ថ្នាក់​សិក្ខាសាលា
លូកា ៥:១–១១


លូកា ៥:១–១១

ការធ្វើតាមព្រះអម្ចាស់ និងការសម្រេចបានគោលបំណងដ៏ទេវភាពរបស់យើង

រូបភាព
Christ standing on a seashore. He is beckoning to two men who stand near Him. The two men are holding a fishing net over a small fire. Fishing boats and fishermen are visible in the background. The painting depicts Christ calling some of His Apostles or disciples.

នៅពេល ស៊ីម៉ូន-ពេត្រុស អនទ្រេ យ៉ាកុប និង យ៉ូហាន ចាប់បាន « ត្រីសន្ធឹក » ប្រកបដោយអព្ភូតហេតុ បន្ទាប់ពីព្រះអង្គសង្គ្រោះបានអញ្ជើញពួកគេឲ្យ « ទម្លាក់អួនចាប់ត្រី [ របស់ពួកគេ ] ចុះ » ( លូកា ៥:៤, ៦ ) នោះពួកគេបានឃើញអ្វី ដែលពួកគេអាចសម្រេចបាន ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក អ្នកនេសាទទាំងនេះបានជ្រើសរើសចាកចេញពីអ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានបំណងប្រាថ្នាចង់ធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យទ្រង់អាចជួយអ្នកឲ្យសម្រេចបាន ច្រើនជាងអ្វីដែលអ្នកអាចសម្រេចបានដោយគ្មានទ្រង់ ។

ការសម្រេចបានគោលបំណងដ៏កាន់តែអស្ចារ្យ

សូមចំណាយពេលបន្តិច ដើម្បីគិតអំពីមនុស្សមួយចំនួន ដែលបានទទួលជោគជ័យក្នុងកិច្ចការដ៏អស្ចារ្យ ព្រោះព្រះបានជួយពួកគេឲ្យយល់ពីគោលបំណងរបស់ពួកគេ ។

១ .

  • ហេតុអ្វីវាអាចជារឿងដ៏សំខាន់ ដែលនរណាម្នាក់ត្រូវយល់ពីគោលបំណងដ៏ធំបំផុតរបស់ពួកគេ ?

  • តើអ្នកបានកត់សម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់មនុស្ស ដែលយល់ពីព្រះរាជបំណងរបស់ព្រះសម្រាប់ពួកគេ និងអ្នកដែលមិនមានជំនឿបែបនេះ ?

មេរៀននេះនឹងផ្តោតលើរបៀបដែលព្រះយេស៊ូវគ្រីស្ទបានជួយ ស៊ីម៉ូន-ពេត្រុស ( ដែលត្រូវបានគេស្គាល់ថាជា ពេត្រុស ផងដែរ ) ឲ្យរកឃើញថា ទ្រង់មានព្រះរាជបំណងដ៏កាន់តែអស្ចារ្យសម្រាប់លោក ។ នៅពេលអ្នកសិក្សា សូមរកមើលភស្ដុតាងនៃគោលការណ៍ដែលថា នៅពេលយើងជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ នោះទ្រង់អាចជួយយើងឲ្យយល់ដឹង និងសម្រេចបានគោលបំណងដ៏កាន់តែអស្ចារ្យសម្រាប់ជីវិតរបស់យើង

ព្រះយេស៊ូវគ្រីស្ទហៅ ស៊ីម៉ូន-ពេត្រុស ឲ្យដើរតាមទ្រង់

បន្ទាប់ពីព្រះអង្គសង្គ្រោះបានធ្វើអព្ភូតហេតុជាច្រើននៅស្រុកយូដា រួមទាំងការព្យាបាលម្ដាយក្មេករបស់ ស៊ីម៉ូន-ពេត្រុស ផងដែរ ( សូមមើល លូកា ៤:៣៨–៣៩ ) នោះទ្រង់បានយាងទៅឯច្រាំងទន្លេហ្គេនេសារ៉េត ( ឈ្មោះមួយផ្សេងទៀតសម្រាប់សមុទ្រកាលីឡេ ) ។ ទ្រង់បានយាងឡើងលើទូកនេសាទរបស់ ស៊ីម៉ូន-ពេត្រុស ហើយគង់នៅទីនោះដើម្បីបង្រៀនមនុស្សមួយក្រុមធំនៅតាមច្រាំងសមុទ្រ ( សូមមើល លូកា ៥:១–៣ ) ។ ពេលព្រះយេស៊ូវបញ្ចប់ការបង្រៀន នោះទ្រង់បានប្រទានការអញ្ជើញដល់ ស៊ីម៉ូន-ពេត្រុស ។

សូមអាន លូកា ៥:៤–១១ ។ នៅពេលអ្នកអាន សូមព្យាយាមស្រមៃថា អ្នកគឺជា ស៊ីម៉ូន-ពេត្រុស ជាអ្នកនេសាទដែលមានបទពិសោធន៍ ។ វាអាចមានគុណប្រយោជន៍ក្នុងការយល់ថា ពាក្យ អួន មានន័យថាសំណាញ់សម្រាប់ចាប់ ឬអូសត្រី ( សូមមើល ខទី ៤ ) ។

  • តើព័ត៌មានលម្អិតអ្វីខ្លះ ដែលអ្នកមានអារម្មណ៍ថាសំខាន់នៅក្នុងដំណើររឿងនេះ ? ហេតុអ្វីទៅ ?

  • តើអ្នកគិតថា ពេត្រុសអាចកំពុងគិត ឬមានអារម្មណ៍យ៉ាងណា ?

សូមចំណាយពេលបន្តិច ដើម្បីរកមើលភស្តុតាងណាមួយនៅក្នុងដំណើររឿងនៃព្រះយេស៊ូវគ្រីស្ទ ដែលជួយពេត្រុសឲ្យយល់ថា ព្រះអម្ចាស់មានព្រះរាជបំណងដ៏កាន់តែអស្ចារ្យសម្រាប់លោក ។

  • តើពេត្រុសអាចបានរៀនអ្វីខ្លះអំពីខ្លួនលោក ចេញពីបទពិសោធន៍នេះជាមួយព្រះអង្គសង្គ្រោះ ?

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យពង្រីកចក្ខុវិស័យរបស់យើងឲ្យយើងដឹងថា តើយើងជានរណា និងអ្វីដែលយើងអាចធ្វើបាន ?

ការប្រៀបធៀបបទពិសោធន៍របស់ ស៊ីម៉ូន-ពេត្រុស ទៅនឹងបទពិសោធន៍របស់យើង

យើងអាចរៀនកាន់តែស៊ីជម្រៅពីដំណើររឿងនេះ ដោយការប្រៀបធៀបបទពិសោធន៍របស់ ស៊ីម៉ូន-ពេត្រុស ទៅនឹងបទពិសោធន៍ដែលយើងអាចនឹងមាន ។ ជំនាញសិក្សាព្រះគម្ពីរនេះគឺជាអ្វី ដែលនីហ្វៃបានលើកឡើងនៅក្នុងព្រះគម្ពីរមរមន នៅពេលលោកបាននិយាយថា លោក « ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួន [ លោក ] » ( នីហ្វៃទី១ ១៩:២៣ ) ។ ការប្រៀបធៀបបទគម្ពីរទៅនឹងស្ថានភាពផ្ទាល់ខ្លួនរបស់យើងអាចជួយយើងឲ្យ « [ បាន ] បញ្ចុះបញ្ចូល … ឲ្យជឿដល់ព្រះអម្ចាស់ ជាព្រះដ៏ប្រោសលោះរបស់ [ យើង ] » ហើយអាច « ជាប្រយោជន៍ និងការចេះដឹងដល់យើង » ( នីហ្វៃទី១ ១៩:២៣ ) ។សូមចំណាយពេលបន្តិច ដើម្បីប្រៀបធៀបបទពិសោធន៍របស់អ្នកជាមួយនឹងបទពិសោធន៍របស់ពេត្រុស ដោយការធ្វើដូចខាងក្រោម ៖សូមពុះទំព័រមួយទៅជាពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីនៅម្ខាងនៃទំព័រនេះ អ្នកអាចរាយព័ត៌មានលម្អិតអំពីបទពិសោធន៍របស់ពេត្រុស និងនៅម្ខាងទៀត អ្នកអាចមើលទៅស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ។ ប្រសិនបើចាំបាច់ សូមបើកទៅព្រះគម្ពីរ និងឧបករណ៍បទគម្ពីរដែលអាចរកបានណាមួយ ( ឧទាហរណ៍ សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពេត្រុស » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ដើម្បីជួយអ្នកឲ្យឆ្លើយនឹងសំណួរខាងក្រោម ។

ការប្រៀបធៀបបទពិសោធន៍របស់ពេត្រុសទៅនឹងជីវិតរបស់យើងផ្ទាល់

តើពេត្រុសអាចពិពណ៌នាអំពីខ្លួនលោកយ៉ាងដូចម្តេច មុនពេលជួបព្រះយេស៊ូវនោះ ?

តើខ្ញុំពិពណ៌នាអំពីខ្លួនខ្ញុំយ៉ាងដូចម្តេច ?

ពេត្រុសស្ម័គ្រចិត្តដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយលះបង់ជីវិតរបស់លោកជាអ្នកនេសាទ ( សូមមើល លូកា ៥:១១ ) ។ តើអ្នកគិតថា ជីវិតរបស់ពេត្រុសមានភាពខុសគ្នាយ៉ាងដូចម្តេច ប្រសិនបើលោកមិនបានជ្រើសរើសដើរតាមព្រះអង្គសង្គ្រោះទេនោះ ?

តើខ្ញុំអាចត្រូវបានស្នើសុំឲ្យលះបង់អ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ?

តើជីវិតខ្ញុំអាចរងឥទ្ធិពលយ៉ាងដូចម្តេចខ្លះ ប្រសិនបើខ្ញុំបានជ្រើសរើសមិនធ្វើតាមព្រះយេស៊ូវគ្រីស្ទទេនោះ ?

តើពេត្រុសបានបំពេញព្រះរាជបំណងដ៏កាន់តែអស្ចារ្យរបស់ព្រះអម្ចាស់ សម្រាប់លោកក្នុងជីវិតរបស់លោកយ៉ាងដូចម្តេច ?

សូមគិតអំពីបទគម្ពីរ ផែនការនៃសេចក្ដីសង្គ្រោះ ពរជ័យបព្វជិតភាព ហើយបើអាចអនុវត្តបាន ពររបស់លោកអយ្យកោរបស់អ្នក ។

តើខ្ញុំដឹងអ្វីខ្លះអំពីព្រះរាជបំណងដ៏កាន់តែអស្ចារ្យរបស់ព្រះអម្ចាស់សម្រាប់ខ្ញុំ ?

តើខ្ញុំមានសំណួរអ្វីខ្លះអំពីគោលបំណងរបស់ខ្ញុំ ?

២ . នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះចំនួនបី ៖

  • តើការប្រៀបធៀបបទគម្ពីរទៅនឹងខ្លួនអ្នកបានជួយអ្នកឲ្យរៀន ឬជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច ?

  • តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកបានរកឃើញថា យើងអាចសម្រេចបានគោលបំណងដ៏កាន់តែអស្ចារ្យសម្រាប់ជីវិតរបស់យើង នៅពេលយើងជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ?

  • តើនៅពេលណាដែលអ្នកសង្កេតឃើញថា នរណាម្នាក់ទទួលឥទ្ធិពលវិជ្ជមាន ដោយសារការយល់ដឹងអំពីគោលបំណងរបស់ពួកគេ ?

  • តើអ្នកនឹងធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកទទួលអារម្មណ៍ ឬបានរៀននៅថ្ងៃនេះ ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

លូកា ៥:៨

។; ហេតុអ្វីបានជាពេត្រុសហៅខ្លួនលោកថាជា « មនុស្សមានបាប » ?

នៅពេលដែលពេត្រុសបានជួបព្រះអង្គសង្រ្គោះលើកដំបូង ហើយបានឃើញព្រះចេស្ដាដ៏អព្ភូតហេតុរបស់ទ្រង់ នោះពេត្រុសបានទទួលស្គាល់ថា លោកជា « មនុស្សមានបាប » ដែលត្រូវការព្រះចេស្ដាដ៏ប្រោសលោះរបស់ព្រះអង្គសង្រ្គោះយ៉ាងខ្លាំងក្រៃលែង ( លូកា ៥:៨ ) ។ ពាក្យសម្ដីរបស់ពេត្រុសបង្ហាញថា នៅពេលយើងចូលទៅជិតព្រះ នោះយើងចាប់ដឹងពីអំពីបាប និងភាពមិនស័ក្តិសមរបស់យើង ហើយចង់បានជំនួយពីទ្រង់ ដើម្បីក្លាយកាន់តែដូចជាទ្រង់ ។

( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )

តើព្រះអម្ចាស់អាចធ្វើអ្វីខ្លះសម្រាប់យើង នៅពេលយើងដើរតាមទ្រង់ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖

រូបភាព
Photograph of President Ezra Taft Benson. He is seated in a leather chair in front of a fireplace. His hands are clasped in front of him and he is wearing a large turquoise ring on one finger. Official portrait. 1986

[ អ្នកទាំងឡាយណា ] ដែលប្រគល់ជីវិតរបស់ពួកគេថ្វាយព្រះនឹងដឹងថា ទ្រង់អាចធ្វើឲ្យជីវិតរបស់ពួកគេសម្រេចកិច្ចការបានច្រើន ជាងអ្វីដែលពួកគេអាចធ្វើបានដោយខ្លួនគេ ។ ទ្រង់នឹងធ្វើឲ្យសេចក្ដីអំណរចាក់ចូលយ៉ាងជ្រៅក្នុងចិត្តពួកគេ ពង្រីកទស្សនវិស័យរបស់ពួកគេ ពន្លឿនគំនិតពួកគេ ពង្រឹងកម្លាំងពួកគេ លើកវិញ្ញាណពួកគេឡើង ចម្រើនពរជ័យពួកគេ បង្កើនឱកាសពួកគេ លួងលោមព្រលឹងពួកគេ បង្កើតមិត្តភាព ហើយចាក់ស្រោចនូវសេចក្ដីសុខសាន្ត ។ អ្នកណាក៏ដោយដែលបាត់បង់ជីវិតក្នុងការបម្រើដល់ព្រះ អ្នកនោះនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។

( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៤ )