ថ្នាក់​សិក្ខាសាលា
អេភេសូរ ២


អេភេសូរ ២

ព្រះយេស៊ូវ​គ្រីស្ទ​ជា​ថ្មជ្រុង​យ៉ាងឯក

រូបភាព
Global Visual Library Low-Fidelity Symbol Knockout

ពួកបរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​អេភេសូរ ដែល​ធ្លាប់​ជា​សាសន៍​ដទៃ​មុន​ការ​ប្រែចិត្ត​ជឿ​របស់​ពួកគេ​ប្រហែល​ជា​មាន​អារម្មណ៍​ដូចជា « អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ » ( អេភេសូរ ២:១៩ ) នៅពេល​ពួកគេ​ថ្វាយបង្គំ​ជាមួយ​នឹង​ពួក​គ្រីស្ទាន​សាសន៍​យូដា ។ ប៉ុល​បាន​រំឭក​ដល់​ពួកបរិសុទ្ធ​នៃ​ក្រុង​អេភេសូរ​ថា ពួកគេ​បាន​រួបរួម​គ្នា​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ជា « ជាតិ​តែ​​មួយ … ជា​ពួក​ដំណាក់​ព្រះ​វិញ » ( អេភេសូរ ២:១៩ ) ។ ព្រះវិហារ​ដែល​ពួកគេ​ជាសមាជិក​នៅទីនោះ ឥឡូវនេះ​ត្រូវ​បាន​សាងសង់​នៅលើ​គ្រឹះ​នៃ​ព្រះគ្រីស្ទ និង​ពួកសាវក និង​ពួក​ព្យាការី​របស់​ទ្រង់ ហើយ​មាន​អំណាច​ដើម្បី​ប្រទានពរ​ដល់​ពួកគេ នៅពេល​ពួកគេ​មក​ជាមួយ​គ្នា​ដោយ​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់ និង​ស្វែងរក​ពរជ័យ​ដែល​មាន ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅសព្វ​ថ្ងៃ​នេះ តាមរយៈ​ពួក​ព្យាការី និងពួក​សាវក ។

អារម្មណ៍​នៃ​ភាព​ជា​ចំណែក

  • ហេតុអ្វី​បុគ្គល​ម្នាក់​អាច​មាន​អារម្មណ៍​ថា ពួកគេ​មិន​ចុះ​ចំណោម​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ?

  • ប្រសិន​បើ​នរណា​ម្នាក់​​មាន​អារម្មណ៍​ថា ពួកគេ​មិន​ចុះ​ចំណោម​ក្នុង​សាសនាចក្រ​នេះ តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វី​ដល់​ពួកគេ ?

សូម​សញ្ជឹងគិត​អំពី​អារម្មណ៍​របស់អ្នក​ចំពោះ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ តើ​នៅ​ពេល​ណា​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​នៃ​ការរួម​ចំណែក​ដ៏​ខ្លាំងក្លា​នៅក្នុង​សាសនាចក្រ ? តើ​មាន​ពេល​ណា​ខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​ចុះ​ចំណោម​នឹង​គេ ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ទទួល​បាន​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ? នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​សេចក្ដីពិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យើង ដែល​អាច​បង្រួបបង្រួម​យើង​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

ការបំបែក​របាំង​ដែល​រារាំង

រូបភាព
រូបភាពជិត_១៦១ នៃព្រះវិហារ​បរិសុទ្ធ​គំរូក្រុង​យេរូសាឡិម

ក្នុងអំឡុង​សម័យ​របស់​សាវកប៉ុល អ្នក​ដែល​មិន​មែន​ជា​សាសន៍​យូដា​បាន​ប្រែចិត្ត​ជឿ​លើ​គ្រិស្ត​សាសនា ( ឬ​អ្នក​ដែល​ពីមុន​ជា​សាសន៍​ដទៃ ) អាច​នឹង​មាន​អារម្មណ៍​ហាក់​ដូច​ជា​ពួកគេ​មិន​ចុះ​ចំណោម​នឹង​ព្រះវិហារ​ផ្សេង​ទៀត ហើយ​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ជា « អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ » ( អេភេសូរ ២:១៩ ) ។ ឧទាហរណ៍ នៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ក្រុងយេរូសាឡិម ពួកគេ​នឹង​មិន​បាន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់ « ជញ្ជាំង​ដែល​ខាន់ » ( អេភេសូរ ២:១៤ ) ទៅ​កាន់​តំបន់​ដ៏​ពិសិដ្ឋ​ជាង​នៃ​ព្រះវិហារ ដែល​មាន​តែ​សាសន៍​យូដា រួម​ទាំង​ពួក​គ្រីស្ទាន​សាសន៏យូដា​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​ទីនោះ​បាន ។ លើស​ពី​នេះ​ទៅ​ទៀត សាសន៍​ដទៃ​មិន​ត្រូវ​បាន​ផ្ដល់​ពរជ័យ​នៃ​ដំណឹង​ល្អ​ទេ រហូត​ដល់​ការ​បើក​សម្ដែង​របស់​ព្រះវរបិតា​សួគ៌​ដល់​ពេត្រុស ( សូម​មើល កិច្ចការ ១០ ) ។

ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​នៅ​ឯ​ក្រុង​អេភេសូរ ដែល​ប្រហែល​ជា​អ្នក​ដែល​ទើបតែ​ប្រែចិត្ត​ជឿ​ថ្មី ។ សូម​អាន អេភេសូរ ២:១២–១៤, ១៨–២១ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ពួក​អេភេសូរ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា ខគម្ពីរ​ទាំង​នេះ​ចាប់​ផ្តើម​ដោយ​ប៉ុល​បាន​អញ្ជើញ​ពួកបរិសុទ្ធ​ទាំងនេះឲ្យ​រំឭក​ពី​ជីវិត​របស់​ពួកគេ​មុនពួកគេប្រែចិត្ត​ជឿ ។ « ពួក​ដំណាក់​ព្រះ » ( ខទី ១៩ ) ដែល​ប៉ុល​បាន​លើក​ឡើង សំដៅ​ទៅ​លើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

អេភេសូរ ២:១៩–២០ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពីវគ្គ​បទគម្ពីរ​នេះ​នៅក្នុង​មេរៀន​បន្ទាប់ ។

ប្រសិន​បើ​អ្នក​ចង់​មើល​ការ​ពណ៌នា​ជា​វីដេអូ​នៃ ChurchofJesusChrist.orgអេភេសូរ ២:១០–២២សូម​ពិចារណា​មើល « Ye Are No More Strangers » ( ២:២៧ ) ដែល​មាន​នៅ​លើគេហទំព័រ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួក​អេភេសូរ​យ៉ាង​ដូចម្ដេច ?

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ដក​របាំង​ទាំងអស់​ដែល​បំបែក​សាសន៍​យូដា​ពី​សាសន៍​ដទៃ ហើយ​ក៏​បំបែក​សាសន៍​ដទៃ​ពី​ព្រះ​ផងដែរ ។ ពួក​សាសន៍​ដទៃ​មិន​ចាំបាច់​ក្លាយ​ជា​សាសន៍យូដា រស់នៅ​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ឬ​កាត់​ស្បែក ដើម្បី​ចូលរួម​សាសនាចក្រ​ទៀតទេ ។ នៅ​ពេល​ពួកគេ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ពួកគេ​ជា « ពួក​ដំណាក់​ព្រះ » ( អេភេសូរ ២:១៩ )—ជា​ផ្នែក​នៃ​រាស្រ្ត​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បំបែក​របាំង​រវាង​យើង និង​អ្នក​ដទៃ​តាម​វិធី​ណា​ខ្លះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល « មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរបិតា … » ( ខទី ១៨ ) តាមរយៈ « ព្រះលោហិត​ទ្រង់ » ( ខទី ១៣ ) ?

  • តើ​អ្នក​នឹង​សង្ខេប​ពរជ័យ​នៃ ខទី ១៩–២១ ទៅកាន់​នរណាម្នាក់​ដែល​មាន​អារម្មណ៍​ថា ពួកគេ​ដូចជា​មិន​ចុះ​ចំណោម​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

  • ហេតុអ្វី​អ្នក​គិត​ថា ប៉ុល​បាន​ប្រៀបធៀប​សាសនាចក្រ​ទៅ​នឹង​ពួក​អ្នក​រស់នៅ​ក្នុង​ផ្ទះ ឬ​គ្រួសារ​មួយ ?

ថ្មជ្រុង​យ៉ាងឯក

នៅ​ជំនាន់​របស់​ប៉ុល ថ្មជ្រុង​យ៉ាងឯក​គឺ​ជា​ថ្ម​ដ៏​ធំ​មួយ​ដាក់​នៅ​ជ្រុង​​គ្រឹះ ។ ថ្មជ្រុង​នៃ​គ្រឹះ​នីមួយៗ​បាន​ទ្រទ្រង់​ទម្ងន់​សំណង់ និង​បំពេញមុខងារ​ដើម្បី​ភ្ជាប់​ជញ្ជាំង ។ មុំ និង​ការ​ដាក់​ថ្ម​ផ្សេង​ទៀត​ត្រូវ​បាន​វាស់​ចេញ​ពី​ថ្មជ្រុង​យ៉ាងឯក​នេះ ។

រូបភាព
រូបភាព​ថ្មជ្រុង​នៃ​ព្រះវិហារ​បរិសុទ្ធ​

សូម​គូរ​ការតំណាង​នៃ​អ្វី​ដែល​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង អេភេសូរ ២:១៩–២១ ។ អ្នក​អាច​ដាក់​ស្លាក​លើ​គំនូរ​របស់​អ្នក​ជាមួយ​ពាក្យ​មក​ពី​វគ្គបទគម្ពីរ​នេះ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់ ?

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​នាំ​ឲ្យ​មានការ​ប្រៀបធៀប​ទ្រង់​ទៅ​នឹង​ថ្មជ្រុង​យ៉ាងឯក​មួយ ?

  • តើ​យើង​អាច​ស្ថាបនា​ជីវិត​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ និង​ពួក​សាវក និងពួក​ព្យាការី​របស់​ទ្រង់​តាម​របៀប​ណាខ្លះ ?

  • តើ​ការស្ថាបនា​ជីវិត​របស់​យើង​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ និងពួក​ព្យាការី និងពួក​សាវក​របស់​ទ្រង់​ជួយ​យើង​ស្វែងរក​កន្លែង និង​គោលបំណង​មួយ​នៅក្នុង​សាសនាចក្រ​ដោយ​របៀបណា ?

គ្រឹះ​របស់អ្នក

នៅពេល​អ្នក​ធ្វើ​សកម្មភាព​មួយ​ចំនួន​ខាងក្រោម សូម​ពិចារណា​សំណួរ​ទាំងនេះ ៖

  • តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដើម្បី​ស្ថាបនា​ជីវិត​របស់​ខ្ញុំ​នៅ​លើ​គ្រឹះ​នៃពួក​ព្យាការី និងពួក​សាវក​ដែល​មាន​ព្រះយេស៊ូវគ្រីស្ទ​ជា​ថ្មជ្រុង​យ៉ាងឯក​នោះ ? តើ​ខ្ញុំ​ធ្លាប់​បាន​ទទួល​ពរជ័យ​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ស្ថាបនា​បន្ថែម​ទៀត​នៅលើ​គ្រឹះ​នេះ​តាម​របៀប​ណាខ្លះ ?

២. សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​យ៉ាងហោច​ណាស់​ពីរ ៖

  1. សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណាពី​ជីវិត​របស់​អ្នក​ថា​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​គ្មាន​ពួក​ព្យាការី និង​ពួក​សាវក​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ សូម​ស្រមៃ​គិត​អំពី​ជីវិត​ដែល​គ្មាន​សិទ្ធិ​អំណាច​ពី​ព្រះអម្ចាស់ និង​ការ​បង្រៀន​ដែល​បំផុសគំនិត ការណែនាំ និង​គំរូ​ដូច​ព្រះគ្រីស្ទ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ពីរបៀប​ដែល​ជីវិត​អាច​មាន​ការផ្លាស់ប្តូរ និង​អ្វី​ដែល​អ្នកអាច​នឹង​ខកខាន​មិន​បាន​ទទួល ។

  2. ក្រោយមក​នៅក្នុង​សំបុត្រ​របស់​លោក ប៉ុល​បានរៀបរាប់​អំពី​ពរជ័យ​បន្ថែមទៀត​ដែល​កើត​ឡើង​តាមរយៈ​ពួក​ព្យាការី ពួក​សាវក និង​អ្នកដឹកនាំ​ដទៃទៀត​នៃ​សាសនាចក្រ​ ។ សូម​អាន អេភេសូរ ៤:១១–១៤ ហើយ​ពិចារណា​ពី​ការ​គូស​សម្គាល់​ពរជ័យ​ទាំងនេះ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុងការ​ដឹងថា គ្រូផ្សាយ​ដំណឹងល្អ​គឺជា​លោកអយ្យកោ ហើយ​គ្រូគង្វាល​សំដៅ​ទៅលើ​អ្នកដឹកនាំ​នៃ​ក្រុមជំនុំ ដូចជា​ប្រធាន​ស្តេក ឬ​ប្រធានមណ្ឌល ប៊ីស្សព ឬ​ប្រធានសាខា ។ សូម​សរសេរ​របៀបមួយ ឬ​ពីរ​ដែល​អ្នក​បាន​ជួបប្រទះ​នឹង​ពរជ័យ​ទាំងនេះ ។

  3. សូម​ជ្រើសយក​ប្រធានបទ​មួយ ឬ​ពីរ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ។ សូម​សរសេរ​ពី​វិធី​ជាក់លាក់​ដែល​ការណែនាំ​មក​ពី​ពួក​សាវក និង​ពួក​ព្យាការី​របស់​ព្រះអម្ចាស់​នេះ​បាន​ជួយ​ដល់​អ្នក ។

  4. សូម​គិត​អំពី​របៀប​ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​ជួយ​អ្នក​ឲ្យ​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​កាន់តែ​ដូចទ្រង់ ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ វីដេអូ​ខាងក្រោម​នេះ ( មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​អ្នក​ឲ្យ​គិតពិចារណា និង​សរសេរ ។

    • « សម្រង់​ចេញ​ពី ‹ The Living Christ: The Testimony of the Apostles › » ( ២:៤៥ )

    • « He Lives: Testimonies of Jesus Christ » ( ២:១១ )

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ?

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​គិត​អំពី​អ្វី​ដែល​អ្នក​បានរៀន ។ សូម​ពិចារណា​អំពី​របៀប​ដែល​ការ​ស្ថាបនា​ជីវិត​អ្នក​នៅលើ​គ្រឹះ​នៃ​ពួក​ព្យាការី និង​ពួក​សាវក ដោយ​មាន​ព្រះយេស៊ូវគ្រីស្ទជា​ថ្មជ្រុង​យ៉ាងឯក​បង្រួបបង្រួម​អ្នក​ជាមួយ « ពួក​ដំណាក់​ព្រះ » ( អេភេសូរ ២:១៩ ) ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ស្ថាបនា​ជីវិត​របស់​អ្នកឲ្យ​កាន់តែ​ខ្លាំង​ឡើង​នៅលើ​គ្រឹះ​នៃ​ពួក​ព្យាការី និង​ពួក​សាវក ដោយ​មាន​ព្រះអង្គ​សង្គ្រោះ​ជា​​ថ្មជ្រុង​យ៉ាងឯក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

អេភេសូរ ២:១៤ ។ តើ​អ្វី​ទៅ​ជា « ជញ្ជាំង​ដែល​ខាន់​កណ្តាល » ដែល​ប៉ុល​បាននិយាយ ?

ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​មានទីលាន ឬ​តំបន់​មួយ​ចំនួន ហើយ​មាន​តែ​មនុស្ស​ខ្លះ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​ក្នុង​ទីលាន​នីមួយៗ​បាន ។ ពួក​សាសន៍​ដទៃ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើងលើ​ភ្នំ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូលទៅ​ក្នុង​ទីលាន​ខាងក្រៅ ហៅថា​ទីលាន​នៃ​ពួកសាសន៍​ដទៃ ។ ប៉ុន្តែ ទីលាន​ខាងក្នុង​នៃ​ព្រះវិហារ​ត្រូវបាន​ការពារ​មិន​ឲ្យ​​សាសន៍​ដទៃ​ចូល​ដោយ​របាំង​ពិសេស ឬ​ជញ្ជាំង​ដែល​មាន​កម្ពស់​ប្រហែល​មួយម៉ែត្រ ។ ប្រសិន​បើ​សាសន៍​ដទៃ​បាន​ឆ្លង​ផុត​ជញ្ជាំង​នេះ គាត់​អាច​នឹង​ត្រូវ​គេ​សម្លាប់ ។ អ្នក​បុរាណ​វត្ថុវិទូ​បានរកឃើញ​ថា​មានដុំ​ថ្មម៉ាប​ចំនួន​ពីរ​ដែល​បង្កើត​ជារបាំង​នេះ ហើយថ្មម៉ាប​ទាំង​នោះ​មាន​សិលាចារឹក​ជា​ភាសាក្រិក និង​ឡាតាំង​ដែល​សរសេរថា « គ្មាន​ពួក​អ្នក​គ្រាន់តែ​សំណាក់​នៅ​ណា​ម្នាក់​អាច​ឆ្លង​កាត់​របាំង​ជុំវិញ​ទីបរិសុទ្ធ​នេះ​ទេ ។ អ្នក​ណា​ដែល​ត្រូវ​គេ​ចាប់​បាន​ពេល​ឆ្លង​របាំង​នេះ អ្នក​នោះ​នឹង​ទទួលទោស​កំហុស​ដែល​ឈានដល់​សេចក្តី​ស្លាប់ » ( រីឆាដ ណៃហ្ស​ល ហូហ្សាហ្វែល, អេរិក ឌី ហាន់មែន, ថូម៉ាស អេ វេមិន Jesus Christ and the World of the New Testament [ ឆ្នាំ ២០០៦ ] ទំព័រ ១៦០ ) ។

បន្ទាប់​ពី​ដំណើរ​ទៅ​ផ្សាយ​សាសនា​ជា​លើក​ទី​បី​របស់​ប៉ុល សាសន៍​យូដា​ខ្លះ​នៅ​ក្រុង​យេរូសាឡិម​បាន​ចោទ​ប៉ុល​អំពី​ការ​នាំ​ពួក​សាសន៍​ដទៃ​ហួស​ពី​របាំង​​នោះ ដែល​នាំឲ្យ​មានកុប្បកម្ម ហើយ​ទីបំផុត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ប៉ុល ( សូមមើល ជនគណនា ១:៥១; កិច្ចការ ២១:២៧–២៩ ) ។

អេភេសូរ ២:២០ ។ ហេតុអ្វី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្ថាបនា​ឡើង​លើ​ពួក​សាវក និង​ពួក​ព្យាការី ដោយ​មាន​ព្រះគ្រីស្ទ​ជា​ថ្មជ្រុង​យ៉ាងឯក ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​គ្រឹះ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ មករា ឆ្នាំ ២០១៨ ។

នៅក្នុង​ជំនាន់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នៅក្នុង​ជំនាន់​ព្រះគម្ពីរ​មរមន និង​នៅក្នុង​សម័យ​ទំនើប​នេះ អ្នក​កាន់តំណែង​ទាំងនេះ​បង្កើត​ជា​ថ្ម​គ្រឹះ​នៃ​សាសនា​ចក្រ​ដ៏​ពិត ដែល​បាន​តែងតាំង​តំណែង និង​ទទួល​បាន​កម្លាំង​របស់​ពួកលោក​ពី​ថ្ម​ជ្រុង​យ៉ាង​ឯក​ជា « សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង​គឺ [ ព្រះយេស៊ូវ ] គ្រីស្ទ ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » [ ហេលេមិន ៥:១២ ] ។ … គ្រឹះ​នៅ​លើ​ព្រះគ្រីស្ទ​បែប​នេះ​គឺ​ជា ហើយ​តែងតែ​ជា​ការការពារ​នៅក្នុង​ជំនាន់​នានា « កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក មែនហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​គួច មែន​ហើយ កាលណា​ព្រិល និង ខ្យល់​ព្យុះ​កំណាច​ទាំងអស់​របស់​វា បោកបក់​មក​លើ​កូន » ។

( ជែហ្វ្រី អ័រ ហូឡិន « Prophets, Seers, and Revelators » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧ )