ថ្នាក់​សិក្ខាសាលា
កិច្ចការ ៦–៧


កិច្ចការ ៦–៧

ស្ទេផាន​បានបម្រើ​ដូច​ព្រះគ្រីស្ទ

រូបភាព
យុវជន​និង​យុវនារី​កំពុង​ជួយ​ស្រ្តី​ចំណាស់​ម្នាក់​ជាមួយ​នឹង​គ្រឿងទេស​របស់​គាត់ ។

ការខ្វល់ខ្វាយ​ចំពោះ​អ្នកទាល់ក្រ និង​អ្នកដទៃ​ទៀត​ដែល​ត្រូវការ​ជំនួយ​តែងតែ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការក្លាយ​ជា​គ្រីស្ទាន ។ នៅពេល​ស្ត្រី​មេម៉ាយ​ត្រូវ​បាន​គេ​ព្រងើយ​កន្តើយ នោះ​សាវក​បាន​ជ្រើសរើស​ស្ទេផាន និង​មនុស្ស​ប្រាំមួយ​នាក់​ទៀត​ឲ្យ​ធ្វើ​ការងារ​បម្រើ​បំពេញ​សេចក្តី​ត្រូវការ​របស់​ពួកគេ ។ គួរ​ឲ្យ​សោកស្តាយ ទោះ​បី​ជា​ស្ទេផាន​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដោយប្រើ​ព្រះចេស្ដា​របស់​ព្រះ​ក៏ដោយ ក៏​សាសន៍​យូដា​បាន​គប់​ដុំ​ថ្ម​ទៅ​លោក​ដោយសារ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែរ ។ នៅ​ពេល​អ្នក​សិក្សា សូម​សញ្ជឹង​គិត​ពី​វិធី​ដែល​អ្នក​អាច​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ដោយ​ការ​ខិតខំ​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ប្រែក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ទាំងទ្វេ ។

ក្រុមប្រឹក្សា​វួដ​គឺជា​សមាជិក​មួយក្រុម​ដែលមាន​ការហៅ​បម្រើ​ជាក់លាក់​រួមមាន ( ប៊ីស្សព ប្រធាន​កូរ៉ុម​អែលឌើរ ប្រធាន​សមាគម​សង្គ្រោះ ប្រធាន​យុវនារី ប្រធាន​អង្គការ​បឋម​សិក្សា និង​មុខងារ​ផ្សេងៗ​ទៀត ) ដែល​ជួបប្រជុំ​គ្នា​ជាទៀងទាត់ ដើម្បី​ដោះស្រាយ​ស្ថានភាព និង​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​វួដ​របស់​ពួកគាត់ ។ សូម​ស្រមៃ​ថា​អ្នក​មាន​ស្ថានភាព​ដូចខាង​ក្រោម​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ៖ ម្តាយ​ទោល​ម្នាក់​ឈ្មោះ លីឌា មាន​កូន​ប្រុស​អាយុ ១៦ ឆ្នាំ កូនស្រីអាយុ ៧ ឆ្នាំ និង​ទារក​អាយុ ៦ ខែ ។ លីឌា ត្រូវ​វះកាត់​នៅ​សប្ដាហ៍​នេះ ហើយ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេលប្រាំ​ថ្ងៃ ។ តើ​សមាជិក​ផ្សេង​គ្នា​នៃ​ក្រុមប្រឹក្សា​វួដ​អាច​ជួយ​គ្រួសារ​នេះ​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ក្រុមប្រឹក្សា​វួដ ឬ​អង្គការ​ស្រដៀងគ្នា​ផ្សេង​ទៀត​មានសារៈ​សំខាន់ ?

  • តើ​វា​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​កំពុង​ទទួល​ជំនួយ​ពី​ក្រុមប្រឹក្សា​វួដ ឬ​ក្រុម​ស្រដៀង​គ្នា​នេះ ?

សូមអាន កិច្ចការ ៦:១ ដោយ​រកមើល​បញ្ហា​មួយ​ដែល​សាសនាចក្រ​សម័យ​បុរាណ​បាន​ជួប​ប្រទះ ។

ដោយសារ​ចំនួន​ស្ត្រី​មេម៉ាយ​ដែល​ក្រីក្រ ឬ​ត្រូវ​ការ​ជំនួយ​ក្នុង​សាសនាចក្រ នោះ​ពួក​ដប់​ពីរ​នាក់​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​ព្យាយាម​ជួយ​ពួកគាត់ រហូត​ដល់​ពួកគាត់​មិន​អាច​លះបង់​ពេលវេលា​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​តាម​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ឲ្យ​ពួក​គាត់​ទៅ​ឡើយ ។

សូមអាន កិច្ចការ ៦:២–៨ ហើយ​រកមើល​ដំណោះ​ស្រាយ​ដែល​ពួក​ដប់​ពីរ​នាក់​បាន​លើកឡើង ។

១. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការហៅបម្រើ​នៅ​ក្នុង​សាសនាចក្រ និង​ក្រុមប្រឹក្សា​វួដ​សព្វ​ថ្ងៃ​នេះ​ស្រដៀង​គ្នា​នឹង​ដំណោះស្រាយ​ដែល​សាវក​សម័យ​បុរាណ​បាន​ស្នើ​សុំ​យ៉ាង​ដូចម្ដេច ?

  • នៅ​ពេល​អ្នក​អាន​អំពី​បុរស​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជួយ​ពួកសាវក តើ​អ្នក​បាន​សម្គាល់​ឃើញ​ថា​ពួកគាត់​មាន​បុគ្គលិកលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​អ្វីខ្លះ ?

  • តើ​អ្នក​គិត​ថា បុគ្គលិកលក្ខណៈ​នីមួយៗ​ទាំងនេះ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​បម្រើ និង​ផ្ដល់ពរ​ដល់​អ្នកដទៃ​ទៀត​ដែល​ខ្វះខាត​ដោយ​របៀបណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​សម្គាល់​បាន​ពី​ខគម្ពីរ​ទាំងនេះ​គឺ ៖នៅពេល​យើង​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​អាច​បម្រើ និង​ផ្ដល់ពរ​ដល់​អ្នក​ដែល​ខ្វះខាត​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។

  • តើ​មាន​បុគ្គលិក​លក្ខណៈ​បន្ថែម​មួយ​ចំនួន​ណា​ខ្លះ ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​ដែល​ជួយ​ទ្រង់​ឲ្យ​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក​ដែល​ខ្វះខាត ?

សូម​ចំណាយពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​ថា​តើ​អ្នកបាន​អភិវឌ្ឍ​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ​ទាំងនេះ​បានល្អ​ប៉ុនណា​ហើយ ។ តើ​បុគ្គលិកលក្ខណៈ​ទាំងនេះ​ទាក់ទង​នឹង​គោលដៅ​ផ្ទាល់ខ្លួន​របស់​អ្នក​សម្រាប់​កម្មវិធី​កុមារ និង​យុវវ័យ​ដែរ​ឬ​ទេ ? បើដូច្នេះ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​កំពុងធ្វើ​ក្នុង​ការអភិវឌ្ឍន៍​បុគ្គលិក​លក្ខណៈ​នោះ ។ បើមិន​ដូច្នោះ​ទេ សូមពិចារណា​ដាក់​ផែនការ​មួយនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក អំពី​របៀប​ដែលអ្នក​នឹង​ខំ​ប្រឹងប្រែង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​អាច​បម្រើ និង​ផ្តល់ពរ​ដល់អ្នក​ដែល​ខ្វះខាត​បាន​កាន់តែ​ប្រសើរឡើង ។

ទីបន្ទាល់​របស់​ស្ទេផាន និង​ការធ្វើ​ទុក្ករកម្ម

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–ឆ្នាំ ១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​សរសេរ ៖

រូបភាព
រូប​ពាក់​កណ្ដាល​ខ្លួន​ត្រឹម​ក្បាល និង​ស្មា​របស់​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ។

របស់​ដ៏អស្ចារ្យ​មិនមក​ដោយ​ងាយៗ​នោះទេ ព្រឹត្តិការណ៍​ដែល​អង្រួន​ផែនដី​នឹង​ប្រឈម​នឹង​ឧបសគ្គ​ដ៏មហិមា ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Once or Twice in a Thousand Years » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ១៨ )

សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ម៉ាកខន់ឃី ត្រូវនឹង​ស្ថានភាព​របស់​ស្ទេផាន ។ ទោះ​ជា​គាត់ « បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​យ៉ាងធំ នៅក្នុង​ពួកជន … គេ​លើក​គ្នា​មក … ជជែក​នឹង [ លោក ] » ( កិច្ចការ ៦:៨–៩ ) ។ ស្ទេផាន​ត្រូវ​បាន​នាំ​ទៅ​មុខ​ក្រុមប្រឹក្សា​សាសន៍​យូដា ហើយ​សាក្សី​ក្លែងក្លាយ​ត្រូវ​បាន​នាំ​មក​ធ្វើ​បន្ទាល់​ប្រឆាំង​នឹង លោក ។

កាល​ស្ទេផាន​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​អ្នកដឹកនាំ​សាសន៍​យូដា លោក​បាន​រំឭក​ពី​របៀប​ជាច្រើន​ជំនាន់​ដែល​សាសន៍​យូដា​បាន​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​បដិសេធ ហើយ​សម្លាប់​ព្យាការី​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​ក្នុង​ចំណោម​ពួកគេ ។ បន្ទាប់​មក ស្ទេផាន​បាន​ថ្លែង​ទីបន្ទាល់​ថា អាកប្បកិរិយា​បះបោរ​ទាំង​នេះ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​នោះ ខណៈ​ដែល​ប្រជាជន​បាន​សម្លាប់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ( សូមមើល កិច្ចការ ៧:៥១–៥២ ) ។

សូមអាន កិច្ចការ ៧:៥៤–៦០ ដោយ​រកមើល​របៀប​ដែល​ស្ទេផាន​បាន​ប្រព្រឹត្ត​ទោះជា​មាន​ការខឹងសម្បារ និង​ការប្រឆាំង​បែប​នេះ​ក៏ដោយ ។

រូបភាព
គំនូរ​នេះ​បង្ហាញ​ពី​ការចោលថ្ម​ដាក់​ស្ទេផាន ដែល​បាន​ពិពណ៌នា​នៅក្នុង កិច្ចការ ៧:៥៤-៦០ ។ ក្នុង​ឥរិយាបទ​អង្គុយ​ផ្អែក​ខ្នង ស្ទេផាន​ទទួល​ស្គាល់​តាមរយៈ​កាយវិការ​នូវ​វត្តមាន​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា ដែល​ឈរ​គ្រង​ឈុត​ពណ៌ស នៅ​ផ្នែក​ខាង​លើ​នៃ​ផ្ទាំង​គំនូរ​នៅលើ​ផ្ទៃមេឃ​បើកចំហ ។ អស់​អ្នក​ដែល​កំពុង​ចោល​ថ្ម​ដាក់​ស្ទេផាន គឺ​ធ្វើ​ឡើង​ដោយ​ការស្អប់ និង​អំពើហិង្សា​ដ៏​ធ្ងន់ធ្ងរ ។ សុល​កាន់​អាវ​របស់​ពួកគេ​ទាំងពីរ​នាក់ ។ សង្ឃ​ពីររូប​ឈរ​យ៉ាង​ព្រងើយ​កន្តើយ​នៅ​ខាង​ស្ដាំ ។ ផ្ទាំងគំនូរ​គឺជា​ទីសម្គាល់ « វ៉លធើរ រ៉េន » ។
  • តើ​មាន​អ្វី​សំខាន់​សម្រាប់​អ្នក​នៅ​ក្នុង​ដំណើររឿង​នៃ​ការធ្វើ​ទុក្ករកម្ម​របស់​ស្ទេផាន ?

ដូច​ដែល​ដំណើររឿង​នៃ​ការធ្វើ​ទុក្ករកម្ម​របស់​ស្ទេផាន​បង្ហាញ​ឲ្យឃើញ មនុស្សល្អ និង​បុព្វហេតុ​ល្អ​តែងតែ​ជួប​ជាមួយ​នឹង « ឧបសគ្គ​ដ៏​មហិមា » ។

  • តើ​អ្នក​បានឃើញ​រឿងនេះ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

ដូច​ស្ទេផាន​ដែរ នៅពេល​អ្នក​ជ្រើសរើស​ដើម្បី​ចែកចាយ​សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់ នោះអ្នក​អាច​ជួបប្រទះ​នឹង​ឧបសគ្គ ឬ​សូម្បីតែ​ការបៀតបៀន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ខ្ញុំសូម​និយាយ​ទៅ​កាន់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​យុវវ័យ​នៃ​សាសនាចក្រ​ថា បើ​សិនជា​អ្នក​ពុំ​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយទេ​នៅ​ថ្ងៃ​មួយ អ្នក​នឹង​ឃើញថា ខ្លួន​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ការពារ​សេចក្ដីជំនឿ​អ្នក ឬ​ប្រហែល​ជា​ស៊ូទ្រាំ​នឹង​ការបំពាន​ផ្ទាល់​ខ្លួន​សាមញ្ញៗ​ខ្លះៗ​ពីព្រោះ​តែ​អ្នក​គឺ​ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ គ្រាដូច្នោះ​នឹងតម្រូវ​ឲ្យមាន​ទាំងភាព​ក្លាហាន និង​ការគួរសម​ពី​ផ្នែក​របស់​អ្នក ។

( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings —of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​វា​មាន​តម្លៃ​ដើម្បី​ថ្លែង​ទីបន្ទាល់ និង​ការពារ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​ប្រឈមមុខ​នឹង​ការបៀតបៀន​ដោយសារ​ការថ្លែង​ទីបន្ទាល់ និង​ការការពារ​ទ្រង់​ទាំងទ្វេ​នោះ ?

សូម​ចំណាយពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​ពីរបៀប​ដែលអ្នក​អាច​ជ្រើសរើស​ធ្វើ​ទីបន្ទាល់ និង​ការពារ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់​ពេញមួយ​សប្តាហ៍​ខាងមុខ​នេះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

កិច្ចការ ៦:១–៦ ។ តើ​អ្នក​ណា​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​ពួកសាវក​ក្នុង​បញ្ហា​ខាង​សាច់​ឈាម​សព្វ​ថ្ងៃ​នេះ ?

ក៏ដូចជា​ព្រះអម្ចាស់​បាន​ហៅ​បុរស​ដែល​មាន​ភាពស័ក្ដិសម​ទាំង​ប្រាំពីរ​នាក់ ឲ្យជួយ​ដល់​ពួកដប់ពីរ​នាក់​នៅក្នុង​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​សាសនាចក្រ​ដូចបាន​កត់​ត្រា​នៅក្នុង​គម្ពីរ​កិច្ចការ​ដែរ នោះ​ព្រះអម្ចាស់​បាន​ហៅ​គណៈប៊ីស្សព​ជា​អធិបតី ឲ្យជួយ​ដល់​ពួកដប់ពីរ​នាក់​ក្នុង​ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាង​សាច់ឈាម​របស់​សាសនាចក្រ​នា​សព្វថ្ងៃនេះ ។ គណៈ​ប៊ីស្សព​ជា​អធិបតី និង​ទីប្រឹក្សា​ពីររូប​របស់លោក​បម្រើ​នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ ដើម្បី​គ្រប់គ្រង​កិច្ចការ​ខាង​សាច់ឈាម​របស់​សាសនាចក្រ ។ ដង្វាយ​តមអាហារ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​កម្មវិធីនេះ ហើយ​ផ្ដល់ជំនួយ​បណ្ដោះ​អាសន្ន និង​ផ្ដល់ជំនួយ​ទ្រទ្រង់​ជីវិត​ដល់​ជនក្រីក្រ​នៅទូទាំង​ពិភពលោក ។ ( សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​ប្រធានបទ « Presiding Bishopric » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។

តើ​ខ្ញុំ​នឹង​ប្រឈម​មុខ​នឹង​ការបៀតបៀន ឬ​ត្រូវ​ការពារ​សេចក្ដីជំនឿ​របស់​ខ្ញុំ​ឬទេ ?

សូម​មើល​វីដេអូ « The Cost—and Blessings—of Discipleship » ( មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ចាប់ពី​នាទី​ទី ១:០១ ដល់​នាទី​ទី ២:៣១ ឬ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។

អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ឧទាហរណ៍​មួយ​អំពី​នរណា​ម្នាក់​ដែល​ត្រូវ​បាន​បៀតបៀន ពេល​កំពុង​ព្យាយាម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ម្នាក់​បាន​សរសេរ​មក​ខ្ញុំ​នាពេល​ថ្មីៗ​នេះ​ថា « ដៃ​គូ​ខ្ញុំ និង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​អង្គុយ​លើ​កៅអីវែង​នៅ​ថោន ស៍ឃ្វែរ កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​របស់​គាត់ ។ នៅពេល​ពួកខ្ញុំ​ទៅ​ជិត​គាត់​នោះ​គាត់​បាន​មើល​មក​ពួកខ្ញុំ ហើយ​បាន​ឃើញ​ស្លាក​ឈ្មោះ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ពួកខ្ញុំ ។ ដោយ​កែវភ្នែក​មិន​ល្អ​របស់គាត់ គាត់​បាន​ងើប​ឡើង ហើយ​លើក​ដៃ​ចង់វាយ​ខ្ញុំ ។ ខ្ញុំ​ឱនចុះ​ទាន់ គ្រាន់​តែ​ឲ្យ​គាត់​ព្រួស​បាយ​ពីមាត់​របស់​គាត់​មក​លើខ្ញុំ ហើយ​ចាប់​ផ្ដើម​ជេរពាក្យ​អាក្រក់ៗ​ដាក់​យើង ។ យើង​បាន​ដើរ​ចេញ​ដោយ​មិន​និយាយ​អ្វីសោះ ។ ខ្ញុំ​បានព្យាយាម​ជូត​អាហារ​នោះ​ចេញពី​មុខ​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា មានដុំ​ដំឡូង​កិន បាន​គប់​មកលើ​ខ្ញុំ​ពីខាង​ក្រោយ​ចំក្បាល ។ ពេលខ្លះ វាពិបាក​ដើម្បី​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា ដោយសារ​ពេលនោះ ខ្ញុំចង់​ត្រឡប់​ទៅក្របួច​ក​បុរស​មាឌល្អិត​រូប​នោះ សួរថា ‹ ចង់យ៉ាង​ម៉េច​ឥឡូវ​ហ្នឹង ! › តែ​ខ្ញុំ​មិន​បាន​ធ្វើ​ទេ » ។

ខ្ញុំ​សូម​និយាយ​ទៅកាន់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​លះបង់​រូបនេះ​ថា កូន​ជាទី​ស្រឡាញ់ កូនបាន​ដាក់ខ្លួន​ដ៏រាបសា ឈាន​ជើង​ចូល​ទៅ​ក្នុង​ចំណោម​បុរសស្ត្រី​ដ៏​មាន​កិត្តិយស​ក្រៃ ដូច​ដែល​ព្យាការី​យ៉ាកុប​ក្នុង​ព្រះគម្ពីរ​មរមន​បានមាន​ប្រសាសន៍​ថា « បាន​យល់ដល់​សារៈប្រយោជន៍​នៃការសុគត​របស់ [ ព្រះ​គ្រីស្ទ ] ហើយ [ បាន ] លី​ឈើ​ឆ្កាង​ទ្រង់ ព្រមទាំង [ បាន ] ស៊ូ​រង​នូវ​ការ​អាម៉ាស់​នៃ​មនុស្ស​លោក [ យ៉ាកុម ១:៨ ] ។

( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )