ថ្នាក់​សិក្ខាសាលា
កិច្ចការ ៩:១០–៣១


កិច្ចការ ៩:១០–៣១

« អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សម្រាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ »

រូបភាព
ព្រះគ្រីស្ទ​បញ្ជា​អាន៉្នានាស​ឲ្យ​ស្វែង​រក​សុល ហើយ​ធ្វើ​ឲ្យ​គាត់​មើលឃើញ ដើម្បី ឲ្យ​គាត់​អាច​ផ្សាយ​អំពី​ព្រះគ្រីស្ទ ។

នៅពេល​ព្រះអម្ចាស់​នៅ​ក្នុង​ការនិមិត្ត​មួយ​បាន​សុំ​អាន៉្នានាស​ឲ្យ​ស្វែងរក ហើយ​ប្រទានពរ​ដល់​សុល នោះ​អាន៉្នានាស​ស្ទាក់ស្ទើរ​ពី​ដំបូង ដោយសារ​គាត់​បាន​ឮ « និយាយ​ពី​ការអាក្រក់​ទាំង​ប៉ុន្មានដែល [ សុល ] បាន​ប្រព្រឹត្ត » ( កិច្ចការ ៩:១៣ ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​អាន៉្នានាស​ឲ្យ​យល់មើលពី​សុល​ដូច​ដែល​ទ្រង់​បាន​ទត​ឃើញ​គាត់ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​សក្តានុពល​ដែល​ព្រះអម្ចាស់​ទតឃើញ​នៅក្នុង​អ្នកដទៃ ទោះបីជា​មាន​ភាពទន់ខ្សោយ និង​កំហុស​កន្លង​មក​ក៏​ដោយ ។

អ្នកទោស និង​ខ្លារខិន

ឆ្មាំគុក​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​បានខិតខំ​ជួយ​អ្នកទោស​នៅ​ពន្ធនាគា​របស់​គាត់​ឲ្យ​មាន​សុខភាពល្អ​បាន​ប្រាប់​ថា « អ្នក​ត្រូវ​ដឹង​ថា ខ្លារខិន​មិន​អាច​ផ្លាស់ប្ដូរ​ស្នាម​អុជៗ​លើ​ខ្លួន​វា​បាន​នោះ​ទេ ! » ( សូមមើល ថូម៉ាស អេស​ម៉នសុន « See Others as They May Become » Liahona ខែ វិចិ្ឆកា ឆ្នាំ ២០១២ ទំព័រ ៦៩ ) ។

  • តើ​អ្នក​គិត​ថា​ឆ្មាំ​គុក​រូប​នេះ​កំពុង​ព្យាយាម​និយាយ​ពី​អ្វី​ក្នុង​សេចក្តី​ថ្លែង​នេះ ?

  • តើ​អ្នក​ធ្លាប់​ធ្វើ​ជា​សាក្សី ឬ​ជួបប្រទះ​អាកប្បកិរិយា​មួយ​ស្រដៀង​គ្នា​នេះ​ដែរ​ឬ​ទេ ?

ឆ្មាំ​គុក​បាន​ឆ្លើយ​ថា « អ្នក​ត្រូវ​ដឹង​ថា ខ្ញុំ​មិន​ធ្វើការ​ហ្នឹង​ជា​មួយ​ហ្វូង​ខ្លារខិន​ទេ ។ ខ្ញុំ​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស ហើយ​មនុស្ស​ផ្លាស់ប្តូរ​ជា​រៀងរាល់​ថ្ងៃ » ( « See Others as They May Become » ទំព័រ ៦៩ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការជឿជាក់​ថា​មនុស្ស​អាច​ផ្លាស់ប្តូរ ? តើ​អ្វីដែល​ធ្វើ​ឲ្យ​លំបាក​ក្នុងការ​ជឿថា​មនុស្ស​អាច​ផ្លាស់​ប្ដូរ ?

នៅក្នុង​មេរៀន​ថ្ងៃនេះ យើង​នឹង​ប្រៀបធៀប​ពី​របៀប​ដែល​មនុស្ស​បានយល់​ឃើញពី​សុល ជាមួយ​នឹង​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បានទត​ឃើញ​គាត់ ។ សុល បាន​បៀតបៀន​យ៉ាង​សាហាវ​ចំពោះ​បុរស និង​ស្រ្តី​ដែល​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ស្វែងរក​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ព្រះអង្គសង្គ្រោះ​អំពី​របៀប​ដែល​អ្នក​មើល​ឃើញ​ខ្លួន​ឯង និង​អ្នកដទៃ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​សុល ។

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ចំពោះ​សុល ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដាម៉ាស ដើម្បី​ចាប់​សមាជិក​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ បទពិសោធន៍​នេះបាន​ធ្វើឲ្យ​សុល​ងងឹត​ភ្នែក ។ គាត់​មិន​បាន​បរិភោគ ឬ​ផឹក​អស់​រយៈពេល​បី​ថ្ងៃ ហើយ​គាត់​បាន​អធិស្ឋាន​ទៅ​ព្រះ​ដើម្បី​ទូលសូម​ជំនួយ ( សូម​មើល កិច្ចការ ៩:១–៩,១១ ) ។

សូម​អាន កិច្ចការ ៩:១០–១២ ដោយ​រកមើល​របៀប​ដែល​ព្រះ​បាន​ជ្រើសរើស​ឆ្លើយ​តប​ការអធិស្ឋាន​របស់​សុល ។

  • តើ​អ្នក​បាន​កត់សម្គាល់​ឃើញ​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​ហាក់ដូចជា​សំខាន់​ចំពោះ​អ្នក ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះ​បាន​ចាត់​នរណា​ម្នាក់​ឲ្យ​ជួយ​សុល ជាជាង​ធ្វើ​ឲ្យ​ភ្នែក​របស់​សុល​មើលឃើញ ដោយ​អង្គ​ទ្រង់ ?

សូម​អាន កិច្ចការ ៩:១៣–១៥ ដើម្បី​រកមើល​ថាតើ​អាន៉្នានាស និង​ព្រះអម្ចាស់​មាន​ទស្សនៈ​ខុសគ្នា​អំពី​សុល​យ៉ាង​ដូចម្ដេច ។ ( វា​ជា​ការសំខាន់​ក្នុង​ការដឹង​ថា​អ្វី​ដែល​អាន៉្នានាស​បាន​ឮ​អំពី​សុល​គឺ​ត្រឹម​ត្រូវ [ សូមមើល កិច្ចការ ៨:៣; ៩:១–២ ] ) ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​គូររូប​ភាពសាមញ្ញ​មួយ​ដើម្បី​តំណាងឲ្យ​សុល ។ នៅ​មួយ​ចំហៀង​គំនូរ​របស់​អ្នក សូម​សរសេរ​ឃ្លា​មួយ​សង្ខេប​ពី​របៀប​ដែល​អាន៉្នានាស និង​អ្នកដទៃ​នៅ​សម័យ​របស់​សុល​បាន​យល់​ឃើញ​អំពី​គាត់ ។ នៅ​ម្ខាង​ទៀត សូម​សរសេរ​ឃ្លា​មួយ​ដែល​សង្ខេប​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្វេងយល់​អំពី​គាត់ ។

អាន៉្នានាស​បាន​ទុកចិត្ត​លើ​ការឆ្វេងយល់​របស់​ព្រះអម្ចាស់​ចំពោះ​សុល ។ សូម​អាន កិច្ចការ ៩:១៧–២០ ដើម្បី​មើលថា​មានអ្វីកើត​ឡើងបន្ទាប់​ទៀត ។

អ្នកអាច​ចង់​មើល​វីដេអូ « The Road to Damascus » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ១:៥៥ ដល់នាទីទី ៥:២១ ។

  • តើ​អ្នក​គិត​ថា​មានអ្វី​ដែល​សំខាន់​ចំពោះ​របៀប​ដែល​ព្រះយេស៊ូវ​ទត​ឃើញ​ពី​សុល ? ហេតុអ្វី ?

  • តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​យើង​អាចរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញ​ពី​ដំណើររឿង​នេះ ?

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​យល់ឃើញ​អ្នកដទៃ​ដូច​ដែល​ទ្រង់​ទតឃើញ​ពួកគេ

សូម​ចំណាយពេល​មួយនាទី​ដើម្បី​គិត​អំពី​របៀប​ដែល​អ្នក​ហាក់​យល់ឃើញ​ពី​អ្នកដទៃ​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជា​ប្រចាំ ។ សូម​រកមើល​តាមរយៈ​បញ្ជី​មនុស្ស​ដែល​មាន​ដូច​ខាងក្រោម ហើយ​ប្រើពាក្យ​ពីរម៉ាត់​ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​យល់ឃើញ​លើ​បុគ្គល​ម្នាក់ៗ ។

  • ឪពុកម្តាយ

  • បងប្អូន​បង្កើត

  • គ្រូបង្រៀន

  • មិត្តភក្ដិ

  • ខ្លួនឯង

ព្រះគម្ពីរ និង​ពាក្យសម្ដី​ផ្សេងទៀត​របស់​ព្យាការី អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​ទតឃើញ​ចំពោះ​បុគ្គល​ម្នាក់ៗ ។ សូមអាន សាំយូអែល ទី១ ១៦:៧, គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣ និង សេចក្តី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ.ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ព្រះវរបិតា​ជា​ទីស្រឡាញ់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ម្នាក់ៗ​ថា « ចូរមក​ដោយ​ខ្លួន​អ្នក » ហើយ​ទ្រង់​បន្ថែម​ទៀត​ថា « ចូរ​កុំ​គិត​ថា អ្នក​មិន​ផ្លាស់ប្ដូរ​នោះ​ឡើយ » ។ យើង​ញញឹម ហើយ​ចងចាំ​ថា ព្រះ​តាំង​ព្រះទ័យ​ដើម្បី​ធ្វើឲ្យ​យើង​ប្រែក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​យើង​គិត​ថា យើង​អាច​ប្រែក្លាយ ។

( ជែហ្វ្រី អ័រ ហូឡិន « Songs Sung and Unsung » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥១ )

ដោយផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន សូមត្រឡប់​ទៅមើល​បញ្ជី​នៃ​មនុស្ស​ទាំងនោះ ហើយ​ឥឡូវ​នេះ សូម​ប្រើ​ពាក្យ​ពីរម៉ាត់​ដើម្បី​ពិពណ៌នា​អំពី​មនុស្ស​ម្នាក់ៗ​ទៅតាម​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាចទត​ឃើញ​ពួកគេ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ធ្វើអ្វី​ដើម្បី​មើល​ឃើញ​មនុស្ស​កាន់តែ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទត​ឃើញ ?

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​ក្នុង​ការយល់ឃើញ​ពី​អ្នកដទៃ​តាម​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ទត​ឃើញ​ពួកគេ​ឲ្យ​បាន​ជាប់លាប់ ?

  • ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ក្នុង​ការព្យាយាម​យល់ឃើញ​ពី​អ្នកដទៃ​តាម​របៀបនេះ ?

សូម្បីតែ​នៅពេល​ដែល​មនុស្សម្នាក់​បានផ្លាស់ប្តូរ​ដោយ​ជ្រើសរើស​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ក្តី ជួនកាល​វា​ពិបាក​ក្នុងការ​ជឿថា​ពួកគេ​ពិតជា​បានផ្លាស់ប្តូរ​នោះ ។ មនុស្សមួយ​ចំនួន​ពិបាក​នឹងជឿ នៅពេល​ដែល​សុល​ប្រែពី​ការបៀតបៀន​ពួកគ្រីស្ទាន ទៅ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ខ្លួនគាត់ ។

សូម​អាន កិច្ចការ ៩:២០–២២, ២៦–២៧ ដោយ​រកមើល​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​សុល​ដែល​ឥឡូវនេះ គាត់​កំពុង​ផ្សាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើអ្នកបាន​កត់សម្គាល់​ឃើញ​អ្វីខ្លះ​អំពី​ប្រតិកម្ម​របស់​មនុស្ស ?

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ពី​បាណាបាស ក្នុង​ឧទាហរណ៍​នេះ ?

២. សូម​ធ្វើ​កិច្ចការ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​កត់ត្រា អ្វី​ដែល អ្នកចង់ធ្វើ ឬ​ចងចាំ ដោយសារ តែការសិក្សា របស់​អ្នក នៅថ្ងៃនេះ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ទាំង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​យល់ឃើញ​ពី​អ្នកដទៃ​កាន់​តែ​ល្អ​ដូច​ដែល​ព្រះអម្ចាស់​ទត​ឃើញ​ពួកគេ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

កិច្ចការ ៩:១៥–១៧ ។ តើ​ការយល់ឃើញ​ពីខ្លួន​យើង និង​អ្នកដទៃ​តាម​របៀប​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ​យើង បង្កើន​ភាពរាបសា​របស់​យើង​ដោយ​របៀបណា ?

អែលឌើរ ឌែល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​រឿង​ដូច​តទៅ ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ ៖

រូបភាព
រូបថត​ផ្លវការ​ពាក់កណ្តាល​ខ្លួន​របស់​អែលឌើរ ឌេល ជី រេនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នា​ខែ មករា ឆ្នាំ ២០១៦ ។

ប៉ុន្មានឆ្នាំ​កន្លងទៅ យុវជន​ដ៏ឆ្នើម​ម្នាក់ឈ្មោះ ឃើធីស ត្រូវបានហៅ​ឲ្យបម្រើ​បេសកកម្ម ។ គាត់​ជា​ប្រភេទ​អ្នកផ្សព្វផ្សាយ​សាសនា ដែលប្រធាន​បេសកកម្ម​គ្រប់រូប​អធិស្ឋាន​សុំ ។ គាត់​ជា​មនុស្ស​យកចិត្ត​ទុកដាក់ ហើយ​ខិតខំ​ធ្វើការ ។ គ្រា​មួយ គាត់​ត្រូវបាន​ចាត់តាំង​ឲ្យ​បម្រើ​ជាមួយ​ដៃគូ​ផ្សព្វផ្សាយ​សាសនា​ដែល​មាន​គំនិត​ក្មេងខ្ចី​មិនចុះ​ចំណោម​គេ និង​ពុំ​មាន​ចិត្ត​ក្លៀវក្លា​ក្នុង​ការ​ធ្វើការងារ ។

ថ្ងៃមួយ កាលពួកគេ​កំពុង​ជិះកង់ ឃើធីស បានក្រឡេក​ក្រោយ ហើយ​ឃើញដៃ​គូ​ខ្លួន​ចុះ​ពី​លើ​កង់ ហើយ​ដើរ​វិញ ។ ឃើធីស បានត្អូញត្អែរ​ដោយ​ស្ងាត់ៗ​ពី​ការស្មុគស្មាញ​របស់​គាត់​ទៅកាន់​ព្រះ​ថា វា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​ដែល​គាត់​ត្រូវ​បម្រើ​ជាមួយ​ដៃគូ​ដែល​គាត់​ត្រូវ​អូសទាញ​ដើម្បី​សម្រេច​បាន​កិច្ចការ​អ្វី​មួយ​នោះ ។ បន្តិច​ក្រោយមក ឃើរធីស បាន​មាន​ចំណាប់​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​មួយ​ថា « ឯង​ដឹង​ទេ ឃើធីស បើ​ប្រៀប​មក​យើង ឯង​ទាំងពីរ​នាក់​ពុំ​មាន​អ្វី​ខុសគ្នា​នោះ​ទេ » ។

( ឌែល ជី រេនឡាន់ « Latter-day Saints Keep on Trying » Liahona  ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៨ ។

កិច្ចការ ៩:២៦–២៧ ។ តើ​ខ្ញុំ​អាច​ជួយ​អ្នក​ណា​ម្នាក់​ដែល​ចង់​ផ្លាស់ប្តូរ​ដោយ​របៀបណា ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ចូរ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត ។ ចូរ​ឲ្យ​មនុស្ស​រីកចម្រើន​ឡើង ។ ចូរ​ជឿ​ថា​មនុស្ស​អាច​ផ្លាស់ប្តូរ ហើយ​កែ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​បាន ។ តើ​នោះ​គឺ​ជា​សេចក្តីជំនឿ​ឬ ? មែនហើយ ! តើ​នោះ​គឺ​ជា​សេចក្តី​សង្ឃឹម​ឬ ? មែនហើយ ! តើ​នោះ​គឺ​ជា​សេចក្តី​សប្បុរស​ឬ ? មែនហើយ ! លើស​ពី​នេះ​ទៅ​ទៀត វា​គឺ​ជា​សេចក្ដី​សប្បុរស ជា​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ព្រះ​គ្រីស្ទ ។ បើ​មាន​អ្វីមួយ​កប់​ក្នុង​អតីតកាល ចូរ​ទុក​វា​ចោលចុះ ។ សូម​កុំ​ត្រឡប់​ក្រោយ ជាមួយ​កូន​ធុង​ខ្សាច់ និង​កូន​ប៉ែល​របស់​អ្នក​ហើយ​ជីក​វា គ្រវី​ជុំវិញ រួច​បោះ​វា​ទៅ​ឲ្យ​អ្នកណា​ម្នាក់​ដោយ​និយាយ​ថា « អ្ហេ៎ ! តើ​អ្នក​នៅ​ចាំ​រឿង នេះ​ទេ ? » ផ្លាប់ !

ដឹង​ថា​យ៉ាង​ម៉េច​អត់ ? នោះ​ប្រហែល​ជាមក​ពី​មាន​របស់​អាក្រក់ៗ​មួយ​ចំនួន​ដែល​បាន​ជីក​ពី​ដី របស់​អ្នក ដោយ​មាន​ការឆ្លើយ​តបថា « បាទ ខ្ញុំ​ចាំ​វា​បាន ។ តើ អ្នក នៅ​ចាំ​រឿង នេះ ទេ ? » ផ្លាប់ ។

ហើយមិន​យូរប៉ុន្មាន គ្រប់ៗគ្នា​ចាកចេញពី​ការផ្លាស់ប្តូរ​កខ្វក់ ពី​ភក់ជ្រាំ ការមិន​សប្បាយចិត្ត និងការ​ឈឺចាប់​នោះ នៅពេល​ដែល​អ្វី​ដែល​ព្រះវរបិតាសួគ៌ របស់​យើង​អង្វរសុំ​ពី​យើង​គឺ​ភាពស្អាតស្អំ សេចក្តីសប្បុរស សុភមង្គល និង​ការព្យាបាល ។

ការរស់នៅ​ក្នុង​ជីវិត​អតីតកាល រួម​ទាំង​កំហុស​ពី​អតីតកាល គឺ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ ! វា​មិនមែន​ជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ ។

( ជែហ្វ្រី អ័រ ហូឡិន « The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៦–២៧ )