម៉ូនឃើញថា ខ្លួនត្រូវបានអនុញ្ញាតឲ្យនិយាយហើយ លោកបានឈានទៅមុខ ហើយក្រាបនៅចំពោះស្ដេច ហើយក្រោកឡើងវិញ លោកនិយាយថា ៖ ក្រាបទូល ឱព្រះរាជាអើយ ទូលបង្គំមានអំណរគុណជាខ្លាំងចំពោះព្រះ ដោយបានរស់នៅដល់សព្វថ្ងៃនេះ ហើយបានអនុញ្ញាតឲ្យនិយាយ ទូលបង្គំនឹងខិតខំនិយាយដោយក្លាហាន
១៣ព្រោះទូលបង្គំជឿជាក់ថា បើសិនជាទ្រង់ស្គាល់ទូលបង្គំ ទ្រង់ច្បាស់ជាមិនទុកឲ្យទូលបង្គំជាប់ចំណងទាំងនេះទេ។ ត្បិតទូលបង្គំជាអាំម៉ូន ជាពូជពង្សរបស់សារ៉ាហិមឡា ហើយបានឡើងពីដែនដីសារ៉ាហិមឡាមក ដើម្បីស៊ើបសួរអំពីបងប្អូនយើង ដែលស៊ីនិព្វបាននាំឡើងមកពីដែនដីនោះ។
១៤ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីលិមហៃបានឮពាក្យសម្ដីរបស់អាំម៉ូនហើយ នោះទ្រង់មានសេចក្ដីរីករាយជាខ្លាំង ហើយមានបន្ទូលថា ៖ ឥឡូវនេះ យើងដឹងច្បាស់ថា បងប្អូនយើងដែលនៅឯដែនដីសារ៉ាហិមឡានោះនៅរស់នៅឡើយ។ ហើយឥឡូវនេះ យើងនឹងអររីករាយ ហើយស្អែកនេះ យើងនឹងប្រាប់ឲ្យប្រជាជនយើងបានអររីករាយដែរ។
១៥ត្បិតមើលចុះ ពួកយើងរស់នៅក្នុងសេវកភាពដល់ពួកសាសន៍លេមិន ហើយត្រូវបង់ពន្ធ ដោយពន្ធដារដ៏ពិបាកនឹងទ្រាំទ្របាន។ ហើយឥឡូវនេះ មើលចុះ បងប្អូនយើងនឹងដោះលែងពួកយើងឲ្យរួចផុតពីសេវកភាពរបស់យើងរាល់គ្នា ឬឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកសាសន៍លេមិន ហើយពួកយើងនឹងក្លាយទៅជាទាសកររបស់ពួកសាសន៍នីហ្វៃវិញ ព្រោះបើយើងរាល់គ្នាធ្វើជាទាសកររបស់ពួកសាសន៍នីហ្វៃ គ្រាន់បើជាងត្រូវនាំសារអាករទៅថ្វាយស្ដេចនៃពួកសាសន៍លេមិនដែរ។
១៦ហើយឥឡូវនេះ ស្ដេចលិមហៃបានបញ្ជាពួកអ្នកយាមថា ពួកគេមិនត្រូវចងអាំម៉ូន និងបងប្អូនលោកទៀតទេ តែប្រាប់ឲ្យពួកគេទៅកាន់ទួលមួយនៅខាងជើងដែនដីសៃឡោម ហើយនាំបងប្អូនរបស់លោកចូលមកក្នុងទីក្រុង ដើម្បីឲ្យពួកគេអាចបានបរិភោគ ហើយផឹក ហើយសម្រាកខ្លួនពីដំណើរដែលគេបានធ្វើមក ព្រោះពួកគេបានរងការវេទនាជាច្រើន ដូចជាការស្រេក ការឃ្លាន និងការនឿយហត់។
១៧ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា លុះដល់ស្អែកឡើង ស្ដេចលិមហៃបានចេញសេចក្ដីប្រកាសមួយដល់គ្រប់ប្រជាជនទ្រង់ ដើម្បីឲ្យពួកគេអាចបានមកជួបជុំគ្នាឯព្រះវិហារបរិសុទ្ធ ដើម្បីស្ដាប់ពាក្យទាំងឡាយដែលទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេ។
១៨ហើយហេតុការណ៍បានកើតឡើងថា កាលដែលប្រជាជនបានមកជួបជុំគ្នាហើយ ទើបទ្រង់ថ្លែងទៅកាន់ពួកគេយ៉ាងនេះថា ៖ ឱអ្នកទាំងឡាយ ដែលជាប្រជាជនរបស់យើងអើយ ចូរអ្នកងើបមុខឡើង ហើយបានក្សាន្តចិត្តចុះ ត្បិតមើលចុះ ពេលវេលានៅជិតដៃបង្កើយ ឬនៅមិនយូរប៉ុន្មានទេ កាលពួកយើងនឹងឈប់នៅក្រោមបង្គាប់នៃពួកខ្មាំងសត្រូវរបស់យើងរាល់គ្នាទៀតហើយ ទោះពួកយើងមានការតស៊ូជាច្រើនលើកមកហើយក៏ដោយ គង់តែពុំបានប្រយោជន៍អ្វីឡើយ ក៏ប៉ុន្តែយើងជឿថា ពួកយើងនៅមានការតស៊ូមួយទៀតដ៏មានប្រសិទ្ធភាព។
១៩ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាងើបមុខឡើង ហើយអររីករាយចុះ ហើយដាក់ទីទុកចិត្តរបស់អ្នកទៅលើព្រះ គឺទៅលើព្រះនោះ ដែលជាព្រះនៃអ័ប្រាហាំ និងអ៊ីសាក និងយ៉ាកុប ហើយជាព្រះដែលបាននាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ហើយបានធ្វើឲ្យពួកគេដើរ — ឆ្លងសមុទ្រក្រហមដោយដើរលើដីគោក ហើយបានប្រទានអាហារដល់គេដោយនំម៉ាន៉ា ដើម្បីកុំឲ្យពួកគេវិនាសបង់នៅក្នុងទីរហោស្ថាន ហើយមានការណ៍ជាច្រើនទៀត ដែលទ្រង់បានធ្វើសម្រាប់ពួកគេ។
២០ហើយមួយទៀត គឺព្រះអង្គនោះហើយ ដែលបាននាំពួកអយ្យកោរបស់យើងចេញពីដែនដីយេរូសាឡិម ហើយបានរក្សារាស្ត្រ របស់ទ្រង់ឲ្យគង់វង់ រហូតមកដល់ពេលឥឡូវនេះ ហើយមើលចុះ ពីព្រោះតែអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់យើង រាល់គ្នា ទើបទ្រង់បាននាំយើងឲ្យធ្លាក់ទៅក្នុងសេវកភាព។
២១ហើយអ្នកទាំងអស់គ្នាធ្វើជាសាក្សីនៅថ្ងៃនេះថា ស៊ីនិព្វ ដែលបានតាំងឡើងឲ្យធ្វើជាស្ដេចនៃប្រជាជននេះ ដោយមានចិត្តចង់ទទួលដីរបស់ពួកអយ្យកោលោកហួសប្រមាណ ទើបត្រូវបានបោកបញ្ឆោត ដោយឧបាយកលដ៏អាក្រក់របស់ស្ដេចលេមិន ដែលបានធ្វើមេត្រីភាពមួយជាមួយនឹងស្ដេចស៊ីនិព្វ នោះបានប្រគល់ទៅឲ្យពួកគេនូវផ្នែកនៃដែនដី ឬក៏ទីក្រុងលីហៃ-នីហ្វៃ ទីក្រុងសៃឡោម និងដែនដីដែលនៅព័ទ្ធជុំវិញ —
២២ហើយទ្រង់ធ្វើការណ៍ទាំងអស់នេះ ដោយមានគោលបំណងតែមួយ គឺនាំប្រជាជននេះឲ្យធ្លាក់ទៅក្រោមអំណាច ឬទៅក្នុងសេវកភាព។ ហើយមើលចុះ នៅពេលនេះពួកយើងថ្វាយសួយសារអាករទៅស្ដេចរបស់ពួកសាសន៍លេមិននូវចំនួនពាក់កណ្ដាល នៃពោតរបស់ពួកយើង និងស្រូវរបស់ពួកយើង ព្រមទាំងធញ្ញជាតិរបស់ពួកយើងគ្រប់មុខ និងពាក់កណ្ដាលនៃចំនួនហ្វូងចៀម និងហ្វូងគោ ដែលពួកយើងចិញ្ចឹមបាន ហើយគឺទាំងពាក់កណ្ដាលនៃអ្វីៗទាំងអស់ ដែលពួកយើងមាន ឬបាន នោះស្ដេចនៃពួកសាសន៍លេមិនដកយកពីយើងទៅ ឬក៏យកជីវិតយើង។
២៣ហើយឥឡូវនេះ តើការណ៍នេះមិនពិបាកនឹងទ្រាំទ្របានទេឬ? ហើយការវេទនារបស់ពួកយើងនេះ តើមិនធំហួសប្រមាណទេឬ? ឥឡូវនេះ មើលចុះ ពួកយើងមានហេតុផលដ៏ធំសម្រាប់ទួញសោក។
២៤មែនហើយ យើងសូមប្រាប់អ្នកថា ពួកយើងមានហេតុផលដ៏ធំទាំងឡាយសម្រាប់ទួញសោក ត្បិតមើលចុះ បងប្អូនយើងជាច្រើននាក់ហើយត្រូវបានស្លាប់ ឯឈាមរបស់គេត្រូវខ្ចាយដោយឥតប្រយោជន៍ ហើយការណ៍អស់ទាំងនេះ ក៏ព្រោះតែសេចក្ដីទុច្ចរិត។
២៥ព្រោះបើសិនជាប្រជាជននេះ មិនបានធ្លាក់ទៅក្នុងការរំលងច្បាប់ទេ ព្រះអម្ចាស់ទ្រង់ក៏មិនទ្រាំឲ្យអំពើអាក្រក់ដ៏ធំនេះ មកគ្របសង្កត់គេដែរ។ ប៉ុន្តែមើលចុះ ពួកគេពុំបានប្រុងស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ឡើយ តែមានការទាស់ទែងគ្នាទាំងឡាយនៅក្នុងចំណោមពួកគេ រហូតដល់ពួកគេបានកំចាយឈាមនៅក្នុងចំណោមគ្នាឯងទៅវិញ។
២៦ហើយពួកគេបានសម្លាប់ព្យាការីនៃព្រះអម្ចាស់ម្នាក់ មែនហើយ គឺជាអ្នកសំណប់នៃព្រះដែលបានរើស បុរសនោះបានប្រាប់គេអំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់គេ ហើយបានព្យាករអំពីការណ៍ជាច្រើនដែលនឹងកើតឡើង មែនហើយ រួមទាំងការយាងមកនៃព្រះគ្រីស្ទផង។
២៧ហើយពីព្រោះលោកបាននិយាយប្រាប់គេថា ព្រះគ្រីស្ទ គឺជាព្រះ ជាព្រះវរបិតានៃវត្ថុទាំងអស់ ហើយបាននិយាយថា ទ្រង់នឹងយករូបកាយជាមនុស្ស គឺជារូបរាងតាមដែលមនុស្សត្រូវបានបង្កើតឡើងពីដំបូងមក ឬនិយាយម្យ៉ាងទៀត លោកបាននិយាយថា មនុស្ស ត្រូវបានបង្កើតឡើងតាមរូបរាងនៃព្រះ ហើយថា ព្រះនឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស ហើយមានសាច់ឈាម ហើយដើរនៅលើផ្ទៃផែនដី —
២៨ហើយឥឡូវនេះ ពីព្រោះលាកបាននិយាយយ៉ាងនេះ នោះពួកគេបានសម្លាប់លោកចោល ហើយពួកគេបានធ្វើអំពើជាច្រើនទៀត ដែលនាំឲ្យមានសេចក្ដីពិរោធនៃព្រះមកលើគេ។ ហេតុដូច្នេះហើយ តើមានអ្នកណាងឿងឆ្ងល់ទៀតថា ហេតុអ្វីបានជាពួកគេធ្លាក់ទៅក្នុងសេវកភាព ហើយត្រូវវាយដោយសេចក្ដីទុក្ខវេទនាដ៏ឈឺចាប់ដូច្នេះ?
២៩ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងពុំជួយសង្គ្រោះរាស្ត្រយើង នៅថ្ងៃដែលគេធ្វើអំពើបាបឡើយ តែយើងនឹងឃាំងផ្លូវកុំឲ្យគេរីកចម្រើនបាន ហើយអ្វីដែលគេធ្វើនោះនឹងក្លាយទៅជាថ្មជំពប់ចំពោះពួកគេវិញ។
៣០ហើយមួយទៀត ទ្រង់មានព្រះបន្ទូលថា ៖ បើសិនជារាស្ត្រយើងសាបព្រោះអំពើស្មោកគ្រោក ពួកគេនឹងច្រូតកាត់បានអង្កាមដែលនៅក្នុងខ្យល់កួច ឯលទ្ធផលដែលបានមកគឺជាពិស។
៣១ហើយទ្រង់មានព្រះបន្ទូលទៀតថា ៖ បើសិនជារាស្ត្រយើងសាបព្រោះអំពើស្មោកគ្រោក ពួកគេនឹងច្រូតកាត់ខ្យល់ពីទិសខាងកើត ដែលនាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទាន់ហន់។
៣២ហើយឥឡូវនេះ មើលចុះ សេចក្ដីសន្យារបស់ព្រះអម្ចាស់ត្រូវបានបំពេញហើយ ហើយអ្នករាល់គ្នាត្រូវបានវាយ ហើយរងទុក្ខវេទនា។
៣៣ប៉ុន្តែ បើសិនជាអ្នករាល់គ្នាបែរត្រឡប់មករកព្រះអម្ចាស់ដោយស្មោះពីចិត្ត ហើយដាក់ទីទុកចិត្តរបស់អ្នកទៅលើទ្រង់ ហើយបម្រើទ្រង់ឲ្យអស់ពីការព្យាយាមនៃគំនិតវិញ បើសិនជាអ្នករាល់គ្នាធ្វើយ៉ាងនេះ ទ្រង់នឹងដោះលែងអ្នកឲ្យរួចផុតពីសេវកភាព ស្របតាមបំណង និងព្រះហឫទ័យរបស់ទ្រង់៕