ព្រះគម្ពីរ
ម៉ូសាយ 10


ជំពូក​ទី ១០

ស្ដេច​លេមិន​សុគត — ប្រជាជន​របស់​ទ្រង់​ជា​មនុស្ស​ព្រៃ​ផ្សៃ ហើយ​សាហាវ ហើយ​ជឿ​សណ្ដាប់​ខុសឆ្គង — ស៊ីនិព្វ និង​ប្រជាជន​លោក មាន​ជ័យ​ជម្នះ​លើ​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ១៨៧–១៦០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ចាប់​ផ្ដើម​កសាង​នគរ​ឡើង​វិញ ហើយ​យើង​បាន​ចាប់​ផ្ដើម​យក​ដែនដី​នោះ​ទៀត ដោយ​សេចក្ដី​សុខសាន្ត ហើយ​ខ្ញុំ​បាន​បញ្ជា​ថា ត្រូវ​ធ្វើ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ខ្ញុំ​អាច​មាន​គ្រឿង​សស្ត្រាវុធ​សម្រាប់​ប្រជាជន​ខ្ញុំ​តទល់​នឹង​ពួក​សាសន៍​លេមិន នៅ​ពេល​ពួក​នេះ​នឹង​ឡើង​មក​ធ្វើ​សង្គ្រាម​នឹង​ប្រជាជន​ខ្ញុំ​ទៀត។

ហើយ​ខ្ញុំ​ដាក់​ទាហាន​យាម​ជុំវិញ​ដែនដី ដើម្បី​កុំ​ឲ្យ​ពួក​សាសន៍​លេមិន​អាច​វាយ​មក​លើ​ពួក​យើង​បាន​ដោយ​ពុំ​ដឹង​ខ្លួន ហើយ​បំផ្លាញ​ពួក​យើង​ចោល​ទៀត ហើយ​ខ្ញុំ​បាន​ការ​ពារ​ប្រជាជន និង​ហ្វូង​ចៀម​របស់​ខ្ញុំ​តាម​របៀប​នេះ ហើយ​ការ​ពារ​គេ​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​គ្រង​ដែនដី​របស់​ពួក​អយ្យកោ​យើង​ទុកជា​មរតក​អស់​ជា​ច្រើន​ឆ្នាំ មែន​ហើយ គឺ​អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។

ហើយ​ខ្ញុំ​បាន​ចាត់​ឲ្យ​ពួក​ប្រុស​ភ្ជួរ​រាស់​ដី ហើយ​ដាំ​គ្រាប់​ធញ្ញជាតិ ព្រម​ទាំង​ផ្លែ​ឈើ​គ្រប់​យ៉ាង។

ហើយ​ខ្ញុំ​បាន​ចាត់​ឲ្យ​ពួក​ស្ត្រី​ស្រាវ​រវៃ ហើយ​នឿយហត់​ធ្វើ​ការ ហើយ​ធ្វើ​ការងារ ហើយ​ត្បាញ​សំពត់​ទេសឯក​យ៉ាង​ម៉ដ្ឋ​គ្រប់​យ៉ាង មែន​ហើយ និង​សំពត់​គ្រប់​បែប​យ៉ាង ដើម្បី​យើង​អាច​ស្លៀកពាក់​បិទបាំង​ភាព​អាក្រាត​របស់​យើង ម្ល៉ោះ​ហើយ យើង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី — ម្ល៉ោះ​ហើយ យើង​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី​ត​រៀង​មក អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ​មក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​លេមិន​បាន​សុគត​ទៅ ហើយ​បុត្រ​របស់​ទ្រង់​បាន​សោយរាជ្យ​ជំនួស​ទ្រង់។ ហើយ​ទ្រង់​បាន​ចាប់​ផ្ដើម​ចាក់​រុក​ប្រជាជន​ទ្រង់​ឲ្យ​បះបោរ​ទាស់​នឹង​ប្រជាជន​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​រៀបចំ​ធ្វើ​សង្គ្រាម ហើយ​ឡើង​មក​ច្បាំង​នឹង​ប្រជាជន​ខ្ញុំ។

ប៉ុន្តែ ខ្ញុំ​បាន​ចាត់​ឲ្យ​អ្នក​ស៊ើប​ការណ៍​ទាំង​ឡាយ​ទៅ​សព្វ​ទាំង​ដែនដី​សេមឡុន ដើម្បី​ខ្ញុំ​អាច​បាន​ដឹង​អំពី​ការ​រៀបចំ​របស់​ពួក​គេ ដើម្បី​ខ្ញុំ​អាច​ការ​ពារ​ទប់​ទល់​នឹង​ពួក​គេ កុំ​ឲ្យ​ពួក​គេ​វាយ​មក​លើ​ប្រជាជន​ខ្ញុំ ហើយ​បំផ្លាញ​ប្រជាជន​ខ្ញុំ​ចោល។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ឡើង​មក​ដល់​ខាង​ជើង​នៃ​ដែនដី​សៃឡោម ដោយ​មាន​ទ័ព​ជា​ច្រើន បុរស​ប្រដាប់​ដោយ​ធ្នូ និង​ព្រួញ និង​ដាវ និង​សាប និង​ក្រួស និង​ខ្សែ​ដង្ហក់ ហើយ​គេ​កោ​ក្បាល​ត្រងោល និង​អាក្រាត ហើយ​គេ​ក្រវាត់​ស្បែក​នៅ​ចង្កេះ​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​បញ្ជា​ឲ្យ​ពួក​ស្ត្រី និង​កូន​ក្មេង​នៃ​ប្រជាជន​ខ្ញុំ ពួន​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​ខ្ញុំ​ក៏​បាន​បញ្ជា​ពួក​បុរស​ដែល​មាន​វ័យ​ចាស់ តែ​អាច​ស្ពាយ​អាវុធ​បាន ព្រម​ទាំង​ពួក​កំលោះ​ទាំង​អស់​ដែល​អាច​ស្ពាយ​អាវុធ​បាន ឲ្យ​ប្រមូល​គ្នា​មក ដើម្បី​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​លេមិន ហើយ​ខ្ញុំ​បាន​ដាក់​គេ​តាម​លំដាប់​ថ្នាក់ ដោយ​យោង​ទៅ​តាម​អាយុ​រៀងៗ​ខ្លួន។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​លេមិន រីឯ​ខ្ញុំ សូម្បីតែ​ខ្ញុំ​ដែល​មាន​វ័យ​ចាស់​ទៅ​ហើយ ក៏​បាន​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​លេមិន​ដែរ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ឡើង​ទៅ​ច្បាំង​ដោយ​កម្លាំង នៃ​ព្រះ​អម្ចាស់។

១១ឥឡូវ​នេះ ពួក​សាសន៍​លេមិន​ពុំ​បាន​ដឹង​អ្វី​អំពី​ព្រះ​អម្ចាស់​ឡើយ ក៏​ពុំ​ដឹង​ពី​កម្លាំង​នៃ​ព្រះ​អម្ចាស់​ដែរ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពឹង​ផ្អែក​ទៅ​លើ​កម្លាំង​របស់​គេ​ផ្ទាល់​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ពួក​គេ​ជា​ប្រជាជន​មួយ​ដ៏​មាន​កម្លាំង​ពូកែ តាម​កម្លាំង​របស់​មនុស្ស។

១២ពួក​គេ​ជា​ប្រជាជន​សាហាវ​ព្រៃ​ផ្សៃ ហើយ​ស្រេក​ឈាម មាន​ជំនឿ​ទៅ​លើ​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ ដែល​មាន​យ៉ាង​ដូច្នេះ — គឺ​ជឿ​ថា ពួក​គេ​ត្រូវ​បាន​ដេញ​ចេញ​ពី​ដែនដី​យេរូសាឡិម មក​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ ហើយ​ថា​ប្អូនៗ​គេ បាន​ប្រព្រឹត្ត​ខុស​ទៅ​លើ​ពួក​គេ នៅ​ក្នុង​ទី​រហោស្ថាន ព្រម​ទាំង​បាន​ប្រព្រឹត្ត​ខុស​ទៅ​លើ​ពួក​គេ កាលដែល​កំពុង​ឆ្លង​សមុទ្រ​ដែរ

១៣ហើយ​បាន​ប្រព្រឹត្ត​ខុស​ទៅ​លើ​ពួក​គេ​ទៀត កាល​នៅ​លើ​ដែនដី​នៃ​កេរ្តិ៍​អាករ​ដំបូង​របស់​គេ​បន្ទាប់​ពី​បាន​ឆ្លង​សមុទ្រ​មក ហើយ​ការណ៍​អស់​ទាំង​នេះ ក៏​ព្រោះ​តែ​នីហ្វៃ​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ — ហេតុ​ដូច្នេះ​ហើយ ទើប​នីហ្វៃ ត្រូវ​បាន​ប្រោសប្រណី​ពី​ព្រះ​អម្ចាស់ ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​លោក ហើយ​ឆ្លើយតប​ពាក្យ​ទាំង​នោះ ហើយ​លោក​បាន​ដឹកនាំ​ពួក​គេ​ក្នុង​ពេល​ធ្វើ​ដំណើរ​ក្នុង​ទី​រហោស្ថាន។

១៤តែ​បងៗ​របស់​លោក​បាន​ខឹង​នឹង​លោក ពី​ព្រោះ​ពួក​គេ​ពុំ​យល់​នូវ​ទំ​នាក់​ទំនង​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ឡើយ ពួក​គេ​ក៏​ខឹង​នឹង​លោក​ដែរ កាល​នៅ​លើ​សមុទ្រ ពី​ព្រោះ​ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​អម្ចាស់។

១៥ហើយ​ពួក​គេ​បាន​ខឹង​នឹង​លោក​ទៀត កាលដែល​គេ​មក​ដល់​ដែនដី​សន្យា ពី​ព្រោះ​ពួក​គេ​បាន​និយាយ​ថា លោក​បាន​ដណ្ដើមយក​អំណាច​ត្រួតត្រា​ទៅ​លើ​ប្រជាជន​ពី​ដៃ​គេ ហើយ​ពួក​គេ​បា​នរក​សម្លាប់​លោក​ចោល។

១៦ហើយ​ពួក​គេ​បាន​ខឹង​នឹង​លោក​ទៀត ពី​ព្រោះ​លោក​បាន​ចាក​ចូល​ក្នុង​ទី​រហោស្ថាន តាម​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ដល់​លោក ហើយ​បាន​យក​បញ្ជី​ទាំង​ឡាយ​ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន​នោះ​ទៅ​ផង ព្រោះ​ពួក​គេ​បាន​និយាយ​ថា លោក​បាន​លួច​យក​បញ្ជី​ទាំង​នោះ​ទៅ។

១៧ម្ល៉ោះ​ហើយ ទើប​ពួក​គេ​បាន​បង្រៀន​កូន​ចៅ​គេ​ថា ពួក​គេ​ត្រូវ​ស្អប់​ប្រជាជន​នីហ្វៃ ហើយ​ថា​ត្រូវ​ធ្វើ​ឃាតគេ ហើយ​ថា​ពួក​គេ​ត្រូវ​លួច ហើយ​ប្លន់​គេ ហើយ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​គេ​អាច​ធ្វើ​បាន ដើម្បី​បំផ្លាញ​គេ​ចោល ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មាន​សម្អប់​ដ៏​អស់​កល្ប​ជានិច្ច​ចំពោះ​កូន​ចៅ​នីហ្វៃ។

១៨ដោយ​មក​ពី​ហេតុ​នេះ ទើប​ស្ដេច​លេមិន​បាន​ប្រើ​កលល្បិច ភូតភរ និង​ពាក្យ​សន្យា​ដ៏​ល្អៗ ដើម្បី​បោក​បញ្ឆោត​ខ្ញុំ ឲ្យ​ខ្ញុំ​នាំ​ប្រជាជន របស់​ខ្ញុំ មក​កាន់​ដែនដី​នេះ ដើម្បី​ពួក​គេ​អាច​បំផ្លាញ​ប្រជាជន​ខ្ញុំ​ចោល មែន​ហើយ យើង​បាន​រង​ទុក្ខ​អស់​ជា​ច្រើន​ឆ្នាំ នៅ​លើ​ដែនដី​នេះ។

១៩ហើយ​ឥឡូវ​នេះ ខ្ញុំ ស៊ីនិព្វ បន្ទាប់​ពី​បាន​ប្រាប់​ប្រជាជន​ខ្ញុំ​នូវ​រឿង​អស់​ទាំង​នេះ អំពី​ពួក​សាសន៍​លេមិន​ហើយ នោះ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ទៅ​ធ្វើ​ចម្បាំង​ដោយ​សមត្ថ​ភាព​របស់​ខ្លួន ដោយ​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​អម្ចាស់ ហេតុ​ដូច្នេះ​ហើយ យើង​បាន​តតាំង​នឹង​ពួក​គេ​ប្រទល់​មុខ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ដេញ​ពួក​គេ​ចេញ​ពី​ដែនដី​របស់​យើង​ទៀត ហើយ​យើង​បាន​សម្លាប់​ពួក​គេ​ដោយ​ការ​កាប់​សម្លាប់​ដ៏​ធំ គឺ​អស់​ជា​ច្រើន​ដែល​យើង​ពុំ​បាន​រាប់​ឡើយ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ត្រឡប់​មក​នៅ​ឯ​ដែនដី​របស់​យើង​វិញ ហើយ​ប្រជាជន​ខ្ញុំ​បាន​ចាប់​ផ្ដើម​ឃ្វាល​ហ្វូង​ចៀម​គេ ហើយ​ភ្ជួរ​រាស់​ដី​ទៀត។

២២ហើយ​ឥឡូវ​នេះ ដោយ​មាន​វ័យ​ចាស់ ខ្ញុំ​បាន​ប្រគល់​នគរ​ទៅ​ឲ្យ​បុត្រ​របស់​ខ្ញុំ​ម្នាក់ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ពុំ​និយាយ​អ្វី​ទៀត​ឡើយ ហើយ​សូម​ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ពរ​ដល់​ប្រជាជន​ខ្ញុំ​ផង​ចុះ។ អាម៉ែន៕