« លោកុប្បត្តិ ១:១–២៥ ៖ ការបង្កបង្កើត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្តិ ១:១–២៥ ៖ ការបង្កបង្កើត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀនទី ៧
លោកុប្បត្តិ ១:១–២៥
ការបង្កបង្កើត
ភាពអស្ចារ្យ និងភាពស្រស់ស្អាតនៃពិភពលោករបស់យើង ផ្ដល់ទីបន្ទាល់អំពីអង្គបង្កបង្កើតដ៏រុងរឿង ដែលអាចផ្លាស់ប្តូរអ្វីមួយដែល « ខូច ហើយនៅទទេ » ( សូមមើល លោកុប្បត្តិ ១:២ ) ទៅជាការអស្ចារ្យនៃផែនដីនេះបាន ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍អំពីសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេសិក្សាអំពីការបង្កបង្កើតផែនដី ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីភាពស្រស់ស្អាតនៃផែនដី និងការបង្កបង្កើតទាំងអស់របស់ព្រះ ។ សូមអញ្ជើញពួកគេឲ្យយករូបភាព ឬរៀបចំខ្លួននិយាយអំពីអ្វីមួយនៅក្នុងពិភពលោកនេះ ដែលធ្វើឲ្យពួកគេរីករាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ ទោះបីជាដំណើររឿងនៃការបង្កបង្កើតផែនដីត្រូវបានរកឃើញផងដែរនៅក្នុង ម៉ូសេ ២ និង អ័ប្រាហាំ ៤ ក៏មេរៀននេះនឹងផ្តោតលើដំណើររឿងដែលបានកត់ត្រានៅក្នុងលោកុប្បត្តិ ១ ដែរ ។
អង្គបង្កបង្កើតដ៏ធំ និងការបង្កបង្កើតទាំងឡាយ
ដើម្បីចាប់ផ្ដើមថ្នាក់ សូមពិចារណាបង្ហាញរូបភាពអគារដ៏ស្រស់ស្អាតមួយ ដែលជាគោលដៅដ៏ពេញនិយមនៅក្នុងតំបន់របស់អ្នក ។ អ្នកអាចសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា អ្វីដែលធ្វើឲ្យមនុស្សចង់ទៅលេងអគារនោះ ?
-
តើអ្នកគិតថា អ្នកបង្កើតអគារដ៏ស្រស់ស្អាតនានាទទួលអារម្មណ៍យ៉ាងណា នៅពេលមនុស្សរីករាយនឹងស្នាដៃរបស់ពួកគេ ?
បន្ទាប់មក អ្នកអាចបង្ហាញរូបភាពទេសភាពដ៏ស្រស់ស្អាតនៅជិតតំបន់របស់អ្នក ។ សូមអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោម ដើម្បីជួយរៀបចំពួកគេសម្រាប់មេរៀនថ្ងៃនេះ ។
សូមគិតអំពីអារម្មណ៍ ឬគំនិតដែលអ្នកមាន នៅពេលអ្នកឃើញនូវភាពស្រស់ស្អាត និងភាពអស្ចារ្យនៃផែនដី ។ សូមពិចារណាថាតើអ្នកចំណាយពេលញឹកញាប់ប៉ុនណា ដើម្បីកោតសរសើរ ឬដឹងគុណចំពោះការអស្ចារ្យនៅលើផែនដីទាំងនេះ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធដោយការអធិស្ឋាន ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សម្រាប់ការបង្កបង្កើតពិភពលោកនេះ ។
ការបង្កបង្កើត
មុននឹងណែនាំសកម្មភាពសិក្សាខាងក្រោម សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីការបង្កបង្កើតផែនដី ។ បន្ទាប់មកសូមណែនាំឲ្យសិស្សមើលប្រយោគខាងក្រោមពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ។ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្តីពិតនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬជាកំណត់ចំណាំនៅក្នុងបទគម្ពីររបស់ពួកគេ ។ សិស្សក៏អាចសរសេរពាក្យនេះដាក់នៅលើក្ដារខៀនបានផងដែរ ។
នៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » យើងនឹងរៀន ៖
ក្រោមការដឹកនាំរបស់ព្រះវរបិតាទ្រង់ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាអង្គបង្កបង្កើតផែនដី ។ ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » នៅលើគេហទំព័រ ChurchofJesusChrist.org )
លោកុប្បត្តិ ១ មាននូវសេចក្ដីលម្អិតមួយចំនួនអំពីព្រះយេស៊ូវគ្រីស្ទបង្កើតផែនដី ។ សូមអានដំណើររឿងនៃរយៈពេលបង្កបង្កើតដំបូងទាំងប្រាំមួយពី លោកុប្បត្តិ ១ ដោយរកមើលអ្វីដែលយើងរៀនអំពីអង្គបង្កបង្កើត និងការបង្កបង្កើត ។
នៅពេលសិស្សសិក្សាខគម្ពីរខាងក្រោម អ្នកអាចអញ្ជើញពួកគេឲ្យកត់សម្គាល់ និងកត់ចំណាំ « ថ្ងៃ » នីមួយៗនៃការបង្កបង្កើត នៅក្នុងព្រះគម្ពីររបស់ពួកគេ ។ វិធីមួយដើម្បីធ្វើបែបនេះបាន គឺចម្លងតារាងខាងក្រោមដាក់នៅលើក្ដារខៀន ហើយផ្តល់ពេលវេលាដល់សិស្សដើម្បីបំពេញវា ។ អ្នកអាចរៀបចំសិស្សជាក្រុមតូចៗ ហើយចាត់ក្រុមនីមួយៗឲ្យសិក្សាខគម្ពីរមួយសំណុំចេញពីតារាងនោះ ។
វាអាចមានអត្ថប្រយោជន៍ក្នុងការពន្យល់ថា ពាក្យ « ពេលថ្ងៃ » សំដៅទៅលើរយៈពេលនៃការបង្កបង្កើត មិនមែនជារយៈពេលជាក់លាក់ណាមួយទេ ( សូមមើល អ័ប្រាហាំ ៤ ដែលនៅទីនោះ រយៈពេលបង្កបង្កើតត្រូវបានដាក់សម្គាល់ដោយពាក្យថា « លើក » ) ។ ចំណាំ ៖ ការបង្កើតបុរស និងនារីនឹងត្រូវបានថ្លែងយ៉ាងស៊ីជម្រៅនៅក្នុងមេរៀននានា « លោកុប្បត្តិ ១:២៦–២៧ » និង « លោកុប្បត្តិ ១:២៨–២:២៥ » ។
សូមប្រយ័ត្នដោយកុំចំណាយពេលយូរពេកលើមេរៀនផ្នែកនេះ ដើម្បីឲ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីផ្តោតលើផ្នែកដែលមានចំណងជើងថា « តួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអង្គបង្កបង្កើត » ។
|
ថ្ងៃទី ១ ៖ លោកុប្បត្តិ ១:១–៥ |
បានញែកពន្លឺចេញពីងងឹត |
|---|---|
|
ថ្ងៃទី ២ ៖ លោកុប្បត្តិ ១:៦–៨ | |
|
ថ្ងៃទី ៣ ៖ លោកុប្បត្តិ ១:៩–១៣ | |
|
ថ្ងៃទី ៤ ៖ លោកុប្បត្តិ ១:១៤–១៩ | |
|
ថ្ងៃទី ៥ ៖ លោកុប្បត្តិ ១:២០–២៣ | |
|
ថ្ងៃទី ៧ ៖ លោកុប្បត្តិ ១:២៤–២៧ |
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ ?
សិស្សអាចនឹងមានសំណួរអំពីសេចក្ដីលម្អិតមួយចំនួននៃការបង្កបង្កើត ។ សូមជួយពួកគេឲ្យយល់ថា គោលដៅនៃដំណើររឿងនៃការបង្កបង្កើតនេះគឺមិនមែនដើម្បីផ្តល់នូវការពន្យល់តាមបែបវិទ្យាសាស្ត្រអំពីដំណើរការ រយៈពេល ឬព្រឹត្តិការណ៍ជាក់លាក់ដែលទាក់ទងនោះទេ ។ វាអាចមានអត្ថប្រយោជន៍ ក្នុងការអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៣២–៣៤ ហើយបញ្ជាក់ដល់សិស្សថា ព្រះអង្គសង្គ្រោះនឹងបើកសម្ដែងអំពីរឿងទាំងអស់ តាមពេលវេលារបស់ទ្រង់ ។
តួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអង្គបង្កបង្កើត
សូមផ្ដល់ឱកាសឲ្យសិស្សដើម្បីពង្រឹងការដឹងគុណរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គបង្កបង្កើត ។ របៀបមួយដើម្បីធ្វើបែបនេះអាចជាការគូររូបផែនដីនៅលើក្ដារខៀន ហើយបង្ហាញសេចក្ដីយោងបទគម្ពីរខាងក្រោមឲ្យសិស្សសិក្សា ។ អ្នកអាចអញ្ជើញពួកគេឲ្យសិក្សាខគម្ពីរមួយចំនួន ឬទាំងអស់ ហើយឡើងមកក្ដារខៀនដើម្បីសរសេរឃ្លាដែលមានអត្ថន័យនានាដែលពួកគេបានរកឃើញជុំវិញរូបភាពនៃផែនដីនោះ ។
ខណៈពេលសិស្សសិក្សាខគម្ពីរទាំងនេះ សូមអញ្ជើញពួកគេឲ្យយកចិត្តទុកដាក់លើរបៀបដែលព្រះវិញ្ញាណអាចថ្លែងដល់ពួកគេនូវទីបន្ទាល់អំពីតួនាទីរបស់ព្រះអង្គសង្គ្រោះ ក្នុងនាមជាអង្គបង្កបង្កើត ។
សូមជ្រើសរើសខគម្ពីរមួយ ឬច្រើនខាងក្រោមដើម្បីសិក្សា ដោយស្វែងរកការបង្រៀនដែលអាចបង្កើនការយល់ដឹង និងការដឹងគុណរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ក្នុងនាមជាអង្គបង្កបង្កើត ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:១–៣
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:១៨–២០
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:២២–២៤
សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេ ។ របៀបមួយដែលអ្នកអាចធ្វើបែបនេះបាន គឺដោយការបង្ហាញសំណួរខាងក្រោមឲ្យសិស្សពិភាក្សា ។
-
តើខគម្ពីរដែលអ្នកបានសិក្សាមាននូវពាក្យ ឬឃ្លាដែលមានអត្ថន័យអ្វីខ្លះ ? ហេតុអ្វី ?
-
តើខគម្ពីរទាំងនេះបានជួយអ្នកឲ្យរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យគិតពិចារណាថាតើតួនាទីរបស់ព្រះអង្គសង្គ្រោះ ក្នុងនាមជាអង្គបង្កបង្កើត បានជះឥទ្ធិពលដល់ជីវិតរបស់ពួកគេយ៉ាងដូចម្ដេច ។ ជាចំណែកនៃពេលគិតពិចារណានេះ អ្នកអាចបង្ហាញវីដេអូ « We Lived with God » ( ៤:០០ ) ដែលមានលើគេហទំព័រ ChurchofJesusChrist.org ។
អ្នកក៏អាចប្រើដំណើររឿងពីប្រធាន ប៊យដ៍ ឃេ ផាកកឺ នៅក្នុងផ្នែក « ធនធានបន្ថែមទាំងឡាយ » បានផងដែរ ។
បង្ហាញការដឹងគុណចំពោះអង្គបង្កបង្កើត
គោលដៅនៃផ្នែកនៃមេរៀននេះ គឺដើម្បីជួយសិស្សបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ដោយសារតួនាទីរបស់ទ្រង់ក្នុងនាមជាអង្គបង្កបង្កើត ។ ដើម្បីជួយពួកគេធ្វើដូចនេះ សូមពិចារណាប្រើសកម្មភាពមួយ ឬច្រើនខាងក្រោម ។ អ្នកអាចបង្ហាញជម្រើសដែលអ្នកជ្រើសរើស ហើយអញ្ជើញសិស្សឲ្យជ្រើសរើសមួយដើម្បីបំពេញ ។
-
សូមសរសេរកំណាព្យ ឬព័ត៌មានពីកំណត់ហេតុមួយ ដែលបង្ហាញពីការដឹងគុណចំពោះព្រះយេស៊ូវគ្រីស្ទ និងការបង្កបង្កើតនានារបស់ទ្រង់ ។
-
សូមគូររូបភាពដែលតំណាងឲ្យអារម្មណ៍របស់អ្នកចំពោះព្រះអង្គសង្គ្រោះ និងការបង្កបង្កើតរបស់ទ្រង់ ។
-
សូមជ្រើសរើសទំនុកតម្កើងដែលលើកឡើងអំពីព្រះអង្គសង្គ្រោះ និងការបង្កបង្កើតទាំងឡាយរបស់ទ្រង់ ។ សូមសិក្សាពាក្យពេចន៍នៅក្នុងបទចម្រៀង ។ អ្នកអាចស្វែងរកពាក្យ « ព្រះយេស៊ូវគ្រីស្ទ—អង្គបង្កបង្កើត » នៅក្នុងផ្នែកប្រធានបទនៃសៀវភៅទំនុកតម្កើង ។ អ្នកអាចសរសេរខគម្ពីរបន្ថែមមួយនៅទំនុកតម្កើង ដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងការបង្កបង្កើត ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍មកពីសកម្មភាពនេះ ។
សូមរកមើលឱកាសដើម្បីប្រើតន្ត្រីពិសិដ្ឋ ដើម្បីអញ្ជើញយាងឥទ្ធិពលនៃព្រះវិញ្ញាណ ។ តន្ត្រីបំផុសគំនិតអាចបង្កើតអារម្មណ៍នៃការគោរព និងជួយសិស្សឲ្យទទួលបានអារម្មណ៍អំពីអំណាចនៃសេចក្តីពិតនានាដែលពួកគេកំពុងរៀន ។ ប្រសិនបើសិស្សបានជ្រើសរើសទំនុកតម្កើងដែលមានអត្ថន័យ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណរបស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ នោះថ្នាក់អាចច្រៀងឃ្លាមួយ ឬច្រើនជាមួយគ្នា ហើយសិស្សអាចចែកចាយឃ្លាបន្ថែមដែលពួកគេបានសរសេរ ។
( សម្រាប់ការបំពាក់បំប៉នបន្ថែមសម្រាប់គ្រូបង្រៀនអំពីការប្រើប្រាស់តន្ត្រីបំផុសគំនិត សូមមើល « បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្ស ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » នៅក្នុងផ្នែក ជំនាញការអភិវឌ្ឍគ្រូបង្រៀន ) ។
អ្នកក៏អាចអញ្ជើញសិស្សឲ្យអានកំណាព្យ ឬកំណត់ហេតុដែលពួកគេបានសរសេរផងដែរ ។ អ្នកអាចបង្ហាញគំនូរដែលសិស្សបានបង្កើត ហើយអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានពិពណ៌នា និងមូលហេតុ ។ សូមពិចារណាបញ្ចប់ថ្នាក់ ដោយការចែកចាយអារម្មណ៍របស់អ្នកអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងការបង្កបង្កើត ។