ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​សកម្មភាព​ការរៀនសូត្រ​របស់​អ្នក សម្រាប់​មេរៀន​ការរៀបចំ​ជីវិត


« វាយ​តម្លៃ​សកម្មភាព​ការរៀនសូត្រ​របស់​អ្នក សម្រាប់​មេរៀន​ការរៀបចំ​ជីវិត » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« វាយ​តម្លៃ​សកម្មភាព​ការរៀនសូត្រ​របស់​អ្នក សម្រាប់​មេរៀន​ការរៀបចំ​ជីវិត » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ឧបសម្ព័ន្ធ

វាយ​តម្លៃ​សកម្មភាព​ការរៀនសូត្រ​របស់​អ្នក សម្រាប់​មេរៀន​ការរៀបចំ​ជីវិត

បន្ទាប់ពី​អ្នក​បានបញ្ចប់​ការបង្រៀន​ផ្នែក​មួយ​នៃ​មេរៀន​នៃ​ការរៀបចំ​ជីវិត​រួចហើយ សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​ការរៀនសូត្រ និង​ការរីកចម្រើន​របស់​ពួកគេ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​បញ្ចូល​សកម្មភាព​ខាងក្រោម​មួយ ឬ​ច្រើន​នៅក្នុង​មេរៀន​វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​នា​ពេល​ខាងមុខ ។ សកម្មភាព​ទាំងនេះ​អាច​កែសម្រួល​ដើម្បី​បំពេញ​តម្រូវការ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត ។

ជំនាញ​សិក្សា​ព្រះគម្ពីរ

សូម​បង្ហាញ​ពី​សមត្ថភាព​ដើម្បី​ប្រើ​បទគម្ពីរ​ដើម្បី​ទទួល​ជំនួយ និង​ការបំផុសគំនិត

សូម​គិត​អំពី​របៀប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដើម្បី​ជួយ​សិស្ស​រៀបចំខ្លួន​គិតពិចារណា​អំពី​ជំនាញ​សិក្សា​ព្រះគម្ពីរ ដែល​ពួកគេ​បាន​ប្រើ​នាពេល​ថ្មីៗ​នេះ ដើម្បី​រៀបចំ​ពួកគេ​ឲ្យ​ទទួល​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។ សូម​រកមើល​របៀប​ដើម្បី​ធ្វើ​ឲ្យ​វា​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ទាក់ទង​សម្រាប់​សិស្ស​របស់​អ្នក ។ អ្នក​អាច​ធ្វើ​អ្វីមួយ​ដូចជា​ស្វែងរក​ជំនាញ​ដើម្បី​ស្រាវជ្រាវ​រក​នៅលើ​អ៊ីនធឺណិត​យ៉ាង​មាន​ប្រសិទ្ធភាព ( ដូចជា​សកម្មភាព​ខាងក្រោម ) ឬ​ប្រសិនបើ​សិស្ស​មាន​បទពិសោធន៍​ប្រើប្រាស់ AI នោះ​ពួកគេ​អាច​និយាយ​អំពី​ជំនាញ​ទាំងឡាយ​សម្រាប់​ការសួរ​សំណួរ ឬ​ដាក់​សេចក្តីណែនាំ​ទៅកាន់​ប្រព័ន្ធ AI ដើម្បី​ទទួល​បាន​ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព ។

សូម​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ៖

ឧទាហរណ៍​ថា​អ្នក​កំពុងរៀបចំ​ខ្លួន​ធ្វើ​គម្រោង​សាលារៀន​មួយ ហើយ​ត្រូវ​ពឹងផ្អែក​លើ​ធនធាន​លើ​អ៊ីនធឺណិត ។

  • តើ​អ្នក​បានរៀន​ជំនាញ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការស្រាវជ្រាវ​រក​តាម​អ៊ីនធឺណិត​កាន់តែ​មាន​ប្រសិទ្ធភាព ឬ​មិន​សូវ​មាន​ប្រសិទ្ធភាព ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​ពី​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដែល​ពួកគេ​បានរៀន ។ នៅជិត​ជំនាញ​នីមួយៗ ពួកគេ​អាច​ចែកចាយ​ពី​របៀប​ដែល​ឧបករណ៍​ទាំងនេះ​អាច​នឹង​ជួយ​ពួកគេ​ទទួល​បាន​ជំនួយ និង​ការបំផុសគំនិត​ពី​ព្រះអម្ចាស់ ។ ជំនាញ​ដែល​ថ្នាក់​របស់​អ្នក​អាច​បានរៀន រួម​មាន ៖

  • ការផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

  • រកមើល​ទីសម្គាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ

  • ធ្វើ​ការប្រៀបធៀប

  • ការយាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការអធិស្ឋាន ដោយ​ការដកយក​ការរំខានចេញ និង​ការពិចារណា

  • ការសម្គាល់ ឬ​គូសចំណាំ​ពាក្យ និង​ឃ្លា

  • ការកត់ត្រា

  • យោង​ឆ្លង​ខគម្ពីរ ឬ​ភ្ជាប់​ខគម្ពីរ

  • ស្វែងរក​សេចក្ដីពិត​ដែល​ថ្លែង​ដោយ​បង្កប់ន័យ ឬ​បង្ហាញ​ច្បាស់

ប្រសិនបើ​ថ្នាក់​របស់​អ្នក​បានរៀន និង​អនុវត្ត​ជំនាញ​បន្ថែម នោះ​អ្នក​អាច​បន្ថែម​វា​ទៅក្នុង​បញ្ជី​ដែល​សិស្ស​បង្កើត ។

ដើម្បី​ជួយ​សិស្ស​បង្ហាញ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដែល​ពួកគេ​បានរៀន សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​សម្រាប់​សិស្ស​ដើម្បី​អនុវត្ត ។ ការណ៍​នេះ​អាច​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​វគ្គបទគម្ពីរ​ប្រកប​ដោយ​អត្ថន័យ​មួយ​ដែល​សិស្ស​មិន​អាច​សិក្សា​ក្នុង​ថ្នាក់​សិក្ខាសាលា ។

សូម​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ប្រើ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដើម្បី​ទទួល​បានជំនួយ និង​ការបំផុសគំនិត​ពី​ព្រះអម្ចាស់​ដោយ​ធ្វើ​ដូច​ខាងក្រោម ៖

  1. អាន​វគ្គបទគម្ពីរ​នេះ​ពីរបី​ដង ។

  2. កំណត់​ថាតើ​ជំនាញ​សិក្សា​ព្រះគម្ពីរ​មួយ​ណា​ដែល​អ្នក​នឹង​ប្រើ​ដើម្បី​ស្វែងរក​ការយល់ដឹង ឬ​ការបំផុស​គំនិត ហើយ​រាយបញ្ជី​ជំនាញ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  3. អនុវត្ត​ជំនាញ​ទាំងនេះ​នីមួយៗ​ជាមួយនឹង​វគ្គ​ដែល​អ្នក​បានជ្រើសរើស ។

  4. កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បានរៀន​ដោយ​ប្រើជំនាញ​ទាំងនេះ ។

នៅពេល​សិស្ស​បាន​ធ្វើ​ហើយ​រួចរាល់ អ្នក​ប្រហែលជា​ចង់​ឲ្យ​ពួកគេ​ចែកចាយ​ជា​មួយថ្នាក់ ឬ​ជា​ក្រុម​តូចៗ​ថាតើ​ជំនាញ​មួយ​ណា​ដែល​ពួកគេ​ប្រើ និង​អ្វី​ដែល​ពួកគេ​បានរៀន​ពី​បទពិសោធន៍​នេះ ។ នៅពេល​សិស្ស​ចែកចាយ អ្នក​ប្រហែលជា​ចង់​សួរ​សំណួរ​តាមដាន​អំពី​របៀប​ដែល​ការបញ្ចូល​ជំនាញ​ទាំងនេះ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ អាច​ជួយ​ពួកគេ​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ការធ្វើការជ្រើសរើស

ការទទួល​កម្លាំង​ពី​ព្រះអម្ចាស់​ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត

សូម​ពិចារណា​សរសេរ​ពាក្យ ការជ្រើសរើស នៅលើ​ក្ដារខៀន ។ បង្ហាញ​សិស្ស​នូវ​របស់​ខាងក្រោម ហើយ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ជម្រើស​សំខាន់ៗ ឬ​ជម្រើស​ដែល​ទាក់ទង​នឹង​របស់​នោះ ។ ( របស់​នីមួយៗ​តំណាង​ឲ្យ​មេរៀន​មួយ​នៅក្នុង​ផ្នែក ដើម្បី​កម្លាំង​នៃ​យុវជន ) ។

ទូរសព្ទដៃ

ពរជ័យ​អយ្យកោ

សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន

ក្រដាស​មួយ​ដែល​មាន​ចំណងជើង​ថា « គោលដៅ » ដោយ​មាន​សរសេរ​គោលដៅ​មួយ​ចំនួន​នៅលើ​ក្រដាស​នោះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​ចំណាយពេល​មួយ​នាទី​ដើម្បី​រាយបញ្ជី​ជម្រើស​សំខាន់ៗ​ដែល​អ្នក​បានធ្វើ ឬ​ពិបាក​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ។ ពួកគេ​អាច​រួមបញ្ចូល​ជម្រើស​ដែល​ទាក់ទង​នឹង​របស់​ដែល​បានបង្ហាញ ដូចជា បច្ចេកវិទ្យា ពរជ័យ​អយ្យកោ ប្រធានបទ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ឬ​ការដាក់​គោលដៅ ។ សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​បានស្វែងរក​កម្លាំង ជំនួយ ឬ​ការណែនាំ​របស់​ព្រះអម្ចាស់​ដើម្បី​ធ្វើការ​ជ្រើសរើស​នាពេល​ថ្មីៗ​នេះ​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កម្លាំង ជំនួយ ឬ​ការណែនាំ​របស់​ទ្រង់​ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត ?

  • តើ​បញ្ហា​ប្រឈម​មួយ​ណា​ដែល​អ្នក​បានប្រឈម​មុខ ឬ​អ្នក​អាច​ប្រឈម​មុខ​ពេល​ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត​ទាំងនេះ ?

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​គិតពិចារណា​ហើយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ ។ នៅពេល​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​កម្លាំង​របស់​ព្រះអម្ចាស់ សូម​បញ្ជាក់​ពី​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់​ក្នុងការ​ជួយ​យើង ។ នៅពេល​សិស្ស​ចែកចាយ​បញ្ហា​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ ។ ពួកគេ​អាច​រកមើល​បទគម្ពីរ ឬ​សេចក្តីថ្លែងការណ៍​នៅក្នុង​សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ឬ​ជញ្ជឹងគិត​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បញ្ចប់​លំហាត់​នេះ​ដោយ​សរសេរ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ធ្វើ ជា​ជំហាន​បន្ទាប់​របស់​ពួកគេ ។

ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន

ស្ថាបនា​ភាព​ខ្លួនទីពឹងខ្លួន​តាម​របៀប​របស់​ព្រះអម្ចាស់

សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​មួយ​ដែល​ពិពណ៌នា​អំពី​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ភាពខ្លួន​ទីពឹង​ខ្លួន​ចេញពី​ការសិក្សា​ដំណើររឿង​របស់​លោក ( សូមមើល លោកុប្បត្តិ ៣៧–៤៧ ) ។ វា​អាច​មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ក្នុងការ​មើល​កំណត់ចំណាំ​នៅក្នុង​ទិនានុប្បវត្តិ ឬ​ព្រះគម្ពីរ​របស់​ពួកគេ នៅពេល​ពួកគេ​គិតពិចារណា​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

Joseph showing Pharaoh food storage

អ្នក​អាច​ពិចារណា​ផ្តល់​សេចក្តីយោង​បទគម្ពីរ​មួយ​ចំនួន ឬ​ទាំងអស់​ដូច​ខាងក្រោម​សម្រាប់​សិស្ស​ដើម្បី​យោង​ទៅ ៖

  • លោកុប្បត្តិ ៤១:៣៧–៤៣, ៤៩, ៥៤–៥៥ ( យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​បានស្តុក​ស្រូវ​ទុក​សម្រាប់​គ្រោះអំណត់​នា​ពេល​អនាគត ដោយសារ​លោក​បាន​ទទួល​វិវរណៈ​ពី​ព្រះអម្ចាស់ ) ។

  • លោកុប្បត្តិ ៤៥:៤–១១; ៤៧:១១–១២ ( យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​ផ្ដល់​ពរ​ដល់​គ្រួសារ​របស់លោក ដោយសារ​តែ​កិច្ចខិតខំ​ដើម្បី​ស្ថាបនា​ភាពខ្លួនទីពឹង​ខ្លួន ) ។

  • ម៉ាឡាគី ៣:៨–១១ ( ការគោរព​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយមួយភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ )

  • ម៉ូសេ ៤:២៣–២៥; ៥:១ ( លោក​អ័ដាម និង​នាង​អេវ៉ា ធ្វើការ​ដើម្បី​ទទួល​បាន​អាហារ​របស់​ពួក​លោក ជំនួស​ឲ្យ​ព្រះ​ប្រទាន​ឲ្យ​ពួកលោក )

សូម​ពិចារណា​ពី​សំណួរ​ខាងក្រោម​នេះ ហើយ​កត់ត្រា​គំនិត​របស់​អ្នក​ទុក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

  • តើ​អ្នក​កាន់តែ​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់អ្នក​តាម​របៀប​ណា ?

  • តើ​បញ្ហា​អ្វីខ្លះ​ក្នុង​ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​អ្នក​កំពុង​ប្រឈម​មុខ ?

  • តើ​អ្នក​នឹង​អញ្ជើញ​ព្រះ​ឲ្យ​ជួយ​អ្នក​បន្ត​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដោយ​របៀប​ណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

សុខភាព​ខាងរាងកាយ និង​ខាងសតិអារម្មណ៍

សូម​អនុវត្ត​គោលការណ៍ និង​ជំនាញ​ទាំងឡាយ​ដើម្បី​ឲ្យ​កាន់តែ​មាន​សុខភាព​ល្អ​ទាំង​ខាងសតិអារម្មណ៍ និង​ខាង​រាងកាយ ។

This is a still image of a tree being blown by the wind and was taken from the Church-owned video, "Spiritual Whirlwinds

សូម​ពិចារណា​ដាក់បង្ហាញ​រូបភាព​ដើមឈើ​ដែល​ត្រូវ​ខ្យល់បក់​បោក ឬ​អ្នក​អាច​គូរ​ដើមឈើ​នៅលើ​ក្ដារខៀន ។ ប្រសិនបើ​សិស្ស​គូរ​រូប​ដើម​ឈើ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នៅពេល​ពួកគេ​សិក្សា មេរៀនទី ១៨១ ៖ « ការស្ថាបនា​ភាពរឹងមាំ​ខាងសតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់ » សូម​អញ្ជើញ​ពួកគេ​មើល​ការប្រឈម​ខាងសតិអារម្មណ៍​ដែល​ពួកគេ​បាន​ដាក់ស្លាក​នៅលើ​ដើម​ឈើ​របស់​ពួកគេ ។

ជាជម្រើស​មួយ​ផ្សេង​ទៀត សិស្ស​អាច​សរសេរ​នៅ​ជុំវិញ​រូប​គំនូរ​ដើម​ឈើ​ថ្មី​ពី​ការប្រឈម​ខាងសតិអារម្មណ៍​ដែល​ពួកគេ​បាន​ដកពិសោធណ៍ ឬ​អាច​ប្រឈមមុខ​នៅពេល​ខាងមុខ ។

  • តើ​ឧបសគ្គ​ខាង​សតិអារម្មណ៍​ដែល​យើង​ប្រឈម​នៅក្នុង​ជីវិត​មាន​អារម្មណ៍​ដូចជា​ខ្យល់កួច​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ថ្មីៗ​នេះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​អំពី​របៀប​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងសតិអារម្មណ៍ ?

    នៅពេល​សិស្ស​ចែកចាយ សូម​រកមើល​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ទប់ទល់​នឹង​ខ្យល់កួច​ខាងសតិ​អារម្មណ៍​បាន​ដោយ​ពឹងផ្អែក​លើ​កម្លាំង និង​ព្រះចេស្ដា​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែលបាន​សន្យា ( សូមមើល ហេលេមិន ៥:១២ ) ។

  • តើ​គោលការណ៍ ឬ​ជំនាញ​មួយ​ចំនួន​អ្វីខ្លះ​ដែល​អ្នក​បាន​ព្យាយាម​អនុវត្ត ដើម្បី​ទទួល​បានកម្លាំង​ខាងសតិ​អារម្មណ៍​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ការណ៍អ្វី​ខ្លះ​ដែល​មាន​ប្រយោជន៍ ? តើ​អ្នក​បានរៀន​អ្វីខ្លះ ឬ​នៅតែ​ចង់​សាកល្បង ?

ប្រសិនបើ​សិស្ស​ចែកចាយ​ការលំបាក ឬ​ការប្រឈម​នានា សូមស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​របៀប​ដើម្បី​ជួយ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការបង្ហាញ​ការអាណិត​អាសូរ និង​ការយោគយល់ ។

ការរៀបចំ​សម្រាប់​ការអប់រំ និង​ការងារ​នាពេល​អនាគត

ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការអប់រំ​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​ពេញ​មួយជីវិត

សកម្មភាព​ខាងក្រោម​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​ដើម្បី​ពន្យល់​ពី​សារៈសំខាន់​នៃ​ការអប់រំ​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​ពេញ​មួយ​ជីវិត ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹកស្រមៃ​ពី​សាច់រឿង​ដូច​ខាងក្រោម ។ អ្នក​អាច​កែសម្រួល​សាច់រឿង​នេះ​ឲ្យ​ស្រប​នឹង​តម្រូវការ​សិស្ស​របស់​អ្នក ។

អ្នក​ត្រូវ​បានសុំ​ឲ្យ​ឡើង​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​របស់​យុវជន​មួយ​នៅ​ដើម​ឆ្នាំ​សិក្សា ។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ពង្រឹង​សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន​បទ​ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​គឺ « សារៈសំខាន់​នៃ​ការអប់រំ​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​ក្នុងការ​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ » ។

សូម​សរសេរ​គម្រោង​សម្រាប់​ឡើង​និយាយ​ពី​ពីរ​ទៅ​បី​នាទី ។ សូម​ពិចារណា​ដូច​ខាងក្រោម​ជា​ផ្នែក​នៃ​គម្រោង​និយាយ​របស់​អ្នក ៖

  • សារៈសំខាន់​នៃ​ការអប់រំ​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌

  • បទគម្ពីរ​មួយ ឬ​ច្រើន ឬ​សេចក្តីថ្លែងការណ៍​របស់​ព្យាការី​ដែល​គាំទ្រ​ដល់​សារ​របស់​អ្នក ។ ( ឧទាហរណ៍ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៧៧–៨០ )

  • បទពិសោធន៍​ដែល​អ្នក ឬ​អ្នក​ដទៃ​ទៀត​មាន ដែល​ជួយ​អ្នក​យល់​ពី​សារៈសំខាន់​នៃ​ការរៀនសូត្រ​ពេញ​មួយជីវិត

បន្ទាប់ពី​មាន​ពេលវេលា​គ្រប់គ្រាន់​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គម្រោង​របស់​ពួកគេ​ជា​ក្រុម​តូចៗ ឬ​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​មួយ​ចំនួន​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

បង្កើត​ផែនការ​សម្រាប់​ការអប់រំ និង​ការងារ​នា​ពេល​អនាគត

ប្រសិនបើ​សិស្ស​មាន​ឱកាស​ដាក់​ផែនការ​ដើម្បី​ទទួល​ការអប់រំ​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​នា​ពេលអនាគត សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យមើល​ផែនការ​ដែល​ពួកគេ​បានដាក់ ។ ប្រសិនបើ​សិស្ស​មិន​ទាន់​បានដាក់​ផែនការ​ទេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចំណាយពេល​នេះ ដើម្បី​បង្កើត​ផែនការ​មួយ​អំពី​របៀប​ដែល​ពួកគេ​ចង់​បន្ត​ទទួល​បាន​ការអប់រំ​ខាងវិញ្ញាណ និង​ខាងសាច់ឈាម​តាម​របៀប​ដែល​នឹង​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​ផែនការ​របស់​ពួកគេ ។

សំណួរ​ដែល​អាច​ជួយ​ក្នុង​ការពិភាក្សា​រួម​មាន​ដូច​ខាងក្រោម ៖

  • តើ​អ្នក​នឹង ឬ​បាន​អនុញ្ញាត​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចូលរួម​នៅក្នុង​ផែនការ​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​អ្នក​នៅ​មាន​សំណួរ​អ្វីខ្លះ​ទៀត​អំពី​ជម្រើស​នៃ​ការអប់រំ​ខាង​វិញ្ញាណ ឬ​ខាង​សាច់ឈាម​នាពេល​អនាគត ?

  • តើ​ជំហាន​បន្ទាប់​មួយណា​ដែល​អ្នក​អាច​នឹង​ធ្វើ​ដែលជា​ផ្នែក​នៃ​ផែនការ​របស់អ្នក ?

ភាពជោគជ័យ​នៅក្នុង​សាលា

អនុវត្ត​ជំនាញ​ទាំងឡាយ​ដើម្បី​បាន​ជោគជ័យ​នៅក្នុង​សាលា

សូម​ពិចារណា​សរសេរ​ចំណងជើង​មេរៀន​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖

ការ​ធ្វើឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក

ទទួលខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់អ្នក

ការរៀបចំ​ភារកិច្ច និង​ការដាក់​អាទិភាព

យក​ឈ្នះ​លើ​ការពន្យារពេល

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ចំណងជើង​នោះ ហើយ​គិតពិចារណា​ពី​របៀប​ដែល​ពួកគេ​បានអនុវត្ត​ជំនាញ​ទាំងនេះ​នៅក្នុង​កិច្ចការ​សាលា​របស់​ពួកគេ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម ។

គូរ​រូប​មនុស្ស​ចង្កឹះ​ពីរ និង​រូប​ពពុះ​តំណាង​ឲ្យ​ការនិយាយ ។ ស្រមៃ​ថា​មនុស្ស​ពីរនាក់​កំពុង​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​ចង់​កែលម្អ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​សាលា ។

Stick Figure - Brick Wall

នៅក្នុង​រូប​ពពុះ​ទីមួយ សូម​បំពេញ​ប្រយោគ ៖ « នៅពេល​និយាយ​ពី​សាលា​រៀន ខ្ញុំ​ស្មុគស្មាញ​នឹង  »

នៅក្នុង​រូប​ពពុះ​ទី​ពីរ សូម​បំពេញ​អ្វី​ដែល​អ្នក​បាន​ព្យាយាម​ធ្វើ ដើម្បី​អនុវត្ត​តាម​គោលការណ៍ និង​ជំនាញ​ទាំងឡាយ​ដែល​អ្នក​បានរៀន​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅក្នុង​សាលា ៖

« ទាំងនេះ​គឺជា​អ្វី​មួយ​ដែល​ខ្ញុំ​បានព្យាយាម … »

« ខ្ញុំ​កំពុង​ព្យាយាម​បន្ត ឬ​កែសម្រួល … »

អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជា​មួយ​សិស្ស​នៅក្នុង​ថ្នាក់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្ដាប់​មិត្ត​រួមថ្នាក់​របស់​ពួកគេ​ដោយ​យកចិត្ត​ទុកដាក់ ។ សូម​សួរ​ថាតើ​ពួកគេ​មាន​បទពិសោធន៍ ឬ​គោលការណ៍​បន្ថែម​ពី​មេរៀន​ដែល​អាច​ជួយ​បាន​ដែរ​ឬ​ទេ ។ នៅពេល​សិស្ស​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួកគេ​អាច​នឹង​ទទួល​បាន​ការបំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​សាកល្បង​ជំនាញ​មួយចំនួន​ដែល​អ្នកដទៃ​បាន​រកឃើញ​ថា​មាន​ប្រយោជន៍ ។

ការរៀបចំ​ខ្លួន​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា

មានបំណង​ប្រាថ្នា​កើនឡើង​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​អ្នកដទៃ

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​គិតពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ សូម​ពិចារណា​អំពី​ការពិនិត្យមើល​នូវ​កិច្ចការ​មួយ​ចំនួន​ដោយ​សង្ខេប​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ឬ​បានអនុវត្ត​ចេញពី​មេរៀន​រៀបចំខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ឧទាហរណ៍ ប្រសិនបើ​សិស្ស​បានសិក្សា មេរៀន​ទី ១៩៨ ៖ « ការជ្រើសរើស​ដើម្បី​បម្រើ​បេសកកម្ម » អ្នក​អាច​លើក​កញ្ចក់​ឡើង និង​សួរ​សំណួរ​ដូច​តទៅ ។

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​មាន​ទាក់ទងនឹង​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នក​ដទៃ​ដោយ​ប្រើ « ការសន្ទនា​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍ ? » តើ​មាន​របៀប​អ្វីខ្លះ​ទៀត ដែល​អ្នក​បានព្យាយាម​ចែកចាយ​ដំណឹង​ល្អ​នា​ពេលថ្មីៗ​នេះ ?

នៅពេល​សិស្ស​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ អ្នក​ក៏​អាច​សួរ​អំពី​សេចក្ដីពិត​មួយ​ណា​ដែល​ពួកគេ​បាន​ចែកចាយ​អំពី​ព្រះអង្គសង្គ្រោះ ឬ​ការអញ្ជើញ​ណា​ដែល​ពួកគេ​ធ្វើ​ផងដែរ ។ អ្នក​អាច​រំឭក​សិស្ស​ថា​នៅក្នុង មេរៀនទី ១៩៧ ៖ « ការចែកចាយ​ដំណឹងល្អ​តាម​របៀប​សាមញ្ញ » ពួកគេ​រកមើល​សេចក្តីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​រំភើប​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដែល​ពួកគេ​ស្រឡាញ់ ( សូមមើល អេសាយ ១:១៨; ២៥:៤, ៨–៩; ៤០:២៨–៣១; ៤៣:២៥; ៥៤:១០ ) ។

សូម​គិតពិចារណា​អំពី​អ្វី​ដែល​អ្នក​ប្រហែល​ជា​បានរៀន ឬ​បានអនុវត្ត​ពី​មេរៀន​ការរៀបចំខ្លួន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នក​ដទៃ​បាន​កើនឡើង ថយចុះ ឬ​នៅ​ដដែល ?

  • តើ​អ្នក​គិត​ថា​អ្វី​បានរួមចំណែក​ដល់​របៀប​ដែល​អ្នក​គិត​អំពី​ការចែកចាយ​ដំណឹងល្អ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ស្វែងរក​បំណងប្រាថ្នា និង​ឱកាស​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​អ្នកដទៃ ។

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

មាន​អារម្មណ៍​ចង់​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង

សូម​ពិចារណា​ប្រើ​សកម្មភាព​មួយ ឬ​ច្រើន​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​គោលការណ៍​ដែល​ពួកគេ​បានរៀន​អំពី​មេរៀន​ការរៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារបរិសុទ្ធ ។ ពួកគេ​អាច​ពិនិត្យមើល​ព្រះគម្ពីរ និង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ ដើម្បី​ចងចាំ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ និង​ការគោរពប្រតិបត្តិ របៀប​ដែល​ព្រះវិហារបរិសុទ្ធ​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដើម្បី​រៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​ដោយ​ភាពស័ក្តិសម​ដោយ​សិក្សា​សំណួរ ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​ផ្ដល់​តម្រុយ​ដូច​ខាងក្រោម ៖

ពិនិត្យមើល​សេចក្ដីយោង​បទគម្ពីរ​ដូច​ខាងក្រោម និង​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន អំពី​ពរជ័យ​ដែល​មាន​សម្រាប់​អ្នក​ដែល​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ៖

និក្ខមនំ ២៥:៨; ពង្សាវតាក្សត្រ ទី១ ៦:១២–១៣; ហាកាយ ២:៦–៩

Official portrait of President Russell M. Nelson taken January 2018

[ចំ]ពោះ​អ្នក​ដែល​បម្រើ និង​ថ្វាយបង្គំ​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់អាច … រំពឹង ថា​នឹង​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន វិវរណៈ​ផ្ទាល់​ខ្លួន មានសេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង មាន​ភាពរឹងមាំ មាន​ការលួងលោមចិត្ត បង្កើន​ចំណេះដឹង និង​បង្កើន​អំណាច ។ ( « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ១២១, ១២២ )

បន្ទាប់ពី​សិស្ស​មាន​ឱកាស​ពិនិត្យ​មើល​បទគម្ពីរ និង​កំណត់​ចំណាំ​របស់​ពួកគេ​ហើយ សូម​ដាក់បង្ហាញ​ចំណុច​ខាងក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​គិតពិចារណា​អំពី​របៀប​ដែល​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ​នៅក្នុង​ដំណាក់​របស់​ទ្រង់​បាន​ជះឥទ្ធិពល​ដោយ​មេរៀន​ទាំងនេះ ។

សូម​ជ្រើសរើស​មួយ​ដូច​ខាងក្រោម ៖

  1. សូម​ចែកចាយ​រូបភាព​ព្រះវិហារ​បរិសុទ្ធ និង​ចែកចាយ​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​រំឭក​អ្នក​ពី​ព្រះ​យេស៊ូវគ្រីស្ទ ។ ប្រសិន​បើ​ចាំបាច់ អ្នកអាច​រក​រូបភាព​មួយ​នៅក្នុង​វិចិត្រសាល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ។ សូម​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​ការធ្វើ និង​ការរក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

  2. នៅក្នុង​មេរៀន​មួយ​នៃ​ការរៀបចំខ្លួន​ទៅ​ព្រះវិហារបរិសុទ្ធ​ដែល​អ្នក​បានរៀន​អំពី​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​ដោយ​មាន​ភាពស័ក្ដិសម​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​បានរៀន ឬ​មាន​អារម្មណ៍​នាពេល​ថ្មីៗ​នេះ ដែល​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ? បើ​ដូច្នេះ សូម​សរសេរ​កំណត់ចំណាំ​សម្រាប់​ខ្លួន​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ។

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

យល់ ហើយ​អនុវត្ត​ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ

នៅ​ពេញ​មួយ​វគ្គសិក្សា​នេះ សិស្ស​មាន​ឱកាស​ដើម្បី​សិក្សា និង​អនុវត្ត​ការបង្រៀន​ទាំងឡាយ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សម្រាប់​សកម្មភាព​នេះ អ្នក​អាច​រំឭក​សិស្ស​អំពី​សុន្ទរកថា​ជាក់លាក់​ដែល​អ្នក​បានសិក្សា​ជា​ថ្នាក់ ។ សូម​ពិចារណា​សរសេរ​ចំណងជើង​របស់​សុន្ទរកថា​នោះ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សុន្ទរកថា​មួយ​ក្នុង​ចំណោម​សុន្ទរកថា​នោះ ហើយ​ពិនិត្យមើល​សារលិខិត និង​កំណត់ចំណាំ​ណា​មួយ​ដែល​ពួកគេ​អាច​នឹង​បាន​ដក​ស្រង់​មក ។ រៀបចំ​សិស្ស​ជា​ដៃគូ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​ចាប់​ដៃគូ​ជាមួយ​អ្នក​ដែល​បានជ្រើសរើស​សុន្ទរកថា​ផ្សេង ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ពីរ​ខាងក្រោម ។

  • តើ​អ្នក​នឹង​សង្ខេប​សារលិខិត​នៃ​សុន្ទរកថា​ដែល​អ្នក​បានជ្រើសរើស​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​សារលិខិត​នោះ​អាច​សំខាន់​សម្រាប់​ក្មេង​ជំទង់​នៅ​សព្វ​ថ្ងៃ ?

បន្ទាប់ពី​ដៃគូ​នីមួយៗ​បាន​ចែកចាយ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​បានព្យាយាម​អនុវត្ត​តាម​ការបង្រៀន​របស់សុន្ទរកថា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ។ អ្នក​អាច​សួរ​ពួកគេ​អំពី​ជោគជ័យ ឬ​ការបរាជ័យ​ដែល​ពួកគេ​ប្រឈមមុខ​នៅពេល​អនុវត្ត​តាម​ការបង្រៀន​ទាំងនេះ ។