ថ្នាក់​សិក្ខាសាលា
អេភេសូរ ២–៥


អេភេសូរ ២–៥

ការស្វែងរក​សេចក្តីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច

រូបភាព
យុវនារីអង្គុយ​នៅ​ក្នុង​ផ្ទះ​អាន​ព្រះគម្ពីរ​ដែលត្រូវ​បាន​គូសបញ្ជាក់ ។ (horiz)

តើ​អ្នក​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ស្វែង​រក​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគម្ពីរ​កម្រិត​ណា ? ពួក​ព្យាការី​បង្រៀន​សេចក្ដីពិត​ដែល​មក​ពី​ព្រះវរបិតាសួគ៌ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ។ ឧទាហរណ៍ ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​ក្រុង​អេភេសូរ​អំពី​ការ​យកឈ្នះ​លើ​លោកិយ៍ ហើយ​ប្រែ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ គោលបំណង​​នៃ​មេរៀននេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​ស្វែងរក​សេចក្តីពិត​ពី​ព្រះគម្ពីរ​ដែលនឹង​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក ហើយនាំ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។

ការស្វែងរក​តម្លៃ

វីដេអូ « Flecks of Gold » ( ៣:១៥ ) គឺ​និយាយ​អំពី​បុរស​ពីរនាក់​ដែល​ស្វែងរក​មាស ។ សូម​អាន​ដំណើររឿង ឬ​មើល​វីដេអូ​ដែល​អាចរក​បាន​នៅលើ​គេហទំព័រ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ២:២៦ ។ សូម​គិត​អំពី​មេរៀន​ខាងវិញ្ញាណ​ណាមួយ​ដែល​អ្នក​រៀន​ពី​វា ។

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ជារឿយៗ យើង​ដូចជា​ឈ្មួញ​វ័យក្មេង​មក​ពី​បូស្តុន ដែល​នៅ​ឆ្នាំ ១៨៤៩ ដូច​ដែល​បាន​រៀបរាប់​រួចមក​ហើយ​នោះ បាន​ចូលរួម​យ៉ាង​ឈ្មុស​ឈ្មុល​ក្នុង​ការ​ជីកមាស​នៅរដ្ឋ​កាលីហ្វ័រញ៉ា ។ គាត់​បាន​លក់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់​ដើម្បី​ស្វែងរក​សំណាង​របស់គាត់​នៅក្នុង​ទន្លេ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​គេ​បាន​ប្រាប់គាត់​ថា​សម្បូរ​ដុំមាស​ដ៏ធំៗ​ជាច្រើន​ដែល​មនុស្ស​ម្នាក់​លើក​ស្ទើរ​មិនរួច ។

កាន់តែយូរៗទៅ យុវជន​រូប​នោះ​បាន​ជ្រមុជ​ឆ្នាំង​របស់គាត់​ទៅក្នុង​ទន្លេ ហើយ​លើក​មកវិញ​គ្មានបាន​អ្វី​សោះ ។ រង្វាន់តែ​មួយ​គត់​របស់គាត់​គឺ​ដុំ​ថ្ម​មួយ​ពំនូក​ប៉ុណ្ណោះ ។ ដោយ​បាក់ទឹកចិត្ត និង​គ្មាន​អ្វី​សល់​សោះ គាត់​ត្រៀម​ខ្លួន​ចុះចាញ់ រហូត​ដល់​ថ្ងៃ​មួយ មាន​អ្នក​រកមាស​វ័យ​ចំណាស់​ដែល​មាន​បទពិសោធន៍​ម្នាក់​បាន​និយាយ​ទៅ​គាត់ថា « ឯង​រកបាន​ថ្ម​មួយ​ពំនូក អ្នក​កម្លោះ​អើយ » ។

យុវជន​រូប​នោះ​ឆ្លើយតប​ថា ៖ « គ្មាន​មាស​នៅ​ទី​នេះ​ទេ ។ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ » ។

ដោយ​ដើរ​ទៅ​កាន់​គំនរ​ថ្មនោះ អ្នក​រែងមាស​វ័យ​ចំណាស់​នោះ​និយាយ​ថា « អូ៎ មាស​មាន​ពិតប្រាក​មែន ។ ឯង​គ្រាន់តែ​ត្រូវដឹង​កន្លែង​ដែល​ត្រូវ​រក​វា​ប៉ុណ្ណោះ » ។ គាត់​បាន​រើស​ដុំ​ថ្ម​ពីរដុំ​ឡើង ហើយ​គោះ​វា​ជាមួយ​គ្នា ។ ដុំ​ថ្ម​មួយ​បានបែក ហើយ​ចេញ​ជា​បំណែក​ដុំ​មាស​តូចៗ ជះពន្លឺ​ចែង​ចាំង​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ ។

ដោយ​បានឃើញ​ថង់​ស្បែក​ដែលក្រវ៉ាត់​ជាប់​នឹង​ចង្កេះ​អ្នក​រកមាស​នោះ យុវជន​នោះ​បាន​និយាយ​ថា « ខ្ញុំ​កំពុង​រកមើល​ដុំមាស​ដូច​នៅក្នុង​ថង់របស់​ពូ​ហ្នឹង​មិន​មែន​ជា​បំណែក​មាស​តូចៗ​នេះ​ទេ » ។

អ្នករែងមាស​វ័យចំណាស់​បានបើក​ថង់​របស់គាត់ឲ្យ​យុវជន​នោះ​មើល យុវជន​នោះ​បាន​មើល​ខាងក្នុង​ដោយ​រំពឹង​ថា​នឹង​ឃើញដុំ​មាសធំៗ​ជាច្រើន ។ គាត់​បាន​ស្រឡាំងកាំង​ពេល​ឃើញ​កាបូប​នោះ​មានសុទ្ធតែ​បំណែក​មាសតូចៗ​រាប់​ពាន់បំណែក ។

អ្នក​រែង​មាស​វ័យចំណាស់បាននិយាយថា « អ្នក​កម្លោះអើយ ឯងមើលទៅ​ហាក់ដូចជា​កំពុង​រវល់​រកមើល​ដុំមាស​ធំៗ ដែល​ធ្វើ​ឲ្យ​ឯង​ខកខាន​មិន​បាន​បំពេញ​បំណែក​មាស​តូចៗ​ដែល​មាន​តម្លៃ​ទាំងនេះ​ទៅក្នុង​ថង់​របស់​ឯង​ ។ ការ​ប្រមូល​បំណែក​មាស​តូចៗ​ទាំង​នេះ​ដោយ​ការ​អត់​ធ្មត់ បាន​នាំឲ្យ​ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន » ។

( អិម រ័សុល បាឡឺដ « Finding Joy through Loving Service » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៦ )

  • តើ​ដំណើរ​រឿង​នេះ​អាច​ទាក់ទង​នឹង​ការស្វែងរក​សេចក្ដីពិត​នៅក្នុង​ព្រះគម្ពីរ​ដោយ​របៀបណា ?

សូម​អាន​សេចក្តីថ្លែង​ការណ៍​ខាងក្រោម ហើយ​ដាក់​ចំណាត់ថ្នាក់​ពី​មួយ​ទៅ​ប្រាំ​ថាតើ​វា​ពិត​កម្រិត​ណា​សម្រាប់​អ្នក ( មួយ = មិនពិតសម្រាប់ខ្ញុំ ប្រាំ = ពិតសម្រាប់ខ្ញុំ​ជានិច្ច )

  • ខ្ញុំ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ខ្ញុំ​ក្នុង​ការ​ស្វែងរក​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ព្រះគម្ពីរ​ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ការស្វែងរក​សេចក្ដីពិត​នៅក្នុង​ព្រះគម្ពីរ​គឺជា​ពរជ័យ​មួយ​នៅក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ជួយ​ខ្ញុំឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ការស្វែងរក​សេចក្ដី​ពិត​នៅក្នុង​ព្រះគម្ពីរ

សេចក្ដីពិត​ខ្លះ​ក្នុង​បទគម្ពីរ​ពិបាក​រក​ជាង​សេចក្ដីពិត​ខ្លះ​ទៀត ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​កំណត់​សេចក្ដីពិត​នៅក្នុង​សារលិខិត​របស់​ប៉ុល​ទៅកាន់​ពួកបរិសុទ្ធ​នៅ​អេភេសូរ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អ្នក​ដោយ​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​អំពី​សេចក្ដីពិត​ទាំងនេះ ( សូមមើល មរ៉ូណៃ ១០:៥; យ៉ូហាន ១៦:១៣ ) ។

កាល​ដែល​ប៉ុល​ជាប់​ទោស​នៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​នៅ​ទីក្រុងរ៉ូម លោក​បានសរសេរ​ទៅ​ពួកអេភេសូរ​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ និង​ប្រឹក្សា​ពួកគេ​អំពី​របៀប​បន្តចូល​ទៅកាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​យកឈ្នះ​លើ​ការវាយប្រហារ​ខាងវិញ្ញាណ​របស់​អារក្ស ។ សូម​អនុវត្ត​ស្វែងរក​សេចក្តីពិត​នានា​ពី​អ្វី​ដែល​ប៉ុល​បាន​ចែកចាយ​ជាមួយ​ពួកបរិសុទ្ធ​ទាំងនេះ ។

ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ស្វែងរក​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ។ សូមអាន អេភេសូរ ២:៤–១០ ហើយ​ធ្វើ​តាម​ជំហាន​ខាងក្រោម​នេះ ៖

  1. សូម​រកមើល​ពាក្យ ឃ្លា ឬ​ខគម្ពីរ​ដែល​ហាក់​ដូចជា​មាន​សារៈសំខាន់​ជាពិសេស ។ សូម​ពិចារណាគូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សង្ខេប​គំនិត​សំខាន់ៗ​នៃ​ពាក្យ ឃ្លា ឬ​ខគម្ពីរ​ទាំងនេះ ។ ( ឧទាហរណ៍ តើ​អ្នក​អាច​សង្ខេប​នូវ​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ព្រះគុណ​នៅ​ក្នុង ខទី ៨ ដែរ​ឬ​ទេ ? )

  3. សូម​បង្កើត​អ្វី​ដែល​អ្នក​បានរៀន​ទៅជា​សេចក្តី​ថ្លែងការណ៍​នៃ​សេចក្តីពិត ដែល​អ្នក​អាច​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើសេចក្ដីពិត​អ្វីមួយ​ដែល​អ្នក​បាន​រកឃើញ ? តើ​អ្នក​ស្វែងរក​សេចក្ដីពិត​នោះ​ដោយ​របៀប​ណា ?

  • តើ​សេចក្ដីពិត​នេះ​អាច​ជួយ​អ្នក​ស្គាល់​សេចក្តីស្រឡាញ់​របស់​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ចំពោះ​អ្នក ឬ​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​ទាំងទ្វេ​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​អនុវត្ត​ដោយ​របៀប​ណា ឬ​តើ​អ្នក​អាច​អនុវត្ត​សេចក្ដីពិត​នេះ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

អនុវត្ត​ការស្វែងរក​សេចក្តីពិត​នានា

សូម​ប្រើ​ជំហាន​ដែល​បាន​សរសេរ​ពីមុនៗ ។ សូម​ជ្រើសរើស​សំណុំ​នៃ​ខគម្ពីរ​មួយ ឬ​ពីរ​ខាងក្រោម​នេះ ហើយ​ស្វែងរក​សេចក្ដីពិត​ដ៏នៅ​អស់កល្បជានិច្ច​នៅក្នុង​ខគម្ពីរ​ទាំង​នោះ ។

  • អេភេសូរ ៣:១៣–១៩

  • អេភេសូរ ៤:២០–៣២  ( វា​អាច​ជា​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា « មនុស្សចាស់ » នៅក្នុង​ខគម្ពីរ​ទាំងនេះ​ជា​និមិត្តរូប​នៃផ្លូវ​ខុស​ពី​មុន ហើយ​ថា « មនុស្ស​ថ្មី » ជា​និមិត្តរូប​នៃ​ការ​រស់នៅ​ក្នុង​ជីវិត​សុចរិត​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ) ។

  • អេភេសូរ ៥:១៧–២១

សូម​ជ្រើស​យក​សេចក្តីពិត​មួយ​ដែល​អ្នក​បាន​រកឃើញ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​អ្នក ឬ​ជួយ​អ្នកឲ្យ​កាន់តែ​ដូចទ្រង់​ទាំងទ្វេ ។

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ដោយប្រើ​ធនធាន​ដែល​មាន​សម្រាប់អ្នក ( ក្រដាស ខ្មៅដៃ​ពណ៌ ឧបករណ៍​ឌីជីថល និង​ធនធាន​ផ្សេងៗទៀត ) សូម​បង្កើតប័ណ្ណប្រកាស​ដែល​អាច​ដាក់​បញ្ចូល​ក្នុង​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​រួមបញ្ចូល​ចំណុច​ខាងក្រោម​នៅលើ​ប័ណ្ណ​របស់អ្នក ៖

  • គោលការណ៍​ដែល​អ្នក​បានស្វែងរក និង​ខគម្ពីរ ឬ​ខគម្ពីរនានា​ដែល​អ្នក​បាន​រកឃើញ​វា

  • រូបភាព ឬ​គំនូរ​សាមញ្ញ​ដែល​ជួយ​អ្នក​អាន​យល់​ពីសេចក្ដីពិត ឬ​បង្ហាញ​ពី​របៀប​ដែល​នរណា​ម្នាក់​អាច​ប្រើ​សេចក្ដីពិត​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ចែកចាយ​ប័ណ្ណប្រកាស​របស់អ្នក​ជាមួយ​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​របស់អ្នក​ ។ សូម​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ពី​ប័ណ្ណប្រកាស​នេះ ហើយ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់អ្នក​អំពី​សេចក្ដីពិត​ដែល​ប័ណ្ណប្រកាស​បង្ហាញ ។

ការគិត​ពិចារណា​ពី​ការស្វែងរក​សេចក្ដីពិត

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គិត​អំពី​បទពិសោធន៍​របស់​អ្នក​ក្នុង​ការ​ស្វែងរក​សេចក្ដីពិត​ដ៏នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ព្រះគម្ពីរ ។

  • តើ​អ្នក​មាន​អារម្មណ៍ថា​អ្នក​ជោគជ័យ​តាមរបៀបណា​ខ្លះ ?

  • តើ​អ្វីខ្លះ​ដែល​ពិបាក ?

  • តើ​ការស្វែងរក​សេចក្ដីពិត​បាន​ជួយ​អ្នកឲ្យ​ឃើញ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​អ្នក​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​សព្វ​ថ្ងៃ​នេះ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​អ្នក​ដោយ​របៀបណា ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

អេភេសូរ ២:៤–៩ ។ តើ​អ្វី​ទៅ​ជា​ព្រះគុណ ហើយ​តើ​វា​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ ?

អំឡុង​ការបម្រើ​ជា​សមាជិក​ក្នុង​គណៈប្រធាន​ទីមួយ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​ឲ្យ​និយមន័យ​ព្រះគុណ​របស់​ព្រះ​ថាជា « ជំនួយ​ដ៏​ទេវភាព និង​អំណោយទាន​ពិសិដ្ឋ​នៃ​កម្លាំង ដោយ​តាម​កម្លាំង​ដដែល​នេះ យើង​អាច​រីកចម្រើន​ពី​បុគ្គល​ដែល​មាន​កំហុស និង​មាន​កម្រិត​ក្នុង​ពេល​នេះ ទៅ​ជា​បុគ្គល​ដែល​ត្រូវបាន​សង្គ្រោះ​ក្នុង ‹ សេចក្តីពិត និង​ពន្លឺរហូត​ដល់ [ យើង​បាន ] តម្កើង​ឡើង​នៅ​ក្នុង​សេចក្ដីពិត ហើយ [ ស្គាល់ ] ការណ៍​គ្រប់​យ៉ាង › [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:២៨ ] » ( « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ) ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រះគុណ សូម​ពិចារណា​អានសុន្ទរកថា​ទាំងស្រុង ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

សម្រាប់​ការយល់ដឹង​បន្ថែម​អំពី​ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ សូមអាន ម៉ូសាយ ២:២០–២៤ និង ភីលីព ២:១២–១៣​ ។

អេភេសូរ ៤:២២ ។ តើ​ការ « បាន​…ដោះ​មនុស្សចាស់ » មាន​ន័យ​ដូច​ម្ដេច ?

ប៉ុល​បាន​បង្រៀន​ថា នៅពេល​យើង​ជ្រើសរើស​ទទួល​យក​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​បញ្ចប់​មាគ៌ា​ចាស់​របស់​យើង ( ឬ « បាន…ដោះ​មនុស្សចាស់ » [ អេភេសូរ ៤:២២ ] ) ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី​ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល រ៉ូម ៦:១–៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៣៧ ) ។ ការណ៍នេះ​រួម​ទាំង​ការបោះបង់ចោល​អំពើ​បាប​របស់​យើង និង​អ្វី​ដែល​អាច​រារាំង​យើង​ពី​ការ​ចូល​ទៅកាន់តែ​ជិត​ព្រះវរតាសួគ៌ ។ យើង​មិន​អាច​ធ្វើ​ឲ្យ​ដំណើរការ​នេះ​កើតឡើង​ដោយ​ខ្លួនឯង​បាន​ទេ ។ វា​កើតឡើង​បាន​ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ និង​ឥទ្ធិពល​នៃ​ការញែក​ជា​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ។