ឆ្នាំ ២០១០-២០១៩
សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិតនៅ​កន្លែង​ណា
ខែ មេសា 2014


សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិតនៅ​កន្លែង​ណា

បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​នឹង​ចាប់​ផ្ដើម​ដេញ​តាម​របស់​ខាង​សាច់ឈាម​ច្រើន​ជាង​ខាង​វិញ្ញាណ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ 2007 មាន​បងប្អូន​ប្រុស​របស់​ខ្ញុំ​ម្នាក់​ បាន​ប្រាប់​ខ្ញុំ​ថា ប្រហែល​ជា​ប្រាំពីរ​ឆ្នាំ​ទៀត​ ទើប​ខ្ញុំ​នឹង​មាន​បទពិសោធន៍​ដ៏​លំបាក​នេះ​ម្ដង​ទៀត ។ ខ្ញុំ​ធូរ​ចិត្ត ហើយ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​គិត​ថា ​វា​ជា « រយៈពេល​ប្រាំពីរ​ឆ្នាំ​ដ៏​រីករាយ​របស់​ខ្ញុំ » ។ តែ​ឥឡូវ​ខ្ញុំ​នៅ​ទីនេះ ដូច្នេះ​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​រីករាយ​របស់​ខ្ញុំ​បាន​បញ្ចប់​ហើយ ។

ខែ​មករា​ឆ្នាំ​មុន​ ភរិយា​ខ្ញុំ ហ្គ្រែស និង ខ្ញុំ​បាន​ទទួល​ការ​ចាត់តាំង​មួយ​ឲ្យ​ទៅ​ជួប​នឹង​សមាជិក​នៅ​ប្រទេស ហ្វីលីពីន ដែល​បាន​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី និង ព្យុះ​ទីហ្វុង​មួយ​ដ៏​ធំ ។ យើង​មាន​ចិត្ត​រីករាយ​ដោយសារ​ការចាត់តាំង​នោះ​ ជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​យើង និង ជា​សាក្សី​មួយ​ចំពោះ​សេចក្ដី​មេត្តា និង សេចក្ដី​ល្អ​របស់​ព្រះវរបិតា​ជា​ទី​ស្រឡាញ់ ។ វា​បាន​បំពេញ​សេចក្ដី​ប្រាថ្នា​យើង ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង ការ​ខ្វល់ខ្វាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ពួកគេ ។

សមាជិក​ភាគ​ច្រើន​ដែល​យើង​ជួប បាន​រស់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​ដូចជា ត្រសាល មជ្ឈមណ្ឌល​សហគមន៍ និង​សាលា​ប្រជុំ​សាសនាចក្រ ។ ផ្ទះ​ដែល​យើង​បាន​ទៅ​មើល​ មាន​ខ្លះ​នៅ​សល់​ដំបូល ឯ​ខ្លះ​ទៀត ​គឺ​បាត់​ដំបូល​ទាំង​ស្រុង ។ ប្រជាជន​នោះ​ គ្មាន​ទ្រព្យ​ច្រើន​ទេ ហើយ​ទ្រព្យ​បន្តិចបន្តួច​ដែល​ពួកគេ​មាន ​ត្រូវ​បាន​រលាយ​បាត់​អស់ ។ មាន​ភក់ និង កំទេច​សំណល់​នៅ​គ្រប់​ទិសទី ។ ប៉ុន្តែ ពួកគេ​ពេញ​ដោយ​សេចក្ដី​អំណរ​ចំពោះ​ជំនួយ​បន្តិចបន្តួច​ ដែល​ពួកគេ​បាន​ទទួល ហើយ​មាន​អារម្មណ៍​ល្អ ថ្វីបើ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក្ដី ។ ពេល​យើង​សួរ​ពួកគេ​ថា តើ​មាន​ប៉ុន្មាន​នាក់​អាច​ទ្រាំទ្រ​បាន ពួកគេ​បាន​ឆ្លើយ​ព្រមៗ​គ្នា​ថា « យើង​មិន​អី​ទេ » ។ វា​ស​បញ្ជាក់​ថា សេចក្ដី​ជំនឿ​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ថា អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង ។ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពី​ត្រសាល​មួយ​ទៅ​ត្រសាល​មួយ ស៊ីស្ទើរ ថេ និង ខ្ញុំ​បាន​រៀន​ពី​ពួក​បរិសុទ្ធ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ ។

ក្នុង​គ្រា​វិបត្តិភ័យ ឬ សោកនាដកម្ម ព្រះអម្ចាស់​មាន​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​រូបយើង និង អាទិភាព​យើង​មាន​ការ​រីកចម្រើន ។ រំពេច​នោះ រាល់​សម្ភារ​ដែល​យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​មាន​វា​ គឺ​មិន​សំខាន់​ទៀត​ឡើយ ។ អ្វី​ដែល​សំខាន់​គឺ​ក្រុម​គ្រួសារ​យើង និង ទំនាក់ទំនង​យើង​នឹង​អ្នក​ដទៃ ។ មាន​បងស្រី​ម្នាក់​បាន​គិត​វា​បែប​នេះ​ថា ៖ « បន្ទាប់ពី​ទឹក​បាន​ស្រក​ទៅវិញ ហើយ​វា​ជា​ពេល​ចាប់ផ្ដើម​សម្អាត ខ្ញុំ​បាន​មើល​ជុំវិញ​ផ្ទះ​ខ្ញុំ ហើយ​បាន​គិត​ថា ‹ ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ប្រមូល​សំរាម​បាន​ច្រើន​ណាស់ ›» ។

ខ្ញុំ​ជឿ​ថា បងស្រី​រូបនេះ​បាន​ទទួល​នូវ​គំនិត​ដ៏​ប្រសើរ​មួយ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​គាត់​នឹង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​វត្ថុ​ណា​ដែល​ចាំបាច់ ហើយ​ថា​វត្ថុ​ណា​មួយ​ដែល​គាត់​ពុំ​ត្រូវការ ។

​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ក្នុងការ​ធ្វើការ​ជាមួយ​សមាជិក​ជាច្រើន នោះ​យើង​មាន​ចិត្ត​រីករាយ​ដោយ​ឃើញ​ភាព​សម្បូរសប្បាយ​​នៃ​កម្លាំង​ខាង​វិញ្ញាណ ។ យើង​ក៏​បាន​ឃើញ​ទាំង​ភាព​សម្បូរ និង ភាព​ខ្វះខាត​នៃ​ទ្រព្យ​សម្បត្តិ​ខាង​សម្ភារ​ក្នុង​ចំណោម​សមាជិក​ស្មោះត្រង់​ទាំងនេះ​ដែរ ។

ដោយ​សារ​វា​ចាំបាច់ យើង​ភាគ​ច្រើន​ប្រឡូក​ខ្លួន​នឹង​ការ​រក​ប្រាក់ ហើយ​ត្រូវការ​របស់​លោកិយ​ខ្លះៗ​ដើម្បី​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​យើង ។ វា​ត្រូវការ​ពេល​វេលា និង ការយក​ចិត្ត​ទុក​ដាក់​ដ៏​សំខាន់​មួយ​ផ្នែក​ពី​យើង ។ ការ​ផ្ដល់​ឲ្យ​របស់​លោកិយ​គ្មាន​ទីបញ្ចប់​ឡើយ ដូច្នេះ វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​រៀន​ស្គាល់​ថា​ពេល​ណា​យើង​មាន​គ្រប់គ្រាន់ ។ បើ​យើង​មិន​ប្រុងប្រយ័ត្ន​ទេ យើង​នឹង​ចាប់​ផ្ដើម​ដេញ​តាម​របស់​ខាង​សាច់ឈាម​ច្រើន​ជាង​ខាង​វិញ្ញាណ ។ នោះការ​ស្វែងរក​រឿង​​​ខាង​វិញ្ញាណ ហើយដ៏​នៅ​អស់កល្ប​របស់​យើង ​នឹង​មាន​អាទិភាព​ទាប​ជាង​រឿង​ខាង​លោកិយ ។ ជា​អកុសល យើង​​ហាក់​ដូចជា​មាន​អារម្មណ៍​ចង់​បាន​របស់​ទំនើប ហើយ​ទាន់​សម័យ​បំផុត​កាន់តែ​ច្រើន​ឡើងៗ ។

តើ​យើង​ត្រូវ​​ប្រាកដ​ថា ​យើង​នឹងមិន​​ដើរ​ចូលទៅ​ក្នុង​ផ្លូវ​នេះ​តាម​វិធី​ណា ? យ៉ាកុប ផ្ដល់​ដំបូន្មាន​ដូច​នេះ​ថា ៖ « ហេតុដូច្នោះ​ហើយ សូម​កុំ​ចំណាយ​ប្រាក់​លើ​អ្វី​ដែល​ឥត​ប្រយោជន៍ ឬ ក៏​ធ្វើ​ការ​សម្រាប់​អ្វី​ដែល​ពុំ​អាច​ធ្វើ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ ។ សូម​ព្យាយាម​ស្ដាប់​តាម​ខ្ញុំ ហើយ​ចងចាំ​នូវ​ពាក្យ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​និយាយ​ចុះ ហើយ​ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួល​ទាន​នូវ​អ្វី​ដែល​មិន​វិនាស និង អ្វី​ដែល​មិន​អាច​ពុក​រលួយ​ផង ហើយ​ចូរ​ឲ្យ​ព្រលឹង​អ្នក​រាល់គ្នា​បាន​ត្រេកអរ​នៅ​ក្នុងការ​ធាត់​ចុះ » ។1

ខ្ញុំ​សង្ឃឹម​ថា យើង​គ្រប់​គ្នា​នឹង​មិន​ចំណាយ​ប្រាក់​ទៅ​លើ​អ្វី​ដែល​ឥត​ប្រយោជន៍ ឬ ក៏​ធ្វើ​ការ​សម្រាប់​អ្វី​ដែល​ពុំ​អាច​ធ្វើ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​សាសន៍​យូដា និង ពួក​សាសន៍​នីហ្វៃ​ថា ៖

« កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទម្លុះ ឬ ប្លន់​ផង ។

« តែ​ត្រូវ​ប្រមូលទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទម្លុះ ឬ ប្លន់​ផង ។

« ពីព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ » ។2

ព្រះអម្ចាស់​បាន​ផ្ដល់​រឿង​ប្រៀបធៀប​នេះ​ក្នុង​ស្ថានភាព​មួយ​ទៀត​ថា ៖

« មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ ៖

« « ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច ដ្បិត ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំងនេះ​ទេ ?

« ទើប​យល់​ថា ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល និង ទ្រព្យ​សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទីនោះ ។

« នោះ​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ។

« ប៉ុន្តែ ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ប្រមូល​ទុក​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ ?

« អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ » ។3

ថ្មីៗ​នេះ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ផ្ដល់​ការ​ទូន្មាន​ដូច​តទៅ​នេះ​ថា ៖

« ព្រះវរបិតា​សួគ៌​យើង​ទត​ឃើញ​ពី​សក្ដានុពល​ពិត​របស់​យើង ។ ទ្រង់​ស្គាល់​យើង​ជាង​យើង​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត ។ ទ្រង់​បំផុស​គំនិត​យើង​នៅ​ក្នុង​ជីវិត​នេះ​ដើម្បី​បំពេញ​គោលបំណង​នៃ​ការ​បង្កបង្កើត​យើង ដើម្បី​មាន​ជីវិត​ល្អ និង ដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

« ចុះ​ហេតុអ្វី​បាន​ជា​យើង​លះបង់​ពេល​វេលា និង កម្លាំង​យើង​យ៉ាង​ច្រើន​ចំពោះ​រឿង​បណ្ដោះ​អាសន្ន​ដែល​មិន​សំខាន់ ហើយ​រាក់​កំភែល​ទៅ​វិញ ? តើ​យើង​បដិសេធការ​មើល​ភាព​ឆ្កួត​លីលា​នៃ​ការ​ចង់​បាន​នូវ​វត្ថុ​មិន​សំខាន់ ហើយ​បណ្ដោះអាសន្ន​នោះ​ដែរ​ឬ​ទេ ? »4

យើង​រាល់គ្នា​ដឹង​ថា បញ្ជី​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​យើង​រួម​មាន អំនួត ទ្រព្យសម្បត្តិ សម្ភារ អំណាច និង ការគោរព​ពី​មនុស្ស ។ អ្វីៗ​ទាំង​នេះ​ពុំ​មាន​តម្លៃ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ច្រើន​ឡើយ ដូច្នេះ ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​អ្វី​ដែល​នឹង​បង្កើត​សម្បត្តិ​យើង​នៅឯ​ស្ថាន​សួគ៌​វិញ ។

តើ​ទ្រព្យ​សម្បត្តិ​អ្វី​ខ្លះ​នៅ​ស្ថាន​សួគ៌​ដែល​យើង​អាច​ប្រមូល​សម្រាប់​ខ្លួន​យើង ? ដើម្បី​ចាប់​ផ្ដើម វា​ជា​ការ​ល្អ​សម្រាប់​យើង​ដើម្បី​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺ ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម ការ​បន្ទាប​ខ្លួន និង សេចក្ដី​សប្បុរស ។ យើង​ត្រូវ​បាន​ប្រាប់​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ « [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ ហើយ [ ក្លាយ ] ដូចជា​កូន​ក្មេង ។5 ឱវាទ​របស់​ព្រះអម្ចាស់​គឺ​ឲ្យ​យើង​ព្យាយាម​ប្រែ​ជា​ល្អ​ឥត​ខ្ចោះ​ដូច​ជា​ទ្រង់ និង ព្រះវរបិតា​យើង ។6

ទី​ពីរ យើង​ត្រូវ​ចំណាយ​ពេល​វេលា និង ការ​ប្រឹងប្រែង​ទៅ​ក្នុង​ការ​ពង្រឹង​ដល់​ទំនាក់ទំនង​ក្រុម​គ្រួសារ ។ ដោយ​សារ « គ្រួសារ​ត្រូវបាន​តាំង​ឡើង​ដោយ​ព្រះ ។ វា​ជា​អង្គភាព​ដ៏​សំខាន់​បំផុត​សម្រាប់​ពេល​នេះ និង អស់​កល្ប​ជានិច្ច » ។7

ទី​បី ការ​បម្រើ​អ្នក​ដទៃ​ជា​ឥរិយាបថ​មួយ​នៃ​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះគ្រីស្ទ ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា « ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំងនេះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ។8

ទី​បួន ការ​យល់​ពី​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ និង ការ​ពង្រឹង​ទីបន្ទាល់​យើង ជា​កិច្ចការ​មួយ​ដែល​នឹង​នាំ​មក​នូវ​សេចក្ដី​អំណរ និង ភាព​រីករាយ​ពិត ។ យើង​ត្រូវ​សិក្សា​ព្រះ​បន្ទូល​ព្រះគ្រីស្ទ​ជានិច្ច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង ប្រសាសន៍​នៃ​ពួក​ព្យាការី​ដែល​កំពុង​រស់នៅ ។ « ត្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។9

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ដំណើរ​រឿង​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​អាយុ 73 ឆ្នាំ ដែល​យើង​បាន​ជួប​ក្នុង​ដំណើរ​របស់​យើង​ទៅ​ប្រទេស​ហ្វីលីពីន​ថា ៖

ពេល​រញ្ជួយ​ដី​នោះ​កើត​មាន​នៅ​កោះ បូហូល ផ្ទះ​ដែល​គាត់ និង ស្វាមី​គាត់​បាន​ខិតខំ​សង់ ត្រូវ​​បាន​ដួល​រលំ​ទៅ​លើ​ដី ហើយ​បាន​សម្លាប់​កូន​គាត់​ម្នាក់ និង ចៅប្រុស​គាត់​ម្នាក់ ។ ឥឡូវ​នេះ​ដោយ​នៅ​តែ​ម្នាក់​ឯង គាត់​ត្រូវ​ធ្វើ​ការ​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ឯង ។ គាត់​បាន​ចាប់ផ្ដើម​ស៊ី​ឈ្នួល​បោក​ខោ​អាវ ( ដោយ​ដៃ ) ហើយ​ត្រូវ​ដើរ​ចុះ​ឡើង​លើ​ភ្នំ​ជា​ច្រើន​​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទៅ​ដង​ទឹក ។ ពេល​យើង​បាន​ជួប​នឹង​គាត់ គាត់​រស់នៅ​ក្នុង​តង់​​នៅ​ឡើយ ។

ទាំង​នេះ​ជា​ពាក្យ​ពេចន៍​របស់​គាត់ ៖ « អែលឌើរ ខ្ញុំ​ទទួល​យក​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ខ្ញុំ​ដើរ​ឆ្លង​កាត់ ។ ខ្ញុំ​គ្មាន​អារម្មណ៍​ខឹង​សម្បារ​ឡើយ ។ ខ្ញុំ​ថែរក្សា​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ ដោយ​ទុក​វា​នៅ​ក្រោម​ខ្នើយ ។ សូម​ដឹង​ថា ខ្ញុំ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញ​លេញ ពី​ប្រាក់​កម្រៃ​បន្តិចបន្តួច​ពី​ការ​បោក​ខោ​អាវ​ឲ្យ​គេ ។ មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ ខ្ញុំ​នឹង​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ជានិច្ច » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អាទិភាព ទំនោរចិត្ត ទម្លាប់ សេចក្ដី​ប្រាថ្នា ការ​ស្រេកឃ្លាន និង មហិច្ឆតា​យើង​នឹង​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​សណ្ឋាន​បន្ទាប់​របស់​យើង ។ ចូរ​យើង​ចងចាំ​ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ជានិច្ច​ថា ៖ « ពីព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ » ។ ខ្ញុំ​សូម​អធិស្ឋាន ឲ្យ​ចិត្ត​យើង​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ត្រឹមត្រូវ ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។