ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៤:១–១១ ផ្នែកទី ២


ម៉ាថាយ ៤:១–១១ ផ្នែកទី ២

ការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការទប់ទល់នឹងការល្បួង

រូបភាព
Jesus is tempted by the devil to change rocks into bread - ch.11-2

នៅក្នុងមេរៀននេះ អ្នកអាចបន្តការសិក្សាពីរបៀប ដែលព្រះអង្គសង្គ្រោះបានទប់ទល់នឹងការល្បួងទាំងឡាយ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ទ្រង់ ហើយរំឭកសេចក្ដីពិតពីបទគម្ពីរ ដើម្បីជួយអ្នកឲ្យទប់ទល់នឹងការល្បួងនៅក្នុងជីវិតរបស់អ្នក ។

ការទប់ទល់នឹងការល្បួង

សូមស្រមៃថា មិត្តរបស់អ្នក យ៉ាកុប បានទុកចិត្តអ្នក ហើយប្រាប់អ្នកថា គាត់មានការលំបាកក្នុងការទប់ទល់នឹងការល្បួង ។ គាត់ពន្យល់ថា គាត់ពិតជាចង់តស៊ូ ប៉ុន្តែគាត់មានការលំបាកក្នុងការដឹងពីអ្វីដែលត្រូវធ្វើ នៅពេលមានការល្បួងចូលមក ។

  • តើអ្នកនឹងចែករំលែកអ្វីខ្លះជាមួយគាត់ ហើយហេតុអ្វី ?

សូមរំឭកពីបទពិសោធន៍របស់ព្រះអង្គសង្គ្រោះ ដូចដែលបានកត់ត្រានៅក្នុង ម៉ាថាយ ៤:១–១១ នៅពេលដែលព្រះអង្គសង្គ្រោះបានប្រឈមមុខ និងទប់ទល់នឹងការល្បួងរបស់សាតាំង ។ វិធីមួយក្នុងចំណោមវិធីដែលទ្រង់បានធ្វើ គឺដោយការធ្វើជាគំរូនៃគោលការណ៍នេះ ៖ ការរំឭក និងការអនុវត្តសេចក្តីពិតពីបទគម្ពីរ អាចជួយយើងឲ្យទទួលបានព្រះចេស្ដារបស់ព្រះអម្ចាស់ ដើម្បីទប់ទល់នឹងការល្បួង ។សូមសិក្សា ម៉ាថាយ ៤:១–១១ ។ សូមផ្តោតលើខទី ៤, ៧ និង ១០ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានអនុវត្តគោលការណ៍នេះ ។ សូមកត់សម្គាល់ថា នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលថា « មានសេចក្តីចែងទុកមក » នោះទ្រង់បានសំដៅទៅលើពាក្យពេចន៍ ដែលបានចែងនៅក្នុងព្រះគម្ពីរ ។

  • តើវគ្គបទគម្ពីរដែលព្រះអង្គសង្គ្រោះបានដកស្រង់ ទាក់ទងនឹងការល្បួងដែលទ្រង់បានយកឈ្នះដោយរបៀបណា ?

សូមចំណាយពេលពីរបីនាទី ដើម្បីសរសេរគំនិតរបស់អ្នកអំពីមូលហេតុ ដែលអ្នកត្រូវការជំនួយដើម្បីទប់ទល់នឹងការល្បួង ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះ ៖

  • តើអ្នកងាកទៅរកព្រះអម្ចាស់តាមរយៈព្រះគម្ពីរ ដើម្បីជួយអ្នកឲ្យទប់ទល់នឹងការល្បួងញឹកញាប់ប៉ុណ្ណាដែរ ? ហេតុអ្វីទៅ ?

  • តើអ្នកមានបទពិសោធន៍អ្វីខ្លះ ជាមួយនឹងការងាកទៅរកព្រះអម្ចាស់តាមរយៈព្រះគម្ពីរ ដើម្បីជួយអ្នកឲ្យទប់ទល់នឹងការល្បួង ?

សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

១.

  1. សូមកំណត់ និងរាយបញ្ជីការល្បួងពីរបី ដែលយុវវ័យអាយុស្រករអ្នកប្រឈមមុខជាទូទៅ ។

  2. សូមកំណត់ និងរាយបញ្ជីវគ្គបទគម្ពីរ ដែលអាចជួយក្នុងការល្បួងទាំងនេះនីមួយៗ រួមជាមួយនឹងការពន្យល់ខ្លីៗអំពីរបៀប ដែលវគ្គបទគម្ពីរនីមួយៗអាចជួយបាន ។

ឧទាហរណ៍ អ្នកអាចរកឃើញថា ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១៨:១៥ អាចជួយអ្នកឲ្យឃើញថា អ្នកត្រូវមានការយល់ដឹង និងត្រូវអធិស្ឋានឥតឈប់ឈរ នៅពេលអ្នកព្យាយាមទប់ទល់នឹងការល្បួង ។ប្រសិនបើអ្នកមានការពិបាកក្នុងការស្វែងរកបទគម្ពីរដែលមានប្រយោជន៍ នោះអ្នកអាចស្វែងរកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ឬអ្នកអាចស្វែងរកសេចក្ដីយោងនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ក្រោមពាក្យថា « ល្បួង, សេចក្ដីល្បួង » « កាន់ខ្ជាប់ » ឬប្រធានបទផ្សេងទៀតដែលទាក់ទងនឹងការល្បួង ឬការល្បួងជាក់លាក់ណាមួយ ។

សូមពិចារណាក្នុងការគូសចំណាំបទគម្ពីរទាំងនេះខុសពីគេ ហើយធ្វើបញ្ជីបទគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីរ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដែលអ្នកអាចរកវាឃើញយ៉ាងងាយស្រួល ។ ប្រសិនបើអ្នកកំពុងប្រើព្រះគម្ពីរអេឡិចត្រូនិច សូមពិចារណាបង្កើតស្លាក ហើយបន្ថែមវគ្គបទគម្ពីរនេះទៅនឹងស្លាកនោះ ។ ប្រសិនបើអ្នកត្រូវរៀនពីរបៀបធ្វើដូច្នេះ សូមចូលទៅកាន់ Gospel Library User Guide (Android) ឬ Gospel Library User Guide (iOS) នៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមជ្រើសរើស Marking content ក្រោមចំណងជើង « Learning More » ។

មានរបៀបជាច្រើនដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយទទួលបានកម្លាំងមកពីព្រះគម្ពីរ ។សូមជ្រើសរើសធ្វើសកម្មភាព ក ឬ ខ ដើម្បីជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះក្នុងការទប់ទល់នឹងការល្បួង ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសម្រេចចិត្តថា សកម្មភាពណាមួយដែលនឹងមានគុណប្រយោជន៍បំផុតសម្រាប់អ្នក ។

២ . សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះ ដើម្បីបំពេញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

សកម្មភាព ក ៖ ទន្ទេញចាំ

សូមជ្រើសរើសសេចក្ដីយោងបទគម្ពីរមួយ មកពីសេចក្ដីយោងដែលអ្នកបានរកឃើញ ហើយទន្ទេញចាំឃ្លាសំខាន់ៗពីបទគម្ពីរនោះ ឬទន្ទេញចាំវគ្គបទគម្ពីរទាំងមូល ។ នេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយបាន ៖

  • សូមអានវគ្គបទគម្ពីរនេះស្ងាត់ៗឲ្យបានច្រើនដង ហើយមើលវគ្គបទគម្ពីរនេះកាន់តែតិចទៅៗ ពេលអានវាម្ដងៗ ។

  • សូមសរសេរវគ្គបទគម្ពីរ ឬឃ្លានេះ ។ សូមលុប ឬឆូតពាក្យចោល នៅពេលអ្នកទន្ទេញវាចាំ ហើយធ្វើដដែលៗ រហូតទាល់តែពាក្យទាំងអស់ត្រូវបានលុបចោល ឬឆូតចោលអស់ ហើយអ្នកអាចសូត្រវាឡើងវិញដោយចាំមាត់ ។

សកម្មភាព ខ ៖ សញ្ជឹងគិត និងសរសេរ

សូមសញ្ជឹងគិតពីរបៀបដែលការសិក្សាព្រះគម្ពីរជាទៀងទាត់ អាចជួយអ្នកឲ្យទប់ទល់នឹងការល្បួងនៅក្នុងជីវិតរបស់អ្នក ឬការផ្លាស់ប្តូរអ្វីខ្លះដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនពរជ័យដែលមានចំពោះអ្នក តាមរយៈការខិតខំប្រឹងប្រែងសិក្សាព្រះគម្ពីរជាទៀងទាត់ ។សូមចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬប្លក់ ដែលអាចជួយអ្នកដទៃឲ្យបង្កើនបំណងប្រាថ្នារបស់ពួកគេ ដើម្បីសិក្សាព្រះគម្ពីរដែរ ។ សូមសរសេរតាមរបៀបមួយ ដែលអាចជួយពួកគេឲ្យស្វែងរកព្រះចេស្ដារបស់ព្រះអម្ចាស់ ដើម្បីជួយពួកគេឲ្យទប់ទល់នឹងការល្បួងបាន ។ សូមរួមបញ្ចូលយ៉ាងហោចណាស់សេចក្ដីយោងបទគម្ពីរមួយ ដែលអ្នកបានរកឃើញនៅថ្ងៃនេះ ។ អ្នកក៏អាចចែករំលែកបទពិសោធន៍ ដែលអ្នកមានជាមួយបទគម្ពីរ ដែលបានបង្កើនសមត្ថភាពរបស់អ្នក ដើម្បីទប់ទល់នឹងការល្បួងបានផងដែរ ដោយមិនប្រាប់ពីព័ត៌មានលម្អិតណាមួយអំពីការល្បួងនោះឡើយ ។

ការពិចារណាផ្ទាល់ខ្លួន

ដើម្បីបញ្ចប់ សូមគិតពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ហើយសញ្ជឹងគិតពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖

  • តើការពង្រឹងអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ ( ការសិក្សា ការទន្ទេញចាំ និងការរំឭកបទគម្ពីរ ) ជួយអ្នកឲ្យកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?

  • តើអ្នកមានអារម្មណ៍ថា អ្នកត្រូវចាប់ផ្តើមធ្វើអ្វី ឈប់ធ្វើអ្វី ឬបន្តធ្វើអ្វីទៀត ?

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

តើការសិក្សាព្រះគម្ពីរអាចជួយខ្ញុំបានតាមរបៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ពីរបៀបដែលការសិក្សាព្រះគម្ពីរមរមនជាទៀងទាត់ អាចផ្តល់អំណាចឲ្យយើងអាចទប់ទល់នឹងការល្បួងបាន ៖

រូបភាព
Official portrait of President Russell M. Nelson taken January 2018

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ បងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ ជំងឺដ៏ធំនៃរូបអាសគ្រាម និងការញៀនផ្សេងទៀតដែលធ្វើឲ្យគំនិតស្ពឹក ។

( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

តើការទន្ទេញចាំបទគម្ពីរអាចជួយខ្ញុំបានដោយរបៀបណា ?

អែលឌើរ រីឆាត ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Final official portrait of Elder Richard G. Scott of the Quorum of the Twelve Apostles, 2004. Passed away 22 September 2015.

ចូរឈ្លាសវៃនៅក្នុងការប្រើបច្ចេកវិទ្យា ។ ចូរគូសចំណាំបទគម្ពីរសំខាន់ៗនៅក្នុងឧបករណ៍របស់អ្នក ហើយត្រឡប់ទៅមើលវាជាញឹកញាប់ ។ បើមនុស្សវ័យក្មេងនឹងរំឭកខគម្ពីរមួយឲ្យញឹកញាប់ដូចជាអ្នករាល់គ្នាមួយចំនួនផ្ញើសារ នោះអ្នកអាចមានវគ្គគម្ពីររាប់រយវគ្គទន្ទេញចាំយ៉ាងឆាប់ ។ វគ្គគម្ពីរទាំងនោះនឹងជាប្រភពនៃការបំផុសគំនិត និងការណែនាំដោយព្រះវិញ្ញាណបរិសុទ្ធក្នុងពេលត្រូវការដ៏មានអានុភាព ។

( រីឆាដ ជី ស្កត « For Peace at Home » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣០ )