ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោល​លទ្ធិ ៖ លូកា ២:១០–១២


ចំណេះចំណាន​ខាង​គោល​លទ្ធិ ៖ លូកា ២:១០–១២

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក​ជា​ព្រះអង្គ​សង្រ្គោះ និង​ជា​ព្រះអម្ចាស់

រូបភាព
ព្រះប្រសូតិកម្ម

នៅក្នុង​មេរៀន​មុន អ្នក​បានសិក្សា​ទីបន្ទាល់​របស់​ទេវតា​ដល់​ពួក​អ្នកគង្វាល​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ( សូមមើល លូកា ២:១០–១២ ) ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​បង្ហាញ​ការយល់ដឹង​របស់​អ្នក​អំពី​គោលលទ្ធិ​នេះ នៅពេល​អ្នក​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅនឹង​ស្ថានភាព​ក្នុង​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

សូម​មើល​រូបភាព​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​សូត្រ​សេចក្ដីយោង និង​ឃ្លា​ខគម្ពីរ​សំខាន់ៗ​ពីក្នុង លូកា ២:១០–១២ ៖ « ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ព្រះ‌អម្ចាស់ » ។ សូម​ធ្វើ​សារឡើងវិញ​រហូត​ដល់​អ្នក​មាន​ទំនុកចិត្ត​ថា អ្នក​អាច​សូត្រ​ដោយ​ចាំ​មាត់​បាន ។

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូមមើល​រូបភាព​ពី​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សរសេរ​ពីរ ឬ​បី​ប្រយោគ​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​ព្រឹត្តិការណ៍​ដូច​បាន​បង្ហាញ​នេះ​នាំ​មក​នូវ « ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា​ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ » ( លូកា ២:១០ ) ។

រៀនអនុវត្ត​

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ពិនិត្យ​មើល​គោលការណ៍​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៅ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ ចំពោះ​គោលការណ៍​នីមួយៗ សូម​គូសចំណាំ​យ៉ាង​ហោច​ណាស់​មួយ​ប្រយោគ ដែល​អ្នក​ចង់​ពន្យល់​ពី​គោលគំនិត​នេះ ។

សូម​ពិចារណា​ពី​ស្ថានភាព​ខាងក្រោម ៖

មិត្តភក្តិ​របស់​អ្នក​ម្នាក់​ពុំមែន​ជា​អ្នក​មាន​ជំនឿ​លើ​សាសនា​នោះទេ ថ្មីៗ​នេះ​គាត់​បាន​ឃើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​គូ​កំពុង​និយាយ​ជាមួយ​មនុស្សម្នា​នៅ​ឯ​សួនច្បារ ។ មិត្ដ​របស់​អ្នក​សួរអ្នក​ថា « ហេតុអ្វី​បាន​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពី​ព្រះវិហារ​របស់​ឯង ចេញ​ទៅ​ផ្សព្វផ្សាយ​អំពី​ព្រះយេស៊ូវ ? វា​ហាក់ដូចជា​ព្រះវិហារ​របស់​ឯង​កំពុងតែ​បង្ខិតបង្ខំ​មនុស្ស​ផ្សេង​ឲ្យ​ជឿ​ដូច​ពួកគេ​ដូច្នោះ​ដែរ ។ ហេតុអ្វី​ឯង​មិន​ទុក​ឲ្យ​មនុស្ស​ទាំងនោះ​រីករាយ​តាមជីវិត​រស់នៅ​របស់​ពួកគេ​ទៅ ? »

ដោយ​គិតដល់​ស្ថានភាពនេះ​ក្នុង​ចិត្ត សូម​សិក្សា​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ដូច​ខាងក្រោម ហើយ​ពិចារណា​ពី​របៀប​ដែល​វា​អាច​ជួយអ្នក​ឲ្យ​ឆ្លើយ​នឹង​សំណួរ​របស់​មិត្ត​អ្នក​បាន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

« យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​នៅពេល​យើង​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ ហើយ​បែរ​ទៅរក​ទ្រង់ជា​ដំបូង​បំផុត » ( ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » កថាខណ្ឌទី ៥ ) ។

  • តើ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​រកឃើញ​នៅក្នុង កថាខណ្ឌទី ៥–៧ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ដែល​អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​នេះ​បាន ?

  • តើ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​អាច​ជួយអ្នក​បាន​យ៉ាង​ដូចម្ដេច ពេលអ្នក​ស្វែងរក​ចម្លើយ​សម្រាប់​មិត្ត​របស់អ្នក​នោះ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ

« ដើម្បី​ពិនិត្យ​មើល [ គោលគំនិត និង​សំណួរ ] ដោយ​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​មួយ នោះ​យើង​គួរ​ពិចារណា​វា​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការបង្រៀន​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ » ( ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » កថាខណ្ឌ​ទី ៨ ) ។

សូម​ពិនិត្យមើល លូកា ២:១០–១២ ។ សូម​គិត​អំពី​អ្វី​ដែល​វគ្គបទ​គម្ពីរ​នេះ​បង្រៀន រួម​ជាមួយ​អ្វី​ដែល​អ្នក​ដឹង​រួចហើយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​មាន​តួនាទី​អ្វីខ្លះ​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ?

  • ហេតុ​អ្វី​វា​សំខាន់​សម្រាប់​អ្នក​ដែល​មិន​ទាន់​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​រៀនសូត្រ​អំពី​ទ្រង់ ?

  • ហេតុអ្វី​វា​សំខាន់​ដែល​យើង​ត្រូវ​ចែករំលែក​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​របស់​ទ្រង់​ដល់​មនុស្ស​គ្រប់គ្នា រួម​ទាំង​គ្រិស្ដសាសនិក​ផ្សេងទៀត​ដែល​បាន​ទទួល​យក​ទ្រង់​រួចហើយ​នោះ ?

  • តើ​អ្នក​អាច​ប្រើ​ចម្លើយ​ចំពោះ​សំណួរមុនៗ ដើម្បី​ឆ្លើយ​នឹង​មិត្ត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ព្រះអម្ចាស់ « បាន​បង្កើត​ប្រភព​ជាច្រើន​តាមរយៈ​អ្វី​ដែល​ទ្រង់​បើក​សម្តែង​សេចក្ដីពិត និង​ការណែនាំ​ដល់​កូនចៅ​របស់​ទ្រង់ » ( ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » កថាខណ្ឌទី ១១ ) ។

សូម​មើល​ប្រភព​ដ៏​បំផុសគំនិត​មួយ ឬ​ច្រើន​ដូចខាងក្រោម​នេះ ដោយ​ស្វែងរក​ព័ត៌មាន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ​របស់​មិត្ត​អ្នក ។

សូម​ពិចារណាពី​អ្វី​ដែល​ប្រភព​ទាំងនេះ​បង្រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់​អាច​នាំ​ឲ្យ​មនុស្ស​មាន​អំណរ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​ទាំងឡាយ​របស់ទ្រង់ ដែល​អាច​នាំ​ឲ្យ​មនុស្ស​មាន​អំណរ​នៅក្នុង​ជីវិត​នេះ និង​នៅក្នុង​ជីវិត​ក្រោយ​ទៀត ?

  • តើ​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្វីខ្លះ​ជាមួយ​ព្រះអង្គ​សង្គ្រោះ ឬ​ការបង្រៀន​ទាំងឡាយ​របស់ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មានអំណរ ?

  • តើ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំងនេះ​អាច​ជួយ​អ្នក ឲ្យ​ឆ្លើយ​សំណួរ​របស់​មិត្ត​អ្នក​បាន​យ៉ាង​ដូចម្តេច ?

២. សូម​ពិចារណា​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែលបាន​បង្រៀន​នៅក្នុង លូកា ២:១០–១២ ហើយ​សរសេរ​ចម្លើយ​ទៅកាន់​មិត្ត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។