ថ្នាក់​សិក្ខាសាលា
កិច្ចការ ៨


កិច្ចការ ៨

ភីលីព បង្រៀន​បុរស​សាសន៍អេធីយ៉ូពី

រូបភាព
ភីលីព ( រូបភាព​ព្រះគម្ពីរ​សញ្ញាថ្មី ) បង្រៀន​ដំណឹងល្អ​ដល់​សាសន៍​អេធីយ៉ូពី នៅពេល​ពួកគេ​ជិះ​រទេះសេះ ។ បុរស​ម្នាក់​ទៀត​ត្រូវ​បាន​គេ​គូរ​កំពុង​បរ​សេះ និង​រទេះ ។ បឹង ឬទន្លេ​អាច​មើលឃើញ​នៅក្បែរ​ផ្លូវ​ដែល​ពួកគេ​កំពុងជិះ ។ សេចក្ដីយោង​បទគម្ពីរ ៖ កិច្ចការ ៨:២៦-៣៩

ភីលីព​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​រីករាយ និង​ស្មោះត្រង់​ម្នាក់​ដែល​បាន​ចូល​ទៅ​វាលខ្សាច់​តាម​បង្គាប់​របស់​ព្រះអម្ចាស់ ។ ព្រះវិញ្ញាណ​បាន​ដឹកនាំ​ភីលីព​ទៅ​ជួប​បុរស​សាសន៍​អេធីយ៉ូពី​ម្នាក់​ដែល​កំពុង​អាន​ព្រះគម្ពីរ​នៅក្នុង​រទេះសេះ​របស់​គាត់ ។ ពេល​ភីលីព​សួរ​បុរស​នោះថា​តើ​គាត់​យល់​អ្វីខ្លះ​អំពីអ្វី ដែល​គាត់​បានអាន បុរសនោះបាន​ឆ្លើយ​ថា ៖ « បើ​គ្មាន​អ្នក​ណា​ដឹកនាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន ? ( កិច្ចការ ២:៣៧ ) ។ ដោយសារ​ភីលីព​យល់ និង​ស្រឡាញ់​បទគម្ពីរ គាត់​អាច​បង្រៀន​សាសន៍​អេធីយ៉ូពី​អំពី​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​មួយ​ដែល​នាំ​គាត់​ឲ្យ​ជឿ និង​ទទួលបុណ្យ​ជ្រមុជទឹក ។ នៅពេល​អ្នក​សិក្សា កិច្ចការ ៨:២៦–៤០ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ព្រះគម្ពីរ​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​ជឿ ហើយ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។

ការប្រើប្រាស់​ឧបករណ៍​ត្រឹមត្រូវ

ការប្រើប្រាស់​ឧបករណ៍​ត្រឹមត្រូវ​អាចជួយ​អ្នក​ក្នុង​ការសាងសង់ ឬ​ជួសជុល​របស់របរ​បានលឿន និង​ងាយស្រួល ។ សូម​ស្រមៃមើល​ថាតើ​វាពិបាក​ប៉ុនណា​ក្នុងការ​សាងសង់ ឬ​ជួសជុល​របស់របរ​ដោយគ្មាន​ឧបករណ៍​ត្រឹមត្រូវ​នោះ ។ សូម​ពិចារណា​ថា​តើ​ឧបករណ៍​ខាងក្រោម​នេះ​ត្រូវបាន​ប្រើ​សម្រាប់​អ្វី ។

រូបភាព
ញញួរ
រូបភាព
រណារ
រូបភាព
បណ្ដុំ​សោ
  • តើ​ឧបករណ៍​ទាំងនេះ​មាន​ប្រយោជន៍​នៅ​ពេល​ណា​ដែរ ?

  • តើ​អ្នក​អាច​ប្រើ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា ?

តាមរបៀប​ស្រដៀងគ្នា​នេះ ឧបករណ៍ និង ជំនាញ​មួយចំនួន​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ស្ថាបនា និង​ជួសជុល​បំណងប្រាថ្នា​របស់​យើង​ក្នុងការដើរ​តាម​ព្រះអង្គសង្គ្រោះ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។

  • តើ​ឧបករណ៍ ឬ​ជំនាញ​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​រីកចម្រើន​នៅក្នុង​ដំណឹងល្អ ?

  • តើ​អ្នក​អាច​ប្រើ​ឧបករណ៍​ទាំងនេះ​ដើម្បី​អញ្ជើញ​អ្នក​ផ្សេង​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

ឧបករណ៍​មួយ​ក្នុងចំណោម​ឧបករណ៍​ទាំងនេះ​គឺ​សមត្ថភាព​របស់​យើង​ក្នុងការ​យល់ដឹង និង​ប្រើប្រាស់​ព្រះគម្ពីរ ជាពិសេស​នៅពេល​ដែល​ពួកគេ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិត​មួយ​ភ្លែត​ពី​របៀប​អ្នក​មាន​អារម្មណ៍​មាន​ទំនុកចិត្ត​ក្នុង​ការប្រើ​ព្រះគម្ពីរ​ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ព្រះគម្ពីរ​បាន​កាន់តែ​ប្រសើរ​ក្នុងការ​ជួយ​នាំ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ។

ភីលីព ត្រូវបានហៅ​ទៅកាន់​វាលខ្សាច់

កិច្ចការ ៨ សូម​កត់ត្រា​បទពិសោធន៍​មួយ​ចំនួន​របស់​ភីលីព ជា​បងប្អូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ប្រាំពីរ​នាក់​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើការងារ​បម្រើ​ដោយ​ពួកសាវក ( សូមមើល កិច្ចការ ៦:៣–៦ ) ។ ដើម្បី​គេចចេញ​ពី​ការបៀតបៀន​ដែល​មាន​កាន់តែ​ខ្លាំងឡើង​នៅក្នុង​ក្រុង​យេរូសាឡិម ភីលីព បានធ្វើដំណើរ​ទៅ​សាម៉ារី​ដើម្បី​បន្ត​ចែកចាយ​ដំណឹងល្អ ។ តាមរយៈ​បព្វជិតភាព លោក​បាន​ធ្វើ​អព្ភូតហេតុ ព្យាបាល​មនុស្ស​ជា​ច្រើន ហើយ « ប្រាប់​គេ​ពី​ព្រះគ្រីស្ទ » ( សូមមើល កិច្ចការ ៨:៥–៨ ) ។ នៅពេល​អ្នក​សិក្សា​ដំណើររឿង​ខាងក្រោម​នេះ សូម​រកមើល​ឧបករណ៍​ដែល​ភីលីព​បាន​ប្រើ​ដើម្បី​ជោគជ័យ​ក្នុង​កិច្ចការ​ដែល​លោក​មិន​បាន​រំពឹងទុក​ដែល​លោក​បាន​ទទួល​ពី​ព្រះអម្ចាស់ ។

សូមអាន កិច្ចការ ៨:២៦–៣៩ ហើយ​ស្រមៃមើល​ពី​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង​ដំណើររឿង​នេះ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ និង​ប្រយោគ​ដែលមាន​អត្ថន័យ​ចំពោះ​អ្នក ។ ( សូម​កត់ចំណាំ​ថា មនុស្ស​កំរៀវ​គឺជា​អ្នក​បម្រើ​ដែល​គួរ​ទុក​ចិត្ត ហើយ អេសាយ​ជា​ឈ្មោះ​ក្រិក​សម្រាប់​ព្យាការី​អេសាយ ) ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ព្រះអម្ចាស់​បានដឹកនាំ​ភីលីព តាម​របៀប​ណា​ខ្លះ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះអម្ចាស់ នៅពេល​យើង​ព្យាយាម​ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ទ្រង់ ?

  • តើ​ភីលីព​អាច​ប្រើ​ចំណេះដឹង​របស់គាត់​អំពី​ព្រះគម្ពីរ​ដើម្បី​បង្រៀន​សាសន៍​អេធីយ៉ូពី​អំពី​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​មេរៀន​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​នៅ​ក្នុង​ដំណើររឿង​នេះ ?

ក្នុង​ចំណោម​សេចក្ដីពិត​ជាច្រើន​នៅក្នុង​ដំណើររឿង​នេះ អ្នក​ប្រហែលជា​បាន​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​យល់​បទគម្ពីរ ហើយ​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ​ចេញពី​បទគម្ពីរ​ទាំងឡាយ យើង​អាច​ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ទ្រង់ ។

ការប្រើប្រាស់​ព្រះគម្ពីរ​ដើម្បី​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ

នៅពេលដែល​សាសន៍​អេធីយ៉ូពី បានសួរថា​តើខគម្ពីរ​ដែលគាត់​កំពុងអាន​គឺអំពី​ព្យាការី​អេសាយ ឬ « ពី​អ្នក​ដទៃ » សូម​កត់ចំណាំ​ថា ចំណេះដឹង​របស់​ភីលីព​អំពីបទគម្ពីរ​បាន​នាំ​ឲ្យ​គាត់ចាប់​ផ្តើមភ្លាមៗ « [ ប្រាប់ ] ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ » ( កិច្ចការ ៨:៣៤–៣៥ ) ។

វគ្គ​បទគម្ពីរ​ដែលសាសន៍​អេធីយ៉ូពី អាន បានរក​ឃើញ​នៅក្នុង អេសាយ ៥៣ ដែលជា​ការព្យាករណ៍​ដ៏ល្អ​អំពី​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​ដកស្រង់​សេចក្តី​យោង ឬ​តំណភ្ជាប់ កិច្ចការ ៨:៣២–៣៣ ជាមួយ​នឹង អេសាយ ៥៣:៧–៨ ។

សូម​ស្រមៃ​ថា អ្នក​ស្ថិត​ក្នុង​ស្ថានភាព​របស់​ភីលីព ហើយ​មាន​ឱកាស​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មិត្តភក្តិ ។ សូម​អាន អេសាយ ៥៣:៣–៩ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​គិត និង​មាន​អារម្មណ៍​អំពី​ព្រះអង្គសង្គ្រោះ នៅពេល​អ្នក​អាន ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ចង់​ឲ្យ​មិត្ត​របស់​អ្នក​ដឹង មានអារម្មណ៍ ឬ​យល់​យ៉ាង​ណា​អំពី​ព្រះយេស៊ូវគ្រីស្ទ​មកពី​វគ្គ​បទគម្ពីរ​នេះ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​ដឹង និង​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​លើក​ទឹកចិត្ត​មិត្ត​អ្នក​ឲ្យ​ដើរតាម​ទ្រង់​បាន​កាន់តែ​ល្អ​ដោយ​របៀបណា ?

ត្រូវបាន​ពង្រឹង​តាមរយៈ​ការរៀបចំ​ខ្លួន

ដោយសារ​ការខិតខំ​របស់​ភីលីព សាសន៍​អេធីយ៉ូពី​បាន​ប្រែចិត្ត​ជឿ ហើយ​ទទួល​បុណ្យជ្រមុជទឹក ( សូមមើល កិច្ចការ ៨:៣៦–៣៨ ) ។ ដូច​ភីលីព ដែរ​យើង​អាច​បំផុស​គំនិត និង​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ធ្វើ​តាម ហើយ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀនថា ការរៀបចំ​ផ្ទាល់ខ្លួន​របស់​យើង​អាច​ជួយយើង​បំផុសគំនិត​អ្នកដទៃ​ឲ្យ​កាន់​តែ​ខិត​ទៅជិត​ព្រះ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

នៅពេល​យើង​ព្យាយាម​រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ស្មោះសរ ដោយ​អស់​ពី​ចិត្ត ដោយ​រឹងប៉ឹង និង​ដោយ​ស្មោះត្រង់ ជាមួយ​គោល បំណង​ពិត​ប្រាកដ និង​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ នោះការបង្រៀន​ទាំង​នេះ​អាច​ផ្លាស់ប្តូរ​ដួងចិត្ត និង​បំផុស​គំនិត ឲ្យ​មាន​នូវ​បំណង​ប្រាថ្នា ដើម្បី​រស់នៅ​ស្រប​តាម​សេចក្តីពិត​នៃ​ព្រះ ។

( អូលីសេស សូរ៉េស « How Can I Understand? » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨ )

៣. សូម​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​បណ្ដុំ​សំណួរពីរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​កែប្រែ​អ្វី​ខ្លះ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ដែល​នឹង​រៀបចំ​អ្នក​ឲ្យ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ? តើការ​ផ្លាស់ប្តូរ​នេះអាច​ពង្រឹង​ទំនុកចិត្ត​របស់អ្នក​ក្នុងការ​ប្រើប្រាស់​ព្រះគម្ពីរ​តាម​របៀបណាខ្លះ ?

  • តើផ្នែក​ណាមួយ​នៃ​ការសិក្សា​ព្រះគម្ពីរ​ថ្ងៃនេះ បានជួយអ្នក​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី​បានជាអ្នក​គិតថា​ផ្នែកនោះ​មានឥទ្ធិពល​លើអ្នក​ខ្លាំងជាង​ផ្នែកផ្សេង​ទៀត ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

កិច្ចការ ៨:២៧ ។ តើ​អ្វីទៅ​ជា​មនុស្ស​កំរៀវ ?

ពួកមនុស្ស​កំរៀវ គឺជា​មនុស្ស​ដែល​ត្រូវ​បានក្រៀវ​ដែល​បាន​បម្រើ​នៅក្នុង​សង្គម​ពី​បុរាណ​ជាច្រើន​នៅជិត និង​មជ្ឈិម​បូព៌ា ។ ពួក​គេ​បាន​បម្រើ​ជា​ទាហាន យាម​ស្នំ​រាជវាំង ហើយ​ជា​ញឹកញាប់​កាន់​តំណែង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​តុលាការ ។ មនុស្ស​កំរៀវ​សាសន៍​អេធីយ៉ូពី​នៅក្នុង កិច្ចការ ៨:២៦–៣៩ ទទួល​ខុសត្រូវ​លើ​រតនាគារ​នៃ​តុលាការ​សាសន៍​អេធីយ៉ូពី ។ ( សូមមើល Bible Dictionary « Eunuch » ) ។

អ្នករៀន​ដ៏ស្មោះត្រង់​អាចក្លាយ​ជាគ្រូបង្រៀន​ដ៏បំផុសគំនិត

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

តាមពិត​នៅក្នុង​បរិបទ​នៃ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ ពេលខ្លះ​យើង​ក៏​ដូចជា សាសន៍​អេធីយ៉ូពី​ដែរ—យើង​ត្រូវការ​ជំនួយ​របស់​គ្រូបង្រៀន​ស្មោះត្រង់ និង​បំផុសគំនិត ហើយ​យើង​ពេល​ខ្លះ​ដូចជា ភីលីព—យើង​ចាំបាច់​ត្រូវ​បង្រៀន និង​ពង្រឹង​អ្នកដទៃ​ក្នុង​ការផ្លាស់ប្រែ​ចិត្តជឿ​របស់​ពួកគេ ។

( អូលីសេស សូរ៉េស « How Can I Understand? » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦ )