« ការពិនិត្យមើលប្រធានបទ និងសំណួរនៃដំណឹងល្អដោយទស្សនវិស័យដ៏អស់កល្បមួយ ៖ ការខិតខំមើលឃើញអ្វីៗដូចដែលព្រះអម្ចាស់ទតឃើញអ្វីៗទាំងនោះ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការពិនិត្យមើលប្រធានបទ និងសំណួរនៃដំណឹងល្អដោយទស្សនវិស័យដ៏អស់កល្បមួយ ៖ ការខិតខំមើលឃើញអ្វីៗដូចដែលព្រះអម្ចាស់ទតឃើញអ្វីៗទាំងនោះ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ ការស្វែងរកចម្លើយចំពោះសំណួររបស់ខ្ញុំ ៖ មេរៀនទី ១៦៤
ការពិនិត្យមើលប្រធានបទ និងសំណួរនៃដំណឹងល្អដោយទស្សនវិស័យដ៏អស់កល្បមួយ
ការខិតខំមើលឃើញអ្វីៗដូចដែលព្រះអម្ចាស់ទតឃើញអ្វីៗទាំងនោះ
យើងប្រហែលជាមិនទទួលបានចម្លើយភ្លាមៗចំពោះសំណួរ ឬដំណោះស្រាយចំពោះបញ្ហារបស់យើងជានិច្ចនោះទេ ហើយនោះមិនថ្វីទេ ។ គ្រាទាំងនេះគឺជាឱកាសដើម្បីទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់ទាំងទ្វេទតឃើញអ្វីដែលយើងមិនអាចមើលឃើញ ។ ទ្រង់ទាំងទ្វេជ្រាបដឹងពីអ្វីដែលយើងមិនដឹង ។ នៅពេលដែលយើងព្យាយាមមើលឃើញអ្វីៗដូចដែលទ្រង់ទាំងទ្វេទតឃើញ នោះយើងចាប់ផ្តើមមើលឃើញសំណួរ និងកង្វល់របស់យើងតាមរបៀបផ្សេង ។ មេរៀននេះអាចជួយសិស្សពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យបង្កើតមេរៀនដោយប្រើវត្ថុ ឬមេរៀនស្រដៀងគ្នាដែលអាចបង្ហាញពីតម្លៃនៃការមើលឃើញអ្វីៗពីទស្សនៈផ្សេង ។ ពួកគេអាចត្រូវបានផ្តល់ឱកាសឲ្យចែកចាយគំនិតរបស់ពួកគេនៅពេលចាប់ផ្តើមថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទស្សនវិស័យ
សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីមេរៀនដែលប្រើវត្ថុ ឬមេរៀនស្រដៀងគ្នាដែលអាចបង្ហាញពីតម្លៃនៃការមើលឃើញអ្វីៗពីទស្សនៈផ្សេង ។ សូមអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេ ជាមួយមិត្តក្នុងថ្នាក់ ។ ឬអ្នកអាចបង្ហាញរូបភាពដែលមានចំណងជើងថា « ផ្ទះ–ទស្សនៈមានកំណត់ » ហើយអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមជាមួយដៃគូ ៖
-
ប្រសិនបើអ្នកអាចជ្រើសរើសផ្ទះមួយក្នុងចំណោមផ្ទះទាំងនេះដើម្បីរស់នៅ តើអ្នកនឹងជ្រើសរើសផ្ទះមួយណា ? ហេតុអ្វី ?
បង្ហាញផ្នែកទីពីរនៃរូបភាពដែលបានរួមបញ្ចូលនោះមានចំណងជើងថា « ផ្ទះ–ទស្សនៈលម្អិត » ហើយអញ្ជើញសិស្សឲ្យពិភាក្សាសំណួរបន្ទាប់ ។
-
តើទស្សនៈបន្ថែមនេះមានឥទ្ធិពលលើជម្រើសរបស់អ្នកយ៉ាងដូចម្តេច ?
-
តើស្ថានភាពអ្វីខ្លះដែលយើងអាចប្រឈមមុខពេលមើលរឿងទាំងឡាយដោយទស្សនៈផ្សេងៗអាចជួយយើង ?
ស្រមៃថាផ្ទះទាំងនេះតំណាងឲ្យសំណួរនៃដំណឹងល្អរបស់យើង ឬស្ថានភាពជីវិត ។
-
ហេតុអ្វីបានជាវាអាចមានគ្រោះថ្នាក់ក្នុងការសន្និដ្ឋានទាក់ទងនឹងសំណួរ ឬស្ថានភាពរបស់យើងដោយមិនព្យាយាមមើលពួកគេពីទស្សនៈទូលំទូលាយ ?
ពេញមួយវគ្គសិក្សានៃថ្នាក់សិក្ខាសាលា សិស្សអាចរកឃើញសំណួរ ឬកង្វល់ទាំងឡាយអំពីដំណឹងល្អផ្ទាល់ខ្លួន ។ បើដូច្នេះមែន សូមអញ្ជើញពួកគេឲ្យគិតអំពីសំណួរមួយរបស់ពួកគេ ។ បើមិនដូច្នោះទេ អ្នកអាចអញ្ជើញពួកគេឲ្យចំណាយពេលឥឡូវនេះ ដើម្បីពិចារណាសំណួរ ឬកង្វល់ទាំងឡាយដែលពួកគេ ឬអ្នកផ្សេងទៀតអាចមាន ។ សូមអញ្ជើញសិស្សឲ្យគិតពិចារណាដោយការអធិស្ឋានពេញមួយមេរៀននេះ អំពីរបៀបដែលទស្សនវិស័យដ៏អស់កល្បមួយអាចជួយពួកគេស្វែងរកចម្លើយ ដំណោះស្រាយ ឬយ៉ាងហោចណាស់សេចក្តីសុខសាន្តបន្ថែមទៀត ។
សូមអាន កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែកការទទួលបានចំណេះដឹងខាងវិញ្ញាណនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ដោយរកមើលអ្វីដែលអ្នករៀនអំពីការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
នៅពេលសិស្សបានបញ្ចប់ការអានហើយ សូមអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។ នៅពេលពួកគេចែកចាយ អ្នកអាចសួរសំណួរតាមដានមួយ ឬពីរដូចជា ៖
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជំរុញចិត្តអ្នកឲ្យព្យាយាមមើលឃើញអ្វីៗដូចទ្រង់ទាំងទ្វេទតឃើញ ?
-
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះ ដើម្បីជួយមនុស្សមើលឃើញសំណួរ ឬស្ថានភាពរបស់ពួកគេដោយទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ឬវគ្គបទគម្ពីរផ្សេងទៀតជួយអ្នកមើលឃើញអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយអ្វីខ្លះ ?
អ្នកអាចអញ្ជើញសិស្សឲ្យស្វែងរកបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយពួកគេឆ្លើយសំណួរពីមុន ។
បន្ទាប់ពីការពិភាក្សានេះ សូមផ្តល់ក្រដាសមួយសន្លឹកដល់សិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីសង្ខេបមួយប្រយោគនៃអ្វីដែលពួកគេបានរៀនអំពីការពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។ នៅពេលពួកគេសរសេរអ្វីមួយរួចហើយ សូមអញ្ជើញសិស្សឲ្យប្តូរក្រដាសដោយព្រាវៗជាមួយសិស្សផ្សេងៗគ្នា តាមដែលអាចធ្វើបាន ក្នុងរយៈពេល ១០ វិនាទី រហូតដល់អ្នកប្រាប់ថា « ឈប់ » ។
សូមហៅសិស្សពីរបីនាក់ឲ្យអានប្រយោគដែលបានសរសេរនៅលើក្រដាសដែលពួកគេបានទទួល ។ ជារួម សិស្សអាចនឹងបាននិយាយអំពីអ្វីមួយដូចជា ៖ ការពិនិត្យមើលសំណួរទាំងឡាយរបស់យើងដោយទស្សនវិស័យដ៏អស់កល្បមួយនឹងជួយយើងមើលឃើញវាកាន់តែដូចជាព្រះអម្ចាស់បានទតឃើញ ។
ណែនាំសិស្សឲ្យរក្សាក្រដាសដែលពួកគេបានទទួល ។ ក្រដាសទាំងនោះនឹងត្រូវប្រើនៅពេលក្រោយក្នុងមេរៀននេះ ។
ឧទាហរណ៍នៃទស្សនវិស័យដ៏អស់កល្បមួយ
សូមជ្រើសរើសឧទាហរណ៍មួយនៅខាងក្រោមនេះចេញពីព្រះគម្ពីរ ។ រកមើលពីរបៀបដែលទស្សនវិស័យដ៏អស់កល្បមួយមានឥទ្ធិពលលើទស្សនៈរបស់បុគ្គលទាំងនេះ ។
មុនពេលសិស្សចាប់ផ្តើមការសិក្សារបស់ពួកគេ អ្នកអាចផ្តល់បរិបទបន្ថែមសម្រាប់ឧទាហរណ៍នីមួយៗ ។ ចំពោះអស់អ្នកដែលអានដំណើររឿងរបស់លោកអ័ដាម និងនាងអេវ៉ា អ្នកអាចពន្យល់ថា មនុស្សមួយចំនួនចាត់ទុកការធ្លាក់ជារឿងអវិជ្ជមាន ព្រោះវានាំមកនូវពីអំពើបាប សេចក្តីស្លាប់ និងការសាកល្បងមកក្នុងពិភពលោកនេះ ។ ទាក់ទងនឹងយ៉ូប អ្នកអាចចែកចាយថា សមាជិកជាច្រើនក្នុងគ្រួសាររបស់លោកបានទទួលមរណភាព លោកបាត់បង់ទ្រព្យសម្បត្តិរបស់លោក ហើយលោកបានឆ្លងកាត់នូវបញ្ហាសុខភាពធ្ងន់ធ្ងរ ។
-
អ័ដាម និងអេវ៉ាពន្យល់អំពីការធ្លាក់ ។ ម៉ូសេ ៥:១០–១១
-
យ៉ូបចែកចាយទីបន្ទាល់របស់លោកអំឡុងពេលមានការសាកល្បង ។ យ៉ូប ១៩:២៥–២៦
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកបានឃើញថាបុគ្គលរូបនេះបានមើលស្ថានភាពរបស់លោកនៅក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ?
-
តើទីបន្ទាល់របស់បុគ្គលរូបនេះអំពីព្រះគ្រីស្ទមានឥទ្ធិពលលើរបៀបដែលពួកគេបានឃើញស្ថានភាពនេះយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញហើយ សូមពិចារណាសួរ ៖
-
តើមានគំរូអ្វីខ្លះពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានប្រឈមនឹងស្ថានភាពជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ?
ប្រសិនបើពួកគេត្រូវការជំនួយក្នុងការស្វែងរកឧទាហរណ៍មួយ នោះអ្នកអាចអញ្ជើញសិស្សឲ្យអាន អេសាយ ៥៣:៣–៥, ១០ ហើយពិភាក្សាអំពីមូលហេតុ ពីទស្សនវិស័យដ៏អស់កល្បមួយ « គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ » ( អេសាយ ៥៣:១០ ) ។ ( ទោះបីជាវាធ្វើឲ្យព្រះវរបិតាសួគ៌សោកស្ដាយក្នុងការទតឃើញព្រះយេស៊ូវគ្រីស្ទរងទុក្ខក៏ដោយ ក៏ទស្សនវិស័យដ៏អស់កល្បរបស់ទ្រង់បានអនុញ្ញាតឲ្យទ្រង់ទតឃើញថា ដង្វាយធួននៃព្រះរាជបុត្រាទ្រង់គឺជាផ្នែកសំខាន់នៃផែនការនៃសេចក្តីសង្គ្រោះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ផងដែរ ) ។
សូមជញ្ជឹងគិតថាការធ្វើតាមព្រះវរបិតាសួគ៌ និងគំរូរបស់ព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកឲ្យមើលឃើញអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយ ចំពោះស្ថានភាពដែលអ្នកកំពុងប្រឈមមុខឬអត់ ។
សិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីការមើលឃើញគំរូនៅសម័យទំនើបពីនរណាម្នាក់មើលសំណួរ និងកាលៈទេសៈរបស់ពួកគេជាមួយនឹងទស្សនវិស័យដ៏អស់កល្បមួយ ។ ពិចារណាមើល « Examining Questions with an Eternal Perspective » ( ២:៥៦ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ក្នុងវីដេអូនេះ យុវនារីម្នាក់ពិនិត្យមើលសំណួរថា « ប្រសិនបើពិតជាមានព្រះដ៏ពេញដោយសេចក្ដីស្រឡាញ់មែន ហេតុអ្វីទ្រង់អនុញ្ញាតឲ្យមនុស្សរងទុក្ខ ? » បន្ទាប់ពីវីដេអូនេះ សិស្សអាចចែកចាយការយល់ដឹងបន្ថែមដែលពួកគេទទួលបានអំពីការមើលអ្វីៗដោយទស្សនវិស័យដ៏អស់កល្បមួយ ។
អនុវត្ត
សម្រាប់សកម្មភាពបន្ទាប់ សិស្សអាចប្រើក្រដាសដូចគ្នាដែលពួកគេបានទទួលមុននេះ បន្ទាប់ពីចែកចាយប្រយោគសង្ខេបមួយពីទស្សនវិស័យដ៏អស់កល្បមួយ ។
សរសេរសំណួរ ឬស្ថានភាពដែលក្មេងវ័យជំទង់អាចប្រឈមមុខ ដែលនឹងមានប្រយោជន៍ក្នុងការមើលឃើញដោយទស្សនវិស័យដ៏អស់កល្បមួយ ។
បន្ទាប់ពីសិស្សម្នាក់ៗបានសរសេរអ្វីមួយរួចហើយ សូមអញ្ជើញពួកគេម្តងទៀតឲ្យបន្តប្ដូរក្រដាសគ្នារយៈពេល ១០ វិនាទីរហូតដល់អ្នកប្រាប់ថា « ឈប់ » ។ បន្ទាប់មកអាចចាត់សិស្សជាគូៗសម្រាប់សកម្មភាពដែលនៅសេសសល់ ។
សូមពិភាក្សាសំណួរមួយ ឬទាំងពីរនៃសំណួរខាងក្រោមជាមួយដៃគូ ព្រោះវាទាក់ទងនឹងអ្វីដែលត្រូវបានសរសេរនៅលើក្រដាសដែលអ្នកបានទទួល ។ សូមចំណាំថា សំណួរដំបូងក្នុងគូនីមួយៗបានមកពី កថាខណ្ឌ ទី៨ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើខ្ញុំដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និង របៀបដែលទ្រង់ប្រព្រឹត្តចំពោះបុត្រាបុត្រីរបស់ទ្រង់ ?
តើការណ៍នេះអាចផ្លាស់ប្តូររបៀបដែលសំណួរ ឬស្ថានភាពនេះត្រូវបានមើលឃើញដោយរបៀបណា ?
-
តើការបង្រៀនដំណឹងល្អអ្វីខ្លះដែលទាក់ទង ឬបញ្ជាក់គោលគំនិត ឬបញ្ហានេះ ?
តើបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍អ្វីពីថ្នាក់ដឹកនាំសាសនាចក្រដែលគាំទ្រការបង្រៀននេះ ?
បន្ទាប់ពីពិភាក្សាអំពីចម្លើយរបស់អ្នករួចហើយ សូមសរសេរចម្លើយខ្លីមួយនៅលើក្រដាសរបស់អ្នក ។
នៅពេលសិស្សរៀនចប់ សូមសុំឲ្យសិស្សស្ម័គ្រចិត្តពីរបីនាក់អានសំណួរ ឬស្ថានភាពនៅលើក្រដាសរបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ បន្ទាប់មកចែកចាយចម្លើយដែលពួកគេដែលបានសរសេរ ។ អ្នកអាចសួរសិស្សផ្សេងទៀតក្នុងថ្នាក់សម្រាប់ការយល់ដឹងបន្ថែម ដែលអាចជួយក្មេងវ័យជំទង់ម្នាក់មើលឃើញសំណួរ ឬស្ថានភាពដោយទស្សនវិស័យដ៏អស់កល្បមួយ ។
សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌អាចជួយយើងមើលឃើញអ្វីៗដោយទស្សនៈរបស់ទ្រង់ នៅពេលយើងងាកទៅរកទ្រង់ ។ អ្នកក៏អាចចែកចាយថា នៅពេលដែលយើងមានអារម្មណ៍ថាយើងមិនទាន់អាចមើលឃើញអ្វីដែលទ្រង់ទតឃើញនោះទេ យើងនៅតែអាចទុកចិត្តលើទ្រង់បាន ( សូមមើល សុភាសិត ៣:៥–៦ ) ។ លើកទឹកចិត្តសិស្សឲ្យបន្តខិតខំពិនិត្យមើលសំណួរ និងស្ថានភាពរបស់ពួកគេដោយទស្សនវិស័យដ៏អស់កល្ប ។