ជំពូកទី ១៩
គេឌានរកប្រហារស្ដេចណូអេ — ពួកសាសន៍លេមិនចូលយកដែនដី — ស្ដេចណូអេសុគតដោយភ្លើង — លិមហៃគ្រប់គ្រងជាព្រះរាជាចំណុះ។ ប្រមាណជាឆ្នាំ ១៤៥–១២១ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា កងទ័ពរបស់ស្ដេចបានត្រឡប់មកវិញ ក្រោយពីបានរករាស្ត្រនៃព្រះអម្ចាស់ដោយឥតបានការ។
២ហើយឥឡូវនេះ មើលចុះ ពលរបស់ស្ដេចមានចំនួនតិច ដោយបានបន្ថយចុះ ហើយបានចាប់ផ្ដើមមានការបែកបាក់គ្នានៅក្នុងចំណោមប្រជាជនដែលនៅសល់ទាំងប៉ុន្មាន។
៣ហើយប្រជាជនផ្នែកតិចបានចាប់ផ្ដើមខ្សឹបខ្សៀវ អំពីការគំរាមកំហែងទាស់នឹងស្ដេច ហើយក៏ចាប់ផ្ដើមមានការទាស់ទែងមួយយ៉ាងធំនៅក្នុងចំណោមពួកគេ។
៤ហើយឥឡូវនេះ មានបុរសម្នាក់នៅក្នុងចំណោមពួកគេ ឈ្មោះថា គេឌាន ហើយលោកជាមនុស្សខ្លាំងពូកែមួយរូប ហើយជាសត្រូវដល់ស្ដេច ហេតុដូច្នេះហើយ លោកបានដកដាវ ហើយសច្ចាក្នុងកំហឹងថា លោកនឹងសម្លាប់ស្ដេចចោល។
៥ហើយហេតុការណ៍បានកើតឡើងថា លោកបានប្រយុទ្ធជាមួយនឹងស្ដេច ហើយនៅពេលដែលស្ដេចទតឃើញថា គាត់ជិតឈ្នះទ្រង់ហើយ នោះទ្រង់ក៏គេច ហើយរត់ទៅឡើងប៉ម ដែលនៅជិតព្រះវិហារបរិសុទ្ធ។
៦ហើយគេឌានដេញតាមពីក្រោយ ហើយរៀបនឹងឡើងទៅលើប៉ម ដើម្បីសម្លាប់ស្ដេចចោល ស្រាប់តែស្ដេចបានចោលព្រះនេត្រទតមើលជុំវិញ ឆ្ពោះទៅឯដែនដីសេមឡុន ហើយមើលចុះ កងទ័ពសាសន៍លេមិន គេកំពុងតែនៅខាងក្នុងព្រំប្រទល់នៃដែនដីទៅហើយ។
៧ហើយឥឡូវនេះ ស្ដេចស្រែកឡើងដោយក្ដីគ្រាំគ្រាពីព្រលឹងទ្រង់ថា ៖ គេឌានអើយ សូមទុកជីវិតយើងចុះ ព្រោះពួកលេមិនកំពុងតែមកវាយយើង ហើយពួកគេនឹងបំផ្លាញពួកយើង មែនហើយ ពួកគេនឹងបំផ្លាញប្រជាជនយើងហើយ។
៨ហើយឥឡូវនេះ ស្ដេចពុំសូវបារម្ភដល់ប្រជាជនរបស់ទ្រង់ ស្មើនឹងទ្រង់បារម្ភដល់ជីវិតផ្ទាល់របស់ទ្រង់ប៉ុន្មានទេ ទោះជាយ៉ាងនេះក្ដី គង់តែគេឌានបានទុកជីវិតឲ្យទ្រង់ដែរ។
៩ហើយស្ដេចបានបញ្ជាឲ្យប្រជាជនរត់គេចចេញពីពួកលេមិន ហើយទ្រង់ផ្ទាល់ គឺជាអ្នកនាំមុខគេ ហើយពួកគេបានរត់គេចចូលទៅក្នុងទីរហោស្ថានជាមួយនឹងពួកស្ត្រីគេ និងកូនចៅគេ។
១០ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនបានដេញតាមគេ ហើយបានតាមទាន់ ហើយបានចាប់ផ្ដើមសម្លាប់គេចោល។
១១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ស្ដេចបានបញ្ជាឲ្យពួកបុរសទាំងអស់ រត់ចោលប្រពន្ធខ្លួន និងកូនចៅខ្លួន ហើយគេចចេញពីពួកលេមិន។
១២ឥឡូវនេះ មានមនុស្សជាច្រើន ដែលពុំព្រមរត់ចោលប្រពន្ធកូនខ្លួនទេ តែសុខចិត្តនៅ ហើយវិនាសជាមួយនឹងពួកគេវិញ។ ហើយក្រៅពីនោះ ក៏បានចោលប្រពន្ធរបស់ខ្លួន និងកូនចៅរបស់ខ្លួន ហើយបានរត់គេចបាត់ទៅ។
១៣ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកដែលនៅជាមួយនឹងប្រពន្ធរបស់ខ្លួន និងកូនចៅរបស់ខ្លួន បានឲ្យពួកកូនក្រមុំដ៏ស្រស់ល្អៗរបស់ខ្លួនចេញទៅអង្វរពួកលេមិន សូមកុំឲ្យសម្លាប់ពួកគេចោលឡើយ។
១៤ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនមានសេចក្ដីអាណិតដល់គេ ព្រោះពួកលេមិន ត្រូវសម្រស់របស់ស្ត្រីទាំងនោះទាក់ចិត្ត។
១៥ហេតុដូច្នេះហើយ ពួកលេមិនបានទុកជីវិតឲ្យគេ ហើយបានចាប់គេយកទៅជាឈ្លើយ ហើយនាំគេត្រឡប់ទៅឯដែនដីនីហ្វៃវិញ ហើយបានអនុញ្ញាតឲ្យគេយកដែនដីនោះ នៅក្រោមលក្ខខណ្ឌទាំងឡាយថា គេត្រូវប្រគល់ស្ដេចណូអេទៅក្នុងកណ្ដាប់ដៃនៃពួកលេមិន ហើយប្រគល់ទ្រព្យរបស់ខ្លួន គឺនូវពាក់កណ្ដាលនៃទ្រព្យសម្បត្តិទាំងអស់ដែលគេមាន ពាក់កណ្ដាលនៃមាសរបស់គេ និងប្រាក់របស់គេ និងវត្ថុមានតម្លៃរបស់គេទាំងអស់ ម្ល៉ោះហើយ ពួកគេត្រូវបង់ពន្ធដារទៅឲ្យស្ដេចនៃពួកលេមិនជារៀងរាល់ឆ្នាំ។
១៦ហើយឥឡូវនេះ នៅក្នុងចំណោមអ្នកដែលគេចាប់យកទៅជាឈ្លើយ នោះមានមនុស្សម្នាក់នាមថា លិមហៃ ជាបុត្ររបស់ស្ដេច។
១៧ហើយឥឡូវ លិមហៃមិនចង់ឲ្យបិតាខ្លួនត្រូវគេបំផ្លាញចោលឡើយ ទោះជាយ៉ាងណាក៏ដោយ គង់តែលិមហៃជ្រាបពីអំពើទុច្ចរិតទាំងឡាយរបស់បិតាខ្លួនដែរ ទោះជារូបទ្រង់ជាបុរសសុចរិតម្នាក់ក្ដី។
១៨ហើយហេតុការណ៍បានកើតឡើងថា គេឌានបានចាត់ឲ្យមនុស្សទៅក្នុងទីរហោស្ថាន ដោយសម្ងាត់ដើម្បីទៅរកស្ដេច និងពួកអ្នកដែលទៅជាមួយទ្រង់។ ហើយហេតុការណ៍បានកើតឡើងថា គេបានជួបនឹងប្រជាជននៅក្នុងទីរហោស្ថានគ្រប់គ្នា លើកលែងតែស្ដេច និងពួកសង្ឃរបស់ទ្រង់ប៉ុណ្ណោះ។
១៩ឥឡូវនេះ ពួកគេបានសច្ចានៅក្នុងចិត្តគេថា គេនឹងត្រឡប់ទៅដែនដីនីហ្វៃវិញ ហើយបើសិនជាប្រពន្ធគេ និងកូនចៅគេត្រូវគេសម្លាប់ចោល ហើយព្រមទាំងពួកអ្នកដែលនៅជាមួយនឹងពួកគេផងដែរ នោះពួកគេនឹងរកសងសឹក ហើយនឹងវិនាសជាមួយគ្នាដែរ។
២០ហើយស្ដេចបានបញ្ជាមិនឲ្យពួកគេត្រឡប់ទៅវិញឡើយ ពួកគេក៏ខឹងនឹងស្ដេច ហើយបានធ្វើឲ្យទ្រង់រងទុក្ខវេទនា រហូតដល់សុគតដោយភ្លើង។
២១ហើយពួកគេបម្រុងនឹងចាប់ពួកសង្ឃទាំងឡាយផង ហើយយកទៅប្រហារចោល ប៉ុន្តែពួកនោះបានរត់គេចខ្លួនបាត់ទៅ។
២២ហើយហេតុការណ៍បានកើតឡើងថា ពួកគេកំពុងតែនឹងត្រឡប់ទៅកាន់ដែនដីនីហ្វៃវិញ ស្រាប់តែពួកគេបានជួបនឹងពួកកងគេឌាន។ ហើយពួកកងគេឌានបានប្រាប់ពួកគេអំពីអ្វីៗដែលបានកើតឡើងដល់ប្រពន្ធពួកគេ និងកូនចៅពួកគេ ហើយថា ពួកលេមិន បានអនុញ្ញាតឲ្យពួកគេអាចនៅលើដែនដីនោះ ដោយត្រូវបង់ពន្ធដារទៅឲ្យពួកលេមិននូវចំនួនពាក់កណ្ដាលនៃទ្រព្យសម្បត្តិទាំងអស់ដែលគេមាន។
២៣ហើយប្រជាជនទាំងនោះបានប្រាប់ពួកកងគេឌានថា ពួកគេបានសម្លាប់ស្ដេចចោល រីឯពួកសង្ឃរបស់ទ្រង់បានរត់គេចពីពួកគេទៅជ្រៅក្នុងទីរហោស្ថាន។
២៤ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានបញ្ចប់ពិធីរួចស្រេចហើយ នោះពួកគេបានត្រឡប់ទៅកាន់ដែនដីនីហ្វៃវិញដោយអររីករាយ ពីព្រោះប្រពន្ធរបស់ពួកគេ និងកូនចៅរបស់ពួកគេពុំបានត្រូវគេសម្លាប់ចោល ហើយពួកគេបានប្រាប់គេឌាននូវអ្វីៗដែលគេបានធ្វើដល់ស្ដេច។
២៥ហើយហេតុការណ៍បានកើតឡើងថា ស្ដេចរបស់ពួកលេមិនបានសច្ចានឹងពួកគេថា ប្រជាជនរបស់ទ្រង់នឹងពុំសម្លាប់ពួកគេទៀតឡើយ។
២៦រីឯលិមហៃ ជាបុត្ររបស់ស្ដេច ត្រូវប្រជាជនប្រគល់នគរឲ្យបានសច្ចាទៅស្ដេចនៃពួកលេមិនថា ប្រជាជនរបស់ទ្រង់នឹងបង់សួយសារអាករទៅឲ្យទ្រង់ គឺនូវចំនួនពាក់កណ្ដាលនៃទ្រព្យសម្បត្តិទាំងអស់ដែលគេមាន។
២៧ហើយហេតុការណ៍បានកើតឡើងថា លិមហៃចាប់ផ្ដើមកសាងនគរ ហើយកសាងឲ្យមានសេចក្ដីសុខសាន្តនៅក្នុងចំណោមប្រជាជនទ្រង់ទៀត។
២៨ហើយស្ដេចនៃពួកលេមិនបានចាត់ឲ្យពួកទាហានយាមជុំវិញដែនដី ដើម្បីទ្រង់អាចការពារប្រជាជនរបស់លិមហៃនៅលើដែនដី ដើម្បីកុំឲ្យពួកគេអាចរត់ចូលក្នុងទីរហោស្ថាន ហើយទ្រង់បានចិញ្ចឹមពួកទាហានយាមដោយពន្ធដារដែលទ្រង់បានទទួលមកពីពួកនីហ្វៃ។
២៩ហើយឥឡូវនេះ ស្ដេចលិមហៃបានមានសេចក្ដីសុខសាន្តតរៀងមក នៅក្នុងនគររបស់ទ្រង់ អស់រយៈពេលពីរឆ្នាំ ដែលពួកលេមិនពុំបានមករុកកួនពួកគេ ឬរកបំផ្លាញពួកគេឡើយ៕