ឆ្នាំ ២០១០-២០១៩
ការ​បង់ថ្លៃ--និង​ពរជ័យ​ទាំងឡាយ--នៃភាព​ជា​សិស្ស
ខែ មេសា 2014


ការ​បង់ថ្លៃ--និង​ពរជ័យ​ទាំងឡាយ--នៃភាព​ជា​សិស្ស

ចូរ​រស់នៅ​តាម​ដំណឹងល្អ​ដោយស្មោះត្រង់ ទោះ​ជា​អ្នក​ដទៃជុំវិញ​អ្នក​ពុំ​រស់​នៅ​តា​មដំណឹងល្អ​ទាល់​តែ​សោះ​ក៏ដោយ។

ប្រធាន​ ម៉នសុន ពួក​យើង​ស្រឡាញ់លោក ។ លោក​បាន​ថ្វាយ​ដួងចិត្ត និង​សុខភាព​លោក ក្នុងគ្រប់​ការហៅ​បម្រើ ដែល​ព្រះអម្ចាស់បាន​ប្រទាន​ដល់​លោក ជា​ពិសេស​តំណែង​ដ៏ពិសិដ្ឋ​ដែល​លោក​កំពុង​តែ​មាន ។ សាសនាចក្រ​នេះ​ទាំងមូល ថ្លែង​អំណរគុណ​លោក ចំពោះ​ការ​បម្រើ​ដ៏​ខ្ជាប់ខ្ជួន​ និង​​ការ​លះបង់​ក្នុង​កាតព្វកិច្ចដ៏​ខ្ជាប់ខ្ជួន​របស់​​លោក ។​

ដោយ​ការ​កោតសរសើរ និង​ការ​លើក​ទឹកចិត្ត​ដល់​មនុស្ស​គ្រប់​រូប ដែល​នឹង​តម្រូវឲ្យនៅ​​ខ្ជាប់ខ្ជួន​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ខ្ញុំសូម​​និយាយ​ទៅ​កាន់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​យុវវ័យ​នៃ​សាសនាចក្រថា បើ​សិនជា​អ្នក​ពុំ​ទាន់បានត្រៀមខ្លួននៅឡើយ​ នោះ​នៅ​ថ្ងៃ​មួយ អ្នក​នឹង​ឃើញ​ថា ខ្លួន​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ការ​ពារ​ជំនឿ​អ្នក ឬ​ប្រហែល​ជា​ស៊ូទ្រាំ​នឹង​ការលត់ដំ​ខ្លួន​អ្នក​ខ្លះៗ​ដោយ​សាមញ្ញ ពីព្រោះ​​តែ​អ្នក​គឺ​ជា​សមាជិកមួយរូប​​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថ្ងៃ​ចុង​ក្រោយ ។ គ្រា​ដូច្នោះ នឹង​តម្រូវឲ្យ​មាន​ទាំងភាព​ក្លាហាន និង​សុភាវធម៌​ពី​ខ្លួន​អ្នក ។

ឧទាហរណ៍ ស៊ីស្ទើរ​អ្នក​ផ្សាយសាសនាម្នាក់ បាន​សរសេរ​ថ្មីៗ​នេះ​ថា ៖ « ដៃគូ​ខ្ញុំ និង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ អង្គុយ​លើ​កៅអីវែង​នៅថោន ស៍ឃ្វែរ ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​របស់គាត់ ។ ពេល​យើង​ដើរ​ទៅ​ជិត គាត់​បាន​ងើយ​មើល​យើង​ ហើយ​ឃើញ​ស្លាក​ឈ្មោះ​អ្នក​ផ្សាយសាសនា​របស់​យើង ។ ដោយ​កែវភ្នែក​មិន​ល្អ​របស់គាត់ គាត់​បាន​ងើប​ឡើង ហើយ​លើក​ដៃ​ចង់វាយ​ខ្ញុំ ។ ខ្ញុំ​ឱន​ទាន់ ដោយ​គាត់​គ្រាន់​តែ​ព្រោះ​បាយ​ពីមាត់​របស់​គាត់​មក​លើខ្ញុំ ហើយ​ចាប់​ផ្ដើម​ជេរពាក្យ​​អាក្រក់ៗ​មកកាន់​យើង ។ យើង​បាន​ដើរ​ចេញ​ដោយ​មិន​និយាយ​អ្វីសោះ ។ ខ្ញុំ​បានព្យាយាម​​ជូត​អាហារ​នោះ​ចេញពី​មុខ​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា ​មានដុំ​​ដំឡូង​កិន បាន​គប់​មកលើ​ខ្ញុំ​ពីខាង​​ក្រោយ​ចំក្បាល ។ ពេល​ខ្លះ វា​ពិបាក​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សាយសាសនា ដោយ​សារ​ពេល​នោះ ខ្ញុំ​ចង់​ត្រឡប់​ទៅ​​​ក្របួច​ករ​​បុរស​តូច​នោះ ​សួរ​ថា ‹ អ្នក​ឯង​ចង់​ម៉េច​ហ្នឹង ! › តែ​ខ្ញុំ​មិន​បាន​ធ្វើ​ទេ » ។

ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ផ្សាយ​សាសនា​ដ៏​លះបង់រូប​​នេះថា កូន​ជាទីស្រឡាញ់​ កូន​បាន​ដាក់​ខ្លួន​​ដ៏​រាបសារ ​ក្នុងចំណោម​បុរស​ស្ត្រីដ៏អង់អាច ដូច​ដែល​ព្យាការី​យ៉ាកុបក្នុង​គម្ពីរ​មរមន​បាន​មានប្រសាសន៍​ថា « យល់​ដល់​សារៈ​ប្រយោជន៍​នៃ​ការ​សុគត​របស់​ទ្រង់ ហើយ​លី​ឈើ​ឆ្កាង [​​របស់​ព្រះគ្រីស្ទ] ព្រមទាំង [​ស៊ូ​រង] ​នូវ​ការ​អាម៉ាស់​នៃ​មនុស្ស​លោក » ។ 1

ប្អូនប្រុស​​របស់​នីហ្វៃ​ យ៉ាកុប បាន​សរសេរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ថា​ ៖ « ហើយ​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់ពួកគេ នោះ​នឹង​ចាត់​ទ្រង់​ទុក​ជា​គ្មាន​តម្លៃ​ទៅ​វិញ ហេតុដូច្នោះ​ហើយ ពួកគេ​វាយ​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពួកគេ​ទះទ្រង់ ក៏​ទ្រង់​អត់ធ្មត់​ « មែនហើយ ពួកគេ​ស្ដោះ​ដាក់​ទ្រង់ ក៏​ទ្រង់​អត់ធ្មត់ ពីព្រោះ​មក​ពី​សេចក្ដី​មេត្តា​ករុណា និង​ការ​អត់ធ្មត់ ដែល​ទ្រង់​មាន​ចំពោះ​កូន​ចៅ​មនុស្ស » ។ 2

ក្នុងការប្រៀបប្រដូច​ទៅ​នឹង​បទពិសោធន៍​របស់​ព្រះអង្គសង្គ្រោះ​ផ្ទាល់ ​ពួកព្យាការី ពួកសាវក អ្នក​ផ្សាយសាសនា និង​សមាជិក​នៅ​គ្រប់ជំនាន់--​ ជា​អ្នក​ទាំងឡាយ​​ដែល​នៅក្នុង​ប្រវត្តិសាស្ត្រ​​ជាយូរ​លង់​មក ត្រូវ​​រង​នូវ​ការ​បដិសេធ និង​​ការ​ឈឺចាប់ដ៏​ខ្លាំង​ពន់ពេក​ កាល​ដែល​ពួកគាត់បាន​ព្យាយាម គោរព​ដល់​ការ​ហៅ​របស់​ព្រះ ដើម្បី​លើក​កម្ពស់​ដល់​គ្រួសារ​មនុស្ស​លោកឲ្យ « នៅ​លើ​ផ្លូវ​កាន់​តែ​ល្អឥតខ្ចោះ » នោះ ។ 3

« តើត្រូវ​ឲ្យ​​ខ្ញុំ​និយាយ​អ្វី​ទៀត អំពី[​ពួកគេ] ? » អ្នក​និពន្ធ​សៀវភៅ​ហេព្រើរ​បានសួរ ។

« [ពួកគេ] ដែល  … បាន​បិទមាត់​សឹង្ហ

«​ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពីមុខដាវ … បាន​មាន​កម្លាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃផង … ។

« [ឃើញ] មនុស្ស​ស្លាប់​របស់​ខ្លួន​មក ដោយ​រស់​ពី​ស្លាប់ ខ្លះ​ត្រូវ​គេ​ធ្វើ​ទុក្ខ​វេទនា … ៖

« ហើយ … ដោយ​មាន​គេ​ចំអក​ឲ្យ​ទាំង​វាយនឹង​រំពាត់ … ក៏​ទ្រាំ​ទាំង​ជាប់​ចំណង ៖

« ត្រូវ​គេ​ចោល​នឹង​ថ្ម … ល្បួង ហើយ​អារ​បណ្ដាច់ ក៏​ត្រូវ​ស្លាប់​នឹង​ដាវ … ត្រូវ​ដើរ​រីមវាម ទាំង​ស្លៀក​ស្បែក​ចៀម និង​ស្បែក​ពពែ ក៏​ត្រូវ​កំសត់​ទុគ៌ត ត្រូវ​គេ​សង្កត់​សង្កិន [ហើយ​] ធ្វើ​បាប

« ( លោកិយ​មិនគួរ​នឹង [​អ្នក​ទាំង​នោះ​] ទេ ៖ ) … ក៏​ដើរ​សាត់ព្រាត់​នៅ​ក្នុង​ទីរហោស្ថាន ហើយ​នៅ​ទីភ្នំ ទាំង​នៅក្នុង​រអាង ហើយ​នឹង​រូង​ក្នុង​ដី » ។ 4

ប្រាកដ​ណាស់ ពួកទេវតា​នៃ​ស្ថានសួគ៌បាន​យំ ពេល​ពួកគេ​កត់ត្រា​អំពី​តម្លៃ​នៃ​ភាព​ជាសិស្ស​នេះ នៅក្នុង​ពិភពលោកមួយ ដែល​ពុំ​ទទួល​យក​នូវ​បទបញ្ញត្តិ​ព្រះ​ជាញឹកញាប់ ។ ព្រះអង្គសង្គ្រោះ​ផ្ទាល់ ​ព្រះកន្សែង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បានគេ​បដិសេធ ហើយ​សម្លាប់​នៅក្នុង​ការ​បម្រើ​ទ្រង់​អស់​រយៈពេល​រាប់​រយ​ឆ្នាំ​មក​ហើយ​នោះ ។ ហើយ​​ឥឡូវ ទ្រង់​ត្រូវ​គេ​បដិសេធ ហើយហៀប​នឹង​ត្រូវ​គេ​សម្លាប់ ។

ព្រះយេស៊ូវ​ព្រះកន្សែងថា « ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម ជា​ទីក្រុង​ដែល​សំឡាប់​ពួក​ហោរា ហើយ​ចោល​ថ្ម​ទៅ​អស់​អ្នក ដែល​បាន​ចាត់​មក​ឯឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់​ប្រមូល​កូនឯង​រាល់គ្នា ដូច​ជា​មេមាន់​ប្រមូល​កូន​ក្នុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ​នោះ !

« មើល​ ផ្ទះ​ឯង​រាល់គ្នា​ត្រូវ​ចោល​នៅ​ស្ងាត់​ឈឹង » ។ 5

សេចក្ដី​ថ្លែង​នោះ ជា​សារលិខិត​សម្រាប់​យុវជន និង​យុវនារី​គ្រប់​រូប​ក្នុង​សាសនាចក្រ​នេះ ។ អ្នក​អាច​នឹង​ងឿង​ឆ្ងល់ថា តើ​​វា​មាន​តម្លៃឬទេ ​ដើម្បី​ការពារខាង​សីលធម៌​ដោយ​ក្លាហាន​​នៅ​ក្នុង​វិទ្យាល័យ ឬ​ទៅ​បេសកកម្មនោះ ដោយ​ត្រូវ​ឲ្យ​ជំនឿ​ដែល​យើង​ស្រឡាញ់​បំផុត ត្រូវ​គេ​ជេរប្រមាថ ឬ​ជំទាស់​យ៉ាង​ច្រើន​នៅក្នុង​សង្គម ដែល​ពេល​ខ្លះមាន​ការ​ចំអក​ដល់​ជីវិត​នៃ​ការ​លះបង់​ខាង​សាសនារបស់​យើងទៀត​ផង ។ មែនហើយ វា​មាន​តម្លៃ ពីព្រោះជម្រើសផ្សេងទៀត ​គឺធ្វើ​ឲ្យ​ « ​ផ្ទះ​ » របស់យើង​​ត្រូវ​ចោល​ « នៅ​ស្ងាត់​ឈឹង » -- វា​មាន​ន័យ​ថា បុគ្គលនៅ​ស្ងាត់​ឈឹង ក្រុមគ្រួសារនៅ​ស្ងាត់​ឈឹង អ្នកជិត​ខាងនៅ​ស្ងាត់​ឈឹង និង​ជាតិសាសន៍នានា​​នៅ​ស្ងាត់​ឈឹង ។

នេះ​បង្ហាញ​ថា យើង​មាន​បន្ទុក​នៃ​ការ​ហៅ​ឲ្យ​ចែក​ចាយ​សារលិខិតនៃ​​ព្រះមែស៊ី ។ បន្ថែម​ទៅលើ​ការ​បង្រៀន ភាព​ក្លាហាន និង​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​រីករាយ ( នោះ​គឺ​ជា​ផ្នែក​ដ៏​រីករាយ​នៃ​ភាព​ជា​សិស្ស) ជួនកាល សារទូត​ដដែល​ទាំង​នេះ ត្រូវ​បាន​ហៅ​ឲ្យ​ខ្វាយខ្វល់ ព្រមាន និង​ពេល​ខ្លះ​ត្រូវទួញ​យំ ( នោះ​ជា​ផ្នែក​ដ៏​ឈឺចាប់​នៃ​ភាព​ជា​សិស្ស ) ។ ពួកគេ​ដឹង​យ៉ាង​ល្អ​ថា ផ្លូវ​ដែល​នាំ​ទៅ​កាន់​ដែនដី​សន្យា « ដែល​មាន​ទឹកដោះ និង​ទឹក​ឃ្មុំ​ហូរ​ហៀរ » 6 ​ចាំ​បាច់​ត្រូវ​ដំណើរ​ការ​ដោយ​តាម​របៀប​នៃ​ភ្នំ​ស៊ីណាយ ដោយ​ពាក្យ​ថា « ចូរ​ឲ្យ » និង « កុំ​ឲ្យ » ។ 7

ជា​អកុសល សារទូត​ដែលឱបក្រសោបបទបញ្ញត្តិដ៏​ទេវភាព ជា​រឿយៗ​ ពុំ​មាន​ប្រជាប្រិយភាព​ជាង​កាល​ពី​ជំនាន់​បុរាណឡើយ យ៉ាង​ហោចណាស់​ ឥឡូវ​នេះ ស៊ីស្ទើរ​ផ្សព្វផ្សាយសាសនា អាចមានបទ​​​ពិសោធន៍នៃ​​ការ​ស្ដោះទឹកមាត់ដាក់ ការ​ចោល​ដុំ​ដំឡូង​កិន​មកលើ​ជា​ដើម​​ ។ ការ​ស្អប់ គឺ​ជា​ពាក្យ​អាក្រក់ ប៉ុន្តែ​មាន​មនុស្ស​នៅសព្វថ្ងៃ ដែល​និយាយ​ជាមួយនឹងស្តេច​​​ អ័ហាប់ ពុករលួយ​ថា « ខ្ញុំ​ស្អប់ [ព្យាការី មីកាយ៉ា ] ត្បិត​គាត់​ពុំ​ដែល​ទាយល្អ​ពី​ទូលបង្គំ​ទេ គឺ​ [ទាយ] ​តែអាក្រក់​ប៉ុណ្ណោះ » ។ 8 ការ​ស្អប់​ចំពោះ​ភាព​ស្មោះត្រង់​របស់​ព្យាការី​ម្នាក់​​តាម​របៀប​​នោះ ធ្វើឲ្យអាប៊ីណាដៃបាត់បង់​​ជីវិតរបស់គាត់ ។ នៅពេល​លោក​ទូលទៅ​ស្ដេច​ណូអេ​ថា ៖ « ពីព្រោះ​ខ្ញុំ​បាន​ប្រាប់​ការ​ពិត​ដល់​អ្នក ស្រាប់​តែ​អ្នករាល់គ្នា​បាន​ខឹង​នឹង​ខ្ញុំ​ទៅវិញ … ។ ពីព្រោះ​ខ្ញុំ​បាន​ប្រាប់​ពី ព្រះបន្ទូល​នៃ​ព្រះ នោះ​អ្នករាល់គ្នា​បាន​វិនិច្ឆ័យ​មក​លើ​រូប​ខ្ញុំ​ថា ខ្ញុំ​ជា​មនុស្ស​ឆ្កួត​វិញ » ។ 9 ឬ​យើង​អាច​បន្ថែម​ថា ជា​មនុស្ស​មិនទាន់សម័យ ជាព្ធកយុកោ ជា​មនុស្ស​មិនចេះ​អត់ឱន ចិត្ត​អាក្រក់ ចង្អៀត​ចង្អល់ ហួស​សម័យ ហើយ​ចាស់​គំរិល​ជាដើម ។

ដូច​ជា​ព្រះអម្ចាស់​ផ្ទាល់ ទ្រង់​បាន​ទួញសោក​ចំពោះ​ព្យាការី​អេសាយ​ថា ៖

« កូនចៅ​ [ទាំង​នេះ] ... មិន​ព្រម​ផ្ចង់ចិត្ត​ស្ដាប់​ក្រិត្យវិន័យ​របស់ព្រះយេហូវ៉ាទេ ៖

« [ ពួកគេ ] ប្រាប់ដល់​ពួក​មើល​ឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយដល់ពួកហោរា​ថា កុំ​ឲ្យ​ទាយ​ពីសេចក្ដីទៀងត្រង់ ឲ្យ​យើង​ស្ដាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពីសេចក្ដី​ស្រួល​បួល​វិញ ត្រូវ​ទាយ​ជា​សេចក្ដី​ភូតភរ​ចុះ ៖

« ចូរ​លែង​តាម​ផ្លូវ​ចុះ ហើយ​បែរចេញ​ពីផ្លូវ​ច្រក​នេះ​ទៅ ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ពីមុខ​យើងវិញ » ។ 10

គួរ​ឲ្យ​សោក​ស្ដាយ មិត្ត​វ័យ​ក្មេង​ខ្ញុំអើយ វា​ជា​ចារិត​លក្ខណៈ​ជំនាន់​របស់យើង​​ដែលថា បើ​មនុស្ស​ចង់​បានព្រះ​ណាមួយ នោះ​ពួកគេ​ចង់​ឲ្យ​ព្រះ​នោះ​ ជាព្រះ​ពុំ​តម្រូវ​ច្រើនពេកពីគេ ជា​ព្រះ « ស្រួល » ព្រះ​ឥតបញ្ហា ដែលទ្រង់​​ពុំតឿន​ ​ឬ​ក៏ដាស់តឿនពួកគេ​​ឡើយ ជា​ព្រះ​ដែល​អង្អែល​ក្បាលយើង​ ហើយ​ធ្វើ​ឲ្យ​យើង​សើច​កក្អឹក បន្ទាប់មក​ប្រាប់​យើង​ថា ចូរ​រត់លេង​ទៅ ហើយបេះ​ផ្កា​លេងចុះ ។​ 11

នោះ​បង្ហាញ​ថា ​​មនុស្ស​បាន​បង្កើតព្រះ​​តាមរូបខ្លួន​ហើយ ! ពេល​ខ្លះ-- ហើយរឿង​​នេះ​ហាក់បី​ដូចជាការ​ចំអកថា-- ​មនុស្ស​ទាំងនេះ បាន​ប្រើ​ព្រះនាម​ព្រះយេស៊ូវ ថាជា​អង្គ​ដែល​ជា​ព្រះ « ស្រួល» ប្រភេទ​នេះ​ហើយ ។ ពិតមែនឬ ? ទ្រង់​បាន​​មានបន្ទូលថា យើង​មិន​គួរ​ល្មើស​បទបញ្ញត្តិ​ឡើយ ប៉ុន្តែ​យើង​ក៏​​មិនគួរ សូម្បី​តែ គិត ចង់​រំលងបញ្ញត្តិ​នោះដែរ ។ ហើយ​បើ​យើង​គិត​ចង់រំលង​​បញ្ញត្តិ នោះ​យើង​បាន​រំលង​​នៅ​ក្នុង​ចិត្ត​យើង​រួច​ទៅហើយ ។ តើ​គោលលទ្ធិនោះ ស្ដាប់ទៅ​ជា​គោលលទ្ធិ « សុខស្រួល » ងាយ​ស្ដាប់ ហើយ​មនុស្ស​ចូល​ចិត្ត​ស្ដាប់​ឮ​អំពី​ខ្លួន​គេឬ​ទេ ?

ចុះ​ចំណែក​ឯ​អ្នក​ដែល​ចង់​មើល​អំពើបាប ឬ​ប៉ះ​វា​ពី​ចម្ងាយវិញ ? ព្រះយេស៊ូវ មាន​បន្ទូល​ដោយ​ច្បាស់​ថា បើ​ភ្នែក​អ្នក​នាំឲ្យ​រវាតចិត្ត ចូរ​ខ្វេះ​វា​ចេញទៅ ។ បើ​ដៃ​របស់អ្នក​ធ្វើ​ឲ្យ​រវាត​ចិត្ត ចូរ​កាត់​វា​ចេញ​ទៅ ។ 12 « ខ្ញុំ​មិនមែនមក ដើម្បី​ [តាំង] ​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺឲ្យ​មាន​ដាវ​វិញ​» 13 ទ្រង់​ព្រមាន​ដល់អ្នក​ដែល​បានគិត​ថា ទ្រង់​បាន​និយាយ​តែ​រម្ងាប់​ភាព​គ្មាន​តម្លៃ​តែប៉ុណ្ណោះ ។ វាពុំគួរ​ឲ្យ​ឆ្ងល់​ទេ ដែល​បន្ទាប់ពី​ទេសនកថា​នីមួយៗ នោះ​ពួក​សហគមន៍​ក្នុង​មូលដ្ឋាន « បាន​ទូល​អង្វរ​ សូម​ឲ្យ​ទ្រង់​ចេញ​ពី​ស្រុក​គេ​ទៅ » ។ 14 វាពុំគួរ​ឲ្យ​ឆ្ងល់​ទេ ដែល​បន្ទាប់ពី​អព្ភូតហេតុ​​នីមួយៗ ព្រះចេស្ដា​របស់ទ្រង់ ត្រូវ​បានទទួល​ស្គាល់​ពុំ​មែន​តែ​ព្រះ​ទេ តែ​អារក្ស​ក៏​ទទួលស្គាល់​ដែរ ។ 15 វា​ស្ដែង​ឲ្យ​ឃើញ​ថា ពាក្យ​ស្លោក​ដ៏​ប្រជាប្រិយ​ដែល​គេ​សួរ​ថា « តើ​ព្រះយេស៊ូវ​នឹង​ធ្វើ​អ្វី ? »​ ពុំ​មែន​នាំ​មក​នូវ​ចម្លើយ​ដ៏​ប្រជាប្រិយ​ជានិច្ច​នោះទេ ។

នៅ​ចុងការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់ ព្រះយេស៊ូវ បាន​មានបន្ទូល​ថា « ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច​យើង​ស្រឡាញ់​អ្នក » ។16ដើម្បី​បញ្ជាក់​ថា ពួក​គេ​យល់​អំពី​​សេចក្ដីស្រឡាញ់​ប្រភេទ​ណា​នោះ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា « បើ​អ្នក​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​ខ្ញុំ​ចុះ​» ។ 17 និង « ដូច្នេះ … អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្តិ​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​នៅក្នុង​នគរ​ស្ថានសួគ៌ … » ។ 18 សេចក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ គឺ​ជា​តម្រូវ​ការ​ដ៏​ធំបំផុត​ ដែល​យើង​មាន​ក្នុង​ពិភពលោក​នេះ ពីព្រោះ​សេចក្ដី​សុចរិត តែងតែ​មាន​អម​នៅ​ជាមួយ​នឹង​វា ។ ​ដូច្នេះ បើ​សេចក្ដីស្រឡាញ់​គឺ​ជាពាក្យ​ស្លោក​របស់យើង ដូច​ដែល​វា​ត្រូវ​តែ ជា​របស់​យើង នោះ​តាម​ព្រះបន្ទូល​របស់ទ្រង់ ​ដែល​ជា​​និមិត្តរូប​នៃ​ក្ដី​ស្រឡាញ់ យើង​ត្រូវ​លះបង់​អំពើ​រំលង និង​​តម្រុយ​នៃ​ការគាំទ្រ​អំពើរំលង​ណា​មួយ​នៅក្នុង​អ្នកខ្លួន​ដទៃចោល​ចេញ ។ ព្រះយេស៊ូវ យល់​យ៉ាង​ច្បាស់​នូវអ្វី​ដែល​មនុស្ស​ជាច្រើន​ក្នុង​វប្បធម៌​សម័យយើង ​ភ្លេចថា ៖ មាន​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ រវាង​បញ្ញត្តិ​ដើម្បី​អភ័យ​បាប ( ដែល​ទ្រង់​មាន​សមត្ថភាព​ដើម្បី​ធ្វើគ្មានទីបំផុត) និង​ការ​ព្រមាន​ទាស់​នឹង​ការ​បណ្ដោយ​ឲ្យ​មាន​បាប ( ដែល​ទ្រង់​ពុំ​ដែល​ធ្លាប់ធ្វើ​សូម្បី​តែ​ម្ដង)​ នោះ ។

មិត្ត​ទាំងឡាយអើយ ជា​ពិសេស​មិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ សូម​យកដាក់ក្នុងចិត្ត ។ សេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ​ដ៏បរិសុទ្ធ ដែល​ហូរ​ចេញមកពី​សេចក្ដីសុចរិត​ពិត អាច​ផ្លាស់ប្ដូរ​ពិភពលោកនេះ​បាន​ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ពិត និង​សកម្ម គឺមាននៅលើ​ផែនដីនេះ ហើយ​អ្នក​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​ពិត ហើយ​សកម្ម​របស់ទ្រង់ ដែលកំពុង​ព្យាយាម​ចែកចាយ​វា ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ដំណឹងល្អ និង​សាសនាចក្រ​នេះ ដោយ​សាក្សី​ដ៏ពិសេស​មួយ​នៃ​ការ​ស្ដារឡើងវិញ​នូវកូនសោ​បព្វជិតភាព ​បាន​បើក​ព្រះចេស្ដា​ និង​ប្រសិទ្ធភាព​របស់​វា ក្នុង​ពិធីបរិសុទ្ធ​នៃការ​សង្គ្រោះ ។ ខ្ញុំ​​ជឿជាក់យ៉ាង​ច្បាស់​ថា កូនសោ​ទាំងនោះ ត្រូវ​បាន​ស្ដារឡើងវិញ ហើយ​ពិធីបរិសុទ្ធ​ទាំងនោះ បាន​មាន​ម្ដង​ទៀត តាមរយៈ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ លើស​ពី​​ការ​ជឿ​ជាក់ថា​ខ្ញុំកំពុង​​ឈរ​នៅចំពោះ​អ្នក​នៅ​វេទិកា​នេះ ហើយ​អ្នក​អង្គុយ​នៅ​ខាង​មុខ​ខ្ញុំ​ក្នុង​សន្និសីទនេះ​ទៅ​ទៀត ។

ចូរ​រឹងមាំ ។ ចូរ​រស់នៅ​តាម​ដំណឹងល្អ​ដោយស្មោះត្រង់ ទោះ​ជា​អ្នក​ដទៃជុំវិញ​អ្នកពុំ​រស់​នៅ​តា​មដំណឹងល្អ​ទាល់​តែ​សោះ​ក៏ដោយ ។ ចូរ​ការ​ពារ​ជំនឿ​អ្នក​ដោយ​សុភាវធម៌ និង​ដោយ​ក្ដីមេត្តាករុណា ប៉ុន្តែ​ត្រូវ​រឹងមាំ ។ ដោយ​សំឡេង​ដ៏​បំផុសគំនិត​ជាប្រវត្តិសាស្ត្រ​​យូរលង់មកហើយ បាន​បង្ហាញ​អ្នក​ទៅកាន់​ផ្លូវ​នៃ​ភាព​ជាសិស្ស​គ្រីស្ទាន រួមទាំង​អ្នករាល់គ្នា​ដែល​បាន​ស្ដាប់​ឮ​ក្នុង​សន្និសីទនេះ ហើយ​សំឡេង​ដែល​អ្នក​ទើប​តែ​បាន​ស្ដាប់​ឮ​ដោយ​ផ្ទាល់​ពី​ប្រធាន ថូមាស  អេស ម៉នសុន ។ វា​គឺ​ជា​ផ្លូវ​តូច ហើយវាជា​ផ្លូវ​ចង្អៀត​មួយ ដោយ​គ្មាន​ការ​ផ្លាស់ប្ដូរ​បន្ដិចបន្ដួច​នៅ​ត្រង់​កន្លែង​ណាមួយ​​ឡើយ ប៉ុន្តែ​វា​អាច​ត្រូវ​បាន​ធ្វើដំណើរ​ដោយ​រីករាយ និង​ជោគជ័យ « ... ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ... ដោយ​មាន​ការ​ភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និងមនុស្ស​គ្រប់រូប » ។ 19 ចូរ​ដើរ​លើ​ផ្លូវនេះ​ដោយ​ក្លាហាន នោះ​អ្នក​នឹង​ស្ថាបនា​ជំនឿ​ដ៏រឹងមាំ អ្នក​នឹងរក​ឃើញ​នូវសុវត្ថិភាព​ដើម្បី​ទប់ទល់​នឹង​ខ្យល់អាក្រក់​ដែលបោកបក់មក រួមទាំង​​ព្រួញ​របស់​វា​ក្នុង​ខ្យល់​គួចនោះក្ដី ហើយ​អ្នក​នឹង​​ស្គាល់​ថ្ម​ដាដែល​ប្រៀប​បាន​នឹង​កម្លាំង​នៃ​ព្រះប្រោសលោះ​របស់យើង ដែល​អ្នក​នឹង​សង់​លើ ហើយ​កាល​ណា​អ្នក​ស្ថាបនា​ភាពជាសិស្សដោយ​ឥត​ឈប់ឈរ នោះ​អ្នកពុំអាច​ធ្លាក់​ចុះ​បាន​ឡើយ ។ 20 នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។