ថ្នាក់​សិក្ខាសាលា
ធីម៉ូថេ ទី១ ៣:១–៧; ទីតុស ១:៦–៩


ធីម៉ូថេ ទី១ ៣:១–៧; ទីតុស ១:៦–៩

ប៊ីស្សព ៖ បុរសដែល « មាន​ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ »

រូបភាព
យុវជន​ម្នាក់​ជួប​ជាមួយ​ប៊ីស្សព​របស់​គាត់ ។

តើ​អ្នក​ដឹង​ទេ​ថា ប៊ីស្សព​បាន​បម្រើ​ក្នុង​សាសនាចក្រ​ក្នុង​ជំនាន់​របស់​ប៉ុល ? តើ​ប៊ីស្សព និង​ប្រធាន​សាខា​អាច​ផ្តល់​ពរ​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ? នៅក្នុង​សំបុត្រ​របស់​ប៉ុល ទៅកាន់​ធីម៉ូថេ និង​ទីតុស លោក​បានរៀប​រាប់​អំពី​លក្ខណៈសម្បត្តិ​របស់​បុរស​ដែល​ត្រូវ​បានហៅ​ជា​ប៊ីស្សព ។ មេរៀន​នេះអាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បុគ្គលិកលក្ខណៈ​របស់​ប៊ីស្សព និង​ប្រធាន​សាខា និង​ពី​របៀប​ដែល​អ្នក​បម្រើ​ទាំងនេះ​របស់​ព្រះអម្ចាស់​អាចជួយ​អ្នកក្នុង​ជីវិត​របស់អ្នក ។

តើអ្នក​ងាកទៅរក​អ្នកណា ?

សូម​ស្រមៃថា​អ្នកកំពុង​តតាំង​ជាមួយ​បញ្ហា​សំខាន់​ក្នុងជីវិត​របស់អ្នក ។ ប្រហែលជា​វាជា​ការ​សម្រេចចិត្ត​អំពី​អនាគត​របស់អ្នក បញ្ហា​ប្រឈម​ដែលអ្នក​កំពុង​ប្រឈមមុខ ឬទម្លាប់​អាក្រក់​ដែលអ្នក​កំពុង​ពុះពារ​ដើម្បី​ផ្លាស់ប្តូរ ។

  • តើ​អ្នក​ងាក​ទៅ​រក​ការណែនាំ​នៅ​កន្លែង​ណា ពេល​អ្នក​តតាំង​ជាមួយ​បញ្ហា​សំខាន់ៗ ?

  • តើអ្នក​និយាយជា​មួយអ្នកណា ហើយហេតុអ្វី ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់ អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

ក្មួយ​ជា​យុវវ័យ​ដ៏​មាន​តម្លៃ … ស្ថិតក្នុង​កម្រិត​នៃ​ការសម្រេច​ចិត្ត​ដ៏​សំខាន់ៗ​បំផុត​​ក្នុង​ជីវិត​របស់​ក្មួយ ។ សូម​ប្រឹក្សា​ជាមួយ​ឪពុក​ម្ដាយ​របស់​ក្មួយ​ផង និង​ជាមួយ​ប៊ីស្សព​ក្មួយ​ផងអំពី​ជម្រើស​ដ៏​សំខាន់​ដែល​នៅ​ខាងមុខ​ក្មួយ ។ សូម​អនុញ្ញាត​ឲ្យ​ប៊ីស្សព​ធ្វើជា​មិត្ត និង​ទីប្រឹក្សា​របស់​ក្មួយ ។

( ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នក​គង្វាល​ហ្វូង​ចៀម​របស់​ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦០ )

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម ៖

  • តើអ្នកចាត់​ទុកថា​ប៊ីស្សព ឬប្រធាន​សាខា​របស់​អ្នកដូច​ជាមិត្ត និង​ជាទីប្រឹក្សា​ដែរ​ឬ​ទេ ?

  • នៅពេល​អ្នក​ប្រឈមមុខ​នឹង​ការសម្រេ​ច​ចិត្ត​ដ៏សំខាន់មួយ ឬ​នៅពេល​ដែល​អ្នកត្រូវ​ការជំនួយ​ខាងវិញ្ញាណ តើអ្នក​ហ៊ាន​ស្វែងរកការ​ប្រឹក្សាពី​ប៊ីស្សព​របស់អ្នកដល់​កម្រិតណា ? ហេតុអ្វី ?

  • តើការងាក​ទៅរក​ប៊ីស្សព ឬប្រធានសាខា​របស់អ្នក​អាចជួយ​អ្នក​ដោយ​របៀបណា ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​របៀប​ដែល​ប៊ីស្សព ឬ​ប្រធាន​សាខា​អាច​នឹង​គាំទ្រ​អ្នក​ជាមួយ​នឹង​បញ្ហា​ប្រឈម ការសម្រេច​ចិត្ត និង​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​របស់​អ្នក ។

ប៉ុល​បង្រៀន​អំពី​លក្ខណៈ​សម្បត្តិ​របស់​ប៊ីស្សព

សំបុត្រ​របស់​ប៉ុល​ដែល​គេ​ស្គាល់​ថា​ជា​ធីម៉ូថេ ទី១ ធីម៉ូថេ ទី២ និង​ទីតុស ជា​រឿយៗ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​សំបុត្រ​គ្រូ​គង្វាល ដោយសារ​វា​មាន​នូវ​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួក​គ្រូ​គង្វាល ឬ​ថ្នាក់​ដឹកនាំ​ទាំងឡាយ​ក្នុង​សាសនាចក្រ ( គ្រូគង្វាល មកពី​ពាក្យ​ឡាតាំង​ពាក្យ​អ្នក​គង្វាល ) ។ ធីម៉ូថេ និង ទីតុស គឺជា​សហការី​ដ៏​គួរ​ឲ្យ​ទុកចិត្ត​របស់​ប៉ុល ដែលបាន​បម្រើ​ជាមួយ​លោក​នៅពេល​វេលា​ផ្សេងៗគ្នា​ពេញមួយ​ការធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ។ នៅ​ពេល​នោះ ធីម៉ូថេ​កំពុង​បម្រើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ ហើយ​ទីតុស​នៅ​លើ​កោះ​ក្រេត​របស់​សាសន៍​ក្រិក។

ក្នុងចំណោម​សេចក្តីពិត​ជាច្រើន​ដែល​ប៉ុល​បានបង្រៀន​នៅក្នុង​សំបុត្រ​ដែលបាន​បំផុសគំនិត​ទាំងនេះ លោក​បាន​រាយបញ្ជី​គុណសម្បត្តិ​ជាច្រើន​សម្រាប់​បុរស​ដែលត្រូវបាន​ហៅជា​ប៊ីស្សព ។ ប៊ីស្សព​គឺ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​តែងតាំង និង​ញែក​ចេញ​ជា​ប្រធាន​សង្ឃ​សម្រាប់​វួដ ឬ​ក្រុមជំនុំ ។ គាត់មាន​ទំនួល​ខុសត្រូវ​ទូទៅ​ក្នុងការ​គ្រប់គ្រង​កិច្ចការ​ខាងសាច់ឈាម និង​ខាងវិញ្ញាណ​នៃក្រុមជំនុំ ។ ប្រធានសាខា​មានតួនាទី​ស្រដៀងគ្នា ។ ព្រះអម្ចាស់​ជ្រើសរើស​ប៊ីស្សព​តាមរយៈ​គណៈប្រធាន​ស្តេក ដែល​ជាអ្នក​កំពុង​ស្វែងរក​វិវរណៈ ។ មុន​ពេល​ត្រូវ​បាន​ហៅ ប៊ីស្សព​ត្រូវ​បាន​អនុម័ត​ដោយ​គណៈប្រធាន​ទីមួយ​ថា​មាន​ភាពស័ក្ដិសម និង​អាច​ធ្វើ​ការងារ​បម្រើ​បាន ។

សូមអាន ធីម៉ូថេ ទី១ ៣:១–៧ និង ទីតុស ១:៦–៩ ដោយ​ស្វែងរក​គុណសម្បត្តិ​សម្រាប់​ប៊ីស្សព ។ សូម​ស្វែងរក​លក្ខណៈ​បី​យ៉ាង​នេះ ដែល​នឹង​ជួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​ម្នាក់​ឲ្យ​ណែនាំ និង​ផ្តល់ពរ​ដល់​ជីវិត​អ្នក ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​គំរូ​ដល់​គុណលក្ខណៈ​ទាំងនេះ​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​សេចក្តីយោង​បទគម្ពីរ​នៃ​ខគម្ពីរ​ទាំងនេះ​ជាមួយ ពេត្រុស ទី១ ២:២៥ ដែល​ពេត្រុស​បាន​ហៅ​ព្រះអង្គ​សង្គ្រោះ​ថា​ជា « អ្នកគង្វាល និង​ជា​អ្នក​ថែទាំ​ព្រលឹង [ យើង ] ») ។

  • តើ​ការ​មាន​គុណ​លក្ខណៈ​ទាំងនេះ​អាច​អនុញ្ញាត​ឲ្យ​ប៊ីស្សព ឬ​ប្រធាន​សាខា​ជួយ​អ្នក​ដូច​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើអ្នកនឹង​សង្ខេប​ដោយ​របៀបណា​នូវ​អ្វី​ដែលអ្នក​បានរៀន​អំពីប៊ីស្សព និង​ប្រធានសាខា ?

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​គុណសម្បត្តិ​ដូច​ព្រះគ្រីស្ទ​អ្វី​ខ្លះ​ដែល​អ្នក​បាន​សង្កេត​ឃើញ​នៅ​ក្នុង​ខ្លួន​ប៊ីស្សព ឬ​ប្រធាន​សាខា ? តើគុណ​លក្ខណៈ​ទាំងនេះ​បាន​អនុញ្ញាត​ឲ្យ​គាត់​ក្លាយ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ថ​របស់​ព្រះអម្ចាស់យ់ាង​ដូច​ម្ដេច ?

  • តើ​ប៊ីស្សព​អាច​ជួយ​អ្នក​ចូល​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់​ដោយ​របៀបណា ?

អ្នកគង្វាល​លើហ្វូង​ចៀម​របស់​ព្រះអម្ចាស់

សូម​ពិចារណា​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ណាមួយ​នៅក្នុង ធីម៉ូថេ ទី១ ៣:២ទីតុស ១:៧–៩ ដែល​បង្ហាញ​ពី​ទំនួលខុសត្រូវ​របស់​ប៊ីស្សព​ក្នុង​ការបង្រៀន ។

ប៊ីស្សព ឬ​ប្រធាន​សាខា​អាច​បង្រៀន​តាម​របៀប​ផ្សេងៗ រួម​ទាំង​ក្នុង​ការប្រជុំ ការបង្រៀនក្នុង​ថ្នាក់ និង​ការសម្ភាស​ផ្ទាល់​ខ្លួន និង​តាម​គំរូ​របស់​គាត់ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការ​ប្រឹក្សា ឬ​ការ​ណែនាំ​របស់​ប៊ីស្សព ឬ​ប្រធាន​សាខា​ជា​ពរជ័យ​ដល់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​យើង​តាម​រយៈ​ប៊ីស្សព និង​ប្រធាន​សាខា​តាម​របៀប​ណា​ខ្លះ ?

ប៊ីស្សព​អាច​ជួយ​យើង​ឲ្យ​ប្រែចិត្ត

ព្រះអម្ចាស់​ក៏​បាន​ហៅ​ប៊ីស្សព និង​ប្រធាន​សាខា​ឲ្យ​ជួយ និង​ដឹកនាំ​យើង​ក្នុង​ដំណើរ​ការ​ប្រែចិត្ត ជាពិសេស​ប្រសិនបើ​យើង​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។

អែលឌើរ ស៊ី ស្កត ហ្គ្រូ នៃ​ពួកចិតសិប​នាក់​បាន​ពន្យល់ ៖

រូបភាព
រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ស៊ី ស្កត ហ្គ្រូ ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

តាមរយៈ​ការតែងតាំង និងការ​រស់នៅ​ដោយ​សុចរិត ប៊ីស្សព​មាន​សិទ្ធិទទួល​វិវរណៈ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ស្ដី​ពី​សមាជិក​ក្នុង​វួដ​របស់​លោក រួមទាំង​អ្នក​ផង​ដែរ ។

ប៊ីស្សព​អាច​ជួយ​អ្នក​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ប្រែចិត្ត​តាមរបៀប​ដែល​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​របស់​អ្នក​ផ្សេងទៀត​មិន​អាច​ធ្វើ​បាន ។ …

… ក្នុងនាម​ជា​អ្នកបម្រើ​នៃ​ព្រះអម្ចាស់ លោក​នឹង​មាន​សណ្ដានចិត្ត​ល្អ ហើយ​យល់ចិត្ត នៅពេល​លោក​ស្ដាប់​អ្នក ។ បន្ទាប់​មក​លោក​នឹង​ជួយ​អ្នក​ក្នុង​ដំណើរការ​ប្រែចិត្ត​នេះ ។ លោក​គឺជា​សារទូត​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

( ស៊ី ស្កត ហ្គ្រូ « Why and What Do I Need to Confess to My Bishop? » New Era ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ២៨–២៩ )

សូមចំណាយ​ពេលខ្លះ​ដើម្បី​សរសេរសំបុត្រខ្លីៗ អ៊ីម៉ែល ឬអត្ថបទ​ទៅកាន់​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ។ សូម​គិត​អំពី​ការ​ថ្លែង​អំណរគុណ​ដល់​លោក​ចំពោះ​ការ​បម្រើ ការ​បង្រៀន និង​គំរូ​របស់​លោក ។ រួមបញ្ចូល​របៀប​ជាក់លាក់​ណាមួយ​ដែល​លោក​បានជួយអ្នក ។ សូម​ពិចារណា​ចង្អុល​បង្ហាញ​នូវ​គំរូ​ដូច​ព្រះគ្រីស្ទ​របស់​លោក​ណា​មួយ​ដែល​អ្នក​បាន​កត់​សម្គាល់ និង​កោតសរសើរ ។ បើអាច អ្នកក៏អាចសុំ​ជួបជា​មួយ​លោក សម្រាប់​ការប្រឹក្សា​របស់លោក ជាមួយ​នឹង​ការសម្រេច​ចិត្ត​ដ៏​លំបាក កង្វល់​ដែលអ្នក​អាចមាន ឬ​សម្រាប់​ជំនួយ​ក្នុង​ដំណើរការ​ប្រែចិត្ត ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ធីម៉ូថេ ទី១ ៣:១ ។ តើ​តំណែង​ប៊ីស្សពចេញ​មក​ពី​ណា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ?

តំណែង​ប៊ីស្សព​មាន​ប្រភព​មក​ពី​ពាក្យ​ក្រិក​ថា episcopos—epi ដែល​មាន​ន័យ​ថា « ហួស » និង scopos មាន​ន័យ​ថា « មើល » ឬ « ឃ្លាំ​មើល » ។ ដូច្នេះ episcopos ឬ ប៊ីស្សព គឺ​ជា​អ្នកឃ្លាំ​មើល​ហ្វូង​ដែល​ដូច​ជា​អ្នក​ណែនាំ ឬ​អ្នក​មើល​ថែ ។

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ទៅ​រក​ប៊ីស្សព​របស់​ខ្ញុំ​ដើម្បី​សារភាព​អំពើ​បាប ?

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។

អំពើរំលង​ធ្ងន់ធ្ងរ ដូចជា​អំពើ​អសីលធម៌ តម្រូវ​ឲ្យ​មានជំនួយ​មកពី​មនុស្ស​ម្នាក់​ដែល​កាន់​កូនសោ​នៃ​សិទ្ធិអំណាច ដូចជា​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ដើម្បី​ធ្វើឲ្យដំណើរ​ការ​នៃការ​ប្រែចិត្ត​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងៀមស្ងាត់ ដើម្បី​ប្រាកដ​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​ទាំងស្រុង ។

( រីឆាដ ជី ស្កត « The Power of Righteousness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៩–៧០ )

ធីម៉ូថេ ទី១ ៣:១ ។ តើ​អ្វី​ទៅ​ជាការ « ល្អ​ប្រសើរ » របស់​ប៊ីស្សព ?

​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ទំនួល​ខុសត្រូវ​ចម្បង​របស់​ប៊ីស្សព ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន​របស់ អែលឌើរ ឃ្វីនថិន អិល ឃុក ។ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០០៧ ។

ប៊ីស្សព​មាន​ការទទួលខុសត្រូវ​សំខាន់​ចំនួន​ប្រាំ នៅក្នុង​ការធ្វើ​ជា​អធិបតី​លើ​វួដ ៖

  1. គាត់​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​វួដ ។

  2. គាត់​គឺជា​ប្រធាន​បព្វជិតភាព​អើរ៉ុន ។

  3. គាត់​គឺជា​ចៅក្រម​ទូទៅ​មួយ​រូប ។

  4. គាត់​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង រួមមាន​ការថែទាំ​ដល់​អ្នកខ្វះខាត​ផងដែរ ។

  5. ហើយ​លោក​មើល​ខុសត្រូវ​លើ​កំណត់ត្រា ហិរញ្ញវត្ថុ ព្រមទាំង​ការប្រើប្រាស់​សាលា​ប្រជុំ ។

ក្នុង​តួនាទី​របស់​លោក​ជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី ប៊ីស្សព​គឺជា « អ្នកដឹកនាំ​ខាង​វិញ្ញាណ » របស់​វួដ ។ លោក​គឺជា « សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ …

ប៊ីស្សព​មាន​តួនាទី​ដ៏​សែន​សំខាន់​មួយ​ក្នុង​ការបម្រើ​ជា​អ្នកគង្វាល ដើម្បី​ដឹកនាំ​ជំនាន់​ដែល​កំពុង​ពេញវ័យ រួមមាន​យុវមជ្ឈិមវ័យ​នៅលីវ​ជាដើម ឲ្យ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

( ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៨ )

ទីតុស ១:៧ ។ តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​គាត់​និយាយ​ថា « អ្នក​ដែល​ត្រួត​ត្រា​បាន​ឥត​សៅហ្មង » ?

ប៊ីស្សព​ត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះអម្ចាស់ ហើយ​ត្រូវតែ​ជា​មនុស្ស​ដែលមាន​សីលធម៌​ខ្ពស់ និង​ស័ក្តិសម ។ ទោះជាយ៉ាងណា​ក៏ដោយ ប៊ីស្សព​ទាំងអស់​មានភាព​មិនល្អឥតខ្ចោះ ហើយ​ជួនកាល​អាច​នឹង​ធ្វើខុស​អំឡុង​ពេល​បម្រើ​របស់​ពួកលោក​ផងដែរ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​​ដូច​តទៅ​នេះ ៖

រូបភាព
រូបថត​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ មករា ឆ្នាំ ២០១៨ ។

ដូច្នេះ ចូរ​ចិត្ត​ល្អ​ចំពោះ​ភាពទន់ខ្សោយ​នៃ​មនុស្ស​លោក—ទាំង​ភាពទន់ខ្សោយ​របស់​អ្នក ក៏​ដូច​ជា​ភាពទន់ខ្សោយ​របស់​ពួក​អ្នក​ដែល​បម្រើ​ជាមួយ​អ្នកក្នុង​សាសនាចក្រ ដែល​ដឹកនាំ​ដោយ​បុរស​ស្ដ្រី​ខាង​សាច់ឈាម​ដែល​ស្ម័គ្រ​ចិត្ត​ទាំងឡាយ ។ លើកលែង​តែ​ក្នុង​ករណី​នៃ​ព្រះរាជបុត្រា​ទ្រង់​តែ​មួយប៉ុណ្ណោះ នោះ​មនុស្ស​ដែល​មិន​ឥតខ្ចោះ គឺ​ជា​អ្វី​ទាំងអស់​ដែល​ព្រះ​តែងតែ​ត្រូវ​ធ្វើ​កិច្ចការ​ជាមួយ ។ នោះ​ច្បាស់​ជា​គួរ​ឲ្យ​ធុញ​ថប់​ណាស់​ចំពោះ​ទ្រង់ តែ​ទ្រង់​ដោះស្រាយ​វា ។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ដែរ ។ ហើយ​ពេល​អ្នក​ឃើញ​ភាព​មិន​ឥត​ខ្ចោះ ចូរ​ចាំ​ថា ការដាក់​កម្រិត​គឺ មិនមែន ជា​ទេវភាព​នៃ​កិច្ចការ​នោះ​ទេ ។ … ដូច្នេះ ចូរ​មានភាព​អត់​ធ្មត់ ចិត្តល្អ និង​ការ​អភ័យទោស ។

( ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ )