ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី២ ២


កូរិនថូស ទី២ ២

« បាន​ជា​ស៊ូ​ឲ្យ​អត់ទោស »

រូបភាព
យុវនារី​ម្នាក់​កំពុង​លួងលោម​យុវនារី​ម្នាក់​ទៀត

ការអត់ទោស​ឲ្យ​អ្នក​ដទៃ​អាច​ជា​ការពិបាក​ណាស់ ។ ប៉ុល​បាន​សរសេរ​ទៅ​ពួកបរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​អំពី​ការអភ័យទោស​ដល់​អ្នកប្រព្រឹត្ត​អំពើរំលង​ក្នុង​សហគមន៍​របស់​ពួកគេ ។ ប៉ុល​បាន​អញ្ជើញ​ពួកគេ​ឲ្យ​អភ័យទោស ទាំង​សម្រាប់​ជា​សេចក្តី​ល្អ​ដល់​អ្នក​ដែល​ត្រូវ​បាន​អភ័យទោស ក៏ដូចជា​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​អភ័យទោស​ឲ្យ​គេ​ផ្ទាល់​ផងដែរ ។ នៅពេល​អ្នកសិក្សា សូម​ព្យាយាម​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការអភ័យទោស និង​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការអត់ទោស​ឲ្យ​អ្នកដទៃ ។

តើ​អ្នកនឹង​មាន​ប្រតិកម្ម​យ៉ាងដូចម្ដេច ?

សូម​ស្រមៃមើល​ពីរបៀប​ដែល​អ្នក និង​អ្នកដទៃ​នៅ​ជុំវិញ​អ្នក​អាច​មាន​ប្រតិកម្ម​ក្នុង​ស្ថានភាព​ខាងក្រោម ៖

  • មាន​សមាជិក​ម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ដូចជា​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​ជាដើម ។

  • មាន​នរណា​ម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក​បានប្រឆាំង​ដោយ​បើកចំហ​ចំពោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • ទោះបីជា​មនុស្ស​នៅ​ក្នុង​សាច់រឿង​ទាំងនេះ​កំពុង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ហើយ​ព្យាយាម​ប្រែចិត្ត​ជឿ​ក៏ដោយ តើ​អ្នកដទៃ​អាច​និយាយ​អំពី​ពួកគេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​សម្រាប់​មនុស្ស​មួយ​ចំនួន​ក្នុង​ការប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​ក្ដីស្រឡាញ់ និង​ការអភ័យទោស ?

នៅ​ក្នុង កូរិនថូស ទី២ ២ ប៉ុល​បាន​សរសេរ​អំពី​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅ​ក្រុង​កូរិនថូស នៅពេល​មាន​នរណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​រំលង ហើយ​ត្រូវ​បាន​សមាជិក​នៃ​សាសនាចក្រ​ដាក់វិន័យ ។

សូម​សញ្ជឹងគិត​ពីរបៀប​ដែលអ្នក​នឹង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​នៅ​ជុំវិញ​អ្នក ដែល​ប្រហែល​ជា​បានប្រព្រឹត្រ​អំពើរំលង ។ សូម​គិត​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨ ។

តើមាន​នរណា​ម្នាក់​នៅក្នុង​ជីវិត​របស់​អ្នក ដែល​ប្រហែល​ជាត្រូវការ​ការអភ័យទោស​ឬទេ ? តើមាន​នរណាម្នាក់​នៅក្នុងផ្ទះ​របស់​អ្នក នរណាម្នាក់​នៅក្នុង​គ្រួសារ​របស់​អ្នក នរណា​ម្នាក់​នៅ​ជិតខាង​របស់​អ្នក ដែលបាន​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ ឬ​គ្មានមេត្តា ឬ​អសីលធម៌​ដែរ​ឬ​ទេ ? យើង​ទាំងអស់គ្នា​មានកំហុស​ចំពោះ​អំពើរំលង​បែប​នេះ ដូច្នេះ​ប្រាកដជា​មាន​នរណា​ម្នាក់​ដែល​ត្រូវការ​ការអភ័យទោស​ពីអ្នក ។

( ជែហ្វ្រី អ័រ ហូឡិន « I Stand All Amazed » Ensign ខែ សីហា ឆ្នាំ ១៩៨៦ ទំព័រ ៧២ )

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការអភ័យទោស​ដូច​ព្រះគ្រីស្ទ និង​របៀប​ដែល​អ្នក​អាច​អភ័យទោស​ដល់​អ្នកដទៃ ។

ប៉ុល​បានបង្រៀន​អំពី​ការអភ័យទោស

១. សូម​ចម្លង​តារាងខាង​ក្រោមទៅក្នុង​សៀវភៅកំណត់​ហេតុ​ការសិក្សា​របស់អ្នក ហើយ​បំពេញ​វា ៖

សូមអាន កូរិនថូស ទី២ ២:៥–១១ ហើយ​រក​មើល​ថា​តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​អាច​ស្គាល់​នៅក្រោម​ប្រភេទ​ខាងក្រោម​នេះ ៖

តើ​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​យ៉ាង​ណា ?

ហេតុអ្វី​បាន​ជា​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​បែបនេះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ការសិក្សា​វគ្គបទគម្ពីរ​នេះ ?

គោលការណ៍​ពីរ​ដែល​អ្នក​អាច​រកឃើញ​គឺ តាមរយៈ​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​អត់ទោស ហើយ​ឈោង​ទៅ​ជួយ​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់​បាន ហើយ ប្រសិនបើ​យើង​មិន​អភ័យទោស​ដល់​អ្នក​ដទៃ​ទេ នោះ​សាតាំង​មាន​ឱកាស​នឹង​ឈ្នះ​យើង ។

  • តើ​គំរូ​អ្វីខ្លះ​ដែល​អ្នក​អាច​អភ័យទោស លួងលោម ឬ​បញ្ជាក់​ពី​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើអំពើ​រំលង ឬ​គ្មាន​មេត្តា ?

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ហេតុអ្វី​បាន​ជា​ទ្រង់​ចង់​ឲ្យ​យើង​អភ័យទោស និង​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក ? តើ​ទ្រង់​អាចជួយ​យើង​ឲ្យ​ធ្វើ​ដូចនេះ​ដោយ​របៀបណា ?

អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ នៃ​ពួកចិតសិប​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​​របស់​អែលឌើរ ម៉ាស៊ីម៉ូ ឌី ហ្វីអូ ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៧ ។

សិស្ស​ពិត​ចូលចិត្ត​អភ័យទោស ។ ពួកគេ​ដឹង​ថា ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ​គ្រប​ដណ្ដប់​រាល់​អំពើបាប និង​កំហុស​របស់​យើង​ម្នាក់ៗ ។ ពួកគេ​ដឹង​ថា ថ្លៃ​ដែល​ទ្រង់​បាន​បង់​គឺជា « ថ្លៃ​សម្រាប់​មនុស្ស​គ្រប់​គ្នា » ។ ពន្ធ ថ្លៃ​ឈ្នួល ថ្លៃ​កម្រៃ​ជើងសារ និង​បន្ទុក​ទាំងឡាយ​ខាង​វិញ្ញាណ​ដែល​ទាក់​ទង​នឹង​អំពើបាប កំហុស និង​អំពើ​ខុសឆ្គង​ត្រូវ​បាន​ទូទាត់​សង​ទាំងអស់ ។ ជា​សិស្ស​ពិត​គឺ​ងាយ​នឹង​អភ័យទោស ហើយ​ឆាប់​នឹង​សូម​ការអភ័យទោស ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បើ​បងប្អូន​កំពុង​តែ​ពិបាក​ក្នុង​ការស្វែង​រក​កម្លាំង​ដើម្បី​អភ័យទោស សូម​កុំ​គិត​អំពី​អ្វី​ដែល​មនុស្ស​ដទៃ​បាន​ធ្វើ​ចំពោះ​បងប្អូន ប៉ុន្តែ​ចូរ​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​បងប្អូន​វិញ ហើយ​បងប្អូន​នឹង​រកឃើញ​ភាពសុខសាន្ត​នៅក្នុង​ពរជ័យ​ដ៏​ប្រោសលោះ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

( ម៉ាស៊ីម៉ូ ឌី ហ្វីអូ « Pure Love: The True Sign of Every True Disciple of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨២ )

  • តើ​ពេលណា​ដែល​អ្នក​បាន​ឃើញ​គំរូ​របស់​មនុស្ស​ដែល​បាន​អភ័យទោស​ឲ្យ​អ្នកផ្សេង ហើយ​ឈានដល់​ការស្រឡាញ់​មនុស្ស​នោះ​ទៅវិញ ?

  • តើ​ការមិន​ផ្ដល់​ការអត់ទោស ធ្វើ​ឲ្យ « អារក្ស​សាតាំង … មាន​ឱកាស​នឹង [ ឈ្នះ ] យើង​បាន » យ៉ាង​ដូចម្ដេច ? ( កូរិនថូស ទី​២ ២:១១ ) ។

២. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ស្រមៃ​ថា ដូចជា​ពួក​កូរិនថូស​ដែរ មនុស្ស​នៅក្នុង​វួដ​របស់​អ្នក​ត្រូវការ​បង្កើន​សេចក្តីស្រឡាញ់ និង​ការអភ័យទោស​ចំពោះ​អ្នក​ដែលបាន​ប្រព្រឹត្ត​អំពើបាប ។ ដោយសារ​តែ​ហេតុនេះ ប៊ីស្សព​របស់​អ្នក​អញ្ជើញ​អ្នក​ឲ្យ​ចែកចាយ​គំនិត​ខាង​វិញ្ញណ​ខ្លី​មួយ​អំពី​ការអភ័យទោស​នៅ​ពេល​ចាប់ផ្តើម​ថ្នាក់ ឬ​ការប្រជុំ​កូរ៉ុម​របស់​អ្នក ។ សូម​ចំណាយ​ពេល​ពីរបី​នាទី ហើយ​បង្កើត​គម្រោង​មេរៀន​នៃ​អ្វី​ដែល​អ្នកអាច​និយាយ​បាន ។ សូម​បញ្ចូល​អ្វី​ដូច​ខាងក្រោម​នេះ ៖

  1. យ៉ាងហោច​ណាស់​ខ ឬ​ឃ្លាមួយ​ពី កូរិនថូស ទី២ ២:៧–១១ ។

  2. បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​មួយ​ទៀត​មកពី​អ្នកដឹកនាំ​សាសនាចក្រ ។ ( អ្នក​អាច​ប្រើប្រាស់​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​របស់ អែលឌើរ ខេវិន អ ដានឃិន ជា​បទគម្ពីរ​មួយ​ដែល​លោក​បាន​លើក​ឡើង ឬ​វគ្គ​បទគម្ពីរ​មួយ​ដែល​ភ្ជាប់​ជាមួយ​សុន្ទរកថា​របស់​លោក ) ។

  3. គំនិត និង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ការផ្តល់​សេចក្តីស្រឡាញ់ និង​ការអភ័យទោស​ដល់​អ្នក​ដទៃ និង​របៀប​ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ចូល​មក​ជិត​ព្រះអង្គសង្គ្រោះ​បាន ។

ការបង្រៀន​អំពី​ការអភ័យទោស

អែលឌើរ ខេវិន អ័រ ដានឃិន ក្នុង​ពួក​ចិតសិប​នាក់​បាន​មានប្រសាសន៍ ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែខេវិន អ័រ ដានឃិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ខ្ញុំដឹងថា យើង​ភាគច្រើន​ចង់​អត់ទោស ប៉ុន្តែ​យើង​ឃើញ​ថា​វាជា​រឿងដែល​ពិបាកធ្វើ ។ កាលយើង​ជួបប្រទះ​នឹងរឿង​អយុត្តិធម៌​មួយ យើង​ពោលឡើង​ភ្លាមថា « បុគ្គល​នោះ​ធ្វើខុស​ហើយ ។ ពួកគេ​សមនឹង​ទទួលទោស ។ តើ​យុត្តិធម៌​នៅ​ឯណា ? » យើង​គិត​ខុស​ថា បើ​យើង​អត់ទោស នោះ​ភាពយុត្តិធម៌​នឹង​មិន​មាន​ឡើយ ហើយ​ការដាក់ទោស​ក៏​នឹង​មិន​មាន​ដែរ ។

វា​មិនមែន​ដូច្នោះ​នោះ​ទេ ។ ព្រះ​នឹង​ដាក់ទោស​ដ៏​សុក្រឹត​មួយ ដ្បិត​សេចក្ដីមេត្តា​ករុណា​ទ្រង់​មិន​អាច​កោង​យក​សេចក្តីយុត្តិធម៌​បាន​ឡើយ ( សូមមើល អាលម៉ា ៤២:២៥ ) ។ ព្រះ​មាន​បន្ទូល​អះអាង​ដោយ​សេចក្តីស្រឡាញ់​ចំពោះ​បងប្អូន និង​ខ្ញុំ​ដូចនេះ ៖ « ចូរទុក​សេចក្ដី​ជំនុំជម្រះ​នឹង​យើង​ចុះ ដ្បិត​វាជា​សេចក្ដី​ជំនុំជម្រះ​របស់​យើង ហើយ​យើង​នឹងសង​វិញ ។ [ ប៉ុន្តែ ចូរមាន ] សេចក្ដីសុខសាន្ត​នៅ​ជាមួយ​អ្នកចុះ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:២៣ ] ។

( ខេវិនអ័រ ដានឃិន « The Healing Ointment of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៣–៣៤ )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ដែល​អាច​ជួយ​សមាជិក​ក្នុង​វួដ​របស់​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ពង្រីក​ការអភ័យទោស​របស់​ពួកគេ ?

  • តើ​ការអភ័យទោស​ដល់​អ្នក​ដទៃ​អាច​នាំ​ពួកគេ​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើរំលង ។ សូម​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះវរបិតាសួគ៌​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី « អត់ទោស … និង … សម្តែង​សេចក្តីស្រឡាញ់​ដល់​អ្នក​នោះ​ឲ្យ​ជាក់​លាក់ » ( កូរិនថូស ទី២ ២:៧–៨ ) ។ សូម​ពិចារណា​សរសេរ​ចំណាប់អារម្មណ៍ និង​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក រួមទាំង​សកម្មភាព​ណាមួយ​ដែល​អ្នក​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការអភ័យទោស​អាច​ផ្ដល់​ពរ​ដល់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា ?

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

រូបភាព
រូបថត​ផ្លូវការ​​ចុង​ក្រោយ​របស់​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ នៅ​ឆ្នាំ ២០០១ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០៧ ។

ប្រសិនបើ​យើង​អាច​ស្វែងរក​ការអភ័យទោស​នៅក្នុង​ចិត្ត​របស់​យើង​សម្រាប់​អ្នក​ដែលបាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ និង​មាន​របួស នោះយើង​នឹង​ឆ្ពោះ​ឡើងទៅ​ដល់​កម្រិត​ខ្ពស់​នៃ​ការគោរព​ខ្លួន​ឯង និង​សុខុមាលភាព​ហើយ ។

( ជែមស៍ អ៊ី ហ្វោស្ត « The Healing Power of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៦៨ )

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨ ។

ជាមួយ​នឹង​សិទ្ធិ​អំណាច​នៃ​ភាពជា​សាវក​ដែល​បាន​ប្រទាន​មក​ខ្ញុំ តាមរយៈ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក នោះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ភាពសុខសាន្ត​ចំពោះ​ព្រលឹង​ដែល​ផ្សះផ្សា​ជាមួយ​ព្រះ ព្រមទាំង​រវាង​គ្នា​នឹង​គ្នា​នឹង​កើត​មាន​ឡើង ប្រសិនបើ​យើង​បន្ទាប​ខ្លួន និង​ក្លាហាន​ល្មម​ដើម្បី​អនុវត្ត​តាម ។

( ជែហ្វ្រី អ័រ ហូឡិន « TThe Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )

តើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​អភ័យទោស​ដោយ​របៀប​ណា ?

អែលឌើរ ខេវិន អ័រ ដានឃិន ក្នុង​ពួក​ចិតសិប​នាក់ បាន​មានប្រសាសន៍ ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែខេវិន អ័រ ដានឃិន ។ បានថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ការអត់ទោស​គឺជា​ហេតុផល​ដ៏​សំខាន់​ដែល​ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់មក ដើម្បី​ឲ្យ​យើង​រីករាយ​នៅក្នុង​ការព្យាបាល​របស់​ទ្រង់​ដល់​យើង​គ្រប់គ្នា ។ ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ពុំគ្រាន់​តែ​សម្រាប់​អ្នក​ដែល​ត្រូវ​ប្រែចិត្ត​នោះទេ វា​ក៏​សម្រាប់​អ្នក​ដែល​ត្រូវ​អត់ទោស​ដែរ ។ បើអ្នកមាន​បញ្ហាក្នុង​ការអត់ទោស​ដល់មនុស្ស​ដទៃ ឬ​ខ្លួនអ្នក ចូរទូល​សូម​ជំនួយ​ពីព្រះ ។ ការអត់ទោស​គឺជា​គោល​ការណ៍​ដ៏​រុងរឿង និង​ការព្យាបាល ។ យើង​មិន​ចាំបាច់​ធ្វើ​ជា​ជនរងគ្រោះ​លើក​ទីពីរ​នោះទេ ។ យើង​អាច​អត់ទោស​បាន ។

( ខេវិន អ័រ ដានឃិន « The Healing Ointment of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៥ )

សូមមើល​វីដេអូ « Principles of Peace: Forgiveness » ១:៤៩ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដែល​បង្ហាញ​ឧទាហរណ៍​ពី​របៀប​ដែល​ស្រ្តី ម្នាក់​អាច​អត់ទោស​ឲ្យ​ឪពុក​របស់​នាង ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​ខ្ញុំ​អាច​យល់​កាន់​តែ​ច្បាស់​នូវ​អ្វីដែល​ជាការអភ័យទោស​ដោយ​របៀប​ណា ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨ ។

[ ព្រះយេស៊ូវគ្រីស្ទ ] ពុំ​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ពិតប្រាកដ ឬ​កើតទុក្ខ​ពិត​ប្រាកដ ដោយសារ​តែ​ជួប​នឹង​ការបំផ្លិច​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ដទៃ​នោះ​ទេ » ។ ហើយ​ទ្រង់​ក៏​ពុំ​បានមាន​ព្រះបន្ទូល​ថា « ដើម្បី​មាន​ការអភ័យទោស​ទាំងស្រុង អ្នក​ត្រូវ​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​ដ៏​ឈឺចាប់ ឬ​ត្រឡប់​ទៅ​រក​កាលៈទេសៈ​រំលោភ​បំពាន​បំផ្លិច​បំផ្លាញ » ដែរ ។ ប៉ុន្តែ​ទោះបី​ជា​មាន​ការខកចិត្ត​ខ្លាំង​ប៉ុណ្ណា​អាច​កើត​ឡើង​ចំពោះ​យើង​ក្តី ក៏​យើង​អាច​ដោះស្រាយ​ក្តី​ឈឺចាប់​របស់​យើង​បាន នៅពេល​យើង​ឈាន​ជើង​ដើរ​លើ​ផ្លូវ​ឆ្ពោះ​ទៅរក​ការព្យាបាល​ពិតប្រាកដ​តែ​ប៉ុណ្ណោះ ។

( ជែហ្វ្រី អ័រ ហូឡិន « TThe Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៩ )