« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៤ ៖ ជនគណនា–ពួកចៅហ្វាយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៤ ៖ ជនគណនា–ពួកចៅហ្វាយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ មេរៀនទី ៦៧
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៤
ជនគណនា–ពួកចៅហ្វាយ
ការគិតពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យគិតពិចារណាពីគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍ក្នុងអំឡុងពេលសិក្សាថ្មីៗរបស់ពួកគេអំពីព្រះគម្ពីរសញ្ញាចាស់ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យត្រៀមខ្លួនចែកចាយអ្វីដែលពួកគេបានរៀន ឬវិធីដែលពួកគេបានរីកចម្រើនខាងវិញ្ញាណ ចាប់តាំងពីការចាប់ផ្តើមការសិក្សាព្រះគម្ពីរសញ្ញាចាស់នៅក្នុងឆ្នាំនេះ ។ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេពិនិត្យមើលកំណត់ហេតុការសិក្សារបស់ពួកគេឡើងវិញ ឬកំណត់ចំណាំរបស់ពួកគេនៅក្នុងព្រះគម្ពីររបស់ពួកគេ ដើម្បីជួយពួកគេឲ្យមើលឃើញពីការរៀនសូត្រ និងការរីកចម្រើនរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសិក្សាក្នុងថ្នាក់របស់អ្នកអំពីព្រះគម្ពីរសញ្ញាចាស់អាចផ្តោតទៅលើលទ្ធផលផ្សេងគ្នាជាងអ្វីដែលបានវាយតម្លៃនៅក្នុងមេរៀននេះ ។ បើដូច្នេះ សូមបត់បែនសកម្មភាពនេះដើម្បីវាយតម្លៃពីការរីកចម្រើនដែលសិស្សបានដកពិសោធន៍ចេញពីលទ្ធផលដែលពួកគេផ្តោតលើក្នុងថ្នាក់របស់អ្នក ។
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសវាយតម្លៃការរីកចម្រើនរបស់ពួកគេនៅក្នុង ៖
-
ការពន្យល់អំពីប្រភេទ ឬនិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ ។ ( ចំណាំ ៖ សកម្មភាពនេះទាក់ទងនឹងមេរៀនផ្សេងៗក្នុងព្រះគម្ពីរសញ្ញាចាស់ រួមទាំងមេរៀនទី ៥៧ ៖ « ជនគណនា ២១ » ) ផងដែរ ។
-
ការមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីស្រឡាញ់ព្រះអម្ចាស់អស់ពីដួងចិត្ត ។ ( ចំណាំ ៖ សកម្មភាពនេះទាក់ទងនឹងអ្វីដែលសិស្សបានធ្វើនៅក្នុងមេរៀនទី ៥៨ ៖ « ចោទិយកថា ៦:១–៦ » ) ។
-
ការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ( ចំណាំ ៖ សកម្មភាពនេះទាក់ទងនឹងអ្វីដែលសិស្សបានធ្វើនៅក្នុងមេរៀនទី ៤៩ ៖ « និក្ខមនំ ២០:១–១១ » មេរៀនទី ៥៨ ៖ « ចោទិយកថា ៦:១–៦ » មេរៀនទី ៥៩ ៖ « ចោទិយកថា ៦:៦-២៥; ៧:១-២៦; ៨:១-២០ »និងមេរៀនទី ៦០ ៖ « ចោទិយកថា ១៥ » ) ។
សារៈសំខាន់នៃទិសដៅរបស់យើងជាជាងល្បឿនលឿន
ដើម្បីជួយសិស្សត្រៀមខ្លួនដើម្បីពិភាក្សាអំពីសារៈសំខាន់នៃការលូតលាស់ខាងវិញ្ញាណ សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីសំណួរខាងក្រោមទាំងក្នុងថ្នាក់ ឬជាក្រុមតូចៗ ៖
-
តើមានគំរូអ្វីខ្លះនៅក្នុងកីឡា ឬជីវិតដែលទិសដៅអ្នកកំពុងឆ្ពោះទៅមុខសំខាន់ជាងល្បឿនរបស់អ្នក ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោម ហើយអញ្ជើញសិស្សឲ្យរកមើលពីសារៈសំខាន់នៃទិសដៅ នៅពេលនិយាយអំពីការរីកចម្រើនខាងវិញ្ញាណ ។
អែលឌើរ លែរី អរ ឡរិន នៃពួកចិតសិបនាក់ បានបង្រៀនអំពីការរីកចម្រើនខាងវិញ្ញាណរបស់យើង ។
ព្រះវរបិតាសួគ៌របស់យើងជ្រាបដឹងពីសក្តានុពលដ៏ទេវភាពរបស់យើង ។ ទ្រង់សព្វព្រះទ័យគ្រប់ពេលដែលយើងរីកចម្រើន ។ ចំពោះទ្រង់ ទិសដៅរបស់យើងគឺមានសារៈសំខាន់ជាងល្បឿនរបស់យើងទៅទៀត ។
បងប្អូនប្រុសស្រីអើយ សូមបន្តទៅមុខ ប៉ុន្តែសូមកុំបាក់ទឹកចិត្តឡើយ ។ ( « What Lack I Yet? » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៣៥ )
-
ហេតុអ្វីបានជាអ្នកគិតថាទិសដៅនៃការរីកចម្រើនខាងវិញ្ញាណរបស់យើងមានសារៈសំខាន់ចំពោះព្រះវរបិតាសួគ៌ជាងល្បឿនរបស់យើង ?
វាអាចជាការលំបាកសម្រាប់សិស្សមួយចំនួនក្នុងការស្គាល់ការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។ សូមពន្យល់ថា ការពិចារណាពីអតីតកាលរបស់យើង ប្រៀបធៀបនឹងការរីកចម្រើនរបស់យើងបច្ចុប្បន្ន—ទោះបីជាការរីកចម្រើនរបស់យើងតិចតួចក៏ដោយ—ក៏អាចជួយយើងឲ្យស្គាល់ការរីកចម្រើនខាងវិញ្ញាណផងដែរ ។ សិស្សអាចនឹកឃើញពីអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះ ទម្លាប់សុចរិតដែលពួកគេកំពុងអភិវឌ្ឍ ឬរបៀបដែលពួកគេកំពុងព្យាយាមដើម្បីរស់នៅដូចជាព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលសៀវភៅកំណត់ហេតុការសិក្សា ឬកំណត់ចំណាំនៅក្នុងព្រះគម្ពីររបស់ពួកគេឡើងវិញ ។ ពួកគេអាចស្វែងរកអ្វីដែលពួកគេបានសរសេរអំពីព្រះអង្គសង្គ្រោះ ចំណាប់អារម្មណ៍ ឬការយល់ដឹងខាងវិញ្ញាណ ឬផែនការណាមួយដែលពួកគេចង់ធ្វើ ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកបានសង្កេតឃើញពីការរីកចម្រើន ឬការរីកចម្រើនក្នុងការខិតខំរបស់អ្នកដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទចាប់តាំងពីដើមឆ្នាំសិក្សាយ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀន ឬអនុវត្តអ្វីខ្លះពីការសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នក ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
នៅពេលអ្នកវាយតម្លៃការរៀនសូត្ររបស់អ្នកនៅថ្ងៃនេះ សូមបើកចិត្តទទួលចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់ពីការរីកចម្រើនខាងវិញ្ញាណរបស់អ្នកក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ—ទោះបីជាការគ្រាន់តែបោះជំហានទៅមុខមួយជំហានក៏ដោយ ។
ពន្យល់អំពីប្រភេទ ឬនិមិត្តរូបនៃព្រះយេស៊ូវគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ ។
សូមផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីអនុវត្តការពន្យល់ពីរបៀបដែលប្រភេទ ឬនិមិត្តរូបមួយចំនួនដែលពួកគេបានសិក្សានាពេលថ្មីៗនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានចង្អុលបង្ហាញយើងឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសេ ៦:៦៣ ) ។
របៀបមួយដើម្បីធ្វើការណ៍នេះអាចជាការបង្ហាញរូបភាពខាងក្រោម ហើយសួរសិស្សអំពីអ្វីដែលពួកគេចងចាំអំពីដំណើររឿងនេះនៅក្នុងព្រះគម្ពីរ ។ ប្រសិនបើសិស្សត្រូវការជំនួយ អ្នកអាចឲ្យពួកគេអាន ជនគណនា ២១:៤–៩ ។ បន្ទាប់មក សិស្សអាចអនុវត្តការពន្យល់ពីរបៀបដែលនិមិត្តរូបនេះចង្អុលបង្ហាញពីគំនិតរបស់យើងចំពោះតួនាទី និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ដោយពិភាក្សាអំពីចម្លើយរបស់ពួកគេចំពោះសំណួរពីរខាងក្រោម ៖
-
តើនិមិត្តរូបនៃពស់លង្ហិននៅលើបង្គោលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើព្រះយេស៊ូវគ្រីស្ទបំពេញតួនាទីដូចគ្នានេះនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
សិស្សអាចចង្អុលបង្ហាញថា ព្រះអង្គសង្គ្រោះមានព្រះចេស្ដាប្រោសយើងឲ្យជាមិនត្រឹមតែជំងឺផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រោសឲ្យជានូវឧបសគ្គខាងវិញ្ញាណផងដែរ ដូចជាការមិនជឿ ឬភាពរឹងរូសជាដើម ។ ប្រសិនបើមានប្រយោជន៍ សូមរំឭកសិស្សថាក្នុងមេរៀនទី ៥៧ ៖ « ជនគណនា ២១ » ពួកគេបានដឹងថា និមិត្តរូបនៃពស់លង្ហិនអាចបង្រៀនយើងថា នៅពេលយើងសម្លឹងទៅរកព្រះអង្គសង្គ្រោះដោយសេចក្ដីជំនឿ ទ្រង់នឹងប្រោសយើងឲ្យជា ។
អ្នកអាចផ្តល់ឲ្យសិស្សនូវឱកាសមួយផ្សេងទៀត ដើម្បីអនុវត្តការពន្យល់អំពីនិមិត្តរូបផ្សេងទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលចង្អុលបង្ហាញពីគំនិតរបស់យើងចំពោះតួនាទី និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ ផ្នែកដែលនៅសេសសល់នេះ ពិភាក្សាអំពីរបៀបដែលអ្នកអាចធ្វើការណ៍នេះបាន ។
-
តើអ្វីជាប្រភេទ ឬនិមិត្តរូបផ្សេងទៀតនៃព្រះយេស៊ូវគ្រីស្ទ ដែលអ្នកនឹកឃើញពីការសិក្សាព្រះគម្ពីរសញ្ញាចាស់របស់អ្នក ?
សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ សិស្សអាចនិយាយពីការបូជាសត្វ ( សូមមើល ម៉ូសេ ៥:៥–៧; លេវីវិន័យ ១ ) អ័ប្រាហាំ និងអ៊ីសាក ( សូមមើល លោកុប្បត្តិ ២២:១–១៩ ) និមិត្តរូបពីបុណ្យរំលង ( សូមមើល និក្ខមនំ ១២ ) ទឹក ( សូមមើល និក្ខមនំ ១៥:២៣–២៦; ១៧:១–៦ ) នំម៉ាន៉ា ( សូមមើល និក្ខមនំ ១៦ ) ពួកចៅហ្វាយ ឬពួកជួយសង្រ្គោះ ( សូមមើល ពួកចៅហ្វាយ ៣:៩ ) ឬផ្សេងទៀត ។
សូមអញ្ជើញសិស្សឲ្យពន្យល់ពីរបៀបដែលការយល់ដឹងអំពីប្រភេទ និងនិមិត្តរូបទាំងនេះរបស់ព្រះអង្គសង្គ្រោះអាចជួយយើងនៅថ្ងៃនេះ ។ ដើម្បីធ្វើដូច្នេះ សូមបង្ហាញការណែនាំខាងក្រោម ហើយអញ្ជើញសិស្សឲ្យធ្វើការជាមួយដៃគូ ។
ជ្រើសរើសប្រភេទ ឬនិមិត្តរូបណាមួយនៃព្រះយេស៊ូវគ្រីស្ទពីព្រះគម្ពីរសញ្ញាចាស់ ហើយពន្យល់ដូចតទៅនេះ ៖
-
អ្វីដែលប្រភេទ ឬនិមិត្តរូបនោះបានបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
របៀបដែលព្រះយេស៊ូវគ្រីស្ទបំពេញតួនាទីដូចគ្នានៅក្នុងជីវិតរបស់យើង ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេជាមួយដៃគូផ្សេងទៀត ឬជាមួយមិត្តរួមថ្នាក់ ។
មានមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីស្រឡាញ់ព្រះអម្ចាស់អស់ពីដួងចិត្ត ។
ដើម្បីជួយសិស្សឲ្យគិតពិចារណាអំពីបំណងប្រាថ្នាបច្ចុប្បន្នរបស់ពួកគេក្នុងការស្រឡាញ់ព្រះអម្ចាស់អស់ពីដួងចិត្ត សូមពិចារណាគូររូបបេះដូងនៅលើក្ដារខៀនដូចខាងក្រោម ។ សូមកុំទាន់គូរបន្ទាត់ ឬបំពេញផ្នែកមួយនៃបេះដូងឡើយ ។ ចាប់ផ្តើមផ្នែកនេះដោយជួយសិស្សឲ្យគិតថាតើពួកគេស្រឡាញ់វត្ថុ ឬមនុស្សក្នុងជីវិតរបស់ពួកគេកម្រិតណា ។ ខាងក្រោមនេះគឺជារបៀបមួយដែលអ្នកអាចដោះស្រាយការណ៍នេះបាន ៖
-
តើមានវត្ថុអ្វីខ្លះ ឬអ្នកណាខ្លះដែលអ្នកស្រឡាញ់ ? តើមានរបៀបណាខ្លះដែលអ្នកអាចបញ្ជាក់ថាអ្នកស្រឡាញ់ពួកគេខ្លាំងកម្រិតណា ?
អ្នកអាចជ្រើសរើសសិស្សដែលបានចែកចាយអំពីអ្វីដែលពួកគេស្រឡាញ់ ។ អ្នកអាចសុំពួកគេមកកាន់ក្ដារខៀន ហើយគូសបន្ទាត់លើរូបបេះដូងដែលបង្ហាញថាពួកគេស្រឡាញ់វត្ថុនោះខ្លាំងកម្រិតណា ។ ចៀសវាងការឲ្យពួកគេចែកចាយបរិមាណនៃសេចក្តីស្រឡាញ់របស់ពួកគេចំពោះបុគ្គលម្នាក់ៗ ។
សូមអាន ចោទិយកថា ៦:៤–៦ ដោយរកមើលពីរបៀបដែលយើងគួរតែស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកអាចបញ្ជាក់ការណ៍នេះនៅលើរូបបេះដូងដោយរបៀបណា ?
អាស្រ័យលើអ្វីដែលសិស្សនិយាយ អ្នកអាចបំពេញរូបបេះដូងដែលនៅមិនទាន់បំពេញ ។
នៅក្នុងមេរៀនទី ៥៨ ៖ « ចោទិយកថា ៦:១–៦ » សិស្សត្រូវបានអញ្ជើញឲ្យពិភាក្សាអំពីរបៀបដែលបុគ្គលម្នាក់ៗក្នុងស្ថានភាពផ្សេងៗអាចបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះ ។ សូមរំឭកសិស្សពីកិច្ចពិភាក្សាមុននេះ បើអាចអនុវត្តបាន ។
តើចំណុចមួយណាខាងក្រោមដែលបានជះឥទ្ធិពលដល់សេចក្តីស្រឡាញ់របស់អ្នកនាពេលថ្មីៗនេះចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖
-
បទពិសោធន៍ពីជីវិតរបស់អ្នក ឬជីវិតអ្នកដទៃ ?
-
បទគម្ពីរដែលអ្នកបានសិក្សាជាលក្ខណៈបុគ្គលជាមួយក្រុមគ្រួសាររបស់អ្នក ក្នុងព្រះវិហារ ឬក្នុងថ្នាក់សិក្ខាសាលានាពេលថ្មីៗនេះ ?
អ្នកអាចអញ្ជើញសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យឡើងចែកចាយ ។ ដើម្បីជួយសិស្សឲ្យវាយតម្លៃពីបំណងប្រាថ្នាបច្ចុប្បន្នរបស់ពួកគេក្នុងការស្រឡាញ់ព្រះអម្ចាស់អស់ពីដួងចិត្ត អ្នកអាចឲ្យពួកគេគូរបេះដូងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយបង្ហាញនៅក្នុងបេះដូងពីរបៀបដែលពួកគេកំពុងស្រឡាញ់ព្រះដោយអស់ពីដួងចិត្តនាពេលបច្ចុប្បន្ននេះ ។ ពួកគេអាចជញ្ជឹងគិតអំពីសំណួរខាងក្រោមដើម្បីជួយពួកគេ ។
សូមជញ្ជឹងគិតពីអារម្មណ៍បច្ចុប្បន្នរបស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជាមួយនឹងសំណួរទាំងនេះ ៖
-
ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ តើអ្នកមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកើនឡើង ថយចុះ ឬនៅដដែលទេ ?
-
តើអ្វីបានជះឥទ្ធិពលដល់របៀបដែលអ្នកមានអារម្មណ៍ចំពោះទ្រង់ទាំងទ្វេក្នុងពេលបច្ចុប្បន្ន ?
-
តើអ្នកអាចខិតខំស្រឡាញ់ទ្រង់ទាំងទ្វេដោយអស់ពីដួងចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នកយ៉ាងដូចម្ដេច ?
គោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់
ក្នុងអំឡុងពេលសិក្សាថ្មីៗរបស់ពួកគេអំពីព្រះគម្ពីរសញ្ញាចាស់ សិស្សប្រហែលជាបានរៀនអំពីបញ្ញត្តិមួយចំនួនរបស់ព្រះ ។ ដើម្បីជួយសិស្សវាយតម្លៃការខិតខំរបស់ពួកគេក្នុងការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ សូមពិចារណាគូរលេខ ១ ដ៏ធំមួយនៅលើក្ដារខៀន ។ លេខ ១ នេះអាចតំណាងឲ្យបំណងប្រាថ្នារបស់ពួកគេក្នុងការដាក់ព្រះជាអាទិភាពក្នុងជីវិតរបស់ពួកគេ ដោយការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
សិស្សប្រហែលជាបានគូរលេខ ១ ក្នុងមេរៀនទី ៤៩ ៖ « និក្ខមនំ ២០:១–១១ » ហើយបានសរសេរផែនការមួយសម្រាប់គោរពតាមបទបញ្ញត្តិមួយរបស់ព្រះនៅជិតលេខ ១ នេះក្នុងសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។ បើដូច្នេះមែន សូមអញ្ជើញសិស្សឲ្យពិនិត្យមើលផែនការរបស់ពួកគេឡើងវិញ ។
ប្រសិនបើសិស្សមិនបានគូររូបនេះមុនទេ ឬបង្កើតផែនការទេ សូមពិចារណាអញ្ជើញពួកគេឲ្យធ្វើដូច្នេះឥឡូវនេះ ។
សូមគិតពិចារណាពីការរីកចម្រើនរបស់អ្នកដោយឆ្លើយតបទៅនឹងសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើការខិតខំរបស់អ្នកក្នុងការគោរពតាមបទបញ្ញត្តិនេះទៅជាយ៉ាងណាដែរ ? តើពរជ័យ ការរីកចម្រើន ឧបសគ្គ ឬការតស៊ូអ្វីខ្លះដែលអ្នកបានកត់សម្គាល់ឃើញ ?
-
តើអ្នកមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះយ៉ាងណា ពេលអ្នកបានព្យាយាមគោរពតាមបទបញ្ញត្តិនេះ ? ឬតើអ្នកអាចនឹងមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់កាន់តែខ្លាំងឡើងនៅពេលអ្នកព្យាយាមគោរពតាមបទបញ្ញត្តិនោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យបន្តខិតខំដើម្បីដាក់ព្រះជាអាទិភាពក្នុងជីវិតរបស់ពួកគេ ។ សិស្សក៏អាចគូរលេខ ១ ថ្មី ហើយសរសេរនៅខាងក្នុង ឬនៅជិតលេខនោះនូវបទបញ្ញត្តិថ្មីមួយដែលពួកគេចង់ផ្តោតលើនោះ ។
សូមរំឭកសិស្សថា ទិសដៅខាងវិញ្ញាណដែលពួកគេកំពុងធ្វើគឺមានសារៈសំខាន់ចំពោះព្រះវរបិតាសួគ៌ជាជាងល្បឿនរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីជំនួយរបស់ទ្រង់ ហើយលើកទឹកចិត្តពួកគេឲ្យបន្តឆ្ពោះទៅមុខលើមាគ៌ាសេចក្ដីសញ្ញា ទោះបីជាការរីកចម្រើនរបស់ពួកគេហាក់ដូចជាយឺតក៏ដោយ ។