ថ្នាក់​សិក្ខាសាលា
យ៉ូហាន ៣:១–៨


យ៉ូហាន ៣:១–៨

« ត្រូវ​តែ​កើត​ជា​ថ្មី »

រូបភាព
ព្រះយេស៊ូវ និង​នីកូដេម

នីកូដេម​គឺជា​ផារិស៊ី​ម្នាក់ និង​ជា « ចៅហ្វាយ​សាសន៍​យូដា » ( យ៉ូហាន ៣:១ ) ។ គាត់​បាន​មករក​ព្រះអង្គ​សង្រ្គោះ​នៅពេល​យប់ ដើម្បី​សួរ​សំណួរ​សំខាន់ៗ​អំពី​សេចក្ដី​សង្រ្គោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យយល់ និង​ដឹងពី​សារៈសំខាន់​នៃ​ការកើត​ជាថ្មី « អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ » ( យ៉ូហាន ៣:៥ ) ដើម្បី​ចូល​ទៅក្នុង​នគរ​ព្រះ ។

បំណងប្រាថ្នា​ដើម្បី​ផ្លាស់ប្តូរ

សូម​គិតពី​ស្ថានភាព​មួយ អំពី​ក្មេងជំទង់​ម្នាក់​ដែល​ចង់​ផ្លាស់ប្តូរ ចូល​មក​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួលបាន​សេចក្ដី​សុខសាន្ដ​កាន់តែ​ខ្លាំង ប៉ុន្តែ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាងម៉េច ។ សូម​គិត​អំពី​រឿង​ជាក់លាក់​ដែល​បុគ្គល​នេះ ប្រហែល ជាចង់​ផ្លាស់ប្តូរ និង​ការលំបាក​មួយ​ចំនួន​ដែល​ពួកគេ ប្រហែលជា​នឹង ប្រឈម​មុខ​ក្នុង​ការផ្លាស់ប្តូរ ។ អ្នកក៏​ប្រហែលជា​គួរ​គិត​អំពី​បទពិសោធន៍​ដែល​អ្នក ឬ​អ្នកដទៃ​បាន​មាន​ជាមួយនឹង​ការផ្លាស់ប្តូរ​វិជ្ជមាន ដែល​អាច​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ក្មេងជំទង់​នេះ​ថា ពួកគេ​អាច​ផ្លាស់ប្តូរ​បាន ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​តម្រូវ​ឲ្យមាន​ការផ្លាស់ប្តូរ​ពី​អស់​អ្នក​ដែល​ចង់​ចូល​ទៅក្នុង​នគរ​របស់​ទ្រង់ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​របៀប​មួយ​ចំនួន ដែល​អ្នក​មាន​អារម្មណ៍​ថា ត្រូវបាន​បំផុស​គំនិត​ឲ្យផ្លាស់ប្តូរ ហើយ​កាន់តែ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ពេញ​មួយ​មេរៀន​នេះ សូម​អញ្ជើញ​ឲ្យមាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​រៀនពី​របៀប​ស្វែងរក​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការធ្វើ​ការផ្លាស់ប្តូរ​តាម​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​បាន​ពី​អ្នក ។

ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​អំពី​ការកើត​ជាថ្មី

មាន​បុរស​ម្នាក់​ឈ្មោះ នីកូដេម បាន​មករក​ព្រះយេស៊ូវ​នៅពេល​យប់ ។ នីកូដេម​គឺជា​ផារិស៊ី​ម្នាក់ និង​ជា​ចៅហ្វាយ​សាសន៍​យូដា ។ ក្រោយមក គាត់​បាន​ការពារ​ព្រះគ្រីស្ទ​នៅ​ចំពោះ​មុខ​ពួកផារិស៊ី ( សូមមើល យ៉ូហាន ៧:៥០–៥៣ ) ហើយ​បាន​ចូលរួម​ជាមួយ​ពួកអ្នកជឿ​នៅឯ​ការបញ្ចុះ​ព្រះសព​របស់​ព្រះយេស៊ូវ ( សូមមើល យ៉ូហាន ១៩:៣៩–៤០ ) ។ នីកូដេម​បាន​មករក​ព្រះអង្គ​សង្រ្គោះ​នៅ​យប់​នោះ ដើម្បី​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​គឺជា « គ្រូ​មក​ពី​ព្រះ​ពិត » ( យ៉ូហាន ៣:២ ) ។

យ៉ូហាន ៣:៥ គឺជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

សូមអាន យ៉ូហាន ៣:១–៥ ដោយ​រកមើល​អ្វីដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នីកូដេម ដែល​គាត់​ត្រូវធ្វើ​ដើម្បី​ចូល​ទៅក្នុង​នគរ​ព្រះ ។

  • តើ​អ្នក​គិត​ថា​ការ « កើត​ជា​ថ្មី » មាន​ន័យ​ដូចម្ដេច ? ( យ៉ូហាន ៣:៣ ) ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា យើង​ត្រូវ​កើត​ជាថ្មី​ដើម្បី​ឃើញ​នគរ​ព្រះ ?

  • នៅពេល​នីកូដេម​មិន​យល់ពី​របៀប​នៃ​ការកើត​ជាថ្មី តើ​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​អ្វីខ្លះ ( ដូច​បាន​កត់ត្រា​នៅក្នុង ខទី ៥ ) ?

គោលការណ៍​មួយ​ដែល​យើង​រៀន​មកពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​នីកូដេម​គឺ យើង​ត្រូវតែ​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ដើម្បី​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន ។

  • តើ​អ្នក​គិត​ថា ការកើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ​មាន​ន័យ​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា ការទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​អាច​ជួយ​យើងឲ្យ​កើត​ជាថ្មី ហើយ​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​តាម​របៀប​ណា ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នីកូដេម​អំពី​អ្វីខ្លះ ដែល​អ្នក​ចង់ឲ្យ​បុគ្គល​នៅក្នុង​ស្ថានភាព​ដែល​អ្នក​បាន​បង្កើត​នោះ​យល់ដឹង ?

ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពីធីបញ្ជាក់​គឺជា​ពិធីបរិសុទ្ធ​ដ៏ចាំបាច់​ពីរ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ទទួល ដើម្បី​គ្រង​នគរ​សេឡេស្ទាល​ជា​មរតក ។ ពិធីបរិសុទ្ធ​ទាំងនេះ​គឺជា​ទ្វារ​ដែល​យើង​ចូលទៅ ដើម្បី​ដើរលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នាំ​ទៅរក​ជីវិត​ដ៏អស់កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:១៧–២០ ) ។ ពេល​យើង​ដើរ​លើ​ផ្លូវ​នេះ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​នឹង​មាន​ការផ្លាស់ប្តូរ និង​បាន​កើត​ជាថ្មី​ខាង​វិញ្ញាណ ។ ព្យាការី​អាលម៉ា​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​ពន្យល់ពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការជួយ​យើង​ឲ្យកើត​ជាថ្មី ។ សូមអាន អាលម៉ា ៧:១៤ ដោយ​រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើងឲ្យ​កើត​ជាថ្មី ។

  • តើ​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយ​យើងឲ្យ​កើត​ជាថ្មី​មាន​អ្វីខ្លះ ?

ចេញពី នីហ្វៃទី២ ៣១:១៧ យើង​ក៏រៀន​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការជួយ​យើង​ឲ្យកើត​ជាថ្មី​ផងដែរ ៖ « ហើយ​បន្ទាប់​មក គឺ​ការផ្ដាច់​បាប​ទាំងឡាយ​របស់​អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការជួយ​យើងឲ្យ​កើត​ជាថ្មី ?

សូម​មើល​វីដេអូ « A Change of Heart » ( ៤:៣៩ ) ចាប់ពី​លេខ​កូដ​ម៉ោង ០:៤០ ដល់ ៤:០៩ ដើម្បី​មើល​បទពិសោធន៍​របស់​យុវជន​ម្នាក់​ដែល​មាន​ឈ្មោះថា អ៊ែវើ ។ សូម​រកមើល​អ្វី​ជាក់លាក់​ដែល​គាត់​បានធ្វើ ដែល​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ជួយ​គាត់​ឲ្យផ្លាស់ប្តូរ ។ ( វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ) ។

  • តើ​អ្នក​ចាប់​អារម្មណ៍​លើ​អ្វីខ្លះ អំពី​ការផ្លាស់ប្តូរ​របស់​យុវជន​នេះ ?

  • តើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​មាន​ការផ្លាស់ប្តូរ​អ្វីខ្លះ ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ការផ្លាស់ប្តូរ​ទាំងនេះ ?

ពេលខ្លះ យើង​ឆ្ងល់ថា​យើង​ធ្វើបាន​ដល់ណា​ហើយ នៅក្នុង​ការកើត​ជាថ្មី​ខាង​វិញ្ញាណ​ផ្ទាល់​របស់​យើង ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង យ៉ូហាន ៣:៨ ថា យើង​អាច​មើលឃើញ​ពី​ឥទ្ធិពល​នៃខ្យល់ ប៉ុន្តែ​មិន​ដឹង​ថា​វា​មកពី​ណា ឬ​ទៅណា​នោះ​ទេ ។ ស្រដៀងគ្នា​នេះដែរ យើង​មិនអាច​យល់បាន​ជានិច្ច​ថា ពេលណា​ការកើត​ជាថ្មី​ចាប់ផ្តើម ហើយ​ពេលណា​ការផ្លាស់ប្តូរ​នៅក្នុង​ខ្លួន​យើង​កើតឡើង​នោះ​ទេ ។ ទោះជា​យ៉ាង​ណា យើង​អាច​មើល​ឃើញ​ផល​ប៉ះពាល់​របស់​វា នៅ​ពេល​ដែល​បំណង​ប្រាថ្នា និង​សកម្មភាព​របស់​យើង​ផ្លាស់ប្ដូរ ( សូមមើល ម៉ូសាយ ៥:១–២ ) ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​ភស្ដុតាង​ដែល​អ្នក​ឃើញ​អំពី​ព្រះអង្គសង្គ្រោះ ដែល​ជួយ​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ ។ សូម​យកចិត្ត​ទុកដាក់​លើ​ការបំផុស​គំនិត គំនិត និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​អាច​ទទួលបាន​ពី​ព្រះវិញ្ញាណ ។

ការជួយ​អ្នក​ដទៃ

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គិតពី​ស្ថានភាព​ដែល​អ្នក​បាន​បង្កើត​នៅដើម​មេរៀន​នេះ ។ សូម​គិតពី​អ្វី​ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ។ សូម​សរសេរ​សំបុត្រ​ខ្លីមួយ​ទៅកាន់​ក្មេង​ជំទង់​នៅក្នុង​ស្ថានភាព​របស់​អ្នក ដោយ​ពន្យល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ពួកគេ​ឲ្យផ្លាស់ប្តូរ​បាន ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន នៅពេល​អ្នក​សរសេរ​សំបុត្រ ៖

  • តើ​អ្នក​គិត​ថា បុគ្គល​នេះ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការផ្លាស់ប្តូរ ? ហេតុអ្វី​បានជា​អ្នក​គិត​ថា សកម្មភាព​ទាំងនោះ​នឹង​ជួយ​បាន ?

  • តើ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ពិធីបញ្ជាក់ និង​ការទទួល​ទាន​សាក្រាម៉ង់​អាច​ជួយ​បុគ្គល​នេះ​ឲ្យផ្លាស់ប្តូរ និង​កើត​ជាថ្មី​បាន​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​បាន​ឆ្លងកាត់​ដំណើរការ​នៃ​ការកើត​ជាថ្មី ឬ​បាន​ឃើញ​ដំណើរការ​នេះ​កើតឡើង​លើ​មនុស្សដទៃ​នោះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​វា​មានន័យ​យ៉ាង​ណា ដើម្បី​កើត​ជា​ថ្មី​ម្ដងទៀត ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​របស់​ព្រះ​អម្ចាស់​បង្រៀន​ម្តងហើយ​ម្តងទៀត​ថា គោលបំណង​ដ៏​សំខាន់​មួយ​នៃ​ជីវិត​រមែងស្លាប់​របស់​យើង​គឺ​ការផ្លាស់ប្តូរ និង​ការកែប្រែ​ខាង​វិញ្ញាណ​តាមរយៈ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ …

យើង​ត្រូវបាន​ណែនាំ​ឲ្យ « មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏ឥត​បរិសុទ្ធ [ នៅក្នុង​ខ្លួនយើង ] ចុះ » ( មរ៉ូណៃ ១០:៣២ ) ដើម្បី « [ បាន ] នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី » ( សូមមើល កូរិនថូស ទី២ ៥:១៧ ) ដើម្បី​សម្រាត​ចេញ « ភាព​ខាង​សាច់ឈាម » ( ម៉ូសាយ ៣:១៩ ) និង​ទទួល​បទពិសោធន៍ « ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើល្អ​ជានិច្ច​វិញ » ( ម៉ូសាយ ៥:២ ) ។ សូម​កត់ចំណាំ​ថា ការប្រែចិត្ត​ជឿ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​គឺ​មហិមា​ណាស់ មិនមែន​តូច​ទេ—ជា​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ជា​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៃ​អារម្មណ៍ និង​បំណង​ប្រាថ្នា​របស់​យើង អ្វី​ដែល​យើង​គិត ហើយ​ធ្វើ ព្រមទាំង​អ្វី​ដែល​ជា​ខ្លួន​យើង ។ ពិត​ណាស់ សារៈសំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង​ជាអចិន្ដ្រៃយ៍​នៅក្នុង​និស្ស័យ​របស់​យើង ដែល​កើត​មាន​តាមរយៈ​ការពឹងផ្អែក​របស់​យើង​ទៅលើ « បុណ្យ​គុណ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏បរិសុទ្ធ » ( នីហ្វៃទី២ ២:៨ ) ។ ពេល​យើង​ជ្រើសរើស​ធ្វើតាម​លោកចៅហ្វាយ នោះ​យើង​ជ្រើសរើស​ការផ្លាស់ប្តូរ—ដើម្បី​បាន​កើត​ជាថ្មី​ខាង​វិញ្ញាណ ។

( ដេវីឌ អេ បែដណា « Ye Must Be Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២០ )

តើ​ខ្ញុំ​អាច​កើត​ជាថ្មី​ដោយ​របៀប​ណា ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​សុន្ទរកថា​មួយ ដែល​មាន​ចំណងជើង​ថា « Always Retain a Remission of Your Sins  » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩–៦២ ) ដែល​មាន​នូវ​ការយល់ដឹង​អំពី​សំណួរ​នេះ ។

ហេតុអ្វី​វា​អាច​ពិបាក​ដើម្បី​ដឹង​ថា តើ​ខ្ញុំ​បាន​កើត​ជាថ្មី​ឬ​អត់ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អ្នកអាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតតាម​ពេលវេលា ។ ការកើតជា​ថ្មី​ម្ដងទៀត … គឺជា​ដំណើរការ​មួយ ជាជាង​ហេតុការណ៍​មួយ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់ ។

ក្នុង​ពេល​ដូច​គ្នា​នោះដែរ ចូរ​យើង​កុំ​ដោះសារ​ខ្លួន​យើង​នៅក្នុង​ការប្រឹងប្រឹង​ធម្មតាៗ​ឡើយ ។ ចូរ​យើង​កុំ​រីករាយ​នឹង​ការមានចិត្ត​ខ្លះ​ក្នុង​ការធ្វើ​អាក្រក់​ឡើយ ។ ចូរ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​ស័ក្ដិសម​ជា​រៀងរាល់​សប្ដាហ៍ ហើយ​បន្ត​ប្រើប្រាស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រក​ឲ្យ​ឃើញ ហើយ​ដក​ចេញ​នូវ​សំណល់​ចុងក្រោយ​នៃ​ភាពមិន​បរិសុទ្ធ​ដែល​នៅក្នុង​ខ្លួន​យើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ពេល​អ្នក​បន្ត​នៅក្នុង​ផ្លូវ​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ នោះ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ដក​យកចេញ​នូវ​អំពើបាប​របស់​អ្នក និង​ស្នាម​ប្រឡាក់​នៃ​អំពើបាប​ទាំងនោះ​នៅក្នុង​ខ្លួនអ្នក នោះ​ការល្បួង​នឹង​បាត់បង់​ភាពទាក់ទាញ​របស់​វា ហើយ​តាមរយៈ​ព្រះគ្រីស្ទ អ្នក​នឹង​បាន​បរិសុទ្ធ​ដូចជា​ទ្រង់ និង​ព្រះវរបិតា​របស់​យើង​ដែល​បរិសុទ្ធ​ផងដែរ ។

( ឌី ថត គ្រីស្តូហ្វឺសិន « Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ )

តើ​អ្វីទៅ​ជា​ភាពខុសគ្នា​រវាង​ការ « ឃើញ » និង​ការ « ចូល​ទៅក្នុង » នគរ​របស់​ព្រះ ?

ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បាន​បង្រៀន​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង [ យ៉ូហាន ៣:៣, ៥ ] ដែល​និយាយ​ពី​ការ « ឃើញ » និង​ការ « ចូល​ទៅក្នុង » នគរ​របស់​ព្រះ ៖ « វា​ជា​រឿងមួយ​ដែល​អាច​ឃើញ​នគរ​របស់​ព្រះ ហើយ​វា​ជា​រឿង​ផ្សេង​ដែល​អាច​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​បាន » ។ យើង​ត្រូវតែ​មាន​ការផ្លាស់ប្តូរ​ដួងចិត្ត ដើម្បី​ឃើញ​នគរ​របស់​ព្រះ ហើយ​ចូលជា​សមាជិក​ដើម្បី​ចូល​ទៅក្នុង​នគរ​របស់​ព្រះ » ( នៅក្នុង Journal, December 1842–June 1844; Book 3, 15 July 1843–29 February 1844 ទំព័រ ១៣០ នៅលើ​គេហទំព័រ josephsmithpapers.org ] ។ នៅពេល​មនុស្ស​ម្នាក់ « ឃើញ » នគរ​របស់​ព្រះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើឲ្យ​មនុស្ស​នោះ​មាន « ការផ្លាស់ប្ដូរ​ដ៏ធំ​នេះ​នៅក្នុង​ដួងចិត្ត » ( សូមមើល អាលម៉ា ៥:១៤ ) ។ បន្ទាប់មក បុគ្គល​នោះ​ត្រូវ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដើម្បី « ចូល​ទៅក្នុង » នគរ​របស់​ព្រះ ។

( « យ៉ូហាន ២–៤ » នៅក្នុង សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​របស់​សិស្ស [ ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )