« បុព្វកថាទៅកាន់អេសាយ ៖ ‹ ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« បុព្វកថាទៅកាន់អេសាយ ៖ ‹ ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ១–១២ ៖ មេរៀនទី ១១៣
បុព្វកថាទៅកាន់អេសាយ
« ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា »
ព្យាការីអេសាយមានការទទួលខុសត្រូវដ៏សំខាន់ក្នុងការបង្រៀនអំពីការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សារលិខិតនេះត្រូវបានបម្រុងទុកសម្រាប់មនុស្សនៅសម័យអេសាយ ក៏ដូចជាសម្រាប់យើងនៅសម័យយើងដែរ ។ វាមានតម្លៃដើម្បីខិតខំសិក្សាដោយឧស្សាហ៍ព្យាយាមនូវការបង្រៀនរបស់អេសាយអំពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សទទួលការជំរុញចិត្តដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាអេសាយ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមកថ្នាក់ដោយបានត្រៀមខ្លួនដើម្បីចែកចាយការពិតដ៏សំខាន់មួយអំពីអេសាយ ។ ពួកគេអាចរកមើលពីអេសាយនៅក្នុង Bible Dictionary ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការណែនាំពីសៀវភៅមួយ
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យដាក់វាតាមលំដាប់ពីទំនងបំផុតទៅទំនងតិចបំផុតដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យអានសៀវភៅជាក់លាក់មួយ ។
-
មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់
-
ត្រូវបានណែនាំដោយសមាជិកគ្រួសារ ឬមិត្តភក្តិ
-
ត្រូវបានចាត់តាំងសម្រាប់ថ្នាក់នៅសាលារៀន
-
មានការបញ្ចេញមតិល្អៗលើអនឡាញ
អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលជាមូលហេតុចម្បងរបស់ពួកគេ និងហេតុអ្វី ។
សូមអាន នីហ្វៃទី៣ ២៣:១–៣ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានអញ្ជើញយើងឲ្យសិក្សា ។
-
តើអ្នកមានគំនិតអ្វីខ្លះអំពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះដើម្បីស្វែងរកពាក្យពេចន៍របស់អេសាយដោយឧស្សាហ៍ព្យាយាម ?
-
តើបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះអាចមានឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលអ្នកសិក្សាអេសាយ ?
អ្នកអាចនឹងសុំសិស្សឲ្យបង្ហាញពីទំនុកចិត្តរបស់ពួកគេចំពោះសមត្ថភាពរបស់ពួកគេដើម្បីសិក្សាពាក្យពេចន៍របស់អេសាយដោយឧស្សាហ៍ព្យាយាម ។ របៀបមួយដើម្បីធ្វើបែបនេះគឺដាក់ស្លាកជញ្ជាំងមួយក្នុងថ្នាក់រៀនថា « មានទំនុកចិត្តខ្លាំងណាស់ » និងជញ្ជាំងមួយទៀតថា « មិនសូវមានទំនុកចិត្តខ្លាំងទេ » ។ អញ្ជើញសិស្សឲ្យឈរនៅចន្លោះជញ្ជាំងទាំងពីរនោះ ស្របតាមកម្រិតទំនុកចិត្តរបស់ពួកគេ ។ សិស្សដែលស្ម័គ្រចិត្តអាចពន្យល់ពីកម្រិតនៃទំនុកចិត្តរបស់ពួកគេ ។
សូមចែកចាយជាមួយសិស្សថា ព្រះវិញ្ញាណបរិសុទ្ធអាចជួយពួកគេឲ្យមានទំនុកចិត្តថា ការបង្រៀនរបស់អេសាយអាចជួយពួកគេចូលមកជិតព្រះយេស៊ូវគ្រីស្ទ ។
តើមានប្រយោជន៍អ្វីខ្លះដើម្បីដឹងអំពីព្យាការីអេសាយ ?
ដើម្បីជួយសិស្សឲ្យទទួលបានការយល់ដឹងមួយចំនួនអំពីព្យាការីអេសាយ សូមពិចារណាអំពីការបង្ហាញក្រាហ្វិកព័ត៌មាន « The Kingdoms of Israel and Judah at a Glance » ។ សូមអញ្ជើញសិស្សឲ្យស្វែងរកអេសាយ ។
អ្នកអាចសុំឲ្យសិស្សស្វែងរកចម្លើយចំពោះសំណួរខាងក្រោមនៅក្នុងក្រាហ្វិកព័ត៌មាន ៖
-
តើអេសាយរស់នៅក្នុងនគរអ្វី ? ( យូដា )
-
តើពួកព្យាការីផ្សេងទៀតបានផ្សព្វផ្សាយនៅពេលប្រហាក់ប្រហែលគ្នានឹងអេសាយអ្វីខ្លះ ? ( មីកា, ហូសេ, យ៉ូណាស )
-
តើព្រឹត្តិការណ៍សំខាន់អ្វីបានកើតឡើងប្រហែលមួយសតវត្សបន្ទាប់ពីអេសាយព្យាករពីវា ? ( យូដាត្រូវបាប៊ីឡូនចាប់ជាឈ្លើយ )
សម្រាប់ព័ត៌មានបន្ថែម សូមមើលអត្ថបទ « អេសាយ » នៅក្នុង Bible Dictionary ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីផ្សេងទៀតដែលពួកគេបានរៀនអំពីអេសាយក្នុងការរៀបចំសិស្សរបស់ពួកគេ ។
អាន ឬសង្ខេបកថាខណ្ឌខាងក្រោម ។
ក្នុងជីវិតរបស់លោក ព្យាការីអេសាយបានផ្សព្វផ្សាយដល់មនុស្សដែលបានងាកចេញពីជំនឿលើព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) ។ សារលិខិតរបស់អេសាយចំពោះពួកគេត្រូវបានឆ្លុះបញ្ចាំងក្នុងនាមរបស់លោកផ្ទាល់ ដែលមានន័យថា « ព្រះអម្ចាស់គឺជាសេចក្ដីសង្គ្រោះ » ។ ការបង្រៀនរបស់អេសាយក៏អនុវត្តចំពោះសម័យកាលផ្សេងទៀតដែលមនុស្សនឹងងាកចេញពីព្រះយេស៊ូវគ្រីស្ទផងដែរ—ដូចជាសម័យរបស់ព្រះគ្រីស្ទ និងសម័យបច្ចុប្បន្ននេះ នៅពេលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។
ពាក្យពេចន៍របស់អេសាយអាចជួយឲ្យយើងកាន់តែជឿទាំងស្រុងលើព្រះយេស៊ូវគ្រីស្ទ
សិស្សប្រហែលជាចាប់អារម្មណ៍ដើម្បីដឹងថា « ព្រះយេស៊ូវទ្រង់តែងតែស្រង់ពាក្យអេសាយជាងព្យាការីណាៗទាំងអស់ ។ ពេត្រុស យ៉ូហាន និងប៉ុល នៅក្នុងព្រះគម្ពីរសញ្ញាថ្មីក៏តែងតែដកស្រង់ពាក្យពេចន៍របស់អេសាយផងដែរ ។ ព្រះគម្ពីរមរមន និងគោលលទ្ធិ និងសេចក្ដីសញ្ញា មានសម្រង់ពីអេសាយច្រើនជាងសម្រង់ពីព្យាការីណាៗទាំងអស់ ហើយផ្ដល់នូវជំនួយ ក្នុងការបកស្រាយពាក្យពេចន៍របស់អេសាយ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អេសាយ » នៅលើបណ្ណាល័យដំណឹងល្អ ) ។
សូមអាន នីហ្វៃទី១ ១៩:២៣ ដោយរកមើលពីមូលហេតុដែលនីហ្វៃអានពាក្យពេចន៍របស់អេសាយទៅកាន់បងប្អូនរបស់លោក ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
ប្រសិនបើសិស្សមិនបានចង្អុលបង្ហាញទេ សូមជួយពួកគេឲ្យយល់ពីសេចក្តីពិតនេះ ៖ ការសិក្សាពាក្យពេចន៍របស់អេសាយអាចជួយយើងឲ្យកាន់តែជឿលើព្រះយេស៊ូវគ្រីស្ទទាំងស្រុង ។
ការណ៍នេះអាចជាឱកាសដ៏ល្អសម្រាប់សិស្សដើម្បីជញ្ជឹងគិតអំពីតម្លៃនៃការមកស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់តាមរយៈពាក្យពេចន៍របស់អេសាយ ។ របៀបមួយដែលអ្នកអាចធ្វើការណ៍នេះគឺត្រូវអញ្ជើញសិស្សឲ្យបំពេញប្រយោគខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ៖ « ការជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ អាចជះឥទ្ធិពលលើជីវិតរបស់ខ្ញុំដោយ … » សិស្សអាចមានឱកាសសរសេរ អ្នកអាចអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានសរសេរជាមួយសិស្សក្នុងថ្នាក់ ។ សូមចងចាំដើម្បីថ្លែងអំណរគុណចំពោះសិស្សម្នាក់ៗដែលបានចែកចាយ ។
ជម្រើសមួយផ្សេងទៀត ជាជាងឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ហេតុ នោះអ្នកអាចអញ្ជើញសិស្សឲ្យងាកទៅរកដៃគូ ហើយចែកចាយគំនិតរបស់ពួកគេ ។
ព្រះនាម និងព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ
សូមជួយសិស្សយល់ថា របៀបមួយក្នុងចំណោមរបៀបដែលអេសាយនាំយើងឲ្យកាន់តែជឿទាំងស្រុងលើព្រះយេស៊ូវគ្រីស្ទ គឺដោយការបង្រៀនអំពីព្រះបរមងារ និងតួនាទីរបស់ទ្រង់ ។ របៀបមួយដើម្បីសិក្សាព្រះបរមងារ និងតួនាទីទាំងនេះគឺត្រូវប្រើដ្យាក្រាម ។ អ្នកអាចគូរដ្យាក្រាមខាងក្រោមនៅលើក្ដារខៀន ។ ឬរៀបចំសិស្សជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យគូរវានៅលើក្រដាសមួយសន្លឹក ។ សរសេរ « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងកណ្ដាលរង្វង់ ។ បន្ទាប់មក អាចអញ្ជើញសិស្សឲ្យសរសេរព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពួកគេរកឃើញនៅក្នុងរង្វង់ផ្សេងទៀត ។
សូមអានខគម្ពីរខាងក្រោម ហើយស្វែងរក និងពិចារណាគូសចំណាំព្រះបរមងារ ឬតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
អេសាយ ៧:១៤
-
អេសាយ ៩:៦–៧
-
អេសាយ ៣៣:២២
-
អេសាយ ៤០:២៨
បន្ទាប់ពីសិស្សបានអានរួចហើយ អ្នកអាចដាក់បង្ហាញរូបភាពមួយចំនួន ព្រះយេស៊ូវគ្រីស្ទ ដែលបានជ្រើសរើសពីបណ្ណាល័យ media library របស់សាសនាចក្រ ។ បន្ទាប់មក សិស្សអាចចែកចាយព្រះបរមងារ ឬតួនាទីអ្វីដែលពួកគេមើលឃើញថាត្រូវបានបំពេញក្នុងរូបភាពនេះ ។
សូមពិចារណាអញ្ជើញសមាជិកក្រុមឲ្យជ្រើសរើសព្រះបរមងារ ឬតួនាទី ហើយស្វែងយល់បន្ថែមអំពីវាដោយប្រើលេខយោង ឬរកមើល « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។ អ្នកអាចអញ្ជើញសិស្សឲ្យបន្ថែមទៅក្នុងដ្យាក្រាមដោយបង្កើតរង្វង់ចេញពីព្រះបរមងារ ឬតួនាទីដែលពួកគេផ្តោតលើ ។ ពួកគេអាចរាយបញ្ជីការយល់ដឹងដែលពួកគេបានរៀនអំពីព្រះបរមងារ ឬតួនាទីនោះ ។ ( ចំណាំ៖ សកម្មភាពនេះនឹងយោងទៅក្នុង មេរៀនទី ១៣៣ ៖ « វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨ » ) ។
អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេរៀនអំពីព្រះអង្គសង្គ្រោះជាមួយនឹងក្រុមរបស់ពួកគេ ។
-
ហេតុអ្វីបានជាអ្នកត្រូវការព្រះអង្គសង្គ្រោះដើម្បីបំពេញតួនាទីមួយ ឬច្រើនក្នុងជីវិតរបស់អ្នក ?
-
តើអ្នកបានឃើញព្រះអង្គសង្រ្គោះបំពេញតួនាទីទាំងនេះនៅក្នុងជីវិតរបស់អ្នក ឬជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ដោយរបៀបណា ?