ថ្នាក់​សិក្ខាសាលា
កាឡាទី ៦


កាឡាទី ៦

« ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ »

រូបភាព
ស្ត្រី និង​ក្មេងស្រី​ប្រមូល​ផល និង​សួនច្បារ​នៅ​អេក្វាឌ័រ ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​តើ​ការខិតខំ​របស់​អ្នក​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​នាំទៅរក​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក​ដែរ​ឬ​ទេ ? ប៉ុល​បាន​សរសេរ​ទៅ​ពួកបរិសុទ្ធ​នៅ​កាឡាទី ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា របៀប​ដែល​យើង​រស់នៅ​ប្រចាំ​ថ្ងៃ​ជះ​ឥទ្ធិពល​ថា​តើ​ព្រះអង្គសង្គ្រោះ​នឹង​ប្រទានពរ​ដល់​យើង​នូវ « ជីវិត​អស់កល្ប​ជានិច្ច » ដែរ​ឬទេ ( កាឡាទី ៦:៨ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​សកម្មភាព​ដែល​អ្នក​ត្រូវការ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ។

គោលដៅដ៏នៅ​អស់កល្បជានិច្ច

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ចែកចាយ​ការសន្ទនា​ដែល​មិន​អាច​បំភ្លេច​បាន ដែល​គាត់​ធ្លាប់​មាន​ជាមួយ​យុវជន​ម្នាក់ ។

សូមមើល​វីដេអូ « Choose Wisely » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgចាប់​ពី​នាទី​ទី ៣:០៣ ដល់​នាទី​ទី ៤:៥២ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម ។ សូម​រកមើល​ថាតើ​គោលដៅ​របស់​យុវជន​នេះ​ជាអ្វី ហើយ​តើ​ការយល់ខុស​អ្វី​ដែល​គាត់​ប្រហែលជា​មាន​អំពី​ការសម្រេច​បាន​គោល​ដៅ​ទាំង​នោះ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់ អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

ថ្មីៗនេះ ខ្ញុំបាន​ជួបនឹង​យុវជន​ដ៏​សង្ហាម្នាក់ ។ គោលដៅ​របស់​គាត់​គឺ​ការ​ទៅ​បម្រើ​បេសកកម្ម ទទួល​ការសិក្សា រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុម​គ្រួសារ​រីករាយ​ដ៏​ស្មោះត្រង់​មួយ ។ ខ្ញុំ​ពេញចិត្ត​គោលដៅ​របស់​គាត់ ។ ប៉ុន្តែ​នៅពេល​បន្ត​ការសន្ទនា វា​បង្ហាញ​ថា​ការប្រព្រឹត្តិ និង​ជម្រើស​របស់​គាត់​ពុំ​ស្រប​ទៅ​នឹង​គោលដៅ​គាត់​ឡើយ ។ ខ្ញុំ​ឃើញថា​គាត់​ពិតជា​ចង់​ទៅ​បម្រើ​បេសកកម្ម ហើយ​ចៀសវាង​ពីអំពើ​រំលង​ធ្ងន់ធ្ងរ​នានា ​ដែល​នឹង​បង្អាក់​គាត់​ពី​បេសកកម្ម ប៉ុន្តែ​ការប្រព្រឹត្តិ​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពុំ​រៀបចំ​ខ្លួន​គាត់​​សម្រាប់​ឧបសគ្គ​ខាង​សាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និង​ខាងវិញ្ញាណ​ដែល​គាត់​នឹង​ជួបប្រទះ​ឡើយ ។ គាត់​ពុំ​ទាន់​ចេះ​ធ្វើការ​ដោយ​ព្យាយាម​នៅ​ឡើយ​ទេ ។ គាត់ពុំ​យកចិត្ត​ទុកដាក់​នឹង​ការសិក្សា ឬ​ចូលរៀន​ថ្នាក់​សិក្ខាសាលា​ឡើយ ។ គាត់​ទៅ​ព្រះវិហារ តែ​ពុំ​អាន​ព្រះគម្ពីរ​មរមន​ទេ ។ គាត់​ចំណាយ​ពេលច្រើន​លេង​វីដេអូហ្គេម និង​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ គាត់​ទំនង​ជា​គិត​ថា​ការចេញ​បម្រើ​បេសកកម្ម​ដ៏​សាមញ្ញ​មួយ​គឺ​គ្រប់គ្រាន់​ហើយ​មើល​ទៅ ។

( ឃ្វីនថិន អិល ឃុក « Choose Wisely » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៧ )

  • តើ​យុវជន​ម្នាក់​នេះ​អាច​យល់​ខុស​អ្វី​ខ្លះ អំពី​ការ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូមសរសេរ​សង្ខេបៗ​ពី​គោលដៅ​ដែល​អ្នក​មាន ដែល​អ្នកនឹង​ចាត់ទុក​ថា​មានសារៈ​សំខាន់​ដ៏​អស់កល្ប​ជានិច្ច ។ សូម​គិត​អំពី​មូលហេតុ​ដែល​អ្នក​ចង់​សម្រេច​បាន​នូវគោលដៅ​ទាំងនេះ ។ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ការប្រព្រឹត្តិ​ប្រចាំថ្ងៃ​របស់​អ្នក​អាច​នាំ​អ្នក​ឆ្ពោះ​ទៅរក ឬ​ចាក​ឆ្ងាយ​ពី​គោលដៅ​សំខាន់ៗ​ដ៏​នៅ​អស់កល្បជានិច្ច​ទាំងនេះ ។ កាល​អ្នកសិក្សា សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​សម្រប​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​បានកាន់តែ​ប្រសើរ​ឡើង ជាមួយនឹង​លទ្ធផល​ដ៏​សំខាន់​អស់កល្ប​ដែល​អ្នក​ចង់បាន ។

ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផល

ពួកបរិសុទ្ធ​នៅ​កាឡាទី​ត្រូវ​បាន​ទទួល​ការបង្រៀន​ខុសឆ្គង ដែល​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង ( សូមមើល កាឡាទី ១:៦–៩ ) ។ អ្នកខ្លះ​បាន​ជឿ ហើយ​បង្រៀន​គោលលទ្ធិ​ខុសឆ្គង​ដែល​ថា អ្នក​ប្រែចិត្ត​ជឿ​ជា​សាសន៍​ដទៃ​ត្រូវ​កាត់ស្បែក​ដើម្បី​បាន​សង្គ្រោះ ( សូមមើល កាឡាទី ៦:១២; កិច្ចការ ១៥:១ ) ។ អ្នក​ផ្សេង​ទៀត​បាន​ជឿ​ដោយ​ខុសឆ្គង​ថា ព្រះគុណ​នៃ​ព្រះគ្រីស្ទ​ប្រទាន​ឲ្យ​ពួកគេ​រួចផុត​ពី​អំពើបាប ( សូមមើល កាឡាទី ៥:១៣ ) ។ បន្ទាប់​ពី​និយាយ​អំពី​ជំនឿ​ខុសឆ្គង​ទាំង​នេះ និង​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ដែល​វង្វេង​ខាង​វិញ្ញាណ ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​សំខាន់​មួយ​ដើម្បី​ជួយ​ប្រជាជន​ឲ្យ​យល់​ពី​ឥទ្ធិពល​នៃ​ទង្វើ​របស់​ពួកគេ ។

សូម​អាន​ កាឡាទី ៦:៧–៨ ។ សូម​រកមើល​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន ដែល​អាច​ជះ​ឥទ្ធិពល​លើ​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ។ សូម​ចំណាំ​ថា សាបព្រោះ សំដៅ​លើ​ការដាំដុះ ហើយ ការច្រូតកាត់ សំដៅ​លើការ​ប្រមូល​ផល ។

  • តើ​អ្នក​នឹង​ពន្យល់​ពី​ការបង្រៀន​របស់​ប៉ុល​ជាពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​យ៉ាង​ដូចម្តេច ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី កាឡាទី ៦:៧ គឺ​ថា ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ ។ ពេលខ្លះ​គំនិតនេះ​ត្រូវបាន​ហៅ​ថា​ជា​ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផល ។

  • តើ​គំរូ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​ពី​សេចក្ដី​ពិត​នេះ​ក្នុង​ជីវិត​របស់​អ្នក ឬ​ជីវិត​អ្នក​ដទៃ ?

  • តើ​ការយល់ដឹង​អំពី​សេចក្ដីពិត​នេះ​អាច​ជះឥទ្ធិពល​លើ​ការសម្រេចចិត្ត ដែល​អ្នក​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

ការបង្រៀន​របស់​អាលម៉ា​ដល់​កូនប្រុស​របស់លោក ដែល​មាន​ឈ្មោះ​ថា កូរីអានតុន នៅក្នុង​ព្រះគម្ពីរ​មរមន អាចជួយ​យើងឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ឥទ្ធិពល​ដ៏​នៅ​អស់កល្បជានិច្ច​នៃ​ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផល ឬ​អ្វីដែល អាលម៉ា​ហៅ​ថា​ជា « ផែនការ​នៃ​ការកសាង​ឡើងវិញ » ។ សូមអាន អាលម៉ា ៤១:៣–៦, ១០–១៥ ដោយ​ស្វែងរក​សេចក្ដីពិត​ដែល​ពង្រឹង​ការយល់ដឹង​របស់អ្នក​អំពី​ការបង្រៀន​របស់​ប៉ុល ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ដែល​អ្នក​រក​ឃើញ​ថា​មាន​សារៈសំខាន់​ពី​ខគម្ពីរ​ទាំងនេះ ? ហេតុអ្វី ?

  • បន្ទាប់​ពី​បាន​មើល​នូវ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន កូរីអានតុន តើ​ការបង្រៀន​នេះ​អនុវត្ត​ចំពោះ​ពាក្យ​របស់​ប៉ុល​ដែល​ថា « ដ្បិត​គ្រាប់​ពូជណា​ដែល​បុរស [ ឬ​ស្ត្រី ] សាបព្រោះ នោះ​គាត់ [ ឬ​នាង ] ក៏ទទួល​បាន​ពូជនោះ​មកវិញ​ដែរ » ដោយ​របៀប​ណា ? ( កាឡាទី ៦:៧ ) ។

  • តើ​ការបង្រៀន​អ្វី​ខ្លះដែល​អ្នក​បាន​សិក្សា​រហូត​មក​ទល់​ពេលនេះ ជួយ​អ្នក​​ឲ្យ​យល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ការអញ្ជើញ​របស់​ប៉ុល​ដល់​ពួកកាឡាទី

ប៉ុល​បាន​បញ្ចប់​ការ​បង្រៀន​របស់​លោក​អំពី​ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផល​ដោយ​មាន​ការ​អញ្ជើញ​មួយ ។ សូម​អាន កាឡាទី ៦:៩–១០ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​អញ្ជើញ​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ។

  • តើ​អ្នក​គិត​ថា « កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ » វា​មាន​ន័យ​យ៉ាង​ណា ? ( កាឡាទី ៦:៩ ) ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការណ៍​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​មាន​ប្រសាសន៍​ថា យើង​នឹង​ច្រូត « ដល់​កំណត់ » ( កាឡាទី ៦:៩ ) ពេល​យើង​ព្យាយាម​ធ្វើ​ល្អ​សម្រាប់​អ្នក​ដទៃ ? ហេតុអ្វី​ការណ៍​នេះ​សំខាន់​ដើម្បី​ស្វែងយល់ ?

ការអនុវត្ត​អ្វី​ដែល​អ្នក​បានរៀន

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​គិត​អំពី​ទិសដៅ​ដែល​ការជ្រើសរើស​របស់​យើង​នីមួយៗ​នឹង​ដឹកនាំ​យើង ( សូមមើល « Where Will This Lead? » Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦០–៦២ ) ។

ដើម្បី​អនុវត្ត​ដំបូន្មាន​នេះ​ពី ប្រធាន អូក សូម​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ។

១. ដើម្បី​អនុវត្ត​តាម​ដំបូន្មាន​នេះ​មកពី ប្រធាន អូក សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​រួមបញ្ចូល​តែ​ផ្នែក​នៃ​តារាង​របស់​អ្នក​ដែល​មិន​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​ដើម្បី​ចែកចាយប៉ុណ្ណោះ ។

សូម​បង្កើត​តារាង​ស្រដៀង​នឹងតារាង​ខាងក្រោម ៖

អ្វី​ដែល​អ្នក​កំពុង​ព្រោះ ( សកម្មភាព​ដែល​អ្នក​ធ្វើ​ជា​ប្រចាំ )

អ្វី​ដែល​អ្នក​កំពុង​ច្រូតកាត់ ឬ​អាច​រំពឹង​ថា​នឹង​ប្រមូលផល​នា​ពេល​អនាគត ( ទិសដៅ​ដែល​​សកម្មភាព​ទាំងនេះ​នឹង​ដឹកនាំ​ទៅ​ដល់ )

នៅ​ផ្នែក​ខាងឆ្វេង សូម​ធ្វើ​បញ្ជី​នៃ​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​ចំណាយពេល​ភាគច្រើន​ធ្វើ ឬ​ចង់​ចាប់ផ្តើម​ធ្វើ​ជាប្រចាំ ។

នៅ​ផ្នែក​ខាងស្តាំ សូម​សរសេរ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា ជាលទ្ធផល​នៃ​ការធ្វើកិច្ចការ​ទាំងនោះ​ជា​ប្រចាំ ។ សូម​គិត​អំពី​លទ្ធផល​ដែល​អ្នក​អាច​រំពឹងទុក ប្រសិនបើ​អ្នក​ធ្វើ​កិច្ចការ​ទាំងនេះ​ម្តងទៀត​ជា​ប្រចាំ​អស់ពេល​មួយសប្តាហ៍ មួយខែ មួយឆ្នាំ ប្រាំឆ្នាំ ឬ​សូម្បី​តែ​ពេញមួយ​ជីវិត​របស់​អ្នក ។

សូម​សញ្ជឹងគិត​អំពី​ការបំផុស​គំនិត​ណាមួយ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច​អ្នក​បានសិក្សា​នៅ​ថ្ងៃនេះ ។ នៅ​ខាងក្រោម​តារាង​របស់អ្នក សូម​សរសេរ​រាល់​ការកែ​សម្រួល​ណាមួយ​ដែល​អ្នក​មានអារម្មណ៍ថា ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ​នៅក្នុង​ជីវិត​របស់អ្នក ដែល​នឹង​ជួយ​អ្នក​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពរជ័យ​ដែល​អ្នក​ចង់បាន ។ ព្រះ​នឹង​ជួយ​អ្នក​ពេល​អ្នក​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៣:១៧ ) ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? 

កាឡាទី ៦:៨ ។ តើ​វា​មាន​ន័យ​យ៉ាង​ណា ប្រសិនបើ​មនុស្ស​ម្នាក់ « សាប​ព្រោះ​ខាង​ឯព្រះវិញ្ញាណ » ឬ « សាបព្រោះ​ខាងឯ​សាច់​ឈាម » ?

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

ការសាបព្រោះ​ខាង​វិញ្ញាណ មានន័យ​ថា​គំនិត ពាក្យសម្ដី និង​សកម្មភាព​របស់​យើង​ទាំងអស់​ត្រូវ​លើកយើងឡើង​ឲ្យ​ដល់​កម្រិតដ៏​​ទេវភាព​របស់​ព្រះមាតាបិតា​សួគ៌ា​របស់​យើង ។ ទោះ​យ៉ាង​ណា​ក្ដី ព្រះគម្ពីរ​បាន​សំដៅ​ទៅលើ​សាច់ឈាម ជាលក្ខណៈ​​រូបកាយ ឬ រាងកាយ​នៃ​មនុស្ស​ខាង​សាច់ឈាម ដែល​ឲ្យ​មនុស្ស​ត្រូវ​រង​ឥទ្ធិពល​ដោយ​ចំណង់ ការចង់​បាន ការស្រេកឃា្លន និង​ការជំរុញ​ពី​ខាង​សាច់ឈាម ជាជាង​ការស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្ន​នោះ​ទេ ឥទ្ធិពល​ទាំងនោះ រួម​ជាមួយ​នឹង​សម្ពាធ នៃ​ភាពទុច្ចរិត​របស់​លោកិយ អាច​នាំ​ឲ្យ​យើង​សម្ដែង​អាកប្បកិរិយា​មិន​សមរម្យ និង ធ្វេសប្រហែស ដែល​ក្លាយជា​ទម្លាប់​របស់​យើង ។ ដើម្បី​ចៀសវាង​ពីឥទ្ធិពល​អាក្រក់​អស់ទាំងនោះបាន យើង​ត្រូវតែ​ធ្វើ​តាម​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀនដល់​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​ការសាបព្រោះ​ខាង​វិញ្ញាណ​ដោយ​ឥត​ឈប់ឈរ ៖ « ហេតុដូច្នេះ​ហើយ ចូរ​កុំ​ណាយ​ចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ដ្បិត​អ្នករាល់គ្នា​កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:៣៣ ) ។

( អូលីសេស សូរ៉េស « Abide in the Lord’s Territory! » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៩ )

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

ប្រសិនបើ​យើង​បណ្ដោយ​ខ្លួនទៅ​នឹង​គ្រឿងញៀន ឬ​ការណ៍អាសគ្រាម ឬ​អំពើអាក្រក់​ផ្សេង​ទៀត​ដែល​សាវក [ ប៉ុល ] បានហៅ​ថា ការសាប​ព្រោះ​ខាង​ឯ​សាច់ឈាម នោះ​​ក្រឹត្យវិន័យ​ដ៏​នៅ​អស់កល្បជានិច្ច​នឹង​កំណត់ថា យើង​ច្រូត​បាន​សេចក្តី​ពុករលួយ​ជាជាង​ច្រូត​បានជីវិតដ៏​នៅ​អស់កល្បជានិច្ច ។ នោះ​ជា​សេចក្ដី​យុត្តិធម៌​របស់​ព្រះ ហើយ​សេចក្ដី​ករុណា​មិន​អាច​ប្លន់​សេចក្ដីយុត្តិធម៌​បាន​ឡើយ ។ ប្រសិន​បើ​ក្រឹត្យវិន័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​ត្រូវ​បាន​បំពាន នោះ​ការ​ដាក់​ទោស​នៅ​ក្នុង​ក្រឹត្យវិន័យ​នោះ​ត្រូវ​តែ​ទទួល​រងទុក្ខ ។ កិច្ចការ​មួយ​ចំនួន​អាច​បំ​ពេញ​ចិត្ត​ដោយ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​ការ​លាង​សម្អាត​ដោយ​សេចក្ដី​ករុណា​នៃ​មនុស្ស​មាន​បាប​ដែល​កខ្វក់​កើត​មាន​តែ​បន្ទាប់​ពី​ការ​ប្រែចិត្ត​ប៉ុណ្ណោះ ( សូម​មើល អាលម៉ា ៤២:២២–២៥ ) ដែល​សម្រាប់​អំពើ​បាប​មួយ​ចំនួន​គឺ​ជា​ដំណើរការ​អូសបន្លាយ និង​ឈឺចាប់ ។

( ដាល្លិន អេក អូក « Be Not Deceived » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤៥ )

តើ​ការប្រឹងប្រែង​បន្តិចបន្តួច​អាច​ផ្លាស់ប្តូរ​ជីវិត​របស់ខ្ញុំ និង​ជីវិត​អ្នក​ដទៃ​ដោយ​របៀបណា ?

សូម​មើល « Of Seeds and Soils » ចាប់​ពីនាទី​ទី ៧:០៦ ដល់នាទីទី ៩:១១ ដើម្បីមើល​ឧទាហរណ៍ពី​សកម្មភាព​តូចៗ​ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់​មនុស្ស​រាប់រយ​នាក់ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។