ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អេភេសូរ ១:១០


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អេភេសូរ ១:១០

ការស្ថារ​ឡើង​វិញ​នៃ​របស់​ទាំង​អស់

រូបភាព
រូបគំនូរ​នៃ​ការនិមិត្ត​ដំបូង ដោយ វលធើរ រេន ព្រះវរបិតា និង​ព្រះរាជបុត្រា​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ ។

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី អេភេសូរ ១ អ្នក​បាន​រៀន​អំពី​គោលលទ្ធិ​នៃ​ការស្ដារ​ឡើង​វិញ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​បង្កើន​ភាព​ស្ទាត់​ជំនាញនៃ​ការបង្រៀន​របស់​អ្នក​នៅក្នុង អេភេសូរ ១:១០ ដោយ​ការទន្ទេញ​ឲ្យចាំនូវ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ការពន្យល់​ពី​គោលលទ្ធិ និង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់​ស្ដែង ។

ពន្យល់ និង​ទន្ទេញ

សូម​ស្រមៃ​ថា មិត្ត​រួម​ថ្នាក់​មួយ​ចំនួន​បាន​អវត្តមាន​នៅ​ថ្ងៃ​ដែល​ថ្នាក់​សិក្ខាសាលា​របស់​អ្នក​បាន​សិក្សា​គោលលទ្ធិ​នៃ​ការស្ដារឡើងវិញ​នៅក្នុង អេភេសូរ ១ ។ គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​របស់​អ្នក​សុំ​ឲ្យ​អ្នក​ចំណាយ​ពេល​ពីរបីនាទី ដើម្បី​សង្ខេប​ការបង្រៀន​ដ៏​សំខាន់​បំផុត​ដែល​អ្នក​មាន​អារម្មណ៍​ថា សិស្ស​ទាំងអស់​ត្រូវដឹង និង​ចងចាំ​អំពី​គោលលទ្ធិ​នៃ​ការស្ដារឡើងវិញ និង​ការបង្រៀន​ពី អេភេសូរ ១:១០ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​សេចក្ដីពិត​សំខាន់ៗ​មួយ​ណា​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ ដែល​អ្នក​នឹង​ចែកចាយ ? ហេតុអ្វី ?

  • តើ​អ្នក​នឹង​ពន្យល់​ពីការបង្រៀន​ដែល​មាន​នៅក្នុង អេភេសូរ ១:១០ ដោយ​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ការយល់ដឹង​អំពី​ការស្ដារឡើង​វិញ​អាច​ជះ​ឥទ្ធិពល​លើ​ការយល់ដឹង និង​អារម្មណ៍​របស់​នរណា​ម្នាក់​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅលើ​ឧបករណ៍​ឌីជីថល​របស់​អ្នក សូម​កត់ត្រា​ឃ្លា​បទគម្ពីរ​គន្លឹះ និង​សេចក្ដី​យោង​សម្រាប់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អេភេសូរ ១:១០ ដោយ​បែងចែក​វា​ជា​បួន​ផ្នែក​ដូច​បាន​បង្ហាញ​ខាងក្រោម ៖

  • ការ​កាន់​កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់

  • ដើម្បី​នឹង​បំព្រួម

  • គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ

  • អេភេសូរ ១:១០

សូម​បាំង​ជួរទី ២–៤ ហើយ​និយាយ​ឡើងវិញ​នូវជួរ​ទី ១ នៅក្នុង​ចិត្ត​របស់​អ្នក រហូត​ដល់​អ្នក​ទន្ទេញ​វាចាំ ។ សូម​ប្តូរ​ទៅ​ជួរទីពីរ ហើយធ្វើ​ដដែលឡើង​វិញ​ម្តងទៀត ។ សូម​ធ្វើ​ដូចគ្នា​សម្រាប់​ជួរទី ៣ និង​ទី ៤ ។ នៅពេល​អ្នក​មាន​ទំនុកចិត្ត​ថា អ្នក​បាន​ទន្ទេញចាំ​ពាក្យ​ទាំងបួនជួរ​ហើយ សូម​សរសេរ​វា​ទាំងអស់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​ដោយ​មិន​មើល ។ សូម​ធ្វើ​ដដែលៗ​ឡើង​វិញម្ដងហើយ​ម្ដង​ទៀតប្រសិន​បើ​ចាំ​បាច់ រហូត​ដល់​អ្នក​អាច​សរសេរ​ឃ្លាបទគម្ពីរ​គន្លឹះ​ទាំង​មូល និង​សេចក្ដី​យោងចេញ​ពី​ការ​ចងចាំ​បាន ។

រៀន​អនុវត្ត

សូម​ពិចារណា​មើល កថាខណ្ឌ​ទី ៥–១២ នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណានខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​ជ្រើសរើស​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ហើយ​បង្កើត​រូបតំណាង ឬ​ការបង្ហាញ​រូបភាព​សាមញ្ញ ដើម្បី​រំឭក​អ្នក​អំពី​គោលការណ៍​នេះ និង​គោលគំនិត​របស់វា ។ ឧទាហរណ៍ សម្រាប់​គោលការណ៍​នេះ « សូម​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច » អ្នក​អាច​ពិចារណា​បង្កើត​រូបភាព​ដូច​តទៅ​នេះ ៖

រូបភាព
វ៉ែនតាដែលមានសំណុំbinoculars និង ​កែវយឺត។

សូម​អាន​ស្ថានភាព​ខាងក្រោម ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង អេភេសូរ ១:១០ ថា អំឡុង​គ្រា​កាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង ។ បន្ទាប់មក​សូម​ប្រើ​ស្ថានភាព​នេះ ឬ​បង្កើត​ស្ថានភាព​មួយ​របស់​អ្នក​ផ្ទាល់ ដើម្បី​ឆ្លើយ​សំណួរ​ដែល​មាន ។

មិត្តភក្តិ​របស់​អ្នក​បានទទួល​បុណ្យជ្រមុជទឹក​ជាមួយ​គ្រួសារ​របស់​នាង ហើយ​មាន​អារម្មណ៍​ជឿជាក់​នៅពេល​នោះ​ថា នាង​កំពុងធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ចូលរួម​នឹង​សាសនាចក្រ​របស់​ទ្រង់ ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ចាប់​តាំង​ពី​នាង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ជា​ញឹក​ញាប់​នាង​ត្រូវ​បាន​មិត្ត​ភក្តិ​ផ្សេង​ទៀត​ល្បួង​ឲ្យ​បំពាន​បទបញ្ញត្តិ​ទាំងឡាយ ។ នាង​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​ថា តើ​នេះ​ពិត​ជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ឬ​អត់ ហើយ​តើ​វា​មាន​តម្លៃ​ដែរ​ឬ​ទេ​ក្នុង​ការ​រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នេះ ។

ខណៈ​មាន​សេចក្ដីពិត​មួយ​ចំនួន​ដែល​អាច​ជួយ​មិត្តភក្ដិ​របស់​អ្នក សូម​ពិចារណា​អំពី​របៀប​ដែល​គោលលទ្ធិ​នៃ​ការស្ដារឡើងវិញ និង​គ្រា​កាន់កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេលពេញ​កំណត់​អាច​ពង្រឹង និង​លើក​ទឹកចិត្ត​នាង ។

២. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដែល​នៅក្រោម​គោលការណ៍​នីមួយៗ​នៃ​គោលការណ៍​បី​ខាងក្រោម​នេះ ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​ជំហាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​លើក​ទឹកចិត្ត​មិត្តភក្តិ​របស់​អ្នកឲ្យ​ធ្វើ ដើម្បី​ឲ្យ​នាងធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ?

  • តើ​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​អាច​ជួយ​មិត្តភក្តិ​របស់​អ្នក​ដោះស្រាយ​សំណួរ និង​កង្វល់​របស់​នាង​យ៉ាង​ដូចម្ដេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការស្ដារ​ឡើងវិញ ?

  • តើ​ការ​រក្សា​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​អាច​ជួយ​ទាំង​អ្នក និង​មិត្តភក្តិ​របស់​អ្នក​ក្នុង​ស្ថានភាព​នេះ​ដោយ​របៀប​ណា ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​សេចក្ដីពិត​ដែល​បាន​រកឃើញ​នៅក្នុង អេភេសូរ ១:១០ អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​ដោយ​របៀប​ណា ?

  • ប្រសិនបើ​អ្នក​មាន​ពេល​បន្ថែម​មុន​ឆ្លើយតប​ទៅ​មិត្តភក្តិ​របស់អ្នក តើ​អ្នក​អាច​ពិនិត្យមើល ឬ​សិក្សា​អ្វីខ្លះ ? តើ​ប្រភព​អ្វីខ្លះ​ដែល​អ្នក​អាច​អញ្ជើញ​មិត្តភក្តិ​របស់​អ្នក​ឲ្យ​សិក្សា​ដោយ​ខ្លួនឯង ? ហេតុអ្វី ?