« ជនគណនា ២១ ៖ មើលទៅព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ជនគណនា ២១ ៖ មើលទៅព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជនគណនា ១១–១៤; ២០–២៤; ២៧ ៖ មេរៀនទី ៥៧
ជនគណនា ២១
មើលទៅព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿ
កាលកូនចៅអ៊ីស្រាអែលដើរកាត់វាលរហោស្ថាន ពួកគេបានត្អូញត្អែរទាស់នឹងព្រះអម្ចាស់ ។ ជាការឆ្លើយតប ទ្រង់បានបញ្ជូនពស់ភ្លើងដ៏កំណាចទៅក្នុងចំណោមពួកគេ ។ បន្ទាប់មក ទ្រង់បានបង្គាប់ម៉ូសេឲ្យដាក់រូបពស់លង្ហិនមួយភ្ជាប់នៅលើបង្គោល ជានិមិត្តរូបនៃព្រះអង្គសង្រ្គោះ ហើយបានសន្យាថា អ្នកណាដែលមើលរូបពស់លង្ហិនលើបង្គោលនោះនឹងបានជាសះស្បើយ ។ មេរៀននេះអាចជួយសិស្សមើលទៅព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីជំនឿ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យអាន ជនគណនា ២១:៧–៩ និង អាលម៉ា ៣៣:១៨–២១ ដោយរកមើលអ្វីដែលយើងអាចរៀនពីដំណើររឿងនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ សូមលើកទឹកចិត្តពួកគេឲ្យត្រៀមខ្លួនចែកចាយអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពស់ចឹក
សូមពិចារណាចាប់ផ្ដើមថ្នាក់ដោយការបង្ហាញរូបភាពនៃសត្វពស់មួយក្បាល ។
-
តើអ្នកគិតថាវាមានសភាពយ៉ាងណាដែលត្រូវពស់ពិសចឹកនោះ ?
ជួយសិស្សឲ្យយល់ថាកាលដែលពស់ពិសចឹកអាចបណ្តាលឲ្យហើម ពងបែក ការឈឺចាប់ធ្ងន់ធ្ងរ និងជំងឺ ។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យស្លាប់ ។
-
តើមនុស្សមានប្រតិកម្មខុសៗគ្នាអ្វីខ្លះបន្ទាប់ពីត្រូវបានចឹក ?
ចម្លើយដែលអាចមានមួយចំនួនគឺ ៖ ភ័យស្លន់ស្លោ ស្វែងរកការសងសឹកជាមួយពស់ ហើយសម្លាប់វា រង់ចាំមើលថាតើរាងកាយរបស់ពួកគេមានប្រតិកម្មយ៉ាងណាចំពោះការចឹកនោះ ឬទទួលបានជំនួយភ្លាមៗ ។
នៅជិតពស់ សូមសរសេរថា អំពើបាប ។ សូមអញ្ជើញសិស្សឲ្យប្រៀបធៀបពីរបៀបដែលអំពើបាប និងលទ្ធផលរបស់អំពើបាបអាចដូចជាពស់ចឹក ។
-
តើមានរបៀបខុសគ្នាណាខ្លះដែលមនុស្សអាចមានប្រតិកម្មបន្ទាប់ពីប្រព្រឹត្តអំពើបាប ?
ចម្លើយដែលអាចមានខ្លះៗគឺជាការវែកញែកអំពីសកម្មភាពរបស់ពួកគេ រកមើលអារម្មណ៍ស្ពឹក លាក់សកម្មភាពរបស់ពួកគេដោយសារតែការខ្មាសអៀន ឬភាពអាម៉ាស រង់ចាំមើលថាតើពួកគេប្រឈមមុខនឹងលទ្ធផលអ្វីខ្លះទៀត ។
សូមចំណាយពេលជញ្ជឹងគិតពីរបៀបដែលអ្នកប្រតិកម្ម ។ តើអ្នកមើលទៅព្រះអម្ចាស់ដើម្បីទទួលបានជំនួយដែរឬទេ ? ហេតុអ្វីមើល ឬហេតុអ្វីមិនមើល ? នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យមើលទៅព្រះអង្គសង្រ្គោះដើម្បីទទួលបានជំនួយនៅក្នុងជីវិត ។ អ្នកក៏អាចស្វែងរកជំនួយទាក់ទងនឹងសំណួរ ឬកង្វល់ទាំងឡាយណាដែលអ្នកមានអំពីការមើលទៅព្រះអង្គសង្គ្រោះ ។
ពស់ភ្លើង
ដូចដែលពួកគេបានត្អូញត្អែរជាច្រើនដងកន្លងមក កូនចៅអ៊ីស្រាអែលបានត្អូញត្អែរទាស់នឹងព្រះអម្ចាស់ ខណៈដែលពួកគេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ។ សូមអានខគម្ពីរខាងក្រោម ហើយឆ្លើយសំណួរដែលភ្ជាប់មកជាមួយខគម្ពីរទាំងនេះ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីដឹងថា ភ្លើង មានន័យថា « ពុល » ( សូមមើល footnote 6a ) ។
សូមពិចារណាបង្ហាញ ឬសរសេរខគម្ពីរ និងសំណួរខាងក្រោមនៅលើក្ដារខៀន ។ អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរជាមួយគ្នាជាក្រុមតូចៗ ឬអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរដោយខ្លួនឯង បន្ទាប់មកចែកចាយចម្លើយរបស់ពួកគេជាមួយដៃគូ ឬក្រុមតូចៗ ដើម្បីបញ្ជាក់ចម្លើយរបស់ពួកគេ ។ បើមានប្រយោជន៍ សូមពន្យល់ថា ដោយសារកូនចៅអ៊ីស្រាអែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ស្រុកអេដំម ប៉ុន្តែត្រូវធ្វើដំណើរជុំវិញនោះ ( សូមមើល ជនគណនា ២១:៤ ) ដែលមានន័យថា ការធ្វើដំណើររបស់ពួកគេនឹងកាន់តែយូរ និងកាន់តែពិបាក ។
ជនគណនា ២១:៤–៥ ។ ហេតុអ្វីបានជាកូនចៅអ៊ីស្រាអែលនិយាយទាស់នឹងព្រះអម្ចាស់ និងម៉ូសេ ?
ជនគណនា ២១:៦ ។ ជាការឆ្លើយតប តើព្រះអម្ចាស់បានចាត់អ្វីមក ?
ជនគណនា ២១:៧–៩ ។ តើព្រះអម្ចាស់បានបង្គាប់ម៉ូសេ និងកូនចៅអ៊ីស្រាអែលឲ្យធ្វើអ្វីដើម្បីបានជាសះស្បើយ ?
នីហ្វៃទី១ ១៧:៤១; អាលម៉ា ៣៣:១៨–២១ ។ ហេតុអ្វីបានជាកូនចៅអ៊ីស្រាអែលខ្លះមិនមើល ?
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរខគម្ពីរព្រះគម្ពីរមរមនជាសេចក្តីយោងបទគម្ពីរទៅនឹង ជនគណនា ២១:៩ ឬគូសចំណាំ footnote 9a ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីដំណើររឿងនេះ ?
-
តើពេលខ្លះយើងអាចស្រដៀងទៅនឹងកូនចៅអ៊ីស្រាអែលយ៉ាងដូចម្តេច ?
ជានិមិត្តរូបតំណាងព្រះអង្គសង្គ្រោះ
ក្នុងអំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានជួយយើងឲ្យយល់អំពីនិមិត្តរូបនៃពស់លង្ហិននៅលើបង្គោល ។ សូមអាន យ៉ូហាន ៣:១៤–១៦ ដោយរកមើលចម្លើយ ។ ( អ្នកប្រហែលជាចង់គូសចំណាំបទគម្ពីរនេះជាសេចក្តីយោងបទគម្ពីរទៅនឹង ជនគណនា ២១:៧–៩ ) ។
បន្ទាប់ពីសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមពិចារណាបង្ហាញរូបភាពដូចខាងក្រោមនេះ ។
-
តើយើងរៀនអ្វីខ្លះចេញពីដំណើររឿងទាំងនេះ ។
សិស្សចែកចាយគោលការណ៍ស្រដៀងនឹងគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងមើលទៅព្រះអង្គសង្រ្គោះដោយសេចក្តីជំនឿ ទ្រង់នឹងប្រោសយើងឲ្យជាខាងវិញ្ញាណ ។ សូមពិចារណាសរសេរគោលការណ៍នេះនៅលើក្តារខៀន ។
ដើម្បីយល់កាន់តែច្បាស់ពីគោលការណ៍នេះ សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនេះ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ខ្ញុំសូមអង្វរបងប្អូនឲ្យមករកទ្រង់ ដើម្បីឲ្យទ្រង់អាចព្យាបាល បងប្អូនបាន ! ទ្រង់នឹងព្យាបាលបងប្អូនពីអំពើបាប នៅពេលបងប្អូនប្រែចិត្ត ។ ទ្រង់នឹងព្យាបាលបងប្អូនពីភាពសោកសៅ និងការភ័យខ្លាច ។ ទ្រង់នឹងព្យាបាលបងប្អូនពីរបួសនៃពិភពលោកនេះ ។ ( « ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១២៧ )
-
តើអ្នកចូលចិត្ត ឬរៀនអ្វីចេញពីសេចក្តីថ្លែងការណ៍នេះ ?
-
តើការជាសះស្បើយពីពិស ដូចជាការប្រោសឲ្យជាដោយព្រះអង្គសង្រ្គោះមកពីលទ្ធផលនៃអំពើបាបដោយរបៀបណា ?
ចូរមើលទៅព្រះអង្គសង្គ្រោះ
សូមអញ្ជើញសិស្សឲ្យចំណាយពេលមួយនាទីដើម្បីមើលរូបភាពព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ហើយជញ្ជឹងគិតពីរបៀបដែលយើងអាចមើលទៅទ្រង់ដោយសេចក្ដីជំនឿនៅថ្ងៃនេះ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យធ្វើដូចតទៅនេះនៅក្នុងក្រុមតូចៗ ។
-
សូមរាយបញ្ជីតាមរបៀបជាច្រើនដែលយើងអាចមើលទៅព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿនៅថ្ងៃនេះ ។
-
សូមពិភាក្សាអំពីមូលហេតុដែលយើងអាចពុះពារនឹងកិច្ចការទាំងនេះ ។ ( អ្នកអាចពិភាក្សាអំពីមូលហេតុដែលយើង ដូចជាកូនចៅអ៊ីស្រាអែល អាចនឹងត្រូវបានល្បួងឲ្យជឿតាមរបៀបទាំងនេះ ឲ្យមើលទៅព្រះអង្គសង្រ្គោះគឺងាយស្រួលពេក ឬមិនជួយយើងដោយរបៀបណា ) ។
-
ក្រៅពីការពុះពារណាមួយ សូមពិភាក្សាពីមូលហេតុដែលវាមានតម្លៃឲ្យមើលទៅព្រះអង្គសង្រ្គោះ ។ ( ការណ៍នេះអាចរួមបញ្ចូលការចែកចាយឧទាហរណ៍ក្នុងព្រះគម្ពីរអំពីការប្រោសឲ្យជារបស់ព្រះអង្គសង្គ្រោះ អារម្មណ៍ ឬទីបន្ទាល់របស់អ្នកអំពីការមើលទៅព្រះអង្គសង្គ្រោះ ឬបទពិសោធន៍ដែលអ្នកមាន នៅពេលអ្នកមើលទៅព្រះអង្គសង្គ្រោះដោយសេចក្តីជំនឿ និងអ្វីដែលបានកើតឡើង ) ។
ប្រសិនបើសិស្សត្រូវការគំនិតមួយចំនួនអំពីរបៀបដែលយើងអាចមើលទៅព្រះអង្គសង្គ្រោះ សូមអញ្ជើញពួកគេឲ្យរកមើលគំរូពីយុវជននៅក្នុង « Atonement: Not a One-Time Thing » ( ៣:០០ ) ។
សូមឲ្យសិស្សចែកចាយចំណុចសំខាន់មួយចំនួននៃការពិភាក្សារបស់ពួកគេ ។ ប្រសិនបើសិស្សមិនចែកចាយអារម្មណ៍ ទីបន្ទាល់ ឬបទពិសោធន៍ដោយឯកឯងទេ សូមពិចារណាផ្តល់ការបំផុសដល់ពួកគេខាងក្រោមនេះ ៖
ខ្ញុំជឿថាវាមានតម្លៃក្នុងការមើលទៅព្រះអង្គសង្រ្គោះដោយសេចក្តីជំនឿ ដោយសារ ។
សកម្មភាពខាងលើគឺជាឧទាហរណ៍នៃការជួយសិស្សឲ្យពិចារណាពីអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ ការជួយសិស្សធ្វើការណ៍នេះអាចអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់អំពីទ្រង់ ។
( សម្រាប់ការបំពាក់បំប៉នបន្ថែម សូមមើល ៖ « ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » នៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
នៅពេលសិស្សចែកចាយ សូមធានាឲ្យបានថា វាច្បាស់ណាស់ថា ព្រះអង្គសង្គ្រោះនឹងជួយ ហើយប្រោសយើងឲ្យជាតាមរបៀប និងពេលវេលាដែលល្អបំផុតសម្រាប់យើង ។
អ្វីដែលអ្នកជឿ
សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសរសេររបៀបមួយដែលអ្នកជឿថា ព្រះអម្ចាស់ចង់ឲ្យអ្នកមើលទៅទ្រង់ ឬបន្តមើលទៅទ្រង់នៅក្នុងជីវិតរបស់អ្នក ។ អ្នកក៏អាចសរសេរពីមូលហេតុដែលវាពិបាក ប៉ុន្តែនៅតែមានតម្លៃ ។