ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ៧


កូរិនថូស ទី២ ៧

« ដ្បិត​អ្នក​រាល់​គ្នា​បាន​កើត​ទុក្ខ​ព្រួយ​បែប​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ »

រូបភាព
យុវនារី​ម្នាក់​លត់​ជង្គង់​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​របស់​នាង ។

វា​អាច​ជា​ការ​លំបាក​ក្នុង​ការ​ដឹង​ថា តើ​យើង​បាន​ប្រែចិត្ត​ពេញលេញ​ឬ​អត់ ។ តើ​អ្នក​ធ្លាប់​ស្មុគស្មាញ​ដើម្បី​ដឹង​ថា​តើ​អ្នក​បាន​ប្រែចិត្ត​ពេញលេញ​ឬ​អត់​ដែរ​ឬទេ ? នៅក្នុង​សំបុត្រ​ដំបូង​របស់​លោក​ទៅកាន់​ក្រុង​កូរិនថូស សាវកប៉ុល​បាន​ប្រដៅ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​មួយ​ចំនួន​ចំពោះ​អំពើបាប​របស់​ពួកគេ ។ ដោយ​អំណរ និង​ការពេញចិត្ត​របស់​លោក ក្រោយមក​ប៉ុល​បាន​ទទួល​ដំណឹង​ថា ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​បាន​ដកពិសោធន៍​នូវ​ការប្រែចិត្ត​ពិតប្រាកដ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សមាសភាគ​សំខាន់​មួយ​នៃ​ការប្រែចិត្ត​ពិត ហើយ​ជួយ​អ្នក​ឲ្យ​ខិត​កាន់​តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ។

សេចក្តីព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ

សូម​អាន​សាច់រឿង​ដូច​តទៅ​នេះ ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ទទួល​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​រៀប​អាពាហ៍ពិពាហ៍ មាន​យុវនារី​ម្នាក់​បាន​សារភាព​ពី​អំពើបាប​ពី​អតីតកាល​របស់់​នាង​មួយ​ចំនួន​ទៅកាន់​ប៊ីស្សព​របស់​នាង ។ បន្ទាប់​ពី​ការពិភាក្សា​ក្រោយ​មក​ទៀត ប៊ីស្សព​នោះ​បាន​ដឹង​ថា យុវនារី​រូប​នោះ​ពុំ​បាន​ប្រែចិត្ត​ពិត​ប្រាកដ​ពី​អំពើបាប​នាង​ឡើយ ហើយ​ថា​អំពើបាប​នាង​គឺមាន​សភាព​ធ្ងន់ធ្ងរ​ល្មម ដែល​ធ្វើ​ឲ្យ​នាង​គ្មាន​ភាពស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទេ ។ ប៊ីស្សព​រូបនោះ​ពន្យល់​ថា យុវនារី​ម្នាក់​នោះ​នឹង​ត្រូវតែ​រង់ចាំ​រហូត​ដល់​នាង​បាន​ប្រែចិត្ត​ពេញលេញ​សិន ដើម្បី​ទទួល​បាន​ប័ណ្ណ​នោះ ។ នាង​បាន​ភ័យ​ខ្លាច ហើយ​ក៏​ប្រកាស​ថា នាង​បាន​ប្រែចិត្ត​ហើយ ដោយសារ​នាង​មិន​បាន​ធ្វើ​អំពើបាប​ទាំងនោះ​យូរ​មក​ហើយ ។ ប៊ីស្សព​រូប​នោះ​បាន​ពន្យល់​ថា ការគ្រាន់តែ​ឈប់​ពី​អំពើបាប​នោះ វា​ពុំមែន​ជា​ការប្រែចិត្ត​ពេញលេញ​នោះ​ទេ ហើយ​គាត់​អញ្ជើញ​នាង​ឲ្យ​ចាប់ផ្ដើម​ដំណើរការ​នៃ​ការប្រែចិត្ត​ពិត​ប្រាកដ​ដោយ​ស្មោះ​ត្រង់ ។

យុវនារី​ពន្យល់​ដល់​ប៊ីស្សព​ថា នាង​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​ប្រាប់​អ្នកដទៃ​រួច​ហើយ​អំពី​ពិធី​មង្គលការ និង​បាន​រៀបចំ​ផែនការ​ប្រារព្ធ​ពិធី​នោះ​រួចហើយ ។ នាង​ព្រួយបារម្ភ​អំពី​ភាពអាម៉ាស់​នៃ​ការពន្យារ​ពេល​ផែនការ​រៀបការ​របស់​នាង និង​អំពី​របៀប​ដែល​នាង​នឹង​ប្រាប់​គូដណ្តឹង និង​ឪពុកម្តាយ​របស់​នាង ។ នាង​សួរថា តើមានផ្លូវ​សម្រាប់​នាង​ដើម្បី​ឆ្ពោះ​ទៅមុខ​នូវ​ពិធីមង្គលការ​ដូចដែល​បាន​គ្រោងទុក​ដែរ​ឬទេ ហើយ​បន្ត​ធ្វើការ​តាមរយៈ​ដំណើរការ​ប្រែចិត្ត​នៅពេល​ក្រោយ ។

  • ដោយ​ផ្អែក​ទៅ​លើ​ការឆ្លើយតប​របស់​យុវនារី​នោះ​ទៅ​កាន់​ប៊ីស្សព តើ​អ្វីទៅ​ដែល​នាង​ទំនង​ជា​ខ្វល់ខ្វាយ​ខ្លាំង​ជាង​គេបំផុត​នោះ ?

  • ហេតុអ្វីបាន​ជា​ការផ្តោត​អារម្មណ៍​របស់នាង​អាច​ធ្វើឲ្យ​វាពិបាក​ក្នុង​ការប្រែចិត្ត​យ៉ាង​ពេញលេញ ?

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​យុវនារី​ម្នាក់​នេះ​មិន​យល់​ពេញលេញ​អំពី​ការប្រែចិត្ត ។ នៅពេលអ្នក​បន្ត​មេរៀន​នេះ សូម​រកមើល​គោលការណ៍​ដែលអាច​ជួយដល់​យុវនារី​ម្នាក់នេះ ។ សូមសញ្ជឹង​គិត​ផងដែរ ប្រសិនបើ​អ្នក​ត្រូវការ​គោលការណ៍​នេះនៅក្នុង​ការប្រែចិត្ត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ

គោលបំណង​មួយ​របស់​ប៉ុល​ក្នុង​ការសរសេរ​សំបុត្រ​មុនៗ​របស់​លោក​ទៅ​កាន់​ពួកកូរិនថូស គឺ​ដើម្បី​លើកទឹក​ចិត្ត​បុគ្គល​មួយ​ចំនួន​ឲ្យ​ប្រែចិត្ត ។ នៅក្នុង​សំបុត្រ​តាមដាន​របស់​លោក ប៉ុល​បានសរសើរ​មនុស្ស​ដែល​លោក​បាន​នាំ​ឲ្យ​ប្រែចិត្ត​ចំពោះ​ការប្រែចិត្ត​ដោយ​ស្មោះ​របស់​ពួកគេ ហើយ​បានបង្រៀន​អំពី​ផ្នែក​សំខាន់​នៃ​ការប្រែចិត្ត ។

សូមអាន កូរិនថូស ទី២ ៧:៨–១១ ដោយស្វែងរក​ការយល់ដឹង​ដែល​ប៉ុល​ផ្តល់ជូន​អំពី​ការប្រែចិត្ត ដែល​អាចជួយ​ដល់​យុវនារី​នៅក្នុង​សាច់រឿង​នោះ​បាន ។ ( សូម​កំណត់​ចំណាំ​ថា ពាក្យ ប្រែចិត្ត​ ដែល​ប្រើ​នៅ​ក្នុង ខទី ៨ មាន​ន័យ​ថា​សោកស្ដាយ ) ។ អ្នក​ក៏​អាច​មាន​វីដេអូ​ព្រះគម្ពីរ​ប៊ីប « Godly Sorrow Worketh Repentance » ( ១:៤០ ) ផងដែរ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​ផ្ទៀង​តាម​ព្រះគម្ពីរ​របស់​អ្នក ។

សម្រាប់​ការយល់ឃើញ​ពី​ព្រះគម្ពីរ​មរមន​អំពី​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ សូម​អាន អាលម៉ា ៣៦:១២–១៣; ៤២:២៩ ។

  • តើអ្នក​ទទួល​បាន​ការយល់ដឹង​អ្វីខ្លះ​ដែលនឹង​មានប្រយោជន៍​ដល់​យុវនារី​នៅក្នុង​សាច់រឿង​នេះ ?

  • តើ​ការបង្រៀន​ទាំងនោះ​អាច​នឹង​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក ?

សេចក្តីពិត​មួយ​ដែល​អ្នក​ប្រហែល​ជាបាន​រកឃើញ​គឺថា សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​នាំទៅ​រក​ការប្រែចិត្ត​ដោយស្មោះ ។

  • តើ​ការសោកសៅ​ប្រភេទ​ណា​ទៀត​ដែល​ប៉ុល​បាន​លើក​ឡើង​នៅ​ក្នុង ខទី ១០ ?

  • តើ​អ្នក​បានសង្កេត​ឃើញ​អ្វី​នៅ​ក្នុង​សាច់រឿង​នេះ​ដែល​បង្ហាញ​ពី​ប្រភេទ​នៃ​អារម្មណ៍​សោកសៅ​របស់​យុវនារី​នោះ ?

សូម​បង្កើត​ជួរ​ឈរ​ពីរ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​អ្នក​ដោយ​គូស​បន្ទាត់​នៅ​កណ្តាល​ទំព័រ ។ សូម​សរសេរ សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ នៅផ្នែក​ខាងលើ​នៃ​ជួរឈរ​មួយ និង សេចក្ដីព្រួយ​ខាង​លោកិយ នៅផ្នែក​ខាងលើ​នៃ​ជួរ​ឈរ​មួយ​ទៀត ។

សូម​បន្ថែម​គំនិត​របស់​អ្នក​ទៅកាន់​សំណួរ​ខាងក្រោម នៅ​ក្រោមចំណង​ជើង​នីមួយៗ ។

  • តើ​ប៉ុល​បង្រៀន​អ្វីខ្លះ​នៅក្នុង ខទី ៨–១០​ អំពី​ភាពខុសគ្នា​រវាង​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​សេចក្ដីព្រួយ​ខាង​លោកិយ ?

  • តើ​អ្នក​គិត​ថា​មាន​ភាពខុសគ្នា​អ្វី​បន្ថែម​ទៀត​រវាង​សេចក្ដី​ព្រួយ​ទាំង​ពីរ​ប្រភេទ​នេះ​ដែរ​ឬទេ ?

សូមអាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ហើយ​រកមើល​ការយល់ដឹង​បន្ថែម​អំពី​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​សេចក្ដីព្រួយ​ខាង​លោកិយ ។ សូម​បន្ថែម​ការយល់ឃើញ​ទាំងនេះ​ទៅក្នុង​តារាង​របស់​អ្នក ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​និយមន័យ​នៃ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​នេះ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

[ សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​មានន័យ​ថា ] មាន​អារម្មណ៍​សោកសៅ និង​វិប្បដិសារី​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាកប្បកិរិយា​ដែល​បន្ថែម​ការឈឺចាប់ និង​ការរងទុក្ខ​ដល់​ព្រះអង្គសង្គ្រោះ នៅពេល​ដែល​ព្រលឹង​របស់​យើង​ដក​នូវ​ការបដិសេធ ឬ​ការដោះសារ​ចេញ ។ …

ប្រហែលជា​ការភ្ញាក់​រឭក​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​នេះ​ចំពោះ​បុត្រា​ឬ​បុត្រី​នៃព្រះ​ដែល​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ខាងវិញ្ញាណ​គឺ​ការដឹងខ្លួន​ថា ការបង់​ថ្លៃ​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​អំពើបាប​គឺ​មាន​ពិត ហើយថា​ការរងទុក្ខ​របស់​ទ្រង់​មិនមែន​សម្រាប់​តែ​មនុស្ស​ផ្សេង​ទេ—ប៉ុន្តែវា​ក៏​សម្រាប់​អ្នក និង​រូប​ខ្ញុំ​ផងដែរ !… នៅពេល​យើង​យល់​រឿង​ខាងវិញ្ញាណ​ថា​ទ្រង់​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង នោះ​យើង​មាន​អារម្មណ៍​សោកសៅ​សម្រាប់​ខ្លួន​យើង ចំពោះ​ការធ្វើ​ឲ្យ​ទ្រង់​ឈឺចាប់ ។ យើង​ដឹងថា​វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​ព្រះវរបិតា​យើង ប៉ុន្តែ​យើង​មាន​អារម្មណ៍​លើសលប់​នឹង​អំណោយទាន​ដែល​ទ្រង់​កំពុង​ប្រទាន​ដល់​យើង ។ ភាពអស្ចារ្យ ការដឹងគុណ ការថ្វាយបង្គំ​ព្រះអង្គសង្គ្រោះ ដែលបាន​ធ្វើ​កិច្ចការ​នេះ​សម្រាប់​យើង នាំ​យើង​ឲ្យ​លុតជង្គង់ ខណៈដែល​វិញ្ញាណ​របស់​យើង​ពោរពេញ​ដោយ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ។

( នែល អិល អាន់ឌើរសិន The Divine Gift of Forgiveness [ ឆ្នាំ ២០១៩ ] ទំព័រ ១៤៩, ១៥០ )

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេល​នោះ​ជាគណៈ​ប្រធាន​ទីមួយ បាន​ថ្លែង​ដូច​ខាង​ក្រោម​នេះ​អំពី​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ បំផុស​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ និង​ក្ដីសង្ឃឹម​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយ​ខាង​លោកិយ បំផ្លាញ​យើង ដក​យក​ក្ដីសង្ឃឹម ហើយ​នាំ​យើង​ទៅ​រក​ការល្បួង​បន្ថែម​ទៀត ។

សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ នាំ​ទៅរក​ការប្រែចិត្ត​ជឿ និង​ការផ្លាស់ប្ដូរ​ដួងចិត្ត ។ វា​ធ្វើឲ្យ​យើង​ស្អប់​អំពើបាប ហើយ​ស្រឡាញ់​សេចក្ដី​ល្អ ។ វា​លើក​ទឹកចិត្ត​យើង​ឲ្យ​ក្រោកឈរ ហើយ​ដើរ​ក្នុង​ពន្លឺ​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ ការប្រែចិត្ត​ពិតគឺ​ការផ្លាស់ប្ដូរ ពុំ​មែន​ជា​ទារុណកម្ម ឬ​ការដាក់ទោស​នោះ​ឡើយ ។ មែនហើយ ការសោកស្ដាយ និង​វិប្បដិសារី​ពិត​ចំពោះ​ការមិនគោរព​ប្រតិបត្តិ ជា​រឿយៗ​មាន​ការឈឺចាប់ ហើយ​ជាជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរការ​ប្រែចិត្ត​ដ៏​ពិសិដ្ឋ​នេះ ។ តែ​ពេល​កំហុស​នាំទៅរក​ការស្អប់ ឬ​ការពារ​ខ្លួន​ឯង​ពី​ការក្រោកឈរ​ម្ដង​ទៀត នោះ​វា​កំពុង​រារាំង ជាជាង​លើក​ទឹកចិត្ត​ឲ្យ​យើង​ប្រែចិត្ត ។

( សូមមើល​ឌៀថើរ អេស្វ អុជដូហ្វ « You Can Do It Now! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៦ )

សូមទស្សនា​វីដេអូ « Repentance Is a Process That Brings Peace » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៣៩ ដើម្បី​មើល​ពី​របៀប​ដែល​មនុស្ស​ម្នាក់​បានពិពណ៌នា​អំពី​បទពិសោធន៍​របស់​នាង​ជាមួយ​នឹង​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​របៀប​ដែល​វា​បាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​នាង ។

១. ដោយប្រើ​អ្វី​ដែលអ្នកបានរៀន សូម​ឆ្លើយ​សំណួរ​ខាងក្រោម ៖

  • តើ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​គឺជាអ្វី ?

  • តើ​សេចក្ដីព្រួយ​ខាង​លោកិយ​គឺជាអ្វី ?

២. សូម​សញ្ជឹងគិត​ឡើង​វិញ​អំពី​សាច់រឿង​រវាង​យុវនារី និង​ប៊ីស្សព​របស់​នាង បន្ទាប់មក​ឆ្លើយ​សំណួរ​ខាងក្រោម ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ជាមួយ​យុវនារី​រូបនោះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ដែល​អាច​ជួយ​នាង​ឲ្យ​អញ្ជើញ​ពរជ័យ​នៃ​ការប្រែចិត្ត ?

សូម​សញ្ជឹង​គិត​មួយ​ភ្លែត​អំពី​ការខិតខំ​របស់​អ្នក​ផ្ទាល់​ដើម្បី​ប្រែចិត្ត ។ សូម​ពិចារណា​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​ទទួល​អារម្មណ៍ និង​បទពិសោធន៍​ក្នុង​ការរងទុក្ខ​សម្រាប់​អំពើបាប​របស់​អ្នក ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បើក​ចិត្ត​អ្នក​ឲ្យ​កាន់តែ​ពេញលេញ​ដើម្បី​ទទួល​អារម្មណ៍​អំពី​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ ហើយ​អញ្ជើញ​ព្រះចេស្តា​ព្យាបាល​របស់​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​អ្នក ? សូម​ពិចារណា​សរសេរ​ចម្លើយ​របស់អ្នក​ចំពោះ​សំណួរ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ ឬ​សៀវភៅ​កត់ត្រា​ផ្ទាល់ខ្លួន ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់​ពី​ភាពខុសគ្នា​រវាង​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​សេចក្ដីព្រួយ​ខាង​លោកិយ​ដោយ​របៀបណា ?

ខណៈ​កំពុង​បម្រើជា​នាយក​តំបន់​នៃ​ពួក​ចិតសិបនាក់ អែលឌើរ ឌី ឆាដ រីឆាដសុន បានថ្លែង​ថា ៖

រូបភាព
រូបថត​ផ្លូវការ​​ចុងក្រោយ​របស់​អែលឌើរ ឌី ឆាដ រីឆាដសុន នៃ​ពួក​ចិតសិប​នាក់​ទី​ប្រាំមួយ ឆ្នាំ ២០០២ ។ បាន​ដោះលែង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១០ ដែល​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី ១ ខែ ឧសភា ឆ្នាំ ២០១០ ។

ភាពខុសគ្នា​ដ៏សំខាន់​មួយ​រវាង [ សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​សេចក្ដីព្រួយ​ខាង​លោកិយ ] គឺ​ប្រភព​របស់​វា ។ សេចក្ដីព្រួយ​ខាង​លោកិយ​ត្រូវបាន​លើកតម្កើង​ដោយ​សាតាំង ។ វា​គឺជា​ទុក្ខសោក​នៃ​ការជាប់​អន្ទាក់​ដោយ​មិន​អាច​បន្ត​ធ្វើ​អំពើបាប​ទៀត​បាន ឬ​ងាកមក​ប្រឆាំង​នឹង​ខ្លួនឯង​ដោយស្អប់​ខ្លួនឯង ឬ​ការមើលងាយ​ខ្លួនឯង ។

ម៉្យាងវិញ​ទៀត សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យដល់​ព្រះ គឺជា​ទុក្ខព្រួយ​ដែល​បាន​ប្រទាន​ជា​អំណោយទាន​ពីព្រះ ដល់អ្នក​ដែល​មាន​ឆន្ទៈ​ចង់​ទទួល​យក​វា ។ សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ​ដឹកនាំ​យើង​ទៅរក​ការទទួល​ស្គាល់​យ៉ាង​ពេញលេញ​អំពី​ទំហំ​នៃ​អំពើបាប​របស់​យើង ប៉ុន្តែ​ជាមួយ​នឹង​ចំណេះដឹង​ថា យើង​អាច​រួចផុត​ពី​អំពើបាប​ទាំងនោះ​បាន ។

( ឌី ឆាដ រីឆាដសុន « Forgiving Oneself » Ensign ខែ មីនា ឆ្នាំ ២០០៧ ទំព័រ ៣២ )

នៅ​ខែ កញ្ញា ឆ្នាំ ២០១៩ ទស្សនារដ្ដី New Era បាន​បោះពុម្ភ​ព័ត៌មាន​មួយ​ដែល​ផ្អែកលើ​ការបង្រៀន​របស់ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​អាច​ជួយ​អ្នក​ឲ្យ​បែងចែក​បន្ថែម​ទៀត​រវាង​សេចក្ដីព្រួយ​ដែល​គាប់​ព្រះទ័យ​ដល់​ព្រះ និង​សេចក្តីព្រួយ​ខាងលោកិយ ។ សូម​រក​វា​នៅ​ទីនេះ ឌៀថើរ អេហ្វ អុជដូហ្វ « Godly Sorrow » New Era ខែ កញ្ញា ឆ្នាំ ២០១៩ ទំព័រ ៣២–៣៣ ។