ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ១,​៤


កូរិនថូស ទី២ ១

« ព្រះ​បាន​កម្សាន្ត​ចិត្ត »

រូបភាព
យុវនារី​ពីរនាក់​កំពុង​អង្គុយ​ជាមួយ​គ្នា​នៅ​លើ​បង់ ។ យុវនារី​ម្នាក់​ហាក់​ដូចជា​សោកសៅ មិនសប្បាយចិត្ត ឬ ព្រួយបារម្ភ​អំពី​អ្វី​មួយ ។ យុវនារី​ម្នាក់ទៀត​កំពុង​បង្ហាញ​ការព្រួយបារម្ភ ហើយ​ហាក់​ដូចជា​កំពុង​ព្យាយាម​លួងលោម​អ្នក​ផ្សេងទៀត ។

យើង​ទាំងអស់​គ្នា​ឆ្លងកាត់​ការឈឺចិត្ត និងសេចក្ដី​ទុក្ខព្រួយ ភាពលំបាក និង​ឧបសគ្គ និងភាពមិន​សុខស្រួល និងជំងឺ ។ នៅពេល​ប្រជាជន​ក្រុង​កូរិនថូស​ឆ្លងកាត់​នឹង​ទុក្ខលំបាក ប៉ុល​បាន​សរសេរ​ទៅ​សមាជិក​សាសនាចក្រ​នៅ​ទីនោះ ដើម្បី​ផ្តល់​ការ​គាំទ្រ និង​ការប្រឹក្សា​ជា​បន្តបន្ទាប់ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការលួងលោម និង​សេចក្ដី​សុខសាន្ត​ដែល​មាន​សម្រាប់​ពួកគេ​តាមរយៈ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូរិនថូស ទី២ ១:៣–៤  ) ។ មេរៀននេះ​អាចជួយអ្នក​ឲ្យ​យល់​អំពី​វិធី​មួយ​ចំនួន​ដែល​ព្រះ​ប្រទាន​ការលួងលោម​ដល់​បុត្រា​បុត្រី​របស់ទ្រង់ និង​ដើម្បី​ស្វែងរក​របៀប​ដែលអ្នក​អាច​ចែកចាយ​ការលួងលោម​របស់​ទ្រង់​ជាមួយ​អ្នកដទៃ ។

តើ​អ្វី​ដែល​នាំ​មក​នូវ​ការលួងលោម​ដល់​អ្នក ?

  • តើ​អ្នក​ងាក​ទៅ​រក​អ្វី ឬ​រក​អ្នក​ណា​ដើម្បី​ទទួល​បាន​ការលួងលោម​ក្នុង​គ្រា​លំបាក ?

  • តើ​អ្វី ឬ​អ្នក​ណា​ដែល​ផ្តល់​ការលួងលោម​ដល់​អ្នក​បាន​ខ្លាំង​បំផុត ? ហេតុអ្វី ?

១. សូម​បំពេញ​បញ្ជី​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ធ្វើបញ្ជី​នៃស្ថានភាព​ជីវិត​បច្ចុប្បន្ន ឬ​អនាគត ដែលអ្នក​ប្រហែលជា​ត្រូវការ​ជំនួយ និង​ការលួងលោម​ដើម្បី​ឆ្លងកាត់​បញ្ហា​លំបាកៗ ។

សូម​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​បាន​ជា​អ្នក​អាច​ទុក​ចិត្ត​បាន​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​លួងលោម​អ្នក តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​អំឡុងពេល​ទាំងនេះ ?

  • តើ​អ្នក​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណា​ដែល​អ្នក​ទទួល​ស្គាល់ និង​ទទួល​បាន​ការលួងលោម​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អ្នក​នឹង​អាច​ចែកចាយ​ការលួងលោម​ដែល​ទ្រង់​ទាំងទ្វេ​ប្រទាន​ឲ្យ​ជាមួយ​អ្នក​ដទៃ​ដោយ​របៀប​ណា ?

សូម​ស្វែងរក​ចម្លើយ​ចំពោះសំណួរ​ពីមុនៗ​នៅពេល​អ្នកសិក្សា​មេរៀននេះ ។

ប៉ុល​ចង់​លួងលោម​ពួក​បរិសុទ្ធ​កូរិនថូស​ក្នុង​ការ​សាកល្បង​របស់​ពួកគេ

កាល​នៅ​ស្រុក​ម៉ាសេដូន ប៉ុល​បាន​ទទួល​ពាក្យ​ពី​សិស្ស​ម្នាក់​ឈ្មោះ​ទីតុស​ថា សំបុត្រ​មុន​របស់​លោក​ត្រូវ​បាន​ទទួល​យក​យ៉ាង​ល្អ​ដោយ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ( សូមមើល កូរិនថូស ទី២ ២:១៣; ៧:៥ ) ។ ប៉ុល​ក៏​បាន​ដឹង​ពី​បញ្ហា​ប្រឈម​ជាប់​រហូត​របស់​ពួកបរិសុទ្ធ​ទាំងនេះ​ផងដែរ ហើយ​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៀត ( កូរិនថូស ទី២ ) ដើម្បី​ផ្តល់​ការលួងលោម​ដល់​ពួកគេ និង​ដោះស្រាយ​បញ្ហា​របស់​ពួកគេ ។

  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​ក្រុង​កូរិនថូស និង​ការលំបាក​របស់​ពួកបរិសុទ្ធ​នៅទីនោះ ?

សូមអាន កូរិនថូស ទី២ ១:១–៤ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របៀប​ដែល​ប៉ុល​បាន​បើក​សំបុត្រ​ទីពីរ​របស់​លោក​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ។

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​អ្នក​នៅក្នុង​ការណែនាំ​របស់​ប៉ុល​ទៅកាន់​ពួកបរិសុទ្ធ ?

  • តើ​ប៉ុល​បាន​ប្រើ​ព្រះនាម ឬ​ព្រះបរមងា​អ្វី​ខ្លះ​សម្រាប់​ព្រះវរបិតាសួគ៌ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ?

  • តើព្រះនាម ឬ​ព្រះបរមងា​ទាំងនោះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ ?

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​អ្វី​នៅ​ក្នុង ខទី ៤ ?

ការទទួល​បាន​ការលួងលោម​ពី​ព្រះវរបិតាសួគ៌ និង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​វា

អ្នក​ប្រហែល​ជា​បាន​កំណត់​អត្តសញ្ញាណ​សេចក្តីពិត​មួយ​ចេញពី ខទី ៤ ដូច​តទៅ​នេះ ៖ នៅពេល​យើង​ទទួល​បាន​ការ​លួងលោម​ពី​ព្រះវរបិតាសួគ៌​ក្នុង​អំឡុង​ពេល​នៃ​ការសាកល្បង​របស់​យើង នោះ​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​វា​កាន់តែ​ប្រសើរ​ឡើង​ផងដែរ ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​អំពី​ឃ្លា « កម្សាន្ដ​ចិត្ត​អ្នក​ឯ​ទៀត​ក្នុង​អស់​ទាំង​សេចក្តី​វេទនា » ? ( ខទី ៤ ) ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា មាន​ការរំពឹង​ទុក​នេះ​សម្រាប់​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​នៅ​ពេល​ណា​ដែលអ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​ជំនួយ និង​ការលួងលោម​ពី​ព្រះវរបិតាសួគ៌​អំឡុងពេល​ការសាកល្បង​នេះ ?

  • តើ​អ្នក ឬ​ពួកគេ​បាន​រៀន​អ្វីខ្លះ​ចេញពី​បទពិសោធន៍​នោះ ?

  • តើ​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ទទួល​បាន​ការ​លួងលោម​ពី​ព្រះ​បន្ថែម​ទៀត នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​វា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ។

រូបភាព
រូបគំនូរ​​របស់ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។

ព្រះទ្រង់​ពិត​ជា​សង្កេត​មើល​យើង ហើយ​ទ្រង់​ឃុំគ្រង​យើង ។ ប៉ុន្ដែ​ជាធម្មតា​ទ្រង់​បំពេញ​តម្រូវ​ការ​យើង​តាមរយៈ​មនុស្ស​ផ្សេងទៀត ។​ ហេតុដូច្នោះ​ហើយ​វា​ជា​ការចាំបាច់​ថា​យើង​បម្រើ​គ្នាទៅ​វិញទៅមក​នៅក្នុងនគរ ។

Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ]ទំព័រ ៨២ )

ប្រសិនបើ​មាន សូមមើល​វីដេអូ « IGod Will Lift Us Up » ( ៤:៥៨ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ វាប្រាប់ពី​ដំណើរ​រឿង​របស់យុវនារី​ម្នាក់ឈ្មោះ ប្រ៊ីតនី ដែល​បានរកឃើញ​ការលួង​លោម​ក្នុង​ការបម្រើ​អ្នកដទៃ និង​ការទុកចិត្ត​លើព្រះអម្ចាស់ ជាជាង​ផ្តោត​លើ​ស្ថានភាព​សុខភាព​ផ្ទាល់ខ្លួន​របស់នាង ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​ប្រើ​យើង​ជា​ញឹកញាប់​ដើម្បី​ជួយ​អ្នក​ដទៃ​ក្នុង​អំឡុង​ពេល​នៃ​ការ​សាកល្បង​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​លួងលោម​របស់​ទ្រង់ ?

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​មួយ​នេះ ។ សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​របៀប​ដែល​អ្នក​អាច​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​នូវ​ការលួងលោម​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ឲ្យ នៅពេល​អ្នក​ធ្វើ​ដូច​ខាងក្រោម ៖

  1. សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី កូរិនថូស ទី២ ១:១–៤ ដែល​អាច​ជួយ​មនុស្ស​ម្នាក់​នេះ ។

  2. សូមអាន​បណ្ដុំ​ខគម្ពីរ​ខាងក្រោម​ចំនួន​ពីរ ឬច្រើន​ដែលមាន​ការបង្រៀន​បន្ថែម​របស់​ប៉ុល ទៅកាន់​ពួកកូរិនថូស​អំពី​ការសាកល្បង​ទាំងឡាយ ។ សូម​ស្វែងរក​ឃ្លា ឬ​ខគម្ពីរ​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​អត្ថន័យ​ចំពោះ​មនុស្ស​ដែល​អ្នក​បាន​ជ្រើសរើស ។

  3. សូម​ធ្វើ​អ្វី​មួយ​ឥឡូវ​នេះ ដើម្បី​ជួយ​មនុស្ស​នេះ​ឲ្យ​ទទួល​បាន​ការ​លួងលោម​ពី​ព្រះវរបិតាសួគ៌ ។ សូម​ពិចារណា​អធិស្ឋាន​សម្រាប់​ពួកគេ ដូច​ជា​ពួកបរិសុទ្ធ​កូរិនថូស​បាន​អធិស្ឋាន​សម្រាប់​ប៉ុល​ដែរ ( សូមមើល កូរិនថូស ទី២ ១:១១ ) ។ លើសពីនេះ អ្នកអាច​សរសេរ​សារលើក​ទឹកចិត្ត​ដូចប៉ុល​បាន​ធ្វើចំពោះ​កូរិនថូស ទោះបី​សាររបស់​អ្នកអាចជា​អត្ថបទ អ៊ីម៉ែល ឬ​កំណត់ចំណាំ​ជំនួស​ឲ្យ​សំបុត្រ​ក៏ដោយ ។ ( សូម​ពិចារណា​រួម​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ​ពី កូរិនថូស ទី២ ១ ក៏ដូចជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ណា​ដែល​អាច​ជួយ​បាន ) ។

  4. សូម​ធ្វើផែន​ការបន្ថែម​ដើម្បី​ជួយ​ដល់បុគ្គល​នេះ ។ ព្រះវរបិតាសួគ៌​អាច​នឹង​បំផុសគំនិត​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត ដូចជា​ការទៅ​សួរសុខទុក្ខ​ពួកគេ ឬ​ការបម្រើ​ពួកគេ​តាម​មធ្យោបាយ​ណាមួយ ។ ត្រូវប្រាកដថា​សរសេរ​ផែនការ​ណាមួយ​ដែលអ្នកគិត​ឃើញ​ដូច​ជា​នៅកន្លែង​ដែល​អ្នកនឹង​ត្រូវបានរំឭក​ឲ្យ​ធ្វើ​តាម ដូចជា​នៅក្នុង​ប្រតិទិន​របស់អ្នក នៅលើ​ស្មាតហ្វូន​របស់អ្នក ឬនៅលើ​ក្រដាស​ដែលអ្នក​នឹង​មើល​នៅពេល​ក្រោយ ។

៣. សូម​សង្ខេបអ្វីដែល​អ្នកបាន​រៀន​ក្នុង​អំឡុង​ពេលមេរៀន​នេះ និង​អ្វីដែលអ្នក​គ្រោង​នឹងធ្វើ​ឥឡូវនេះ ។

ជម្រើស ៖ ចង់​រៀន​បន្ថែម​ទៀត​ទេ ?

កូរិនថូស ទី២ ១:៤ ។ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​រំពឹង​ថា​ខ្ញុំ​នឹង​ឈោង​ទៅ​ជួយ និង​លួងលោម​មនុស្ស​ដែល​ខ្វះខាត ?

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​ចែកចាយ​ដូច​តទៅ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០១៥ ។

ចាប់តាំង​ពី​ពេល​ដែល​យើង​ងើប​ចេញពី​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មក យើង​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។ យើង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ​ដោយ​ក្តីស្រឡាញ់ ដោយសារ​វា​គឺជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ ។ … មិន​ថា​នៅពេល​ណា​ដែល​អ្នកជិតខាង​យើង​មាន​ទុក្ខព្រួយ​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ​ទេ ចូរ​យើង​ប្រញាប់​ទៅ​ជួយ​ពួកគេ ។ យើង​រែក​បន្ទុកគ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល ។ យើង​ទួញយំ​ជាមួយ​អស់​អ្នកណា​ដែល​ទួញ​យំ ។ យើង​លួងលោម​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​ការ​លួងលោម ។ ព្រះអម្ចាស់​រំពឹង​ចង់​បាន​ការណ៍​នេះ​ពី​ពួកយើង​ដោយ​ក្តីស្រឡាញ់ ។ ហើយ​ថ្ងៃ​នោះ​នឹង​មក​ដល់ ពេល​យើង​នឹង​ត្រូវបាន​ឲ្យ​ទទួល​ខុសត្រូវ​សម្រាប់​ការមើល​ថែ ដែល​យើង​ធ្វើ​នៅក្នុង​ការងារ​បម្រើ​ដល់​ហ្វូង​ចៀម​របស់​ទ្រង់ ។

( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Shepherding Souls » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១១ )

កូរិនថូសទី ២ ៤:១៧ ។ តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​សំដៅ​ទៅ​លើ​បញ្ហា​ប្រឈម​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​ថា​ជា « សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល » ?

អែលឌើរ ថាត អរ ខាលីស្ទើរ នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ផល វី ចនសុន ក្នុង​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​ បាន​ថតរូប​ផ្លូវការក្នុង​ឆ្នាំ ២០២១ ។

នៅ​កណ្តាល​នៃ​បញ្ហា វា​ស្ទើរតែ​មិន​អាច​មើល​ឃើញ​ថា​ពរជ័យ​ដែល​កំពុង​មក​ដល់​គឺ​នៅ​ឆ្ងាយ​ជាង​ការ​ឈឺ​ចាប់ ការ​អាម៉ាស់ ឬ​ការ​ខូចចិត្ត​ដែល​យើង​អាច​នឹង​កំពុង​ជួប​នៅ​ពេល​នេះ ។… សាវក​ប៉ុល​បាន​បង្រៀន​ថា « ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ » [ កូរិនថូស ទី២ ៤:១៧ ] ។ វា​គឺជា​រឿងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​ប៉ុល​បាន​ប្រើ​ពាក្យ « សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល » ។ ឃ្លា​នេះ​គឺ​បាន​លើក​ឡើង​ដោយ​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​គេ​វាយដំ ចោលនឹង​ដុំ​ថ្ម​ត្រូវ​បាន​បញ្ជូន​ខ្លួន​តាម​សំពៅ បាន​ជាប់​ឃុំ និង​ជា​អ្នក​ដែល​បាន​ដក​ពិសោធន៍​នូវ​ការសាកល្បង​ផ្សេង​ទៀត​ជា​ច្រើន ។ ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​ភាគ​ច្រើន​មិន​បាន​គិត​ថា​ទុក្ខ​លំបាក​របស់​យើង​គឺ​ជា​រឿង​ស្រាល​នោះ​ទេ ។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​ពរជ័យ និង​ការរីកចម្រើន​ដែល​យើង​ទទួល​បាន​នៅ​ទីបំផុត ទាំង​ក្នុង​ជីវិត​នេះ និង​ក្នុង​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​ទុក្ខ​លំបាក​របស់​យើង​គឺ​ពិត​ជា​ស្រាល​មែន ។ …

ពេល​ខ្លះ​យើង​ចង់​មាន​ការ​រីក​ចម្រើន​ដោយ​គ្មាន​ឧបសគ្គ និង​អភិវឌ្ឍ​ភាព​ខ្លាំង​ដោយ​មិន​មាន​ការ​តស៊ូ​នឹង​ការលំបាក​ណា​មួយ ។ ប៉ុន្តែ​ការ​រីកចម្រើន​មិន​អាច​កើតឡើង​បាន​ដោយ​ប្រើ​វិធី​ងាយ​ស្រួល​នោះ​ទេ ។ យើងយល់​យ៉ាង​ច្បាស់​ថា អត្តពលិក​ដែលមិន​ព្រម​តស៊ូ​នឹង​ការហ្វឹកហាត់​យ៉ាង​ហ្មត់ចត់ នឹង​មិនអាច​ក្លាយ​ជាអត្តពលិក​លំដាប់​ពិភពលោក​បានឡើយ ។ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ថា យើង​មិន​អន់​ចិត្ត​នឹង​អ្វី​ដែល​ជួយ​នាំ​មក​ដល់​យើង​នូវ​លក្ខណៈ​ដ៏ទេវភាព​នោះទេ ។

( ផល វី ចនសុន « More Than Conquerors through Him That Loved Us » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៩–៨០ )