« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨ ៖ អេសាយ–យេរេមា ២០ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨ ៖ អេសាយ–យេរេមា ២០ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ មេរៀនទី ១៣៣
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨
អេសាយ–យេរេមា ២០
ការគិតពិចារណា និងការវាយតម្លៃការអភិវឌ្ឍខាងវិញ្ញាណរបស់យើង ជួយយើងឲ្យក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យគិតពិចារណាពីគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍ក្នុងអំឡុងពេលសិក្សាថ្មីៗរបស់ពួកគេអំពីព្រះគម្ពីរសញ្ញាចាស់ ។
ការរៀបចំសិស្ស ៖ សូមពិចារណាផ្តល់សេចក្តីថ្លែងការណ៍របស់អែលឌើរ ដេវីឌ អេ បែដណា ក្នុងមេរៀននេះដល់សិស្ស ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីរបៀបដែលសេចក្តីថ្លែងការណ៍នេះអនុវត្តចំពោះការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេអំឡុងពេលថ្នាក់សិក្ខាសាលានៅក្នុងឆ្នាំនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យវាយតម្លៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដោយពិនិត្យមើលការសរសេរនៅក្នុងសៀវភៅកំណត់ហេតុ បទគម្ពីរដែលពួកគេបានគូសចំណាំ និងកំណត់ចំណាំដែលពួកគេបានធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ នៅពេលពួកគេបន្តការសិក្សារបស់ពួកគេអំពីព្រះគម្ពីរសញ្ញាចាស់ ។ ថ្នាក់រៀនរបស់អ្នកប្រហែលជាផ្តោតលើលទ្ធផលខុសៗគ្នា ជាងអ្វីដែលបានវាយតម្លៃនៅក្នុងមេរៀននេះ ។ បើដូច្នេះ សូមបត់បែនតាមសកម្មភាពទាំងឡាយ ដើម្បីវាយតម្លៃពីអ្វីដែលសិស្សបានរៀននៅក្នុងមេរៀនថ្នាក់សិក្ខាសាលានាពេលថ្មីៗនេះ ។ អ្នកក៏អាចជ្រើសរើសប្រើសកម្មភាពវាយតម្លៃការរៀនសូត្ររបស់អ្នកសម្រាប់ប្រភេទនៃការរៀបចំជីវិតណាមួយដែលអ្នកបានបញ្ចប់ការបង្រៀននេះផងដែរ ។ គំនិតត្រូវបានផ្តល់នៅក្នុង ឧបសម្ព័ន្ធ នៃសៀវភៅសិក្សានេះ ។
នៅក្នុងមេរៀននេះ សិស្សនឹងវាយតម្លៃការរីកចម្រើនរបស់ពួកគេនៅក្នុងផ្នែកមួយចំនួន ឬទាំងអស់ដូចខាងក្រោម ៖
-
ការពន្យល់ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ( ចំណាំ ៖ សកម្មភាពនេះផ្អែកលើមេរៀនទី ១១៣ ៖ « បុព្វកថាទៅកាន់អេសាយ » ប៉ុន្តែមេរៀនផ្សេងៗទៀតក៏អាចអនុវត្តបានដែរ) ។
-
ការមានបំណងប្រាថ្នាដើម្បីយកឈ្នះអំពើបាបតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ( ចំណាំ ៖ សកម្មភាពនេះផ្អែកលើមេរៀនទី ១១៤ ៖ « អេសាយ ១ » ប៉ុន្តែមេរៀនទី ១០៣ ៖ « ទំនុកដំកើង ២៤ » និងមេរៀនទី ១២៤ ៖ « អេសាយ ៥៣ » ក៏អាចអនុវត្តផងដែរ) ។
ការវាយតម្លៃលើការលូតលាស់ និងការរីកចម្រើនខាងវិញ្ញាណរបស់យើង
ពិចារណាចាប់ផ្តើមថ្នាក់រៀនដោយចែកចាយវីដេអូខ្លី « មួយភាគរយប្រសើរឡើង » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ០:០០ ដល់ ២:១១ ។ ម៉្យាងទៀត អ្នកអាចអានសេចក្ដីសង្ខេបខាងក្រោម ឬរៀបរាប់ឡើងវិញជាពាក្យពេចន៍របស់អ្នកផ្ទាល់ ។
ខាងក្រោមនេះគឺជាការសង្ខេបនៃដំណើររឿងមួយដែល ម៉ៃឃល អេ ដាន នៃពួកចិតសិបនាក់ បានចែកចាយ ។
ក្រុមប្រណាំងកង់ថ្នាក់ជាតិនៃចក្រភពអង់គ្លេសបានក្លាយជា« ក្រុមដែលគេសើចចំអកឲ្យ » ក្នុងពិភពលោក អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ។ ទោះជាយ៉ាងណា នៅឆ្នាំ២០០៣ រឿងនោះបានផ្លាស់ប្តូរ ។ គ្រូបង្វឹកដែលទើបតែត្រូវបានគេជួលថ្មីៗ លោក សឺ ដេវ ប្រេលហ្វដ បានប្រើវិធីសាស្រ្តថ្មីដើម្បីកែលម្អ ។ ជំនួសឲ្យការផ្តោតលើ « កែតម្រូវយ៉ាងខ្លាំងក្នុងពេលដ៏ខ្លី » លោក សឺ ប្រេលហ្វដ បានផ្តោតលើអ្វីដែលលោកហៅថា « ផលសរុបនៃការចំណេញតិចតួច » ។ ម្យ៉ាងវិញទៀត លោកបានលើកទឹកចិត្តអ្នកជិះកង់របស់លោកឲ្យធ្វើការកែលម្អតូចៗលើគ្រប់ចំណុចទាំងអស់ ។
លោកបានថ្លែងថា « គោលការណ៍ទាំងមូលកើតចេញពីគំនិតមួយដែលថា ប្រសិនបើយើងបំបែកអ្វីៗទាំងអស់ ដែលយើងអាចគិតដល់ ដែលស្របនឹងការជិះកង់ រួចហើយកែលម្អវាឲ្យបានត្រឹមមួយភាគរយ នោះយើងនឹងទទួលបានការកើនឡើងដ៏ច្រើន នៅពេលយើងដាក់វាទាំងអស់បញ្ចូលគ្នា » ( សូមមើល « មួយភាគរយប្រសើរឡើង » លីអាហូណា ខែវិច្ឆិកាឆ្នាំ២០២១ ទំព័រ ១០៦ ) ។
-
តើគោលការណ៍នេះអាចអនុវត្តចំពោះការរីកចម្រើនខាងវិញ្ញាណរបស់យើងយ៉ាងដូចម្ដេច នៅពេលយើងធ្វើការដើម្បីប្រែក្លាយជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ?
ដោយជាផ្នែកនៃការពិភាក្សានេះ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីអែលឌើរ បែដណា ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ការអភិវឌ្ឍខាងវិញ្ញាណតូចតាច ខ្ជាប់ខ្ជួន និងកើនឡើង គឺជាជំហានដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងដើរ ។ ការរៀបចំខ្លួនដើម្បីដើរដោយឥតទោសនៅចំពោះព្រះ គឺជាគោលបំណងចម្បងមួយនៃជីវិតរមែងស្លាប់ និងការខិតខំពេញមួយជីវិតនេះ ហើយវាមិនទទួលលទ្ធផលពីសកម្មភាពខាងវិញ្ញាណដែលខំខ្លាំង ប៉ុន្ដែមិនទៀងទាត់នោះទេ ។ ( « Clean Hands and a Pure Heart » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៨២ )
សូមចែកចាយជាមួយសិស្សថា គោលបំណងនៃការវាយតម្លៃមេរៀនសិក្សារបស់អ្នកគឺដើម្បីផ្អាក ហើយយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយពួកគេស្គាល់ពីរបៀបដែលពួកគេកំពុងរៀនសូត្រ និងរីកចម្រើន ។
ដើម្បីជួយសិស្សរៀបចំឆ្លើយសំណួរបន្ទាប់ អ្នកប្រហែលជាចង់ធានាដល់ពួកគេឡើងវិញថា ការស្គាល់ព្រះសូរសៀងនៃព្រះវិញ្ញាណមិនងាយស្រួលទេ ហើយត្រូវការពេលវេលា និងការអនុវត្ត ។ អ្នកអាចរំឭកពួកគេអំពីដំណើររឿងរបស់សាំយូអែល ( សូមមើល សាំយូអែល ទី១ ៣:២–១០ ) ឬ អេលីយ៉ា ( សូមមើល ពង្សាវតាក្សត្រ ទី១ ១៩:១១–១២ ) ។
សូមចំណាយពេលខ្លះដើម្បីគិតអំពីអ្វីដែលអ្នកបានរៀននាពេលថ្មីៗនេះ នៅក្នុងការសិក្សារបស់អ្នកអំពីព្រះគម្ពីរសញ្ញាចាស់ ។ អ្នកអាចពិនិត្យមើលខគម្ពីរដែលអ្នកបានអាន និងគំនិតដែលអ្នកបានកត់ត្រាក្នុងសៀវភៅកំណត់ចំណាំ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកបានខិតខំធ្វើអ្វីខ្លះនាពេលថ្មីៗនេះ ដើម្បីទទួល និងស្គាល់ចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ?
-
តើមានចំណាប់អារម្មណ៍ខាងវិញ្ញាណអ្វីខ្លះដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធនាពេលថ្មីៗនេះ ? តើអ្នកបានប្រព្រឹត្តយ៉ាងណាចំពោះចំណាប់អារម្មណ៍ខាងវិញ្ញាណទាំងនោះ ?
-
តើអ្វីទៅជាការកែលម្អខាងវិញ្ញាណតូចៗមួយចំនួនដែលអ្នកបានធ្វើក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើមានចំណុចណាខ្លះដែលអ្នកអាចនឹងត្រូវធ្វើការកែលម្អខាងវិញ្ញាណតូចៗ ?
ការបំផុសគំនិតពីមុនគឺជាឧទាហរណ៍នៃស្វ័យវាយតម្លៃ ។ នៅពេលសិស្សពិចារណាពីបទពិសោធន៍ និងអារម្មណ៍របស់ពួកគេ នោះពួកគេអាចភ្ជាប់ការសិក្សារបស់ពួកគេទៅនឹងជីវិត និងស្ថានភាពរបស់ពួកគេ ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមលើការបង្កើតស្វ័យវាយតម្លៃអំពីគោលលទ្ធិ សេចក្តីពិត ឬគោលការណ៍ សូមមើល « បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្ស ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » នៅក្នុងផ្នែក ជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
សូមពិចារណាលើកទឹកចិត្តសិស្សដែលមិនមានអារម្មណ៍ថាពួកគេបានធ្វើការកែលម្អខាងវិញ្ញាណដើម្បីចងចាំថាព្រះអម្ចាស់នឹងជួយពួកគេ ។ សូមធានាដល់សិស្សថា ព្រះអម្ចាស់ស្រឡាញ់ពួកគេ ហើយអញ្ជើញពួកគេឲ្យអត់ធ្មត់ ហើយបន្តព្យាយាម ។
ពន្យល់ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
ដោយជាផ្នែកមួយនៃមេរៀនទី ១១៣ ៖ « បុព្វកថាទៅកាន់អេសាយ » សិស្សប្រហែលជាបានបង្កើតដ្យាក្រាមអំពីព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទរួចហើយ ។ ប្រសិនបើសិស្សរបស់អ្នកបានធ្វើដូចនេះ អ្នកអាចសុំឲ្យពួកគេពិនិត្យមើលដ្យាក្រាមរបស់ពួកគេ ហើយបន្ថែមព្រះបរមងារណាមួយដែលពួកគេបានរៀននាពេលថ្មីៗនេះ ។ បន្ទាប់មក អ្នកអាចឲ្យពួកគេពិភាក្សាអំពីសំណួរដែលមានដូចជាដ្យាក្រាមខាងក្រោម ។
ប្រសិនបើសិស្សរបស់អ្នកមិនបានធ្វើសកម្មភាពនេះទេ អ្នកអាចបង្ហាញដ្យាក្រាមខាងក្រោម ។ ស្នើឲ្យពួកគេចម្លងវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយផ្តល់ការណែនាំដូចខាងក្រោម ។ ផ្តល់ពេលឲ្យពួកគេស្វែងរកព្រះបរមងារបន្ថែម ដែលពួកគេប្រហែលជាបានសិក្សាថ្មីៗនេះនៅក្នុងព្រះគម្ពីរ ។
សរសេរ « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងកណ្ដាលរង្វង់ ។ សូមអាន អេសាយ ៧:១៤; ៩:៦–៧ ហើយសរសេរព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នករកឃើញនៅក្នុងរង្វង់ផ្សេងទៀត ។
-
តើព្រះបរមងារអ្វីផ្សេងទៀតដែលអ្នកបានរកឃើញថ្មីៗនេះ ? បន្ថែមព្រះបរមងារទាំងនេះទៅក្នុងដ្យាក្រាមរបស់អ្នក ។
វាអាចជាការល្អបំផុតក្នុងការបង្ហាញសំណួរទាំងនេះ ហើយឲ្យសិស្សឆ្លើយចម្លើយទាំងនោះដោយខ្លួនឯង ។ បន្ទាប់មក អ្នកអាចឲ្យសិស្សចែកចាយគំនិតរបស់ពួកគេជាក្រុមតូចៗ ឬជាមួយថ្នាក់ទាំងមូល ។
-
តាំងពីបានរៀនអំពីព្រះបរមងារ ឬតួនាទីទាំងនេះ តើការគិតអំពីព្រះយេស៊ូវតាមវិធីនេះបានជះឥទ្ធិពលដល់អ្នកយ៉ាងណា ?
-
តើស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការចងចាំព្រះបរមងារមួយក្នុងចំណោមព្រះបរមងារទាំងនេះរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកអាចធ្វើអ្វីខ្លះនៅថ្ងៃនេះ ដោយសារអ្នកដឹងអំពីព្រះបរមងារនេះអំពីព្រះយេស៊ូវគ្រីស្ទ ?
អ្នកក៏ប្រហែលជាចង់ចែកចាយព្រះបរមងារ ឬតួនាទីមួយដែលអ្នកចូលចិត្តអំពីព្រះយេស៊ូវគ្រីស្ទជាមួយសិស្សផងដែរ ។ ប្រាប់ពួកគេថាហេតុអ្វីបានជាព្រះបរមងារ ឬតួនាទីនោះសម្រាប់ទ្រង់មានអត្ថន័យពិសេសសម្រាប់អ្នក ។ សម្រាប់ព្រះបរមងារ ឬតួនាទីផ្សេងទៀត អ្នកអាចនឹងចង់ណែនាំសិស្សទៅកាន់ធនធានទាំងឡាយដែលមាននៅ The Names of Christ ( churchofjesuschrist.org ) ។
ត្រូវមានអារម្មណ៍ចង់យកឈ្នះលើអំពើបាបកាន់តែខ្លាំងឡើងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាបង្ហាញរូបភាពខាងក្រោម ដែលសិស្សប្រហែលជាបានឃើញនៅពេលពួកគេសិក្សា អេសាយ ១ ។ សូមឲ្យពួកគេចែកចាយនូវអ្វីដែលរូបភាពនោះបង្រៀនពួកគេអំពីការប្រែចិត្ត និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សឲ្យពិនិត្យមើល អេសាយ ១:១៨ ជាការរំឭក ។
បន្ទាប់ពីសិស្សចែកចាយហើយ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀនពីមេរៀនទី ១១៤ ៖ « អេសាយ ១ » ។
ប្រសិនបើយើងប្រែចិត្តដោយស្មោះស្ម័គ្រ នោះព្រះយេស៊ូវគ្រីស្ទនឹងសម្អាតយើងពីអំពើបាបរបស់យើង ។
បន្ទាប់មកបង្ហាញ ឬអានកថាខណ្ឌខាងក្រោម ហើយអញ្ជើញសិស្សឲ្យបញ្ចប់សកម្មភាព ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមានអារម្មណ៍ថា ព្រះអម្ចាស់មិនអាចអភ័យទោសឲ្យឡើយ ។ សូមសរសេរសំបុត្រទៅមិត្តភក្តិរូបនោះ ដោយចែកចាយអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍អំពីព្រះអង្គសង្គ្រោះ និងការប្រែចិត្ត ។ ត្រូវប្រាកដថា ប្រើខគម្ពីរដែលអ្នកបានសិក្សាថ្មីៗនេះ ។ ឧទាហរណ៍មួយចំនួនអាចរួមមាន អេសាយ ១:១៨, អេសាយ ៥៣:៣–៥ និងយេរេមា ៣:១២–១៥ ។
អ្នកអាចលើកទឹកចិត្តសិស្សឲ្យពិនិត្យមើលកំណត់ចំណាំណាមួយដែលពួកគេមានអំពីវគ្គបទគម្ពីរទាំងនេះ ហើយរួមបញ្ចូលនូវអ្វីដែលពួកគេបានរៀនជាក់លាក់នៅក្នុងសំបុត្ររបស់ពួកគេ ។ ពួកគេក៏អាចពិចារណានូវអ្វីដែលពួកគេបានរៀន ឬទទួលអារម្មណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះផងដែរ នៅពេលពួកគេបានពិចារណាអំពីព្រះសមត្ថភាព និងឆន្ទៈរបស់ព្រះអង្គសង្គ្រោះក្នុងការអភ័យទោសដល់យើង នៅពេលយើងប្រែចិត្ត ។