ឆ្នាំ ២០១០-២០១៩
សូម​ស្វាគមន៍​មកកាន់​សន្និសីទ
ខែ មេសា 2014


សូម​ស្វាគមន៍​មកកាន់​សន្និសីទ

យើង​ ​… រួបរួម​ក្នុង​ជំនឿ​យើង ហើយ​មាន​​បំណងប្រាថ្នា​ដើម្បី​ស្ដាប់ និង​រៀន​ពី​សារលិខិត ដែល​នឹង​បង្ហាញ​មក​កាន់​យើង។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​រីករាយ​ណាស់​ដើម្បី​ស្វាគមន៍​អ្នក​មក​កាន់​សន្និសីទ​ទូទៅ នៃ​សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើង​ជួបជុំ​គ្នា​ជា​គ្រួសារ​ធំមួយ មាន​សមាជិក​ច្រើនជាង 15 លាន​នាក់ និងបាន​​រួបរួមនៅ​​ក្នុង​ជំនឿ​យើង ហើយ​មាន​​បំណងប្រាថ្នា​ដើម្បី​ស្ដាប់ ហើយ​រៀន​ពី​សារលិខិត ដែល​នឹង​បង្ហាញ​មក​កាន់​យើង ។

រយៈពេល​​ប្រាំ​មួយ​ខែ បាន​កន្លង​ផុតទៅ​យ៉ាង​​រហ័ស ពេល​កិច្ចការ​នៃ​សាសនាចក្រ បាន​ឆ្ពោះទៅមុខ​ដោយ​គ្មាន​អ្វី​រារាំងបាន ។ វា​ជា​ឯកសិទ្ធិ​របស់ខ្ញុំ កាលពីជាង​មួយខែ​មុន ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធហ្គីលប៊ឺតអារីហ្សូណា ដែល​ជា​សំណង់​​​ដ៏អស្ចារ្យ​​។ នៅ​ល្ងាច​មុនពេល​ការ​ឧទ្ទិសឆ្លង​នោះ មាន​ព្រឹត្តការ​ណ៍សម្ដែង​ខាង​វប្បធម៌​មួយ​ត្រូវ​បាន​ធ្វើ​​ឡើង​ នៅ​សួន ឌីស្កូវើរី ផាក ជិត​នោះ ។ មាន​យុវវ័យ 12,000 ​នាក់ បាន​សម្ដែង​កម្មវិធីនោះ​រយៈពេល 90 នាទី ។ ការ​រាំ ការ​ច្រៀង និង​ការ​ប្រគុំ​តន្ត្រី​ពិសេស គឺ​អស្ចារ្យ​ណាស់ ។

តំបន់​នេះ បានជួបរដូវរាំងស្ងួត​ជាខ្លាំង ហើយ​ខ្ញុំ​ជឿ​ថា ការ​អធិស្ឋាន​ជាច្រើន ត្រូវ​បាន​ឮ​ដល់​ស្ថានសួគ៌ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ សុំ​ឲ្យ​មាន​ទឹកភ្លៀង​ច្រើន ។ ជា​អកុសល វា​បាន​ភ្លៀង​នៅ​មុនពេល​ការ​សម្ដែងនោះ​ ហើយ​វាភ្លៀង​ពេញ​​មួយថ្ងៃ ! យើង​ទាំងអស់គ្នា​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណនៃ​ព្រះអម្ចាស់ ទោះ​ជា​យុវវ័យ​ត្រូវ​ទទឹកទឹកភ្លៀង ហើយ​រងារញាប់ញ័រ​ក្ដី ។ បាវចនា​នៃ​កម្មវិធី​នោះគឺ « រស់នៅ​ស្មោះត្រង់​ចំពោះ​សេចក្ដីជំនឿ » -- គិត​អំពី​រឿង​នោះ​ថា ៖ « រស់នៅ​ស្មោះត្រង់​ចំពោះ​សេចក្ដីជំនឿ »-- ដែល​វា​ត្រូវ​បាន​បង្ហាញយ៉ាងល្អ តាម​ស្នាមញញឹម និង​ភាព​អង់អាច​​របស់យុវជន និង​យុវនារី ។ ទោះ​ជាអាកាស​ធាតុ​​ត្រជាក់​ និងមាន​​ភ្លៀង​ធ្លាក់​ក្ដី នេះ​គឺ​ជា​បទពិសោធន៍​ដែលពេញ​ដោយសេចក្ដីជំនឿ និង​ការ​បំផុសគំនិត ដែល​យុវវ័យទាំងនេះនឹង​រក្សាទុកជានិច្ច ហើយ​និង​រៀបរាប់​ទៅកាន់​កូនៗ និង​ចៅៗ​របស់ពួកគេនា​ពេល​អនាគត ។

លុះ​ថ្ងៃ​ស្អែកឡើង ការឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធហ្គីលប៊ឺតអារីហ្សូណាបាន​ធ្វើឡើង ។ វា​បាន​ក្លាយជា​ព្រះវិហារបរិសុទ្ធទី 142 ដែលដំណើរការ​ក្នុង​សាសនាចក្រ ។ វា​ផ្ទុយគ្នា​នឹង​ល្ងាច​ម្សិលមិញ ដែល​ថ្ងៃ​នេះ គឺ​ស្រស់ស្អាត ហើយ​មានពន្លឺ​ព្រះអាទិត្យ​ចែងចាំង ។ សម័យ​ប្រជុំទាំងឡាយ ពិតជា​មាន​ការ​បំផុសគំនិត ។ អ្នក​ចូលរួម​ជាមួយខ្ញុំ​ក្នុង​ការ​ឧទ្ទិស​ឆ្លងនោះ​រួម​​មាន ប្រធាន ហិនរី  ប៊ី អាវរិង, អែលឌើរ និង​ស៊ីស្ទើរ ថាត  អរ ខាលីស្ទើរ, អែលឌើរ និង​ស៊ីស្ទើរ វីល្លាម  អរ វ៉កឃើរ និង អែលឌើរ និង​ស៊ីស្ទើរ ខេន  អេហ្វ រីឆាត ។

នៅ​​ខែ​ឧសភា ព្រះវិហារបរិសុទ្ធហ្វតឡូឌឺឌេលផ្ល័ររីដានឹង​ត្រូវបាន​ឧទ្ទិសឆ្លង ។ ព្រះវិហារបរិសុទ្ធដទៃទៀត ត្រូវ​បាន​ដាក់កាលវិភាគ​សាងសង់បញ្ចប់ និង​ឧទ្ទិស​ឆ្លង​នាពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ ។ នៅ​ឆ្នាំ 2015 យើង​រំពឹង​ថា​នឹងសាងសង់​​បញ្ចប់ ហើយ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ថ្មី​ៗ ក្នុង​កន្លែង​ជាច្រើន​លើ​ពិភពលោក ។ ដំណើរ​ការ​នេះនឹង​បន្ដ ។ នៅពេល​ព្រះវិហារបរិសុទ្ធ​ដែល​បាន​ប្រកាស​ប្រាប់ពីមុនៗ​ទាំង​អស់​ ត្រូវ​បាន​សាងសង់​ចប់ នោះ​យើង​នឹង​មាន​ព្រះវិហារបរិសុទ្ធ​ចំនួន 170 កំពុង​ដំណើរ​ការ​នៅ​លើ​ពិភពលោក ។

ទោះ​ជា​ថ្មីៗ​នេះ​ យើងផ្ដោតកិច្ចខិតខំរបស់យើង​ទៅ​លើ​ការសាងសង់​បញ្ចប់ព្រះវិហារបរិសុទ្ធ​ដែល​បាន​ប្រកាស​ពីលើក​មុន ហើយ​នឹង​មិន​ប្រកាស​អំពីព្រះវិហារបរិសុទ្ធ​ថ្មី​ណាមួយ នៅក្នុង​ពេល​អនាគតភ្លាមៗ​នេះក្ដី ក៏​យើង​នឹង​បន្ដ​ដំណើការ​នៃ​ការ​កំណត់ពី​តម្រូវ​ការ និង​ការ​ស្វែងរក​ទីតាំង​សម្រាប់ព្រះវិហារបរិសុទ្ធ ដែល​នឹង​មានដែរ​ ។ ការ​ប្រកាសទាំងឡាយ នឹង​ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​ទូទៅ​នាពេលអនាគត ។ យើង​គឺ​ជា​រាស្ត្រ​សាងសង់ព្រះវិហារបរិសុទ្ធ និង​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ឥឡូវ បងប្អូនប្រុសស្រី យើង​អន្ទះសារ​ចង់ស្ដាប់​សារលិខិត​ទាំងឡាយ ដែល​នឹង​ថ្លែង​មកកាន់​យើង​នា​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ។ អ្នក​ទាំងឡាយ​ដែល​នឹង​ថ្លែង​មកកាន់​យើង បាន​សុំ​ជំនួយ​ និង​ការ​ដឹកនាំ​ពី​ស្ថានសួគ៌ ពេល​ពួកគាត់បាន​រៀបចំ​សារលិខិត​របស់ពួកគាត់ ។

សូមឲ្យ​យើង--ទាំងអស់គ្នា​នៅទីនេះ និង​កន្លែង​ផ្សេងទៀត-- ​បាន​ពេញ​ដោយព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយ​បាន​លើក​តម្កើង និង​បំផុសគំនិត ពេល​យើង​ស្ដាប់​ ហើយ​រៀន ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជាព្រះអង្គសង្គ្រោះ​របស់យើង អាម៉ែន ។