ព្រះគម្ពីរ
នីហ្វៃ ទី ៣ 2


ជំពូក​ទី ២

អំពើ​ទុច្ចរិត និង​អំពើ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ កើន​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន — ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​រួបរួម​គ្នា ដើម្បី​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ពួក​ចោរ​កាឌីអានតុន — ពួក​សាសន៍​លេមិន​ដែល​ប្រែចិត្ត​ជឿ​ក្លាយ​ទៅ​ជា​ស ហើយ​ត្រូវ​បាន​ហៅ​ថា សាសន៍​នីហ្វៃ។ ប្រមាណ​ជា​ឆ្នាំ ៥–១៦ គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​កៅសិប​ប្រាំ​បាន​កន្លង​ផុត​ទៅ​យ៉ាង​នេះ​ដែរ ហើយ​ប្រជាជន​បាន​ចាប់​ផ្ដើម​ភ្លេច​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ឮ​នោះ ហើយ​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​អស្ចារ្យ​កាន់តែ​តិច​ទៅៗ​ចំពោះ​ទី​សម្គាល់ ឬ​ការអស្ចារ្យ​នីមួយៗ​អំពី​ស្ថានសួគ៌ ដរាប​ដល់​ពួក​គេ​បាន​ចាប់​ផ្ដើម​រឹងរូស​នៅ​ក្នុង​ចិត្ត​របស់​គេ និង​ងងឹតងងល់​នៅ​ក្នុង​គំនិត​របស់​គេ ហើយ​បាន​ចាប់​ផ្ដើម​មិន​ជឿ​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ​ហើយ​បាន​ឮ —

ដោយ​នឹក​ក្នុង​ចិត្ត​ដល់​ការ​ឥតប្រយោជន៍​ថា ការណ៍​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស និង​ដោយ​អំណាច​របស់​អារក្ស ដើម្បី​បញ្ឆោត និង​ដឹកនាំ​ចិត្ត​មនុស្ស​ឲ្យ​វង្វេង ម្ល៉ោះ​ហើយ អារក្ស​សាតាំង​បាន​ចាប់​យក​ដួងចិត្ត​មនុស្ស​បាន​ជាថ្មី​ទៀត ដរាប​ដល់​វា​បាន​ធ្វើ​ឲ្យ​គេ​ខ្វាក់ភ្នែក ហើយ​នាំ​គេ​ឲ្យ​វង្វេង ឲ្យ​ជឿ​ថា គោល​លទ្ធិ​ព្រះ​គ្រីស្ទ គឺជា​ការណ៍​មួយ​ដ៏​ឆ្កួត​លីលា ហើយ​ឥតប្រយោជន៍​ទៅ​វិញ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​បាន​ចាប់​ផ្ដើម​មាន​កម្លាំង​មុតមាំ​នៅ​ក្នុង​អំពើ​ទុច្ចរិត និង​អំពើ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ ហើយ​ពួក​គេ​មិន​ជឿ​ថា នឹង​មាន​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ឯណា​ទៀត​ទេ ដែល​នឹង​ត្រូវ​បាន​ប្រទាន​មក ហើយ​អារក្ស​សាតាំង បាន​ចេញ​ទៅ​ដើម្បី​នាំ​ចិត្ត​មនុស្ស​ឲ្យ​វង្វេង ល្បួង​ពួក​គេ ហើយ​បណ្ដា​ល​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​ទុច្ចរិត​ដ៏​ធំ​នៅ​លើ​ដែនដី។

ហើយ​ឆ្នាំ​ទី​កៅសិប​ប្រាំមួយ​បាន​កន្លង​ផុត​ទៅ​យ៉ាង​នេះ និង​ឆ្នាំ​ទី​កៅសិប​ប្រាំពីរ​ផង​ដែរ និង​ឆ្នាំ​ទី​កៅសិប​ប្រាំបី​ផង និង​ឆ្នាំ​ទី​កៅសិប​ប្រាំបួន​ផង។

ហើយ​មួយ​រយ​ឆ្នាំ​បាន​កន្លង​ទៅ​ដែរ ចាប់​ពី​សម័យ​ហ្លួង​ម៉ូសាយ ដែល​ជា​ស្ដេច​លើ​ប្រជាជន​នៃ​សាសន៍​នីហ្វៃ។

ហើយ​ប្រាំមួយ​រយ​ប្រាំបួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​កាលដែល​លីហៃ បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក។

ហើយ​ប្រាំបួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​កាលដែល​ទី​សម្គាល់​ត្រូវ​បាន​ប្រទាន​មក ដែល​បាន​និយាយ​ដោយ​ពួក​ព្យាការី​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​ឯ​លោកិយ។

ឥឡូវ​នេះ ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​ផ្ដើម​រាប់​ពេល​វេលា​របស់​គេ ចាប់​ពី​រយៈ​ពេល​ដែល​ទី​សម្គាល់​បាន​ប្រទាន​មក​នេះ ឬ​ចាប់​ពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ ហេតុ​ដូច្នោះ​ហើយ ប្រាំបួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។

ហើយ​នីហ្វៃ ដែល​ត្រូវ​ជា​ឪពុក​របស់​នីហ្វៃ ដែល​ជា​អ្នក​មាន​ភារៈ​រក្សា​បញ្ជី​ទាំង​ឡាយ ពុំ​បាន​ត្រឡប់​ទៅ​ដែនដី​សារ៉ាហិមឡា​វិញ​ទេ ហើយ​ក៏​មិន​អាច​រក​ឃើញ​នៅ​ក្នុង​អស់​ទាំង​ដែនដី​ដែរ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​នៅ​តែ​ស្ថិត​ក្នុង​អំពើ​ទុច្ចរិត ទោះ​ជា​មាន​ការ​ផ្សាយ និង​ការ​ព្យាករណ៍​ជាច្រើន ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ​ក្ដី ហើយ​ឆ្នាំ​ទី​ដប់​បាន​កន្លង​ផុត​ទៅ​ដូច្នោះ​ដែរ ហើយ​ឆ្នាំ​ទី​ដប់​មួយ​ក៏​បាន​កន្លង​ផុត​ទៅ​នៅ​ក្នុង​អំពើ​ទុច្ចរិត​ដែរ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​ដប់​បី ចាប់​ផ្ដើម​មាន​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​ទូ​ទៅ​អស់​ទាំង​ដែនដី ព្រោះ​ពួក​ចោរ​កាឌីអានតុន បាន​ក្លាយ​ទៅ​ជា​មាន​ចំនួន​ដ៏​ច្រើន​ឥត​គណនា ហើយ​បាន​សម្លាប់​ប្រជាជន​អស់​ជា​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ជាច្រើន​គ្មាន​មនុស្ស​នៅ ហើយ​បាន​ពង្រាល​សេចក្ដី​ស្លាប់ និង​ការ​កាប់សម្លាប់​ដ៏​ច្រើន​ទូ​ទៅ​ទាំង​ដែនដី ដែល​ក្លាយ​ទៅ​ជា​ការ​ចាំបាច់​ថា ប្រជាជន​ទាំង​អស់ ទាំង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ត្រូវ​លើក​អាវុធ​ប្រឆាំង​នឹង​ពួក​វា។

១២ហេតុ​ដូច្នេះ​ហើយ សាសន៍​លេមិន​ទាំង​អស់ ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ បាន​រួបរួម​ជាមួយ​គ្នា​នឹង​បងប្អូន​របស់​គេ គឺ​ពួក​សាសន៍​នីហ្វៃ ហើយ​ត្រូវ​បង្ខំចិត្ត​លើក​អាវុធ​ប្រឆាំង​នឹង​ពួក​ចោរ​កាឌីអានតុន​ទាំង​នោះ ដើម្បី​ការ​ពារ​ជីវិត​របស់​គេ និង​ប្រពន្ធ​របស់​គេ និង​កូន​របស់​គេ មែន​ហើយ ហើយ​រក្សា​សិទ្ធិ​ទាំង​ឡាយ​របស់​គេ​ផង និង​ឯកសិទ្ធិ​ទាំង​ឡាយ នៃ​សាសនាចក្រ​របស់​គេ និង​ការ​ថ្វាយ​បង្គំ​របស់​គេ និង​សេរីភាព​របស់​គេ និង​ឥស្សរភាព​របស់​គេ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មុន​ឆ្នាំ​ទី​ដប់​បី​នេះ​កន្លង​ផុត​ទៅ ពួក​សាសន៍​នីហ្វៃ​ត្រូវ​គំរាមកំហែង​ឲ្យ​ដល់​នូវ​ការ​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​ដោយ​សារ​សង្គ្រាម​នេះ ដែល​បាន​ក្លាយ​ទៅ​ជា​ឃោរឃៅ​ជា​ខ្លាំង។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​ទាំង​នោះ ដែល​បាន​រួបរួម​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ។

១៥ហើយ​បណ្ដា​សា​របស់​គេ​ត្រូវ​បាន​ដក​ចេញ ហើយ​ស្បែក​របស់​គេ​បាន​ក្លាយ​មក​ជា​ពណ៌​ស ដូច​ពួក​សាសន៍​នីហ្វៃ។

១៦ហើយ​ពួក​កំលោះ និង​ពួក​កូន​ក្រមុំ​របស់​គេ បាន​ក្លាយ​ទៅ​ជា​ស្រស់​ល្អ​ដ៏​លើសលប់ ហើយ​ពួក​គេ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ហើយ​ត្រូវ​បាន​ហៅ​ថា សាសន៍​នីហ្វៃ។ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​បី​ទៅ។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​ដប់​បួន សង្គ្រាម​រវាង​ពួក​ចោរ​នឹង​ប្រជាជន​នីហ្វៃ បាន​បន្ត​ទៅ​មុខ ហើយ​បាន​ក្លាយ​ទៅ​ជា​ឃោរឃៅ​យ៉ាង​ខ្លាំង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ប្រជាជន​នីហ្វៃ​បាន​យក​ប្រៀប​លើ​ពួក​ចោរ​បាន​ដែរ ដរាប​ដល់​ពួក​គេ​បាន​រុញច្រាន​ពួក​វា​ឲ្យ​ថយ​ក្រោយ​ចេញ​ពី​ដែនដី​គេ​ទៅ​ក្នុង​ភ្នំ​ទាំង​ឡាយ និង​ក្នុង​ទី​សម្ងាត់​ទាំង​ឡាយ​របស់​ពួក​វា​វិញ។

១៨ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​បួន​ទៅ។ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ ពួក​វា​បាន​ចេញ​មក​តតាំង​នឹង​ប្រជាជន​នីហ្វៃ ហើយ​មក​ពី​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នីហ្វៃ និង​ការ​ទាស់ទែង និង​ការ​បែកបាក់​គ្នា​ជាច្រើន​របស់​គេ នោះ​ពួក​ចោរ​កាឌីអានតុន​យក​ប្រៀប​លើ​គេ​បាន។

១៩ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ដប់​ប្រាំ​ទៅ ម្ល៉ោះ​ហើយ ប្រជាជន​បាន​នៅ​ក្នុង​ស្ថានភាព​មួយ ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ច្រើន ហើយ​ផ្លែ​ដាវ​នៃ​ការ​បំផ្លិចបំផ្លាញ​បាន​ព្យួរ​នៅ​ពីលើ​គេ ដរាប​ដល់​គេ​ជិត​ត្រូវ​វាយ​កាប់​រំលំ​ចោល ហើយ​នេះ​គឺ​មក​ពី​អំពើ​ទុច្ចរិត​របស់​គេ៕