ព្រះគម្ពីរ
ម៉ូសាយ 19


ជំពូក​ទី ១៩

គេឌាន​រក​ប្រហារ​ស្ដេច​ណូអេ — ពួក​សាសន៍​លេមិន​ចូល​យក​ដែនដី — ស្ដេច​ណូអេ​សុគត​ដោយ​ភ្លើង — លិមហៃ​គ្រប់​គ្រង​ជា​ព្រះ​រាជា​ចំណុះ។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២១ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កងទ័ព​របស់​ស្ដេច​បាន​ត្រឡប់​មក​វិញ ក្រោយ​ពី​បាន​រក​រាស្ត្រ​នៃ​ព្រះ​អម្ចាស់​ដោយ​ឥត​បាន​ការ។

ហើយ​ឥឡូវ​នេះ មើល​ចុះ ពល​របស់​ស្ដេច​មាន​ចំនួន​តិច ដោយ​បាន​បន្ថយ​ចុះ ហើយ​បាន​ចាប់​ផ្ដើម​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន។

ហើយ​ប្រជាជន​ផ្នែក​តិច​បាន​ចាប់​ផ្ដើម​ខ្សឹបខ្សៀវ អំពី​ការ​គំរាមកំហែង​ទាស់​នឹង​ស្ដេច ហើយ​ក៏​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ចំណោម​ពួក​គេ។

ហើយ​ឥឡូវ​នេះ មាន​បុរស​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ ឈ្មោះ​ថា គេឌាន ហើយ​លោក​ជា​មនុស្ស​ខ្លាំង​ពូកែ​មួយ​រូប ហើយ​ជា​សត្រូវ​ដល់​ស្ដេច ហេតុ​ដូច្នេះ​ហើយ លោក​បាន​ដក​ដាវ ហើយ​សច្ចា​ក្នុង​កំហឹង​ថា លោក​នឹង​សម្លាប់​ស្ដេច​ចោល។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ស្ដេច ហើយ​នៅ​ពេល​ដែល​ស្ដេច​ទត​ឃើញ​ថា គាត់​ជិត​ឈ្នះ​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​គេច ហើយ​រត់​ទៅ​ឡើង​ប៉ម ដែល​នៅ​ជិត​ព្រះ​វិហារ​បរិសុទ្ធ។

ហើយ​គេឌាន​ដេញ​តាម​ពី​ក្រោយ ហើយ​រៀប​នឹង​ឡើង​ទៅ​លើ​ប៉ម ដើម្បី​សម្លាប់​ស្ដេច​ចោល ស្រាប់​តែ​ស្ដេច​បាន​ចោល​ព្រះ​នេត្រ​ទត​មើល​ជុំវិញ ឆ្ពោះ​ទៅ​ឯ​ដែនដី​សេមឡុន ហើយ​មើល​ចុះ កងទ័ព​សាសន៍​លេមិន គេ​កំពុងតែ​នៅ​ខាង​ក្នុង​ព្រំប្រទល់​នៃ​ដែនដី​ទៅ​ហើយ។

ហើយ​ឥឡូវ​នេះ ស្ដេច​ស្រែក​ឡើង​ដោយ​ក្ដី​គ្រាំគ្រា​ពី​ព្រលឹង​ទ្រង់​ថា ៖ គេឌាន​អើយ សូម​ទុក​ជីវិត​យើង​ចុះ ព្រោះ​ពួក​លេមិន​កំពុង​តែ​មក​វាយ​យើង ហើយ​ពួក​គេ​នឹង​បំផ្លាញ​ពួក​យើង មែន​ហើយ ពួក​គេ​នឹង​បំផ្លាញ​ប្រជាជន​យើង​ហើយ។

ហើយ​ឥឡូវ​នេះ ស្ដេច​ពុំ​សូវ​បារម្ភ​ដល់​ប្រជាជន​របស់​ទ្រង់ ស្មើ​នឹង​ទ្រង់​បារម្ភ​ដល់​ជីវិត​ផ្ទាល់​របស់​ទ្រង់​ប៉ុន្មាន​ទេ ទោះ​ជា​យ៉ាង​នេះ​ក្ដី គង់តែ​គេឌាន​បាន​ទុក​ជីវិត​ឲ្យ​ទ្រង់​ដែរ។

ហើយ​ស្ដេច​បាន​បញ្ជា​ឲ្យ​ប្រជាជន​រត់គេច​ចេញ​ពី​ពួក​លេមិន ហើយ​ទ្រង់​ផ្ទាល់ គឺជា​អ្នក​នាំ​មុខ​គេ ហើយ​ពួក​គេ​បាន​រត់គេច​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​ជាមួយ​នឹង​ពួក​ស្ត្រី​គេ និង​កូន​ចៅ​គេ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​ដេញ​តាម​គេ ហើយ​បាន​តាម​ទាន់ ហើយ​បាន​ចាប់​ផ្ដើម​សម្លាប់​គេ​ចោល។

១១ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​បាន​បញ្ជា​ឲ្យ​ពួក​បុរស​ទាំង​អស់ រត់​ចោល​ប្រពន្ធ​ខ្លួន និង​កូន​ចៅ​ខ្លួន ហើយ​គេច​ចេញ​ពី​ពួក​លេមិន។

១២ឥឡូវ​នេះ មាន​មនុស្ស​ជា​ច្រើន ដែល​ពុំ​ព្រម​រត់​ចោល​ប្រពន្ធ​កូន​ខ្លួន​ទេ តែ​សុខ​ចិត្ត​នៅ ហើយ​វិនាស​ជាមួយ​នឹង​ពួក​គេ​វិញ។ ហើយ​ក្រៅ​ពី​នោះ ក៏​បាន​ចោល​ប្រពន្ធ​របស់​ខ្លួន និង​កូន​ចៅ​របស់​ខ្លួន ហើយ​បាន​រត់គេច​បាត់​ទៅ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​អ្នក​ដែល​នៅ​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្លួន និង​កូន​ចៅ​របស់​ខ្លួន បាន​ឲ្យ​ពួក​កូន​ក្រមុំ​ដ៏​ស្រស់​ល្អៗ​របស់​ខ្លួន​ចេញ​ទៅ​អង្វរ​ពួក​លេមិន សូម​កុំ​ឲ្យ​សម្លាប់​ពួក​គេ​ចោល​ឡើយ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​មាន​សេចក្ដី​អាណិត​ដល់​គេ ព្រោះ​ពួក​លេមិន ត្រូវ​សម្រស់​របស់​ស្ត្រី​ទាំង​នោះ​ទាក់​ចិត្ត។

១៥ហេតុ​ដូច្នេះ​ហើយ ពួក​លេមិន​បាន​ទុក​ជីវិត​ឲ្យ​គេ ហើយ​បាន​ចាប់​គេ​យក​ទៅ​ជា​ឈ្លើយ ហើយ​នាំ​គេ​ត្រឡប់​ទៅ​ឯ​ដែនដី​នីហ្វៃ​វិញ ហើយ​បាន​អនុញ្ញាត​ឲ្យ​គេ​យក​ដែនដី​នោះ នៅ​ក្រោម​លក្ខខណ្ឌ​ទាំង​ឡាយ​ថា គេ​ត្រូវ​ប្រគល់​ស្ដេច​ណូអេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​លេមិន ហើយ​ប្រគល់​ទ្រព្យ​របស់​ខ្លួន គឺ​នូវ​ពាក់​កណ្ដាល​នៃ​ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​គេ​មាន ពាក់​កណ្ដាល​នៃ​មាស​របស់​គេ និង​ប្រាក់​របស់​គេ និង​វត្ថុ​មាន​តម្លៃ​របស់​គេ​ទាំង​អស់ ម្ល៉ោះ​ហើយ ពួក​គេ​ត្រូវ​បង់​ពន្ធដារ​ទៅ​ឲ្យ​ស្ដេច​នៃ​ពួក​លេមិន​ជា​រៀង​រាល់​ឆ្នាំ។

១៦ហើយ​ឥឡូវ​នេះ នៅ​ក្នុង​ចំណោម​អ្នក​ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ នោះ​មាន​មនុស្ស​ម្នាក់​នាម​ថា លិមហៃ ជា​បុត្រ​របស់​ស្ដេច។

១៧ហើយ​ឥឡូវ លិមហៃ​មិន​ចង់​ឲ្យ​បិតា​ខ្លួន​ត្រូវ​គេ​បំផ្លាញ​ចោល​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​លិមហៃ​ជ្រាប​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​បិតា​ខ្លួន​ដែរ ទោះ​ជា​រូប​ទ្រង់​ជា​បុរស​សុចរិត​ម្នាក់​ក្ដី។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គេឌាន​បាន​ចាត់​ឲ្យ​មនុស្ស​ទៅ​ក្នុង​ទី​រហោស្ថាន ដោយ​សម្ងាត់​ដើម្បី​ទៅ​រក​ស្ដេច និង​ពួក​អ្នក​ដែល​ទៅ​ជា​មួយ​ទ្រង់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គេ​បាន​ជួប​នឹង​ប្រជាជន​នៅ​ក្នុង​ទី​រហោស្ថាន​គ្រប់​គ្នា លើក​លែងតែ​ស្ដេច និង​ពួក​សង្ឃ​របស់​ទ្រង់​ប៉ុណ្ណោះ។

១៩ឥឡូវ​នេះ ពួក​គេ​បាន​សច្ចា​នៅ​ក្នុង​ចិត្ត​គេ​ថា គេ​នឹង​ត្រឡប់​ទៅ​ដែនដី​នីហ្វៃ​វិញ ហើយ​បើ​សិន​ជា​ប្រពន្ធ​គេ និង​កូន​ចៅ​គេ​ត្រូវ​គេ​សម្លាប់​ចោល ហើយ​ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ជាមួយ​នឹង​ពួក​គេ​ផង​ដែរ នោះ​ពួក​គេ​នឹង​រក​សងសឹក ហើយ​នឹង​វិនាស​ជាមួយ​គ្នា​ដែរ។

២០ហើយ​ស្ដេច​បាន​បញ្ជា​មិន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ឡើយ ពួក​គេ​ក៏​ខឹង​នឹង​ស្ដេច ហើយ​បាន​ធ្វើ​ឲ្យ​ទ្រង់​រង​ទុក្ខ​វេទនា រហូត​ដល់​សុគត​ដោយ​ភ្លើង។

២១ហើយ​ពួក​គេ​បម្រុង​នឹង​ចាប់​ពួក​សង្ឃ​ទាំង​ឡាយ​ផង ហើយ​យក​ទៅ​ប្រហារ​ចោល ប៉ុន្តែ​ពួក​នោះ​បាន​រត់គេច​ខ្លួន​បាត់​ទៅ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​កំពុងតែ​នឹង​ត្រឡប់​ទៅ​កាន់​ដែនដី​នីហ្វៃ​វិញ ស្រាប់​តែ​ពួក​គេ​បាន​ជួប​នឹង​ពួក​កង​គេឌាន។ ហើយ​ពួក​កង​គេឌាន​បាន​ប្រាប់​ពួក​គេ​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ដល់​ប្រពន្ធ​ពួក​គេ និង​កូន​ចៅ​ពួក​គេ ហើយ​ថា ពួក​លេមិន បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​នៅ​លើ​ដែនដី​នោះ ដោយ​ត្រូវ​បង់​ពន្ធដារ​ទៅ​ឲ្យ​ពួក​លេមិន​នូវ​ចំនួន​ពាក់​កណ្ដាល​នៃ​ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​គេ​មាន។

២៣ហើយ​ប្រជាជន​ទាំង​នោះ​បាន​ប្រាប់​ពួក​កង​គេឌាន​ថា ពួក​គេ​បាន​សម្លាប់​ស្ដេច​ចោល រីឯ​ពួក​សង្ឃ​របស់​ទ្រង់​បាន​រត់គេច​ពី​ពួក​គេ​ទៅ​ជ្រៅ​ក្នុង​ទី​រហោស្ថាន។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ពិធី​រួច​ស្រេច​ហើយ នោះ​ពួក​គេ​បាន​ត្រឡប់​ទៅ​កាន់​ដែនដី​នីហ្វៃ​វិញ​ដោយ​អរ​រីករាយ ពី​ព្រោះ​ប្រពន្ធ​របស់​ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ​ពុំ​បាន​ត្រូវ​គេ​សម្លាប់​ចោល ហើយ​ពួក​គេ​បាន​ប្រាប់​គេឌាន​នូវ​អ្វីៗ​ដែល​គេ​បាន​ធ្វើ​ដល់​ស្ដេច។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​របស់​ពួក​លេមិន​បាន​សច្ចា​នឹង​ពួក​គេ​ថា ប្រជាជន​របស់​ទ្រង់​នឹង​ពុំ​សម្លាប់​ពួក​គេ​ទៀត​ឡើយ។

២៦រីឯ​លិមហៃ ជា​បុត្រ​របស់​ស្ដេច ត្រូវ​ប្រជាជន​ប្រគល់​នគរ​ឲ្យ​បាន​សច្ចា​ទៅ​ស្ដេច​នៃ​ពួក​លេមិន​ថា ប្រជាជន​របស់​ទ្រង់​នឹង​បង់​សួយ​សារ​អាករ​ទៅ​ឲ្យ​ទ្រង់ គឺ​នូវ​ចំនួន​ពាក់​កណ្ដាល​នៃ​ទ្រព្យសម្បត្តិ​ទាំង​អស់​ដែល​គេ​មាន។

២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លិមហៃ​ចាប់​ផ្ដើម​កសាង​នគរ ហើយ​កសាង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ចំណោម​ប្រជាជន​ទ្រង់​ទៀត។

២៨ហើយ​ស្ដេច​នៃ​ពួក​លេមិន​បាន​ចាត់​ឲ្យ​ពួក​ទាហាន​យាម​ជុំវិញ​ដែនដី ដើម្បី​ទ្រង់​អាច​ការ​ពារ​ប្រជាជន​របស់​លិមហៃ​នៅ​លើ​ដែនដី ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​រត់​ចូល​ក្នុង​ទី​រហោស្ថាន ហើយ​ទ្រង់​បាន​ចិញ្ចឹម​ពួក​ទាហាន​យាម​ដោយ​ពន្ធដារ​ដែល​ទ្រង់​បាន​ទទួល​មក​ពី​ពួក​នីហ្វៃ។

២៩ហើយ​ឥឡូវ​នេះ ស្ដេច​លិមហៃ​បាន​មាន​សេចក្ដី​សុខសាន្ត​ត​រៀង​មក នៅ​ក្នុង​នគរ​របស់​ទ្រង់ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ដែល​ពួក​លេមិន​ពុំ​បាន​មក​រុក​កួន​ពួក​គេ ឬ​រក​បំផ្លាញ​ពួក​គេ​ឡើយ៕