ថ្នាក់​សិក្ខាសាលា
លូកា ២:១–១៤


លូកា ២:១–១៤

« នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា … »

រូបភាព
ទិដ្ឋភាព​ប្រសូតិកម្ម

យ៉ូសែប និង​ម៉ារា​បានធ្វើ​ដំណើរ​ទៅកាន់ភូមិ​បេថ្លេហិម ជាកន្លែង​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត ។ ទេវតា​មួយ​អង្គ​បានប្រកាស​ពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​អ្នក​គង្វាល​នៅ​ជិត​ភូមិ​បេថ្លេហិម ( សូមមើល លូកា ២:៩–១២ ) « ហើយ … នោះ​ស្រាប់​តែ​មាន​ពួក​ពលបរិវារ​កកកុញ​ពី​ស្ថានសួគ៌ មក​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស » ( លូកា ២:១៣–១៤ ) ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ពិនិត្យ​មើល​ព្រឹត្តិការណ៍​នៃ​ការប្រសូត​របស់​ព្រះអង្គ​សង្រ្គោះ ហើយ​ណែនាំ​អ្នក​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ លូកា ២:១០–១២ ។ អ្នក​នឹង​សិក្សា​ពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​អ្នក ហើយ​រៀន​ពី​អ្វី​ដែល​ទ្រង់​បាន​ជួយ​សង្រ្គោះ​អ្នក ដើម្បី​អ្នក​ក៏​អាច​បាន​តម្កើង​ឡើង និង​សរសើរ​ដល់​ព្រះ​ចំពោះ​អំណោយទាន​នៃ​ព្រះរាជបុត្រា​របស់ទ្រង់ ដូចជា​ពួកទេវតា​បាន​ធ្វើ​ដែរ ។

ប្រសូតិកម្ម

  • តើ​ព័ត៌មាន​លម្អិត​អ្វីខ្លះ​ដែល​អ្នកចូលចិត្ត​អំពី​ប្រសូតិកម្ម ?

  • ហេតុអ្វី​បាន​ជា​ព័ត៌មាន​លម្អិត​ទាំងនេះ​សំខាន់​ចំពោះ​អ្នក ?

សូមអាន លូកា ២:១–១៤ ដោយ​ស្វែងរក​ព័ត៌មាន​លម្អិត​ទាំងនោះ​ដែល​សំខាន់​ចំពោះ​អ្នក ឬ​ព័ត៌មាន​លម្អិតថ្មីៗ​ដែល​អ្នក​ប្រហែល​ជា​មិន​បាន​កត់​សម្គាល់​ពីមុន​មក​នៅក្នុង​ប្រសូតិកម្ម ។

  • តើ​មាន​ព័ត៌មាន​លម្អិត​អ្វីខ្លះ​នៅក្នុង​ប្រសូតិកម្ម ដែល​អ្នក​បាន​កត់សម្គាល់​ឃើញ​ថា​មាន​សារៈសំខាន់​ចំពោះអ្នក ?

ព្រះអង្គ​សង្គ្រោះ ១ អង្គ​ប្រសូត

សូម​អាន លូកា ២:១០–១២ ម្ដងទៀត ដោយ​រក​មើល​ពី​របៀប​ដែល​ទេវតា​បាន​ប្រកាស​ពី​ការប្រសូត​របស់​ព្រះយេស៊ូវ ។

លូកា ២:១០–១២ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ​ស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

  • តើ​ព្រះបរមងារ​ទីមួយ ដែល​ទេវតា​បាន​ប្រើ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ពេល​ដែល​ទេវតា​ប្រកាស​ពី​ការប្រសូត​របស់​ព្រះយេស៊ូវ​ដល់​ពួក​អ្នកគង្វាល​គឺជាអ្វី ?

  • ហេតុអ្វី​បាន​ជាវា​សំខាន់​ថា ក្នុង​ចំណោម​ព្រះ​បរមងារ​ទាំងអស់​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន នេះ​គឺជាព្រះ​បរមងារ​ដែល​ទេវតា​បានប្រើ​ដើម្បី​ប្រកាស​ពី​ការប្រសូត​របស់​ទ្រង់ ?

វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា នៅក្នុង​ការបកប្រែ​ពី​ភាសា​ព្រះគម្ពីរ​ប៊ីប​ដើម​ជា​ភាសា​ក្រិក ពាក្យ​ដែល​ត្រូវបាន​ប្រើ​សម្រាប់ ព្រះអង្គ​សង្រ្គោះ ក៏មាន​ន័យ​ផងដែរ​ថា​ជា អ្នករំដោះអ្នកសង្គ្រោះ ។

សេចក្តីពិត​មួយ​ដែល​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​គឺថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។

យើង​ត្រូវការ​ព្រះអង្គ​សង្រ្គោះ​

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែករំលែក​បទពិសោធន៍​ដូច​ខាង​ក្រោម​នេះ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ជាច្រើន​ឆ្នំាកន្លងទៅ មាន​មនុស្ស​ម្នាក់​ដែលជា​សមាជិក​នៃសាសនាចក្រ​ជាច្រើនឆ្នាំ​មកហើយ​នោះ​បាន​សួរខ្ញុំថា « ហេតុអ្វី​ខ្ញុំ​ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ខ្ញុំ​កាន់តាម​ព្រះបញ្ញត្តិ ហើយ​ខ្ញុំ​គឺជា​មនុស្ស​ល្អ ។ ហេតុអ្វី​ខ្ញុំ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ? » ខ្ញុំអាច​និយាយ​បានថា ការដែល​សមាជិក​រូបនេះ​ខកខាន​មិនយល់​ពី​ផ្នែក​ដ៏សំខាន់​បំផុត​នៃ​គោលលទ្ធិ​របស់យើង ដែល​ជា​ធាតុ​ផ្សំ​នៃ​មូលដ្ឋាន​គ្រឹះ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ បានធ្វើ​ឲ្យ​ខ្ញុំមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។

( ឌី ថត គ្រីស្តូហ្វឺសិន « Why We Need Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០២០ ទំព័រ ១៩–២០ )

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប ដោយ​ផ្អែក​លើ​គំនិត និង​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក ប្រសិនបើ​អ្នក​ជា​អែលឌើរ គ្រីស្តូហ្វឺសិន​នោះ ។

យើង​អាច​រៀន​អំពី​តម្រូវការ​របស់​យើង​ដើម្បី​មាន​ព្រះអង្គ​សង្រ្គោះ តាមរយៈ​ការសិក្សា​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី ( សូមមើល យ៉ាកុប ៧:១១ ) ។

ជំនាញ​សិក្សា​ព្រះគម្ពីរ​ដែល​អាច​ជួយ​បង្កើន​ការយល់​ដឹង​របស់​អ្នក​អំពី​គោលលទ្ធិ និង​គោលការណ៍ គឺ​ការបង្កើត​សេចក្តីយោង​ឆ្លង​ខគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ដើម្បី​ធ្វើ​សេចក្ដី​យោងបទគម្ពីរ​ សូម​បង្កើត​តំណ​មួយ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ឬ​ភ្ជាប់​ខគម្ពីរ​ដែល​ទាក់ទង​គ្នា​នោះ តាមរយៈ​ការកត់ត្រា​សេចក្តីយោង​បទគម្ពីរ​មួយ​នៅជិត​នឹង​វគ្គបទគម្ពីរ​មួយទៀត ។

សូម​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម​បី​ទៅ​បួន​វគ្គ​បទគម្ពីរ ដើម្បី​ជួយ​ឆ្លើយ​សំណួរ « ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ? » ហើយ « តើ​ទ្រង់​សង្គ្រោះ​ខ្ញុំ​ពី​អ្វី ? » សូម​ពិចារណា​ធ្វើ​សេចក្តីយោង​បទគម្ពីរ​ទាំងនេះ​ដោយ​ការភ្ជាប់​វា​ទៅ លូកា ២:១០–១២ នៅក្នុង​កម្មវិធី​បណ្ណាល័យ​​ដំណឹងល្អ ឬ​ដោយ​ការកត់ត្រា​សេចក្ដីយោង លូកា ២:១០–១២ នៅក្បែរ​ខគម្ពីរ​ដែលអ្នក​សិក្សា ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើអ្នក​ជ្រើស​យក​បទគម្ពីរ​អ្វី​ខ្លះ ?

  • តើ​បទគម្ពីរ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ « ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ? » និង « តើ​ទ្រង់​សង្គ្រោះ​ខ្ញុំ​ពី​អ្វី ? » យ៉ាង​ដូចម្តេច ?

អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​អ្នក

សូម​មើល​វីដេអូ « Why We Need a Savior—A Christmas Message about Our Savior Jesus Christ » ( ២:១៥ ) រក​មើល​មូល​ហេតុ​ដែល​យើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

អែលឌើរ គ្រីស្តូហ្វឺសិន បានថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​មួយចំនួន​ដែល​យើង​ទទួល​បាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​បាន​ជា​សះ​ស្បើយ​ពី​ការជ្រើស​រើស​មិន​ល្អ ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ឥទ្ធិពល​នៃ​អំពើបាប និង​កំហុស​របស់​​អ្នកដទៃ​មក​លើ​យើង ព្រមទាំង​រាល់​សេចក្តី​យុត្តិធម៌​ទាំងឡាយ​នឹង​ត្រូវ​កែ​តម្រូវ​ឡើងវិញ ។ យើង​ត្រូវការ​ព្រះអង្គសង្គ្រោះ​ដើម្បី​បាន​ជា​សះស្បើយ​ទាំង​ស្រុង និង​បាន​ក្លាយ​ជា​បរិសុទ្ធ​ទាំង​ស្រុង ។

( ឌី ថត គ្រីស្តូហ្វឺសិន « Why We Need Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០២០ ទំព័រ ២២ )

នៅក្នុង លូកា ២:១០ ទេវតា​បានប្រកាស​ថា « ខ្ញុំ​មក​ប្រាប់​ដំណឹងល្អ​ដល់​អ្នក​រាល់គ្នា​ពី​សេចក្តីអំណរ​យ៉ាងអស្ចារ្យ » ។

២. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាង​ហោច​ណាស់​មួយ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រកឃើញ « សេចក្តីអំណរ​យ៉ាងអស្ចារ្យ » នៅក្នុង​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើន​សេចក្តី​អំណរ​របស់យើង​នៅក្នុង​ព្រះអង្គ​សង្គ្រោះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

ហេតុអ្វី​ម៉ារា និង​យ៉ូសែប ទៅ​ភូមិ​បេថ្លេហិម​ដើម្បី​បង់ពន្ធ ?

សេសារ-អូគូស្ទ គឺជា​មេដឹកនាំ​រ៉ូម៉ាំង​ដែល​មាន​សមត្ថភាព និង​ស្វាហាប់​ដែល​បាន​សោយរាជ្យ​—ពីឆ្នាំ ៣១ មុន គ.ស. ដល់ ឆ្នាំ ១៤ នៃ គ.ស. —ត្រូវ​បាន​ចារទុក​ដោយ​ការមាន​សណ្តាប់ធ្នាប់ និង​ការអនុវត្ត​ច្បាប់ ។ « បញ្ជី » ដែល​បានលើក​ឡើង​នៅក្នុង លូកា ២:២ តាមពិត​គឺ​ជា​ការចុះឈ្មោះ [ ឬជំរឿន ] មនុស្ស​សម្រាប់​គោលបំណង​បង់​ពន្ធ​នា​ពេលអនាគត ជា​ការចុះ​ឈ្មោះ​ដែល​តម្រូវ​ឲ្យ​អ្នក​ជាប់ពន្ធ​ចុះ​នូវ​ព័ត៌មាន​ចាំបាច់ ។ ដោយសារ​ទាំង​យ៉ូសែប និង​ម៉ារា​ជាកូនចៅ​របស់​ស្តេចដាវីឌ នោះ​ពួកលោកត្រូវ​ធ្វើដំណើរ​ទៅ​ភូមិបេថ្លេហិម​ដែល​ជា​ស្រុកកំណើត​របស់​ស្តេច​ដាវីឌ ។ … ព្យាការី​ពី​បុរាណ​បាន​ធ្វើ​ជា​សាក្សី​ថា ព្រះមេស៊ី​នឹង​កើត​នៅ​ភូមិ​បេថ្លេហិម ក្នុង​ដែនដី​យេរូសាឡិម ( សូមមើល មីកា ៥:២; អាលម៉ា ៧:១០ ) ។ ភូមិ​បេថ្លេហិម​មាន​ចម្ងាយ​ប្រមាណ ៨៥–៩០ ម៉ៃល៍ ( ១៣៧–១៤៥ គីឡូម៉ែត្រ ) នៅ​ភាគ​ខាងត្បូង​ក្រុង​ណាសារ៉ែត ដែល​ដើរ​យ៉ាង​ហោច​ណាស់​បួន​ទៅ​ប្រាំ​ថ្ងៃ ហើយ​សម្រាប់​ស្ថានភាព​របស់ ម៉ារា ប្រហែល​ជា​ត្រូវចំណាយ​ពេល​យូរ​ជាងនេះ ។

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ១៤៣ )