ព្រះគម្ពីរ
នីហ្វៃ ទី ៤ 1


នីហ្វៃ​ទី ៤

គម្ពីរ​នីហ្វៃ
ជា​កូន​ប្រុស​របស់​នីហ្វៃ — ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

ដំណើរ​រឿង​អំពី​ប្រជាជន​នីហ្វៃ ស្រប​តាម​បញ្ជី​របស់​លោក

ជំពូក​ទី ១

ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​ទាំង​អស់​គ្នា​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ — ពួក​គេ​មាន​របស់​របរ​ទាំង​អស់​រួម​គ្នា​ទូ​ទៅ សម្ដែង​អព្ភូតហេតុ​ទាំង​ឡាយ ហើយ​ចម្រើន​ឡើង​នៅ​លើ​ដែនដី — ពីរ​សតវត្ស​ក្រោយ​មក​មាន​ការ​បែកបាក់​ទាំង​ឡាយ អំពើ​អាក្រក់​ទាំង​ឡាយ សាសនាចក្រ​ក្លែងក្លាយ​ទាំង​ឡាយ និង​ការ​បៀតបៀន​ទាំង​ឡាយ​កើត​ឡើង — បី​រយ​ឆ្នាំ​ក្រោយ​មក ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ក្លាយ​ទៅ​ជា​មនុស្ស​ទុច្ចរិត — អាំ​ម៉ា​រុន​លាក់​ទុក​នូវ​បញ្ជី​ពិសិដ្ឋ​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ៣៥–៣២១ គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​សាមសិប​បួន​បាន​កន្លង​ផុត​ទៅ និង​ឆ្នាំ​ទី​សាមសិប​ប្រាំ​ផង ហើយ​មើល​ចុះ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​តាំង​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​នៅ​ពាសពេញ​លើ​ដែនដី​ជុំវិញ។ ហើយ​អស់​អ្នក​ណា​ដែល​បាន​មក​រក​ពួក​គេ ហើយ​បាន ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន នោះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ ហើយ​ពួក​គេ​ក៏​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​សាមសិប​ប្រាំមួយ នោះ​ប្រជាជន​ទាំង​អស់ បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ គឺ​នៅ​លើ​ផ្ទៃ​ដែនដី​ទាំង​អស់ ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ផង ហើយ​គ្មាន​ការ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​រវាង​ពួក​គេ​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​មាន​ការ​ទាក់​ទង​គ្នា​យ៉ាង​ត្រឹម​ត្រូវ។

ហើយ​ពួក​គេ​មាន​របស់​របរ​ទាំង​អស់​រួម​គ្នា​ទូ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ ហេតុ​ដូច្នេះ​ហើយ គ្មាន​អ្នក​មាន ឬ​អ្នក​ក្រ គ្មាន​អ្នក​បម្រើ​គេ ឬ​អ្នក​សេរី​ឡើយ តែ​ពួក​គេ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សេរីភាព ហើយ​ជា​អ្នក​ទទួល​អំណោយទាន​ខាង​ឯ​ស្ថានសួគ៌។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​សាមសិប​ប្រាំពីរ​ក៏​បាន​កន្លង​ផុត​ទៅ​ផង ហើយ​នៅ​តែ​មាន​សេចក្ដី​សុខសាន្ត​ត​ទៅ​នៅ​លើ​ដែនដី។

ហើយ​មាន​កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ​ជាច្រើន​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​ធ្វើ ដរាប​ដល់​បាន​ព្យាបាល​អ្នក​ឈឺ ប្រោស​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​អ្នក​ខ្វិន​ឲ្យ​ដើរ​បាន អ្នក​ខ្វាក់​ឲ្យ​មើល​ឃើញ អ្នក​ថ្លង់​ឲ្យ​ស្ដាប់​ឮ ហើយ​អស់​ទាំង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត ដែល​ពួក​គេ​បាន​សម្ដែង​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​នេះ គេ​តែងតែ​ធ្វើ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។

ម្ល៉ោះ​ហើយ ឆ្នាំ​ទី​សាមសិប​ប្រាំបី​បាន​កន្លង​ផុត​ទៅ ព្រម​ទាំង​ឆ្នាំ​ទី​សាមសិប​ប្រាំបួន ទី​សែសិប​មួយ និង​ទី​សែសិប​ពីរ​ផង មែន​ហើយ គឺ​រហូត​ដល់​ឆ្នាំ​ទី​សែសិប​ប្រាំបួន ក៏​បាន​កន្លង​ផុត​ទៅ និង​ឆ្នាំ​ទី​ហាសិប​មួយ និង​ទី​ហាសិប​ពីរ មែន​ហើយ គឺ​រហូត​ដល់​ឆ្នាំ​ទី​ហាសិប​ប្រាំបួន ក៏​បាន​កន្លង​ផុត​ទៅ។

ហើយ​ព្រះ​អម្ចាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាន​ចម្រើន​ឡើង​ជា​អតិបរមា​នៅ​លើ​ដែនដី​នេះ មែន​ហើយ ដរាប​ដល់​ពួក​គេ​បាន​ស្ថាបនា​ទី​ក្រុង​ទាំង​ឡាយ​ឡើង​វិញ នៅ​ត្រង់​កន្លែង​ដែល​មាន​ទី​ក្រុង​ឆេះ​ពីមុន។

មែន​ហើយ សូម្បីតែ​ទី​ក្រុង​សារ៉ាហិមឡា​ដ៏​ធំ​នោះ ក៏​គេ​បាន​ស្ថាបនា​ឡើង​វិញ​ដែរ។

ប៉ុន្តែ​មាន​ទី​ក្រុង​ជាច្រើន​ដែល​បាន​លិច​ទៅ ហើយ​មាន​ទឹក​ឡើង​មក​ជំនួស​វិញ ដូច្នេះ​ទី​ក្រុង​ទាំង​នោះ​ពុំ​អាច​បាន​ស្ថាបនា​ឡើង​វិញ​ទេ។

១០ហើយ​ឥឡូវ​នេះ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នីហ្វៃ​មាន​កម្លាំង​មាំមួន ហើយ​បាន​កើន​ចំនួន​យ៉ាង​ឆាប់​រហ័ស ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រជាជន​ដ៏​ស្រស់​ល្អ និង​គួរ​ឲ្យ​ស្រឡាញ់។

១១ហើយ​ពួក​គេ​បាន​រៀបការ ហើយ​ទទួល​ការ​រៀប​ការ ហើយ​បាន​ទទួល​ពរ​ជាច្រើន​ប្រការ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​សន្យា​នឹង​ពួក​គេ។

១២ហើយ​ពួក​គេ​ពុំ​បាន​ដើរ​តាម​ពិធី​ប្រព្រឹត្ត និង​ពិធី​បរិសុទ្ធ​នៃ​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ទៀត​ទេ តែ​ពួក​គេ​បាន​ដើរ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ​អម្ចាស់ និង​ពី​ព្រះ​របស់​គេ គឺ​ដោយ​បន្ត​ការ​តម​អាហារ និង​ការ​អធិស្ឋាន ហើយ​បាន​ប្រជុំ​គ្នា​ជា​ញឹក​ញាប់ ដើម្បី​អធិស្ឋាន ហើយ​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​អស់​ទាំង​ប្រជាជន​នៅ​អស់​ទាំង​ដែនដី​ឡើយ ប៉ុន្តែ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាច្រើន ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​ធ្វើ​ឡើង។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​ចិតសិប​មួយ​បាន​កន្លង​ផុត​ទៅ និង​ឆ្នាំ​ទី​ចិតសិប​ពីរ​ផង មែន​ហើយ ហើយ​សរុប​សេចក្ដី​មក រហូត​ដល់​ឆ្នាំ​ទី​ចិតសិប​ប្រាំបួន​ក៏​បាន​កន្លង​ផុត​ទៅ មែន​ហើយ ឆ្នាំ​ទី​មួយ​រយ​ក៏​បាន​កន្លង​ផុត​ទៅ ឯ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​ដែល​ទ្រង់​បាន​រើស​គេ បាន​ឡើង​ទៅ​ឯ​ស្ថាន​បរមសុខ​នៃ​ព្រះ​អស់ លើក​លែង​តែ​បី​នាក់ ដែល​ត្រូវ​នៅ​លើ​ផែនដី ហើយ​មាន​សិស្ស​ឯ​ទៀត​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ជំនួស​ពួក​គេ ហើយ​មាន​មនុស្ស​ជាច្រើន​នៃ​តំណ​នោះ​ក៏​បាន​ស្លាប់​ទៅ​ដែរ។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្មាន​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មក​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​មនុស្ស។

១៦ហើយ​ពុំ​មាន​ការ​ឈ្នានីស ការ​ទាស់ទែង​គ្នា ការ​ច្របូកច្របល់ ការ​សហាយស្មន់ ការ​ភូត​កុហក ការ​កាប់​សម្លាប់ ឬ​ក៏​អំពើ​អាសអាភាស​ណាមួយ​ឡើយ ហើយ​ពិតជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​ឡើយ។

១៧គ្មាន​ចោរប្លន់ គ្មាន​ឃាតករ ហើយ​ក៏​គ្មាន​ចែក​ទៅ​ជា​ពួក​លេមិន ឬ​ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​មួយ គឺជា​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុកជា​មរតក។

១៨ហើយ​ពួក​គេ​បាន​ទទួល​ពរ​ដល់​ម្ល៉េះ​ហ្ន៎! ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ពួក​គេ ចំពោះ​គ្រប់​កិច្ចការ​របស់​គេ មែន​ហើយ ពួក​គេ​បាន​ទទួល​ពរ ហើយ​ចម្រើន​ឡើង រហូត​ដល់​ឆ្នាំ​ទី​មួយ​រយ​ដប់​បាន​កន្លង​ផុត​ទៅ ហើយ​តំណ​ទី​មួយ ចាប់​ពី​ព្រះ​គ្រីស្ទ​ទ្រង់​យាង​មក​ក៏​បាន​ស្លាប់​ទៅ ហើយ​នៅ​លើ​ដែនដី​ទាំង​មូល ពុំ​មាន​ការ​ទាស់ទែង​អ្វី​ឡើយ។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ ជា​អ្នក​ដែល​កត់​បញ្ជី​ចុង​ក្រោយ​នេះ (ហើយ​លោក​បាន​កត់​នៅ​លើ​ផ្ទាំង​នីហ្វៃ) ក៏​បាន​ស្លាប់​ទៅ ហើយ​កូន​ប្រុស​របស់​លោក គឺ​អេម៉ុស បាន​កត់​បញ្ជី​ជំនួស​លោក ហើយ​លោក​បាន​កត់​នៅ​លើ​ផ្ទាំង​នីហ្វៃ​ដែរ។

២០ហើយ​លោក​បាន​កត់​បញ្ជី​នេះ​អស់​រយៈ​ប៉ែតសិប​បួន​ឆ្នាំ ហើយ​នៅ​តែ​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី លើកលែង​តែ​មាន​ជន​មួយ​ភាគ​តូច ដែល​បាន​បះបោរ​ទាស់​នឹង​សាសនាចក្រ ហើយ​បាន​យកឈ្មោះ​ពួក​លេមិន​មក​ដាក់​លើ​ខ្លួន ហេតុ​ដូច្នេះ​ហើយ ក៏​ចាប់​ផ្ដើម​មាន​ពួក​លេមិន​នៅ​លើ​ដែនដី​ទៀត។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អេម៉ុស​ក៏​បាន​ស្លាប់​ទៅ​ដែរ (គឺ​មួយ​រយ​កៅសិប​បួន​ឆ្នាំ ចាប់​តាំង​ពី​ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​មក) ហើយ​កូន​ប្រុស​របស់​លោក​គឺ អេម៉ុស បាន​កត់​បញ្ជី​ជំនួស​លោក ហើយ​លោក​ក៏​បាន​កត់​នៅ​លើ​ផ្ទាំង​នីហ្វៃ​ដែរ ហើយ​បា​ន​សរសេរ​នៅ​ក្នុង​គម្ពីរ​នីហ្វៃ​ដែរ គឺជា​គម្ពីរ​នេះ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពីរ​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​មនុស្ស​តំណ​ទី​ពីរ​បាន​ស្លាប់​ទៅ​ទាំង​អស់ លើក​លែង​តែ​មនុស្ស​ចំនួន​តូច​មួយ។

២៣ហើយ​ឥឡូវ​នេះ ខ្ញុំ មរមន ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រជាជន​បាន​កើន​ចំនួន​ឡើង ដរាប​ដល់​ពួក​គេ​បាន​រាយ​ពាសពេញ​នៅ​លើ​អស់​ទាំង​ផ្ទៃ​ដែនដី ហើយ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ស្តុក​ស្ដម្ភ ពី​ព្រោះ​មក​ពី​ការ​ចម្រើន​ឡើង​របស់​គេ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។

២៤ហើយ​ឥឡូវ​នេះ នៅ​ក្នុង​ឆ្នាំ​ទី​ពីរ​រយ​មួយ នោះ​នៅ​ក្នុង​ចំណោម​ពួក​គេ​ចាប់​ផ្ដើម​មាន​ពួក​អ្នក​ដែល​បាន​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ ដូច​ជា​ការ​ពាក់​នូវ​ប្រ​ដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ និង​កែវ​មុក្ដា​គ្រប់​ប្រភេទ និង​វត្ថុ​ដ៏​ល្អ​គ្រប់​យ៉ាង​ខាង​លោកិយ។

២៥ហើយ​ចាប់​ពី​ពេល​នោះ​មក ទ្រព្យសម្បត្តិ​របស់​គេ​ពុំ​មែន​ជា​របស់​រួម​គ្នា​ទូ​ទៅ​ទៀត​ឡើយ។

២៦ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ចែក​ចេញ​ជា​វណ្ណៈ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​បង្កើត​សាសនាចក្រ​ទាំង​ឡាយ​របស់​គេ​ផ្ទាល់​ខ្លួន ដើម្បី​រក​កម្រៃ ហើយ​បាន​ចាប់​ផ្ដើម​បដិសេធ​សាសនាចក្រ​ដ៏​ពិតប្រាកដ​របស់​ព្រះ​គ្រីស្ទ។

២៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឆ្នាំ​ទី​ពីរ​រយ​ដប់​បាន​កន្លង​ផុត​ទៅ នោះ​មាន​សាសនាចក្រ​ជាច្រើន​នៅ​លើ​ដែនដី មែន​ហើយ មាន​សាសនាចក្រ​ជាច្រើន​បាន​អះអាង​ថា ស្គាល់​ព្រះ​គ្រីស្ទ ក៏​ប៉ុន្តែ​គេ​បាន​បដិសេធ​ដំណឹង​ល្អ​ភាគច្រើន​របស់​ទ្រង់ ដរាប​ដល់​បាន​ទទួល​នូវ​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ព្រម​ទាំង​បាន​ប្រគល់​អ្វីៗ​ដែល​ពិសិដ្ឋ​របស់​ទ្រង់​ដល់​ទៅ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហាមឃាត់ ដោយ​មក​ពី​ភាព​មិន​សក្ដិសម។

២៨ហើយ​សាសនាចក្រ​នោះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​ព្រោះ​អំពើ​ទុច្ចរិត ហើយ​ដោយ​ព្រោះ​អំណាច​របស់​អារក្ស​សាតាំង ដែល​បាន​ក្ដាប់​ជាប់​នូវ​ដួង​ចិត្ត​របស់​ពួក​គេ។

២៩ហើយ​មាន​សាសនាចក្រ​មួយ​ទៀត ដែល​បាន​បដិសេធ​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​បាន​បៀតបៀន​សាសនាចក្រ​ដ៏​ពិតប្រាកដ​របស់​ព្រះ​គ្រីស្ទ ដោយ​ព្រោះ​ភាព​ទន់​ទាប និង​ជំនឿ​របស់​គេ​ដល់​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​ថែម​ទាំង​បាន​មើល​ងាយ​ដល់​ពួក​គេ ដោយ​ព្រោះ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាច្រើន បាន​សម្ដែង​ឡើង​ក្នុង​ចំណោម​ពួក​គេ។

៣០ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​អនុវត្ត​អានុភាព និង​សិទ្ធិ​អំណាច​ទៅ​លើ​ពួក​សិស្ស​នៃ​ព្រះ​យេស៊ូវ ដែល​បាន​នៅ​ជាមួយ​នឹង​ពួក​គេ ហើយ​ពួក​គេ​បាន​ដាក់​សិស្ស​ទាំង​នោះ​ក្នុង​គុក ប៉ុន្តែ​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ​ដែល​នៅ​ក្នុង​ពួក​គេ នោះ​គុក​ទាំង​ឡាយ​ត្រូវ​បែក​ជា​ពីរ ហើយ​ពួក​គេ​បាន​ចេញ​ទៅ​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ទាំង​ឡាយ នៅ​ក្នុង​ចំណោម​ពួក​គេ។

៣១ក៏​ប៉ុន្តែ​ទោះ​ជា​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ​ក៏​ដោយ គង់តែ​ប្រជាជន​នៅ​តែ​ធ្វើ​ចិត្ត​រឹងរូស​ដែរ ហើយ​បាន​រក​សម្លាប់​ពួក​គេ ដូច​ជា​ពួក​សាសន៍​យូដា​នៅ​ឯ​ក្រុង​យេរូសាឡិម ដែល​បា​នរក​សម្លាប់​ព្រះ​យេស៊ូវ​ដែរ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។

៣២ហើយ​ពួក​គេ​បាន​បោះ​សិស្ស​ទាំង​នោះ​ទៅ​ក្នុង​ឡភ្លើង ហើយ​ពួក​សិស្ស​បាន​ចេញ​មក​វិញ ដោយ​ពុំ​មាន​ខូចខាត​អ្វី​សោះ។

៣៣ហើយ​ពួក​គេ​បាន​បោះ​សិស្ស​ទាំង​នោះ ទៅ​ក្នុង​រូង​សត្វ​សាហាវ តែ​ពួក​គេ​បាន​លេង​ជាមួយ​នឹង​សត្វ​សាហាវ​ទាំង​នោះ ហាក់​បី​ដូច​ក្មេង​ម្នាក់​លេង​ជាមួយ​នឹង​កូន​ចៀម ហើយ​ពួក​គេ​បាន​ចេញ​មក​វិញ ដោយ​ពុំ​ទទួល​គ្រោះថ្នាក់​អ្វី​សោះ។

៣៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ប្រជាជន​នៅ​តែ​ធ្វើ​ចិត្ត​រឹងរូស​ដែរ ត្បិត​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​សង្ឃ និង​ពួក​ព្យាការី​ក្លែងក្លាយ​ដើម្បី​តាំង​សាសនាចក្រ​ជាច្រើន ហើយ​ដើម្បី​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង។ ហើយ​ពួក​គេ​បាន​វាយ​រាស្ត្រ​នៃ​ព្រះ​យេស៊ូវ តែ​រាស្ត្រ​នៃ​ព្រះ​យេស៊ូវ ពុំ​បាន​វាយតប​ទៅ​វិញ​ឡើយ។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ និង​អំពើ​ទុច្ចរិត​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ រហូត​ដល់​ឆ្នាំ​ទី​ពីរ​រយ​សាមសិប​បាន​កន្លង​ផុត​ទៅ។

៣៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​នេះ មែន​ហើយ នៅ​ក្នុង​ឆ្នាំ​ទី​ពីរ​រយ​សាមសិប​មួយ​មាន​ការ​បែកបាក់​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ចំណោម​ប្រជាជន។

៣៦ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​នេះ មាន​ប្រជាជន​មួយ​ក្រុម​បាន​ផុស​ឡើង ហៅ​ថា ពួក​សាសន៍​នីហ្វៃ ហើយ​ពួក​គេ​ជា​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ​ដ៏​ពិតប្រាកដ ហើយ​នៅ​ក្នុង​ចំណោម​ពួក​គេ នោះ​មាន​អ្នក​ខ្លះ​ដែល​ពួក​លេមិន​ហៅ​ថា — ពួក​សាសន៍​យ៉ាកុប ពួក​សាសន៍​យ៉ូសែប និង​ពួក​សាសន៍​សូរាំ។

៣៧ហេតុ​ដូច្នេះ​ហើយ ពួក​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ​ដ៏​ពិតប្រាកដ និង​ពួក​អ្នក​ថ្វាយបង្គំ​ព្រះ​គ្រីស្ទ​ដ៏​ពិតប្រាកដ (នៅ​ក្នុង​ចំណោម​នោះ មាន​សិស្ស​នៃ​ព្រះ​យេស៊ូវ​ទាំង​បី​នាក់​ដែល​នៅ​លើ​ផែនដី) ត្រូវ​បាន​ហៅ​ថា ពួក​សាសន៍​នីហ្វៃ ពួក​សាសន៍​យ៉ាកុប ពួក​សាសន៍​យ៉ូសែប និង​ពួក​សាសន៍​សូរាំ។

៣៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​អ្នក​ណា​ដែល​បដិសេធ​ដំណឹង​ល្អ ត្រូវ​បាន​ហៅ​ថា ពួក​សាសន៍​លេមិន ពួក​សាសន៍​លេមយួល និង​ពួក​សាសន៍​អ៊ីសម៉ាអែល ហើយ​ពួក​នេះ​ពុំ​បាន​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ​ទេ តែ​ពួក​គេ​បាន​បះបោរ​ដោយ​ចេតនា ទាស់​នឹង​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ហើយ​ពួក​គេ​បាន​បង្រៀន​កូន​ចៅ​របស់​គេ​កុំ​ឲ្យ​ជឿ ពួក​គេ​បាន​ចុះ​អន់ថយ ដូច​ជា​ពួក​អយ្យកោ​របស់​ពួក​គេ​ដែល​បាន​ធ្វើ ចាប់​ពី​ដើមដំបូង​មក។

៣៩ហើយ​ការណ៍​នេះ​ក៏​ដោយ មក​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​នៃ​ពួក​អយ្យកោ​របស់​ពួក​គេ ដូច​កាលពី​ដើមដំបូង​មក។ ហើយ​ពួក​គេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្អប់​កូន​ចៅ​នៃ​ព្រះ ដូច​ជា​ពួក​លេមិន​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្អប់​កូន​ចៅ​របស់​នីហ្វៃ តាំង​ពី​ដើម​ដំបូង​មក​ដែរ។

៤០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​ពីរ​រយ​សែសិប​បួន​បាន​កន្លង​ផុត​ទៅ ហើយ​ព្រឹត្តិការណ៍​នៃ​ប្រជាជន​មាន​យ៉ាង​ដូច្នោះ​ហើយ។ ឯ​ភាគ​ខាង​ជន​ទុច្ចរិត​ច្រើន​បាន​ចម្រើន​កម្លាំង​ខ្លាំងពូកែ ហើយ​កាន់តែ​កើន​ចំនួន​ច្រើនជាង​រាស្ត្រ​នៃ​ព្រះ។

៤១ហើយ​ពួក​គេ​នៅ​តែ​បន្ត​ការ​ស្ថាបនា​សាសនាចក្រ​ទាំង​ឡាយ​សម្រាប់​ខ្លួន​គេ ហើយ​បាន​តុបតែង​ខ្លួន​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ។ ហើយ​ឆ្នាំ​ទី​ពីរ​រយ​ហាសិប​បាន​កន្លង​ផុត​ទៅ និង​ឆ្នាំ​ទី​ពីរ​រយ​ហុកសិប​ក៏​បាន​កន្លង​ផុត​ទៅ​ដែរ។

៤២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​ដែល​ទុច្ចរិត​បាន​ចាប់​ផ្ដើម​តាំង​ឡើង​វិញ​នូវ​សម្បថ និង​បក្សព័ន្ធ​សម្ងាត់​នៃ​កាឌីអានតុន។

៤៣ហើយ​ប្រជាជន​ដែល​ហៅ​ថា ប្រជាជន​នីហ្វៃ ក៏​បាន​ចាប់​ផ្ដើម​ក្អេងក្អាង​នៅ​ក្នុង​ចិត្ត​គេ​ដែរ ដោយ​មក​ពី​ទ្រព្យសម្បត្តិ​ដ៏​លើសលប់​របស់​គេ ហើយ​ក្លាយ​ទៅ​ជា​មនុស្ស​លោភ​ដូច​គ្នា​នឹង​ពួក​បងប្អូន​របស់​គេ គឺ​ពួក​សាសន៍​លេមិន។

៤៤ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​សិស្ស​បាន​ចាប់​ផ្ដើម​ព្រួយបារម្ភ​ពី​អំពើ​បាប​ទាំង​ឡាយ​នៃ​ពិភពលោក។

៤៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឆ្នាំ​ទី​បី​រយ​បាន​កន្លង​ផុត​ទៅ នោះ​ប្រជាជន​នីហ្វៃ ព្រម​ទាំង​ប្រជាជន​លេមិន​ផង បាន​ក្លាយ​ទៅ​ជា​មនុស្ស​ទុច្ចរិត​យ៉ាង​ពេញទំហឹង​ដូច​គ្នា។

៤៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ក្រុម​ចោរ​កាឌីអានតុន បាន​រាយ​ពាសពេញ​នៅ​លើ​អស់​ទាំង​ផ្ទៃ​ដែនដី ហើយ​ពុំ​មាន​បុគ្គល​ណា​ម្នាក់​ជា​ជន​សុចរិត​ឡើយ លើក​លែង​តែ​ពួក​សិស្ស​នៃ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ។ ហើយ​មាន​មាស និង​ប្រាក់​យ៉ាង​បរិបូរ​ដែល​ពួក​គេ​បាន​ប្រមូល​ទុក​ក្នុង​ឃ្លាំង ហើយ​បាន​ធ្វើ​ជំនួញ​ជួញ​គ្រប់​បែប​យ៉ាង។

៤៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ឆ្នាំ​ទី​បី​រយ​ប្រាំ​បាន​កន្លង​ផុត​ទៅ (ហើយ​ប្រជាជន​នៅ​តែ​ទុច្ចរិត) អេម៉ុស​បាន​ស្លាប់ ហើយ​ប្អូន​ប្រុស​របស់​លោក គឺ​អាំម៉ារ៉ុន បាន​កត់​បញ្ជី​ជំនួស​លោក។

៤៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឆ្នាំ​ទី​បី​រយ​ម្ភៃ​បាន​កន្លង​ផុត​ទៅ នោះ​អាំម៉ារ៉ុន ដោយ​ត្រូវ​បង្ខិតបង្ខំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​លាក់​នូវ​បញ្ជី​ដ៏​ពិសិដ្ឋ​ទាំង​នេះ — មែន​ហើយ គឺ​អស់​ទាំង​បញ្ជី​ដ៏​ពិសិដ្ឋ ដែល​បន្ត​មក​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ដែល​សុទ្ធ​តែ ពិសិដ្ឋ — គឺ​រហូត​មក​ដល់​ឆ្នាំ​ទី​បី​រយ​ម្ភៃ ចាប់​តាំង​ពី​ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​មក។

៤៩ហើយ​លោក​បាន​លាក់​បញ្ជី​ទាំង​នោះ​ថ្វាយ​ព្រះ ដើម្បី​ឲ្យ​បញ្ជី​ទាំង​នោះ អាច​មក​ជាថ្មី​ទៀត គឺ​ដល់​សំណល់​នៃ​វង្ស​យ៉ាកុប ស្រប​តាម​ពាក្យ​ព្យាករណ៍ និង​ពាក្យ​សន្យា​ទាំង​ឡាយ​នៃ​ព្រះ។ ម្ល៉ោះ​ហើយ ក៏​ចប់​នូវ​បញ្ជី​របស់​អាំម៉ារ៉ុន៕ :៚