ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ៥


កូរិនថូស ទី២ ៥

« ការងារ​ផ្សះផ្សា »

រូបភាព
ឪពុកម្តាយ​ឱប​បុរស​ដែល​ត្រូវបាន​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក អាច​មើល​ឃើញ​រូប​ព្រះយេស៊ូវ​នៅ​ផ្ទៃ​ខាងក្រោយ ។ គាត់​ពិការ​ភ្នែក​ពី​កំណើត ។ ឈុតឆាក​ទាំងនេះ​រួមមាន បុរស​ដែល​ត្រូវបាន​ប្រោស​ឲ្យជា​ឱប​ព្រះបាទា​របស់​ព្រះយេស៊ូវ និង​ឪពុកម្ដាយ​របស់​គាត់ មនុស្សខ្វាក់-បានប្រោស​ឲ្យជា-ឪពុកម្ដាយ-អរសប្បាយ

តើអ្នកធ្លាប់​មាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ​ពីព្រះដែរ​ឬ​ទេ ? តើមនុស្ស​ផ្សេងទៀត​ដែលអ្នក​ស្គាល់ធ្លាប់​មាន​អារម្មណ៍​ដូចគ្នា​នេះ​ដែរឬទេ ? ប៉ុល​បាន​រំឭក​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​អំពី​សេចក្ដី​មេត្តាករុណា​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ដល់​ពួកគេ ។ ប៉ុល​បាន​បង្រៀន​ប្រជានជន​ថា ពួកគេ​បាន​បែកចេញ​ពី​ព្រះ​ដោយសារ​អំពើបាប ។ សំណាង​ល្អ តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ នោះ​ពួកគេ​អាច​នាំ​ទៅកាន់​ទំនាក់ទំនង​ដ៏​ជាទី​ពេញ​ចិត្ត​ជាមួយ​ព្រះ​វិញ ហើយ​ទទួល​បាន​សេចក្ដី​សុចរិត​របស់​ព្រះគ្រីស្ទ ( សូមមើល កូរិនថូស ទី២ ៥:១៦–២១ ) ។ មេរៀននេះ​អាចជួយអ្នក​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ព្រះ ហើយ​ប្រែក្លាយ​ជា​បុគ្គល​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ប្រែក្លាយ ។

ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះ

សូម​រំឭក​សាច់រឿង​ទាំង​ឡាយ​ខាង​ក្រោម​នេះ ។ សូម​គិត​អំពី​របៀប​ដែល​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ស្រដៀង​នឹង ឬ​ខុស​គ្នា​នឹង​សាច់រឿង​ទាំងនេះ ។

  1. ចាមីឡា គឺជា​សិស្ស​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មិត្តភក្តិ​ជាច្រើន​យក​នាង​ធ្វើជា​គំរូ ។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​នាងធ្វើ​ខុស នាង​មាន​អារម្មណ៍​អន់​ចិត្ត​ចំពោះ​ខ្លួនឯង ហើយ​ព្រួយបារម្ភ​ថាតើនាង​អាច​វិល​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​នៅថ្ងៃណា​មួយ​បាន​ឬទេ ។

  2. អនដ្រេ មានទម្លាប់​ខ្លះ​ដែលគាត់​ដឹងថាមិនល្អ ហើយ​វា​ពិបាក​សម្រាប់​គាត់​ក្នុង​ការមើល​ឃើញ​ថា​គាត់​អាច​ទទួល​បាន​ការអភ័យទោស និង​ការផ្លាស់ប្តូរ​នោះ ។ គាត់ឆ្ងល់​ថាតើ​គាត់​អាច​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះឬអត់ ហើយ​គាត់មិន​ប្រាកដថា​វា​មាន​តម្លៃ​ឲ្យ​ខិតខំ​ដែរ​ឬ​អត់​ទេ ។ គាត់​មិន​ចង់​និយាយ​ជាមួយ​ឪពុកម្តាយ ឬ​ប៊ីស្សព​អំពី​បញ្ហា​របស់​គាត់ទេ ។

សូម​គិត​អំពី​ទំនាក់ទំនង​របស់​អ្នក​ផ្ទាល់​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​ពិពណ៌នា​អំពី​ស្ថានភាព​ជីវិតផ្ទាល់​ខ្លួនរបស់​អ្នក និង​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ទ្រង់ ។ អ្នកអាច​រួមបញ្ចូលទាំង​នៅពេលដែល​អ្នកមាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ទ្រង់ និងនៅពេល​ដែល​អ្នកមាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ ព្រមទាំង​បំណង​ប្រាថ្នា​របស់អ្នក​ដើម្បី​មាន​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ទ្រង់​នាពេល​អនាគត​ផងដែរ ។

នៅពេល​អ្នក​សិក្សា សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ពរជ័យ​នៃ​ការចូល​ទៅ​ជិត​ព្រះ និង​របៀប​ដែល​អ្នក​អាច​ចូល​ទៅ​ជិត​ទ្រង់ ។

ការផ្សះផ្សា

នៅក្នុង កូរិនថូស ទី២ ៥ ប៉ុល​បាន​សរសេរ​ថា នៅពេល​យើងរស់​នៅលើ​ផែនដី យើង « ថ្ងូរ » ហើយ​មាន​អារម្មណ៍​ថា « មានបន្ទុក » ដោយប្រាថ្នា​ចង់ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​របស់យើង ( សូមមើល កូរិនថូស ទី២ ៥:១–៥ ) ។ សូម​គិត​អំពី​ពេល​វេលា​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ដូច​ជា​អ្វី​ដែល​ប៉ុល​បាន​ពណ៌នា ។

សូមអាន កូរិនថូស ទី២ ៥:១៧–២០ ដោយ​ស្វែងរក​សេចក្ដីពិត ដែល​អ្នក​អាច​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក​បាន នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​ពី​ព្រះ ។ សូម​ចំណាំ​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ ពាក្យ ផ្សះផ្សា និង ការផ្សះផ្សា មានន័យ​ថាត្រូវ​បាន​នាំ​មក​ឲ្យ​រួបរួម និង​ការពេញ​ចិត្ត​ជាមួយ​ព្រះ បន្ទាប់​ពី​បាន​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ( កូរិនថូស ទី២ ៥:១៧–២០ ) ដែល​ពិពណ៌នា​បាន​យ៉ាង​ល្អ​បំផុត​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នក ?

  • តើ​មាន​តួនាទី​អ្វី​ខ្លះរបស់​ព្រះវរបិតាសួគ៌​ក្នុង​ការជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ? ( សូមមើល កូរិនថូស ទី២ ៥:១៨–១៩ ) ។

  • តើ​យើង​ទទួល​បាន​ពរជ័យ​អ្វីខ្លះ នៅពេល​យើង​ព្យាយាម​រស់នៅ « ក្នុង​ព្រះគ្រីស្ទ ? » ( កូរិនថូស ទី២ ៥:១៧ ) ។

សេចក្ដីពិត​មួយ​ដែល​បាន​បង្រៀន​នៅក្នុង កូរិនថូស ទី២ ៥:១៧–២០ គឺ​ថា យើង​អាច​ផ្សះផ្សា​ជាមួយ​នឹង​ព្រះ​បាន ហើយ​កើត​ជា​ថ្មី​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប៉ុល​ក៏​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​យើង​អាច​បាន​កើត​ជា​ថ្មី និង​អំពី​អត្ថន័យ​នេះ​ផងដែរ ។

សូមអាន កូរិនថូស ទី២ ៥:២១ ដោយ​ស្វែងរក​សេចក្ដីយោង​ទៅកាន់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​រូប​អ្នក ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​ខគម្ពីរ​នេះ ?

សូមអាន​កថាខណ្ឌ​ខាងក្រោម ហើយ​រកមើល​ការយល់ដឹង​បន្ថែម​ដែល​មានអត្ថន័យ​សម្រាប់អ្នក ។

នៅក្នុង កូរិនថូស ទី២ ៥:២១ ប៉ុល​បង្រៀន​ថា ទោះបីជា​ព្រះយេស៊ូវ​មិន​ដែល​មាន​កំហុស​ក្នុង​ការប្រព្រឹត្ត​អំពើ​បាប​ក៏ដោយ ក៏​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង​នៅ​ភ្នំ​លលាដ៏​ក្បាល ទ្រង់​បាន​យក​បន្ទុក​ដ៏​ធ្ងន់ និង​ផល​វិបាក​ទាំងឡាយ​នៃ​អំពើបាប​របស់​យើង​មក​ដាក់លើ​អង្គទ្រង់​ផ្ទាល់​ដែរ ។ នៅពេលយើង​ស្វែងរក​ការលើកលែង​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​បាន « កើត​ជា​ថ្មី » នោះ​គឺ​យើង​ទទួលយក​អំណោយទាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ថា ប្រសិនបើ​យើង​នឹង​មាន​សេចក្ដី​ជំនឿ​លើទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង នោះ​ទ្រង់​នឹង​ទទួល​យក​អំពើ​បាប​របស់​យើង ហើយ​យើង​អាច​ទទួល​បាន​សេចក្តី​សុចរិត​របស់ទ្រង់ ។ តាម​វិធីនេះ​យើង​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ដូច​ដែល​ទ្រង់​បរិសុទ្ធ​ដែរ ( សូម​មើល​ផងដែរ កូល៉ុស ២:១៣–១៤; ពេត្រុស ទី១ ២:២៤ ) ។

  • តើ​ការបង្រៀន​នៅក្នុង កូរិនថូស ទី២ ៥:២១ ជួយ​អ្នក​ឲ្យ​យល់កាន់​តែ​ច្បាស់​ថា ហេតុអ្វី​បាន​ជា​យើង​អាច​កើត​ជា​ថ្មី​នៅក្នុង​ព្រះគ្រីស្ទ ហើយ​តើ​វា​មាន​ន័យ​យ៉ាងណា ?

  • តើគំនិត និង​អារម្មណ៍​បែបណា ដែល​ព្រះរាជបុត្រា​នៃព្រះ​ដែល​គ្មានបាប​បានមាន នៅពេល​ទ្រង់ស្ម័គ្រ​ព្រះទ័យ​យក​អំពើបាប​របស់អ្នក​ដាក់​មកលើ​អង្គទ្រង់ ដើម្បីឲ្យ​អ្នកអាច​បានផ្សះផ្សា​ជាមួយព្រះ ហើយ​ផ្លាស់ប្តូរ ? ( សូម​ពិចារណា​អាន អេសាយ ៤៩:១៦ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ មុននឹង​ឆ្លើយ​សំណួរ​នេះ ) ។

ដើម្បី​មើល​ឃើញ​គំរូ​សម័យ​ទំនើប​អំពី​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ផ្សះផ្សា​ជាមួយ​នឹង​ព្រះ ហើយ​បាន « កើត​ជា​ថ្មី » តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​មើល « I Know His Grace Is There When I Fall » ( ៦:២៤ ) ។ វីដេអូ​នេះ​អាច​រកបាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

សូម​សញ្ជឹងគិត​ពីរបៀប​ដែលអ្នក ឬ​នរណាម្នាក់​ដែលអ្នក​ស្គាល់បាន​ដកពិសោធន៍​ការព្យាបាល និង​ការផ្សះផ្សា ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។

ការ​សញ្ជឹងគិត​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​អាច​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់ និង​យល់​ពី​សារៈសំខាន់​របស់​វា ។ សូមអាន​ការពិពណ៌នា​អំពីស្ថានភាព​ជីវិត​បច្ចុប្បន្ន និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយព្រះ​ឡើងវិញ ដែលអ្នក​បាន​កត់ត្រា​នៅ​ខាង​ដើម​មេរៀន​នេះ ។ សូម​ចំណាយ​ពេល​វេលា​ពីរបីនាទី ដើម្បី​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​វា​អាច​មើល​ទៅ និង​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​បាន​ផ្សះផ្សា​ជាមួយ​ព្រះ​ជា​រៀង​រហូត ?

  • តើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ថ្មី​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណាខ្លះ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ដែល​បង្ហាញ​ពី​ការស្ម័គ្រ​ព្រះទ័យ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​ផ្លាស់ប្តូរ ?

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការ​សញ្ជឹង​គិត​មាន​ប្រយោជន៍​យ៉ាង​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅក្នុង​មេរៀន​នេះ​អំពី​អារម្មណ៍​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចំពោះអ្នក និង​ព្រះរាជ​បំណង​របស់​ទ្រង់​ទាំងទ្វេ​ចំពោះ​អ្នក ?

រៀន ទទួល​អារម្មណ៍ និង​ប្រព្រឹត្ត

នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់អ្នក សូមសរសេរ​អ្វីដែលអ្នក​បានរៀន និង​ទទួល​អារម្មណ៍​នៅថ្ងៃនេះ ដែលមានន័យ​បំផុត​សម្រាប់អ្នក ហើយហេតុអ្វី ។ សូម​សរសេរ​អ្វី​ដែលអ្នក​ទទួល​អារម្មណ៍​បំផុស​គំនិតឲ្យ​ធ្វើ ដែលអាច​ជួយ​អ្នកឲ្យ​ផ្សះផ្សា​ជាមួយ​ព្រះ ហើយ​បាន « កើតជាថ្មី » ក្នុងព្រះគ្រីស្ទ ។ តើការផ្លាស់ប្តូរ​អ្វីខ្លះ​ដែលអ្នក​រំពឹងថា​នឹងឃើញ​នៅក្នុងខ្លួនអ្នក ( ក្នុង​រយៈពេល​មួយឆ្នាំ ពីរឆ្នាំ ឬ​ប្រាំឆ្នាំ​ទៀត ) ជាមនុស្ស​ម្នាក់ដែល​ពិតជា​បាន​ផ្លាស់ប្តូរ​ក្នុង​ព្រះគ្រីស្ទ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ? 

តើ​វា​អាច​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ហើយ​បាន « កើត​ជា​ថ្មី » ក្នុង​ទ្រង់​ដោយ​របៀបណា ?

អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់ អែលឌើរ អូលីសេស សូរ៉េស ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

ការបង្កើន​សេចក្តីជំនឿ និង​ការប្រែចិត្ត​ជឿ​បែប​នេះ​នឹង​ជួយ​យើង​ឲ្យ​ចុះ និង​រក្សាសេចក្តីសញ្ញា​ជាមួយ​ព្រះ ធ្វើ​ដូច្នោះ​នឹង​ពង្រឹង​បំណង​ប្រាថ្នា​យើង​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្កើត​ការផ្លាស់ប្តូរ​ខាងវិញ្ញាណ​ដ៏ស្មោះត្រង់​មួយ​នៅក្នុង​ខ្លួន​យើង—និយាយ​ម្យ៉ាង​ទៀត​ថា ជាការផ្លាស់ប្តូរ​យើង​ឲ្យ​កើត​ជា​ថ្មី ដែល​បាន​បង្រៀន​ដោយ​សាវក​ប៉ុល​នៅក្នុង​សំបុត្រ​ដែល​លោក​បាន​សរសេរ​ទៅ​ពួក​កូរិនថូស ( កូរិនថូស ទី២ ៥:១៧ ) ។ ការផ្លាស់ប្តូរ​នេះ​នឹង​នាំឲ្យ​យើង​កាន់តែរីករាយ កាន់តែ​មាន​ប្រយោជន៍ ហើយ​មាន​ជីវិត​ល្អ និង​ជួយ​យើង​ឲ្យ​រក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

( អូលីសេស សូរ៉េស « How Can I Understand? » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦ )

កូរិនថូស ទី២ ៥:១៧–២១ ។ តើ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​ប៉ុល​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដោយ​របៀបណា ?

ការពន្យល់​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​យល់​ពាក្យ​ពេចន៍ និង​ឃ្លា​មួយចំនួន​នៅក្នុងខ​គម្ពីរ​ទាំងនេះ​បាន ៖

ការបាន « កើត​ជា​ថ្មី » មាន​ន័យ​ថា « ដួងចិត្ត ទឹកមុខ និង​និស្ស័យ​របស់​យើង [ ត្រូវ ] បាន​ផ្លាស់ប្ដូរ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ » ( បេនយ៉ាមីន អិម ហ្ស៊ី តៃ « The Power of the Book of Mormon in Conversion » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤៧ ) ។

ព្រះគ្រីស្ទ « ឥត​ប្រកាន់​ទោស​គេ​ទៀត » មាន​ន័យ​ថា ដោយសារ​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ពេល​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ នោះអំពើ​បាប​របស់​យើង​មិន​ត្រូវ​បាន​រាប់​មក​លើ​យើង​ទេ ។