ឆ្នាំ ២០១០-២០១៩
បុរស​នៃ​បព្វជិតភាព
ខែ មេសា 2014


បុរស​នៃ​បព្វជិតភាព

អ្នក​អាច​ធ្វើ​ជា​គំរូ​មួយ​ដ៏​អស្ចារ្យ មធ្យម ឬ អាក្រក់​បាន។ អ្នក​អាច​គិតថា រឿង​នេះ​មិន​ចោទ​ជា​បញ្ហា​ចំពោះ​អ្នក​ទេ ប៉ុន្តែ វា​មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់​។

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​វីរ​បុរស​ទុក​ក្នុង​ចិត្ត ជា​ពិសេស​កាល​យើង​នៅ​ពី​ក្មេង ។ ខ្ញុំ​បាន​កើត ហើយ​ធំ​ដឹង​ក្ដី​ឡើង​នៅ​ទីក្រុង ព្រីនស្តុន រដ្ឋ នូវ ជើស៊ី សហរដ្ឋ​អាមេរិក ។ ក្រុម​កីឡា​ដែល​ល្បី​ឈ្មោះ​បំផុត​នៅ​ក្បែរ​កន្លែង​ដែល​យើង​រស់​នៅ ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង នូវ យ៉ោក ។ វា​ជា​ផ្ទះ​នៃ​ក្រុម​កីឡា​វាយ​កូន​បាល់​អាជីព​ចំនួន​បី​ក្នុង​ជំនាន់​នោះ​គឺ ៖ ប្រូកឃ្លីន ដតជើរស៍, នូវ យ៉ោក ចាយអែនស៍ និង នូវ យ៉ោក យ៉ាងគីស៍ ។ ហ្វីឡាឌែលព្យា រឹតតែ​នៅជិត​ផ្ទះ​យើង​ទៅ​ទៀត ហើយ​វា​ជា​ផ្ទះ​នៃ​ក្រុម​កីឡា​វាយ​កូន​បាល់ អាត្លែទីក និង ឌឹ ហ្វីលីស៍ ។ មាន​វីរបុរស​ខាង​កីឡា​វាយ​កូន​បាល់​ដ៏​ឆ្នើមៗ​ជាច្រើន​សម្រាប់​ខ្ញុំ​នៅ​ក្នុង​ក្រុមកីឡាករ​ទាំងនោះ ។

ចូ ឌីម៉ាហ្គីអូ ដែល​លេង​ឲ្យ​ក្រុម នូវ យ៉ោក យ៉ាងគីស៍ បាន​ក្លាយ​ទៅ​ជា​វីរបុរស​របស់​ខ្ញុំ ។ កាល​បងប្អូន​ប្រុស និង មិត្ត​ខ្ញុំ​លេង​កីឡា​វាយ​កូន​បាល់​នៅ​ទី​វាល​សាលា​រៀន​ក្បែរ​ផ្ទះ​យើង ខ្ញុំ​បាន​ខំ​គ្រវី​ដំបង​វាយ​កូន​បាល់​ឲ្យ​ដូច​នឹង ចូ ឌីម៉ាហ្គីអូ ដែរ ។ ជំនាន់​នោះ​គ្មាន​ទូរទស្សន៍​ទេ ( ​ជា​សម័យ​បុរាណ ) ដូច្នេះ ខ្ញុំ​មាន​តែ​រូបភាព​ពី​សារព័ត៌មាន​ប៉ុណ្ណោះ​ដើម្បី​រៀន​ពី​ការ​វាយ​កូន​បាល់​របស់​គាត់ ។

ពេល​ខ្ញុំ​ធំ​ឡើង ឪពុក​ខ្ញុំ​បាន​បើក​ឡាន​ដឹកខ្ញុំ​ទៅ​កីឡាដ្ឋាន យ៉ាងគីស៍ ។ នោះ​ជា​គ្រាតែ​ម្ដង​គត់​ដែល​ខ្ញុំ​បាន​ឃើញ ចូ ឌីម៉ាហ្គីអូ លេង ។ ខ្ញុំ​នៅ​ចាំ​យ៉ាង​ច្បាស់ ដូច​ខ្ញុំ​បាន​នៅ​ទីនោះ ឃើញ​គាត់​វាយ​កូន​បាល់​ពណ៌​ស​ហោះ​ត្រង់​ទៅ​កន្លែង​អ្នក​មើល ដែល​នៅ​ចំ​កណ្ដាល​ខាង​ក្រោយ​ទីលាន​ប្រកួត​នោះ ។

ឥឡូវ​នេះ ជំនាញ​ខាង​កីឡា​វាយ​កូន​បាល់​ខ្ញុំ​នៅ​តែ​ប្រៀប​មិន​បាន​នឹង​វីរបុរស​ខ្ញុំ​កាល​ពី​ក្មេង​ឡើយ ។ ប៉ុន្តែ ខ្ញុំ​វាយ​កូន​បាល់​បាន​ល្អ​ពីរ​បី​ដង​ដែរ ខ្ញុំ​បាន​ខំ​វាយ​តាម​កម្រិត​ដ៏​អស្ចារ្យ​របស់​គាត់ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ។

កាល​យើង​ជ្រើស​យក​វីរបុរស យើង​ចាប់ផ្ដើម​ធ្វើ​តាម ទាំង​បាន​គិត ឬ មិន​បាន​គិត​ក្ដី នូវ​អ្វី​ដែល​យើង​កោត​សរសើរ​ដល់​ពួកគេ​បំផុត ។

សំណាង​ល្អ ឪពុក​ម្ដាយ​ដ៏​ឈ្លាសវៃ​របស់​ខ្ញុំ បាន​ដាក់​ពួក​វីរបុរស​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​ខ្ញុំ កាល​ខ្ញុំ​នៅ​ក្មេង ។ ឪពុក​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​កីឡាដ្ឋាន យ៉ាងគីស៍ តែ​ម្ដង​គត់​ដើម្បី​មើល​វីរបុរស​របស់​ខ្ញុំ​ខាង​កីឡា​វាយ​កូន​បាល់​ ប៉ុន្តែ រាល់​ថ្ងៃ​អាទិត្យ គាត់​បាន​ឲ្យ​ខ្ញុំ​សង្កេត​មើល​បុរស​នៃ​បព្វជិតភាព​ម្នាក់ ​ដែល​បាន​ក្លាយ​ជា​វីរបុរស​ខ្ញុំ ។ វីរបុរស​នោះ ​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ ។ ឪពុក​ខ្ញុំ​ជា​ប្រធាន​សាខា​នៃ​សាខា​តូច​មួយ ​ដែល​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​យើង ។ មែនហើយ បើ​អ្នក​ចុះ​ពីលើផ្ទះ​មក​ជាន់​ទី​មួយ ​នៅព្រឹក​​ថ្ងៃ​អាទិត្យ នោះ​អ្នក​នៅ​ព្រះវិហារ​ហើយ ។ សាខា​យើង ​ពុំ​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី 30 នាក់​ឡើយ ។

មាន​យុវជន​ម្នាក់​បាន​បើក​ឡាន​ជូន​ម្ដាយ​គាត់​មក​ប្រជុំ​នៅ​ផ្ទះ​របស់​យើង ប៉ុន្តែ គាត់​ពុំដែល​ចូល​មក​ក្នុង​ផ្ទះ​ទេ ។ គាត់​ពុំ​មែន​ជា​សមាជិក​ឡើយ ។ ឪពុក​ខ្ញុំ​បាន​ព្យាយាម​អញ្ជើញ​គាត់ឲ្យ​​ចូល​មក​ក្នុង​ផ្ទះ​យើង​ដោយ​ចេញ​រក​គាត់នៅកន្លែង​​ចត​ឡាន ​រហូត​ដល់​បាន​ជោគជ័យ ។ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​បព្វជិតភាព​អើរ៉ុន​ដំបូង និង តែ​មួយ​គត់​របស់​ខ្ញុំ ។ គាត់​បាន​ក្លាយ​ទៅ​ជា​វីរបុរស​របស់​ខ្ញុំ​ក្នុង​បព្វជិតភាព ។ ខ្ញុំ​នៅ​ចាំ​ពី​រូប​សំណាក​ឈើ​ដែល​គាត់​បាន​ឲ្យ​មក​ខ្ញុំ​ជា​រង្វាន់ បន្ទាប់​ពី​យើង​បាន​បញ្ចប់​គម្រោង​កាប់​អុស​ជូន​ស្ដ្រី​មេម៉ាយ​មួយ​រូប ។ ខ្ញុំ​ខំ​ធ្វើ​ដូចជា​គាត់ ​ពេលណា​ខ្ញុំ​​​សរសើរ​​​ដល់​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ ។

ខ្ញុំ​បាន​ជ្រើស​យក​វីរបុរស​ម្នាក់​ទៀត​នៅ​ក្នុង​សាខា​តូច​នៃ​សាសនាចក្រ​នោះ ។ គាត់​ជា​ទ័ព​ជើង​ទឹក​អាមេរិក​ ដែល​បាន​មក​ការ​ប្រជុំ​យើង ដោយ​​ស្លៀក​ពាក់​ឯក​សណ្ឋាន​ទាហាន​ជើង​ទឹក​ពណ៌​បៃតង ។ វា​ជា​ពេល​មាន​សង្គ្រាម ដូច្នេះ វា​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​វីរបុរស​របស់​ខ្ញុំ ។ គាត់​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​រៀន​បន្ថែម​ទៀត ​នៅ​សាកលវិទ្យាល័យ ព្រីនស្តុន ។ ប៉ុន្តែ លើស​ពី​ការសរសើរ​ដល់​ឯកសណ្ឋាន​យោធា​របស់​គាត់ ខ្ញុំ​បាន​មើល​គាត់​លេង​នៅ​កីឡាដ្ឋាន ផាមើរ ជា​មេក្រុម​កីឡា​បាល់​ឱប​ប្រចាំ​សាកល​វិទ្យាល័យ ព្រីនស្តុន ។ ខ្ញុំ​បាន​ឃើញ​គាត់​លេង​នៅ​ក្រុម​កីឡា​វាយ​កូន​បាល់​ប្រចាំ​សាកល​វិទ្យាល័យ​នោះ ហើយ​ក៏​មើល​គាត់​លេង​ជា​អ្នក​ចាប់​កូន​បាល់​ដ៏​ឆ្នើម​ក្នុង​ក្រុម​ពួកគេ​ដែរ ។

តែ​លើស​ពី​នេះ​ទៅ​ទៀត គាត់​បាន​មក​ផ្ទះ​ខ្ញុំ​ អំឡុង​ពេល​សប្ដាហ៍​ដើម្បី​បង្ហាញ​ខ្ញុំ​ពី​របៀប​ចោល​កូន​បាល់​ដោយ​ប្រើ​ទាំង​ដៃ​ឆ្វេង និង ដៃ​ស្ដាំ​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវការ​ជំនាញ​នោះ ព្រោះ​នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​លេង​កីឡា​វាយ​កូន​បាល់​ឲ្យ​ក្រុម​ល្អៗ ។ នៅ​ពេល​នោះ ខ្ញុំ​មិន​បាន​ដឹង​ទេ តែ​ចំពោះ​ខ្ញុំ​ គាត់​ជា​គំរូ​នៃ​បុរស​ពិត​ក្នុង​បព្វជិតភាព អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។

អ្នក​រាល់​គ្នា​ម្នាក់ៗ​ នឹង​ក្លាយ​ជា​គំរូ​នៃ​បុរស​ក្នុង​បព្វជិតភាព មិន​ថា​អ្នក​ចង់​ធ្វើ​វា ឬ ក៏​អត់​នោះ​ទេ ។ អ្នក​ក្លាយ​ជា​ទៀន​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​ដើម ពេល​អ្នក​ទទួល​យក​បព្វជិតភាព ។ ព្រះអម្ចាស់​ដាក់​អ្នក​លើ​ជើង​ទ្រ​ដើម្បី​បំភ្លឺ​ផ្លូវ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ជុំវិញ​អ្នក ។ ជា​ពិសេស ការណ៍​នោះ​ពិត​ចំពោះ​អ្នក​នៅ​ក្នុង​កូរ៉ុម​បព្វជិតភាព​របស់​អ្នក ។ អ្នក​អាច​ធ្វើ​ជា​គំរូ​មួយ​ដ៏​អស្ចារ្យ មធ្យម ឬ អាក្រក់​បាន ។ អ្នក​អាច​គិត​ថា រឿង​នេះ ​មិន​ចោទ​ជា​បញ្ហា​ចំពោះ​អ្នក​ទេ តែ​វា​មាន​សារៈ​សំខាន់​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​មាន​ព្រះ​បន្ទូល​បែប​នេះ​ថា ៖

« អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ ។ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ។

« ក៏​គ្មាន​អ្នក​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំងអស់​គ្នា ។

« ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការណ៍​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌ » ។1

ខ្ញុំ​ធ្លាប់​បាន​ទទួល​ពរ​ ដោយសារ​គំរូ​នៃ​ពួក​អ្នក​កាន់​បព្វជិតភាព​ដ៏​អស្ចារ្យ​ក្នុង​កូរ៉ុម ​ដែល​ខ្ញុំ​មាន​សំណាង​បាន​បម្រើ ។ អ្នក​អាច​ធ្វើ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ដែរ ដោយ​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម ។

ខ្ញុំ​បាន​សង្កេត​ឃើញ​ឥរិយាបថ​ទូទៅ​បី​យ៉ាង​ នៃ​ពួក​អ្នក​កាន់​បព្វជិតភាព​ដែល​ជា​វីរបុរស​ខ្ញុំ ។ ទី​មួយ​គឺ​ជា​គំរូ​នៃ​ការអធិស្ឋាន ទី​ពីរ​គឺ​ជា​ទម្លាប់​នៃ​ការ​បម្រើ និង ទី​បី​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​មុតមាំ​បំផុត​ដើម្បី​ធ្វើ​ជា​មនុស្ស​ដ៏​ស្មោះ​ត្រង់ ។

យើង​ទាំងអស់​គ្នា​អធិស្ឋាន តែ​អ្នក​កាន់​បព្វជិតភាព​ដែល​អ្នក​ចង់​ប្រែក្លាយ​នោះ ជា​រឿយៗ បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ នៅ​ពេល​រាត្រី អ្នក​នឹង​លុត​ជង្គង់​ចុះ ហើយ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​សម្រាប់​ពរជ័យ​នៅ​ថ្ងៃ​នោះ ។ អ្នក​នឹង​ថ្លែង​អំណរគុណ​ដល់​ទ្រង់​សម្រាប់​ឪពុក​ម្ដាយ គ្រូ​បង្រៀន និង គំរូ​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើ​តាម ។ អ្នក​នឹង​រៀបរាប់​ក្នុង​ការអធិស្ឋាន​អ្នក​នូវ​បុគ្គល​ជាក់លាក់ ​ដែល​បាន​ប្រទាន​ពរ​ដល់​ជីវិត​អ្នក​នៅ​ថ្ងៃ​នោះ ។ ការណ៍​នោះ​នឹង​ត្រូវការ​ពេល​លើស​ពី​ពីរ​បី​នាទី ហើយ​មាន​ការ​ពិចារណា​ច្រើន ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល ហើយ​ផ្លាស់ប្ដូរ​អ្នក ។

ពេល​អ្នក​អធិស្ឋាន​សុំ​ការ​អភ័យទោស អ្នក​នឹង​ឃើញ​ថា ខ្លួន​ឯង​កំពុង​អភ័យទោស​ដល់​អ្នក​ដទៃ ។ ពេល​អ្នក​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​សម្រាប់​ព្រះទ័យ​សប្បុរស​របស់​ទ្រង់ នោះ​អ្នក​នឹង​គិត​ពី​អ្នក​ដទៃ​តាម​ឈ្មោះ ជា​មនុស្ស​ដែល​ត្រូវការ​សេចក្ដី​សប្បុរស​ពី​អ្នក ។ ជា​ថ្មី​ម្ដង​ទៀត បទពិសោធន៍​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​រាល់​ថ្ងៃ ហើយ​យូរ​ទៅ​វា​នឹង​ផ្លាស់ប្ដូរ​អ្នក ។

ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា វិធី​មួយ​ដែល​អ្នក ​នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដោយ​ការអធិស្ឋាន​ដ៏​អស់​ពី​ចិត្ត​នេះ​គឺ អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ​ថា អ្នក​ជា​បុត្រ​របស់​ព្រះ ។ កាល​អ្នក​ដឹង​ថា អ្នក​ជា​បុត្រ​របស់​ព្រះ អ្នក​ក៏​នឹង​ដឹង​ដែរ​ថា ទ្រង់​រំពឹង​លើ​អ្នក​ច្រើន​ណាស់ ។ ដោយ​ហេតុ​តែ​អ្នក​ជា​បុត្រ​របស់​ទ្រង់ ទ្រង់​នឹង​រំពឹង​ឲ្យ​អ្នក​ធ្វើ​តាម​ការ​បង្រៀន​របស់​ទ្រង់ និង ការ​បង្រៀន​របស់​ព្រះរាជ​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​នឹង​រំពឹង​ឲ្យ​អ្នក​មាន​ចិត្ត​សប្បុរស ហើយ​សណ្ដោស​ដល់​អ្នក​ដទៃ ។ ទ្រង់​នឹង​ខក​ព្រះ​ទ័យ បើ​អ្នក​មាន​ចិត្ត​អំនួត ហើយ​អាត្មានិយម​នោះ ។ ទ្រង់​នឹង​ប្រទាន​ពរ​អ្នក​ឲ្យ​មាន​បំណង​ប្រាថ្នា ដើម្បី​គិត​ពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ដទៃ​ឲ្យ​ច្រើន​ជាង​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ។

អ្នក​រាល់​គ្នា​មួយ​ចំនួន​ជា​គំរូ​នៃ​ការ​បម្រើពុំ​អាត្មានិយម​ក្នុង​បព្វជិតភាព​រួច​ទៅ​ហើយ ។ ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជុំ​វិញ​ពិភពលោក ពួក​អ្នក​កាន់​បព្វជិតភាព​បាន​មក​ដល់​ពីមុន​ថ្ងៃ​រះ ។ ហើយ​អ្នក​ខ្លះ​បាន​បម្រើ​យ៉ាង​យូរ​ក្រោយ​ពី​ថ្ងៃ​លិច​ទៅ ។ នៅ​ក្នុង​ពិភពលោក​នេះ គ្មាន​ការទទួល​ស្គាល់ ឬ ការ​សរសើរ​ជា​សាធារណៈ​ចំពោះ​ការ​លះបង់​ពេល​វេលា និង ការ​ខិតខំ​នោះ​ឡើយ ។ ខ្ញុំ​បាន​ទៅ​ជាមួយ​នឹង​ពួក​យុវវ័យ កាល​ពួកគេ​បម្រើ​ដល់​ជន​ដែល​នៅ​ក្នុង​ភព​វិញ្ញាណ ដែល​មិន​អាច​ទទួល​​ពរជ័យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខ្លួន​ឯង​បាន ។

កាល​ខ្ញុំ​ឃើញ​សុភមង្គល​លើស​ពី​ការ​នឿយហត់​នៅ​លើ​ផ្ទៃ​មុខ​អ្នក​ដែល​បម្រើ​នៅ​ទីនោះ តាំង​ពី​ព្រលឹម​រហូត​ដល់​ព្រលប់ ខ្ញុំ​ដឹង​ថា មាន​រង្វាន់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​នេះ​សម្រាប់​ការ​បម្រើ​ពុំអាត្មានិយម​បែប​នេះ​ក្នុង​បព្វជិតភាព តែ​វា​គ្រាន់តែ​អំណោយ​តូច​មួយ បើ​ប្រៀបធៀប​ទៅ​នឹង​សេចក្ដីអំណរ​ដែល​ពួកគេ​នឹង​ចែក​ចាយ​ជាមួយ​ជន​ដែល​ពួកគេ​បាន​បម្រើ​នៅ​ក្នុង​ភព​វិញ្ញាណ ។

ខ្ញុំ​ធ្លាប់​ឃើញ​សុភមង្គល​ដូចគ្នា​នេះ​នៅ​លើ​ផ្ទៃ​មុខ​នៃ​ជន​ដែល និយាយ​ទៅ​កាន់​អ្នក​ដទៃ​ពី​ពរជ័យ​ដែល​កើត​មាន​ពី​ការ​ក្លាយ​ជា​សមាជិក​ក្នុង​នគរ​ព្រះ ។ ខ្ញុំ​ស្គាល់​ប្រធាន​សាខា​ម្នាក់​ដែល​បាន​នាំ​មនុស្ស​មក​ឲ្យ​ពួក​អ្នក​ផ្សាយ​សាសនា​បង្រៀន​ស្ទើរ​តែ​រាល់​ថ្ងៃ ។ ​ប៉ុន្មាន​ខែ​មុន​នេះ គាត់​ពុំ​ទាន់​ជា​សមាជិក​សាសនាចក្រ​នៅ​ឡើយ ។ ឥឡូវ​នេះ មាន​អ្នក​ផ្សាយ​សាសនា​កំពុង​បង្រៀន ហើយ​សាខា​មួយ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ហើយ​រឹងមាំ​ដោយសារ​គាត់ ។ ​លើស​ពី​នោះ គាត់​គឺ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ​ដែល​នឹង​ហើប​មាត់​ពួកគេ ហើយ​ពន្លឿន​ការ​ប្រមូល​ផ្ដុំ​កូនចៅ​ព្រះ​វរបិតា​សួគ៌​របស់​ព្រះ​អម្ចាស់ ។

កាលណា​អ្នក​អធិស្ឋាន ហើយ​បម្រើ​អ្នក​ដទៃ នោះ​ចំណេះ​របស់​អ្នក​ដែល​ថា អ្នក​ជា​បុត្រ​របស់​ព្រះ និង អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​ នឹង​រីក​ចម្រើន ។ អ្នក​នឹង​កាន់តែ​ដឹង​ថា ទ្រង់​មាន​ព្រះទ័យ​សោកសៅ បើ​អ្នក​មិន​មាន​ចិត្ត​ស្មោះត្រង់​ដោយ​ប្រការ​ណា​មួយ​នោះ ។ អ្នក​នឹង​មាន​ការ​តាំងចិត្ត​ខ្ពស់​ ដើម្បី​រក្សា​សម្ដី​របស់​អ្នក​ចំពោះ​ព្រះ និង អ្នក​ដទៃ ។ អ្នក​នឹង​ប្រុងប្រយ័ត្ន​ជាង​មុន​ពី​ការ​យក​អ្វី​មួយ​ ដែល​ពុំ​មែន​ជា​របស់​អ្នក ។ អ្នក​នឹង​ស្មោះត្រង់​ចំពោះ​និយោជក​អ្នក​ច្រើន​ជាង​មុន ។ អ្នក​នឹង​មាន​ការ​តាំងចិត្ត​ខ្ពស់​ឲ្យ​ទាន់​ពេល ហើយ​បំពេញ​រាល់​កិច្ចការ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នក ដែល​អ្នក​បាន​ទទួល​យក ។

ជា​ជាង​ងឿង​ឆ្ងល់​ថា តើ​គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​ពួកគេ​នឹង​មក​ដែរ​ឬ​អត់ នោះ​កូន​ចៅ​នៅ​ក្នុង​ក្រុម​គ្រួសារ​នោះ​ ដែល​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន​នឹង​ទន្ទឹង​រង់​ចាំ​អ្នក​មក​សួរ​សុខ​ទុក្ខ ។ កូនចៅ​ខ្ញុំ​បាន​ទទួល​ពរជ័យ​នោះ ។ កាល​ពួកគេ​ធំ​ដឹង​ក្ដី​ឡើង ពួកគេ​មាន​ពួក​វីរបុរស​ក្នុង​បព្វជិតភាព​ជួយ​តម្រង់​ផ្លូវ​ពួកគេ​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់ ។ ឥឡូវ​នេះ គំរូ​ដ៏​មាន​ពរ​នោះ​កំពុង​ហុច​បន្ត​ទៅ​ជំនាន់​ទី​បី ។

សារ​លិខិត​ខ្ញុំ​ក៏មាន​នូវ​ការថ្លែង​អំណរ​គុណ​ផង​ដែរ ។

ខ្ញុំ​សូម​អរគុណ​​សម្រាប់​ការអធិស្ឋាន​របស់​អ្នក ។ ខ្ញុំ​សូម​អរគុណ​អ្នក​ដែល​បាន​លុត​ជង្គង់​ចុះ ដោយ​ទទួល​ស្គាល់​ការពិត​ថា អ្នកពុំទទួល​ចម្លើយ​គ្រប់​រឿង​នោះ​ទេ ។ អ្នក​អធិស្ឋាន​ទៅ​ព្រះ​នៃ​ស្ថានសួគ៌​ដើម្បី​បង្ហាញ​អំណរគុណ​របស់​អ្នក និង ដើម្បី​ទូល​សុំ​ព្រះពរ​ទ្រង់​មក​លើ​អ្នក និង ក្រុម​គ្រួសារ​អ្នក ។ ខ្ញុំ​សូម​អរគុណ​អ្នក​ចំពោះ​ការ​បម្រើ​ដល់​អ្នក​ដទៃ និង ចំពោះ​គ្រា​ដែល​អ្នក ​មិន​ត្រូវការ​ការទទួល​ស្គាល់​ពី​ការ​បម្រើ​របស់​អ្នក ។

យើង​បាន​ទទួល​យក​ការ​ព្រមាន​របស់​ព្រះអម្ចាស់​ថា បើ​យើង​ចង់​បាន​កេរ្តិ៍​ឈ្មោះ​សម្រាប់​ការ​បម្រើ​យើង​ក្នុង​លោកិយ​នេះ នោះ​យើង​អាច​បាត់បង់​ពរជ័យ​ដ៏​ធំ ។ អ្នក​នឹង​ចងចាំ​បន្ទូល​ទាំង​នេះ​ថា ៖

« ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាន​នៅ​មុខ​មនុស្ស​ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់​នៅ​នឹង​ព្រះវរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​ទេ ។

« ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ ។

« ប៉ុន្តែ​កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្ដាំ​ធ្វើ​ឡើយ

« ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក​បាន​ស្ងាត់​កំបាំង នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទីសម្ងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់ » ។2

អ្នក​ដែល​ធ្លាប់​ជា​គំរូ​ខ្ញុំ​នៃ​ពួក​អ្នក​កាន់​បព្វជិតភាព​ដ៏​អស្ចារ្យ ​មិន​ងាយ​ទទួល​ស្គាល់​ថា ពួកគេ​មាន​គុណ​សម្បត្តិ​ជា​វីរបុរស​ណាស់ ។ ពិត​ណាស់ ពួកគេ​ទំនង​ជា​ពិបាក​នឹង​មើល​ឃើញ​នូវ​រឿង​ដែល​ខ្ញុំ​កោត​សរសើរ​យ៉ាង​ខ្លាំងនោះ ។ ខ្ញុំ​បាន​លើក​ឡើង​ថា ឪពុក​ខ្ញុំ​ជា​ប្រធាន​ដ៏​ស្មោះត្រង់​មួយ​រូប​ក្នុង​សាខា​តូច​មួយ​របស់​សាសនាចក្រ​នៅ នូវ ជើស៊ី ។ ក្រោយ​មក គាត់​ជា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​ទូទៅ​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​សាសនាចក្រ ។ ប៉ុន្តែ ថ្ងៃ​នេះ ខ្ញុំ​នឹង​និយាយ​ដោយ​រាបសា​រ​ពី​ការ​បម្រើ​របស់​គាត់​ក្នុង​បព្វជិតភាព ពី​ព្រោះ​គាត់​មាន​ភាព​រាបសារ ។

ទ័ព​ជើង​ទឹក​ម្នាក់​ដែល​ជា​វីរបុរស​ខ្ញុំ​កាល​ពី​ក្មេង​ ក៏​បាន​ធ្វើ​ដូចគ្នា​នេះ​ដែរ ។ គាត់​មិន​ដែល​និយាយ​ប្រាប់​ខ្ញុំ​ពី​ការ​បម្រើ​គាត់​ក្នុង​បព្វជិតភាព ឬ ពី​ជោគជ័យ​របស់​គាត់​នោះ​ទេ ។ គាត់​គ្រាន់តែ​ផ្ដល់​ការ​បម្រើ ។ ខ្ញុំ​បាន​រៀន​ពី​ភាពស្មោះត្រង់​របស់​គាត់​មក​ពី​អ្នក​ដទៃ ។ ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​បាន​មើល​ឃើញ​គុណ​សម្បត្តិ​ល្អ​ក្នុង​ខ្លួន​គាត់ ដែល​ខ្ញុំ​កោត​សរសើរ​ដែរ​ឬ​អត់​នោះ​ទេ ។

ដូច្នេះ​ការ​ប្រឹក្សា​របស់​ខ្ញុំ​ទៅ​កាន់​អ្នក​ដែល​ចង់​ប្រទានពរ​ដល់​អ្នក​ដទៃ ​ជាមួយ​នឹង​បព្វជិតភាព​អ្នក​គឺ​ថា វា​ពាក់​ព័ន្ធ​នឹង​ជីវិត​អ្នក ​ដែលវា​​ជា​រឿង​កំបាំង​ចំពោះ​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​មិន​​ចំពោះ​ព្រះ​ឡើយ ។

សូម​អធិស្ឋាន​ទៅ​កាន់​ទ្រង់ ។ សូម​ថ្លែង​អំណរ​ព្រះ​គុណ​ទ្រង់​ចំពោះ​រឿង​ល្អៗ​នៅ​ក្នុង​ជីវិត​អ្នក ។ សូម​ទូល​សួរ​ទ្រង់​ ដើម្បី​ដឹង​ថា តើ​បុគ្គល​ណា​ខ្លះ​ដែល​ទ្រង់​បាន​ដាក់​នៅ​ក្នុង​ជីវិត​អ្នក ដើម្បី​ឲ្យ​អ្នក​បម្រើ ។ សូម​ទូល​អង្វរ​ថា ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​បម្រើ​នោះ ។ សូម​អធិស្ឋាន​ដើម្បី​អ្នក​អាច​អភ័យទោស​ឲ្យ​គេ និង ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ការ​អភ័យទោស ។ រួច​បម្រើ​ពួកគេ ស្រឡាញ់​ពួកគេ ហើយ​អភ័យទោស​ដល់​ពួកគេ ។

លើស​ពី​នោះ​​ទៀត សូម​ចាំ​ថា រាល់​ការបម្រើ​ដែល​អ្នក​ធ្វើ គ្មាន​អ្វី​ធំ​ជាង​ការ​ជួយ​មនុស្ស​ឲ្យ​ជ្រើស​យក​ភាពសក្ដិសម​សម្រាប់​ជីវិត​អស់​កល្ប​ឡើយ ។ ព្រះ​បាន​ប្រទាន​ការ​ដឹកនាំ​ដ៏​សំខាន់​នោះ​ដល់​យើង​ស្ដីពី​របៀប​ប្រើ​បព្វជិតភាព​យើង ។ ទ្រង់​ជា​គំរូ​ដ៏​ឥតខ្ចោះ​ចំពោះ​រឿង​នេះ ។ នេះ​ជា​គំរូ​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ផ្នែក​តូច​មួយ​នៃ​ពួក​អ្នក​បម្រើ​ដ៏​ឆ្នើម​របស់​ទ្រង់ ៖

« ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម៉ូសេ​ថា ៖ ផ្ទៃ​មេឃ​នោះ​មាន​ដ៏​ច្រើន ហើយ​ពុំ​អាច​រាប់​បាន​អស់​ចំពោះ​មនុស្ស​ឡើយ ប៉ុន្តែ​ត្រូវ​បាន​រាប់​ចំពោះ​យើង ត្បិត​របស់​ទាំង​នោះ​ជា​របស់​ផង​យើង ។

« ហើយ​ដូចជា​ផែនដី​មួយ​បាន​កន្លង​ផុត​ទៅ​ជា​យ៉ាង​ណា ហើយ​ផ្ទៃ​មេឃ​នៃ​ទីនោះក៏​នឹង​មក​ជា​យ៉ាង​នោះ​ដែរ ហើយ​គ្មាន​ទីបញ្ចប់​ចំពោះ​កិច្ចការ​ទាំងឡាយ​របស់​យើង​ឡើយ ឬ ក៏​ចំពោះ​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ដែរ ។

« ត្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​បស់​យើង​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ។3

យើង​ត្រូវ​ជួយ​ក្នុង​កិច្ចការ​នោះ ។ យើង​ម្នាក់ៗ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា ។ យើង​ត្រូវបាន​រៀបចំ​សម្រាប់​ជំនាន់​យើង ហើយ​ដាក់​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ចការ​ពិសិដ្ឋ​នោះ ។ យើង​ម្នាក់ៗ​មានពរ​ដោយ​មាន​គំរូ​នានា​នៃ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​កិច្ចការ​នោះ​ ក្លាយ​ទៅ​ជា​បំណង​ដ៏​សំខាន់​ក្នុង​ជីវិត​ពួកគេ​លើ​ផែនដី​នេះ ។

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ក្ដាប់​យក​ឱកាស​នោះ ។

ព្រះ​ជា​ព្រះវរបិតា​ដ៏​មាន​ព្រះ​ជន្ម​រស់ ហើយ​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​សុំជំនួយ​របស់អ្នក ​ដែល​អ្នក​ត្រូវការ​ដើម្បី​បម្រើ​ទ្រង់​ឲ្យ​បាន​ល្អ ។ ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអម្ចាស់​ដែល​បាន​រស់​ឡើង​វិញ ។ នេះ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ បព្វជិតភាព​ដែល​អ្នក​កាន់ ​គឺ​ជា​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​ទ្រង់​នៅ​ក្នុង​ព្រះ​នាម​ទ្រង់ ដើម្បី​បម្រើ​ដល់​កូនចៅ​ព្រះ ។ កាល​អ្នក​ធ្វើ​កិច្ចការ​នេះ​ដោយ​អស់​ពី​ដួងចិត្ត នោះ​ទ្រង់​នឹង​លើក​តម្កើង​អ្នក​ឡើង ។ ខ្ញុំ​សូម​សន្យា​ដូច្នេះ នៅ​ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង អាម៉ែន ។