ថ្នាក់​សិក្ខាសាលា
កាឡាទី ៥


កាឡាទី ៥

« ដើរ​ក្នុង​ព្រះវិញ្ញាណ »

រូបភាព
យុវវ័យ​មួយ​ក្រុម​ដើរ​សំដៅ​ទៅកាន់​ ព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ពុះហែក​រវាង​ចិត្ត​ដែល​ទោរទន់​ទៅរក​ការ​ល្បួង និង​ចិត្ត​ដែល​ចង់​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​រស់នៅ​ដោយ​សុចរិត​ដែរ​ឬ​ទេ ? សាវក​ប៉ុល​បាន​ពិពណ៌នា​អំពី​ការ​ប្រទាញ​ប្រទុង​ដែល​អាច​កើត​ឡើង​រវាង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​រូបកាយ​រមែង​ស្លាប់ រូបកាយ​មិន​ល្អ​ឥត​ខ្ចោះ និង​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើ​អំពើ​ល្អ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ផ្តល់​ឱកាស​ឲ្យ​អ្នក​កំណត់​ផ្លូវ​ដែល​អ្នក​អាច « ដើរ​ក្នុង​ព្រះវិញ្ញាណ » បាន​កាន់តែ​ពេញលេញ ( កាឡាទី ៥:១៦ ) ។

ការទាញ​ព្រ័ត្រ

រូបភាព
បុរស​បួននាក់​កំពុង​ទាញ​ខ្សែ​ពួរ​ក្នុង​ការទាញ​ព្រ័ត្រ ។
  • តើ​ជីវិត​របស់​អ្នក​ប្រៀប​ដូច​ជា​ការទាញព្រ័ត្រ​ដោយ​របៀប​ណា ?

នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​ពួក​កាឡាទី សាវក​ប៉ុល​បាន​ពិពណ៌នា​អំពី​កម្លាំង​ប្រកួតប្រជែង​ពីរ​ដែល​អាច​ទាញ​យើង​ទៅក្នុង​ទិសដៅ​ពីរ​ផ្សេងគ្នា ។ សូម​អាន កាឡាទី ៥:១៦–១៧ ដោយ​ស្វែងរក​ការប្រឹក្សា​របស់​ប៉ុល​អំពី​កម្លាំង​ទាំងនេះ ។

  • តើ​កម្លាំង​ប្រកួតប្រជែង​អ្វីខ្លះ ដែល​អ្នក​បាន​សម្គាល់​ឃើញ​ពី​ខគម្ពីរ​ទាំងនេះ ?

« សេចក្តី​ប៉ងប្រាថ្នា [ នានា ] ខាង​សាច់​ឈាម » ( ខទី ១៦ ) គឺជា​ការល្បួង​ដែល​យើង​ជួបប្រទះ ។

  • តើ​ការ​ល្បួង​ខាង​សាច់​ឈាម ( សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម ) អ្វី​ខ្លះ​ដែលយុវវ័យ​ជួប​ប្រទះ ?

សូម​ប្រៀបធៀប​ចម្លើយ​របស់អ្នក​ជាមួយនឹង​បញ្ជី​របស់​ប៉ុល​នៅក្នុង កាឡាទី ៥:១៩–២១ ។

សូម​ចំណាយ​ពេលបន្តិច ដើម្បី​ពិចារណា​ដោយ​ស្ងៀមស្ងាត់​អំពី​របៀប​ដែល​ការអូសទាញខាង​ព្រះវិញ្ញាណ​ប្រឆាំង​នឹង​សេចក្តី​ប៉ងប្រាថ្នា​ខាងសាច់ឈាម អាច​នឹង​កើតឡើង​នៅក្នុង​ជីវិតរបស់អ្នក ។ តើ​អ្នក​អាច​ទប់ទល់​នឹង​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដោយ​របៀប​ណា ? តើ​អ្នក​មាន​ពរជ័យ​យ៉ាង​ណា ពេល​អ្នក​ធ្វើតាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ? នៅពេល​អ្នក​បន្តសិក្សា សូម​យកចិត្តទុកដាក់​លើ​ការបំផុសគំនិត​ខាងវិញ្ញាណ ដែល​អាច​ជួយអ្នកឲ្យ​ដឹង​ពីការ​កែតម្រូវ​ណាមួយ​ដែលអ្នក​អាចធ្វើបាន ដែលនឹង​ជួយអ្នក​ឲ្យ​យកឈ្នះ​លើការល្បួង​ដែល​អ្នក​ប្រឈម​មុខ ។

ការចៀសវាង​កិច្ចការ​ខាង​សាច់ឈាម​ទាំងឡាយ

សូម​អាន កាឡាទី ៥:២១ ដោយ​រកមើល​ថា​ហេតុអ្វី​វា​សំខាន់​ដើម្បី​ចៀសវាង​ពី​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​យើង​គួរ​ចៀសវាង​នូវ​សកម្មភាព​ទាំងនេះ ?

  • តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ចៀស​ផុត​ពី​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម ទោះ​បី​យើង​ដឹង​ថា​ជារឿង​ដែល​ខុស​ក្តី ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់ អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ឆ្នាំ ២០២០ ។

ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ យើង​បាន​គ្រង​សមត្ថភាព​ដ៏ទេវភាព​មកពី​ទ្រង់ ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ធ្លាក់ ។ ក្រៅពី​រូបកាយ​យើង រាល់​ធាតុ​ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង​តាម​ធម្មជាតិ​ដែល​ស្រុត​រលំ ហើយ​រង​នូវ​ឥទ្ធិពល​នៃ​អំពើ​បាប ការ​ពុករលួយ និង​ក្ដី​ស្លាប់​ជារៀងដរាប ។ ដូច្នេះ ការ​ធ្លាក់​របស់​អ័ដាម និង​លទ្ធផល​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​វា​ជះឥទ្ធិពល​មក​លើ​យើង​យ៉ាង​ខ្លាំង​តាមរយៈ​រូបកាយ​យើង ។ …

ដោយសារ​រូបកាយ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ផែនការ​សុភមង្គល​នៃ​ព្រះវរបិតា និង​ការ​អភិវឌ្ឍ​ខាង​វិញ្ញាណ​យើង លូស៊ីហ្វើរ ព្យាយាម​បង្អាក់​ការ​រីកចម្រើន​យើង​ដោយ​ល្បួង​យើង​ឲ្យ​ប្រើ​រូបកាយ​ដោយ​មិន​ត្រឹមត្រូវ ។ ការ​ចំអក​មួយ​ដ៏​ធំ​បំផុត​នៃ​ភាព​អស់​កល្ប​គឺ​ថា មារ​សត្រូវ​ដែល​មាន​ទុក្ខ​វេទនា​យ៉ាង​ជាក់​ច្បាស់​ដោយ​សារ​វា​គ្មាន​រូបកាយ​នោះ បាន​ទាក់ទាញ​យើង​ឲ្យ​ចែក​រំលែក​ទុក្ខ​វេទនា​របស់​វា​តាម​រយៈ​ការ​ប្រើ​រូប​កាយ​យើង​មិន​ត្រឹមត្រូវ ។ ដូច្នេះ ឧបករណ៍​តែ​មួយ​គត់​ដែល​វា​គ្មាន គឺ​ជា​គោលដៅ​ចម្បង​នៃ​ការ​ប៉ុនប៉ង​របស់​វា​ដើម្បី​បញ្ឆោត​យើង​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​ខាង​វិញ្ញាណ ។

( ដេវីដ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ )

  • តើពាក្យ ឬ​ឃ្លា​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​ចេញពី​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ ? ហេតុអ្វី ?

ការជ្រើសរើស​ដើរ​ក្នុងព្រះវិញ្ញាណ

សូមអាន កាឡាទី ៥:១៦ ម្ដងទៀត ដោយ​រកមើល​ការបង្រៀន​របស់​ប៉ុល​អំពី​របៀប​ដែល​យើង​អាច​យកឈ្នះ​លើការល្បួង​ខាងសាច់ឈាម​បាន ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី កាឡាទី ៥:១៦ គឺ​ថា នៅពេល​យើងដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​យើង​នឹង​អាច​យកឈ្នះ​លើ​ការល្បួង​ខាង​សាច់ឈាម​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។ 

  • តើ​អ្នក​គិត​ថាការ « ដើរ​ក្នុង​ព្រះវិញ្ញាណ » មាន​ន័យ​យ៉ាង​ណា ?

  • តើ​អ្នក​គិត​ថា​ការដើរ​ក្នុង​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការល្បួង​ខាង​សាច់ឈាម​ដោយ​របៀបណា ?

សូមអាន ម៉ូសាយ ៣:១៩ និង គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១២ ដោយ​ស្វែងរក​ការបង្រៀន​ដែល​អាចជួយ​អ្នកឲ្យ​យល់កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការដើរក្នុង​ព្រះវិញ្ញាណ ។

១. សូម​ឆ្លើយសំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​គំនិត ឬ​ចំណាប់​អារម្មណ៍​អ្វីខ្លះ​ដែល​អ្នក​មាន នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការល្បួង​ដែល​អ្នក​ប្រឈម​មុខ ?

  • តើ​មាន​រឿង​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធានា​ថា​មាន​ព្រះវិញ្ញាណ​កាន់តែ​ពេញលេញ​ជាមួយ​អ្នក ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​ការ​ធ្វើ​តាម​ព្រះវិញ្ញាណ​បាន​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការល្បួង ? ( ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​លម្អិត​ដែល​មាន​លក្ខណៈ​បុគ្គល​ពេក​មិនត្រូវ​​យកមក​ចែកចាយ​នោះ​ទេ ) ។

ផលផ្លែ​នៃ​ព្រះវិញ្ញាណ

រូបភាព
គំនូរ​ដើមឈើ​ដែល​មាន​ផ្លែ​ល្អ

ប៉ុល​បាន​ឲ្យ​និយមន័យ​ពរជ័យ​ជាច្រើន​ដែល​អាច​កើត​មាន​ឡើង​នៅក្នុង​ជីវិត​របស់​យើង នៅពេល​យើង​ស្តាប់ និង​ធ្វើតាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។ លោក​បាន​ហៅ​ពរជ័យ​ទាំងនេះ​ថា​ជា « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ » ( កាឡាទី ៥:២២ ) ។

សូមអាន កាឡាទី ៥:២២–២៣ ដោយ​រកមើល​ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដែល​ប៉ុល​បាន​ឲ្យ​និយមន័យ ។

២. សូម​ឆ្លើយ​សំណួរ​មួយ ឬ​ទាំងពីរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពរជ័យ​ ឬ​អារម្មណ៍​ទាំងនេះ​ណាមួយ​មក​ពី​ព្រះវិញ្ញាណ​ដែល​អ្នក​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​របស់​អ្នក ?

  • តើ​ពរជ័យ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? ( ប្រសិនបើ​ចាំបាច់ សូមមើល ទំនុក​ដំកើង ២៥:៨–១០; ម៉ូសាយ ២:៤១ ) ។

អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន

ព្រះយេស៊ូវ​គ្រីស្ទ ដែល​តែងតែ​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​សួគ៌ ( សូមមើល នីហ្វៃទី៣ ២៧:១៣ ) គឺជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ការរស់នៅ​តាមរបៀប​មួយ ដើម្បី​យកឈ្នះ​លើការល្បួង​ឲ្យ​ធ្វើអំពើបាប ។ ទោះ​ជា​ទ្រង់​បាន​រង​ទុក្ខ​នៃ​ការល្បួង​គ្រប់​បែប​យ៉ាង​ខាង​សាច់ឈាម​ក៏ដោយ ( សូមមើល ហេព្រើរ ៤:១៥; អាលម៉ា ៧:១១ ) ក៏ទ្រង់ « មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំងនោះ​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:២២ ) ។

សូម​ពិចារណា​មួយ​ភ្លែត​ពី​របៀប​ដែល​អ្នក​នឹង​ខិតខំ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុវត្ត​តាម​សេចក្តីពិត​ដែល​អ្នក​បាន​សិក្សា​ថ្ងៃនេះ ។ សូម​គិត​អំពី​ការបំផុសគំនិត​ណាមួយ​ដែល​អ្នកបាន​ទទួល​រួចហើយ ហើយ​ដាក់​ផែនការ​មួយ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ដើរ​កាន់​តែពេញលេញ​ក្នុង​ព្រះវិញ្ញាណ ហើយ​យកឈ្នះ​លើការល្បួង ។ សូម​កត់ត្រា​ផែនការ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការ​ធ្វើ​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ខ្ញុំ​ឲ្យ​ទប់ទល់ និង​យកឈ្នះ​លើ​ការល្បួង​ដោយ​របៀបណា ?

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០០ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ។

ជីវិត​នេះ​មិនរំពឹង​ថា អ្នក​មិនដែល​ធ្វើ​ខុស​នោះទេ ប៉ុន្តែ​អ្នក​នឹង​មិន​ធ្វើកំហុស​ធំៗ​ដោយ​គ្មាន​ការព្រមានប្រាប់​ជាមុន តាមរយៈ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​នោះ​ឡើយ ។ ការសន្យា​នេះ​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់រូប ។ …

បើ​អ្នក​កំពុងតែ​រអិល​ធ្លាក់​ទៅក្នុង​ការណ៍​ទាំងឡាយ ដែល​អ្នក​មិនគួរ​ធ្លាក់​ចូល ឬ​បើ​អ្នក​កំពុង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស ដែល​កំពុង​តែ​អូសទាញ​អ្នក​ចេញ​ទៅក្នុង​ទិសដៅ​ខុស នោះ​គឺ​ជា​ពេលវេលា​ដើម្បី​ការពារ​ឯករាជ្យភាព​របស់​អ្នក​ដែលជា​សិទ្ធិ​ជ្រើសរើស​របស់​អ្នក​ហើយ ។ ចូរ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ ហើយ​អ្នក​នឹង​មិនត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​ឡើយ ។

ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា យុវវ័យ​សព្វថ្ងៃ​នេះ​កំពុងតែ​ស្ថិតនៅ​លើ​ទឹកដី​របស់​មារសត្រូវ​ព្រោះ​បទដ្ឋាន​សីលធម៌​កំពុង​ចុះថយ ។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ការ​ការពារ​ពី​ការវាយ​ប្រហារ​របស់​មារសត្រូវ ប្រសិនបើ អ្នក​នឹង​ស្ដាប់​តាម​ការបំផុស​ដែល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

( ប៊យដ៍ ឃេ ផាកកឺ « Counsel to Youth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៨ )

ដើម្បី​មើល​ការបង្ហាញ​នៃ​លទ្ធផល​នៃ​ការបំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម និង​ការ​ដើរ​ក្នុង​ព្រះវិញ្ញាណ សូម​មើល​វីដេអូ « LDS Addiction Recovery Program: Meet Sidreis » ( ៣:០៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។